ទិវា​សេរីភាព​អាហ្វ្រិក​ខាងត្បូង​

981
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ប្រារព្ធ​ទិវា​សេរីភាព របស់ខ្លួន នៅ​ថ្ងៃទី​២៧ ខែមេសា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ប្រជាជាតិ​អាហ្វ្រិក​ខាងត្បូង មាន សិទ្ធិ​បោះឆ្នោត ស្មើភាព​គ្នា កាលពី​ឆ្នាំ​១៩៩៤ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង ស្ថិតនៅ​ភាគខាងត្បូង នៃ​ទ្វីបអាហ្វ្រិក មាន​ផ្ទៃដី ១.២២១ លាន​គីឡូ​ម៉ែត្រក្រឡា មាន​ព្រំដែន​ជាប់​មហាសមុទ្ទ​អា​ត្ល​ង់​ទិ​ក មហាសាគរ ឥណ្ឌា ប្រទេស​ណា​មី​ប៊ី ស៊ីម​បា​វ៉េ ម៉ូ​សាំ​ប៊ិក និង​ណូ​វែ​ល​ហ្សេ​ឡង់​។ ដើមឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៥៩​លាន​នាក់​ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា​និង​អ៊ិ​ស្លាម ភាសា​ដែល​គេ​និយាយ​ច្រើន​បំផុត គឺ​ភាសា​អា​ហ្វ្រី​កាន់ និង​ភាសា​អង់គ្លេស​រដ្ឋធានី គឺ​ទីក្រុង​ប្រេ​តូ​រី​យ៉ា​។​

