ទិវា​ស្តារឡើងវិញ នូវ​ឯករាជ្យភាព ឡេ​តូ​នី​

717
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឡេ​តូ​នី ប្រារព្ធ​ទិវា ស្តារឡើងវិញ​នូវ​ឯករាជភាព របស់​ពួកគេ​នៅ​ថ្ងៃទី​៤ ខែឧសភា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ឧ​ត្ត​ម​ក្រុមប្រឹក្សា ឡេ​តូ​នី ប្រកាស​ឯករាជ្យភាពរ​បស់ ឡេ​តូ​នី ពី​សហភាពសូវៀត កាលពី​ឆ្នាំ ១៩៩០ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ឡេ​តូ​នី មាន​ផ្ទៃដី ៦៤.៥៨៩ គីឡូម៉ែត្រ​ក្រឡា គឺជា​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក នៅ​ភាគ​ខាងជើង នៃ​ទ្វីបអឺរ៉ុប មាន​ព្រំដែន​ជាប់​ប្រទេស អេ​ស្តូ​នី លី​ទុយ​អា​នី រុស្ស៊ី និង បេឡា​រូស នៅ​ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ ជិត ពីរ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់ សាសនា គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា ឡេ​តូ​នី រដ្ឋធានី​គឺ​ទីក្រុង រី​ហ្គា ។​
​ ​
ប្រ​វ​តិ្ត​សាស្ត្រ​
គិត​ត្រឹម​ដើម​សតវត្សរ៍​ទី ១៣ អាល្លឺម៉ង់ បាន​ត្រួតត្រា​លើ​ផ្នែក​ភាគច្រើន នៃ​តំបន់​ដែល ជា​ប្រទេស ឡេ​តូ​នី បច្ចុប្បន្ន ។ បូក​បញ្ចូល​គ្នា​ជាមួយនឹង​តំបន់​ភាគខាងត្បូង​នៃ ប្រទេស អេ​ស្តូ​នី ផង តំបន់​នេះ​ក៏​បង្កើតបានជា​រដ្ឋ​មួយ​ឈ្មោះថា​រដ្ឋ Crusader ដែល​ត្រូវបាន ស្គាល់​ថា Terra Mariana ឬ Livonia ។

​ដើម​សតវត្សរ៍​ទី​១៦ រ​ស្ស៊ី បាន​ដណ្តើម​គ្នា​កាន់កាប់​រដ្ឋ ឡេ​តូ​នី ក៏​ប៉ះ​សង្គ្រាម​ជាមួយ​ក្រុម កងទ័ព​ចម្រុះ ដា​ណឺ​ម៉ាក​-​ន័​រ​វែ​ស ស៊ុយអែត សហភាព លី​ទុយ​អា​នី និង​ប៉ូឡូញ ពី​ឆ្នាំ ១៥៥៨ ដល់​ឆ្នាំ​១៥៨៣ ។ ជា​លទ្ធផល បានធ្វើឱ្យ​ប្រទេស ឡេ​តូ​នី ដែល​កាលណោះ គេ​ហៅថា Livonia ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់​ប្រទេស ប៉ូឡូញ និង លី​ទុយ​អា​នី ។ ភាគខាងត្បូង នៃ​អេ​ស្តូ​នី និង​ភាគ​ខាងកើត នៃ​ប្រទេស​ឡេ​តូ​នី បាន​ធ្លាក់​ទៅ​ក្រោម លី​ទុយ​អា​នី ហើយ​បង្កើតបានជា​រដ្ឋ​មួយ ឈ្មោះថា Ducatus Ultradunensis ។ ចំណែក​ភាគ​ខាងកើត នៃ ឡេ​តូ​នី បាន​ក្លាយជា​ទឹកដី ប៉ូឡូញ ។

