ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា ប្រារព្ធ​មុនដំបូង​នៅ​ឆ្នាំ​១៩១៣ ដោយ ស្ត្រី​ជនជាតិ​រុស្ស៊ី​

224
ចែករម្លែក

ភ្នំពេញៈ នា​ដើម​ទសវត្ស៍ ១៩០០ ជា​សម័យកាល​ដែលមាន​ការផ្ទុះ​ឡើង និង​មាន​ភាព​ច្របូក ច្របល់​ច្រើន​នូវ​សកល​ឧស្សាហូបនីយកម្ម និង​ជា​ពេលដែល​មនោគមវិជ្ជា​រ៉ាឌីកាល់​បាន​រីក រាលដាល នាំឱ្យមាន​ការតវ៉ា និង ចលនា​ជាច្រើន​ដើម្បី​ទាមទារ​សិទ្ធិ​ផ្សេងៗ​របស់​ស្ត្រី រួមទាំង​តម្លៃ​ពលកម្ម និង លក្ខន្តិកៈ​ការងារ​ប្រសើរ​ជាង​មុន រហូតដល់​ឆ្នាំ ១៩៧៥ ទើប​ទិវា អន្តរជាតិ នារី មាន​លក្ខណៈ​ពេញរូបពេញរាង​ទូទាំង​ពិភពលោក ។​

​នៅ​ឆ្នាំ​១៩០៨ មានការ​ពិភាក្សា​យ៉ាង​រំជើបរំជួល បាន​កើតឡើង​ក្នុងចំណោម​ពួក​ស្ត្រី ។ ការគាបសង្កត់ និង ភាពមិន​ស្មើគ្នា​របស់​ស្ត្រី និង​បុរស​បាន​ជំរុញ​ឱ្យ​ពួក​ស្ត្រី​មានការ​តស៊ូ មតិ​ច្រើនឡើងៗ និង រិត​តែ​សកម្ម​ឡើងៗ​ក្នុងការ​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ ។ នៅក្នុង​ឆ្នាំ ១៩០៨ ដដែល​នោះ មាន​ស្ត្រី​១៥.០០០ នាក់ បាន​ដើរ​ជា​ក្បួន​ដង្ហែ​ពាសពេញ​ទីក្រុង ញូវយ៉ក ទាមទារ​ឱ្យ​ម៉ោង​ធ្វើការ​របស់​ស្ត្រី​កាន់តែ​តិច ទទួលបាន​ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន និង ឱ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត ។​

​នៅ​ឆ្នាំ​១៩០៩ ស្រប​នឹង​សេចក្តីប្រកាស​របស់​គណៈ​បក្ស​សង្គមនិយម អាម៉េរិក ទិវា​ស្ត្រីជាតិ លើក​ទី​១ ត្រូវបាន​ប្រារព្ធ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៨ ខែ កុម្ភៈ ។ ពួក​ស្ត្រី​បាន​បន្ត​ប្រារព្ធ​ទិវា​ស្ត្រី ជាតិ​នេះ នៅ​ថ្ងៃអាទិត្យ​ចុងក្រោយ​បំផុត នៃ ខែ កុម្ភៈ រហូតដល់​ឆ្នាំ ១៩១៣ ។​

​នៅ​ឆ្នាំ ១៩១០ សន្និសីទ​អន្តរជាតិ នៃ ស្ត្រី​កំពុងធ្វើការ ត្រូវបាន​ប្រារព្ធ​ទីក្រុង ខូ​ប៉ិន​ហា​ហ្កិ​ន នៃ ប្រទេស​ដា​ណឺ​ម៉ាក ។ ឱកាស​នោះ ស្ត្រី​ម្នាក់​ឈ្មោះ ក្លា​រ៉ា ហ្សេ​ត​គីន ជា​ប្រធាន​ក​រិ​យា​ល័យ​ស្ត្រី នៃ គណៈបក្ស​សង្គម​ប្រជាធិបតេយ្យ នៃ ប្រទេស​អាល្លឺម៉ង់​បាន​លើក​ប្រធានបទ​ដាក់​លើ តុ​ក​ពិភាក្សា​អំពី​គំនិត​មួយ គឺ “ ទិវា អន្តរជាតិ ស្ត្រី “ ។​

​ស្ត្រី​រូបនេះ​បានស្នើ​សុំ​ថា នៅ​រៀងរាល់ឆ្នាំ នៅ​គ្រប់​ប្រទេស​គួរតែ​ប្រារព្ធ​ទិវា​ស្ត្រី នៅ​ថ្ងៃ​ដូចៗ​គ្នា ដើម្បី បង្ហាញ​នូវ​ឆន្ទៈ​ដូចគ្នា នៃ ការទាមទារ​របស់​ពួក​ស្ត្រី ។ សន្និសីទ​ដែលមាន​ស្ត្រី​ជាង ១០០ នាក់ ជា​តំណាង​សហជីព , គណៈបក្ស​សង្គមនិយម , ក្លិប​ស្ត្រី និង ដោយ​រួមទាំង​ស្ត្រី ៣ រូប​ដំបូង​ដែល​បាន​ជាប់ឆ្នោត​ជា​សមាជិកសភា ហ្វាំ​ង​ឡង់​ដ៍​ផង​បាន​ព្រមព្រៀង​អនុម័ត​គំនិត របស់​អ្នកស្រី ហ្សេ​ត​គីន ជា​ឯកច្ឆន្ទ ។​