ប្រវត្តិសាស្ត្រ​
នៅ​ឆ្នាំ​១៤៨៨ អ្នកដើរ​កប៉ាល់​ជនជាតិ​ព័រទុយហ្កាល់ ឈ្មោះ Bartolomeu Dias គឺជា​ជន អឺរ៉ុប​លើក​ទី​១ ដែល​បាន​ទៅដល់​អាហ្វ្រិក​ខាងត្បូង ក្នុង​បំណង​រុករក​ផ្លូវ សម្រាប់ធ្វើ ពាណិជ្ជកម្ម នៅ​ឆ្នេរ​អាហ្វ្រិក​ខាងត្បូង​។​
​ ​
នៅ​ឆ្នាំ​១៤៩៧ កង​កប៉ាល់​របស់​ព័រទុយហ្កាល់ ក្រោម​បញ្ជាការ​របស់លោក Vasco da Gama បាន​ទៅដល់​ប្រទេស​ឥណ្ឌា ហើយ​បាន​បើកផ្លូវ​ពាណិជ្ជកម្ម ទៅ​ភាគ​ខាងកើត​។​
​ ​
​ក្រុមហ៊ុន​ឥណ្ឌា​ខាងកើត ហុ​ល្លង់ ហៅ​កាត់​ថា VOC បានសម្រេច​ចិត្ត​បង្កើត​ទីតាំង អចិន្ត្រៃយ៍ នៅ​ជ្រោយ​ទីនោះ​។ VOC បានធ្វើ​ជំនួញ​តាម​កប៉ាល់​ទៅ​ទិសខាងកើត ដោយ​ពុំមាន​ចេតនា​កាន់កាប់​តំបន់​ទាំង​នោះឡើយ គឺ​គ្រាន់តែ​ចាត់ទុកថា ជា​មូលដ្ឋាន ឬ​ជា​ជំរុំ​សម្រាប់​សំចត​នៃ​ពួក​ដើរកប៉ាល់ ក្នុង​ចូល​សម្រាក និង​ស្វែងរក​អាហារ​តែ ប៉ុណ្ណោះ​។ ដំណើរ​ជំនួញ​នេះ​បាន​ទៅដល់​តំបន់ Table Bay នៅ​ខែមេសា ឆ្នាំ​១៦៥២​។​
​ ​
​ក្រុមហ៊ុន VOC បាន​ចូលទៅ​សំចត​នៅ​ជ្រោយ​នោះ ក្នុង​បំណង​ស្វែងរក​អាហារ​ដាក់ ក្នុង​កប៉ាល់​របស់​ពួកគេ ដើម្បី​ចេញដំណើរ​ធ្វើ​ពាណិជ្ជកម្ម​ផ្លូវ​សមុទ្ទ​របស់​ពួកគេ​ទៀត​។ ប៉ុន្តែ​ដោយសារ​នៅ​តំបន់​នោះ គ្មាន​កសិករ​ធ្វើស្រែ​ចម្ការ ទើប​ពួកពាណិជ្ជករ​របស់ ក្រុមហ៊ុន VOC សម្រេចចិត្ត នាំយក​កសិករ ពី​ប្រទេស​ហុ​ល្លង់ មក​ធ្វើស្រែ​ចម្ការ នៅ​ទីនោះ សម្រាប់​ផលិត​ស្បៀងអាហារ​ផ្គត់ផ្គង់​កប៉ាល់​ទាំងឡាយ​ដែល​ឆ្លងកាត់ តំបន់​នោះ ក៏​នាំឱ្យមាន​ជនជាតិ​ហុ​ល្លង់ តាំង​ទីល​នៅ​នា​តំបន់​នោះ​។​
​ ​
ជនជាតិ​ហុ​ល្លង់ បាន​កើន​ចំនួន​ច្រើនឡើងៗ និង​បាន​ពង្រីក​ដី​កសិកម្ម​របស់​ពួកគេ ធំ​ទៅៗ​។ ក្រោយមក ក៏មាន​ពួក​ជនជាតិ​អាល្លឺម៉ង់ បាន​ទៅ​ចូលរួម​ប្រក​របរ​រកស៊ី នៅ​តំបន់​នោះដែរ​។ នៅ​ឆ្នាំ​១៦៨៨ ក៏មាន​ជនជាតិ​បារាំង ដែល​រត់គេច​ពី​ការ​កាត់ ទោស​ផ្នែក​សាសនា​ទៅ​ចូលរួម​នៅ​តំបន់​នោះ​ទៀត​។​
​ ​
ពេល​ជិត​ដល់​សត្ត​វត្សរ៍​ទី​១៨ ឥទ្ធិពល​របស់​ហុ​ល្លង់ បានចាប់ផ្តើម​សាបរលាប​បន្តិច ម្តងៗ​ហើយ​បែរជា​កើន​អំណាច​របស់​ចក្រភព​អង់គ្លេស​ទៅវិញ​។ អង់គ្លេស​បាន​ចាប់ យក​តំបន់​នោះ នៅ​ឆ្នាំ​១៧៩៥ ដើម្បី​កុំអោយ​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​បារាំង​ហើយក៏​បាន ប្រគល់​ទៅអោយ​ហុ​ល្លង់​វិញ នៅ​ឆ្នាំ​១៨០៣​។​
​ ​
នៅ​ឆ្នាំ​១៨០៦ នា​អំឡុង​សង្គ្រាម​ណាប៉ូឡេអុង ប្រទេស​ហុ​ល្លង់ ត្រូវបាន​លុកលុយ ដោយ​កងទ័ព​បារាំង ។ ប៉ុន្តែ​ត្រូវបាន​អង់គ្លេស ដណ្តើមយក​ពី​បារាំង​វិញ​។ ដោយហេតុ នេះ រាល់​ដែនដី​ក្រោម​អាណានិគម​របស់​ហុ​ល្លង់​ត្រូវបាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ អង់គ្លេស​វិញ ដោយ​រួមទាំង​តំបន់​នៅ​ឆ្នេរ​អាហ្វ្រិក​ខាងត្បូង​ផង ហើយ​ត្រូវ​បានទទួល ស្គាល់​ជា​ផ្លូវការ នៅ​ឆ្នាំ​១៨១៥​។​
​ ​
នៅ​ឆ្នាំ​១៨២០ មាន​ពាណិជ្ជករ​ថ្នាក់កណ្តាល ប្រមាណ​ជា ៥.០០០​នាក់​បាន​ទៅ​តាំង លំនៅ នា​តំបន់ Grahamstown និង Port Elizabeth ។ ការរកឃើញ​រ៉ែ​ត្បូង​ពេជ្រ នៅ​ឆ្នាំ​១៨៦៧ និង រ៉ែ​មាស នៅ​ឆ្នាំ​១៨៨៤ បណ្តាលឱ្យមាន​បដិវត្ត​ន៍​រ៉ែ និង​មាន​សន្ទុះ សេដ្ឋកិច្ច និង​ជនអន្តោប្រវេសន៍ ហើយក៏​នាំឱ្យមាន​ការដណ្តើម​គ្នា​កាន់កាប់​តំបន់​នោះ រវាង​ជនជាតិ Boers (​ពួក​អាហ្វ្រិក​ខាងត្បូង​)​និង ជនជាតិ​អង់គ្លេស​នាំឱ្យមាន​សង្គ្រាម រវាង​អង់គ្លេស និង​អាណាចក្រ ហ្ស៊ូ​លូ បានចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ ១៨៧៩ ហើយ​ជ័យជម្នះ បាន​ទៅលើ​អង់គ្លេស រីឯ​ឯករាជ្យភាព​ជាតិ​របស់​អាណាចក្រ ហ្ស៊ូ​លូ ក៏ត្រូវ​បានបញ្ចប់ ។​

