ទិវា​សេរីភាព​គុយបា​

205

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ គុយបា ប្រារឰ​ទិវា សេរីភាព របស់ខ្លួន​នៅ​ថ្ងៃទី​១​ខែមករា ដើម្បី​រំលឹក ដល់​ថ្ងៃ​ដែល​ពួក​ចលនា​២៦​កក្កដា របស់ លោក ហ្វ៊ី​ដែល កា​ស្ត្រូ ដែល​ចាប់ផ្តើម ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៥៩ ដែល ប្រធានាធិបតី​បា​ធី​ស្តា ភៀសខ្លួន​ចេញ ពី​ប្រទេស​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ ១៩៥៩ ហើយ​ពួកគេ​ហៅ​ថ្ងៃនោះ​ថា ទិវា សេរីភាព ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ គុយបា មាន ផ្ទៃដី​១១០.៨៦០ គីឡូម៉ែត្រ​ក្រឡា ស្ថិត នៅ​អាមេរិក ឡាទីន នៅ​ចុងឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជាង​១១​លាន​នាក់ ភាគ ច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា រដ្ឋធានី គឺ​ទីក្រុង ឡា​ហាវ៉ាន ភាសា​ផ្លូវ ការ​របស់​ប្រទេស​មាន​បី​ភាសា គឺ​ភាសា អេ​ស្ប៉ា​ញ ភាសា ក្រេ​អូ​ល និង​ភាសា អង់គ្លេស ។​
​ ​
​ប្រវត្តិសាស្ត្រ
​ឆ្នាំ ១៤៩២ គុយបា បាន​ធ្លាក់​ទៅ ក្រោម​អាណានិគម អេ​ស្ប៉ា​ញ ហើយ​បាន រើបម្រះ​ដណ្តើម បាន​ឯករាជភាព របស់ខ្លួន​វិញ​នៅ​ឆ្នាំ​១៩០២ ។ បន្ទាប់ពី នោះមក គុយបា បាន​ជួបប្រទះ​អស្ថិរភាព សំខាន់ៗ ជាច្រើន​ក្នុង​មាន​ទាំង​រដ្ឋ ប្រហារ​និង​ការ​លុកលុយ​អន្តរាគមន៍ ដោយ​កងទ័ព​អាមេរិក​ផង ។​

​ពី​ឆ្នាំ ១៩៤០-១៩៤៤ អតីត មេទ័ព ហ្វ៊ុ​ល​ហ្កេ​ន​ស៊ីអូ បា​ធី​ស្តា (Fulgencio Batista) បាន​ក្លាយជា ប្រធានាធិបតី ។ នៅ​ឆ្នាំ​១៩៥២ គាត់​បាន ចាញ់ឆ្នោត ប៉ុន្តែ​គាត់​បានធ្វើ​រដ្ឋប្រហារ​ច្បាម​យក​អំណាច មកកាន់​ទៀត ។​

​ខណៈដែល គុយបា ស្ថិតក្នុង សភាព​គ្មាន​ការងារ​ធ្វើ​ក្នុង​កម្រិត​ខ្ពស់ និង​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ទឹក​នោះ លោក​ប្រធានាធិបតី​បា​ធី​ស្តា​ក៏បាន​ធ្វើ នយោបាយ​អមិត្ត​ជាមួយ​ពលរដ្ឋ​របស់ខ្លួន​ដោយ​ការ បង្កើតឱ្យមាន​ឧក្រិដ្ឋកម្ម នានា និង​អនុ​ញ្ញា​ត្ត​ឱ្យ​ក្រុមហ៊ុន​របស់ អាមេរិក​ត្រួតត្រា​សេដ្ឋកិច្ចជាតិ ។

​នា​អំឡុង​អាណត្តិ​ទី​១ របស់គាត់ លោក បា​ធី​ស្តា ទទួលបាន​ការគាំទ្រ​ពី បក្សកុម្មុយនិស្ត គុយបា ប៉ុន្តែ​នា​អំឡុង អាណត្តិ​ទី​២ គាត់​បាន​ក្លាយជា​អ្នកប្រឆាំង កុ​ម្មុយ​និ​ស្ត​យ៉ាងខ្លាំង​ក្លា​ដែល​ធ្វើឱ្យ គាត់​ទទួលបាន​ការគាំទ្រ​ផ្នែក​នយោបាយ​និង​ជំនួយ​យោធា​ពី​សហរដ្ឋ អាមេរិក​។ បា​ធី​ស្តា បាន​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ដ៏​មាន​ឥទ្ធិពល​ដែល បាន​បំបិទមាត់​ពួក​អ្នក​ប្រឆាំងនឹង​គាត់ ។

​ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​១៩៥២ លោក ហ្វ៊ី​ដែល កា​ស្ត្រូ និង ប្អូនប្រុស​របស់គាត់ រ៉ា​អ៊ូ​ល កា​ស្ត្រូ បានរៀបចំ បង្កើត​ចលនា នយោបាយ​និង​កងទ័ព​ជាច្រើន ហើយ បើក​ការវាយប្រហារ​ទៅលើ​រដ្ឋាភិបាល លោក បា​ធី​ស្តា នៅ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ​១៩៥៣ ។ ប៉ុន្តែ​ត្រូវបាន​កងទ័ព របស់លោក បា​ធី​ស្តា ធ្វើឱ្យ​បរាជ័យ ហើយ​បងប្អូន​ត្រកូល កា​ស្ត្រូ ទាំងពីរ នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ១៥ ឆ្នាំ ។ ប៉ុន្តែ​ត្រូវបាន​គ្រូ​របស់ ហ្វ៊ី​ដែល កា​ស្ត្រូ បញ្ចុះបញ្ចូល​លោក បា​ធី​ស្តា ឱ្យ ដោះលែង​ទាំងពីរ​នាក់​បងប្អូន​វិញ ។​

​ត្រូវបាន​ដោះលែង​មិន​ទាំង​បាន ប៉ុន្មាន​ផង បងប្អូន​ត្រកូល កា​ស្ត្រូ បានរ​ត់ទៅ​ចូលរួម​ជាមួយ​ពួក​អ្នក ប្រឆាំងនឹង លោក បា​ធី​ស្តា ផ្សេងទៀត ដែល​កំពុង នៅ​និរទេស​ខ្លួន​នា​ប្រទេស ម៉ិ​ក​ស៊ិ​ក រៀបចំ​ផែនការ​ដើម្បី​ទម្លាក់​លោក បា​ធី​ស្តា​ម្តងទៀត​ដោយ​មានការ​បង្វឹក​ពី​អ្នកជំនាញ​យោធា នៅក្នុង​សម័យ សង្គ្រាមស៊ីវិល អេ​ស្ប៉ា​ញ គឺ​លោក អាល់​បឺ​តូ បា​យ៉ូ ។​
​ ​
​នៅ​ខែ មិថុនា ឆ្នាំ​១៩៥៥ លោក ហ្វ៊ី​ដែល កា​ស្ត្រូ បាន​ទៅ​ជួប​ជាមួយ មេដឹកនាំ​បដិវត្តន៍ អា​ហ្ស​ង់​ទីន ហើយ បានដាក់​ឈ្មោះ​ចលនា​បដិវត្តន៍​ថា បដិវត្តន៍​២៦​កក្កដា ដោយ​យក​ស្មារតី នៃ ចលនា​របស់លោក ហ្វ៊ី​ដែល កា​ស្ត្រូ ដែល​បាន​ដឹកនាំ​កម្លាំង​ប្រយុទ្ធប្រឆាំង នឹង​រដ្ឋាភិបាល​លោក បា​ធី​ស្តា កាលពី​ថ្ងៃ ទី ២៦ ខែ កក្កដា ឆ្នាំ ១៩៥៣ ។​
​ ​
​នៅ​ថ្ងៃទី​២ ខែ ធ្នូ ឆ្នាំ ១៩៥៥ នោះ នាវា​មួយគ្រឿង​បាន​ទៅដល់ ប្រទេស គុយបា ផ្ទុក​ដោយ​បងប្អូន ត្រកូល កា​ស្ត្រូ និង​មនុស្ស​៨០​នាក់​ផ្សេង ទៀត ហើយ​ពួក​តាំងខ្លួន​ជា​ឩ​ទ្ទាម​ទាំង នេះ​បាននាំគ្នា ធ្វើដំណើរ​ទៅ​តំបន់​ជួរ​ភ្នំ Sierra Maestra ភាគ​ខាងលិច នៃ​ប្រទេស គុយបា ។

