ទិវា​ស្តារឡើងវិញ នូវ​ឯករាជភាព ឡេ​តូ​នី​

1359
ចែករម្លែក

(​ភ្នំពេញ)​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ឡេ​តូ​នី ប្រារព្ធ​ទិវា​ស្តារឡើងវិញ នូវ​ឯករាជភាព របស់​ពួកគេ នៅ​ថ្ងៃទី​៤ ខែឧសភា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ឧ​ត្ត​ម​ក្រុមប្រឹក្សា ឡេ​តូ​នី ប្រកាស ឯករាជភាព​របស់ ឡេ​តូ​នី ពី​សហភាពសូវៀត កាលពី​ឆ្នាំ ១៩៩០ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ឡេ​តូ​នី មាន​ផ្ទៃដី ៦៤.៥៨៩ គឺជា​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក នៅ​ភាគ​ខាងជើង នៃ​ទ្វីបអឺរ៉ុប មាន​ព្រំដែន​ជាប់​ប្រទេស​អេ​ស្តូ​នី លី​ទុយ​អា​នី រុស្ស៊ី និង បេឡា​រូស នៅ​ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ ជិត​ពីរលាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ ភា សា ឡេ​តូ​នី រដ្ឋធានី គឺ​ទីក្រុង រី​ហ្គា ។​
​ ​
​ប្រ​វ​តិ្ត​សាស្ត្រ​
​គិត​ត្រឹម​ដើម​សតវត្សរ៍​ទី ១៣ អាល្លឺម៉ង់ បាន​ត្រួតត្រា​លើ​ផ្នែក​ភាគច្រើន នៃ តំបន់​ដែលជា​ប្រទេស ឡេ​តូ​នី បច្ចុប្បន្ន ។ បូក​បញ្ចូល​គ្នា​ជាមួយនឹង​តំបន់​ភាគខាងត្បូង នៃ ប្រទេស អេ​ស្តូ​នី ផង តំបន់​នេះ​ក៏​បង្កើតបានជា​រដ្ឋ​មួយ​ឈ្មោះថា​រដ្ឋ Crusader ដែល​ត្រូវបាន​ស្គាល់​ថា Terra Mariana ឬ Livonia ។

​ដើម​សតវត្សរ៍​ទី ១៦ រ​ស្ស៊ី បាន​ដណ្តើម​គ្នា​កាន់កាប់​រដ្ឋ ឡេ​តូ​នី ក៏​ប៉ះ​សង្គ្រាម​ជាមួយ​ក្រុម កងទ័ព​ចម្រុះ ដា​ណឺ​ម៉ាក​-​ន័​រ​វែ​ស , ស៊ុយអែត , សហភាព លី​ទុយ​អា​នី និង ប៉ូឡូញ ពី​ឆ្នាំ ១៥៥៨ ដល់​ឆ្នាំ ១៥៨៣ ។ ជា​លទ្ធផល បានធ្វើឱ្យ​ប្រទេស ឡេ​តូ​នី ដែល​កាលណោះ​គេ​ហៅថា Livonia ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់​ប្រទេស ប៉ូឡូញ និង លី​ទុយ​អា​នី ។ ភាគខាងត្បូង នែ អេ​ស្តូ​នី និង ភាគ​ខាងកើត នៃ ប្រទេស ឡេ​តូ​នី បាន​ធ្លាក់​ទៅ​ក្រោម លី​ទុយ​អា​នី​ហើយ​បង្កើត បានជា​រដ្ឋ​មួយ​ឈ្មោះថា Ducatus Ultradunensis ។ ចំណែក​ភាគ​ខាងកើត នៃ ឡេ​តូ​នី បាន​ក្លាយជា​ទឹកដី ប៉ូឡូញ ។

