ទិវា​សេរីភាព លី​ប៊ី​

392
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​លី​ប៊ី ប្រារព្ធ​ទិវា​សេរីភាព​របស់​ពួកគេ នៅ​ថ្ងៃទី​២៣ ខែតុលា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួក​ឧទ្ទាម ដោយមាន​ការគាំទ្រ​ពី​កងទ័ព​ណា​តូ (NATO) ដែលមាន​អាមេរិក ជា​ប្រមុខ ផ្តួលរំលំ​របប ហ្គា​ដា​ហ្វី ដែល​ពួកលោក​ខាងលិច ទុកជា​ឆ្អឹង​ទទឹង ក របស់​ពួកគេ ។​

​ភូមិ​សាស្ត្រា​-​ប្រជាសាស្ត្រ​
​ប្រទេស​លី​ប៊ី មាន​ផ្ទៃដី ១.៧៥៩.៥៤០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​អាហ្វ្រិក ខាងជើង​មាន ព្រំដែន​ជាប់​សមុទ្ទ​ម៉េ​ឌី​ទែ​រ៉ា​ណេ អេ​ហ្ស៊ី​ប ស៊ូដង់ ឆាដ នី​ហ្សេ អាល់​ហ្ស៊េ​រី និង ទុយ​ណេ​ស៊ី ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ជិត ៧ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម និកាយ​ស៊ូ​នី ភាសាផ្លូវការ គឺ​ភាសា​អារ៉ាប់​ទំនើប រដ្ឋធានី គឺ​ទីក្រុង​ទ្រី​ប៉ូ​លី ។

​ប្រវត្តិសាស្ត្រ​
​ពួក​ប្រវត្តិវិទូ អះអាងថា ទឹកដី​ដែលជា​ប្រទេស​លី​ប៊ី បច្ចុប្បន្ននេះ មាន​មនុស្ស​រស់នៅ​តាំងពី ប្រមាណ ជា ៨០០ ឆ្នាំមុន គ្រិស្តសករាជ​មកម្ល៉េះ ។ គិត​ត្រឹម ៦៣០ ឆ្នាំមុន​គ្រិស្តសករាជ ទឹកដី​នេះ ត្រូវបានធ្វើ អាណានិគម​ដោយ​ក្រិ​ក​បុរាណ អស់​រយៈពេល​ប្រមាណ​ជា ២០០ ឆ្នាំ ។ ចាប់ពី​ឆ្នាំ​៥២៥ មុន​គ្រិស្ត សករាជ ទឹកដី​នោះ បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ជន​ជាតិ ពែ​ក ( អ៊ីរ៉ង់ ) រហូតដល់ ៣៣១ ឆ្នាំមុន​គ្រិស្តសករាជ ក៏​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់ ក្រិ​ក​វិញ ហើយ​បាន​ក្លាយជា​ខេត្ត​របស់​រ៉ូ​ម៉ាំង នៅ​ឆ្នាំ ៧៤ មុន​គ្រិស្តសករាជ ។ ចាប់ពី​នោះមក​ក៏មាន​ការផ្លាស់ប្តូរ​អ្នកត្រួតត្រា​តំបន់​នោះ​ជា​ញឹក ញាប់ ហើយ​ជាទូទៅ គឺ​តាមរយៈ​ការដណ្តើម​គ្នា​ដោយ​ប្រើ​កម្លាំង​ទ័ព ។​

​ទ្រី​ប៉ូ​លី អូ​តូ​ម៉​ង់
​លុះដល់​ឆ្នាំ​១៥១០ តំបន់​ទ្រី​ប៉ូ​លី ត្រូវបាន​លុកលុយ​ដោយ​អេ​ស្ប៉ា​ញ ។ នៅ​ឆ្នាំ​១៥៥១ ចក្រភព អូ​តូ​ម៉​ង់ ( តួ​ក​គី ) បាន​ដណ្តើម​តំបន់​នោះ​ពី អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​ដោយ​ខ្វះ​ការគ្រប់គ្រង​ឱ្យបាន​ដិតដល់ ទើប​មាន​រដ្ឋប្រហារ​នៅ​តំបន់​ទ្រី​ប៉ូ​លី នោះ​ជា​ញឹកញាប់ រហូត​បង្កើត​ឯករាជ្យ​តំបន់​នោះ រួមទាំង សង្គ្រាម​ជា​បន្តបន្ទាប់ រវាង​សហរដ្ឋអាមេរិក និង​រដ្ឋ​នានា នៅ​តំបន់​នោះ​ដែល​ហៅថា សង្គ្រាម Barbary លើក​ទី​១ និង​សង្គ្រាម Barbary លើក​ទី​២ ។ ប៉ុន្តែ​ទីបំផុត​តំបន់​នោះ​ធ្លាក់​ក្រោម​ការត្រួតត្រា របស់ អូ​តូ​ម៉​ង់ វិញ នៅត្រឹម​ឆ្នាំ ១៨៥៨ ។​