​បី​ថ្ងៃ​ក្រោយមក កងទ័ព​របស់ ប្រធានាធិបតី បា​ធី​ស្តា បាន​បើក​ការវាយលុក​សង្គ្រប់​ទៅលើ​បុរស ទាំង​៨២​នាក់ នេះ ដោយបាន​សម្លាប់​មនុស្ស​អស់​ជាង ៦០​នាក់ ក្នុងចំណោម​អ្នក​ទាំង ៨២ នាក់ នេះ ហើយ​អ្នក​ដែល​នៅ​សេសសល់​បាន រត់​បែកខ្ញែក​គ្នា​ចូល​លាក់ខ្លួន​ព្រៃភ្នំ ដែល​ក្នុងនោះ​ក៏មាន​បងប្អូន កា​ស្ត្រូ​ទាំង ពីរ​នាក់​ផង ហើយ​អ្នក​ទាំងនោះ បាន ដើរ​រសាត់អណ្តែត​ក្នុងព្រៃ ដាច់បាយ​ក្រហាយ​ទឹក ស្វែងរក​គ្នីគ្នា​ដែល​នៅរស់ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​រហូត​បាន​ជួបជុំគ្នា​ឡើងវិញ​ដោយសារ តែមាន ការជួយ​របស់​កសិក​រ​ដែលមាន​ចិត្ត អាណិតអាសូរ​ពួកគេ ។ ពួកគេ​ក៏បាន​ចាប់ផ្តើម​បង្កើត​កងទ័ព ឩ​ទ្ទាម​នៅក្នុង ព្រៃភ្នំ​ដោយមាន​ទាំង​នារី​ផង ។
​ ​
​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ ១៩៥៧ មាន​ក្រុម​បដិវត្តន៍​ផ្សេងៗ​គ្នា ក្នុងនោះ​មាន​ទាំង​និស្សិត​បង្កើតបានជា ក្រុម​ដ៏​ធំ​មួយ​សំដៅទៅ​វិមាន​ប្រធានាធិបតី​ប៉ុនប៉ង​សម្លាប់​ប្រធានាធិបតី ដើម្បី​ផ្តាច់​ក្បាលម៉ាស៊ីន ដឹកនាំ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​ពួកគេ​បាន​បរាជ័យ ហើយ​មាន​អ្នក ខ្លះ​ត្រូវបាន​កងកម្លាំង​របស់ ប្រធានាធិបតី បា​ធី​ស្តា​ចាប់ខ្លួន​និង​សម្លាប់ចោល​។​

​ព្រឹត្តិការណ៍​នេះ​បានធ្វើឱ្យ អាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ គុយបា ហើយ​កោះហៅ​ឱ្យ​អគ្គរដ្ឋទូត របស់ខ្លួន​ប្រចាំ​គុយបា បន្ថយ​ទំនាក់ទំនង ជាមួយ​គុយបា ។ អ្នកគាំទ្រ​លោក​បា​ធី​ស្តា​នៅក្នុង​ប្រទេស បាន​ថយចុះ ដោយ​អ្នកខ្លះ​ផ្តាច់ខ្លួន​ចេញ ហើយ​អ្នកខ្លះរ​ត់ទៅ ចូលរួម​ជាមួយ​ពួក​បដិវត្តន៍ ។ ប៉ុន្តែ​ពួក ម៉ា​ហ្វ៊ី​យ៉ា និង​ពួក​ឈ្មួញ​អាមេរិក​នៅតែ បន្ត​សហការ​ជាមួយ​លោក​បា​ធី​ស្តា ដដែល ។

​ជារឿយៗ រដ្ឋាភិបាល​របស់ លោក បា​ធី​ស្តា ត្រូវ​កែសម្រួល​ដោយ ឃោ​ឃៅ ដើម្បី​រក្សា​ទីក្រុង នានា​ឱ្យនៅ ក្រោម​ការគ្រប់គ្រង ។ ចំណែក​ក្រុម​ក្នុង ព្រៃភ្នំ​របស់​បងប្អូន កា​ស្ត្រូ ឯណោះ​វិញ បាន​កើន​ចំនួន​កងទ័ព​យ៉ាង​ឆាប់រហ័ស ហើយ​បង្កើតបានជា​ចលនានយោបាយ ក្នុង​ព្រៃភ្នំ ដឹកនាំ​ដោយ​ហ្វ៊ី​ដែល កា​ស្ត្រូ ។ ប៉ុន្តែ​ពួកនេះ​ក៏​មិន​ស្លូតបូត​ប៉ុន្មាន​ដែរ គឺ​ឱ្យតែ​គេ​សង្ស័យ​ជន​ណា​ថា​ជា​អ្នក ស្មោះត្រង់​នឹង បា​ធី​ស្តា នោះ ពួកគេ​នឹង កាត់ទោស​ជន​នោះ​ភ្លាម ។ នៅ​ខែកុម្ភៈ ឆ្នាំ​១៩៥៨ ពួកគេ​បាន​បង្កើត​វិទ្យុ​មួយ ផ្សាយ​ឃោសនា​ចេញពី​ក្នុងព្រៃ​ដែល អាច​ស្តាប់ឮ​ពាសពេញ​ប្រទេស​។​

