ទិវា​សាធារណ​ដ្ឋ ម៉ុង​ហ្គោ​លី​

180

​ភ្នំពេញ​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ុង​ហ្គោ​លី ប្រារឰ​ទិវា សាធារណរដ្ឋ របស់​ពួកគេ​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួក គេ​ប្រកាស​បង្កើត​របប​សាធារណរដ្ឋ និង​អនុម័ត​រដ្ឋធម្មនុញ្ញ​ដំបូង របស់​ពួកគេ កាលពី​ឆ្នាំ​១៩២៤ ។ ម៉ុង​ហ្គោ​លី​ធ្លាប់ជា រដ្ឋ​ចក្រភព​ដ៏​ធំជាងគេ​បំផុត​ក្នុ​លោក​ដោយមាន​ផ្ទៃដី ប្រមាណ​ជា​២២ ភាគរយ នៃ​ផ្ទៃដី​ពិភពលោក​ទាំងមូល សូម្បីតែ​ប្រទេស​ចិន ក៏​ធ្លាប់ជា​ទឹកដី​របស់ ម៉ុង​ហ្គោ​លី​ដែរ ។ ប៉ុន្តែ​ក្រោយមក ម៉ុង​ហ្គោ​លី ក្លាយជា​រដ្ឋ​ចំណុះ​របស់ ចិន វិញ​ទម្រាំ​រើ​បម្រាស​រួច ត្រូវ​ប្រើពេល យ៉ាងយូរ ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ប្រទេស ម៉ុង​ហ្គោ​លី មាន​ផ្ទៃដី ១.៥៦៤.១១៦ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ ក្នុង​ទ្វីបអាស៊ី ខាងកើត ។ មាន​ព្រំដែន ជាប់​ប្រទេស ចិន រុស្ស៊ី និង កា​ហ្សា​ក់ ស្ថាន ។ ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ ជាង​៣​លាន​នាក់​ភាគច្រើន ជា​អ្នក​កាន់ ព្រះពុទ្ធសាសនា​ទី​បេ​ត៍ និង​សាសនា ហ្សា​ម៉ាន់​ដែល​គោរព​ផ្ទៃមេឃ​ពណ៌​ខៀវ ជា​ព្រះ​របស់​ពួកគេ ។ ភាសាផ្លូវការ​គឺ ភាសា ម៉ុង​ហ្គោល រដ្ឋធានី​គឺ​ទីក្រុង អ៊ូ​ឡង់​បា​ទ័​រ ។​
​ ​
ប្រវត្តិសាស្ត្រ​
​ពួក​បុរាណ​វិទូ បាន​រកឃើញថា ទឹកដី​ដែលជា​ប្រទេស ម៉ុង​ហ្គោ​លី បច្ចុប្បន្ន មាន​មនុស្ស​បុរាណ​រស់នៅ​តាំង ពី​ជាង​៨៥.០០០ ឆ្នាំមុន​មកម្ល៉េះ ហើយ មនុស្ស​សម័យ​ទំនើប​រស់នៅ​លើទឹក​ដី នេះ តាំងពី​ជា​៤០.០០០ ឆ្នាំ​មកហើយ ។ ជនជាតិ ម៉ុង​ហ្គោ​លី ជា​ជនជាតិ​ពូកែ​ជិះ សេះ​តាំងពី​ចន្លោះ​ឆ្នាំ ៣៥០០-២៥០០ ឆ្នាំមុន​គ្រិស្តសករាជ ។ ទោះយ៉ាងណា ការរស់នៅ​របស់​ជន​ជាតិ​ទាំងនោះ គឺមាន​លក្ខណៈ​កុលសម្ព័ន្ធ តូចធំ​តែ ប៉ុណ្ណោះ មិនទាន់​ក្លាយជា​រដ្ឋ ឬ​នគរ ពេញលេញ​ឡើយ ។ ម៉ុង​ហ្គោ​លី ក្លាយ ជា រដ្ឋ​ពេញលេញ​នៅ​ពេញ​បង្កើត រាជវង្ស សុង​នូ នៅ​ឆ្នាំ​២០៩ មុន គ្រិស្តសករាជ ។​
