ទិវា​ឡើង​សោយរាជ្យ នៃ​ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក​

511
ចែករម្លែក

​ភ្នំពេញៈ ទិវា​ឡើង​សោយរាជ្យ នៃ​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក ប្រារព្ធ​ឡើង ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ព្រះបាទ មហា​ម៉េ​ដ ទី​៦ យាង​ឡើង​សោយរាជ្យ តាម​បវេណី​របស់ ម៉ា​រ៉ុ​ក ដែល ជា​តំណ និង​តំណាង ឬ​ជាការ​រំឭក​ដល់​ការទទួលបាន ឯករាជ្យភាព​របស់ ម៉ា​រ៉ុ​ក ពី​បារាំង និង អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ​១៩៥៦ ហើយ​ទិវា​នេះ នា​អំឡុង​រជ្ជកាល​ព្រះបាទ មហា​ម៉េ​ដ ទី​៥ ធ្វើ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា រជ្ជកាល​ព្រះបាទ​ហាស្សាន​ទី​២ ទិវា​នេះ ធ្វើ​នៅ​ថ្ងៃទី​៣ ខែមីនា ចំណែក​រជ្ជកាល​ព្រះបាទ មហា​ម៉េ​ដ​ទី​៦ គឺ​ចាប់​ឆ្នាំ​១៩៩៩ ទិវា​នេះ ធ្វើ​នៅ​ថ្ងៃទី ៣០ កក្កដា រហូតមក ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក គឺជា​ប្រទេស​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ មាន​ផ្ទៃដី ៤៤៦.៥៥០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក​ខាងជើង មាន​ព្រំដែន​ជាប់​វាល​ខ្សាច់ សាហា​រ៉ា អាល់​ហ្ស៊េ​រី និង អេ​ស្ប៉ា​ញ ។ ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ជាង ៣៦ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម ។ រដ្ឋធានី គឺ​ទីក្រុង​រ៉ា​បា ភាសាផ្លូវការ គឺ​ភាសា​អារ៉ាប់​ទំនើប និង​ភាសា ប៊ឺ​ប៊ឺ ។​

​ព្រះមហាក្សត្រ គឺជា​ព្រះប្រមុខរដ្ឋ ដែល​កាន់អំណាច​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​យ៉ាង​ទូ លំ​ទូលាយ ដោយ​រួមទាំង​អំណាច​យោធា​ផង​។ រាជក្រឹត្យ​របស់​ព្រះអង្គ​មាន​អនុភាព ជា​ច្បាប់ ព្រះមហាក្សត្រ មាន​សិទ្ធិ​រំលាយ​រដ្ឋសភា ដោយ​គ្រាន់តែ​ត្រូវ​ប្រឹក្សា​ជាមួយ នាយករដ្ឋមន្ត្រី និង​ប្រធាន​តុលាការ​ធម្មនុញ្ញ​។​

ប្រវត្តិសាស្ត្រ​-​អាច​ណា​ចក្រ​សាច់​ខ្លាញ់
​ខណៈ អឺរ៉ុប បានធ្វើ​ឧស្សា​ហូប​និ​យក​ម្ម អាហ្វ្រិក​ខាងជើង ក៏​កាន់តែ​មានតម្លៃ​ឡើងៗ ចំពោះ​សក្តានុពល​របស់​អឺរ៉ុប សម្រាប់​ការធ្វើ​អាណានិគម ។ នា​អំឡុង​ដើម​ទសវត្សរ៍ ១៨៣០ បារាំង បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ក្លា ចំពោះ​ប្រទេស​ម៉ា​រ៉ុ​ក គឺ​ដើម្បី​ជា​របង​ការពារ​ព្រំដែន​ប្រទេស​អាល់​ហ្ស៊េ​រី (​ដែល​បារាំង​កំពុង​ត្រួតត្រា​) ផង និង​ជាទី​តាំង​យុទ្ធសាស្ត្រ​សម្រាប់​ឆ្លងកាត់​ទៅមក​ពី​មហាសាគរ​ប៉ា​ហ្វិ​ក និង​មហាសាគរ ម៉េ​ឌី​ទែ​រ៉ា​ណេ ផង ។​