​លី​ប៊ី អ៊ីតាលី​
​សង្គ្រាម​អ៊ីតាលី​-​តួ​ក​គី​ពី​ឆ្នាំ​១៩១១-១៩១២ ញ៉ាំងឱ្យ​តំបន់​ទាំងនោះ ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ អ៊ីតាលី វិញ​ម្តង ។ ពី​ឆ្នាំ​១៩១២ ដល់​ឆ្នាំ ១៩២៧ ទឹកដី​ដែលជា​ប្រទេស​លី​ប៊ី បច្ចុប្បន្ននេះ មាន​ឈ្មោះថា អាហ្វ្រិក​ខាងជើង​-​អ៊ីតាលី ។ ឆ្នាំ​១៩២៧ ដល់​ឆ្នាំ​១៩៣៤ ទឹកដី​នោះ​បែកបាក់​ទៅជា ២ ផ្នែក គឺ Italian Cyrenaica និង Italian Tripolitania ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល អ៊ីតាលី ដដែល ។ ឆ្នាំ​១៩៣៤ អ៊ីតាលី បានអនុម័ត​យកឈ្មោះ Libya ( លី​ប៊ី គឺជា​ឈ្មោះ​ដែល​ត្រូវបាន​ប្រើ​ដោយ​ក្រិ​ក​បុរាណ សំដៅ​ដល់​តំបន់​អាហ្វ្រិក​ខាងជើង​ទាំងអស់ លើកលែងតែ ប្រទេស​អេ​ហ្ស៊ី​ប​)​ធ្វើជា​ឈ្មោះ​ផ្លូវការ សម្រាប់​អាណានិគម​កិច្ច (​បង្កើតបានជា ៣ ខេត្ត គឺ​ខេត្ត Cyrenaica ខេត្ត Tripolitania និង ខេត្ត Fezzan) និង​ក៏មាន​ចលនា​តស៊ូ​ប្រឆាំង​អាណានិគម អ៊ីតាលី ទៅលើ​តំបន់​ទាំង​នោះដែរ ហើយ លោក Omar Mukhtar គឺជា​មេដឹកនាំ និង​ជា​វិ​រ​បុរស​ជាតិ​ដ៏​ល្បីល្បាញ ក្នុង​ប្រវត្តិសាស្ត្រ​លី​ប៊ី ។ ប៉ុន្តែ​គាត់​ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោស​ប្រហារជីវិត​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​១៩៣១ ។ មុខ​របស់ គាត់ ត្រូវបាន​បោះពុម្ព នៅលើ​ក្រដាសប្រាក់ ១០ ឌី​ណា លី​ប៊ី ទុកជា​ការចងចាំ និង​ទទួលស្គាល់​នូវ ការលះបង់​របស់គាត់​ចំពោះ​ជាតិ​មាតុភូមិ ។ ជនជាតិ​លី​ប៊ី ប្រមាណ​ជា ៥០.០០០ នាក់​ត្រូវបាន សម្លាប់ ដោយសារ​ការបង្ក្រាបរ​បស់​អាណានិគម អ៊ីតាលី ។

​ខែមិថុនា ឆ្នាំ​១៩៤០ អ៊ីតាលី បាន​ចូលខ្លួន​ទៅក្នុង​សង្គ្រាមលោកលើកទី​២ ហើយ លី​ប៊ី បានក្លាយ ជាទី​តាំង​សមរភូមិ​ដ៏​ក្តៅគគុក នៅ​អាហ្វ្រិក​ខាងជើង ។ ចាប់ពី​ឆ្នាំ​១៩៤៣ លី​ប៊ី បាន​របូត​ចេញពី ដៃ​អ៊ីតាលី ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​សម្ព័ន្ធមិត្ត​វិញ រហូតដល់​ឆ្នាំ​១៩៥១ ដោយ អង់គ្លេស ជា​អ្នក​កាន់ កាប់​ខេត្ត Tripolitana និង ខេត្ត Cyrenaïca ។ ចំណែក​ខេត្ត Fezzan នៅក្រោម​ការត្រួតត្រា របស់​បារាំង ហើយ អ៊ីតាលី បាន​ព្រម​លះបង់​សិទ្ធិ​របស់ខ្លួន​ទៅលើ​លី​ប៊ី នៅក្នុង​សន្ធិសញ្ញា​ជាមួយ សម្ព័ន្ធមិត្ត ឆ្នាំ​១៩៤៧ គឺ​ដោយសារ អ៊ីតាលី ជា​អ្នកចាញ់​សង្គ្រាមលោកលើកទី ២ ។