​ ​
​នៅ​ឆ្នាំ ២០០ មុន​គ្រិស្តសករាជ រាជវង្ស សុង​នូ ម៉ុង​ហ្គោ​លី បាន​គំរាម កំហែង​ដល់​រាជវង្ស ហាន ចិន​យ៉ាង ខ្លាំង​រហូត ចិន ត្រូវបញ្ជូន​ព្រះ​នាង របស់ ខ្លួន​ទៅ​រៀប​អភិសេក​ជាមួយ​រាជវង្ស សុង​នូ ដើម្បី​ចងមេត្រី និង​យក​តង្វាយ ថ្វាយ​ស្តេច សុង​នូ ។ ប៉ុន្តែ​ចំណង​មេត្រី ភាព​នោះ​មិនបាន​ល្អូកល្អិន​ឡើយ គឺ​ទំនាស់​ចេះតែ មាន​ជា​បន្តបន្ទាប់ ។​
​ ​
​ចាប់ពី ឆ្នាំ ១១៣ មុន​គ្រិស្ត​-​សករាជ ស្តេច​រាជវង្ស ហាន ចិន បាន ត្រៀម​រៀបចំ​កងទ័ព​តទល់​ជាមួយនឹង សុង​នូ វិញ​នាំឱ្យ​សង្គ្រាម​រវាង ហាន និង សុង​នូ បាន​ផ្ទុះឡើង​ពេញ​រូបរាង ។ គិត​ត្រឹម​ឆ្នាំ​១១៩ មេទ័ព ហាន​បាន​ជ័យ ជម្នះ​លើ សុង​នូ និង​ត្រួតត្រា​លើ​តំបន់ យុទ្ធសាស្ត្រ​ជាច្រើន​របស់ សុង​នូ ហើយ ឆ្នាំ ១០៥ មុន​គ្រិស្តសករាជ សុង​នូ ត្រូវ បាន ចិន ដាក់បញ្ចូល​ក្នុង​សម្ព័ន្ធ​របស់ខ្លួន ( ចិន ) ។​
​ ​
​សង្គ្រាម​ផ្ទៃក្នុង​របស់ សុង​នូ ក៏ដូចជា​សង្គ្រាម រវាង ចិន និង ម៉ុង​ហ្គោ​លី ក៏​ចេះតែមាន​ជា​ហូរហែ ធ្វើឱ្យ សុង​នូ ម៉ុង​ហ្គោ​លី បែកបាក់​ទៅជា កុលសម្ព័ន្ធ​ជាច្រើន ។​
​ ​
​មហា​ម៉ុង​ហ្គោ​លី ធំ​លេខ​១ ក្នុង​លោក​
​នៅ​អំឡុង​សតវត្សរ៍​ទី​១២ ខណៈ ដែល សុង​នូ កំពុង​បាក់បែក​ផ្ទៃក្នុង ហើយ ហាន ចិន ជ្រៀតជ្រែក​ផង​នោះ កូនប្រុស នៃ​មេ​កុលសម្ព័ន្ធ​ម្នាក់​របស់ ម៉ុង​ហ្គោល ឈ្មោះ ធា​មុ​ជិន បាន​ឡើង កាន់អំណាច​ហើយ​បានធ្វើ សង្គ្រាម​បង្រួបបង្រួម កុលសម្ព័ន្ធ​នានា​ពី​ចន្លោះ តំបន់​ម៉ាន់​ជូ និង តំបន់ភ្នំ​អាល់​ថា​យ ។ កុលសម្ព័ន្ធ​ទាំង នោះ មាន​កុលសម្ព័ន្ធ ណៃ​ម៉ាន់ , មេ​គីត​,​ថា​ថា​,​និង​កុលសម្ព័ន្ធ ខា​ម៉ាក​ម៉ុង​ហ្គោល ដែល​ធ្លាប់តែ​អមិត្ត នឹង​គ្នា​មក​នៅក្រោម ការគ្រប់គ្រង​របស់គាត់ ហើយ​ទទួល បាន ងារ​ជា ជែ​ន​ហ្គី​ស​ខាន់ (​ឬ​ហ្ស៊ី​-​សាខា​ន់​=​អ​ធិ​រាជ្យ ) នៅ​ឆ្នាំ ១២០៦ នៃ គ្រិស្តសករាជ ។