​ចាប់ពី​ដើម​សតវត្សរ៍​ទី ១៧ និង ដើម​សតវត្សរ៍​ទី ១៨ រដ្ឋ​សហ​ធន ប៉ូឡូញ​-​លី​ទុយ​អា​នី , ស៊ុយអែត និង រុស្ស៊ី បាន​ប្រជែង​ឧត្តមភាព​គ្នា​នៅ​តំបន់ បាល់​ទិ​ក ។ ទំនាស់​ដណ្តើម​រាជបល្ល័ង្ក ស៊ុយអែត រវាង​ស្តេច ឆា​លស៍​ទី ៩ នៃ ព្រះរាជា​ណាក​ច្រ ស៊ុយអែត និង ស្តេច ស៊ី​ហ្គី​ស​មុន ទី ៣ នៃ ព្រះរាជាណាចក្រ ប៉ូឡូញ រួមទាំង​ការដណ្តើម​គ្នា​ត្រួតត្រា រដ្ឋ Livonia ឬ ឡេ​តូ​នី និង រដ្ឋ អេ​ស្តូ​នី ផង បាន​បញ្ឆេះ​សង្គ្រាម​រវាង ប៉ូឡូញ និង ស៊ុយអែត ចាប់ពី​ឆ្នាំ ១៦០០ ដល់​ឆ្នាំ ១៦១១ ហើយ​ជា​លទ្ធផល គឺ​រដ្ឋ Livonia បាន​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់ ស៊ុយអែត ។

​សង្គ្រាម​រវាង​ព្រះរាជាណាចក្រ​ទាំងពីរ នៅតែ​បន្ត​ឥត​ដាច់​ដោយសារតែ​ការដណ្តើម​គ្នា​ត្រួតត្រា​លើ​រដ្ឋ​ទាំងពីរ​ឡេ​តូ​នី និង រដ្ឋ អេ​ស្តូ​នី ជាដើម ។ ទីបំផុត សន្ធិសញ្ញា មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង Altmark នៅ​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៦២៩ បានបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ នៃ ស៊ុយអែត និង ប៉ូឡូញ ដោយ ស៊ុយអែត​បន្ត​គ្រប់គ្រង លើ​រដ្ឋ ឡេ​តូ​នី ចំណែក រដ្ឋ​សហ​ធន ប៉ូឡូញ ទ​ទូល​បាន​មកវិញ​នូ​ង​ទឹកដី​ដែល ស៊ុយអែត ដណ្តើមយក​តាំងពី​ឆ្នាំ​១៦២៥ ។​

ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី
​ការ​ប្រជែង​អំណាច និង ឧត្តមភាព និង ការ​ទប់ទល់​គ្នា​នៅ​អឺរ៉ុប​កណ្តាល អឺរ៉ុប​ខាងជើង និង អឺរ៉ុប ខាងកើត បណ្តាលឱ្យ​ភ្លើង​មហាសង្គ្រាម​ដ៏​សន្ធោរ​សន្ធៅ​មួយ​ឆាបឆេះ​ឡើង​នៅ​ឆ្នាំ ១៧០០ ដោយបាន​អូសទាញ​ប្រទេស​ជាច្រើន​ចូលទៅ​ពាក់ព័ន្ធ​ដូចជា ស៊ុយអែត ប៉ូឡូញ រុស្ស៊ី ន័​រ​វែ​ស និង ដា​ណឺ​ម៉ាក ជាដើម ។ បន្ទាប់ពី​ការចុះ​ញ៉ម​របស់​រដ្ឋ អេ​ស្តូ​នី និង រដ្ឋ ឡេ​តូ​នី នៅ​ឆ្នាំ ១៧១០ និង បន្ទាប់ពី​បាន​ផ្តាច់ផ្តិល​អាយុជីវិត និង ទ្រព្យសម្បត្តិ​យ៉ាង​ស្ទើរ​ខ្ទេចខ្ទាំ​អស់​រយៈពេល ២១ ឆ្នាំ មក សន្ធិសញ្ញា​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំ​១៧២១​ហើយ​បានបញ្ចប់​មហាសង្គ្រាម​ភាគ​ខាងជើង នោះ​ទៅ ។
​ ​
​តាមរយៈ​សន្ធិសញ្ញា​នេះ តំបន់ Vidzeme ត្រូវបាន​ប្រគល់​ឱ្យទៅជា​ផ្នែក​មួយ នៃ ប្រទេស រុស្ស៊ី ។ លុះដល់​ឆ្នាំ ១៧៧២ តំបន់ Latgale ត្រូវបាន​ប្រគល់​ទៅឱ្យ រុស្ស៊ី ថែមទៀត ខណៈ​តំបន់ Duchy of Courland និង Semigallia បាន​ក្លាយជា​ខេត្ត ស្វយ័ត​របស់ រុស្ស៊ី នៅ​ឆ្នាំ ១៧៩៥ ដែល​បានសេចក្តីថា ទឹកដី​ដែលជា​ប្រទេស ឡេ​តូ​នី បច្ចុប្បន្ននេះ បាន​ក្លាយជា​ប្រទេស រុស្ស៊ី ទាំងស្រុង​ចាប់ពីពេលនោះ​ឯង ។