​ទំនាស់​ដែនដី​ជុំវិញ​តំបន់ Ceuta ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ បាន​រីក​កាន់តែ​ក្តៅ​ទៅៗ រហូត​ទីបំផុត​នៅ​ឆ្នាំ​១៨៦០ អេ​ស្ប៉ា​ញ ប្រកាសសង្គ្រាម​ប្រឆាំង​បារាំង ហើយ​ទីបំផុត​នៃ សង្គ្រាម​នោះ អេ​ស្ប៉ា​ញ ចំណេញ​បាន​ដី​មួយចំនួនទៀត សម្រាប់​ពង្រីក​តំបន់​ដែនដី អាណានិគម​របស់ខ្លួន ។ នៅ​ឆ្នាំ​១៨៨៤ អេ​ស្ប៉ា​ញ បាន​បង្កើត​រដ្ឋការ​អា​ណា​ព្យាបាល​ទៅ លើ​តំបន់ឆ្នេរ​នានា នៃ​ម៉ា​រ៉ុ​ក ។

​នៅ​ឆ្នាំ​១៩០៤ បារាំង និង​អេ​ស្ប៉ា​ញ បាន​ត្រួស​ត្រាយផ្លូវ​ចេញពី​តំបន់​នោះ គឺ​បារាំង មានបំណង​បង្កើត​រដ្ឋការ អាណាព្យាបាល នៅ​តំបន់​ម៉ា​រ៉ុ​ក ប៉ុន្តែ​ត្រូវបាន​អាល្លឺម៉ង់ ជំទាស់ ដោយបាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ហើយ​វិបត្តិ ក៏បាន​កើតឡើង​នៅ​ឆ្នាំ​១៩០៥ រវាង​មហាអំណាច អឺរ៉ុប ទាំងពីរ​នេះ ។

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សន្និសីទ​មួយ ត្រូវបាន​រៀបចំឡើង នៅ​ទីក្រុង​កំពង់ផែ Algeciras នៃ​ប្រទេស​អេ​ស្ប៉ា​ញ ចន្លោះ​ពីថ្ងៃ​ទី​១៦ ខែមករា ដល់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​១៩០៦ ដែល​បាន​ដោះស្រាយ​វិបត្តិ នៃ​មហិច្ឆតា របស់​បារាំង ទៅលើ ម៉ា​រ៉ុ​ក បាន​មួយគ្រា ។​

​ប៉ុន្តែ​ដោយសារ​ម៉ា​រ៉ុ​ក គឺជា​ទីតាំង​យុទ្ធសាស្ត្រ បារាំង ចាំបាច់​ត្រូវតែ​យក​អាណាចក្រ អ៊ីស្លាម មួយ​នេះ ត្រួតត្រារ​ឱ្យ​ទាល់តែ​បាន ទើប​នៅ​ខែមេសា ឆ្នាំ​១៩១១ បារាំង បាន បញ្ជូន និង​ដាក់ពង្រាយ​កងទ័ព​រប​ស់​ខ្លួន នៅក្នុង​ទឹកដី​ម៉ា​រ៉ុ​ក ។ អាល្លឺម៉ង់​ឆ្លើយតប​ដោយ ការបញ្ជូន​នាវាចម្បាំង ទៅកាន់​ទីក្រុង​កំពង់ផែ Agadir ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​១៩១១ នោះដែរ បញ្ឆេះ​ឱ្យមាន​ភាព​តានតឹង​ផ្ទុះឡើង​ម្តងទៀត​រវាង​មហាអំណាច​អឺរ៉ុប ទាំងពីរ​នេះ ដែល​អង់គ្លេស ក៏​ជា​ផ្នែក​មួយ​នៅ​ពីក្រោយ​ទំនាស់​នោះដែរ ។​

​ដើម្បី​ដោះស្រាយ​វិបត្តិ ដ៏​រីក​រាលដាល​នេះ ស៊ុ​លត​ង់ ម៉ា​រ៉ុ​ក អាប់​ដែល​ហា​ហ្វ៊ី​ដ ត្រូវបាន តម្រូវឱ្យ​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​មួយ នាទី​ក្រុង​ហ្វេ​ស នៃ​ប្រទេស​ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ​១៩១២ ដោយ​ដាក់ ម៉ា​រ៉ុ​ក ឱ្យ​ស្ថិតក្រោម​អាណាព្យាបាល របស់​បារាំង ដោយ​បារាំង​បាន​ដោះដូរ​ទឹកដី​អាណានិគម​របស់ខ្លួន នៅ​តំបន់​កុង​ហ្គោ កណ្តាល (​បច្ចុប្បន្ន សាធារណរដ្ឋ កុង​ហ្គោ​) ទៅឱ្យ​អាល្លឺម៉ង់ ជា​អ្នកត្រួតត្រា​វិញ ។ ចំណែក អេ​ស្ប៉ា​ញ នៅ​បន្ត​ត្រួតត្រា​លើ​តំបន់ឆ្នេរ​ខ្សាច់​សាហា​រ៉ា ខាងជើង និង ខាងត្បូង ដដែល ។ សន្ធិសញ្ញា​នេះ ត្រូវបាន​ប្រជាជន ម៉ា​រ៉ុ​ក ថ្កោលទោស​ថា ជាការ​ហែក​ទឹកដី ម៉ា​រ៉ុ​ក ទៅឱ្យ​បរទេស ។

​ផលប្រយោជន៍​ដ៏​ច្រើន​មហិមា បានកើត​ឡើង នៅក្នុង​ដែនដី ម៉ា​រ៉ុ​ក​ញ៉ាំងឱ្យ​បារាំង​រិត បន្តឹង​ការត្រួតត្រា ដែលជា​ហេតុ​នាំទៅរក​ការបង្កើត​ឩ​ទ្ទាម​កម្ម​របស់​ជនជាតិ ម៉ា​រ៉ុ​ក ប្រឆាំងនឹង អាណានិគម​បារាំង និង​ស៊ុ​លត​ង់ អាប់​ដែល​ហា​ហ្វ៊ី​ដដែល​ក្រោម​ការបង្គាប់ បញ្ជា​របស់​បារាំង​។

​នៅ​ឆ្នាំ​១៩២១ ជនជាតិ​ប៊ឺ​ប៊ឺ (​ដែលជា​អម្បូរ​ដ៏​ធំ​បំផុត​មួយ​របស់​ម៉ា​រ៉ុ​ក ) នៅ​តំបន់ភ្នំ​រី​ហ្វ បាន​ងើប​បោះ​បោរ​ប្រឆាំង ហើយ​បង្កើតជា​សាធារណរដ្ឋ​រី​ហ្វ ។ ប៉ុន្តែ​ត្រូវបាន​កងទ័ព បារាំង និង អេ​ស្ប៉ា​ញ ព្រួត​គ្នា​វាយកម្ទេច​ទៅវិញ នៅ​ឆ្នាំ ១៩២៦ ។

​ចលនា​ឯករាជ្យភាព
​អាមេរិក ដែល​បាន​ក្លាយជា​មហា​ប្រទេស ក្នុងពេល​ឆាប់ៗ​ហើយ​ភាពជា​មហា​ប្រទេស នោះ ទោះ​ចង់ ឬ​មិន​ចង់ ក៏​គង់តែ​ត្រូវ​ប្រឈមមុខ​នឹង​មហាអំណាច​មុនៗ ដូច​យ៉ាង​បារាំង អង់គ្លេស អេ​ស្ប៉ា​ញ និង​អាល្លឺម៉ង់​ជាដើម ជាក់​ជាមិនខាន ។ ដោយហេតុនេះ អាមេរិក ក៏​ចាប់ផ្តើម​រិះរក​វិធី​កាត់បន្ថយ​ឥទ្ធិពល នៃ​មហាអំណាច​នានា ជា​បណ្តើរៗ​តាម​គ្រប់ រូបភាព ។​

​ដោយមាន​ការគាំទ្រ​ជាសម្ងាត់​ពី​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​១៩៤៣ គណបក្ស Istiqlal Party (​គណបក្ស​ឯករាជភាព​) ត្រូវបាន​បង្កើតឡើង ដោយបាន​ផ្តល់​ជាសំខាន់​នូវ​ភាព ជា​អ្នកដឹកនាំ និង​ចលនា​ជាតិនិយម ។​

​កាលដែល​បារាំង ចូល​ត្រួតត្រា ម៉ា​រ៉ុ​ក នោះ ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី​៥ បាន​ជំទាស់​ជា​ដាច់ ខាត ហើយ​ទីបំផុត ត្រូវ​បារាំង​ចាប់​និរទេស ទៅ​ម៉ា​ដា​ហ្កា​ស្កា ។ ពី​ក្រៅប្រទេស​មក នៅ​ឆ្នាំ ១៩៥៣ អតីត​ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី​៥ បាន​បញ្ចេញ​សកម្មភាព​ប្រឆាំង​ទៅនឹង ការធ្វើ​អាណានិគម​លើទឹក​ដី​ម៉ា​រ៉ុ​ក ពី​សំណាក់​បារាំង និង អេ​ស្ប៉ា​ញ សាជាថ្មី​ទៀត ដែលនាំឱ្យ​ចលនា​តស៊ូ​ជាតិនិយម ក្នុងប្រទេស កាន់​តែមាន​ឥទ្ធិពល​ខ្លាំង​ទៅៗ នៅក្នុង​ចិត្តគំនិត និង​សង្គម​ម៉ា​រ៉ុ​ក រហូត​ឈានទៅដល់​អំពើហិង្សា​នានា​ប្រឆាំង​ជន បរទេស ។