​ ​
​ព្រះ​អ​ធិ​រាជ្យ ធា​មុ​ជិន បន្តធ្វើ សង្គ្រាម​ពង្រីក​ទឹកដី​បង្កើត​ចក្រភព ម៉ុង​ហ្គោ​លី ដ៏​មហា​វិសាលភាព និង​ជា ចក្រភព​ដ៏​មាន​ទឹកដី​ធំជាងគេ​បំផុត​ក្នុង ប្រវត្តិសាស្ត្រ​មនុស្សជាតិ ។ ទឹកដី​របស់ ម៉ុង​ហ្គោ​លី ពេលនោះ ខាងលិច ចាប់ពី ប្រទេស​អ៊ុយ​ក្រែ​ន បច្ចុប្បន្ន​ទៅ​កើត ដល់​ប្រទេស កូរ៉េ ភាគ​ខាងជើង​ទល់ តំបន់ ស៊ី​បេ​រី ចំណែក​ភាគខាងត្បូង ចាប់ ពី​សមុទ្រ អូ​ម៉​ង់ និង វៀតណាម ដែល មាន​ផ្ទៃដី​ប្រមាណ ៣៣ លាន​គីឡូម៉ែត្រ ក្រឡា ស្មើនឹង ២២ ភាគរយ នៃ​ផ្ទៃដី ពិភពលោក​ទាំងមូល ហើយ​មាន​ប្រជាពលរដ្ឋ​ជា​១០០​លាន​នាក់ គឺ​ប្រមាណ ជា​១​ភាគ​៤ នៃ​មនុស្ស​ទាំងអស់​ក្នុង លោក​នា​សម័យ​កាលនោះ ។
​ ​
​ព្រះ​ចៅ​អ​ធិ​រាជ្យ ជែ​ន​ហ្គី​ស ខាន់ បាន​សោយ​ទិវង្គត នៅ​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ​១២២៧ ។ បន្ទាប់ពី​ការ​សោយ ទិវង្គត​របស់​ទ្រង់​ចក្រភព ម៉ុង​ហ្គោ​លី ត្រូវបាន​បែកបាក់​ជា អាណាចក្រ​ចំនួន ៤ ហើយ​ក្នុង​អាណ​ចក្រ​ទាំងនោះ មាន ស្តេច​មួយអង្គ​គ្រប់គ្រង ដោយមាន អ​ធិ​រាជ្យ ម៉ុង​គេ ខាន់ ជា​ព្រះ​អ​ធិ​រាជ្យ ។​

​ម៉ុង​ហ្គោល​បែកបាក់​
​ព្រះ​អ​ធិ​រាជ្យ ម៉ុង​គេ ខាន់ សោយ​ទិវង្គត​នៅ​ឆ្នាំ​១២៥៩ ដោយ​មិនបាន ប្រកាស​ផ្ទេរតំណែង​ជា​ព្រះ​អ​ធិ​រាជ្យ ទៅឱ្យ​ស្តេច​អង្គ​ណាមួយ​ជា​អ្នក​ស្នង ឡើយ ។ ស្តេច​នៃ​អាណាចក្រ​ចំណុះ ទាំង​៤​នោះ បាន​ឈ្លោះទាស់ទែង​ខ្វែង គំនិត​គ្នា​ដណ្តើម​ធ្វើជា​អ​ធិ​រាជ្យ បាន​នាំ ឱ្យមាន​សង្គ្រាម ស៊ីវិល ដែល​គេ​ឱ្យ ឈ្មោះថា សង្គ្រាម ស៊ីវិល Toluid ពី​ឆ្នាំ ១២៦០-១២៦៤ ធ្វើឱ្យ​អាណាចក្រ​ទាំង នេះ ស្ទើរតែ​ក្លាយជា​នគរ​ឯករាជ្យ រៀងៗ ខ្លួន​ទៅហើយ ។​
​ ​
