ទិវា​សាធារណៈ នៃ​ប្រទេស​ប៉ា​គី​ស្ថាន​

325
ចែករម្លែក

​ភ្នំពេញៈ រដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន ប្រារព្ធ​ទិវា​សាធារណៈ​របស់ខ្លួន ដើម្បី​រំឭក​ដល់​បដិវត្តន៍ ឬ​សេចក្តីប្រកាស នៅ​ទីក្រុង​ឡា​ហ័​រ ដែល​ត្រូវបាន​គេ​ស្គាល់​ថា បដិវត្តន៍​ប៉ា​គី​ស្ថាន គឺជា​សេចក្តីថ្លែងការណ៍​នយោបាយ​ផ្លូវការ ដែល​អនុម័ត​ដោយ​គណបក្ស​សម្ព័ន្ធ មូស្លីម​ឥណ្ឌា ក្នុងឱកាស​ជួបជុំ​មហាជន រយៈពេល ៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២២-២៤ ខែមីនា ឆ្នាំ​១៩៤០ ដើម្បី​ទាមទារ​បង្កើត​រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ ចេញពី​ប្រទេស​ឥណ្ឌា ។​

​ភូមិសាស្ត្រ​-​ប្រវត្តិសាស្ត្រ​
​សាធារណរដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន មាន​ផ្ទៃដី ៧៩៦.០៩៥ ម៉ែត្រក្រឡា ស្ថិតនៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ជាង ២០៣ លាន​នាក់ ៩៥ ភាគរយ ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម មាន​ឆ្នេរ​សមុទ្ទ ១.០៤៦ គីឡូម៉ែត្រ​មាន​ព្រំប្រទល់​ជាប់​នឹង សមុទ្ទ​អារ៉ាប់ និង​ឈូង​ស​មុ​ទ្ធ​អូ​ម៉​ង់ ឥណ្ឌា អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ង់ និង ចិន ភាសាផ្លូវការ គឺ​ភាសា អ៊ូ​ឌូ ( ភាសា​អង់គ្លេស ក៏​ប្រើ​ច្រើន​ណាស់ដែរ ) រដ្ឋធានី​គឺ​ទីក្រុង​អ៊ិ​ស្លា​ម៉ា​បាដ ហើយ ប៉ា​គី​ស្ថាន​ជា​ទឹកដី មរតក​វប្បធម៌​បុរាណ​យ៉ាង​សម្បូរបែប​។ យោធា​របស់​ប៉ា​គី​ស្ថាន ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​អតីត​សហភាពសូវៀត ដូច្នេះ​សព្វាវុធ និង​យោធា​របស់ ប៉ា​គី​ស្ថាន ក៏មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់ដែរ ។

​ប្រវត្តិសាស្ត្រ​
​តាំងពី​បុរាណ រហូតដល់​ដើម​សតវត្សរ៍​ទី​២០ ប្រទេស​ឥណ្ឌា លើកតម្កើង​តែ​សាសនា ព្រហ្មញ្ញ និង​ហិណ្ឌូ បើទោះជា​មាន​សាសនា​ដទៃ ក៏មាន​អ្នកគាំទ្រ​ច្រើន​ដែរ ដូចជា សាសនា​អ៊ិ​ស្លាម និង​ពុទ្ធសាសនា​ជាដើម ។ ពួក​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ឬ​ពួក​ជន​មូស្លីម នៅ​ភាគ​ពាយ័ព្យ នៃ​ប្រទេស​ឥណ្ឌា មាន​ចំនួន​ច្រើនសន្ធឹក​សន្ធាប់ ប៉ុន្តែ​ពុំ​សូវ​ត្រូវបាន​គេ ផ្តល់​សិទ្ធិសេរីភាព​ឡើយ ព្រោះ​អ្នកកាន់អំណាច​សំខាន់ៗ គឺជា​ជន​ហិណ្ឌូ ។​

​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​១៩០៦ មាន​គណបក្សនយោបាយ​មួយ​របស់​ពួក​មូស្លីម ឈ្មោះថា គណបក្ស​សម្ព័ន្ធ​មូ​ស្ល៊ី​ម​ឥណ្ឌា​ទាំងអស់ (All India Muslim League ) ប៉ុន្តែ​វា​គ្រាន់តែ ជា​គណបក្សនយោបាយ​ដ៏​ទន់ខ្សោយ​មួយ ហើយ​បាន​ចាញ់​ដាច់ ក្នុងការ​បោះឆ្នោត សកល នៅ​ឥណ្ឌា នា​ឆ្នាំ​១៩៣៦​។​