​ប្រកាស​ឯករាជភាព​
​មាន​ចលនា​ជាតិនិយម​ជាច្រើន​ទម្រង់ បានកើត​ឡើងជា​ហូរហែ ធ្វើឱ្យ រុស្ស៊ី​រិត​បន្តឹង​ការ គ្រប់គ្រង​លើ​ខេត្ត​ស្វយ័ត​នានា ។ សិទ្ធិ​ស្វ័យ​សម្រេច ត្រូវ​បានដាក់​កំហិត ទៅលើ​ខេត្ត​ស្វយ័ត​នានា រហូត​ត្រូវបាន​លប់បំបាត់​អំណាច​ទាំងស្រុង​ដោយ បដិវត្តន៍ រុស្ស៊ី នៅ​ឆ្នាំ ១៩១៧​ហើយ​បន្ត ដោយ​សន្ធិសញ្ញា Brest-Litovsk រវាង រុស្ស៊ី និង អាល្លឺម៉ង់ នៅ​ខែ មីនា ឆ្នាំ ១៩១៨ និង បន្ទាប់មកទៀត​គឺ​យុទ្ធសន្តិភាព សម្ព័ន្ធមិត្ត​ជាមួយ អាល្លឺម៉ង់ នៅ​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ដដែល​នោះ​ទៀត ។

​ដោយមាន​ការគាំទ្រ​ពី អេ​ស្តូ​នី ប៉ូឡូញ និង ប្រទេស​សម្ព័ន្ធមិត្ត ខាងលិច ជាពិសេស កងទ័ពជើងទឹក​ចក្រ​ភព​អង់គ្លេស ផង​នោះ នៅ​ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ដដែល​នោះ ក្រុមប្រឹក្សា​ប្រជាជន ឡេ​តូ​នី បានប្រកាស​ខ្លួន​ថា ជា​រដ្ឋ​ឯករាជ្យ ដោយ​ប្រកាសថា សាធារណរដ្ឋ ឡេ​តូ​នី ។ ពេលនោះ សូ​វៀត រុស្ស៊ី មិន​បណ្តែតបណ្តោយ​ឡើយ ក៏​ធ្វើ​អន្តរាគមន៍​យោធា នាំឱ្យ​សង្គ្រាម​ឆាបឆេះ​ឡើង រវាង​កងទ័ព​ប្រជាជន ឡេ​តូ​នី និង រុស្ស៊ី ចាប់ពី​ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ១៩១៨ នោះ ដែល​គេ​ហៅថា សង្គ្រាម​ឯករាជ្យ ឬ សង្គ្រាម​សេរីភាព ឡេ​តូ​នី ។​
​ ​
​ទីបំផុត​សន្ធិសញ្ញា​មួយ​ឈ្មោះថា សន្ធិសញ្ញា រី​ហ្គា ត្រូវបាន​ចុះហត្ថលេខា​ដោយ​តំណាង សាធារណរដ្ឋ ឡេ​តូ​នី ដែល​ទើប​បង្កើត​ថ្មីៗ និង តំណាង សូ​វៀត រុស្ស៊ី នៅឯ​ទីក្រុង រី​ហ្គា នា​ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១៩២០ ដោយ សូ​វៀត រុស្ស៊ី ទទួលស្គាល់​ឯករាជភាព សាធារណរដ្ឋ ឡេ​តូ​នី ហើយ​នឹងមិន​ឈ្លានពាន​ប្រទេស​នេះ​ទៀតឡើយ​នៅ​អនាគត ។​
​ ​
ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​សូ​វៀត​ម្តងទៀត
​នៅ​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ១៩៣៩ សហភាព សូ​វៀត របស់លោក ចូ​សេ​ហ្វ ស្តា​លីន និង អាល្លឺម៉ង់ របស់ អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ៍ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិន​បៀតបៀន​គ្នា ដែល​កំណត់​សុពលភាព​រយៈពេល ១០ ឆ្នាំ ដែល​ហៅថា កតិកាសញ្ញា Molotov–Ribbentrop ( តាមពិត​កតិកាសញ្ញា នេះ​គឺជា​កិច្ចព្រមព្រៀងសម្ងាត់​រវាង​មហាអំណាច​ទាំងពីរ ហើយ​ត្រូវ បានបង្ហាញ​ឱ្យដឹង​បន្ទាប់ពី អាល្លឺម៉ង់ ចុះចាញ់​សង្គ្រាម​នៅ​ឆ្នាំ ១៩៤៥ ) ។ នៅក្នុង​កិច្ច ព្រមព្រៀង​នេះ ភាគ​ខាងជើង និង ភាគ​ខាងកើត នៃ ទ្វីបអឺរ៉ុប​ត្រូវបាន​ប្រទេស​មហាអំណាច ទាំងពីរ​នេះ​បែងចែក​ទៅជា​តំបន់​អំណាច​រួម​រវាង អាល្លឺម៉ង់ និង សូ​វៀត ។ ចំណែក​ភាគ​ខាងជើង ឡេ​តូ​នី ហ្វាំ​ង​ឡង់ និង អេ​ស្តូ​នី ត្រូវបាន​ដាក់ឱ្យ​ទៅជារ​បស់ សូ​វៀត ។