​ទោះជា​បងប្អូន កា​ស្ត្រូ ជោគជ័យ​យ៉ាងណា​ក៏មាន​កងទ័ព​ត្រឹមតែ ប្រហែលជា​២០០​នាក់​ប៉ុណ្ណោះ និង មាន​អាវុធ​យ៉ាង​ខ្សត់ខ្សោយ ចំណែក ខាង​រដ្ឋាភិបាល​មាន​កងទ័ព និង​ប៉ូលិស ប្រមាណ​ជា​៣៧.០០០ នាក់​បំពាក់ ដោយ​អាវុធ​មានគុណ​ភាព ។

​ជំនួយ​សព្វាវុធ​ត្រូវបាន​អាមេរិក ដាក់​បម្រាម​លើ គុយបា នៅ​ឆ្នាំ​១៩៥៨​ដែល​បានធ្វើឱ្យ​កងទ័ព រដ្ឋាភិបាល​ចុះ ខ្សោយ​យ៉ាង​មាន​ប្រសិទ្ធភាព ខណៈ ក្រុម​ឧទ្ទាម​ប្រឆាំងនឹង​លោក បា​ធី​ស្តា មាននៅ​ពាសពេញ​ប្រទេស ។​

​ទីបំផុត លោក បា​ធី​ស្តា បាន ឆ្លើយតប​ទៅនឹង​ក្រុម​របស់ កា​ស្ត្រូ ដោយ ការវាយប្រហារ​ទៅលើ​បន្ទាយ កា​ស្ត្រូ នៅក្នុង​ភ្នំ​ដោយ​ប្រើ​កងទ័ព​១២.០០០ នាក់ ។ ប៉ុន្តែ​ក្នុងនោះ​ប្រហែលជា​ពាក់កណ្តាល ជា​ទាហាន​ថ្មី​មិន​ទទួលបាន ការហ្វឹកហាត់​អ្វី​ឡើយ ។ ប្រតិបត្តិការ កងទ័ព​ដ៏​ទ្រង់ទ្រាយ​ធំ​នេះ​ឈ្មោះថា បា​ធី​ស្តា​។​

​ការប្រយុទ្ធ​គ្នា​មួយ​នៅ La Plata ចាប់ពី​ថ្ងៃទី​១១-២១ ខែកក្កដា ឆ្នាំ ១៩៥៨ ទ័ព​ឧទ្ទាម​របស់លោក កា​ស្ត្រូ បាន​យកឈ្នះ​កង​ទ័​រដ្ឋាភិបាល​៥០០ នាក់ ចាប់ខ្លួនបាន​២៤០ ដោយ​ខាង​កងទ័ព​ឧទ្ទាម ស្លាប់​តែម​នុស្ស​បីនាក់ ប៉ុណ្ណោះ ។ ទោះយ៉ាងណា នៅ​សមរភូមិ Las Mercedes កងទ័ព​ឧទ្ទាម​ស្ទើរតែ ខ្ទេចខ្ទាំ​ដោយសារ​កងទ័ព​រដ្ឋាភិបាល ដ៏​ច្រើន​លើសលប់ រហូត​លោក ហ្វ៊ី​ដែល កា​ស្ត្រូ ប្រកា​សបទ ឈប់​បាញ់ នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​១៩៥៨ នោះ ។ រយៈពេល ប្រមាណ​ជា​ប្រាំពីរ​ថ្ងៃ​ក្រោយមក បន្ទាប់ ពី​ការចរចា​មិនបាន​ផ្លែផ្កា​កងទ័ព​ឧទ្ទាម របស់លោក កា​ស្ត្រូ បាន​ដក​ត្រឡប់​ចូល ភ្នំ​វិញ នៅ​ថ្ងៃទី​៨ ហើយ​ប្រតិបត្តិការ Verano ត្រូវបាន​បញ្ចប់​។​

