ទិវា​អង់​ហ្គោ​ឡា កាន់ទុក្ខ​នៃ​ការបង្ក្រាប របស់​អាណានិគម​

242

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អង់​ហ្គោ​ឡា​ប្រារព្ធ​ទិវា​កាន់ទុក្ខ​នៃ​ការបង្ក្រាប របស់​អាណានិគម នៅ​ថ្ងៃទី​៤ ខែមករា ដើម្បី​រំឭក​ដល់​ថ្ងៃ បាតុករ​ដែលជា​កម្មក​រ កសិករ ស្លូតត្រង់​ជនជាតិ​អង់​ហ្គោ​ឡា ជាង​មួយ​ម៉ឺន​នាក់ ត្រូវបាន​អាណានិគម​ព័រទុយហ្កាល់ បាញ់សម្លាប់​យ៉ាង​ឃោ​ឃៅ កាលពី​ឆ្នាំ​១៩៦១ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​អង់​ហ្គោ​ឡា មាន​ផ្ទៃដី ១.២៤៦.៧០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ ខាងត្បូង នៃ​ទ្វីបអាហ្វ្រិក មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ណា​មី​ប៊ី សាធារណរដ្ឋ​កុង​ហ្គោ ហ្សំ​ប៊ី និង មហាសាគរ​អា​ត្ល​ង់​ទិ​ក​។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៣១ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឹ​ភាសា​ព័រទុយហ្កាល់ រដ្ឋធានី គឺ​ទីក្រុង​លូ​អង់​ដា​។​
​ ​
ប្រវត្តិសាស្ត្រ​
ជនជាតិ​ព័រទុយហ្កាល់ ដែល​បាន​ទៅដល់​ទឹកដី​អង់​ហ្គោ​ឡា មុនដំបូង​បំផុត គឺជា​អ្នក ស្រាវជ្រាវ ឈ្មោះ Diogo Cao នា​ឆ្នាំ​១៤៨៤ ។ ឆ្នាំមុនៗ​នេះ ជនជាតិ​ព័រទុយហ្កាល់ បាន​បង្កើត​ទំនាក់ទំនង​ជាមួយ អាណាចក្រ​កុង​ហ្គោ (​ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង ចាប់ពី​សាធារណរដ្ឋ​ហ្កា​បោ​ន បច្ចុប្បន្ន ទៅដល់​ទន្លេ Kwanza ហើយ​បាន​ត្រួតត្រា កាន់កាប់​អាណាចក្រ អង់​ហ្គោ​ឡា នៅ​ឆ្នាំ​១៤៨២ ។​

​ជនជាតិ​ព័រទុយហ្កាល់ បាន​បង្កើត​ប៉ុស្តិ៍​ពាណិជ្ជកម្ម​របស់​ពួកគេ នៅ​សូ​យ៉ូ (​បច្ចុប្បន្ន គឺ​តំបន់​ភាគ​ខាងជើង នៃ​អង់​ហ្គោ​ឡា​) ។ លុះដល់​ឆ្នាំ​១៥៧៥ លោក Paulo Dias de Novais បាន​កសាង​ទីក្រុង São Paulo de Loanda ( ហៅ​កាត់​ថា Luanda) ដោយ​អ្នក​តាំង​លំនៅឋាន​មួយរយ​គ្រួសារ និង​កងទ័ព ៤០០ នាក់ ហើយ​បាន​កសាង ទីក្រុង Benguela ជាទី​ក្រុង​ទី ៤០ នៅ​ឆ្នាំ​១៥៨៧ ហើយ​ត្រូវបាន​តម្កើង​ជាទី​ក្រុង នៅ​ឆ្នាំ​១៦១៧ ។​

​ជនជាតិ​ព័រទុយហ្កាល់ បាន​កសាង​តំបន់​តាំង​លំនៅឋាន បន្ទាយ​កងទ័ព និង​ប៉ុស្តិ៍ ពាណិជ្ជកម្ម​ជាច្រើន​កន្លែង​ទៀត​នៅតាម​បណ្តោយ​ឆ្នេរ​សមុទ្ទ អង់​ហ្គោ​ឡា ជាពិសេស​សម្រាប់​ជំនួញ​ទាសករ អង់​ហ្គោ​ឡា សម្រាប់​ធ្វើការ​នៅលើ​កសិដ្ឋាន នៃ​ប្រទេស​ប្រេ​ស៊ី​ល ដែល​ធម្មតា លក់​ដោយ​ការដោះដូរ​ដោយ​សម្ភារ​ដែល​បាន កែ​ច្នែ​ពី​អឺរ៉ុប ។ ពាណិជ្ជកម្ម​ទាសករ​នេះ បាន​បន្ត​រហូតដល់​ប​ន្ទា​ប់​ពី​ឯករាជ្យភាព ប្រេ​ស៊ី​ល នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨២០ ។

​នៅ​អំឡុង​សតវត្សរ៍​ទី​១៦ ព័រទុយហ្កាល់ បាន​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្ទ​នានា​របស់ អង់​ហ្គោ​ឡា តាមរយៈ​សន្ធិសញ្ញា និង​ការធ្វើ​សង្គ្រាម​នានា​ជា​បន្តបន្ទាប់ ។ ជីវភាព​ប្រជាពលរដ្ឋនៅក្នុង​តំបន់​អាណានិគម​ព័រទុយហ្កាល់ បាន​ជួប​ការលំបាក​លំបិន ហើយ​រីកចម្រើន​យ៉ាង​យឺតយ៉ាវ​។ ប្រជាពលរដ្ឋ ជួប​គ្រោះ​អត់ឃ្លាន ជា​មធ្យម រៀងរាល់ ៧ ឆ្នាំ​ម្តង មួយអន្លើ​ដោយ​ជំងឺ​កាច​សាហាវ​នានា បានសម្លាប់​ប្រជាពលរដ្ឋ ប្រមាណ​ជាមួយ​ភាគបី ។
​ ​
ស្តេច​ហ្វី​លី​ប​ទី​៣ របស់​អេ​ស្ប៉ា​ញ (​ជា​ហ្វី​លី​ប​ទី​២ របស់​ព័រទុយហ្កាល់​) បាន​ចូល ទិវង្គត​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​១៦២១ ហើយ​ស្នងរាជ្យ​បន្ត​ដោយ​ស្តេច ហ្វី​លី​ប​ទី​៤ (​ជា​ហ្វី​លី​ប​ទី​៣ របស់​ព័រ​ទ​យុ​ហ្កា​ល់​) ។ ពន្ធដារ លើ​ពាណិជ្ជករ ព័រទុយហ្កាល់ ត្រូវបាន​តំឡើង បណ្តាលឱ្យ​អំណាច​របស់​អភិជន​ព័រទុយហ្កាល់ បាន​ធ្លាក់​ទៅក្នុង កណ្តាប់ដៃ​អេ​ស្ប៉ា​ញ ហើយ​តំណែង​នៅក្នុង​រដ្ឋាភិបាល​ព័រទុយហ្កាល់ ត្រូវបាន​កាន់កាប់ ដោយ​ជនជាតិ​អេ​ស្ប៉ា​ញ​ច្រើន​ទៅៗ អំណាច​របស់​អភិជន​ព័រទុយហ្កាល់ បាន​បាត់បង់​។ អ្វីដែល​អាក្រក់​បំផុត​នោះ គឺ​ស្តេច​ហ្វី​លី​ប​ទី​៤ បាន​ព្យាយាម​ធ្វើឱ្យ ព័រទុយហ្កាល់ ក្លាយទៅជា​ខេត្ត​មួយ​របស់ អេ​ស្ប៉ា​ញ ។​

​ទីបំផុត ក៏មាន​បដិវត្តន៍​ព័រទុយហ្កាល់ ដែល​ចាប់ផ្តើម​ពី​ខែធ្នូ ឆ្នាំ​១៦៤០ បាន​ផ្ទុះឡើង ប្រឆាំងនឹង​អេ​ស្ប៉ា​ញ ។ បដិវត្តន៍​នេះ បាន​រីក​រាលដាល កើត​ទៅជា​សង្គ្រាម​បដិវត្តន៍ ព័រទុយហ្កាល់ និង​អេ​ស្ប៉ា​ញ ។ សង្គ្រាម​នេះ អូសបន្លាយ​អស់​រយៈពេល ២៨ ឆ្នាំ ទើបត្រូវ​បានបញ្ចប់​នៅក្នុង​សន្ធិសញ្ញា​ទីក្រុង​លី​ស​បោ​ន នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​១៦៦៨ ក្រោម​កិច្ចសម្របសម្រួល​របស់​អង់គ្លេស ។ តាមរយៈ​សន្ធិសញ្ញា​នេះ អេ​ស្ប៉ា​ញ បានទទួល​ស្គាល់​អធិប​តេ​យ្យ​ភាព ព័រទុយហ្កាល់ ដែល​បានសេចក្តីថា បញ្ចប់​នូវ​ការ ត្រួតត្រា​របស់​អេ​ស្ប៉ា​ញ ទៅលើ​ព័រទុយហ្កាល់ បន្ទាប់ពី​អេ​ស្ប៉ា​ញ បាន​ត្រួតត្រា អស់​រយៈពេល ៦០ ឆ្នាំ មក ។

​ខណៈពេលដែល​ព័រទុយហ្កាល់ កំពុង​ជាប់ដៃ​ធ្វើសង្គ្រាម​ប្រឆាំង​អេ​ស្ប៉ា​ញ​នោះ នៅ​ឆ្នាំ ១៦៤១ ហុ​ល្លង់ បាន​ចូល​កាន់កាប់​ទីក្រុង Luanda ហើយ​បាន​បង្កើត​សម្ព័ន្ធ ជាមួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក ក្រោក​ប្រឆាំងនឹង​ការត្រួតត្រា​របស់​ព័រទុយហ្កាល់ ហើយ​បាន​ដណ្តើម​កាន់កាប់​តំបន់​ផ្សេងៗ​ទៀត នៃ​អាណាចក្រ​អង់​ហ្គោ​ឡា ។
​កង​នាវា​ព័រទុយហ្កាល់ ក្រោម​បញ្ជាការ​របស់លោក សាល​វ៉ា​ឌឺ​រ៍ ដឺ សា បាន​វាយ ដណ្តើម​ទីក្រុង Luanda ពី​ហុ​ល្លង់ និង​ប្រជាពលរដ្ឋ​ក្នុងប្រទេស​វិញ នៅ​ឆ្នាំ​១៦៤៨ ហើយ​បាន​លុកលុយ​ត្រួតត្រា​អង់​ហ្គោ​ឡា​ទាំងស្រុង​ឡើងវិញ នៅ​ឆ្នាំ​១៦៥០ ។ ចាប់ពីពេលនោះ​មក អង់​ហ្គោ​ឡា បាន​ស្ថិតក្នុង​កណ្តាប់ដៃ​របស់​ព័រទុយហ្កាល់​យ៉ាង​ណែន ។​

​ការអភិវឌ្ឍ​តំបន់​ជួរ​ក្រោយ ត្រូវបាន​ចាប់ផ្តើម បន្ទាប់ពី​មាន​សន្និសីទ​ទីក្រុង​ប៊ែ​រ​ឡាំង នា​ឆ្នាំ​១៨៨៥ ដែល​បានកំណត់​ព្រំដែន​អាណានិគម​។ ការអភិវឌ្ឍ​តំបន់​ជួរ​ក្រោយ​នោះ គឺជា​ការអភិវឌ្ឍ​រួម រវាង​ចក្រភព​អង់គ្លេស និង​ព័រទុយហ្កាល់ ដោយ​ពួកគេ បាន​វិនិយោគ ទៅលើ ការរុករក​រ៉ែ ផ្លូវដែក និង កសិកម្ម ។

​បន្ទាប់ពី​ត្រូវបាន​ត្រួតត្រា​របស់ ព័រទុយហ្កាល់ អស់​រយៈពេល​ជិត ៥០០ ឆ្នាំទៅ ប្រជាពលរដ្ឋ​អង់​ហ្គោ​ឡា ហាក់ដូចជា​វង្វេងវង្វាន់ បាត់បង់​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន ស្ទើរតែ​មិន​យល់​ពាក្យ​ថា “ ឯករាជ្យ​ជាតិ “ មានន័យថា​ម៉េច​ផង ។ ដូច្នេះ​នៅពេល ដែលមាន​ចលនា​ទាមទារ​ឯករាជ្យភាព​នោះ ក៏មាន​ការចាប់អារម្មណ៍​តិចតួច​ប៉ុណ្ណោះ ។​

​រហូតដល់​ទសវត្សរ៍​ឆ្នាំ​១៩៥០ ទើប​មាន​ចលនា​ជាតិនិយម​សម្ងាត់ៗ លេចឡើង អាច​ទាក់ទាញ​ចំណាប់អារម្មណ៍ ដោយ​ទាមទារ​រក​សិទ្ធិ​ស្វ័យ​សម្រេច​ជាពិសេស​នៅលើ វេទិកា​អន្តរជាតិ ដូចជា​នៅក្នុង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ជាដើម ។ ការសម្លាប់​រង្គាល បាតុករ​ជាង មួយ​ម៉ឺន​នាក់​
​ ​
នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​១៩៦១ ពួកកសិករ ដែល​ធ្វើការ​នៅលើ​ចម្ការ​កប្បាស របស់​ក្រុមហ៊ុន Cotonang ជា​ក្រុមហ៊ុន​ព័រទុយហ្កាល់​-​ប៊ែ​ល​ហ្ស៊ិ​ក ដែល​ជួប​ក្តី​លំបាក ក្នុង​ជីវភាព បាននាំគ្នា​ធ្វើបាតុកម្ម​តវ៉ា ទាមទារ​តំឡើង​ប្រាក់​ឈ្នួល និង​លក្ខន្តិកៈ​ការងារ​ឱ្យ ប្រសើរ​ជាង​មុន ឱ្យ​លប់បំបាត់​ការបង់ពន្ធ​ពី​ពួកកសិករ និង​បញ្ឈប់​ការបង្ខិតបង្ខំ ឱ្យធ្វើ​ការ ។ បាតុកម្ម​នេះ ដឹកនាំ​ដោយ​ឈ្មោះ អាន់​នី​ញ៉ូ ម៉ា​រៀ​ណូ និង ឈ្មោះ គូ​លូ​-​ស៊ីន​ហ្គូ ជា​ជន​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ។​

​នៅ​ថ្ងៃទី​៤ ខែ និង ឆ្នាំ ដដែល​នោះ ព័រទុយហ្កាល់​មិន​គ្រាន់តែ​មិន​ផ្តល់​តាម​ការទាមទារ របស់​កម្មករ កិ​សករ ទាំង​នោះទេ ថែមទាំង​បាន​បើក​ការបង្ក្រាប​យ៉ាង​ឃោ​ឃៅ​ព្រៃផ្សៃ ដោយបាន​សម្លាប់​កម្មក​រ កសិករ ស្លូតត្រង់ ជាង​មួយ​ម៉ឺន​នាក់ ។ ព្រឹត្តិការណ៍​ដ៏​ទុក្ខ សោក​នេះ បញ្ឆេះ​ឱ្យមាន​ចលនា​តស៊ូ​ប្រឆាំងនឹង​អាណានិគម ព័រទុយហ្កាល់ ពាសពេញ​ផ្ទៃ​ប្រទេស ដែលមាន​ជា​ទម្រង់​ចលនា​ជាតិនិយម និង​ចលនា​ឧទ្ទាម​កម្ម ។

ចលនា​ដែល​លេចធ្លោ​បំផុត​នោះ មានដូចជា ចលនា​ប្រជាពលរដ្ឋ ដើម្បី​សេរីភាព អង់​ហ្គោ​ឡា (MPLA) ត្រូវបាន​បង្កើត​កាលពី​ឆ្នាំ​១៩៥៦ , រណ​សិ​រ្យ​ជាតិ​ដើម្បី​សេរីភាព អង់​ហ្គោ​ឡា (FNLA) បង្កើត​នៅ​ឆ្នាំ​១៩៦១, សហជីព​ជាតិ​ដើម្បី​ឯករាជភាព​ទាំងស្រុង នៃ​អង់​ហ្គោ​ឡា (UNITA) បង្កើត​នៅ​ឆ្នាំ​១៩៦៦ ។ ការឈឺចាប់​ដ៏​លើសលប់ ហួស​ពី​ការ​អត់ទ្រាំ នៅ​ឆ្នាំ​១៩៦១ ក្រុម​ពួក​អ្នក​ដែល​ហៅ​ខ្លួនឯង​ថា អ្នក​ប្រយុទ្ធ ដើម្បី​សេរីភាព បាន​បើក​ការវាយប្រហារ ទៅលើ​ទាំង​ជន​ស្បែក​ខ្មៅ និង ជន​ស្បែ​កស (​ដែល​ពួកគេ​ចាត់ទុកថា ជា​ជនជាតិ​ព័រទុយហ្កាល់ និង​បក្ខពួក​) នៅ​តំបន់​សហ ប្រតិបត្តិ​ការឆ្លងកាត់​ព្រំដែន នៅ​ភាគ​ឦសាន នៃ​ប្រទេស​អង់​ហ្គោ​ឡា ។ សង្គ្រាម​នេះ ត្រូវ​បានឱ្យ​ឈ្មោះថា សង្គ្រាម អាណានិគម ។

រង្គោះរង្គើ នៅ​ព័រទុយហ្កាល់​
របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ព័រទុយហ្កាល់ បាន​ដួលរលំ ដោយសារ រដ្ឋប្រហារ ដែល​រៀបចំឡើង នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​១៩១០ ដោយ​គណបក្ស សាធារណរដ្ឋ ព័រទុយហ្កាល់ ហើយ​បង្កើតជា​សាធារណរដ្ឋ​ព័រទុយហ្កាល់ ដែល​ត្រូវបាន គេ​ហៅថា សាធារណរដ្ឋ​ទី​១ ។ ប៉ុន្តែ​សាធារណរដ្ឋ​នេះ គ្មាន​ស្ថេរភាព​ឡើយ ហើយ​ទីបំផុត ក៏មាន​រដ្ឋប្រហារ​យោធា ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃទី​២៨ ខែឧសភា (​បដិវត្តន៍ ២៨ ឧសភា ) ឆ្នាំ​១៩២៦ ហើយ​បង្កើតបានជា សាធារណរដ្ឋ​ព័រទុយហ្កាល់ ទី​២ ដែល​ត្រូវបាន​គេ​ហៅថា ជា​របប​ហ្វា​ស៊ី​ស ។ របប​សាធារណរដ្ឋ​ទី​២ នេះ ត្រូវបានធ្វើ​រដ្ឋប្រហារ​យោធា នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​១៩៧៤ ។​

​ភាព​រង្គោះរង្គើ​ផ្ទៃក្នុង​ផង ប្រឈម​នឹង​បម្រែបម្រួល​ស្ថានភាព​ពិភពលោក​ផង​ប្រឈម នឹង​សង្គ្រាម ពី​សំណាក់​ចលនា​ជាតិនិយម​នានា នៅ​អង់​ហ្គោ​ឡា​ផង ព័រទុយហ្កាល់ ពិតជា​មិនអាច​ទប់ទល់​បានឡើយ ។ ក្រុម​ឧទ្ទាម​ជាតិនិយម​អង់​ហ្គោ​ឡា​ទាំងបី (FNLA, MPLA និង UNITA ) បាន​ព្រមព្រៀងគ្នា​បង្កើតជា​រដ្ឋាភិបាល​បណ្តោះ អាសន្ន នៅក្នុង​ខែមករា ឆ្នាំ​១៩៧៥ ។ ទីបំផុត ព័រទុយហ្កាល់ ព្រម​ប្រគល់​ឯករាជ្យភាព ឱ្យ​អង់​ហ្គោ​ឡា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៧៥ ។ បន្ទាប់ពី​ទទួលបាន​ឯករាជ្យ​នេះ មក នៅ​ឆ្នាំ​១៩៩៦ រដ្ឋាភិបាល​អង់​ហ្គោ​ឡា បានរៀបចំ​ថ្ងៃទី​៤ ខែមករា ថា​ជា​ថ្ងៃ​សម្រាក​ជាតិ ដោយ​ឱ្យ​ឈ្មោះថា “ ទិវា​មរណទុក្ខ​នៃ​ការបង្ក្រាប​របស់​អាណានិគម​(​ព័រទុយហ្កាល់​)” ដើម្បី​រំឭក​ដល់​ការ​វាយ​បង្ក្រាប​របស់​ពួក​អាណានិគម ព័រទុយហ្កាល់ ទៅលើ​កម្មករ កសិករ កាលពី​ថ្ងៃទី​៤ ខែ មករា ឆ្នាំ ១៩៦១ ។​

​ទោះបីជា​យ៉ាងណា បន្ទាប់ពី​បាន​រួប​រូ​ម​គ្នា​ត្រឹមតែ​មិន​លើសពី ២ ខែ​ផង រដ្ឋាភិបាល បណ្តោះអាសន្ន ក៏​ចាប់ផ្តើម​បែកបាក់ និង​វាយប្រហារ​គ្នា ហើយ​ផ្ទៃ​ប្រទេស ត្រូវបាន​ត្រួតត្រា​ដោយ​បក្ស ដោយ​ក្រុម អូសបន្លាយ​រហូតដល់​យ៉ាងហោច ណាស់​ឆ្នាំ​២០១២ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​គំនូរ​បរិយាយ​អំពី​សង្គ្រាម​ជនជាតិ​អង់​ហ្គោ​ឡា ប្រឆាំង​អាណានិគម ព័រទុយហ្កាល់ (​អង់​ហ្គោ​ឡា​)
ទីក្រុង លូ​អង់​ដា នៃ ប្រទេស អង់​ហ្គោ​ឡា (​លូ​អង់​ដា​)