​ក្នុង​កិច្ចប្រឹងប្រែង​ស្វែងរក​ការគាំទ្រ ពី​ជន​មូស្លីម​ឥណ្ឌា នៅ​ខែតុលា ឆ្នាំ​១៩៣៧ មេបក្ស All India Muslim League លោក Muhammad Ali Jinnah បាន​អញ្ជើញ​មេដឹកនាំ​មូស្លីម ដ៏​មាន​ឥទ្ធិពល​មួយចំនួន ទៅ​ចូលរួម​ក្នុង​សន្និសីទ​មួយ នៅ​ទីក្រុង Lucknow ដែល​ក្នុងនោះ មាន​លោក​ស៊ី​កាន់​ដា​ហា​យ៉ា​ត់​ខាន់ នាយករដ្ឋមន្ត្រី​ខេត្ត​ពុន​ចាប (​ជាទី​ក្រុង​ធំ​លំដាប់​ទី​ពីរ របស់​ប្រទេស​ប៉ា​គី​ស្ថាន បន្ទាប់ពី​ទីក្រុង អ៊ិ​ស្លា​ម៉ា​បាដ​) និង​ជា​ប្រធាន​គណបក្ស​អ្នក សហភាព​ពុន​ចាប់​ផង​។​

​ពីដំបូង ពួក​មេដឹកនាំ​មូស្លីម​ដ៏​មាន​ឥទ្ធិពល​ទាំងនោះ មិន​ព្រម​គាំទ្រ​លោក Jinnah ឡើយ​។ ប៉ុន្តែ​លោក​ស៊ី​កាន់​ដា​ហា​យ៉ា​ត់ យល់ថា វា​ពិតជា​អាក្រក់​ណាស់ ប្រសិនបើ​ជន​មូស្លីម មិន​រួបរួមគ្នា​។ គាត់​ក៏បាន​បញ្ចុះបញ្ចូល​មេដឹកនាំ​មូស្លីម​ធំៗ​ដទៃទៀត​ឱ្យចូល​រួមជាមួយ គាត់​ដោយ​លើក​ហេតុផល​ថា “ ឥឡូវនេះ ដល់ពេល​ដែល​ជន​មូស្លីម ត្រូវ​រួបរួមគ្នា ដើម្បី​ទទួលបាន​សិទ្ធិ​របស់ខ្លួន​ហើយ “ ។​

​គណបក្ស Unionist Party របស់លោក ស៊ី​កាន់​ដា ហា​យ៉ា​ត​ខាន់ បានធ្វើ​យុទ្ធនា​ការរក សំឡេងឆ្នោត នៅក្នុង​ខេត្ត​ពុន​ចាប់ ហើយ​បានផ្តល់​ការគាំទ្រ ទៅឱ្យ​លោក​Muhammad AliJinnah (​ជា​ស្ថាបនិក​ប៉ា​គី​ស្ថាន ប៉ុន្តែ​កាលណោះ គាត់​គឺជា​មេធាវី និង​ក៏​ជា​អ្នក នយោបាយ​ផងដែរ​)​។ ជាមួយនឹង​ការគាំទ្រ របស់​ពួក​មេដឹកនាំ​មូស្លីម​ទាំងឡាយ​មាន លោក ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ ជាដើម​នោះ បាន​ជំរុញ​ឱ្យ​លោក មូ​ហា​ម៉ា​ដ ហ្សា​ហ្វា​រូ​ឡា​ហ ខាន់​ប្រធាន​ក្រុមប្រឹក្សា​ច្បាប់ នៅ​ខេត្ត​ពុន​ចាប់​គាំទ្រ​ដែរ​ហើយ​ជា លទ្ធផល នាំឱ្យមាន​ក​ត្តិ​កា​សញ្ញា​មួយ​ឈ្មោះថា Sikander-Jinnah ដែល​នោះ គឺជា​ការគាំទ្រ​ចំពោះ គណ​សម្ព័ន្ធ​មូស្លីម​ឥណ្ឌា​នោះឯង​។​

​សូមបញ្ជាក់ថា រហូតមកដល់​តំណាក់​កាលនោះ មិនទាន់មាន​រដ្ឋ​មួយ​ឈ្មោះថា ប៉ា​គី​ស្ថាន​នៅឡើយ​ទេ ហើយ​ពួក​ជន​មូស្លីម ដែល​ក្រោយមក​ក្លាយជា​ម្ចាស់​រដ្ឋ​ប៉ា​គី​ស្ថាន បច្ចុប្បន្ននេះ កាលណោះ គឺជា​ពលរដ្ឋ​ផ្នែក​មួយ​របស់ ឥណ្ឌា ។​

