ទិវា​ឡើង​សោយរាជ្យ នៃព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក​

2146
ចែករម្លែក

(​ភ្នំពេញ​)៖ ទិវា ឡើង​សោយរាជ្យ នៃ​ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក ប្រារព្ធ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះបាទ មហា​ម៉េ​ដ ទី ៦ ឡើង​សោយរាជ្យ តាម​បវេណី​របស់ ម៉ា​រ៉ុ​ក ដែលជា​តំណ និង តំណាង ឬ ជាការ​រំឭក​ដល់​ការទទួលបាន ឯករាជភាព​របស់ ម៉ា​រ៉ុ​ក ពី​បារាំង និង អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ​១៩៥៦ ហើយ​ទិវា នេះ នា​អំឡុង​រជ្ជកាល​ព្រះបាទ មហា​ម៉េ​ដ ទី ៥ ធ្វើ​នៅ​ថ្ងៃទី ១៨ ខែ វិច្ឆិកា រជ្ជកាល ព្រះបាទ ហាស្សាន ទី ២ ទិវា​នេះ ធ្វើ​នៅ​ថ្ងៃទី ៣ ខែ មីនា ចំណែក​រជ្ជកាល​ព្រះបាទ មហា​ម៉េ​ដ ទី ៦ គឺ​ចាប់​ឆ្នាំ ១៩៩៩ ទិវា​នេះ​ធ្វើ​នៅ​ថ្ងៃទី ៣០ កក្កដា រហូតមក ។​


​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​

​ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក គឺជា​ប្រទេស​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ មាន​ផ្ទៃដី ៤៤៦.៥៥០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក​ខាងជើង មាន ព្រំដែន​ជាប់​វាល​ខ្សាច់ សាហា​រ៉ា អាល់​ហ្ស៊េ​រី និង អេ​ស្ប៉ា​ញ ។ ឆ្នាំ ២០១៨ ប្រជា ពលរដ្ឋ​ជាង ៣៦ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ី​ស្លា ។ រដ្ឋធានី គឺ​ទីក្រុង រ៉ា​បា ភាសាផ្លូវការ គឺ​ភាសា អារ៉ាប់ ទំនើប និង ភាសា ប៊ឺ​ប៊ឺ ។​

​ព្រះមហាក្សត្រ គឺជា​ព្រះប្រមុខរដ្ឋ ដែល​កាន់អំណាច​នីតិបញ្ញត្តិ និង នីតិប្រតិបត្តិ​យ៉ាង​ទូលំទូលាយ ដោយ​រួមទាំង​អំណាច​យោធា​ផង ។ រាជក្រឹត្យ​របស់​ព្រះអង្គ​មាន​អនុ​ភាពជា​ច្បាប់ ព្រះមហាក្សត្រ មាន​សិទ្ធិ​រំលាយ​រដ្ឋសភា ដោយ​គ្រាន់តែ​ត្រូវ​ប្រឹក្សា​ជាមួយ​នាយករដ្ឋមន្ត្រី និង​ប្រធាន​តុលាការ ធម្មនុញ្ញ​។​

​ប្រវត្តិសាស្ត្រ​-​អាច​ណា​ចក្រ​សាច់​ខ្លាញ់​
​ខណៈ អឺរ៉ុប បានធ្វើ ឩ​ស្សា​ហូប​និ​យ​កម្ម​នោះ អាហ្វ្រិក​ខាងជើង ក៏​កាន់តែ​មានតម្លៃ​ឡើងៗ ចំពោះ​សក្តានុពល​របស់ អឺរ៉ុប សម្រាប់​ការធ្វើ​អាណានិគម ។ នា​អំឡុង​ដើម​ទសវត្សរ៍ ១៨៣០ បារាំង បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ក្លា​ចំពោះ​ប្រទេស ម៉ា​រ៉ុ​ក គឺ​ដើម្បី​ជា​របង​ការពារ ព្រំដែន​ប្រទេស អាល់​ហ្ស៊េ​រី (​ដែល​បារាំង​កំពុង​ត្រួតត្រា​) ផង និង​ជាទី​តាំង​យុទ្ធសាស្ត្រ​សម្រាប់ ឆ្លងកាត់​ទៅមក​ពី​មហាសាគរ ប៉ា​ហ្វ៊ិ​ក និង មហាសាគរ ម៉េ​ឌី​ទែ​រ៉ា​ណេ ផង ។​

​ទំនាស់​ដែនដី​ជុំវិញ​តំបន់ Ceuta ក្រោម​អាណានិគម អេ​ស្ប៉ា​ញ បាន​រីក​កាន់តែ​ក្តៅ​ទៅៗ រហូត​ទីបំផុត​នៅ​ឆ្នាំ ១៨៦០ អេ​ស្ប៉ា​ញ ប្រកាសសង្គ្រាម ប្រឆាំង​បារាំង ហើយ​ទីបំផុត នៃ សង្គ្រាម​នោះ អេ​ស្ប៉ា​ញ ចំណេញ​បាន​ដី​មួយចំនួនទៀត សម្រាប់​ពង្រីក​តំបន់​ដែនដី​អាណានិគម របស់ខ្លួន ។ នៅ​ឆ្នាំ ១៨៨៤ អេ​ស្ប៉ា​ញ បាន​បង្កើត​រដ្ឋការ​អា​ណា​ព្យាបាល​ទៅលើ​តំបន់ឆ្នេរ​នានា នៃ ម៉ា​រ៉ុ​ក ។

​នៅ​ឆ្នាំ ១៩០៤ បារាំង និង អេ​ស្ប៉ា​ញ បាន​ត្រួស​ត្រាយផ្លូវ​ចេញពី​តំបន់​នោះ គឺ​បារាំង មានបំណង បង្កើត​រដ្ឋការ អាណាព្យាបាល នៅ​តំបន់ ម៉ា​រ៉ុ​ក ប៉ុន្តែ​ត្រូវបាន អាល្លឺម៉ង់ ជំទាស់​ដោយបាន​បញ្ចេញ ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ហើយ​វិបត្តិ​ក៏បាន​កើតឡើង​នៅ​ឆ្នាំ ១៩០៥ រវាង​មហាអំណាច អឺរ៉ុប ទាំងពីរ​នេះ ។

​ដើម្បី ដោះស្រាយ​បញ្ហា​នេះ សន្និសីទ​មួយ​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​កំពង់ផែ Algeciras នៃ ប្រទេស អេ​ស្ប៉ា​ញ ពី​ចន្លោះ​ទី ថ្ងៃទី ១៦ ខែ មករា ដល់​ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩០៦ ដែល​បាន ដោះស្រាយ​វិបត្តិ នៃ មហិច្ឆតា របស់​បារាំង ទៅលើ ម៉ា​រ៉ុ​ក បាន​មួយគ្រា ។​

​ប៉ុន្តែ​ដោយសារ ម៉ា​រ៉ុ​ក គឺជា​ទីតាំង​យុទ្ធសាស្ត្រ​នោះ បារាំង ចាំបាច់​ត្រូវតែ​យក អាណាចក្រ អ៊ីស្លាម មួយ​នេះ​ត្រួតត្រារ​ឱ្យ​ទាល់តែ​បាន ទើប​នៅ​ខែ មេសា ឆ្នាំ ១៩១១ បារាំង បាន​បញ្ជូន និង​ដាក់ពង្រាយ កងទ័ព​របស់ខ្លួន​នៅក្នុង​ទឹកដី ម៉ា​រ៉ុ​ក ។ អាល្លឺម៉ង់​ឆ្លើយតប​ដោយ​ការបញ្ជូន​នាវាចម្បាំង​ទៅកាន់​ទីក្រុង កំពង់ផែ Agadir ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ១៩១១ នោះដែរ បញ្ឆេះ​ឱ្យមាន​ភាព​តានតឹង ផ្ទុះឡើង​ម្តងទៀត រវាង​មហាអំណាច​អឺរ៉ុប ទាំងពីរ​នេះ ដែល​អង់គ្លេស ក៏​ជា​ផ្នែក​មួយ​នៅ​ពីក្រោយ ទំនាស់​នោះដែរ ។​

​ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​រីក​រាលដាល​នេះ ស៊ុ​លត​ង់ ( តំណែង​ស្មើនឹង​ស្តេច ) ម៉ា​រ៉ុ​ក អាប់​ដែល ហា​ហ្វ៊ី​ដ ត្រូវបាន​តម្រូវឱ្យ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយនា​ទីក្រុង ហ្វេ​ស នៃ ប្រទេស ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ១៩១២ ដោយ​ដាក់ ម៉ា​រ៉ុ​ក ឱ្យ​ស្ថិតក្រោម​អាណាព្យាបាល​របស់​បារាំង ដោយ​បារាំង​បាន​ដោះដូរ​ទឹកដី​អាណានិគម​របស់ខ្លួន​នៅ​តំបន់ កុង​ហ្គោ កណ្តាល (​បច្ចុប្បន្ន​សា​ធា រ​ណ្ឋ កុង​ហ្គោ​) ទៅឱ្យ អាល្លឺម៉ង់ ជា​អ្នកត្រួតត្រា​វិញ ។ ចំណែក អេ​ស្ប៉ា​ញ នៅ​បន្ត​ត្រួតត្រា​លើ តំបន់ឆ្នេរ​ខ្សាច់ សាហា​រ៉ា ខាងជើង និង ខាងត្បូង ដដែល ។ សន្ធិសញ្ញា​នេះ​ត្រូវបាន​ប្រជាជន ម៉ា​រ៉ុ​ក ថ្កោលទោស​ថា​ជាការ​ហែក​ទឹកដី ម៉ា​រ៉ុ​ក ទៅឱ្យ​បរទេស ។