​ចាប់ពី​ដើម​សតវត្សរ៍​ទី ១៧ និង ដើម​សតវត្សរ៍​ទី ១៨ រដ្ឋ​សហ​ធន ប៉ូឡូញ​-​លី​ទុយ​អា​នី , ស៊ុយអែត និង រុស្ស៊ី បាន​ប្រជែង​ឧត្តមភាព​គ្នា​នៅ​តំបន់ បាល់​ទិ​ក ។ ទំនាស់​ដណ្តើម រាជបល្ល័ង្ក ស៊ុយអែត រវាង​ស្តេច ឆា​លស៍​ទី ៩ នៃ ព្រះរាជា​ណាក​ច្រ ស៊ុយអែត និង ស្តេច ស៊ី​ហ្គី​ស​មុន ទី ៣ នៃ​ព្រះរាជាណាចក្រ ប៉ូឡូញ រួមទាំង​ការដណ្តើម​គ្នា​ត្រួតត្រា រដ្ឋ Livonia ឬ ឡេ​តូ​នី និង រដ្ឋ អេ​ស្តូ​នី ផង បាន​បញ្ឆេះ​សង្គ្រាម​រវាង ប៉ូឡូញ និង ស៊ុយអែត ចាប់ពី​ឆ្នាំ ១៦០០ ដល់​ឆ្នាំ ១៦១១ ហើយ​ជា​លទ្ធផល គឺ​រដ្ឋ Livonia បាន​ធ្លាក់ ក្រោម​ការគ្រប់គ្រង​រប​ស់ ស៊ុយអែត ។

​សង្គ្រាម​រវាង​ព្រះរាជាណាចក្រ​ទាំងពីរ នៅតែ​បន្ត​ឥត​ដាច់​ដោយសារតែ​ការដណ្តើម​គ្នា ត្រួតត្រា​លើ​រដ្ឋ​ទាំងពីរ​ឡេ​តូ​នី និង​រដ្ឋ​អេ​ស្តូ​នី ជាដើម​។ ទីបំផុត សន្ធិសញ្ញា​មួយ ត្រូវបាន ធ្វើឡើង​នៅ​ទីក្រុង Altmark នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៦២៩ បានបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ នៃ ស៊ុយអែត និង​ប៉ូឡូញ ដោយ​ស៊ុយអែត បន្ត​គ្រប់គ្រង​លើ​រដ្ឋ ឡេ​តូ​នី ចំណែក​រដ្ឋ សហ​ធន ប៉ូឡូញ ទ​ទូល​បាន​មកវិញ​នូ​ង​ទឹកដី​ដែល ស៊ុយអែត ដណ្តើមយក​តាំងពី ឆ្នាំ​១៦២៥ ។​

ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី
​ការ​ប្រជែង​អំណាច និង​ឧត្តមភាព និង ការ​ទប់ទល់​គ្នា​នៅ​អឺរ៉ុប​កណ្តាល អឺរ៉ុប​ខាងជើង និង​អឺរ៉ុប​ខាងកើត បណ្តាលឱ្យ​ភ្លើង​មហាសង្គ្រាម​ដ៏​សន្ធោរ​សន្ធៅ​មួយ ឆាបឆេះ​ឡើង នៅ​ឆ្នាំ ១៧០០ ដោយបាន​អូសទាញ​ប្រទេស​ជាច្រើន ចូលទៅ​ពាក់ព័ន្ធ​ដូចជា ស៊ុយអែត ប៉ូឡូញ រុស្ស៊ី ន័​រ​វែ​ស និង ដា​ណឺ​ម៉ាក ជាដើម ។ បន្ទាប់ពី​ការចុះ​ញ៉ម​របស់ រដ្ឋ​អេ​ស្តូ​នី និង​រដ្ឋ​ឡេ​តូ​នី នៅ​ឆ្នាំ​១៧១០ និង​បន្ទាប់ពី​បាន​ផ្តាច់ផ្តិល​អាយុជីវិត និង​ទ្រព្យ សម្បត្តិ​យ៉ាង​ស្ទើរ​ខ្ទេចខ្ទាំ​អស់​រយៈពេល ២១ ឆ្នាំ​មក សន្ធិសញ្ញា​មួយ ត្រូវបាន​ធ្វើឡើង នៅ​ឆ្នាំ​១៧២១ ហើយ​បានបញ្ចប់​មហាសង្គ្រាម​ភាគ​ខាងជើង​នោះ​ទៅ ។
​ ​
​តាមរយៈ​សន្ធិសញ្ញា​នេះ តំបន់ Vidzeme ត្រូវបាន​ប្រគល់​ឱ្យទៅជា​ផ្នែក​មួយ​នៃ ប្រទេស​រុស្ស៊ី ។ លុះដល់​ឆ្នាំ​១៧៧២ តំបន់ Latgale ត្រូវបាន​ប្រគល់​ទៅឱ្យ​រុស្ស៊ី​ថែម ទៀត ខណៈ​តំបន់ Duchy of Courland និង Semigallia បាន​ក្លាយជា​ខេត្ត​ស្វយ័ត​របស់ រុស្ស៊ី នៅ​ឆ្នាំ ១៧៩៥ ដែល​បានសេចក្តីថា ទឹកដី​ដែលជា​ប្រទេស​ឡេ​តូ​នី បច្ចុប្បន្ននេះ បាន​ក្លាយជា​ប្រទេស រុស្ស៊ី ទាំងស្រុង ចាប់ពីពេលនោះ​ឯង ។