​ឯករាជ្យភាព លី​ប៊ី​
​ទីបំផុត លី​ប៊ី បានប្រកាស​ឯករាជ្យភាព​របស់ខ្លួន នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​១៩៥១ ក្នុងឋានៈ​ជា លី​ប៊ី ចក្រភព​អង់គ្លេស ហើយ​គឺជា​ព្រះរាជាណាចក្រ អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយមាន​ព្រះរាជា Idris ។ ការរកឃើញ​អណ្តូងរ៉ែ​ប្រេងកាត នៅ​ឆ្នាំ​១៩៥៩ បានធ្វើឱ្យ​ជាតិ​សាសន៍​ដ៏​ក្រីក្រ​បំផុត​មួយ​ក្នុង លោក​នេះ ក្លាយទៅជា​រដ្ឋ​ដ៏​មានបាន ។ ទោះយ៉ាងណា ទ្រព្យសម្បត្តិ​ជាតិ​គឺ​ស្ថិតនៅ​ក្នុងការ​ក្តោប ក្តាប់​របស់​ស្តេច Idris ទើប​បង្កើតបាន​ជាការ​មិន​ពេញចិត្ត​ជាច្រើន ឬ អាច​និយាយ​ម្យ៉ាង​ទៀតថា មាន​មនុស្ស​ជាច្រើន ដណ្តើម​គ្នា​ចង់​កាន់កាប់ រ៉ែ​ប្រេងកាត ។​
​ ​
​ដោយ​ហ​តុ​នេះ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩៦៩ មេទ័ព​ឧទ្ទាម​មួយក្រុម ដឹកនាំ​ដោយ មូ​អា​ម៉ា ហ្គា​ដា​ហ្វ៊ី បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស្តេច Idris ដោយ​ជោគជ័យ និង​ដោយ​គ្មាន​ការ​បង្ហូរឈាម ។​
​ ​
​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល អ៊ីតាលី នៅលើ​ទឹកដី លី​ប៊ី នៅ​ខែតុលា ឆ្នាំ​១៩៧០ រាល់​ទ្រព្យសម្បត្តិ ដែលជា​កម្មសិទ្ធិ​របស់​ជនជាតិ អ៊ីតាលី ត្រូវបាន​ដកហូត ហើយ​សហគមន៍ អ៊ីតាលី ដ៏​ខ្លាំងក្លា ប្រមាណ​ជា ១២.០០០ នាក់ ត្រូវបាន​បណ្តេញ​ចេញពី លី​ប៊ី ស្របគ្នា​នឹង​សហគមន៍ ជនជាតិ​លី​ប៊ី ដើមកំណើត ជ្វី​ស មួយចំនួន​តូច​ទៀត ។
​ ​
​ទ្រព្យសម្បត្តិ​របស់​លី​ប៊ី មាន​ភាពសម្បូរ ហើយ​ការបង្ក្រាប​ផ្នែក​នយោបាយ​ផ្ទៃក្នុង ក៏ កើនឡើង​ដែរ ហើយ​ទីបំផុត ការខ្វែងគំនិត​ផ្នែក​នយោបាយ ត្រូវបាន​កំណត់ថា ជា​អំពើ​ខុស ច្បាប់​ពោលគឺ​ជា​របប ផ្តាច់ការ ។ ការឃ្លាំមើល​ប្រជាពលរដ្ឋ ត្រូវបាន​អនុវត្ត តាមរយៈ​គណៈកម្មាធិកា​រ​បដិវត្តន៍​របស់លោក ហ្គា​ដា​ហ្វ៊ី ។ ប៉ុន្តែ​របប​របស់លោក ហ្គា​ដា​ហ្វ៊ី បាន​លើកតម្កើង​តម្លៃ​ស្ត្រី ជាង​របប​មុនៗ ។