​មួយ​សប្តាហ៍​ក្រោយមក គឺ​នៅ​ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៣៩ ដដែល​នោះ អាល្លឺម៉ង់ បើក​ការ ឈ្លានពាន​ប្រទេស ហ្វាំ​ង​ឡង់ ចំណែក សហភាព សូ​វៀត បាន​ចូលទៅ​លុកលុយ​ប្រទេស នោះដែរ​នៅ​ថ្ងៃទី ១៧ ខែ និង ឆ្នាំ ដដែល​នោះ ។

​នៅ​ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩៣៩ ឡេ​តូ​នី ត្រូវបាន​បង្ខិតបង្ខំ​ឱ្យទទួល​យក​នូវ​កិច្ចសន្យា​មួយ ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​ជាមួយ សហភាព សូ​វៀត ដោយ​ផ្តល់​សិទ្ធិ​ឱ្យ​កងទ័ព សូ​វៀត ដាក់​ទីតាំង​នៅលើ​ទឹកដី ឡេ​តូ​នី ពី ២៥.០០០ ទៅ ៣០.០០០ នាក់ ។ កិច្ចការរដ្ឋបាល ត្រូវបាន​ជំនួស​ដោយ កម្មាភិបាល របស់ សូ​វៀត ។ ឡេ​តូ​នី បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ សូ​វៀត ម្តងទៀត​ចាប់ពីពេលនោះ ហើយ នៅ​ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៤០ សូ​វៀត បានដាក់ ឡេ​តូ​នី ទៅជា សាធារណរដ្ឋ សង្គមនិយម ឡេ​តូ​នី សូ​វៀត ។

