ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា ប្រារព្ធ​មុនដំបូង នៅ​ឆ្នាំ​១៩១៣ ដោយ​ស្ត្រី​ជនជាតិ​រុស្ស៊ី​

210
ចែករម្លែក
  • 1
    Share

​ភ្នំពេញ​៖ នា​ដើម​ទសវត្ស៍ ១៩០០ ជា​សម័យកាល ដែល​មានការ​ផ្ទុះឡើង និង​មាន​ភាព​ច្របូក ច្របល់​ច្រើន​នូវ​សកល​ឧស្សា​ហូប​និ​យក​ម្ម និង​ជា​ពេលដែល​មនោគមវិជ្ជា​រ៉ាឌីកាល់​បាន​រីក រាលដាល នាំឱ្យមាន​ការតវ៉ា និង​ចលនា​ជាច្រើន ដើម្បី​ទាមទារ​សិទ្ធិ​ផ្សេងៗ​របស់​ស្ត្រី​រួមទាំង តម្លៃ​ពលកម្ម និង​លក្ខន្តិកៈ​ការងារ​ប្រសើរ​ជាង​មុន រហូតដល់​ឆ្នាំ ១៩៧៥ ទើប​ទិវា​នារី​អន្តរជាតិ មាន​លក្ខណៈ​ពេញរូបពេញរាង​ទូទាំង​ពិភពលោក ។​

​នៅ​ឆ្នាំ​១៩០៨ មានការ​ពិភាក្សា​យ៉ាង​រំជើបរំជួល បាន​កើតឡើង​ក្នុងចំណោម​ពួក​ស្ត្រី ។ ការ​គាប សង្កត់ និង​ភាពមិន​ស្មើភាព​គ្នា​របស់​ស្ត្រី និង​បុរស​បាន​ជំរុញ​ឱ្យ​ពួក​ស្ត្រី​មានការ​តស៊ូ​មតិ​ច្រើនឡើងៗ និង​រិត​តែ​សកម្ម​ឡើងៗ​ក្នុងការ​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ ។ នៅក្នុង​ឆ្នាំ​១៩០៨ ដដែល​នោះ មាន​ស្ត្រី ១៥.០០០ នាក់ បាន​ដើរ​ជា​ក្បួន​ដង្ហែ​ពាសពេញ​ទីក្រុង​ញូវយ៉ក​ទាមទារ​ឱ្យ​ម៉ោង​ធ្វើការ​របស់ ស្ត្រី​កាន់តែ​តិច ទទួលបាន​ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន និង​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត ។​

​នៅ​ឆ្នាំ​១៩០៩ ស្រប​ជាមួយនឹង​សេចក្តីប្រកាស​របស់​គណ​បក្ស​សង្គមនិយម​អាមេរិក ទិវា​ស្ត្រីជាតិ លើក​ទី​១ ត្រូវបាន​ប្រារព្ធ​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ។ ពួក​ស្ត្រី​បាន​បន្ត​ប្រារព្ធ​ទិវា​ស្ត្រី ជាតិ​នេះ នៅ​ថ្ងៃអាទិត្យ​ចុងក្រោយ​បំផុត នៃ​ខែកុម្ភៈ រហូតដល់​ឆ្នាំ​១៩១៣ ។​

​នៅ​ឆ្នាំ​១៩១០ សន្និសីទ​អន្តរជាតិ នៃ​ស្ត្រី​កំពុងធ្វើការ ត្រូវបាន​ប្រារព្ធ​ទីក្រុង​ខូ​ប៉ិន​ហា​ហ្កិ​ន​នៃ​ប្រទេស ដា​ណឺ​ម៉ាក ។ ឱកាស​នោះ ស្ត្រី​ម្នាក់​ឈ្មោះ ក្លា​រ៉ា ហ្សេ​ត​គីន ជា​ប្រធានការិយាល័យ​ស្ត្រី​នៃ​គណបក្ស សង្គម​ប្រជាធិបតេយ្យ​នៃ​ប្រទេស​អាល្លឺម៉ង់ បាន​លើក​ប្រធានបទ​ដាក់​លើ​តុ​ពិភាក្សា អំពី​គំនិត​មួយ គឺ “ ទិវា​ស្ត្រី​អន្តរជាតិ “ ។​

​ស្ត្រី​រូបនេះ បានស្នើ​សុំ​ថា នៅ​រៀងរាល់ឆ្នាំ នៅ​គ្រប់​ប្រទេស គួរតែ​ប្រារព្ធ​ទិវា​ស្ត្រី នៅ​ថ្ងៃ​ដូចៗ​គ្នា ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ​ដូចគ្នា នៃ​ការទាមទារ​របស់​ពួក​ស្ត្រី​។ សន្និសីទ​ដែលមាន​ស្ត្រី​ជាង ១០០ នាក់ ជា​តំណាង​សហជីព​, គណបក្ស​សង្គមនិយម , ក្លិប​ស្ត្រី និង​រួមទាំង​ស្ត្រី​បី​រូប​ដំបូង ដែល​បាន ជាប់ឆ្នោត ជា​សមាជិកសភា​ហ្វាំ​ង​ឡង់​ដ៍​ផង បាន​ព្រមព្រៀង​អនុម័ត​គំនិត​របស់​អ្នកស្រី ហ្សេ​ត​គីន ជា​ឯកច្ឆន្ទ ។​