​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩៧៥ មេទ័ព ២០ នាក់ បាន​ដឹក​នាំគ្នា ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ ហ្គា​ដា​ហ្វ៊ី ប៉ុន្តែ​ត្រូវបាន​បង្ក្រាប ហើយ​បាន​ចាប់ខ្លួន​កាត់ទោស​មេដឹកនាំ​ទាំងអស់ ។ អំឡុង​ឆ្នាំ​១៩៧៧ លី​ប៊ី មានទំនាស់​ប្រដាប់អាវុធ ជាមួយ​ប្រទេស​ឆាដ , អេ​ហ្ស៊ី​ប និង តង់​ហ្សា​នី ។ ហ្គា​ដា​ហ្វ៊ី ក៏​ជា​អ្នកផ្តល់ ហិរញ្ញវត្ថុ​ដល់​ក្រុម​ប្រឆាំងនឹង​អាវុធ​នុយ​គ្លី​អ៊ែរ​ដែរ ។ ចាប់ពី​ឆ្នាំ​១៩៧៧ ទៅ ប្រាក់ចំណូល​ប្រចាំឆ្នាំ របស់​មនុស្ស​ម្នាក់ៗ កើនឡើង​លើសពី ១១.០០០ ដុល្លារ គឺជា​ចំណូល​កម្រិត​ខ្ពស់​លំដាប់​ទី​៥ នៅ​អាហ្វ្រិក ។ ចំណែក​កម្រិត​អភិវឌ្ឍន៍​ធនធានមនុស្ស​វិញ គឺមាន​កម្រិត​ខ្ពស់​ជាងគេ នៅ​អាហ្វ្រិក ហើយ​ខ្លាំងក្លា​ជាង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ទៅទៀត​។ ទន្លេ​សិប្បនិម្មិត​ដ៏​មហិមា ត្រូវបាន​ស្ថាបនា​ឡើង ដើម្បី​បង្ហូរ​ទឹកសាប ទៅ​ស្រោចស្រប់​ផ្នែក​ដ៏​ច្រើន​បំផុត នៃ​ផ្ទៃ​ប្រទេស ។​

​អ្វីដែល​ពិសេស​បំផុត​នោះ គឺថា​សមិទ្ធផល​ទាំងនេះ សម្រេចបាន​ដោយ​គ្មាន​ការខ្ចីប្រាក់​ពី​បរទេស ឡើយ ពោលគឺ លី​ប៊ី ក្លាយជា​ប្រទេស ដែល​គ្មាន​ជំពាក់​បំណុល​បរទេស ។
​ ​
​ប៉ុន្តែ ហ្គា​ដា​ហ្វ៊ី មិនមែនជា​មនុស្ស​ជាទី​ពេញចិត្ត ពី​សំណាក់​បណ្តា​ប្រទេស​លោកខាងលិច​ឡើយ ជាពិសេស​ពី​សំណាក់​មហាអំណាច​លេខ​១ ក្នុង​លោក​គឺ សហរដ្ឋអាមេរិក ។ ប្រការ​ទាំងនេះ គឺ​ដោយសារតែ ហ្គា​ដា​ហ្វ៊ី ការពារ​ប្រយោជន៍​ជាតិ​របស់គាត់​និង​ប្រយោជន៍​ជាតិ​សាសន៍​នៅជាប់ របង​គាត់ ហើយ​ដើម្បី​ធ្វើ​បែប​នោះបាន គឺ​គាត់​មិន​ឱនក្បាល​ចំពោះ​លោកខាងលិច​ឡើយ ។ ហេតុនេះ គាត់​ក៏​ដឹង​ច្បាស់​ដែរ​ថា គាត់​មុខជា​មិនបាន​សុខ​ឡើយ ។ ដូច្នេះ​ប្រាក់​ជាច្រើន​ត្រូវបាន ចំណាយ ដើម្បី​ពង្រឹង​វិស័យ​យោធា គឺ​ដោយ​គាត់​បារម្ភ អំពី​ក្រុម ឬ​ប្រទេស​ទាំងឡាយ​ដែលមាន អាមេរិក នៅ​ពី​ក្រោយខ្នង ឬ អាមេរិក​ដោយផ្ទាល់ នឹងធ្វើ​អមិត្ត​នឹង​គាត់ ។
​ ​
​ពួកលោក​ខាងលិច ត្រូវការ​ជា​ចាំបាច់​នូវ​ប្រេងឥន្ធនៈ ដើម្បី​ផ្គង់​ផ្គង់​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច របស់​ពួកគេ ហើយ លី​ប៊ី ចាត់ទុកថា ជា​ប្រភព​ប្រេងឥន្ធនៈ ដ៏​សំខាន់​មួយ​ដែរ ។ ប៉ុន្តែ​ដើម្បី​ការពារ ប្រយោជន៍​របស់ខ្លួន លោក ហ្គា​ដា​ហ្វ៊ី ចៀស​មិន​ផុតពី​ការធ្វើឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ របស់​ពួក​មហាអំណាច ។ ហេតុនេះ ពួក​មហា​អំ​ណា​លោកខាងលិច បាន​ប្រើ​វិធី​ជាច្រើន ដើម្បី ដកហូត ហ្គា​ដា​ហ្វ៊ី ចេញពី​អំណាច ហើយ​យក​អ្នកណា​ដែល​ស្តាប់បង្គាប់​ពួកគេ (​មហាអំណាច លោកខាងលិច ) ឱ្យ​កាន់អំណាច នៅ​លី​ប៊ី ជំនួស ហ្គា​ដា​ហ្វ៊ី វិញ ។​
​ ​
​ហេតុនេះ ក៏មាន​ការចោទប្រកាន់​អវិជ្ជមាន​ជា​បន្តបន្ទាប់​ទម្លាក់​ទៅលើ​លោក ហ្គា​ដា​ហ្វ៊ី ដូចជា​ថា រំលោភបំពាន​សិទ្ធិមនុស្ស និង​នៅ​ពីក្រោយ​ខ្នង​ភេ​វរ​កម្ម​ជាដើម ។ ឆ្នាំ​១៩៨៦ អាមេរិក បើក​ការ វាយប្រហារ តាម​អាកាស​ប៉ុនប៉ង​សម្លាប់​លោក ហ្គា​ដា​ហ្វ៊ី ប៉ុន្តែ​មិនបាន​សម្រេច​ឡើយ ។ ទោះ​យ៉ាង ណា ទីបំផុត លី​ប៊ី ត្រូវបាន​អង្គការសហប្រជាជាតិ ( ដែលមាន​អាមេរិក ជា​អ្នក​ញាក់ ) ដាក់ទណ្ឌកម្ម បន្ទាប់ពី​ចោទថា លោក ហ្គា​ដា​ហ្វី ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ការ​បំផ្ទុះ​គ្រាប់បែក​ទៅលើ​យន្តហោះ ពាណិជ្ជកម្ម ដែល​បានសម្លាប់​មនុស្ស ២៧០ នាក់ ។