​ធ្លាក់​ចុ​ល​ក្នុង​ដៃ​ណា​ស៊ី អាល្លឺម៉ង់​
​នៅ​ថ្ងៃទី ២១ ខែ ម​ថុ​នា ឆ្នាំ ១៩៤១ កងទ័ព​អាល្លឺម៉ង់ បាន​បំពាន​លើ​កិច្ចព្រមព្រៀង​ជាមួយ សូ​វៀត ដោយបាន​បើក​ការវាយលុក​ទៅលើ​កងទ័ព​សូ​វៀត នៅក្នុង​ប្រតិបត្តិការ​កងទ័ព Barbarossa ។ ពេលនោះ មាន​ជនជាតិ ឡេ​តូ​នី ខ្លះ​ដែល​ស្អប់ សូ​វៀត បាន​ទៅ​ជួយ អាល្លឺម៉ង់ ។ គិត​ត្រឹម​ថ្ងៃទី ២៩ ខែ និង ឆ្នាំ ដដែល ទីក្រុង រី​ហ្គា បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ អាល្លឺម៉ង់ ហើយ​កងទ័ព សូ​វៀត ជាច្រើន​ត្រូវបាន​ចាប់ខ្លួន ឬ សម្លាប់ចោល ។ គិត​ត្រឹម​ខែ កក្កដា ឆ្នាំ ដដែល​នោះ ឡេ​តូ​នី ត្រូវបាន​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់ អាល្លឺម៉ង់ វិញ​ម្តង ។
​ពួក ណា​ស៊ី អាល្លឺម៉ង់ បានចេញ​បញ្ជា​ឱ្យ​លប់បំបាត់ គឺ​សម្លាប់ ជនជាតិ ឡេ​តូ​នី ៥០ ភាគរយ ។ នៅ​អំឡុង​ឆ្នាំ ១៩៤១ ជនជាតិ ជ្វី​ស នៅ ឡេ​តូ​នី ប្រមាណ​ជា ៦០.០០០ នាក់​ផ្សេងទៀត ត្រូវបាន​កងទ័ព​អាល្លឺម៉ង់ កាប់សម្លាប់ ហើយ​ការកាប់សម្លាប់​ជា​លក្ខណៈ​ផ្តាច់​ពូជ​នោះ ក៏​ចេះតែ​បន្ត ។

​ធ្លាក់ចូល​កណ្តាប់ដៃ​សូ​វៀត​វិញ
​នៅ​ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ១៩៤៤ កងទ័ព សូ​វៀត បាន វាយ​ចូល​ដណ្តើម​កាន់កាប់​ទីក្រុង រី​ហ្គា ពី​អាល្លឺម៉ង់ វិញ​ម្តង ប៉ុន្តែ​គ្រាន់តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ ដោយ​ផ្នែក​ខ្លះ នៃ ប្រទេស​បន្ត​ស្ថិតក្រោម ការត្រួតត្រា​របស់​អាល្លឺម៉ង់ ហើយ​សង្គ្រាម​រវាង មហាអំណាច ទាំងពីរ​នៅលើ​ទឹកដី ឡេ​តូ​នី ក៏​នៅតែ​បន្ត​យ៉ាង​សន្ធោរ​សន្ធៅ​ឃោ​ឃៅ​ក្រៃលែង ។ លុះ​បន្ទាប់ពី​អាល្លឺម៉ង់ ចាញ់​សង្គ្រាម លោក​លើក​ទី ២ នៅ​ឆ្នាំ ១៩៤៥ មក ប្រទេស ឡេ​តូ​នី ទាំងមូល ត្រូវបាន​ត្រួតត្រា​ដោយ សហភាព សូ​វៀត ផ្តាច់មុខ ។ ​មាន​ជនជាតិ ឡេ​តូ​នី ជាច្រើន បាន​ប្រឆាំងនឹង​ការត្រួតត្រា​របស់ សូ​វៀត ប៉ុន្តែ​តែងតែ​ត្រូវបាន សូ​វៀត បង្ក្រាប​ទៅវិញ​ដោយ ហិ​ហ្សា ។

ស្តារ​ឯករាជភាព​ឡើងវិញ​​ ​
​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ មេដឹកនាំ សូ​វៀត លោក មី​ខា​អែល ហ្គោ​បា​ឆូវ បានដាក់​ចេញ​នូវ កម្មវិធី កំណែទម្រង់​ផ្នែក នយោបាយ និង សេដ្ឋកិច្ច នៅក្នុង​សហភាព សូ​វៀត ដែល​គេ​ហៅថា glasnost និង perestroika ជាហេតុ​ធ្វើឱ្យ​កម្រើក​ឡើងវិញ​នូវ​ចលនា​ជាតិនិយម និង ប្រឆាំងនឹង សូ​វៀត នៅលើ​ទឹកដី ឡេ​តូ​នី ។