​ប្រកាស​ឯករាជ្យភាព​
​មាន​ចលនា​ជាតិនិយម​ជាច្រើន​ទម្រង់ បានកើត​ឡើងជា​ហូរហែ ធ្វើឱ្យ រុស្ស៊ី រិត​បន្តឹង ការគ្រប់គ្រង​លើ​ខេត្ត​ស្វយ័ត​នានា ។ សិទ្ធិ​ស្វ័យ​សម្រេច ត្រូវ​បានដាក់​កំហិត ទៅលើ ខេត្ត​ស្វយ័ត​នានា រហូត​ត្រូវបាន​លប់បំបាត់​អំណាច​ទាំងស្រុង ដោយ​បដិវត្តន៍​រុស្ស៊ី នៅ​ឆ្នាំ​១៩១៧ ហើយ​បន្ត​ដោយ​សន្ធិសញ្ញា Brest-Litovsk រវាង រុស្ស៊ី និង អាល្លឺម៉ង់ នៅ​ខែមីនា ឆ្នាំ​១៩១៨ និង​បន្ទាប់មកទៀត គឺ​យុទ្ធសន្តិភាព សម្ព័ន្ធមិត្ត​ជាមួយ​អាល្លឺម៉ង់ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ១៩១៨ ដដែល​នោះ​ទៀត ។

​ដោយមាន​ការគាំទ្រ​ពី អេ​ស្តូ​នី ប៉ូឡូញ និង​ប្រទេស​សម្ព័ន្ធមិត្ត​ខាងលិច ជាពិសេស កងទ័ពជើងទឹក​ចក្រ​ភព​អង់គ្លេស ផង​នោះ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​១៩១៨​ដដែល នោះ ក្រុមប្រឹក្សា​ប្រជាជន​ឡេ​តូ​នី បានប្រកាស​ខ្លួន​ថា ជា​រដ្ឋ​ឯករាជ្យ ដោយ​ប្រកាសថា សាធារណរដ្ឋ ឡេ​តូ​នី​។ ពេលនោះ សូ​វៀត រុស្ស៊ី មិន​បណ្តែតបណ្តោយ​ឡើយ ក៏​ធ្វើ​អន្តរាគមន៍​យោធា នាំឱ្យ​សង្គ្រាម​ឆាបឆេះ​ឡើង រវាង​កងទ័ព​ប្រជាជន​ឡេ​តូ​នី និង​រុស្ស៊ី ចាប់ពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ ១៩១៨ នោះ ដែល​គេ​ហៅថា សង្គ្រាម​ឯករាជ្យ ឬ សង្គ្រាម​សេរីភាព ឡេ​តូ​នី ។​
​ ​
​ទីបំផុត សន្ធិសញ្ញា​មួយ ឈ្មោះថា សន្ធិសញ្ញា រី​ហ្គា ត្រូវបាន​ចុះហត្ថលេខា ដោយ តំណាង​សាធារណរដ្ឋ​ឡេ​តូ​នី ដែល​ទើប​បង្កើត​ថ្មីៗ និង​តំណាង​សូ​វៀត រុស្ស៊ី នៅឯ ទីក្រុង​រី​ហ្គា នា​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​១៩២០ ដោយ សូ​វៀត រុស្ស៊ី ទទួលស្គាល់​ឯក រាជ្យ​ភាព សាធារណរដ្ឋ ឡេ​តូ​នី ហើយ​នឹងមិន​ឈ្លានពាន ប្រទេស​នេះ​ទៀតឡើយ នៅ​អនាគត ។​