​សង្គ្រាមស៊ីវិល​ឆ្នាំ ២០១១
​ជាការ​ពិតណាស់ ត្រូវបាន​គេ​ដឹង​គ្រប់គ្នា​ថា មហាអំណាច​លោកខាងលិច​បាន​លូកដៃ​កកូ​កកាយ កិច្ចការ​ផ្ទៃក្នុង​របស់ លី​ប៊ី ជ្រៅ​ទៅៗ ទើប​មាន​ចលនា​ប្រឆាំងនឹង ហ្គា​ដា​ហ្វ៊ី ក៏​កាន់តែច្រើន​ទៅៗ និង​ស្រួចស្រាល​ទៅៗ រហូតដល់​បង្កើតបាន​ជា​ក្រុម​ឧទ្ទាម​ប្រឆាំង​របប ហ្គា​ដា​ហ្វ៊ី​ដោយ​យក​ហេតុ ផល​ថា ហ្គា​ដា​ហ្វ៊ី បំពាន​សិទ្ធិមនុស្ស ។ ក្រុម​ឧទ្ទាម​នេះ រហូត​ឈានដល់​បង្កើតជា​តំបន់​ស្វយ័ត ទៀតផង ។ ទីប្រឹក្សា​ដ៏​ចំណាន​ម្នាក់​របស់លោក ហ្គា​ដា​ហ្វ៊ី បានផ្តល់​យោបល់​ឱ្យ​លោក​គេចខ្លួន ចេញពី​ប្រទេស ឬក៏​ត្រូវ​បន្ទន់ឥរិយាបថ ចំពោះ​លោកខាងលិច ពោលគឺ​រណប​លោកខាងលិច ។ ប៉ុន្តែ​ត្រូវ​លោក ហ្គា​ដា​ហ្វ៊ី បដិសេធ ជានិច្ច ។​
​ ​
​គិត​ត្រឹម​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១១ ភាពច្របូកច្របល់ បាន​រីក​រាលដាល​ដល់ទី​ក្រុង ទ្រី​ប៉ូ​លី ។ ថ្ងៃទី​២៧ ខែ និង ឆ្នាំ ដដែល​នោះ ក្រុម​ប្រឹក្សាជាតិ បណ្តោះអាសន្ន ត្រូវបាន​បង្កើតឡើង ដើម្បី គ្រប់គ្រង​តំបន់​ដែល​ត្រួតត្រា ដោយ​ក្រុម​ឧទ្ទាម ( ត្រូវបាន​គេ​ដឹងថា ពួក​ឧទ្ទាម​នេះ គឺមាន​លោក ខាងលិច ជាពិសេស​អាមេរិក នៅ​ពី​ក្រោយខ្នង ) ។ មាន​អ្នក​ច្រៀង មាន​អ្នក​បន្ទរ ! ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១១ បារាំង គឺជា​ប្រទេស​ទី​១ ដែល​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ក្រុមប្រឹក្សា​ជាតិ​បណ្តោះ អាសន្ន នោះ​ថា​ជា​តំណាង​ប្រជាពលរដ្ឋ លី​ប៊ី ។​