​ឆ្នាំ​១៩១១ បន្ទាប់ពី​មានការ​សម្រេចចិត្ត នៅ​ទីក្រុង ខូ​ប៉ិន​ហា​ហ្កិ​ន នោះមក ទិវា​ស្ត្រី​អន្តរជាតិ ក៏ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃទី​១៩ ខែមីនា នៅ​ប្រទេស​អូទ្រីស ដា​ណឺ​ម៉ាក អាល្លឺម៉ង់ និង​ប្រទេស​ស្វី​ស ។​

​មាន​ស្ត្រី និង​បុរស​ជាង​មួយ​លាន​នាក់ បាន​ចូលរួម​ប្រមូលផ្តុំ​ក្នុង​យុទ្ធនាការ​ទិវា​នារី​អន្តរជាតិ ទាមទារ​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ធ្វើការ សិទ្ធិ​បោះឆ្នោត សិទ្ធិ​ទទួលបាន​ការបណ្តុះបណ្តាល សិទ្ធិ​កាន់កាប់​មុខងារសាធារណៈ និង​បញ្ចប់​នូវ​ការរើសអើង​ចំពោះ​ស្ត្រី ។​

​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​ដដែល​នោះ មាន​ស្ត្រី ១៤០ នាក់ នៅ​អាមេរិក ភាគច្រើន ជា​ជន​អន្តោ ប្រវេសន៍​អ៊ីតាលី និង​ជ្វី​ស បាន​ស្លាប់​ដោយសារ​អគ្គិភ័យ​។ ព្រឹត្តិការណ៍​ដ៏​សោកសៅ​នោះបាន​ទាក់ ទាញ​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ដល់​លក្ខន្តិកៈ​ការងារ និង​ច្បាប់​ការងារ​នៅ​អាមេរិក ។ នៅ​ឆ្នាំ​១៩១១ នោះ ក៏ត្រូវ​បាន​គេ​ប្រទះឃើញ​នូវ​យុទ្ធនាការ​របស់​នារី ដែលមាន​ឈ្មោះថា “ នំប៉័ង និង កូ​ឡាប “ ផងដែរ ។​

​ទិវា​ស្ត្រី​អន្តរជាតិ​ថ្ងៃ ទី ៨ ខែមីនា​
​នៅ​ឆ្នាំ​១៩១៣ បន្ទាប់ពី​បាន​ពិភាក្សា​រួច ស្ត្រី​ជនជាតិ​រុស្ស៊ី បាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ នៅ​ថ្ងៃទី​៨ ខែមីនា ជា​លើកដំបូង​គេ ក្នុង​លោក ហើយ​ក៏បាន​ក្លាយជា​ទិវា​នារី​អន្តរជាតិ​ទូទាំង​ពិភពលោក រហូតមក ដល់​បច្ចុប្បន្ន​។​

​ចាប់ពី​ឆ្នាំ​១៩១៨ មក ទិវា​នារី​អន្តរជាតិ ត្រូវបាន​ទទួលស្គាល់ និង​ប្រារព្ធ​ធ្វើ​ច្រើនឡើងៗ​នៅក្នុង បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍​។ អង្គការសហប្រជាជាតិ​ក៏​តែងតែ​រៀបចំ សន្និសីទ​ជាច្រើន ក្នុង​កិច្ច​ព្យាយាម​ជម្រុញ​ឱ្យ​ស្ត្រី មាន​សិទ្ធិ​ស្មើនឹង​បុរស និង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ស្ត្រី ចូលរួម​ក្នុងសង្គម ឆាកនយោបាយ និង​សេដ្ឋកិច្ច រហូតដល់​ឆ្នាំ​១៩៧៥ ត្រូវបាន​ប្រកាសថា ជា​ឆ្នាំ នៃ​នារី​អន្តរជាតិ ។​

​នៅ​កម្ពុជា រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ក៏​តែងតែបាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ យ៉ាង​ផុលផុស​ណាស់ដែរ ៕ ដោយៈ មេសា​

​ក្បួន​ដង្ហែ​របស់​ស្ត្រី​១៥.០០០ នាក់​នៅ​ឆ្នាំ​១៩០៨ នាទី​ក្រុង ញូវយ៉ក​ទាមទារ​ឱ្យ​ម៉ោង​ធ្វើការ​របស់​ស្ត្រី កាន់តែ​តិច ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន និង ឱ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត
​ក្បួន​ដង្ហែ​នៅ​ទិវា​នារី​អន្តរជាតិ​នៅ​កម្ពុជា