​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​សូ​វៀត​ម្តងទៀត​
​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៩៣៩ សហភាពសូវៀត របស់លោក ចូ​សេ​ហ្វ ស្តា​លីន និង អាល្លឺម៉ង់​របស់​អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ៍ បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មិន​បៀតបៀន គ្នា ដែល​កំណត់​សុពលភាព រយៈពេល ១០ ឆ្នាំ ដែល​ហៅថា កតិកាសញ្ញា Molotov–Ribbentrop ( តាមពិត​កតិកាសញ្ញា នេះ​គឺជា​កិច្ចព្រមព្រៀងសម្ងាត់ រវាង​មហាអំណាច ទាំងពីរ ហើយ​ត្រូវ​បានបង្ហាញ​ឱ្យដឹង បន្ទាប់ពី​អាល្លឺម៉ង់ ចុះចាញ់​សង្គ្រាម នៅ​ឆ្នាំ ១៩៤៥)​។ នៅក្នុង​កិច្ចព្រមព្រៀង​នេះ ភាគ​ខាងជើង និង​ភាគ​ខាងកើត នៃ​ទ្វីបអឺរ៉ុប ត្រូវបាន​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ បែងចែក​ទៅជា​តំបន់​អំណាច​រួម រវាង អាល្លឺម៉ង់ និង​សូ​វៀត ។ ចំណែក​ភាគ​ខាងជើង ឡេ​តូ​នី ហ្វាំ​ង​ឡង់ និង អេ​ស្តូ​នី ត្រូវបាន​ដាក់ឱ្យ​ទៅជារ​បស់ សូ​វៀត ។

​មួយ​សប្តាហ៍ ក្រោយមក គឺ​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩៣៩ ដដែល​នោះ អាល្លឺម៉ង់ បើក​ការឈ្លានពាន​ប្រទេស​ហ្វាំ​ង​ឡង់ ចំណែក​សហភាពសូវៀត​បាន​ចូលទៅ​លុក លុយ​ប្រទេស​នោះដែរ នៅ​ថ្ងៃទី​១៧ ខែ និង ឆ្នាំ ដដែល​នោះ ។

​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​១៩៣៩ ឡេ​តូ​នី ត្រូវបាន​បង្ខិតបង្ខំ​ឱ្យទទួល​យក​នូវ​កិច្ចសន្យា​មួយ​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក ជាមួយ​សហភាពសូវៀត ដោយ​ផ្តល់​សិទ្ធិ​ឱ្យ​កងទ័ព សូ​វៀត ដាក់​ទីតាំង​នៅលើ​ទឹកដី ឡេ​តូ​នី ពី ២៥.០០០ ទៅ ៣០.០០០ នាក់ ។ កិច្ចការរដ្ឋបាល ត្រូវបាន​ជំនួស​ដោយ កម្មាភិបាល​របស់​សូ​វៀត ។ ឡេ​តូ​នី បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ សូ​វៀត ម្តងទៀត ចាប់ពីពេលនោះ ហើយ​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៤០ សូ​វៀត បានដាក់ ឡេ​តូ​នី ទៅជា​សាធារណរដ្ឋ សង្គមនិយម ឡេ​តូ​នី សូ​វៀត ។

