ទិវា​ស្តារ​ឯករាជភាព អេ​ស្តូ​នី​

1228
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អេ​ស្តូ​នី ប្រារព្ធ​ទិវា ស្តារ​ឯករាជភាព របស់ខ្លួន​នៅ​ថ្ងៃទី ២០ ខែ សីហា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​របស់​ពួកគេ​ឡើងវិញ​ពី សហ​ភា​សូ​វៀត កាលពី​ឆ្នាំ ១៩៩១ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ដណ្តើម​គ្នា​ត្រួតត្រា​ជា​បន្តបន្ទាប់​រវាង សូ​វៀត និង អាល្លឺម៉ង់ អស់​រយៈពេល​រាប់រយឆ្នាំ​មក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ អេ​ស្តូ​នី មាន​ផ្ទៃដី ៤៥.៣៣៩ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​បាល់​ទិ​ក នៃ អឺរ៉ុប ខាងជើង មាន​ព្រំដែន​ជាប់​នឹង ប្រទេស ហ្វាំ​ង​ឡង់ សមុទ្ទ បាល់​ទិ​ក ប្រទេស ឡេ​ទូ​នី ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ប្រមាណ​មួយ លាន​កន្លះ​នាក់ ភាគច្រើន​ជា​អ្នក​កាន់​សា​សា​នា​គ្រឹ​ស្ត ។ រដ្ឋធានី គឺ​ទីក្រុង តា​លិ​ន ភាសាផ្លូវការ គឺ​ភាសា អេ​ស្តូ​នី ។​

​ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​ឆ្នាំ ១២០៦ ទឹកដី អេ​ស្តូ​នី បាន​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​មហា​អំ​ណា ដា​ណឺ​ម៉ាក ។ ឆ្នាំ ១៧០០ ស្តេច ត្សា​រ៍ រុស្ស៊ី បាន​ដឹកនាំ​សម្ព័ន្ធមិត្ត​ធ្វើសង្គ្រាម​ប្រឆាំង​មហា អំ​ណា ដា​ណឺ​ម៉ាក ហើយ​ដា​ណឺ​ម៉ាក បាន​ចាញ់​ដៃ រុស្ស៊ី ព្រម​ចុះសន្ធិសញ្ញា​នៅ​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ១៧២១ បញ្ចប់សង្គ្រាម ។ តាមរយៈ​សន្ធិសញ្ញា​នេះ ដា​ណឺ​ម៉ាក បាន​បាត់បង់ អេ​ស្តូ​នី ទៅឱ្យ រុស្ស៊ី ។​

​ទាសភាព​នៅ អេ​ស្តូ​នី ត្រូវបាន​លប់បំបាត់​ទាំងស្រុង​នៅ​ឆ្នាំ ១៨១៩ ។ គួបផ្សំ​នឹង​ការអប់រំ​បាន​ច្រើន ជាង​មុន​ផង នៅ​សតវត្សរ៍​ទី ១៩ នេះ ក៏​ចាប់ផ្តើម​កម្រើក​ឡើង​នូវ​ចលនា​អ្នក​ជាតិនិយម អេ​ស្តូ​នី ។ ចលនា​ជាតិនិយម​នេះ បានចាប់ផ្តើម​ចេញពី​ការ​វិស័យ​វប្បធម៌​ដូចជា​ការបង្កើត អក្សរសាស្ត្រ តន្ត្រី និង អត្ត​សញ្ញា​ជាតិ អេ​ស្តូ​នី នានា ។ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨៩០ ចលនា​ជាតិនិយម អេ​ស្តូ​នី បាន​ប្រែ​រូបរាង​ទៅជា​នយោបាយ ដោយ​ពួក​បញ្ញា​វ័​ន្ត បាន​អំពាវនាវ​រក​សិទ្ធិ​ស្វ័យភាព​ច្រើនឡើងៗ ។​

ឯករាជ្យ​លើក​ទី ១
​បដិវត្តន៍​ខែ តុលា របស់​ពួក បុល​សេ​វិក រុស្ស៊ី បាន​ផ្ទុះឡើង និង ដណ្តើម​កាន់កាប់​អំណាច​រុស្ស៊ី នៅ​ឆ្នាំ ១៩១៧ ក៏មាន​ការប្រែប្រួល​យ៉ាងច្រើន​ទាំង​អំណាច​ក្នុងប្រទេស និង​នៅលើ​ទឹក​ក្រោម​អំណាច របស់ខ្លួន​នៅក្រៅ​ប្រទេស ។​

​សង្គ្រាមលោកលើកទី ១ បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៩១៤ (​ដល់​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ) រុស្ស៊ី បាន​ចាញ់​ដៃ ពួក​មហា អំណាចកណ្តាល (​អាល្លឺម៉ង់ អូទ្រីស​-​ហុង​គ្រី ប៊ុលហ្គារី និង អូ​តូ​ម៉​ង់ ដែល​បច្ចុប្បន្ន​គឺ ទួ​ក​គី​) ត្រូវបាន​បង្ខំ​ឱ្យ​ចុះហត្ថលេខា​នៅ ៣ ខែ មីនា ឆ្នាំ ១៩១៨ ហើយ​ទឹកដី អេ​ស្តូ​នី បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ អាល្លឺម៉ង់ វិញ​ម្តង ។​គិតថា​ជា​ឱកាស​ដ៏​ល្អ​គួរសម​មួយ គណៈកម្មការ សភា​ខេត្ត អេ​ស្តូ​នី ដែលមាន​ឈ្មោះថា Maapäev បានប្រកាស​ឯករាជភាព របស់ អ៊ី​ស្តូ​នី នៅ​ថ្ងៃទី ២៣ និង ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩១៨ នាទី​ក្រុង ប៉ានូ និង ទីក្រុង តា​លិ​ន ដែល​ត្រូវបាន​ចាត់ទុកថា ជា​ឯករាជភាព​លើក​ទី ១ របស់ អេ​ស្តូ​នី ។​

​សូ​វៀត​កាន់កាប់​ម្តងទៀត
​ខែ វិច្ឆិកា ឆ្នាំ ១៩១៨ បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី ១ កងទ័ព អាល្លឺម៉ង់ បាន​ចាក​ចេញពី​ទឹកដី អេ​ស្តូ​នៅ ត្រឡប់​ទៅ​មាតុ​ប្រ​តេស​របស់​ពួកគេ​វិញ ។ ឃើញ​ដូច្នេះ កងទ័ព​របស់ បុល​សេ​វិក សូ​វៀត បាន​រំកិល​ចូល​ទឹកដី អេ​ស្តូ​នី ម្តងទៀត ។ សង្គ្រាម​ដើម្បី​ឯករាជ្យ របស់ អេ​ស្តូ​នី ប្រឆាំង នឹង សូ​វៀត Freidkorps អាល្លឺម៉ង់ និង សម្ព័ន្ធ​កងទ័ព បាល់​ទិ​ក បាន​ផ្ទុះឡើង​នៅ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ។​
​បន្ទាប់ពី​តស៊ូ​អស់​រយៈពេល ១៤ ខែ មក ជ័យជម្នះ​បាន​ធ្លាក់​ទៅ រដ្ឋ អេ​ស្តូ​នី ដែល​ទើបតែ​បង្កើត​ថ្មីៗ ។ សន្ធិសញ្ញា​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៩២០ ។ សាធារណរដ្ឋ អេ​ស្តូ​នី ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ជា​បន្តបន្ទាប់ ។

​ឆ្នាំ ១៩៣៩ និង ឆ្នាំ ១៩៤០ ខណៈដែល​ស្ថានភាព​យោធា​គ្រប់ទិសទី នៃ ពិភព​ឡើងក​ម្តៅ និង តានតឹង​ខ្លាំង​ទៅៗ​នោះ កងទ័ព​ក្រហម​របស់ ស្តា​លីន (​សូ​វៀត​) បាន​ចូលលុកលុយ និង កាន់កាប់ អេ​ស្តូ​នី ទាំងស្រុង នៅត្រឹម​ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ​១៩៤០ ហើយ​បាន​បង្កើតជា​មូលដ្ឋាន​កងទ័ព របស់ខ្លួន​នៅ​ទីនោះ ។ នៅ​ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ១៩៤០ អេ​ស្តូ​នី ត្រូវបាន សូ​វៀត ដាក់បញ្ចូល​ថា ជា សូ​វៀត អ៊ី​ស្តូ​នី ដោយ​បង្ខំ ។ អ្នកដឹកនាំ​នយោបាយ និង បញ្ញា​វ័​ន្ត​ជាច្រើន​ត្រូវបាន​សម្លាប់ ឬ ត្រូវបាន​និរទេស​ទៅ​តំបន់​ដាច់ស្រយាល នៃ សហភាព សូ​វៀត ដោយសារ​ប្រឆាំង​សូ​វៀត ខណៈ​វិធានការ​តឹងរឹង​ជាច្រើន​ត្រូវបាន​ចាត់​ឡើង​ប្រឆាំងនឹង​ជន​ស៊ី​វល​រាប់ពាន់នាក់ ។​
​ធ្លាក់ចូល​កណ្តាល​ដៃ​អាល្លឺម៉ង់

​អាល្លឺម៉ង់ បាន​ចូលលុកលុយ សហភាព សូ​វៀត នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៤១ ។ ដោយមាន​កិច្ចសហការ​ពី​សំណាក់​កងទ័ព អេ​ស្តូ​នី ផង អាល្លឺម៉ង់ បាន​ចូល​កាន់កាប់​រដ្ឋធានី តា​លិ​ន របស់ អេ​ស្តូ​នី នៅ​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ១៩៤១ ហើយ​បាន​បណ្តេញ កងទ័ព សូ​វៀត ចេញពី​ទឹកដី អេ​ស្តូ​នី ។ ប៉ុន្តែ​បន្ទាប់ពី កងទ័ព សូ​វៀត ចាក​ចេញទៅ គ្រប់ភាគី នៃ កងទ័ព អេ​ស្តូ​នី ក៏ត្រូវ​បាន អាល្លឺម៉ង់ ដកហូត​សព្វាវុធ​ដែរ ។

​ពីដំបូង​ត្រូវបាន​ស្វាគមន៍​ជាទូទៅ​ចំពោះ​វត្តមាន​អាល្លឺម៉ង់ នៅលើ​ទឹកដី អេ​ស្តូ​នី ដោយ​ពួកគេ​គិតថា អាល្លឺម៉ង់ គឺជា​អ្នក​ជួយ​រំដោះ អេ​ស្តូ​នី ពី​សូ​វៀត ហើយ​រំពឹងថា​នឹង​បាន​ស្តារ​ឯករាជភាព​របស់ អេ​ស្តូ​នី ឡើយ​ង​វិញ ។ ប៉ុន្តែ​ពេលនេះ អេ​ស្តូ​នី បែរជា​ត្រូវបាន​ក្តោប​ក្តាប់​ដោយ​ពួក ណា​ស៊ី អាល្លឺម៉ង់​វិញ​ម្តង ពោល​រួច​ពី​ចចក ធ្លាក់​ចូលក្នុង​ដៃខ្លា ។ ធនធាន​របស់ អេ​ស្តូ​នី​ត្រូវបាន​អាល្លឺម៉ង់​រឹបអូស​យក ទៅប្រើ​ប្រាស់​ក្នុង​សង្គ្រាម ហើយ​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់ ។ ខែ មករា ឆ្នាំ ១៩៤៤ សូ​វៀត មាន​មហិច្ឆតា ឈ្លានពាន អេ​ស្តូ​នី ម្តងទៀត ហើយ​ទីបំផុត​បាន​ចូលកាន់​កាប់ អេ​ស្តូ​នី ដោយ​ជោគជ័យ នៅ​រដូវរងា ឆ្នាំ ១៩៤៤ នោះ ហើយ​បាន​អះអាងថា អេ​ស្តូ​នី ជា​ទឹកដី​របស់ខ្លួន ម្តងទៀត ។ ទុក្ខវេទនា​ជាច្រើន​បាន​ធ្លាក់​ទៅលើ​ជនជាតិ អ៊ី​ស្តូ​នី មួយកម្រិត​ទៀត ។

​ស្តារ​ឯករាជភាព​ឡើងវិញ​
​ប៉ុន្តែ​រដ្ឋាភិបាល ប្រជាពលរដ្ឋ អ៊ី​ស្តូ​នី និង មហាអំណាច​ធំៗ​លើ​លោក មាន អាមេរិក អង់គ្លេស បារាំង អ៊ីតាលី និង បណ្តា​ប្រទេស ភាគច្រើនបំផុត នៃ លោកខាងលិច​បានចាត់ទុក​ថា ទង្វើ​របស់ សហភាព សូ​វៀត ដែល​រឹបអូស​យក​ប្រទេស អេ​ស្តូ​នី ធ្វើជា​ផ្នែក​មួយ​របស់ខ្លួន​នោះ គឺជា​រឿង​ខុសច្បាប់ ហើយ​នៅតែ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ អ៊ី​ស្តូ​នី ថា​ជា អ៊ី​ស្តូ​នី ឯករាជ្យ គឺ​មិន​ទទួលស្គាល់ ជា អេ​ស្តូ​នី សូ​វៀត ឡើយ ។