​អាណាចក្រ ដ៏​ធំជាងគេ​ឈ្មោះ ថា មហា​អាណាចក្រ ដែល​គ្របដណ្តប់ ទៅដោយ​ទឹកដី​ដើម នៃ​ប្រទេស ម៉ុង​ហ្គោល និង​ប្រទេស ចិន បាន​បង្កើត រាជវង្ស មួយ ឈ្មោះថា រាជវង្ស យាន ដោយមាន​ស្តេច គូ​ប្លៃ ខាន់ ( ចៅ​របស់ ជែ​ន​ហ្គី​ស ខាន់ ) សោយរាជ្យ ។ ព្រះអង្គ គូ​ប្លៃ ខាន់ បាន​កសាង​រាជធានី​របស់ ព្រះអង្គ​នៅ​ទីក្រុង ប៉េកាំង ប្រទេស ចិន បច្ចុប្បន្ននេះ ។​

​បន្ទាប់ពី​បាន​គ្រប់គ្រង​ទឹកដី ចិន និង ម៉ុង​ហ្គោល អស់​ជាង​មួយ​សតវត្សរ៍ មក រាជវង្ស យាន ត្រូវបាន​ផ្តួលរំលំ ជំនួស​ដោយ​រាជវង្ស ម៉េង នៅ​ឆ្នាំ ១៣៦៨ ចំណែក​មេដឹកនាំ ម៉ុង​ហ្គោល បាន​ភៀសខ្លួន​ទៅ​ភាគ​ខាងជើង​នៃ ប្រទេស គឺ​ទឹកដី ម៉ុង​ហ្គោល ដែលជា ទឹកដី​កំណើត​របស់​ពួកគេ ។ កងទ័ព ម៉េង​បាន​ដេញតាម​សម្លាប់ អ្នក​ទាំង នោះ​រហូតដល់​ទឹកដី ម៉ុង​ហ្គោ​លី និង បាន​កាន់កាប់​ទីក្រុង​មួយចំនួន​របស់ ម៉ុង​ហ្គោល ។ ប៉ុន្តែ​ទីបំផុត ត្រូវ​កងទ័ព ម៉ុង​ហ្គោល វាយ​បណ្តេញ​កងទ័ព ចិន ទាំងនោះ​ចេញពី​ទឹកដី ម៉ុង​ហ្គោល មក ទឹកដី​ចិន​វិញ​។​

​រាជវង្ស​យាន របស់​ម៉ុង​ហ្គោល បាន​បន្ត​ត្រួតត្រា​ទឹកដី​ដើម​របស់ ម៉ុង​-​ហ្គោ​លី ដែល​គេ​ហៅថា រាជវង្ស យាន ខាងជើង ។
​ ​
​ប៉ុន្មាន​សតវត្សរ៍​តពីនោះមក សង្គ្រាម​ផ្ទៃក្នុង ម៉ុង​ហ្គោល និង សង្គ្រាម ឈ្លានពាន​ពី​សំណាក់​ប្រទេស​ចិន ក៏​ដូច ជាការ​លួច​វាយឆ្មក់​ទៅលើ​ប្រទេស ចិន​បានកើត​ឡើងជា​ហូរហែ នាំឱ្យ ម៉ុង​ហ្គោល​ដ៏​ធ្លាប់តែ​ជា​ប្រទេស​ធំ បំផុត លើ​លោក មក​នៅត្រឹមតែ​ជា​ប្រទេស តូច​មួយ មានការ​បែកខ្ញែក​គ្នា​ជា​ផ្នែក តូចៗ​។ លុះដល់​ដើម សតវត្សរ៍​ទី​១៦ ទើប ម៉ុង​ហ្គោល ត្រូវបាន​វាយ​បង្រួប​-​បង្រួម​គ្នា​ឡើងវិញ​ក្រោម​ការដឹកនាំ របស់ ស្តេច ដា​យ៉ាន់ ខាន់ ។ ចៅ​របស់ ដា​យ៉ាន់ ខាន់ ឈ្មោះ អាល​តាន់ ខាន់ ជួប​សម្តេច ដា​ឡៃ​ឡា​ម៉ា នៅ​ឆ្នាំ​១៥៧៨ ហើយ​បាន​នាំ​ព្រះពុទ្ធសាសនា ទី​បេ​ត៍ ចូល​ប្រទេស ម៉ុង​ហ្គោល ។ ចាប់ពី​ពេល នោះមក ទាំង​អ្នកដឹកនាំ និង​ប្រជាពលរដ្ឋ ម៉ុង​ហ្គោ​លី បាននាំគ្នា​កាន់ ព្រះពុទ្ធសាសនា ។
​ ​
​ធ្លាក់​ជា​ចំណុះ ចិន​
​ខាន់ ចុងក្រោយ​របស់ ម៉ុង​-​ហ្គោ​លី គឺ លី​គ​ដេ​ន ខាន់ នៅ​អំឡុង​ដើម សតវត្សរ៍​ទី​១៧ ។ ស្តេច ឬ ខាន់ អង្គ​នេះ មាន​ជម្លោះ​ជាមួយ​ជនជាតិ ម៉ាន់​ជូ ចិន ជុំវិញ ការ​លួច​ប្លន់​នៃ​ទីក្រុង​នានា​របស់ ចិន និង​ធ្វើឱ្យ​កុលសម្ព័ន្ធ ម៉ុង​ហ្គោល ភាគច្រើនបំផុត​ប្រេះឆា​គ្នា ។ ស្តេច​អង្គ នេះ បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៦៣៤ ។ គិត​ត្រឹម​ឆ្នាំ​១៦៣៦ កុលសម្ព័ន្ធ​ច្រើន បំផុត​នៅ​ភាគ​ខាង​ក្នុងនៃ​ប្រទេស ម៉ុង​ហ្គោល បាន​ចុះចូល​ជាមួយ​ពួក ជនជាតិ ម៉ាន់​ជូ ។
​ ​
​រាជវង្ស ឆេង ( ង​ក្រោយ​បំផុត​របស់ ចិន ) បាន ផ្តួលរំលំ​រាជវង្ស​ម៉េង ហើយ​ឡើង គ្រប់គ្រង​ប្រទេស​ចិន នៅ​ឆ្នាំ​១៦៤៤ (​ដល់​ឆ្នាំ​១៩១១) ។ ប្រទេស ម៉ុង​ហ្គោល​ទាំងមូល​បាន​ចុះចូល​ជា ចំណុះ​ជនជាតិ ម៉ាន់​ជូ ហើយ​បាន​ស្ថិតក្រោម​ការ គ្រប់គ្រង​របស់ រាជវង្ស ឆេង ទាំងស្រុង នៅត្រឹម​ឆ្នាំ​១៦៩១ ។ ចំណែក​របប គ្រប់គ្រង​ភាគ​ខាងលិច​នៃ​ប្រទេស ម៉ុង​ហ្គោល បាន​រលាយ​សាបសូន្យ​ដោយសារ​ការឈ្លានពាន របស់ រាជការ ឆេង ពី​ឆ្នាំ​១៧៥៧-១៧៥៨ ។ រាជការ ឆេង បាន​គ្រប់គ្រង ម៉ុង​ហ្គោល​តាមរយៈ​ចំណង មិត្តភាព ចំណង អាពាហ៍ពិពាហ៍​ទៅវិញទៅមក វិធានការ​សេដ្ឋកិច្ច និង​វិធានការ​យោធា រហូតដល់​ឆ្នាំ​១៩១១ ជា​ពេល​ទី​អវសាន នៃ​រាជការ ឆេង ។​
​ ​
ចលនា​ឯករាជ្យភាព ម៉ុង​ហ្គោ​លី​
​បន្ទាប់ពី​ដួលរលំ​រាជការ ឆេង ទៅ​របប​សាធារណរដ្ឋ​ចិន ត្រូវបាន ប្រកាស​បង្កើតឡើង ដោយមាន​ឧ​ត្ត​ម សេនីយ៍​យាន ស៊ី​ខាយ​ជា​ប្រធានាធិបតី​។

​មើលឃើញ​ឱកាសល្អ ខណៈដែល អំណាចកណ្តាល គឺ រាជការ ឆេង ដួលរលំ ដូច្នោះ ស្តេច បុក ខាន់ ( អតីត ជា​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា ) បាន​ដឹកនាំ​ប្រទេស ម៉ុង​ហ្គោ​លី ប្រកាស ឯករាជ្យភាព​របស់ខ្លួន​ពី​ចិន ។ ប៉ុន្តែ សាធារណរដ្ឋ ចិន ថ្មោងថ្មី នៅតែ ចាត់ទុកថា ម៉ុង​ហ្គោល គឺជា​ផ្នែក​មួយ​នៃ ប្រទេស​ចិន ។ ប្រធានាធិបតី ចិន យាន ស៊ី​ខាយ បាន​លើក​ហេតុផល​ថា សា​ធា​​រណ​រដ្ឋ​ចិន គឺជា​អ្នក​ស្នង​បន្ត​ពី​រាជការ ឆេង ដូច្នេះ​មាន​សិទ្ធិ​គ្រប់គ្រង ម៉ុង​ហ្គោល បន្ត​ពី​រាជការ ឆេង ដែរ ។​