​ផលប្រយោជន៍​ដ៏​ច្រើន​មហិមា បាន​កើតឡើង​នៅក្នុង​ដែនដី ម៉ា​រ៉ុ​ក ញ៉ាំងឱ្យ​បារាំង​រិត​បន្តឹង​ការ ត្រួតត្រា ដែលជា​ហេតុ​នាំទៅរក​ការបង្កើត​ឩ​ទ្ទាម​កម្ម​របស់​ជនជាតិ ម៉ា​រ៉ុ​ក ប្រឆាំងនឹង អាណានិគម​បារាំង​និង​ស៊ុ​លត​ង់ អាប់​ដែល​ហា​ហ្វ៊ី​ដ ដែល​ក្រោម​ការបង្គាប់បញ្ជា​របស់​បារាំង​។

​នៅ​ឆ្នាំ ១៩២១ ជនជាតិ ប៊ឺ​ប៊ឺ (​ដែលជា​អម្បូរ​ដ៏​ធំ​បំផុត​មួយ​របស់ ម៉ា​រ៉ុ​ក ) នៅ​តំបន់ភ្នំ រី​ហ្វ បាន​ងើប​បោះ​បោរ​ប្រឆាំង ហើយ​បង្កើតជា​សាធារណរដ្ឋ រី​ហ្វ ។ ប៉ុន្តែ​ត្រូវបាន កងទ័ព​បារាំង និង អេ​ស្ប៉ា​ញ ព្រួត​គ្នា​វាយកម្ទេច​ទៅវិញ​នៅ​ឆ្នាំ ១៩២៦ ។

ចលនា​ឯករាជភាព
​អាមេរិក ដែល​បាន​ក្លាយជា​មហា​ប្រទេស​ក្នុងពេល​ឆាប់ៗ ហើយ​ភាពជា​មហា​ប្រទេស​នោះ ទោះ​ចង់ ឬ មិន​ចង់ ក៏​គង់តែ​ត្រូវ​ប្រឈមមុខ នឹង មហាអំណាច​មុនៗ ដូច​យ៉ាង​បារាំង អង់គ្លេស អេ​ស្ប៉ា​ញ និង អាល្លឺម៉ង់ ជាដើម ជាក់​ជាមិនខាន ។ ដោយហេតុនេះ អាមេរិក ក៏​ចាប់ផ្តើម​រិះ រក​វិធី​កាត់បន្ថយ​ឥទ្ធិពល នៃ មហាអំណាច​នានា​ជា​បណ្តើរៗ​តាម​គ្រប់​រូបភាព ។​

​ដោយមាន​ការគាំទ្រ​ជាសម្ងាត់​ពី​សហរដ្ឋអាមេរិក នៅ​ឆ្នាំ ១៩៤៣ គណៈបក្ស Istiqlal Party (​គណបក្ស​ឯករាជភាព​) ត្រូវបាន​បង្កើតឡើង ដោយបាន​ផ្តល់​ជាសំខាន់​នូវ​ភាពជា​អ្នកដឹកនាំ និង ចលនា​ជាតិនិយម ។​

​កាលដែល​បារាំង​ចូល​ត្រួតត្រា ម៉ា​រ៉ុ​ក នោះ ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី ៥ បាន​ជំទាស់​ជាដាច់ខាត ហើយ​ទីបំផុត​ត្រូវ​បារាំង​ចាប់​និរទេស​ទៅ ម៉ា​ដា​ហ្កា​ស្កា ។ ពី​ក្រៅប្រទេស​មក នៅ​ឆ្នាំ ១៩៥៣ អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី ៥ បាន​បញ្ចេញ​សកម្មភាព​ប្រឆាំង​ទៅនឹង​ការធ្វើ​អាណានិគម​លើទឹក​ដី ម៉ា​រ៉ុ​ក ពី​សំណាក់ បារាំង និង អេ​ស្ប៉ា​ញ សា​ជាថ្មីទៀត​ដែលនាំឱ្យ​ចលនា​តស៊ូ​ជាតិនិយម​ក្នុងប្រទេស កាន់​តែមាន​ឥទ្ធិពល​ខ្លាំង​ទៅៗ​នៅក្នុង​ចិត្តគំនិត និង សង្គម ម៉ា​រ៉ុ​ករ​ហូត​ឈានទៅដល់​អំពើរ​ហិង្សា នានា​ប្រឆាំង​ជនបរទេស ។

​គិតថា ដើម្បី លួង​ចិត្ត​ពលរដ្ឋ ម៉ា​រ៉ុ​ក ដែល​ទាមទារ​ឱ្យ មហា​ម៉េ​ដ​ទី​៥ វិល​មកវិញ​នោះ បារាំង បាន​អនុ​ញ្ញ​ត្ត​ឱ្យ អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ ទី ៥ ត្រឡប់​ចូល ម៉ា​រ៉ុ​ក វិញ​នៅ​ឆ្នាំ ១៩៥៥ ។ វត្តមាន​របស់​អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ ទី ៥ គឺជា​ប្រទីប ឬ ជា​ដងទង់ នៃ គំនិត​តស៊ូ​ដើម្បី​ឯករាជ ភាព​របស់​ជនជាតិ ម៉ា​រ៉ុ​ក ទៅវិញ ដែល​ញ៉ាំ​ឱ្យកម្លាំង​ជាតិនិយម​កាន់តែ​មាន​ភា​ពពុះ​កញ្ជ្រោល​ឡើង ទីបំផុត​ក៏មាន​ការផ្តួចផ្តើម​គំនិត​ចរចា​ដើម្បី​ឯករាជភាព ម៉ា​រ៉ុ​ក ត្រូ​បានធ្វើ​នៅ​ឆ្នាំ ១៩៥៦ ។​

​ខែ មីនា ឆ្នាំ ១៩៥៦ អាណាព្យាបាល​បារាំង ទៅលើ ម៉ា​រ៉ុ​ក ត្រូវបាន​ញ្ច​ប់ ហើយ ម៉ា​រ៉ុ​ក​ទទួលបាន ឯករាជភាព​របស់ខ្លួន​ពី​បារាំង ក្នុងឋានៈ​ជា​ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក យ៉ាង​ពេញលេញ ។ មួយខែ​ក្រោយ អេ​ស្ប៉ា​ញ ក៏បាន​ប្រគល់​ទឹកដី​អាណានិគម​ភាគច្រើនបំផុត​របស់ខ្លួន​នៅ ម៉ា​រ៉ុ​ក ខាងជើង​ឱ្យ ម៉ា​រ៉ុ​ក វិញ ប៉ុន្តែ​បាន​បន្ត​រក្សា​ទឹកដី​មួយចំនួន​នៅ ឆ្នេរ​សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណា ។

​ងារ​ជា ស៊ុ​លត​ង់ ត្រូវបាន​ជំនួស ដោយ ព្រះរាជា ឬ ព្រះមហាក្សត្រ ។ អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ ទី ៥ បាន​ឡើង​សោយរាជ្យ នៅ​ឆ្នាំ ១៩៥៧ ហើយ​បាន​សោយ​ទិវង្គត​នៅ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៦១ ដោយ​បុត្រ​របស់​ព្រះអង្គ​គឺ ព្រះបាទ ហាស្សាន់​ទី​២ ជា​អ្នក​ឡើង​គ្រង​រាជ​បន្ត ។ ព្រះបាទ​ហាស្សាន់ ទី​២ បាន​សោយ​ទិវង្គត នៅ​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៩៩ ហើយ​នៅ​ថ្ងៃទី ៣០ ខែ កក្កដា ឆ្នា ១៩៩៩ បុត្រ​របស់​ព្រះអង្គ គឺ​ព្រះបាទ មហា​ម៉េ​ដ​ទី ៦ ឡើង​គ្រងរាជ្យ​បន្ត​រហូតមកដល់​បច្ចុប្បន្ន ។​
​ដោយហេតុនេះ ទិវា​ឡើង​សោយរាជ្យ ត្រូវបាន​ធ្វើឡើង ដើម្បី​រំឭក​ដល់​កាលដែល​ព្រះរាជា មហា​ម៉េ​ដ​ទី ៦ ឡើង​គ្រងរាជ្យ នោះឯង ៕

​គំ​នរូ​ពណ៌នា​អំពី​សង្គ្រាម​ដែល​កងទ័ព​សាធារណរដ្ឋ រី​ហ្វ ជនជាតិ ម៉ា​រ៉ុ​ក ប្រឆាំងនឹង បារាំង និង អេ​ស្ប៉ា​ញ (moroco 1)
ព្រះបាទ មហា​ម៉េ​ដ​ទី ៦ (​កណ្តាល​) ឡើង​ស្នងរាជ្យ​នៅ​ឆ្នាំ ១៩៩៩ (moroco 2)