​ធ្លាក់ចូល​ក្នុង​ដៃ​ណា​ស៊ី អាល្លឺម៉ង់​
​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៤១ កងទ័ព​អាល្លឺម៉ង់​បាន​បំពាន​លើ​កិច្ចព្រមព្រៀង​ជា មួយ​សូ​វៀត ដោយបាន​បើក​ការវាយលុក ទៅលើ​កងទ័ព​សូ​វៀត នៅក្នុង​ប្រតិបត្តិការ កងទ័ព Barbarossa ។ ពេលនោះ មាន​ជនជាតិ​ឡេ​តូ​នី ខ្លះ​ដែល​ស្អប់​សូ​វៀតបាន​ទៅ ជួយ​អាល្លឺម៉ង់ ។ គិត​ត្រឹម​ថ្ងៃទី​២៩ ខែ ឆ្នាំ ដដែល ទីក្រុង​រី​ហ្គា បាន​ធ្លាក់​ក្រោម​ការត្រួត ត្រា​របស់​អាល្លឺម៉ង់ ហើយ​កងទ័ព​សូ​វៀត​ជាច្រើន ត្រូវបាន​ចាប់ខ្លួន ឬ​សម្លាប់ចោល ។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ ដដែល​នោះ ឡេ​តូ​នី ត្រូវបាន​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់ អាល្លឺម៉ង់ វិញ​ម្តង ។

​ពួក​ណា​ស៊ី​អាល្លឺម៉ង់ បានចេញ​បញ្ជា​ឱ្យ​លប់បំបាត់ គឺ​សម្លាប់​ជនជាតិ​ឡេ​តូ​នី ៥០ ភាគរយ ។ នៅ​អំឡុង​ឆ្នាំ​១៩៤១ ជនជាតិ​ជ្វី​ស នៅ​ឡេ​តូ​នី ប្រមាណ​ជា ៦០.០០០ នាក់​ផ្សេងទៀត ត្រូវបាន​កងទ័ព​អាល្លឺម៉ង់ កាប់សម្លាប់ ហើយ​ការកាប់សម្លាប់​ជា លក្ខណៈ​ផ្តាច់​ពូជ​នោះ ក៏​ចេះតែ​បន្ត ។

​ធ្លាក់ចូល​កណ្តាប់ដៃ​សូ​វៀត​វិញ
​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​១៩៤៤ កងទ័ព​សូ​វៀត បាន​វាយ​ចូល​ដណ្តើម​កាន់កាប់​ទីក្រុង រី​ហ្គា ពី​អាល្លឺម៉ង់ វិញ​ម្តង ប៉ុន្តែ​គ្រាន់តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ ដោយ​ផ្នែក​ខ្លះ នៃ​ប្រទេស​បន្ត ស្ថិតក្រោម​ការត្រួតត្រារ​បស់​អាល្លឺម៉ង់ ហើយ​សង្គ្រាម​រវាង​មហាអំណាច​ទាំងពីរ​នៅលើ ទឹកដី ឡេ​តូ​នី ក៏​នៅតែ​បន្ត​យ៉ាង​សន្ធោរ​សន្ធៅ ឃោ​ឃៅ​ក្រៃលែង ។ លុះ​បន្ទាប់ពី អាល្លឺម៉ង់ ចាញ់​សង្គ្រាមលោកលើកទី​២ នៅ​ឆ្នាំ​១៩៤៥ មក ប្រទេស​ឡេ​តូ​នី​ទាំងមូល ត្រូវបាន​ត្រួតត្រា​ដោយ សហភាពសូវៀត ផ្តាច់មុខ ។ មាន​ជនជាតិ​ឡេ​តូ​នី ជាច្រើន បាន​ប្រឆាំងនឹង​ការត្រួតត្រា​របស់​សូ​វៀត ប៉ុន្តែ​តែងតែ​ត្រូវបាន​សូ​វៀត បង្ក្រាប​ទៅវិញ ដោយ​ហិង្សា ។

​ស្តារ​ឯករាជ្យភាព​ឡើងវិញ​ ​
​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ មេដឹកនាំ​សូ​វៀត លោក មី​ខា​អែល ហ្គោ​បា​ឆូវ បានដាក់ ចេញ​នូវ​កម្មវិធី​កំណែទម្រង់​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច នៅក្នុង​សហភាពសូវៀត ដែល​គេ​ហៅថា glasnost និង perestroika ជាហេតុ​ធ្វើឱ្យ​កម្រើក​ឡើងវិញ​នូវ ចលនា​ជាតិនិយម និង ប្រឆាំងនឹង​សូ​វៀត នៅលើ​ទឹកដី​ឡេ​តូ​នី ។

