ទិវា​សុវត្ថិភាព​អ៊ី​ន​ធឺ​ណិ​តៈ យូ​នី​សេ​ហ្វ​អំពាវនាវ​ឱ្យមាន​សកម្មភាព​រួមគ្នា​ទប់ស្កាត់​ការរក​រឿង​ឈ្លោះ និង​បៀតបៀន​លើ​យុវជន​កម្ពុជា​ដែល​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​

579
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​អង្គការ​យូ​នី​សេ​ហ្វ​បានប្រកាស​នៅ​ថ្ងៃទី​៥​ខែកុម្ភៈ​នេះ​ថា​៣០​ឆ្នាំ​ក្រោយពី​ការអនុម័ត​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​និង​ការបង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​ដល់ពេល​វេលា​ក្នុងការ​ពិនិត្យមើល​ទ្បើង​វិញ​នូវ​ការយកចិត្តទុកដាក់​អំ​ពី​សិទ្ធិ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​របស់​កុមារ​។​

យុវវ័យកម្ពុជាក្នុសម័យឌីជីថល(រូបថតយូនីសេហ្វ កម្ពុជា)

​អង្គការ​នេះ​បាន​បញ្ជាក់ថា​នៅថ្ងៃនេះ​យូ​នី​សេ​ហ្វ​បានប្រកាស​ឲ្យ​ដឹង​ជាមុន​អំពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​អំពើហិង្សា ការ​រករឿង​ឈ្លោះ និង​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ចំពោះ​យុវជន ៨៥,៧ ភាគរយ ដែលមាន​អាយុ​ចាប់ពី​១៥​ទៅ​២៥​ឆ្នាំ​ដែល​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​និង​បាន​អំពាវនាវ​ឱ្យមាន​សកម្មភាព​រួមគ្នា ដើម្បី​ឆ្លើយតប និង​ទប់ស្កាត់​អំពើហិង្សា​លើ​កុមារ និង​យុវជន​នៅតាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។​

        សេចក្តីប្រកាស​ក្នុង​ទិវា​សុវត្ថិភាព​អ៊ីនធឺណិត​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់​មានការ​ស្ទាបស្ទង់​មតិ​ដែល​យូ​នី​សេ​ហ្វ​បានរៀបចំ កាលពីពេល​ថ្មីៗ​នេះ​ជាមួយនឹង​យុវជន ដោយ​ទទួលបាន​ការឆ្លើយតប​ពី​មនុស្ស​ជាង​មួយ​លាន​នាក់ មកពី​ប្រទេស​ជាង​១៦០ ក្នុង​រយៈពេល​៥​សប្តាហ៍ រួមទាំង​សំណូមពរ​ជាច្រើន​ដែល​បានលើកឡើង​ក្នុង​កម្មវិធី​ជជែក​ពិភាក្សា​របស់​យុវជន អំពី​ការបញ្ចប់​អំពើហិង្សា (#ENDviolence Youth Talks) ដែល​ដឹកនាំ​រៀបចំ​ដោយ​សិស្ស​និស្សិត​នៅ​ទូទាំង​សកលលោក​។ នៅ​ក្នុងការ​ស្ទាបស្ទង់​មតិ​នោះ​យុវជន​បាន​ផ្តល់នូវ​ការឆ្លើយ​ត​ប្រកបដោយ​គំនិត​គិតគូរ​វែងឆ្ងាយ​អំពី​សកម្មភាព​ដែល​ពួកគេ និង​ឪពុកម្តាយ គ្រូបង្រៀន និង​អ្នកតាក់តែង​គោលនយោបាយ អាចធ្វើ​បាន ដើម្បី​រក្សា​សុវត្ថិភាព​យុវជន​។ សកម្មភាព​ប្រកបដោយ​ក្តីមេត្តា គឺជា​ទង្វើ​ដែល​ត្រូវបាន​លើកឡើងថា​ជា​មធ្យោបាយ​មួយ ក្នុងចំណោម​មធ្យោបាយ​ដែលមាន​ប្រសិទ្ធភាព​ជាងគេ​បំផុត ដើ​ម្ប​ទប់ស្កាត់​ការ​រឿង​រឿង​ឈ្លោះ និង​បៀតបៀន​យុវជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​យោងតាម​សេចក្តីប្រកាស​ដដែល​នេះ​លោកស្រី ណា​តា​សា ផា​ឌី​សុន នាយិកា​ស្តីទី​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​យើង​បានដឹង​ពី​កុមារ និង​យុវជន​នៅ​ទូទាំង​សកលលោក​យ៉ាងច្បាស់​ថា ប្រព័ន្ធ​អ៊ីនធឺណិត​បានក្លាយ​ជា​ប្រព័ន្ធ​គ្មាន​ក្តីមេត្តា​។ ដូច្នេះ​បានជា​ក្នុង​ទិវា​សុវត្ថិភាព​អ៊ីនធឺណិត​នៅថ្ងៃនេះ យូ​នី​សេ​ហ្វ​បាន​ចូលរួម​ជាមួយ​កុមារ​និង​យុវជន​សំណូមពរ​ឱ្យ​គ្រប់គ្នា​មាន​ក្តី​សណ្តា​ស​ប្រណី​ដល់​គ្នា​ទៅវិញទៅមក​នៅតាម​ប្រព័ន្ធ​អន​ឡាញ​និង​អំពាវនាវ​ឱ្យ​ចាត់​វិធាន​កាន់តែ​ម៉ឺងម៉ាត់​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​អ៊ិន​ធឺ​ណេ​ត​ក្លាយទៅជា​ប្រព័ន្ធ​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​គ្រប់គ្នា​។​”