​នៅ​ឆ្នាំ ១៨៨០-១៨៨១ ក៏មាន​សង្គ្រាម​រវាង​អង់គ្លេស និង​សាធារណរដ្ឋ Boer​និង ពី​ឆ្នាំ ១៨៩៩-១៩០២ ហើយ​ទីបំផុត ជ័យជម្នះ​បាន​ទៅ​អង់គ្លេស​ទៀត និង​បានធ្វើឱ្យ​ឯករាជ្យ ភាព​ជាតិ​របស់​សាធារណរដ្ឋ Boer ធ្លាក់​ក្រោម​ការ​អាណានិគម​អង់គ្លេស ។ ប៉ុន្តែ​ក៏​នៅតែមាន​ក្រុម​អ្នក​ប្រឆាំងនឹង​អង់គ្លេស​នៅឡើយ ដោយ​ចលនា​ប្រឆាំង​ទាំងនេះ នាំឱ្យមាន​ការចរចា រហូត​បាន​ឯករាជ្យ ។​

ឯករាជ្យ​ភាពមិន​គ្រប់​-​ប្រកាន់​ពណ៌​សម្បុរ​
ប្រាំបី​ឆ្នាំ បន្ទាប់ពី​សាធារណរដ្ឋ Boer បាន​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់​អង់គ្លេស និង​បន្ទាប់ពី​ការចរចា​អស់​រយៈពេល​បួន​ឆ្នាំ មក សភា​អង់គ្លេស​បាន​ព្រម​ប្រគល់​ឯករាជ្យ ភាព​ដល់​ពួក​ជនជាតិ Boer ហើយ​បង្កើតបានជា​សាធារណរដ្ឋ​រួបរួម​អាហ្វ្រិក​ខាងត្បូង នៅ​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​១៩១០ ប៉ុន្តែ​ក៏​នៅតែមាន​ការគ្រប់គ្រង​ការងារ​មួយចំនួន ដោយ​អង់គ្លេស​នៅឡើយ រហូតដល់​ឆ្នាំ​១៩៣១ ទើប​អំណាច​របស់​អង់គ្លេស​ត្រូវបាន បញ្ចប់​ទាំងស្រុង​ពី សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង ។ ប៉ុន្តែ​ស្តេច​របស់​អង់គ្លេស នៅតែ​ជា​ស្តេច​លើ​អាហ្វ្រិក ខាងត្បូង​នៅឡើយ ។​

​នៅ​ឆ្នាំ ១៩៤៨ គណបក្ស​ជាតិ បានឈ្នះ​ការបោះឆ្នោត ហើយ​បាន​ប្រកាន់​ច្បាប់​តឹងរឹង និង​បាន​បែក​ចែក​ប្រជាពលរដ្ឋ​ជា​បី​វណ្ណៈ ដែលជា​ការប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ ដោយ​អោយអំណាច​ទៅលើ​ជន​ស្បែក ស (​ប្រមាណ​ជា ២០ ភាគរយ ត្រួ​ត្រា​លើ ពួក​ស្បែក​ខ្មៅ ដ៏​ភាគច្រើនបំផុត​) គឺ​ដូច​អ្វីដែល​ពួក​អាណានិគម​អង់គ្លេស និង ហុ​ល្លង់ ធ្លាប់​បានធ្វើ​ចំពោះ​ប្រជាពលរដ្ឋ​អាហ្វ្រិក នា​អំឡុង​សម័យ​ដែល​ពួក​អឺរ៉ុប​ទាំងនោះ ត្រួតត្រា​អាហ្វ្រិក​ខាងត្បូង ។​

​ពួក​ស្បែក ស ទទួលបាន​សិទ្ធិអំណាច​ត្រួតត្រា លើសលប់​លើ​ជន​ស្បែក​ខ្មៅ ដោយ​រួម ទាំង​សេដ្ឋកិច្ច សិទ្ធិសេរីភាព ដីធ្លី ផ្ទះសម្បែង ជីវភាព​រស់នៅ ការអប់រំ និង​សេវា សុខភាព ជាដើម​។ ប្រការនេះ នាំឱ្យមាន​ការប្រឆាំង​តវ៉ា​ជាច្រើន រហូត​សភា​សម្ព័ន្ធ បានអនុម័ត​ច្បាប់​សេរីភាព នៅ​ឆ្នាំ​១៩៥៥ តម្រូវឱ្យ​សង្គម​មួយ​គ្មាន​ការប្រកាន់​ពូជ សាសន៍ និង ឱ្យ​បញ្ចប់​នូវ​ការរើសអើង ។​

អវសាន​អំណាច​អាណានិគម​
នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​១៩៦១ ប្រទេស​នេះ បាន​បោះឆ្នោត​ធ្វើ​ប្រជាមតិ​ហើយ​ម្ចាស់ ក្ស​ត្រី​យ៍ អេ​លីហ្សា​ប៊ែ​ត ទី​២ របស់​អង់គ្លេស ត្រូវបាន​បញ្ចប់​ភាពជា​ម្ចាស់​ក្ស​ត្រី​យ៍ របស់ អាហ្វ្រិក​ខាងត្បូង នាគ្រា​នោះឯង ។ អគ្គទេសាភិបាល​ចុងក្រោយ​បំផុត គឺ​លោក Charles Robberts Swart បាន​ក្លាយជា​ប្រធាន​រដ្ឋ ។ ប៉ុន្តែ​សិទ្ធិសេរីភាព នៅតែមាន កំណត់​នៅឡើយ រីឯ​ការរើសអើង ក៏​នៅតែមាន​កម្លាំង​ខ្លាំងក្លា​ដែរ​។ ដូច្នេះ​ចលនា ប្រឆាំង ក៏​នៅតែមាន ក្នុងនោះ​មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយ​បំផុត គឺ​លោក ណែ​សុន ម៉ាន់​ដេ​ឡា ហើយ​គាត់​ត្រូវបាន​រដ្ឋាភិបាល​របស់​គណបក្ស​ជាតិ ចាប់​ដាក់ពន្ធនាគារ ដោយសារតែ​ការតស៊ូ ដើម្បី​សេរីភាព ។​

​ឆ្នាំ​១៩៩០ រដ្ឋាភិបាល​គណបក្ស​ជាតិ ត្រូវបាន​បង្ខំចិត្ត​ឱ្យ​ដក​បម្រាម​ពី​សភាជាតិ អាហ្វ្រិក និង​ពី​អង្គការ​នយោបាយ​នានា និង​បាន​ដោះលែង​លោក ណែ​ល​សុន ម៉ាន់​ដេ​ឡា ឱ្យមាន​សេរីភាព​វិញ បន្ទាប់ពី​គាត់​បាន​ជាប់ពន្ធនាគារ អស់ ២៧ ឆ្នាំ ។ ដំណើរ​នៃ​ការចរចា ក៏បាន​ចាប់ផ្តើម ។​

ការតស៊ូ​ផ្តល់​ផ្លែផ្កា​
ទីបំផុត ការបោះឆ្នោត ដោយ​ស្មើភាព​គ្នា​មួយ គឺ​ជន​ស្បែក ស និង​ស្បែក​ខ្មៅ​មាន​សិទ្ធិ បោះឆ្នោត​ស្មើៗ​ភាព​គ្នា ហើយ​ការបោះឆ្នោត ដោយ​ស្មើភាព​គ្នា​នេះ គឺជា​លើកដំបូង ហើយ​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​១៩៩៤ ។

​ប្រជាជាតិ នៃ​សាធារណរដ្ឋ​រួបរួម​អាហ្វ្រិក​ខាងត្បូង បានកំណត់​យក​ថ្ងៃ​ដែល​ប្រជាជាតិ ទាំងមូល​មាន​សិទ្ធិ​បោះឆ្នោត​ស្មើៗ​ភាព​គ្នា​នេះ ថា​ជា ទិវា​សេរីភាព​នៃ​ប្រជាជាតិ អាហ្វ្រិក ខាងត្បូង រហូតមក ។ លោក ណែ​ល​សុន ម៉ាន់​ដេ​ឡា បានក្លាយ​ជា​វិ​រៈ​បុរស របស់​អាហ្វ្រិក ខាងត្បូង ហើយក៏​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា ជា​អ្នកតស៊ូ ដើម្បី​សេរីភាព ហើយ​រូបសំណាក​របស់គាត់ ត្រូវបាន​គេ​ស្ថាបនា​នៅ​ច្រើន​កន្លែង​៕ ចងក្រង​ប្រែ​សម្រួលៈ មេសា​