​នៅ​រដូវក្តៅ​ឆ្នាំ​១៩៨៧ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ ធ្វើ​នៅ​វិមាន​សេរី​ភាពជា​បាតុកម្ម​ដែល ជាស​ញ្ញា នៃ​ឯករាជ្យភាព ។ សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត​ឡេ​តូ​នី ជាមួយនឹង សា​ធាណ​រដ្ឋ​ដទៃទៀត នៅ​តំបន់​បាល់​ទិ​ក ត្រូវបាន​ផ្តល់ ឱ្យ​នូវ​សិទ្ធិ​ស្វ័យភាព​កាន់ តែ​ច្រើន នៅ​ឆ្នាំ ១៩៨៨ ។ ទង់ជាតិ​របស់​ឡេ​តូ​នី កាលពីមុន​សម័យ​សង្គ្រាម​ត្រូវបាន បង្ហាញខ្លួន​ឡើងវិញ ជំនួស​ទង់ជាតិ ឡេ​តូ​នី​សូ​វៀត ហើយ​ទង់ជាតិ​នោះបាន​ក្លាយជា ទង់ជាតិ​ផ្លូវការ​របស់ ឡេ​តូ​នី នៅ​ឆ្នាំ​១៩៩០ ។​
​ ​
នៅ​ឆ្នាំ​១៩៨៩ សូ​វៀត បាន​ទ​ទូល​ស្គាល់​នូវ​សេចក្តី ថ្លែង ការណ៍​មួយ ដែល​ថ្លែងថា ការកាន់កាប់​រដ្ឋ​នានា នៅ​តំបន់​បាល់​ទិ​ក មិនមែនជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​សូ​វៀត និង​មិន​ស្របច្បាប់ ។ សកម្មជន​គាំទ្រ​ឯករាជ្យភាព​ឡេ​តូ​នី នៃ​គណបក្ស Popular Front of Latvia ទទួលបាន​សំឡេងឆ្នោត ពីរភាគបី នៅក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ឡេ​តូ​នី នៅក្នុង ការបោះឆ្នោត តាមបែប​ប្រជាធិបតេយ្យ នៅ​ខែមីនា ឆ្នាំ​១៩៩០ ។ នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​១៩៩០ ឧ​ត្ត​ម​ក្រុមប្រឹក្សា បាន​ប្រការ​នូវ​ការ​ស្តារឡើងវិញ នូវ​ឯករាជ្យភាព​រប​ស់ សាធារណរដ្ឋ​ឡេ​តូ​នី ហើយ​បាន​ផ្លាស់ប្តូ​ប្រទេស ពី​សាធារណរដ្ឋ សង្គមនិយម ឡេ​តូ​នី សូ​វៀត ទៅជា​សាធារណរដ្ឋ ឡេ​តូ​នី ។

​ប៉ុន្តែ​ក្រុង​មូ​ស្គូ មិន​ទ​ទូល​ស្គាល់​ឯករាជ្យភាព​របស់ ឡេ​តូ​នី ឡើយ ដោយ​នៅតែ​បន្ត ចាត់ទុក ឡេ​តូ​នី ថា​ជា​ផ្នែក​មួយ​របស់​សូ​វៀត ហើយ​បាន​ព្យាយាម​ផ្តួលរំលំ សាធារណរដ្ឋ ឡេ​តូ​នី នៅ​ឆ្នាំ​១៩៩០ និង​ឆ្នាំ​១៩៩១ នោះ ប៉ុន្តែ​មិនបាន​សម្រេច ។​
​ ​
​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឡេ​តូ​នី ប្រារព្ធ​ទិវា​ស្តារ ឡើងវិញ នូវ​ឯករាជ្យភាព​រប​ស់ ពួកគេ ដើម្បី​រំលឹក​ដល់​ថ្ងៃ ដែល​ឧ​ត្ត​ម​ក្រុមប្រឹក្សា ប្រកាស​ស្តារឡើងវិញ​នូវ​ឯករាជ្យ ភាព ឡេ​តូ​នី កាលពី​ឆ្នាំ ១៩៩០ នោះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​