​កងទ័ព​គាំទ្រ ហ្គា​ដា​ហ្វ៊ី បើក​ប្រតិបត្តិការ​យោធា រុញច្រាន​ពួក​ឧទ្ទាម នៅ​ភាគ​ខាងលិច​ប្រទេស និង​ក្រុង​ជាច្រើន​ទៀត ស្ទើរតែ​ទៅដល់​ទីចាត់ការ​កណ្តាល​របស់​ក្រុម​ឧទ្ទាម ។

​ពេលនោះ ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គី​-​មូ​ន និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ផង​បាននាំគ្នា​ចេញមុខ​ព្រោង ព្រាត ថ្កោលទោស ចំពោះ​ការបង្ក្រាប​នោះ​ថា ជា​អំពើហិង្សា​ប្រឆាំង​ច្បាប់​អន្តរជាតិ និង​បណ្តេញ តំណាង លី​ប៊ី ចេញពី​អង្គការសហប្រជាជាតិ​ទៀតផង ។​
​ ​
​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១១ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័ត​ច្បាប់​លេខ ១៩៧៣ ដោយ​បង្កើត​តំបន់​គ្មាន​ការហោះហើរ នៅ​ប្រទេស​លី​ប៊ី ដោយ​និយាយថា នឹង​ប្រើ​គ្រប់ មធ្យោបាយ​ដែល​ចាំបាច់ ដើម្បី​ការពារ​ជន​ស៊ីវិល​លី​ប៊ី ។ ប៉ុន្តែ​មាត្រា​ច្បាប់​នោះ ត្រូវបាន​អនុប្បវាទ ដោយ​រុស្ស៊ី ចិន ( ទាំង ២ នេះ គឺជា​បងធំ​ក្នុងចំណោម បងធំ​ទាំង ៥ របស់​អង្គការសហប្រជាជាតិ ) ឥណ្ឌា ប្រេ​ស៊ី​ល និង អា​ល្លី​ម៉​ង់ ។ ច្បាប់​នេះឯង​ហើយ ដែល​ពួក​បរទេស​ព្រួត​គ្នា​ទៅ​គូសវាស បម្រាម​របស់ខ្លួន នៅលើ​ទឹកដី​អ្នកដទៃ គឺ លី​ប៊ី ។​

​ថ្ងៃទី​១៩ ខែ និង ឆ្នាំ ដដែល​នោះ កងទ័ព​សម្ព័ន្ធមិត្ត​អង្គការ NATO ( ដែលមាន​អាមេរិក ជា​ប្រមុខ​) បាន​បើក​ការ​វាយកម្ទេច​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់ លី​ប៊ី ខណៈ​កងទ័ព បារាំង ជា​អ្នក​ចូល កម្ទេច​ដោយផ្ទាល់ នូវ​ទីតាំង​ទ័ពអាកាស​របស់ លី​ប៊ី ។ ប៉ុន្មាន​សប្តាហ៍​ជាប់ៗ​គ្នា​បន្ទាប់ពី​នោះមក អាមេរិក គឺជា​ប្រមុខ​នៃ​កងទ័ព NATO បាន​បើក​យុទ្ធនាការ​កងទ័ព​ប្រឆាំង លី​ប៊ី ។ រថក្រោះ និង​យន្ត ហោះ​ចម្បាំង​របស់​អាមេរិក ជាង ៨.០០០ គ្រឿង នៅលើ​នាវាចម្បាំង​ត្រូវបាន​ដាក់ពង្រាយ​នៅ តំបន់​នោះ ។ យ៉ាងហោចណាស់ គោលដៅ​ចំនួន ៣.០០០ បាន​រង​ការវាយប្រហារ​ពី​កងទ័ព NATO ក្នុងនោះ ៧១៦ គោលដៅ នៅក្នុង​ទីក្រុង ទ្រី​ប៉ូ​លី ។ កង​អាកាស​របស់​អាមេរិក បើក​ការវាយលុក និង​ទម្លាក់​គ្រាប់បែក​ដោយផ្ទាល់ ។​

