ទិវា​អន្តរជាតិ នៃ ការ​ប្រឆាំងនឹង​ការពិសោធ​អាវុធ​នុយ​ក្លេរ​អ៊ែរ​

1794
ចែករម្លែក

(​ភ្នំពេញ​)៖ ទិវា​អន្តរជាតិ នៃ ការ​ប្រឆាំងនឹង​ការពិសោធ​នុយ​ក្លេរ​អ៊ែរ ត្រូវបាន​បង្កើត​ដោយ​អង្គការ សហប្រជាជាតិ កាលពី​ឆ្នាំ ២០០៩ ប្រារព្ធ​នៅ​ថ្ងៃទី ២៩ ខែ សីហា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ទីលាន​ពិសោធ គ្រាប់បែកបរមាណូ របស់​សហភាពសូវៀត នៅលើ​ទឹកដី កា​ហ្សា​ក់​ស្ថាន ត្រូវបាន​បិទ​ជា​ផ្លូវការ ។​

​គ្រាប់បែក​នុយ​ក្លេរ​អ៊ែរ ឬ បរមាណូ​
​គ្រាប់បែក នុយ​ក្លេរ​អ៊ែរ​ឬ គ្រាប់បែកបរមាណូ ត្រូវបាន​គេ​ឱ្យរ​ហស្សនា​ថា​ជា “ អាវុធ​មហា​ប្រល័យ “ ព្រោះ​គ្រាប់បែកបរមាណូ​មួយ​គ្រាប់ ដែលមាន​ទម្ងន់​មិន​លើស ១.១០០ គីឡូក្រាម អាច​បញ្ចេញ​កម្លាំង​ផ្ទុះ​ជាង ១,២ លាន​តោន នៃ TNT ។ ចំណែក​គ្រាប់បែក អ៊ី​ដ្រូ​ហ្សែ​ន មួយ​គ្រាប់​អាចបង្កើត​កម្លាំង​ផ្ទុះ​ដល់​ទៅ ១០ លាន​តោន នៃ កម្លាំង TNT គ្រាប់បែកបរមាណូ មាន​ទំហំ​មិនធំ​លើសពី​គ្រាប់បែក​ធម្មតា​ឡើយ ប៉ុន្តែ​វា​អាច​ពង្រាប​ទីក្រុង​មួយ​ឱ្យ​រាប​ដល់​ដី តាមរយៈ​កម្លាំង​ផ្ទុះ និង កម្តៅ​ដ៏​មហិមា​របស់​វា ។

​គ្រាប់បែកបរមាណូ ត្រូវបាន​ចាត់បញ្ចូល​ជា​គ្រាប់បែក​ចង្កោម ព្រោះ​គ្រាប់បែក​នេះ​មួយ​គ្រាប់​មាន​មណ្ឌល បំផ្ទុះ​របស់​វា​មិនមែន​តែមួយ​មណ្ឌល​ឡើយ​ហើយ​នោះ​ក៏​ជា​មូល​ហេតុដែល​ធ្វើឱ្យ​គ្រាប់បែក​ប្រភេទ​នេះ មាន​កម្លាំង​កាន់តែ​មហា​ប្រល័យ​ថែមទៀត ។ ដូច្នេះ ហើយ​ការប្រើប្រាស់ និង ការគ្រប់គ្រង​លើ​វា ត្រូវបាន​យកចិត្តទុកដាក់​តាំងពី​វា​ត្រូវបាន​បំផ្ទុះ​នៅ​ឆ្នាំ ១៩៤៥ មក ។ គ្រាប់បែក នុយ​ក្លេរ​អ៊ែរ ត្រូវបាន​បំផ្ទុះ ពីរលើក​ក្នុង​សង្គ្រាម​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​គឺ កងទ័ព​អាមេរិក ទម្លាក់​ទៅលើ​ប្រទេស ជប៉ុន ។ គ្រាប់បែកបរមាណូ ទីមួយ​ត្រូវបាន​ទម្លាក់​នៅ​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៩៤៥ ដែលមាន​រហស្សនាម​ថា Little Boy ( ក្មេងប្រុស​តូច ) ត្រូវបាន​ទម្លាក់​ទៅលើ​ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា ។ បី​ថ្ងៃ​ក្រោយមក កងទ័ពអាកាស​អាមេរិក បាន​ទម្លាក់​គ្រាប់បែកបរមាណូ មួយ​គ្រាប់​ទៀត​គឺ​នៅ​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ១៩៤៥ ។ គ្រាប់បែក​នេះ​មាន រហស្សនាម​ថា Fat Man ( បុរស​កន្ធាត់ ) ត្រូវបាន​ទម្លាក់​ទៅលើ​ទីក្រុង ណា​ហ្កា​សា​គី ។ ទាំងពីរ​គ្រាប់​នេះ ត្រូវបាន​ប៉ាន់ប្រមាណ​ថា​បានសម្លាប់​ជន​ស៊ីវិល និង កងទ័ព ប្រមាណ​ជា ២០០.០០០ នាក់ ថែមទាំង របួស និង ការខូចខាត យ៉ាង​មហា​វិនាស ។ ការទម្លាក់​គ្រាប់បែក​ទាំងពីរ​នេះ​បាន​បង្ខំ​ឱ្យ​ជប៉ុន សុខចិត្ត​ចុះចាញ់​សង្គ្រាម លោក​លើក​ទី ២ ។​

​ចំពោះ​ការ​បំផ្ទុះ​ជា​លក្ខណៈ​សាកល្បង ត្រូវបាន​គេ​ធ្វើ​មិនតិចជាង ពីរពាន់​ដង​ឡើយ ។ ប្រទេស​ដែលមាន អាវុធ នុយ​គ្លី​អ៊ែរ គឺ អាមេរិក ៦.៩៧០ គ្រាប់ ស​រុស្ស៊ី ៧.៣០០ គ្រាប់ បារាំង ៣០០ គ្រាប់ ចិន ២៦០ គ្រាប់ អង់គ្លេស ២១៥ គ្រាប់ ប៉ា​គី​ស្ថាន ១៣០ គ្រាប់ ឥណ្ឌា ១២០ គ្រាប់ អ៊ីស្រាអែល ៨០ គ្រាប់ និង កូរ៉េខាងជើង ១៥ គ្រាប់ (​ត្រូវបាន​ដកហូត ។ ប៉ុន្តែ​ត្រូវបាន​អ្នកជំនាញ​របស់​អាមេរិក​អះអាងថា ប្រសិនបើ​មិនមាន​វិធានការ​ប្រកប ដោយ​ប្រសិទ្ធភាព​ទេនោះ កូរ៉េខាងជើង អាច​នឹង​ផលិត​គ្រាប់បែកបរមាណូ ធុន​មធ្យម បាន ៣០ គ្រាប់ ក្នុង​រយៈពេល​មិនយូរ ។ ទោះជា​មានការ​ស្តីបន្ទោស​ដាក់គ្នា​ក្តី ក៏ត្រូវ​បាន​គេ​មើលឃើញ​ជាទូទៅ​ថា មូលហេតុ​ដែល កូរ៉េខាងជើង អាច​ឈានដល់​ការផលិត​អាវុធ​យុទ្ធសាស្ត្រ ដូចជា មី​ស៊ី​ល​ផ្លោង និង គ្រាប់បែក​បរមា ណូ​ជាដើម​នោះ គឺ​ដោយសារ រង​ការ​បង្កហេតុ​ពី​អាមេរិក ។ ចំណែក​អាមេរិក​បង្កហេតុ នៅ​ឧ​ប​ទ្វី​កូរ៉េ គឺ​ដើម្បី បានជា​លេស​ក្នុងការ​បំពាក់​ខែល​ការពារ​មី​ស៊ី​ល​នៅ​តំបន់​នេះ ក្នុង​យុទ្ធសាស្ត្រ​ឡោមព័ទ្ធ និង ទប់ទល់ ចិន និង រុស្ស៊ី ) សរុប ១៥.៣៧៥ គ្រាប់ ។ ប្រទេស អាល្លឺម៉ង់ អ៊ីតាលី ទួ​ក​គី ប៊ែ​ល​ស៊ិ​ក និង ហុ​ល្លង់ គឺជា​រដ្ឋ រួមចំណែក នៃ អាវុធ​នុយ​គ្លី​អ៊ែរ (​ជា​ប្រ​ទស​ដែល​គ្មាន​អាវុធ​ប្រភេទ​នេះ​ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​មាន​សិទ្ធិ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​ដែលមាន​អាវុធ​នេះ ឬ ការប្រើប្រាស់​អាវុធ​នេះ​) ។​