​ផ្ទៃក្នុង​របស់ សហភាព សូ​វៀត មាន​បញ្ហា​ប្រឈម​ជាច្រើន បណ្តាលឱ្យមាន​ភាព​ធូររលុង​ទាំង​ក្នុង និង ក្រៅប្រទេស ។ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ចលនា​ដើម្បី ស្វ័យភាព អេ​ស្តូ​នី ក៏បាន​កើតឡើង ។ ពីដំបូង​ចលនា​នេះ​គឺ​ទាមទារ​រក​ត្រឹមតែ​ឯករាជ្យ​ច្រើនជាង​មុន​នៅក្នុង​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះ ។ ប៉ុន្តែ​សហភាពសូវៀត កំពុង​ទន់ខ្សោយ​ទៅៗ ទើប អេ​ស្តូ​នី រៀបចំ​ប្រព័ន្ធ​ធ្វើជា​អ្នកសម្រេចចិត្ត ដោយ​ខ្លួនឯង​តែម្តង ។

​នៅ​ឆ្នាំ ១៩៨៩ មាន​បដិវត្តន៍​មួយ​ឈ្មោះថា “ បដិវត្តន៍ ច្រៀង “ គឺ​ពួក​បណ្តា​ប្រទេស​ចំនួន បី គឺ អេ​ស្តូ​នី ឡេ​តូ​នី និង លី​ទុ​អា​នី ដែលមាន​បញ្ហា​ប្រហាក់ប្រហែលគ្នា​បាន​ចូលរួម​ច្រៀង​ចម្រៀង​បដិវត្តន៍ ដើម្បី​ទាមទារ​ឯករាជ្យ​របស់​ពួកគេ​ពី​សហភាព​សូ​វត​។ អំឡុង ខែ សីហា ឆ្នាំ ១៩៩១ ផ្ទៃក្នុង​សហភាព សូ​វៀត មានការ​ប្រឆាំង​គ្នា​ឡើងក​ម្តៅ​ខ្លាំង​ទៅៗ​រហូត​រៀបចំ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា ប្រឆាំងនឹង ប្រធានាធិបតី សហភាព សូ​វៀត មី​ខាល ហ្គោ​បា​ឆូវ ដែល​បានសេចក្តីថា អំណាចកណ្តាល របស់ សហភាព សូ​វៀត ឈានដល់​ដំណាក់កាល​វឹកវរ​ដល់​កម្រិត​ទប់ទល់​ខ្លួនឯង​ក៏​មិន​ចង់​ជាប់​ផង​ទៅហើយ ។​

​ឃើញ​ឱកាសល្អ​ដូច្នោះ អេ​ស្តូ​នី បានប្រកាស​ឯករាជភាព របស់​ពួកគេ​នៅ​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៩១ ។ ដោយសារ​ខ្លួន​កំពុង​ទន់ខ្សោយ​ផង​នោះ សហភាព សូ​វៀត គ្មាន​លទ្ធភាព​ផ្សេង​ឡើយ គឺ​មានតែ​ទទួលស្គាល់​ឯករាជភាព​របស់ អេ​ស្តូ​នី នៅ​ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ១៩៩១ នោះដែរ ហើយ​កងទ័ព រុស្ស៊ី បាន​ដក​ចេញពី​ទឹកដី អ៊ី​ស្តូ​នី ចុងក្រោយ​បំផុត​គឺ​នៅ​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ១៩៩៤ ។
​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អេ​ស្តូ​នី បានចាត់ទុក​ការប្រកាស​ឯករាជភាព​របស់ខ្លួន​នា​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៩១ នោះ​ថា ជា​ថ្ងៃ​ស្តារ​ឯករាជភាព​ឡើយ​វិញ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​ទីក្រុង តា​លិ​ន នៃ ប្រទេស អេ​ស្តូ​នី (​អេ​ស្តូ​នី ២)
ក្បួន​ដង្ហែ​នៅ​ថ្ងៃ​ប្រកាស​ស្តារ​ឯករាជភាព នៃ ប្រទេស អេ​ស្តូ​នី ឆ្នាំ ១៩៩១ (​អេ​ស្តូ​នី ១)
#