​បើតាម​ទិន្នន័យ​ពី​យូណេស្កូ​អំពី​ប្រេ​វ៉ាឡង់​នៃ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​ភាគរយ​នៃ​កុមារ​និង​ក្មេង​ជំទង់​ដែល​រង​ផលប៉ះពាល់​ពី​ការ​រករឿង​ឈ្លោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មាន​ចាប់ពី​៥ រហូតដល់​២១​ភាគរយ​ហើយ​កុមារី​ហាក់បីដូចជា​ទទួលរង​គ្រោះ​ពី​ការធ្វើ​បាប​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ច្រើនជាង​កុមារា​។​

​នៅ​កម្ពុជា ក្នុងចំណោម​ក្មេងស្រី​អាយុ​ពី​១៥ ទៅ ២៤​ឆ្នាំ​ទាំងអស់ មាន ៨៤,៤ ភាគរយ កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ហើយ​សម្រាប់​កុមារា​ដែល​ស្ថិតក្នុង​ក្រុម​អាយុ​ដូចគ្នានេះ​គឺមាន ៩១,៥ ភាគរយ ។ នៅក្នុង​សកលលោក ភាគរយ​នៃ​យុវជន​អាយុ​ចន្លោះ​ពី ១៥ ទៅ ២៤​ឆ្នាំ ដែល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ ៧០,៦ ភាគរយ​។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា គឺមាន​អាយុ​កាន់តែ​តិច​ទៅៗ ដោយ​ក្នុងចំណោម​កុមារ​អាយុ ១៥​ឆ្នាំ​ទាំងអស់​គឺមាន ៤,៥ ភាគរយ​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​។ ខណៈពេលដែល​សិស្ស​ដែលមាន​អាយុ​កាន់តែច្រើន កាន់តែ​ងាយ​ប្រឈម​នឹង​ការ​សម្លុត​គំរាម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បើ​ធៀប​នឹង​សិស្ស​ដែលមាន​អាយុ​តិចជាង ហើយ​កុមារ​គឺជា​ក្រុម​ដែល​ងាយ​រងគ្រោះ​ពី​ព័ត៌មាន​គ្រោះថ្នាក់ ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ និង​ការ​សម្លុត​គំរាម​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត​ផងដែរ​។​