​ ​
​ប៉ុន្តែ​ស្តេច បុក ខាន់ បាន​លើក ហេតុផល​ថា ម៉ុង​ហ្គោល និង ចិន ត្រូវបាន​ត្រួតត្រា​ដោយ​ជនជាតិ ម៉ាន់​ជូ អំឡុង​រជ្ជកាល ឆេង ។ លុះ​បន្ទាប់ពី រាជការ ឆេង ដួលរលំ​ទៅ កិច្ចសន្យា ដាក់ ម៉ុង​ហ្គោល ជា​ចំណុះ ម៉ាន់​ជូ នោះ ក្លាយទៅជា​អស់​សុពលភាព ។
​ ​
​ក្នុង​បដិវត្តន៍​ប្រកាស​ឯករាជ្យ ភាព​របស់​ម៉ុង​ហ្គោ​លី​នេះ កងទ័ព​រុស្ស៊ី បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ ពួក​អ្នក​ជាតិនិយម​ម៉ុង​ហ្គោ​លី​នេះ ។ តាមពិត​ការជួយ​របស់ រុស្ស៊ី ដល់ ម៉ុង​ហ្គោ​លី នោះ មិនមែន​មានបំណង ស្វែងរក​សេរីភាព​ជូន​ប្រជាពលរដ្ឋ ម៉ុង​ហ្គោ​លី​ទេ ប៉ុន្តែ​ក៏​ព្រោះតែ​ចង់ឱ្យ ម៉ុង​ហ្គោ​លី ក្លាយជា​រដ្ឋ​ឯករាជ្យ​នោះ រដ្ឋ​មួយ​នេះ​នឹង​បាន​ក្លាយជា​ទ្រនាប់​របស់ រុស្ស៊ី​ពី​ចិន​តែប៉ុណ្ណោះ ។
​ ​
​អ្វី​ដែលជា បំណង​បង្កប់​ក្នុង ចិត្ត​មួយទៀត​ដែល​រុស្ស៊ី​មិន​និយាយ ចេញ ប៉ុន្តែ​គេ​អាច មើលឃើញ​នោះ គឺថា បើ​ម៉ុង​ហ្គោល របូត​ចេញពី​ដៃ​ចិន​នោះ ម៉ុង​ហ្គោល នឹង​ក្លាយជា​រដ្ឋ​ដ៏​ទន់ ខ្សោយ​មួយ ។ បើ​បែប​នោះ រុស្ស៊ី ងាយ នឹង​លេប​ត្របាក់​ម៉ុង​ហ្គោល​ជំនួស ចិន​វិញ​ម្តង ។​

​ជា​អកុសល នៅ​ខែតុលា ឆ្នាំ ១៩១៩ មាន​បដិវត្តន៍​ផ្ទុះឡើង ធ្វើឱ្យ​រុស្ស៊ី រវល់​វក់វីរ​នឹង​រឿង​ផ្ទះ​ក្នុង​របស់ខ្លួន ក៏​មិនអាច​ធ្វើជា​បង្អែក​ដល់ ម៉ុង​ហ្គោល ទៀតឡើយ ។ ដោយហេតុនេះ នៅ​ឆ្នាំ ១៩១៩១​នោះ កងទ័ព ចិន បាន​ចូល លុកលុយ​កាន់កាប់ ម៉ុង​ហ្គោល ម្តងទៀត ។​
​ ​
​ដោយ​មិនអាច​ឈរ​ឱបដៃ មើល ចិន លេប​ត្របាក់ ម៉ុង​ហ្គោល ព្រោះ​បារម្ភ​ថា ចិន ចូលមក​ដល់​របង​ផ្ទះ ខ្លួន​តាមរយៈ ម៉ុង​ហ្គោល នេះ ទើប​នៅ ឆ្នាំ​១៩២០ កងទ័ព​រុស្ស៊ី ចូលធ្វើ​សង្គ្រាម បណ្តេញ​កងទ័ព​ចិន ចេញពី​ម៉ុង​ហ្គោល បាន​ដោយ​ជោគជ័យ​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ ១៩២១ ដោយមាន​ការជួយ​រួមចំណែក ពី​ជនជាតិ ម៉ុង​ហ្គោ​លី ។​
​ ​
​ដើម្បី​លុបបំបាត់​ការគំរាមកំហែង​ពី​ចិន​ទៅ​ថ្ងៃមុខ ទើប​បក្ស បុល​សេ​វិក សូ​វៀត សម្រេចចិត្ត​ជួយ បង្កើត​ចលនា​កុម្មុយនីស្ត និង​កងទ័ព ម៉ុង​ហ្គោ​លី ។ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​១៩២១​នោះ គណបក្ស​ប្រជាជន ម៉ុង​ហ្គោ​លី បង្កើត​រដ្ឋាភិបាល​ថ្មី ដោយ រក្សា​ស្តេច បុក ខាន់ ជា​ប្រមុខរដ្ឋ ប្រកាស​ឯករាជ្យភាពរ​បស់​ខ្លួន​ម្តង ទៀត ។ ចាប់ពីពេលនោះ​មក ម៉ុង​ហ្គោ​លី និង​សហភាព សូ​វៀត បាន​ក្លាយជា​សម្ព័ន្ធ​នឹង​គ្នា​របស់​រយៈ ពេល​ប្រាំពីរ ទសវត្សរ៍ ។
​ ​
​ឥទ្ធិពល​របស់ សូ​វៀត ទៅលើ ម៉ុង​ហ្គោល ក៏​ចេះតែ​ខ្លាំង​ទៅៗ ។ ការ តស៊ូ​របស់​អ្នក​ជាតិនិយម ម៉ុង​ហ្គោ​លី និង សូ​វៀត ក៏មាន​យ៉ាង​ជូរចត់​ណាស់ដែរ ។ ឆ្នាំ​១៩២៤ ស្តេច បុក ខាន់ ត្រូវបាន​គេ ធ្វើ​គុត ដែល​គេ​សង្ស័យថា​ជា​ស្នាដៃ របស់​ចារកិច្ច សូ​វៀត ។
​ ​
​បន្ទាប់ពី​ស្តេច បុក ខាន់ ត្រូវ បាន​ធ្វើឃាត​គណបក្ស​បដិវត្តន៍ ប្រជាជន​ម៉ុង​ហ្គោ​លី​បានប្រកាស​បង្កើត រដ្ឋាភិបាល សាធារណរដ្ឋ​ប្រជាមានិត ម៉ុង​ហ្គោ​លី នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​១៩២៤​ហើយ​រដ្ឋធម្មនុញ្ញ ដំបូង​របស់ ម៉ុង​ហ្គោ​លី ក៏ត្រូវ​បានអនុម័ត​នៅពេល​នេះដែរ ។ ប្រទេស​ម៉ុង​ហ្គោ​លី ក៏​ក្លាយជា​រដ្ឋ គ្រប់គ្រង ដោយ​របប​កុម្មុយនីស្ត​ជា ផ្លូវការ​ចាប់ពីពេលនោះ ។​
​ ​
​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ុង​ហ្គោ​លី ប្រារឰ​ទិវា​សា​ធាណ​រដ្ឋ របស់​ពួកគេ ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍ នោះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

ស្តេច បុក ខាន់ នៃ ម៉ុង​ហ្គោ​លី ដែលជា​អ្នកដឹកនាំ​ប្រកាស​ឯករាជភាព ម៉ុង​ហ្គោ​លី
​ទីក្រុង អ៊ូ​ឡង់​បារ​ទ័​រ នៃ ប្រទេស ម៉ុង​ហ្គោ​លី​