​គិតថា ដើម្បី​លួង​ចិត្ត​ពលរដ្ឋ​ម៉ា​រ៉ុ​ក ដែល​ទាមទារ​ឱ្យ មហា​ម៉េ​ដ​ទី​៥ វិល​មកវិញ បារាំង បាន​អនុ​ញ្ញា​ត្ត​ឱ្យ​អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី​៥ ត្រឡប់​ចូល​ម៉ា​រ៉ុ​ក​វិញ នៅ​ឆ្នាំ​១៩៥៥ ។ វត្តមាន​របស់​អតីត​ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី​៥ គឺជា​ប្រទីប ឬ​ជា​ដងទង់ នៃ​គំនិត​តស៊ូ ដើម្បី​ឯករាជ្យភាព​របស់​ជន​ជាតិ​ម៉ា​រ៉ុ​ក ទៅវិញ ដែល​ញ៉ាំងឱ្យ​កម្លាំង​ជាតិនិយម​កាន់តែ មាន​ភាព​ពុះកញ្ជ្រោល​ឡើង ទីបំផុត ក៏មាន​ការផ្តួចផ្តើម​គំនិត​ចរចា​ដើម្បី​ឯករាជ្យភាព ម៉ា​រ៉ុ​ក ត្រូវបានធ្វើ​នៅ​ឆ្នាំ​១៩៥៦ ។​

​ខែមីនា ឆ្នាំ​១៩៥៦ អាណាព្យាបាល​បារាំង ទៅលើ​ម៉ា​រ៉ុ​ក ត្រូវបាន​បញ្ចប់ ហើយ​ម៉ា​រ៉ុ​ក ទទួលបាន​ឯករាជ្យភាព​របស់ខ្លួន ពី​បារាំង ក្នុងឋានៈ ជា​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក យ៉ាង​ពេញលេញ ។ មួយខែ​ក្រោយ អេ​ស្ប៉ា​ញ ក៏បាន​ប្រគល់​ទឹកដី​អាណានិគម ភាគច្រើនបំផុត​របស់​ខ្លួន​នៅ​ម៉ា​រ៉ុ​ក​ខាងជើង ឱ្យ​ម៉ា​រ៉ុ​ក​វិញ ប៉ុន្តែ​បាន​បន្ត​រក្សា​ទឹកដី មួយចំនួន នៅ​ឆ្នេរ​សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ ។

​ងារ​ជា ស៊ុ​លត​ង់ ត្រូវបាន​ជំនួស ដោយ​ព្រះរាជា ឬ​ព្រះមហាក្សត្រ ។ អតីត​ស៊ុ​លត​ង់ មហា​ម៉េ​ដ ទី​៥ បាន​ឡើង​សោយរាជ្យ នៅ​ឆ្នាំ​១៩៥៧ ហើយ​បាន​សោយ​ទិវង្គត នៅ​ទី​២៦ ខែ កុម្ភៈ ឆ្នាំ​១៩៦១ ដោយ​បុត្រ​របស់​ព្រះអង្គ​គឺ ព្រះបាទ ហាស្សាន់​ទី​២​ជា​អ្នក​ឡើង​គ្រង រាជ្យ​បន្ត​។ ព្រះបាទ​ហាស្សាន់​ទី​២ បាន​សោយ​ទិវង្គត នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៩៩ ហើយ​នៅ​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​១៩៩៩ បុត្រ​របស់​ព្រះអង្គ គឺ​ព្រះបាទ​មហា​ម៉េ​ដ​ទី​៦ ឡើង​គ្រងរាជ្យ​បន្ត​រហូតមកដល់​បច្ចុប្បន្ន ។​

​ដោយហេតុនេះ ទិវា​ឡើង​សោយរាជ្យ ត្រូវបាន​ធ្វើឡើង​ដើម្បី​រំឭក​ដល់​កាលដែល ព្រះរាជា​មហា​ម៉េ​ដ​ទី​៦ ឡើង​គ្រងរាជ្យ​នោះឯង ៕ ចងក្រង​ប្រែ​សម្រួល​ដោយៈ មេសា