​នៅ​រដូវក្តៅ ឆ្នាំ ១៩៨៧ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ធ្វើ​នៅ វិមាន​សេរី​ភាពជា​បាតុកម្ម​ដែលជា សញ្ញា នៃ ឯករាជភាព ។ សាធារណរដ្ឋ សង្គមនិយម សូ​វៀត ឡេ​តូ​នី ជាមួយនឹង សាធារណរដ្ឋរ​ដទៃទៀត​នៅ​តំបន់ បាល់​ទិ​ក ត្រូវបាន​ផ្តល់ឱ្យ​នូវ​សិទ្ធិ​ស្វ័យភាព​កាន់តែច្រើន នៅ​ឆ្នាំ ១៩៨៨ ។ ទង់ជាតិ​របស់ ឡេ​តូ​នី កាលពីមុន​សម័យ​សង្គ្រាម ត្រូវបាន​បង្ហាញខ្លួន​ឡើងវិញ ជំនួស​ទង់ជាតិ ឡេ​តូ​នី សូ​វៀត ហើយ​ទង់ជាតិ​នោះ បាន​ក្លាយជា​ទង់ជាតិ​ផ្លូវការ​របស់ ឡេ​តូ​នី នៅ​ឆ្នាំ ១៩៩០ ។​
​ ​
​នៅ​ឆ្នាំ ១៩៨៩ សូ​វៀត បាន​ទ​ទូល​ស្គាល់​នូវ​សេចក្តីថ្លែងការណ៍​មួយ​ដែល​ថ្លែងថា ការកាន់កាប់ រដ្ឋ​នានា​នៅ តំបន់ បាល់​ទិ​ក មិនមែនជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ សូ​វៀត និង មិន​ស្របច្បាប់ ។ សកម្មជន​គាំទ្រ​ឯករាជភាព ឡេ​តូ​នី នៃ គណបក្ស Popular Front of Latvia ទទួលបាន​សំឡេងឆ្នោត​ពីរភាគបី នៅក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា ឡេ​តូ​នី នៅក្នុង​ការបោះឆ្នោត តាមបែប​ប្រជាធិបតេយ្យ នៅ​ខែ មីនា ឆ្នាំ ១៩៩០ ។ នៅ​ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ១៩៩០ ឧ​ត្ត​ម​ក្រុមប្រឹក្សា បាន​ប្រការ​នូវ​ការ​ស្តារឡើងវិញ នូវ ឯករាជ្យភាព​របស់​សាធារណរដ្ឋ ឡេ​តូ​នី ហើយ​បាន​ផ្លាស់ប្តូ​ប្រទេស ពី​សាធារណរដ្ឋ សង្គមនិយម ឡេ​តូ​នី សូ​វៀត ទៅជា​សាធារណរដ្ឋ ឡេ​តូ​នី ។

​ប៉ុន្តែ ក្រុង មូ​ស្គូ មិន​ទ​ទូល​ស្គាល់​ឯករាជភាព​របស់ ឡេ​តូ​នី ឡើយ ដោយ​នៅតែ​បន្ត​ចាត់ទុក ឡេ​តូ​នី ថា​ជា​ផ្នែក​មួយ​របស់ សូ​វៀត ហើយ​បាន​ព្យាយាម​ផ្តួលរំលំ សាធារណរដ្ឋ ឡេ​តូ​នី នៅ​ឆ្នាំ ១៩៩០ និង ឆ្នាំ ១៩៩១ នោះ ។ ប៉ុន្តែ​មិនបាន​សម្រេច ។​
​ ​
​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ឡេ​តូ​នី ប្រារព្ធ​ទិវា​ស្តារឡើងវិញ នូវ​ឯករាជ្យភាព របស់​ពួកគេ ដើម្បី​រំលឹក​ដល់​ថ្ងៃ ដែល​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ប្រកាស​ស្តារឡើងវិញ​នូវ​ឯករាជ្យភាព ឡេ​តូ​នី កាលពី​ឆ្នាំ ១៩៩០ នោះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ក្បួនព្យុហយាត្រា​កងទ័ព ឡេ​តូ​នី នៅ​ថ្ងៃ​ប្រកាស​ឯករាជ្យ​ឡើងវិញ ( ឡេ​តូ​នី )
​ទីក្រុង រី​ហ្គា នៃ សាធារណរដ្ឋ ឡេ​តូ​នី ( រី​ហ្គា​)