​ ​
​ក្តីបារម្ភ​
​សង្គ្រាមត្រជាក់ ( គឺជា​ភាព​តានតឹង​ផ្នែក​នយោបាយ និង កងទ័ព រវាង អាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាង លិច ចំពោះ សហ​ភា សូ​វៀត និង សម្ព័ន្ធមិត្ត​លោក​ខាងកើត ) បានធ្វើឱ្យ​ទំនាក់ទំនង​រវាង សហរដ្ឋ អាមេរិក និង សហភាព សូ​វៀត មាន​ភាពមិនប្រាកដប្រជា ហើយ​ថែមទាំង​មាន​ភាពផុយស្រួយ​ទៀតផង ។ ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ និង ១៩៨០ ស្ថានភាព​នយោបាយ​លើ​ឆាក​អន្តរជាតិ​មាន​ភាព​តានតឹង​ខ្លាំង​ទៅៗ ។ គិត​ត្រឹម​ឆ្នាំ ២០១៦ គ្រាប់បែកបរមាណូ ចំនួន ១៥.៣៧៥ គ្រាប់ ត្រូវបាន​តម្លើង និង​រក្សាទុក​នៅក្នុង ប្រទេស​ចំនួន ១៤ ហើយ​ប្រទេស​ជាច្រើន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​បំផ្ទុះ​គ្រប់ពេលវេលា ។​
​ ​
​ពិភពលោក​មាន​សង្គ្រាម​មិនចេះចប់​ឡើយ បើទោះជា​ចប់​នៅ​កន្លែង​មួយ​ក៏​នឹង​ទៅ​កើត​នៅ​កន្លែង​ផ្សេងទៀត ហើយ​សង្គ្រាម​នៅ​កន្លែង​ទាំងនោះ ក៏​អាច​ត្រូវបាន​បញ្ចប់ទៅ​គ្រាន់តែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ គឺ​សង្គ្រាម​ទាំង នោះ​មុខជា​នឹង​អាច​កើត​ឡើងវិញ​គ្រប់ពេលវេលា និង គ្រប់​ទីកន្លែង ។ ដ៏​រាប​ណា​មាន​រដ្ឋ​ដែលមាន​គ្រាប់បែក បរមាណូ កាន់តែច្រើន សន្តិសុខ​របស់​ពិភពលោក​ទាំងមូល​ក៏​កាន់តែ​ត្រូវបាន​កាត់បន្ថយ គឺ​វា​អាច​ត្រូវបាន ធ្វើឱ្យ​ផ្ទុះឡើង​ដោយ​ប្រការ​ផ្សេងៗ​ដូចជា​សង្គ្រាម កំហុស​បច្ចេកទេស ឬ ដោយ​ឧ​បទ​វ​ហេតុ ឬ ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​គ្មាន ការ​អនុ​ញ្ញា​ត្ត ពី​រដ្ឋ​ដែលជា​ម្ចាស់ (​ដូចជា​ត្រូវបាន​គេ​ប្លន់ ឬ លួច​បំផ្ទុះ​ជាដើម​) ជាដើម ។​

​ប្រសិនបើ បរមាណូ បាន​ផ្ទុះឡើង​ដោយសារ​ប្រការ​ណាមួយ​នោះ ជាពិសេស​ប្រសិនបើ​មាន​សង្គ្រាម បរមាណូ នោះ ពិភពលោក​ទាំងមូល នឹងត្រូវ​កម្ទេច​គ្មាន​សេសសល់​អ្វី​ឡើយ​ត្រឹម​តែមួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ ។​
​តាមពិតទៅ នុយ​គ្លី​អ៊ែរ ក៏មាន​ប្រយោជន៍​ក្រាសក្រែល​ណាស់ដែរ ជាពិសេស​ក្នុង​ការផលិត​ថាមពល​អគ្គិសនី និង វិស័យ​ផ្សេងៗ​ទៀត​ដូចជា​សុខាភិបាល និង កសិកម្ម ដែល​ហៅថា ប្រើប្រាស់​ក្នុង​វិស័យ​ស៊ីវិល ឬ ក្នុង​គោលដៅ​សន្តិភាព ពោលគឺ​មិនមែន​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា ។

​ផ្តើម​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​បរមាណូ​
​មើលឃើញ​នូវ​មហន្តរាយ​ដែល​នឹង​អាច​កើតឡើង​ចំពោះ​ពិ​ភ​លោក​ព​គ្រប់ពេលវេលា​នេះ ទើប​នៅ​ឆ្នាំ ១៩៥៨ រដ្ឋមន្ត្រី​កិច្ចការបរទេស​របស់ អាយ​រី​ស លោក ហ្វ្រែ​ង អាយ​កិន បាន​បើក​យុទ្ធនាការ​មួយ ដើម្បី​ស្វែងរក​ការ គាំទ្រ​សន្ធិ​ស​សញ្ញា​មិន​រីកសាយ​ភា​អាវុធ​បរមាណូ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា NPT និង ដើម្បី​ជំរុញ​ការប្រើប្រាស់ នុយ​គ្លី​អ៊ែរ ក្នុង​វិស័យ​ស៊ីវិល ។ សន្ធិសញ្ញា​នេះ​ត្រូវបាន​ចាប់ផ្តើម​ទទួល ការចុះហត្ថលេខា​នៅ​ឆ្នាំ ១៩៦៨ ហើយ​ប្រទេស ហ្វាំ​ង​ឡង់ គឺជា​រដ្ឋ​ដំបូង​គេ​ដែល​បាន​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​នេះ ។ ចាប់ពីពេលនោះ​មករ​ដ្ឋ​នានា​បាន​ចុះហត្ថលេខា​ជា​បន្តបន្ទាប់ ស្ទើរ​គ្មាន​សល់​ប្រទេស ណាមួយ​ទូទាំង​ពិភពលោក ហើយ​ទីបំផុត​នៅ​ឆ្នាំ ១៩៩២ ចិន និង បារាំង ក៏បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា NPT នេះដែរ ហើយ​បាន​ក្លាយជា​មហាអំណាច​នុយ​គ្លី​អ៊ែរ​ចុងក្រោយ​គេ បំផុត​ដែល​បាន​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​នេះ ។

​រដ្ឋ​ហត្ថលេខី​ជាច្រើន​បាន​បោះបង់ចោល​អាវុធ​នុយ​គ្លី​អ៊ែរ និង កម្មវិធី​នុយ​គ្លី​អ៊ែរ​របស់ខ្លួន ។ ប្រទេស​ដែលជា អតីត​សហភាព សូ​វៀត មាន អ៊ុយ​ក្រែ​ន បេឡា​រូស និង កា​ហ្សា​ក់​ស្ថាន បានប្រគល់​គ្រាប់បែក​នុយ​គ្លី​អ៊ែរ ទៅឱ្យ​អោយ រុស្ស៊ី វិញ ហើយ​បាន​ចូល​ជា​រដ្ឋ​ហត្ថលេខី នៃ សន្ធ​សញ្ញា​មិន​រីកសាយ​អាវុធ​បរមាណូ នៅ​ឆ្នាំ ១៩៩៤ ។ ម៉ុង​តេ​ណេ​ហ្ក្រូ និង ទី​ម័​រ ខាងកើត បាន​ក្លាយជា​រដ្ឋ​ហត្ថលេខី​ក្រោយ​គេ​នៅ​សតវត្សរ៍​ទី ២១ គឺ​នៅ​ឆ្នាំ ២០០៣ និង ២០០៦ ។
​ ​
ទិវា​អន្តរជាតិ​ប្រឆាំង​ការពិសោធ​អាវុធ​នុយ​ក្លេរ​អ៊ែរ​
​ទីលាន​ពិសោធ គ្រាប់បែកបរមាណូ Semipalatinsk របស់ សហភាព សូ​វៀត មាន​ទីតាំងនៅ​ភាគ​ឦសាន នៃ ប្រទេស កា​ហ្សា​ក់​ស្ថាន ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៤៧ ហើយ​បានចាប់ផ្តើម​បាញ់​ពិសោធ​គ្រាប់បែក បរមាណូ​លើកដំបូង​នៅ​ឆ្នាំ ១៩៤៩ ។ ចន្លោះ​ពី​ឆ្នាំ ១៩៤៩ ដល់​ឆ្នាំ ១៩៨៩ ការ​បំផ្ទុះ​គ្រាប់បែកបរមាណូ ដែលជា​ការសាកល្បង​នេះ​នៅ​ទីលាន​ពិសោធ​មួយ​នេះ ត្រូវបាន​ធ្វើឡើង ៤៥៦ លើក ។ ផល​ប៉ះ​ព​រប​ស់វា មិន​ត្រូវបាន​រដ្ឋាភិបាល​សូ​វៀត​បង្ហាញ​ឱ្យដឹង​ឡើយ ។ រហូតដល់​បន្ទាប់ពី​ការដួលរលំ នៃ សហភាព សូ​វៀត នា​ឆ្នាំ ១៩៩១ ទើបត្រូវ​បាន​គេ​រកឃើញថា ផលប៉ះពាល់ នៃ ការ​បំផ្ទុះ​ការសាកល្បង​គ្រាប់បែកបរមាណូ នៅ​ទីលាន​ពិសោធ Semipalatinsk មាន​ផលប៉ះពាល់​ធំធេង​ណាស់​គឺមាន​សភាព​ខ្លាំងក្លា ធ្ងន់ធ្ងរ​ប្រហាក់ ប្រហែល​នឹង​ផលប៉ះពាល់​របស់ NERVA របស់​អាមេរិក​ដែរ ។ ដោយហេតុនេះ ប្រធានាធិបតី កា​ហ្សា​ក់​ស្ថាន លោក Nursultan Nazarbayev បានចេញ​បញ្ជា​ឱ្យ​បិទ​ទីលាន​ពិសោធ​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃ ២៩ ខែ សីហា ឆ្នាំ ១៩៩១ ។​
​ ​
​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៤ ស្ថានទូត កា​ហ្សា​ក់​ស្ថាន ប្រចាំ​សហរដ្ឋ អាមេរិក ក្នុងឋានៈ​ជា​សហ​អ្នក​ឧបត្ថម្ភ ជាមួយនឹង សមាគម គ្រប់គ្រង សព្វាវុធ , អង្គការ កាកបាទ​ខៀវ អន្តរជាតិ , ស្ថានទូត កាណាដា និង កម្មវិធី ATOM (ATOM មកពី​ពាក្យ​ថា Abolish Testing.Our Mission = លប់​បំ​បាត​ការពិសោធ នុយ​គ្លី​អ៊ែរ គឺជា​បេសកកម្ម​របស់​ពួកយើង​) បានរៀបចំ​សន្និសីត​មួយ​ស្តីពី​ការ “ ការពិសោធ អាវុធ​នុយ​គ្លី​អ៊ែ​រៈ ប្រវត្តិសាស្ត្រ ការវិវឌ្ឍ និង ការ​ប្រជែង “​។ សន្និសីទ​នេះ​រៀបចំ​នៅឯ​វិ​ទ្យ​ស្ថាន​សន្តិភាព​អាមេរិក នា​រដ្ឋធានី វ៉ា​ស៊ី​ង​តោន ផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​ពិសោធ នុយ​គ្លី​អ៊ែរ និង វិថី​ឆ្ពោះទៅរក​ការពិនិត្យ​កែសម្រួល នូវ​សន្ធិសញ្ញា ស្តីពី​ការមិន​រីកសាយ​អាវុធ​បរមាណូ ។ សេចក្តីសម្រេច​នេះ​មាន​គោលបំណង​ជាពិសេស អំពាវនាវ​រក​បង្កើន​ការស្វែងយល់​អំពី​ផលប៉ះពាល់ នៃ ការ​បំផ្ទុះ ការពិសោធ អាវុធ​បរមាណូ ឬ ការផ្ទុះអាវុធ​នុយ​គ្លី​អ៊ែរ ដោយ​ប្រការ​ណាមួយ និង តម្រូវការ នូវ​ការបញ្ឈប់​នូវ​ការពិសោធ ឬ ការ​បំផ្ទុះ ដែល​ចាត់ទុកថា​ជា​ជោគជ័យ​មួយ​ក្នុង​គោលដៅ ពិភពលោក​គ្មាន​អាវុធ​បរមាណូ ។​ដើម្បី​រំលឹក​ដល់​ថ្ងៃ​បិទ ទីលាន​ពិសោធ​បរមាណូ Semipalatinsk នោះ សមាជិក​សន្និសីទ បានចេញ​សេចក្តីសម្រេច​រួមមួយ បង្កើត ទិវា​អន្តរជាតិ នៃ ការ​ប្រឆាំងនឹង​ការពិសោធ​នុយ​គ្លី​អ៊ែរ ដោយ​ធ្វើ​នៅ​ថ្ងៃទី ២៩ ខែ សីហា រៀងរាល់ឆ្នាំ​រហូតមក ។ ទិវា​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០០៩ នៅក្នុង​កិច្ចប្រជុំ លើក​ទី ៦៤ របស់​សភា អង្គការសហប្រជាជាតិ តាម​សេចក្តីសម្រេច​លេខ ៦៤/៣៥ ដែល​ត្រូវ​បានអនុម័ត ជា​ឯកច្ឆន្ទ ។ រដ្ឋ​ជា​ភាគី​ទាំងអស់​ក៏បាន​ប្តេជ្ញាចិត្ត​ចំពោះ​សន្ធិសញ្ញា មិន​រីកសាយ​អាវុធ​បរមាណូ ដើម្បីឱ្យ​បានសម្រេច​នូវ​សន្តិភាព និង សន្តិសុខ នៃ ពិភពលោក ដែល​គ្មាន​អាវុធ​បរមាណូ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ​មេសា​

គ្រាប់បែកបរមាណូ​ដែល​កងទ័ព​អាមេរិក​ទម្លាក់​ទៅលើ​ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា និង ទីក្រុង ណា​កា​សា​គី ប្រទេស ជប៉ុន កាលពី​ឆ្នាំ ១៩៤៥ ( ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា , ណា​ហ្កា​សា​គី )
​គ្រាប់បែកបរមាណូ​រប​ស់​អាមេរិក ឈ្មោះ Little Boy និង Fat Man ដែល​ត្រូវបាន​ទម្លាក់​ទៅលើ​ប្រទេស​ជប៉ុន (​បរិ​មា​ណូ​១)