​តាមពិតទៅ កងទ័ព​របស់​លី​ប៊ី ដែលមាន​ភក្តីភាព ចំពោះ​លោក ហ្គា​ដា​ហ្វ៊ី ក៏​ខ្លាំងក្លា ណាស់ដែរ ហើយ​បើ​ធៀប​ទៅនឹង​កងទ័ព​បណ្តា​ប្រទេស​ក្នុង​តំបន់​នោះ គឺ​គ្មាន​បារម្ភ​ឡើយ ។ ប៉ុន្តែ​បើ​ធៀប​ទៅ នឹង​មហាអំណាច​នោះ គឺ​ពួកគេ​ពិតជា​មិនអាច​ទប់ទល់​បានឡើយ ។ ទោះយ៉ាងណា ក៏​កងទ័ព ទាំងនោះ នៅតែ​រក្សា​ភក្តីភាព​របស់​ពួកគេ​ប្តូរផ្តាច់ ស៊ូ​លះបង់​ជីវិត ក៏​មិន​លះបង់​ភក្តីភាព​របស់ខ្លួន ចំពោះ​របប ហ្គា​ដា​ហ្វ៊ី ដែរ ទើប​ការប្រយុទ្ធ ក៏​ចេះតែ​ប្រព្រឹត្តទៅ​យ៉ាង​អង់អាច ទោះជា​ពួកគេ​ដឹងថា មិនអាច​ទប់ទល់​នឹង​កម្លាំង​ទ័ព​ដ៏​មហិមា​របស់ NATO ក៏ដោយ ព្រោះ​ពួកគេ​ចាត់ទុក ហ្គា​ដា​ហ្វី ថា​ជា​វិ​រ​បុរស​ការពារជាតិ ហើយ​ចាត់ទុក​ក្រុម​ឧទ្ទាម ថា​ជា​ជន​ក្បត់ជាតិ លក់​ក្បាល​ឱ្យ​បរទេស ជាពិសេស​ចំពោះ​មហាអំណាច​លោកខាងលិច ដែលមាន​អាមេរិក ជា​មេក្លោង ។​

​ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា ដោយ​កងទ័ព NATO ដូច្នោះ គិត​ត្រឹម​ថ្ងៃទី​២២ ខែ សីហា ឆ្នាំ ២០១១ នោះ កងទ័ព​ឧទ្ទាម បាន​ចូលដល់​ទីក្រុង​ទ្រី​ប៉ូ​លី ។ ថ្ងៃទី​២០ ខែតុលា ឆ្នាំ ២០១១ គឺជា​ការ ប្រយុទ្ធ​ខ្លាំងក្លា ចុងក្រោយ​បំផុត រវាង​អ្នក​ស្មោះត្រង់​លោក ហ្គា​ដា​ហ្វ៊ី និង ក្រុម​ឧទ្ទាម ដែលមាន បរទេស​នៅ​ពីក្រោយ​ខ្នង ហើយ​ទីបំផុត​លោក ហ្គា​ដា​ហ្វ៊ី ត្រូវបាន​កងទ័ព​ឧទ្ទាម​ចាប់ខ្លួនបាន​ក្នុង លេនដ្ឋាន ១ កន្លែង​នៅ​ទីក្រុង Sirte ( ភាគខាងត្បូង​ប្រទេស ) ហើយ​លោក ហ្គា​ដា​ហ្វី​ត្រូវបាន​ពួក ឧទ្ទាម​សម្លាប់​យ៉ាង​ប្រមាថ ហើយ​រូបភាព​ដ៏​គួរឱ្យ​ឈឺចាប់​នោះ​ត្រូវបាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ដ៏​ល្បី នៅលើ​លោក​ទៀតផង ។

​ការផ្តួលរំលំ​កងទ័ព​ស្មោះត្រង់​នឹង​លោក ហ្គា​ដា​ហ្វ៊ី ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៣ ខែ តុលា ឆ្នាំ​២០១១ គឺ ៣ ថ្ងៃ​បន្ទាប់ពី​ការ​ផ្តួល​ទីក្រុង Sirte ។