​ដោយមាន​ភាព​ក្តៅក្រហាយ បន្ទាប់ពី​បរាជ័យ​មក នៅ​ថ្ងៃទី​២១ ខែ សីហា ឆ្នាំ​១៩៥៨ បងប្អូន កា​ស្ត្រូ បាន​ដឹកនាំ​ក្រុម​ឧទ្ទាម​ដោយផ្ទាល់ បើក​ការវាយលុក​ខ្សែត្រៀម​ជួរមុខ ។ ដោយមាន​បទពិសោធន៍ និង​អាវុធ​ដែល រឹបអូស​បាន​ពី​អំឡុងពេល​ប្រយុទ្ធ​ជាមួយ កងទ័ព​រដ្ឋាភិបាល​មុននេះ​ផង កងទ័ព កា​ស្ត្រូ បាន​ជោគជ័យ​ធំៗ​ជាច្រើន​សមរភូមិ ។ ជោគជ័យ​លេចធ្លោ​ជាងគេ​នៅ ឯ Guisa និង​បាន​ដណ្តើម យក​ទីក្រុង ជាច្រើន ដែល​អាច​គ្រប់គ្រង​តំបន់ Cauto ទាំងស្រុង ។​

​ស្របពេល​ជាមួយគ្នា​នោះ មាន​កងទ័ព​ឧទ្ទាម​បី​ក្រុម​ផ្សេងៗ​គ្នា​ទៀត​ដែល​មិន​ស្ថិតក្រោម​ការគ្រប់គ្រង របស់​កា​ស្ត្រូ បាន​បើ​ការវាយលុក​ទៅ​ខេត្ត មួយចំនួន​ភាគ​ខាងលិច​នៃ​ប្រទេស​ដណ្តើមបាន​ខេត្ត​មួយ ចំនួន​នៅ​ទីនោះ និង​បាន​រួបរួម​ជាមួយ​កម្លាំង​តស៊ូ​ដទៃ ទៀត​នៅ​ទីនោះ ។​

​បរាជ័យ​ជា​បន្តបន្ទាប់​និង​ស្ទើរ តែគ្រប់​សមរភូមិ​ប្រធានាធិបតី​បា​ធី​ស្តា​មាន ក្តី​ភ័យខ្លាច​ក៏​ភៀសខ្លួន ចេញពី​ប្រទេស នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ ១៩៥៩ ។

​ប្រវត្តិសាស្ត្រ គុយបា បាន​ចាត់ ទុក​ថ្ងៃនោះ​ថា​ជា​ថ្ងៃ​បរាជ័យ​របស់​រដ្ឋាភិបាល​លោក បា​ធី​ស្តា ហើយ​ជា​ថ្ងៃ ជោគជ័យ​របស់​ពួក​បដិវត្តន៍​មាន​ចលនា ខែ កក្កដា របស់លោក ហ្វ៊ី​ដែល កា​ស្ត្រូ ជា​ប្រមុខ ។

​ទីក្រុង​ជាច្រើន​បាន​ធ្លាក់​ក្រោម ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម កា​ស្ត្រូ និង​ឩ​ទ្ទាម​ផ្សេងៗ​ទៀត ជា​បន្តបន្ទាប់ ។ កា​ស្ត្រូ បាន​ចូលដល់​ទីក្រុង Havana នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​នោះ ហើយ​ជម្រើស​ទី​១ របស់គាត់​ឱ្យធ្វើជា​ប្រធានាធិបតី គឺ​លោក Manuel Urrutia Lleo បាន​ចូលកាន់ តំណែង​តាំងពី​ថ្ងៃទី​៣ ខែមករា ដឹកនាំ​រដ្ឋាភិបាល​បដិវត្ត​ន៍​សង្គមនិយម ។​
​ ​
​ចលនា​នេះ​បាន​កែទម្រង់​ជា បន្តបន្ទាប់​ជាមួយ​ពួក​កុម្មុយនីស្ត ក៏បាន ក្លាយជា​បក្ស​កុម្មុយនីស្ត គុយបា ចាប់ពី​ខែ តុលា ឆ្នាំ​១៩៦៥ ដែល​បច្ចុប្បន្ន​ដឹកនាំ ដោយ រ៉ា​អ៊ូ​ល កា​ស្ត្រូ ប្អូនប្រុស​របស់ ហ្វ៊ី​ដែល កា​ស្ត្រូ ហើយ​ដឹកនាំ​ប្រទេស គុយបា រហូតមកដល់​សព្វថ្ងៃ ៕ ដោយ​: មេសា​

​លោក ហ្វ៊ី​ដែល កា​ស្ត្រូ គឺជា​វីរៈបុរស​របស់ គុយបា​
ផ្នែក​មួយ នៃ ទីក្រុង ឡា ហាវ៉ាន ប្រទេស គុយបា​