​ឆ្នាំ​១៩១១ បន្ទាប់ពី​មានការ​សម្រេចចិត្ត​នៅ​ទីក្រុង ខូ​ប៉ិន​ហា​ហ្កិ​ន នោះមក ទិវា អន្តរជាតិ ស្ត្រី ក៏ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃទី ១៩ ខែ មីនា នៅ​ប្រទេស​អូទ្រីស ដា​ណឺ​ម៉ាក អាល្លឺម៉ង់ និង ប្រទេស​ស្វ៊ី​ស ។​

​មាន​ស្ត្រី និង បុរស​ជាង​មួយ​លាន​នាក់​បាន​ចូលរួម​ប្រមូលផ្តុំ​ក្នុង​យុទ្ធនាការ​ទិវា អន្តរជាតិ នារី ទាមទារ​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ធ្វើការ សិទ្ធិ​បោះឆ្នោត សិទ្ធិ​ទទួលបាន​ការបណ្តុះបណ្តាល សិទ្ធិ​កាន់ កាប់​មុខងារសាធារណៈ និង បញ្ចប់​នូវ​ការរើសអើង​ចំពោះ​ស្ត្រី ។​

​នៅ​ថ្ងៃទី​២៥ ខែ មីនា ឆ្នាំ​ដដែល​នោះ មាន​ស្ត្រី ១៤០ នាក់​នៅ​អាម៉េរិក​ភាគច្រើន​ជា​ជន​អន្តោ ប្រវេសន៍ អ៊ីតាលី និង ជ្វី​ស បាន​ស្លាប់​ដោយសារ​អគ្គិភ័យ ។ ព្រឹត្តិការណ៍​ដ៏​សោកសៅ​នោះ បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ដល់​លក្ខន្តិកៈ​ការងារ និង​ច្បាប់​ការងារ​នៅ អាម៉េរិក ។ នៅ​ឆ្នាំ​១៩១១​នោះ ក៏ត្រូវ​បាន​គេ​ប្រទះឃើញ​នូវ​យុទ្ធនាការ​របស់​នារី​ដែលមាន ឈ្មោះថា “ នំប៉័ង និង កូ​ឡាប “ ផងដែរ ។​

ទិវា អន្តរជាតិ ស្ត្រី​ថ្ងៃ ទី ៨ ខែ មីនា​
នៅ​ឆ្នាំ​១៩១៣ បន្ទាប់ពី​បាន​ពិភាក្សា​រួច ស្ត្រី​ជនជាតិ​រុស្ស៊ី បាន​ប្រារព្ធ ទិវា អន្តរជាតិ នារី នៅ​ថ្ងៃ ទី ៨ ខែ មីនា ជា​លើកដំបូង​គេ​ក្នុង​លោក ហើយ​ក៏បាន​ក្លាយជា​ទិវា អន្តរជាតិ នារី​ទូទាំង​ពិភព លោក​រហូតមក ដល់​បច្ចុប្បន្ន​។​

​ចាប់ពី​ឆ្នាំ​១៩១៨ មក​ទិវា អន្តរជាតិ នារី ត្រូវបាន​ទទួលស្គាល់ និង​ប្រារព្ធ​ធ្វើ​ច្រើនឡើងៗ​នៅក្នុង បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង ប្រទេស​កំពុងអភិវឌ្ឍន៍ ។ អង្គការសហប្រជាជាតិ​ក៏​តែងតែ​រៀប ចំ​សន្និសីទ​ជាច្រើន​ក្នុង​កិច្ច​ព្យាយាម​ជម្រុញ​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ស្មើនឹង​បុរស និង​ដើម្បី​ផ្តល់ឱកាស ឱ្យ​ស្ត្រី​ចូលរួម​ក្នុងសង្គម ឆាកនយោបាយ និង សេដ្ឋកិច្ច រហូតដល់​ឆ្នាំ​១៩៧៥​ត្រូវបាន​ប្រកាស ថា​ជា​ឆ្នាំ នៃ នារី​អន្តរជាតិ ។​

​នៅ​កម្ពុជា រាជរដ្ឋាភិបាល និង អង្គការ​សង្គម​ស៊ីវិល ក៏​តែងតែបាន​ប្រារព្ធ​ទិវា អន្តរជាតិ នារី យ៉ាង​ផុលផុស​ណាស់ដែរ ៕ ដោយៈ មេសា​

ក្បួន​ដង្ហែ​របស់​ស្ត្រី​១៥.០០០ នាក់​នៅ​ឆ្នាំ​១៩០៨ នាទី​ក្រុង ញូវយ៉ក​ទាមទារ​ឱ្យ​ម៉ោង​ធ្វើការ​របស់ ស្ត្រី​កាន់តែ​តិច ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន និង ឱ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត