ទិវា​អន្តរជាតិ នៃ​ការ​ប្រឆាំងនឹង​ការពិសោធន៍ អាវុធ​នុយក្លេអ៊ែរ​

2107

(​ភ្នំពេញ​)៖ ទិវា​អន្តរជាតិ​នៃ​ការ​ប្រឆាំងនឹង​ការពិសោធន៍​នុយក្លេអ៊ែរ ត្រូវបាន​បង្កើត ដោយ អង្គការសហប្រជាជាតិ កាលពី​ឆ្នាំ​២០០៩ ប្រារព្ធ​នៅ​ថ្ងៃទី​២៩ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ទីលាន​ពិសោធន៍​គ្រាប់បែកបរមាណូ​របស់​សហភាពសូវៀត នៅលើ​ទឹក​ដីកា​ហ្សា​ក់​ស្ថាន ត្រូវបាន​បិទ​ជា​ផ្លូវការ ។​

​គ្រាប់បែក​នុយ​គ្លី​អ៊ែរ ឬ បរមាណូ​
​គ្រាប់បែកនុយក្លេអ៊ែរ ឬ​គ្រាប់បែកបរមាណូ​ត្រូវបាន​គេ​ឱ្យរ​ហស្សនា​ថា​ជា “​អាវុធ​មហា​ប្រល័យ​” ព្រោះ​គ្រាប់បែកបរមាណូ​មួយ​គ្រាប់ ដែលមាន​ទម្ងន់​មិន​លើស ១.១០០ គីឡូក្រាម អាច​បញ្ចេញ កម្លាំង​ផ្ទុះ​ជាង ១,២ លាន​តោន នៃ TNT ។ ចំណែក​គ្រាប់បែក អ៊ី​ដ្រូ​ហ្សែ​ន មួយ​គ្រាប់ អាចបង្កើត​កម្លាំង​ផ្ទុះ ដល់​ទៅ ១០ លាន​តោន នៃ​កម្លាំង TNT ។ គ្រាប់បែកបរមាណូ មាន​ទំហំ​មិនធំ​លើសពី​គ្រាប់បែក​ធម្មតា​ឡើយ ប៉ុន្តែ​គ្រាប់បែកបរមាណូ ១ គ្រាប់​អាច​ពង្រាប ទីក្រុង​មួយ ឱ្យ​រាប​ដល់​ដី តាមរយៈ​កម្លាំង​ផ្ទុះ និង​កម្តៅ​ដ៏​មហិមា​របស់​វា ។

​គ្រាប់បែកបរមាណូ ត្រូវបាន​ចាត់បញ្ចូល​ជា​គ្រាប់បែក​ចង្កោម​ព្រោះ​គ្រាប់បែក​នេះ​មួយ​គ្រាប់​មាន មណ្ឌល​បំផ្ទុះ​របស់​វា មិនមែន​តែមួយ​មណ្ឌល​ឡើយ ហើយ​នោះ​ក៏​ជា​មូល​ហេតុដែល​ធ្វើឱ្យ គ្រាប់បែក​ប្រភេទ​នេះ មាន​កម្លាំង​កាន់តែ​មហា​ប្រល័យ​ថែមទៀត ។ ដូច្នេះ ហើយ​ការប្រើប្រាស់ និង​ការគ្រប់គ្រង​លើ​វា ត្រូវបាន​យកចិត្តទុកដាក់​តាំងពី​វា​ត្រូវបាន​បំផ្ទុះ​នៅ​ឆ្នាំ ១៩៤៥ មក ។

​គ្រាប់បែកនុយក្លេអ៊ែរ ត្រូវបាន​បំផ្ទុះ ២ លើក ក្នុង​សង្គ្រាម​ប្រវត្តិសាស្ត្រ​មនុស្សជាតិ គឺ កងទ័ព​អាមេរិក ទម្លាក់​ទៅលើ​ប្រទេស​ជប៉ុន ។ គ្រាប់បែកបរមាណូ​ទី​១ ត្រូវបាន​ទម្លាក់​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៤៥ ដែលមាន​រហស្សនាម​ថា Little Boy (​ក្មេងប្រុស​តូច​) ត្រូវបាន​ទម្លាក់​ទៅ លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ។

៣ ថ្ងៃ​ក្រោយមក កងទ័ពអាកាស​អាមេរិក បាន​ទម្លាក់​គ្រាប់បែកបរមាណូ ១ គ្រាប់​ទៀត​គឺ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩៤៥ ។ គ្រាប់បែក​នេះ មាន​រហស្សនាម​ថា Fat Man ( បុរស​កន្ធាត់​) ត្រូវបាន​ទម្លាក់​ទៅលើ​ទីក្រុង ណា​ហ្កា​សា​គី ។

​ទាំង ២ គ្រាប់​នេះ ត្រូវបាន​ប៉ាន់ប្រមាណ​ថា បានសម្លាប់​ជន​ស៊ីវិល និង​កងទ័ព ប្រមាណ​ជា ២០០.០០០ នាក់ ថែមទាំង​របួស និង​ការខូចខាត​យ៉ាង​មហា​វិនាស ។ ការទម្លាក់​គ្រាប់បែក​ទាំង ២ នេះ បាន​បង្ខំ​ឱ្យ​ជប៉ុន សុខចិត្ត​ចុះចាញ់​សង្គ្រាម លោក​លើក​ទី​២ ។​

​ចំពោះ​ការ​បំផ្ទុះ​ជា​លក្ខណៈ​សាកល្បង ត្រូវបាន​គេ​ធ្វើ​មិនតិចជាង ២.០០០ ដង​ឡើយ ។ ប្រទេស ដែលមាន អាវុធ​នុយក្លេអ៊ែរ គឺ អាមេរិក ៦.៩៧០ គ្រាប់ រុស្ស៊ី ៧.៣០០ គ្រាប់ បារាំង ៣០០ គ្រាប់ ចិន ២៦០ គ្រាប់ អង់គ្លេស ២១៥ គ្រាប់ ប៉ា​គី​ស្ថាន ១៣០ គ្រាប់ ឥណ្ឌា ១២០ គ្រាប់ អ៊ីស្រាអែល ៨០ គ្រាប់ និង កូរ៉េខាងជើង ១៥ គ្រាប់ (​ត្រូវបាន​ដកហូត ។ ប៉ុន្តែ​ត្រូវបាន​អ្នកជំនាញ​របស់ អាមេរិក អះអាងថា ប្រសិនបើ​មិនមាន​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ទេនោះ កូរ៉េខាងជើង អាច​នឹង​ផលិត​គ្រាប់បែកបរមាណូ ធុន​មធ្យម បាន ៣០ គ្រាប់ ក្នុង​រយៈពេល​មិនយូរ​) សរុប ១៥.៣៧៥ គ្រាប់ ។ ប្រទេស​អាល្លឺម៉ង់ អ៊ីតាលី តួ​ក​គី ប៊ែ​ល​ហ្ស៊ិ​ក និង ហុ​ល្លង់ គឺជា​រដ្ឋ រួមចំណែក​នៃ​អាវុធ​នុយក្លេអ៊ែរ (​ជា​ប្រ​ទស​ដែល​គ្មាន​អាវុធ​ប្រភេទ​នេះ ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​មាន​សិទ្ធិ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​ដែលមាន​អាវុធ​នេះ ឬ​ការប្រើប្រាស់​អាវុធ​នេះ​) ។​
​ ​
ក្តីបារម្ភ​
​សង្គ្រាមត្រជាក់ (​គឺជា​ភាព​តានតឹង​ផ្នែក​នយោបាយ​និង​កងទ័ព រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​លោក ខាងលិច ចំពោះ​សហ​ភា​សូ​វៀត និង​សម្ព័ន្ធមិត្ត​លោក​ខាងកើត​) បានធ្វើឱ្យ​ទំនាក់ទំនង រវាង​សហរដ្ឋអាមេរិក និង​សហភាពសូវៀត មាន​ភាពមិនប្រាកដប្រជា​ហើយ​ថែមទាំង​មាន ភាពផុយស្រួយ​ទៀតផង​។ ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង ១៩៨០ ស្ថានភាព​នយោបាយ​លើ ឆាក​អន្តរជាតិ មាន​ភាព​តានតឹង​ខ្លាំង​ទៅៗ​។ គិត​ត្រឹម​ឆ្នាំ​២០១៦ គ្រាប់បែកបរមាណូ ចំនួន ១៥.៣៧៥ គ្រាប់ ត្រូវបាន​តម្លើង និង​រក្សាទុក​នៅក្នុង​ប្រទេស​ចំនួន ១៤ ហើយ​ប្រទេស​ជាច្រើន ត្រៀម​រួចរាល់​ហើយ សម្រាប់​បំផ្ទុះ​គ្រប់ពេលវេលា ។​
​ ​
​ពិភពលោក មាន​សង្គ្រាម​មិនចេះចប់​ឡើយ បើទោះជា​ចប់​នៅ​កន្លែង​មួយ ក៏​នឹង​ទៅ​កើត​នៅ កន្លែង​ផ្សេងទៀត ហើយ​សង្គ្រាម​នៅ​កន្លែង​ទាំងនោះ ក៏​អាច​ត្រូវបាន​បញ្ចប់ទៅ​គ្រាន់តែ​បណ្តោះ អាសន្ន​ប៉ុណ្ណោះ គឺ​សង្គ្រាម​ទាំងនោះ មុខជា​នឹង​អាច​កើត​ឡើងវិញ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។​

​ដរាបណា​មាន​រដ្ឋ​ដែលមាន​គ្រាប់បែកបរមាណូ កាន់តែច្រើន សន្តិសុខ​របស់​ពិភពលោក​ទាំងមូល ក៏​កាន់តែ​ត្រូវបាន​កាត់បន្ថយ គឺ​វា​អាច​ត្រូវបាន​ធ្វើឱ្យ​ផ្ទុះឡើង ដោយ​ប្រការ​ផ្សេងៗ ដូចជា​សង្គ្រាម កំហុស​បច្ចេកទេស ឬ​ដោយ​ឧបទ្ទវហេតុ ឬក៏​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុ​ញ្ញា​ត្ត ពី​រដ្ឋ​ដែលជា​ម្ចាស់ (​ដូចជា​ត្រូវបាន​គេ​ប្លន់ ឬ​លួច​បំផ្ទុះ​ជាដើម​) ជាដើម ។​

​ប្រសិនបើ​បរមាណូ បាន​ផ្ទុះឡើង​ដោយសារ​ប្រការ​ណាមួយ​នោះ ជាពិសេស​ប្រសិនបើ​មាន សង្គ្រាម​បរមាណូ​នោះ ពិភពលោក​ទាំងមូល​នឹងត្រូវ​កម្ទេច​គ្មាន​សេសសល់​អ្វី​ឡើយ​ត្រឹម​តែមួយ ដង្ហើមចង្រិត​ប៉ុណ្ណោះ ។ តាមពិតទៅ នុយក្លេអ៊ែរ ក៏មាន​ប្រយោជន៍​ក្រាសក្រែល ណាស់ដែរ ជាពិសេស​ក្នុង​ការផលិត​ថាមពល​អគ្គិសនី និង​វិស័យ​ផ្សេងៗ​ទៀត ដូចជា​សុខាភិបាល និង​កសិកម្ម ដែល​ហៅថា ប្រើប្រាស់​ក្នុង​វិស័យ​ស៊ីវិល ឬ​ក្នុង​គោលដៅ​សន្តិភាព​ពោលគឺ​មិនមែន សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា ។

ផ្តើម​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​បរមាណូ​
​មើលឃើញ​នូវ​មហន្តរាយ ដែល​នឹង​អាច​កើតឡើង ចំពោះ​ពិភពលោក គ្រប់ពេលវេលា​នេះ ទើប​នៅ​ឆ្នាំ​១៩៥៨ រដ្ឋមន្ត្រី​កិច្ចការបរទេស​របស់ អាយ​រី​ស លោក ហ្វ្រែ​ង អាយ​កិន បាន​បើក​យុទ្ធនាការ​មួយ​ដើម្បី​ស្វែងរក​ការគាំទ្រ​សន្ធិ​ស​សញ្ញា​មិន​រីកសាយ​ភា​អាវុធ​បរមាណូ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា NPT និង​ដើម្បី​ជំរុញ​ការប្រើប្រាស់​នុយក្លេអ៊ែរ ក្នុង​វិស័យ​ស៊ីវិល​។ សន្ធិសញ្ញា​នេះ ត្រូវបាន​ចាប់ផ្តើម​ទទួល​ការចុះហត្ថលេខា នៅ​ឆ្នាំ​១៩៦៨ ហើយ​ប្រទេស ហ្វាំ​ង​ឡង់ គឺជា​រដ្ឋ​ដំបូង​គេ ដែល​បាន​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​នេះ ។

​ចាប់ពីពេលនោះ​មក រដ្ឋ​នានា បាន​ចុះហត្ថលេខា​ជា​បន្តបន្ទាប់​ស្ទើរ​គ្មាន​សល់​ប្រទេស​ណាមួយ ទូទាំង​ពិភពលោក ហើយ​ទីបំផុត​នៅ​ឆ្នាំ​១៩៩២ ចិន និង បារាំង ក៏បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា NPT នេះដែរ ហើយ​បាន​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​ចុងក្រោយ​គេ​បំផុត​ដែល​បាន​ចុះ ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ ។

​រដ្ឋ​ហត្ថលេខី​ជាច្រើន បាន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ និង កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ ប្រទេស​ដែលជា​អតីត​សហភាពសូវៀត មាន អ៊ុយ​ក្រែ​ន បេឡា​រូស និង​កា​ហ្សា​ក់​ស្ថាន បានប្រគល់​គ្រាប់បែកនុយក្លេអ៊ែរ ទៅឱ្យ​ឱ្យ​រុ​ស្ស៊​វិញ ហើយ​បាន​ចូល​ជា​រដ្ឋ​ហត្ថលេខី នៃ សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​បរមាណូ នៅ​ឆ្នាំ​១៩៩៤​។ ម៉ុង​តេ​ណេ​ហ្ក្រូ និង ទី​ម័​រ​ខាងកើត បាន​ក្លាយជា​រដ្ឋ​ហត្ថលេខី​ក្រោយ​គេ នៅ​សតវត្សរ៍​ទី​២១ គឺ​នៅ​ឆ្នាំ ២០០៣ និង ២០០៦ ។
​ ​
ទិវា​អន្តរជាតិ​ប្រឆាំង​ការពិសោធន៍​អាវុធ​នុយក្លេអ៊ែរ​
​ទីលាន​ពិសោធន៍​គ្រាប់បែកបរមាណូ Semipalatinsk របស់​សហភាពសូវៀត មាន​ទីតាំងនៅ ភាគ​ឦសាន នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៤៧​ហើយ​បានចាប់ផ្តើម បាញ់​ពិសោធន៍​គ្រាប់បែកបរមាណូ លើកដំបូង​នៅ​ឆ្នាំ​១៩៤៩ ។ ចន្លោះ​ពី​ឆ្នាំ ១៩៤៩ ដល់​ឆ្នាំ ១៩៨៩ ការ​បំផ្ទុះ​គ្រាប់បែកបរមាណូ ដែលជា​ការសាកល្បង​នេះ នៅ​ទីលាន​ពិសោធន៍​មួយ​នេះ ត្រូវបាន​ធ្វើឡើង ៤៥៦ លើក ។ ផល​ប៉ះ​ព​រប​ស់វា មិន​ត្រូវបាន​រដ្ឋាភិបាល​សូ​វៀត បង្ហាញ​ឱ្យដឹង​ឡើយ ។