​ថ្ងៃ​នោះឯង​ហើយ ដែល​ពួក​ឧទ្ទាម ជា​អ្នកទទួលបាន​ជោគជ័យ​ក្នុង​ផ្តួលរំលំ​របប​លោក ហ្គា​ដា​ហ្វ៊ី ហៅថា ទិវា​សេរីភាព​លី​ប៊ី ហើយ​ទិវា​នេះ ក៏​ចាប់ផ្តើម​មាន​ពី​ពេល​នោះឯង ។​

​ប្រជាពលរដ្ឋ​លី​ប៊ី យ៉ាងហោចណាស់ ៣០.០០០ នាក់ បាន​ស្លាប់​ក្នុង​សង្គ្រាមស៊ីវិល​នោះ ។ បន្ថែម ពីលើ​នេះ​ទៅ ភាគី​ខាង​ក្រុមប្រឹក្សា​ជាតិ​បណ្តោះអាសន្ន បាន​រងរបួស​ប្រមាណ​ជា ៥០.០០០ នាក់​ដែរ ។​

​ក្រោយ​ការដូ​ល​រលំ​របប ហ្គា​ដា​ហ្វ៊ី​ក្រោយពី​ការដួលរលំ​ទៅ នៃ​របប​ហ្គា​ដា​ហ្វ៊ី ប្រទេស​លី​ប៊ី ត្រូវបាន​ហែកហួរ​ជា​ពួក​ជា​ក្រុម តាម​តំបន់ តាម​កុលសម្ព័ន្ធ និង​ក្រុង​នានា​ជាច្រើន ខណៈ​រដ្ឋាភិបាលកណ្តាល​ខ្សត់ខ្សោយ​គ្មាន​លទ្ធភាព​ដាក់ អាជ្ញាធរ នៅ​តំបន់​នានា ឱ្យបាន​គ្រប់​ទូទាំងប្រទេស ។ វាយប្រហារ​ប្រឆាំង​គ្នា​ទៅវិញទៅមក ដោយសារ​ទំនាស់​នយោបាយ និង សាសនា ។

​ទម្រាំ​បាន​ចូលដល់ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១២ លី​ប៊ី រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក សភាព​លើក​ទី​១ របស់ខ្លួន​។ ថ្ងៃទី​៨ ខែសីហា ឆ្នាំ​ដដែល​នោះ ក្រុមប្រឹក្សា​ជាតិ​បណ្តោះអាសន្ន បាន​កាន់កាប់​អំណាច​ទាំងអស់​ជា​ផ្លូវការ ហើយ​ដឹកនាំ​ការបោះឆ្នោត ជ្រើសតាំង​សភាជាតិ ដែល​បន្ទាប់មក មាន​កាតព្វកិច្ច​បង្កើត​រដ្ឋាភិបាល​ស្តីទី និង​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​របស់ លី​ប៊ី សម្រាប់​អនុម័ត នៅក្នុង​ការធ្វើប្រជាមតិ​ទូទៅ​មួយ ។

​ទោះយ៉ាងណា រដ្ឋាភិបាល និង​សភា ចេះតែមាន​ផល​រមាស់ ពោលគឺ​ប្រទេសជាតិ​មិនបាន​សុខ សាន្ត ត្រាណ​ឡើយ ហើយក៏​មានការ​វាយប្រហា​រ ជា​បន្តបន្ទាប់​ដែរ រហូតដល់​ឆ្នាំ ២០១៩ នេះ ក៏​ប្រទេស​លី​ប៊ី មិនទាន់​ប្រាកដថា មាន​សន្តិភាព ឬ យ៉ាងណា​នៅឡើយ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​មួ​អា​ម៉ា ហ្គា​ដា​ហ្វី គឺជា​មេដឹកនាំ លី​ប៊ី ដែល​មិន​ឱនក្បាល​ចំពោះ​លោកខាងលិច សុខចិត្ត​លះបង់ ជីវិត ( ហ្គា​ដា​ហ្វី​)
ទីក្រុង ទ្រី​ប៉ូ​លី រង​ការ​ព្រួត​គ្នា​វាយប្រហារ​ដោយ​កងទ័ព​សម្ព័ន្ធ NATO ( សង្គ្រាម​លី​ប៊ី​)
​ទីក្រុង ទ្រី​ប៉ូ​លី នៃ ប្រទេស លី​ប៊ី ( ទ្រី​ប៉ូ​លី )