​ពេលនោះ ប្រទេស​ឥណ្ឌា ស្ថិតនៅក្រោម​ការ​ត្រួ​ត្រា​របស់​ចក្រភព​អង់គ្លេស ។ នៅពេល សង្គ្រាមលោកលើកទី​២ ផ្ទុះឡើង នាយករដ្ឋមន្ត្រី​អង់គ្លេស លោក វីន​ស្តុ​ន ឈឺ​ឈី​ល បាន​ស្នើសុំ​ការជួយ​គាំទ្រ​ពី​ឥណ្ឌា ប៉ុន្តែ​គណបក្សនយោបាយ​ទាំងអស់ របស់​ឥណ្ឌា មិន​គាំទ្រ​ឡើយ ព្រោះ​ពួកគេ​កំពុងតែ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​អាណានិគម​អង់គ្លេស ទៅលើ​ប្រជាជន ឥណ្ឌា ហើយ​ពួកគេ​ចាត់ទុក​អង់គ្លេស ជា​ជន​ជិះជាន់ ពលរដ្ឋ​ឥណ្ឌា ។ ផ្ទុយទៅវិញ លោក ស៊ី​កាន់​ដា បាន​ជួយ និង​គាំទ្រ សំណើ​របស់លោក វីន​ស្តុ​ន ឈឺ​ឈី​ល ។ ពេលនោះ ចក្រភព​អង់គ្លេស​បាន​សន្យាថា នឹង​ផ្តល់​អំណាច​ត្រួតត្រា ទៅឱ្យ​ឥណ្ឌា នៅពេល​ចប់​សង្គ្រាម ។​

​តាមពិតទៅ លោក ស៊ី​កាន់​ដា មិនបាន​គិតថា ចង់ឱ្យ​មានការ​បំបែក ឬ​ការ​ផ្តាច់ខ្លួន នៃ ខេត្ត​ពុន​ចាប ជាទី​ស្រឡាញ់​របស់គាត់ ចេញពី​ឥណ្ឌា​ឡើយ ដូច្នេះ​នៅពេលដែល គាត់​ដឹងថា មានការ​ប៉ុនប៉ង​បំបែក​ខេត្ត​ពុន​ចាប គាត់​បាន​បដិសេធ​ទាំងស្រុង ។​

​ប៉ុន្តែ​ពេលនោះ ទំនាស់​នានា ជាពិសេស​បញ្ហា​សាសនា រវាង​ពួក​អ្នក​ហិណ្ឌូ ដ៏​មាន​សិទ្ធិអំណាច និង​ជន​មូស្លីម ដែល​គេ​មិនសូវ​ផ្តល់​សេរីភាព​ឱ្យ បាន​ឡើងក​ម្តៅ ខ្លាំង​ទៅៗ រហូតដល់​មាន​អំពើហិង្សា​ជាច្រើន​បង្កើតបានជា​ភាពចលាចល​ពាសពេញ តំបន់ មាន​ជាអាទិ៍​ការប៉ះទង្គិច​គ្នា រវាង​ក្រុម​កាន់សាសនា​ទាំងពីរ​នោះ នៅ​តំបន់​ខា​សា ជាដើម ។​

​ស្ថិតក្នុង​សភាព​ច្របូកច្របល់​កោលាហល​បែប​នោះ ពួកគេ​ក៏បាន​សម្រេចចិត្តថា លោក A. K. FazlulHuq (​នាយករដ្ឋមន្ត្រី​តំបន់​បេង​ហ្កា​ល់ ) ជា​អ្នក​បង្ហាញ​នូវ​ដំណោះស្រាយ ។

​ខ្លឹមសារ​នៃ​អត្ថបទ នៅក្នុង​ដំណោះស្រាយ​របស់ លោក A. K. FazlulHuq​នោះ បាន​បដិសេធ​យ៉ាង​ឯកច្ឆន្ទ និង​យ៉ាង​ដាច់អហង្កា នូវ​គំនិត​ឥណ្ឌា​រួបរួម​នៅលើ​ទឹកដី​ដែល កំពុងមាន​ទំនាស់​អំពើ​ហិង្សា​ថ្នាក់​តំបន់​នោះ ពោលគឺ​ពួក​មូស្លីម​មិន​ព្រម​នៅ​រួបរួម ជា​រដ្ឋ​ឥណ្ឌា​តែមួយ​ជាមួយនឹង​ពួក​ហិណ្ឌូ​ឡើយ ហើយ​បានស្នើ​រក​ការបង្កើត រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ ។ សំណើ​នេះ​ទទួលបាន​ការគាំទ្រ​ពី​មេដឹកនាំ​សំខាន់​នៅ ខេត្ត ពុន​ចាប និង ខេត្ត​ភាគ​ពាយ័ព្យ​នោះ ។​