​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​អាច​បង្កឱ្យមាន​ការឈឺចាប់​យ៉ាងធ្ងន់ធ្ងរ​ហើយ​វា​អាច​កើត​លើ​មនុស្ស​ជាច្រើន​នាក់​។ សកម្មភាព និង​ព័ត៌មាន​បៀតបៀន​ទាំងនោះ​នៅតែមាន​វត្តមាន​នៅលើ​ប្រព័ន្ធ​អន​ឡាញ​ដោយ​គ្មាន​ពេល​កំណត់ ពោលគឺ​វា “​នៅតែ​តាម​ធ្វើបាប​” ជនរងគ្រោះ​តាម​ប្រព័ន្ធ​អន​ឡាញ​ពេញ​មួយជីវិត​។ ការ​រករឿង​ឈ្លោះ​នៅ​ខាងក្រៅ និង​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត គឺជា​សកម្មភាព​អាក្រក់​ពីរ​បំពេញ​គ្នា​ទៅវិញទៅមក ដោយ​បង្កើតជា​ឥរិយាបថ​បង្ក​ការឈឺចាប់ និង​ខូចខាត​ត​គ្នា​ពីមួយ​ទៅមួយ​មិនចេះចប់​។ ជនរងគ្រោះ​ដោយសារ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​រង​ផលប៉ះពាល់​ដោយ​ទំនងជា​ឈានទៅ​ប្រើប្រាស់​គឿង​ស្រវឹង គ្រឿងញៀន និង​គេច​មិន​ចូលរៀន​ជាង​សិស្ស​ដទៃទៀត​។ ពួកគេ​ក៏​ច្រើនតែ​ទទួលបាន​ពិន្ទុ​ទាប និង​ផ្តល់​តម្លៃ​ឱ្យ​ខ្លួនឯង​ទាប ក៏ដូចជា​ជួបប្រទះ​នឹង​បញ្ហា​សុខភាព​ជាច្រើន​។ ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អាច​នាំឱ្យមាន​ការធ្វើអត្តឃាត​ក៏មាន​។​

​លោកស្រី ណា​តា​សា ផា​ឌី​សុន នាយិកា​ស្តីទី​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បន្តទៀតថា “៣០​ឆ្នាំ ក្រោយ​ការអនុម័ត​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​ការបង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត គឺ​ដល់​ពេលដែល​រដ្ឋាភិបាល គ្រួសារ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ និង​ជាពិសេស​វិស័យ​ឯកជន គិតពិចារណា​ពី​កុមារ និង​យុវជន ដោយ​ចាត់ទុក​ពួកគេ​ជា​ស្នូល​នៃ​គោលនយោបាយ​ឌីជីថល​។ តាមរយៈ​ការការពារ​ពួកគេ​ពី​ហេតុការណ៍​អាក្រក់​បំផុត​ដែល​កើតចេញពី​ការប្រើប្រាស់​អ៊ីនធឺណិត និង​ពង្រីក​ការប្រើប្រាស់​អ៊ីនធឺណិត​របស់​ពួកគេ យើង​ម្នាក់ៗ​អាចជួយ​ឱ្យមាន​តុល្យភាព ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ និង​យុវជន​។​”

​យូ​នី​សេ​ហ្វ លើកកម្ពស់​សិទ្ធិ និង​សុខុមាលភាព​របស់​កុមារ​គ្រប់រូប នៅក្នុង​រាល់​សកម្មភាព​នៅ​គ្រប់​ការងារ​របស់​យើង​។​រួមគ្នា​ជាមួយ​ដៃគូ យើង​ធ្វើ​ការងារ​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន​១៩០ ដើម្បី​ប្រែក្លាយ​ការប្តេជ្ញាចិត្ត​នេះ​ទៅជា​ចំណាត់ការ​ជាក់ស្តែង ដោយ​ផ្តោតលើ​កិច្ចខិតខំ​ពិសេស​លើ​កុមារ​ងាយ​រងគ្រោះ​បំផុត និង​កុមារ​ដែល​ត្រូវបាន​ផាត់​ចេញពី​សង្គម ក្នុង​គោលបំណង​ផ្តល់​ជា​ប្រយោជន៍​ដល់​កុមារ​គ្រប់រូប នៅ​គ្រប់កន្លែង​ទាំងអស់​៕​សរន​