​រហូតដល់​បន្ទាប់ពី​ការដួលរលំ នៃ​សហភាពសូវៀត នា​ឆ្នាំ​១៩៩១ ទើបត្រូវ​បាន​គេ​រកឃើញថា ផលប៉ះពាល់ នៃ​ការ​បំផ្ទុះ​ការសាកល្បង​គ្រាប់បែកបរមាណូ នៅ​ទីលាន​ពិសោធន៍ Semipalatinsk មាន​ផលប៉ះពាល់​ធំធេង​ណាស់ គឺមាន​សភាព​ខ្លាំងក្លា​ធ្ងន់ធ្ងរ​ប្រហាក់ប្រហែល នឹង​ផលប៉ះពាល់​របស់ NERVA របស់​អាមេរិក​ដែរ​។ ដោយហេតុនេះ ប្រធានាធិបតី កា​ហ្សា​ក់​ស្ថាន លោក Nursultan Nazarbayev បានចេញ​បញ្ជា​ឱ្យ​បិទ​ទីលាន​ពិសោធន៍​នេះ ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​១៩៩១ ។​
​ ​
​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថានទូត​កា​ហ្សា​ក់​ស្ថាន​ប្រចាំ​សហរដ្ឋអាមេរិក​ក្នុងឋានៈ​ជា​សហ​អ្នក ឧបត្ថម្ភ ជាមួយនឹង​សមាគម គ្រប់គ្រង​សព្វាវុធ​, អង្គការ​កាកបាទ​ខៀវ​អន្តរជាតិ​, ស្ថានទូត កាណាដា និង​កម្មវិធី ATOM (ATOM មកពី​ពាក្យ​ថា Abolish Testing.Our Mission = លប់បំបាត់​ការពិសោធន៍​នុយក្លេអ៊ែរ គឺជា​បេសកកម្ម​របស់​ពួកយើង​) បានរៀបចំ​សន្និសីទ​មួយ ស្តីពី​ការពិសោធន៍​អាវុធ​នុយក្លេអ៊ែ​រៈ ប្រវត្តិសាស្ត្រ ការវិវឌ្ឍ និង​ការ​ប្រជែង​។ សន្និសីទ​នេះ រៀបចំ​នៅឯ​វិ​ទ្យ​ស្ថាន​សន្តិភាព​អាមេរិក នា​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន​ផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា ពិសោធន៍​នុយក្លេអ៊ែរ និង​វិថី​ឆ្ពោះទៅរក​ការពិនិត្យ​កែសម្រួល​នូវ​សន្ធិសញ្ញា​ស្តីពី​ការមិន​រីកសាយ អាវុធ​បរមាណូ ។

​សេចក្តីសម្រេច​នេះ មាន​គោលបំណង​ជាពិសេស អំពាវនាវ​រក​បង្កើន​ការស្វែងយល់​អំពី ផលប៉ះពាល់ នៃ​ការ​បំផ្ទុះ ការពិសោធន៍ អាវុធ​បរមាណូ ឬ​ការផ្ទុះអាវុធ​នុយក្លេអ៊ែរ​ដោយ​ប្រការណាមួយ និង​តម្រូវការ​នូវ​ការបញ្ឈប់​នូវ​ការពិសោធន៍ ឬ​ការ​បំផ្ទុះ ដែល​ចាត់ទុកថា​ជា​ជោគជ័យ មួយ ក្នុង​គោលដៅ​ពិភពលោក​គ្មាន​អាវុធ​បរមាណូ ។​

​ដើម្បី​រំលឹក​ដល់​ថ្ងៃ​បិទ​ទីលាន​ពិសោធន៍​បរមាណូ Semipalatinsk នោះ សមាជិក​សន្និសីទ បានចេញ​សេចក្តីសម្រេច​រួមមួយ បង្កើត​ទិវា​អន្តរជាតិ នៃ​ការ​ប្រឆាំងនឹង​ការពិសោធន៍​នុយក្លេអ៊ែរ ដោយ​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែសីហា រៀងរាល់ឆ្នាំ​រហូតមក ។ ទិវា​នេះ ត្រូវបាន​បង្កើតឡើង ដោយ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០០៩ នៅក្នុង​កិច្ចប្រជុំ​លើក​ទី ៦៤ របស់​សភា អង្គការសហប្រជាជាតិ តាម​សេចក្តីសម្រេច​លេខ ៦៤/៣៥​ដែល​ត្រូវ​បានអនុម័ត ជា​ឯកច្ឆន្ទ ។ រដ្ឋ​ជា​ភាគី​ទាំងអស់ ក៏បាន​ប្តេជ្ញាចិត្ត ចំពោះ​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​បរមាណូ ដើម្បីឱ្យ​បានសម្រេច​នូវ​សន្តិភាព និង​សន្តិសុខ នៃ​ពិភពលោក ដែល​គ្មាន​អាវុធ​បរមាណូ ៕

ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា និង ទីក្រុង ណា​កា​សា​គី ប្រទេស ជប៉ុន​ដែល​ការទម្លាក់​គ្រាប់បែកបរមាណូ របស់​អាមេរិក កាលពី​ឆ្នាំ ១៩៤៥ (​បរមាណូ ២)
​គ្រាប់បែកបរមាណូ​រប​ស់​អាមេរិក ឈ្មោះ Little Boy និង Fat Man ដែល​ត្រូវបាន​ទម្លាក់​ទៅ លើ ប្រទេស​ជប៉ុន (​បរិ​មា​ណូ​១)