​ស្វែងរក​ការបង្កើត​រដ្ឋ​មូស្លីម​
​ពួក​ជន​មូស្លីម​ឥណ្ឌា បាន​ជួបជុំគ្នា​ពីថ្ងៃ​ទី ២២-២៤ ខែ មីនា ឆ្នាំ ១៩៤០ នៅឯ​ឩ​ទ្យា​ន Iqbal នាទី​ក្រុ ឡា​ហ័​រ ខេត្ត​ពុន​ចាប ហើយ​ចេញ​សេចក្តីប្រកាស​មិន​ទទួលយក​ធម្មនុញ្ញ របស់​ឥណ្ឌា ដែលមាន​ទំនោរ​ទៅរក​ហិណ្ឌូ គឺមាន​អត្ថន័យ​ស្របគ្នា​នឹង​សេចក្តីប្រកាស របស់ លោក A. K. FazlulHuq ដូចដែល​បានលើកឡើង​ខាងលើ​ដែរ ។

​បន្ថែម​ពីលើ​នោះ នាយករដ្ឋមន្ត្រី ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ នៃ ខេត្ត​ពុន​ចាប់បាន​រៀបរាប់ នូវ​ស្ថានភាព​ពាក់ព័ន្ធ​ទាំងឡាយ​ថា “ បញ្ហា​របស់ D.G. Khan (​គឺជា​ទីក្រុង​ភូមិសាស្ត្រ កណ្តាល​របស់​ប៉ា​គី​ស្ថាន​នៅ​ចំ​ទី​ប្រសប់​និង​គឺជា​ការិយាល័យ​កណ្តាល​នៃ​ខេត្ត​ទាំង​បួន របស់​ប៉ា​គី​ស្ថាន​ដែល​កំពុងមាន​ភាពច្របូកច្របល់​រវាង​ពួក​ហិណ្ឌូ​និង​មូស្លីម​ឥណ្ឌា​។

ទីក្រុង​នោះ​ល្បីល្បាញ​ថា​មាន​រ៉ែ អ៊ុ​រ​រ៉ានី​ញ៉ូ​ម​ដែល​គេ​អាច​ប្រើ​សម្រាប់​ផលិត​អាវុធ នុយ​គ្លី​អ៊ែរ ) មិនមាន​ជា​បញ្ហា​របស់​តំបន់​ទេ ប៉ុន្តែ​ជាក់ស្តែង​វា​គឺជា​បញ្ហា​ជា​អន្តរជាតិ “ ។​
​ប្រកាស​របស់​ប៉ា​គី​ស្ថាន​នៅក្នុង​សភា Sindh សភា Sindh គឺជា​សភា​ឥណ្ឌា​អង់គ្លេស ស្របច្បាប់​តែមួយគត់ ដើម្បី​អនុម័ត​សេចក្តីប្រកាស​គាំទ្រ​ប៉ា​គី​ស្ថាន ។ ពេលនោះ លោក G. M. Syed ជា​សកម្មជន​ជាតិនិយម​ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៃ​ចលនា Jeay Sindhi​ក៏បាន ចូលរួម​នៅក្នុង​សភា​នោះដែរ ។ កត្តា​ជំរុញ​សំខាន់បំផុត​នោះ គឺជា​ការសន្យា​នៃ “ សិទ្ធិ​ស្វ័យភាព និង អធិបតេយ្យភាព សម្រាប់​ស្ថាប័ន​នីតិបញ្ញត្តិ “ ។

​ប្រការនេះ និយាយ​ដោយ​ចំ​ទៅ គឺ​ពួក​មូស្លីម​នៅ​ឥណ្ឌា​មានបំណង​ចង់​បំបែក​ចេញពី ប្រទេស​ឥណ្ឌា ដែលជា​មាតុប្រទេស​របស់​ពួកគេ ដោយ​គ្រាន់តែ ដើម្បី​រក្សា​នូវ អត្តសញ្ញាណ​របស់​ពួកគេ (​ជា​ជន​មូស្លីម​) និង​ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ​តែប៉ុណ្ណោះ ពីព្រោះ​ពួកគេ​បាន​រង​ការ​មិនឱ្យ​តម្លៃ​ពី​ពួក​ហិ​ណ្ឌ​ដែល​កំពុង​កាន់អំណាច​នៅ ឥណ្ឌា ។​

ទីបំផុត រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ ត្រូវបាន​ប្រកាស​បង្កើត​ឡើង ដោយ​កំណត់​យក​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​១៩៥៦ ឈ្មោះថា សាធារណរដ្ឋ​ប៉ា​គី​ស្ថាន​ហើយ​បានក្លាយ​សាធារណរដ្ឋ ទីមួយ​របស់​ពិភព​អ៊ិ​ស្លាម ។ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ប៉ា​គី​ស្ថាន​ប្រារព្ធ​ទិវា សាធារណៈ របស់ខ្លួន​ដើម្បី​រំឭក​ដល់​ព្រឹត្តិការ​ជា​បន្ត​បន្ទាប់មក​នេះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​