ទិវា​អន្តរជាតិ​នារី​០៨​មីនា ខួប​លើក​ទី​១០៩ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​»

131
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ក្រសួងបរិស្ថាន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ០៨​មីនា ខួប​លើក​ទី​១០៩ ឆ្នាំ​២០២០​នេះ ក្រោម​ប្រធានបទ «​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» ក្រោម​អធិបតីភាព លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍន៍ នា​រសៀល​ថ្ងៃ​សុក្រ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី​របស់​សាខាសមាគម​នារី​ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍​ក្រសួងបរិស្ថាន ដែល​សម្រេចបាន​នូវ​លទ្ធផល គួរ​ជាទី​មោទនៈ​ក្នុងការ​លើកកម្ពស់​កិច្ច​គាំពារ និង​លើកទឹកចិត្ត​ចំពោះ​ស្ត្រី​គ្រប់បែបយ៉ាង លោកជំទាវ បាន​គាំទ្រ​ចំពោះ​ការលើកឡើង​នូវ​ប្រធានបទ​ខាងលើ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី ១០៩ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២០ ដែល​យើងទាំងអស់គ្នា​ត្រូវតែ​គាំទ្រ និង​ទទួលស្គាល់ថា ការថែរក្សា​សន្តិភាព​គឺជា​កិច្ចការ​មួយ​ដែល​ត្រូវ​រួមគ្នា​ធ្វើជា​ចាំបាច់ ដោយ​មិនត្រូវ​មើលរំលង​ឡើយ​។

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានបញ្ជាក់​បន្ថែមថា ប្រធានបទ​ឆ្នាំនេះ ផ្តោតជាសំខាន់​លើ អត្ថន័យ ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ ដែល​បាន​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព ការលើកកម្ពស់​វប្បធម៌​អហិង្សា និង​សាមគ្គីភាព ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​គាំទ្រ និង​ជំរុញឱ្យមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន រួមទាំង​បុរស ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម​ឆ្ពោះទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏ដូចជា​សុខមាលភាព​សង្គម ព្រមទាំង​ប្តេជ្ញា​រួមគ្នា​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​។

​ក្នុងឱកាស​នោះ លោក​សាយ សំ អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានលើកឡើង​ពី​ស្នាដៃ​ស្ត្រី​នៃ​ក្រសួងបរិស្ថាន ក្នុងការ​អនុវត្ត​សកម្មភាព​របស់ខ្លួន​ក្នុង​ការងារ​សង្គម ជាពិសេស​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព បាន​ជោគជ័យ​នាពេល​កន្លងមក​។

​លោក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ត្រី​ក្រសួងបរិស្ថាន ជា​ធនធាន​ដ៏​សំខាន់ ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សង្គម ហើយ​ស្ត្រី​បាន​ចូលរួម​ក្នុង​ការអប់រំ​បរិស្ថាន និង​ជាពិសេស​បណ្តុះ​មនសិកា​កុមារ​តូចៗ ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន និង​ការពារ​បរិស្ថាន​តាំងពី​កុមារភាព​។ លោក​បាន​បញ្ជាក់ដែរថា ស្ត្រី​ក្នុង​ក្រសួងបរិស្ថាន ទទួលបាន​ការលើកទឹកចិត្ត គាំពារ និង​គាំទ្រ​ទាំង​សមត្ថភាព តួនាទី និង​ភារកិច្ច ព្រមទាំង​បានទទួល​ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និង​បាន​ចូលរួម​សកម្មភាព​សង្គម ស្របតាម​យុទ្ធសាស្ត្រ និង​គោលនយោបាយ​នានា​របស់​រាជ​រដ្ឋ​ភិ​បាល​។​

​សូមបញ្ជាក់ថា ក្នុង​ក្រសួងបរិស្ថាន ស្ត្រី​៤៤​នាក់ ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​ដើរតួនាទី យ៉ាងសំខាន់​ក្នុង​ការការពារ​ដែនជម្រកសត្វព្រៃ ឧទ្យាន​ជាតិ និង​តំបន់ការពារធម្មជាតិ​នានា​ក្នុង​កម្ពុជា និង​កំពុង​ប្រយុទ្ធប្រឆាំង​យ៉ាង​ស្វិតស្វាញ​ទៅនឹង​ការទន្ទ្រាន​យក​ដី និង បរបាញ់​សត្វព្រៃ​។

​ក្នុងចំណោម​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​១៦៨ មាន​ស្ត្រី ៣​នាក់​ជា​ប្រធាន​សហគមន៍ និង​ស្ត្រី​ចំនួន​២៩៩​នាក់ ជា​សមាជិក​គណៈកម្មកា​រ​សហគមន៍​តំបន់ការពារធម្មជាតិ ដែលមាន​តួនាទី​ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ការអភិរក្ស​ជីវៈចម្រុះ និង​ការ​ស្តារឡើងវិញ​នូវ​ធនធានធម្មជាតិ ក៏ដូចជា​ការការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​នៅក្នុង​តំបន់ការពារធម្មជាតិ​ផងដែរ​។

​ក្រសួងបរិស្ថាន មាន​ម​ហិ​ច្ឆិ​តា​ក្នុងការ​ធានាឱ្យមាន​សម​ភាព​យេនឌ័រ កែប្រែ​នូវ​វិសមភាព​លើ​ទំនាក់ទំនង​រវាង​ស្ត្រី និង​បុរស​ក្នុងការ​គ្រប់គ្រង ចាត់ចែង និង​ការធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ដែលជា​ការផ្តល់​លទ្ធភាព​ក្នុងការ​លើកកម្ពស់​ស្ថានភាព និង​សមត្ថភាព​ស្ត្រី​ក្នុងការ​បំពេញការងារ ក៏ដូចជា​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងការ​ធ្វើឱ្យមាន​សមភា​ព និង​សម​-​ធម៌​យេនឌ័រ និង​ដើម្បី​បង្កើន​ឱ្យមាន​ការចូលរួម​កាន់​តែ​ប្រសើរ​ថែមទៀត​រវាង​ស្ត្រី និង​បុរស​ក្នុង​វិស័យ​បរិស្ថាន​។ សមភាព​យេនឌ័រ និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ក្នុង​វិស័យ​បរិស្ថាន​នេះ មិន​ត្រឹម​តែមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការរីកចម្រើន​ដោយ​ស្ថិរភាព និង​អភិវឌ្ឍ​ដោយ​គ្រប់​ជ្រុងជ្រោយ​ប៉ុណ្ណោះ​ទេ ។​ប៉ុន្តែ​វា​ក៏​ជា​ចំណុច​សំខាន់​ផងដែរ ចំពោះ​គោលដៅ​ទាំងអស់​នៅក្នុង​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕ ល​