ទិវា​អេដស៍​ពិ​លោក មានកំណើត​ពី​គំនិត​របស់​អ្នកសារព័ត៌មាន ពីរ​នាក់​

149
ចែករម្លែក

ភ្នំពេញៈ​ទិវា​អេដស៍​ពិភពលោក ត្រូវបាន​ផ្តើមគំនិត​នៅ​ឆ្នាំ​១៩៨៧ ដោយ​អ្នកសារព័ត៌មាន ២ នាក់ ហើយ​ត្រូវបាន​ប្រារព្ធ​នៅ​ថ្ងៃទី ០១ ខែធ្នូ​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៦ មក ដើម្បី​រំឭក​ដល់ ការយល់ដឹង​អំពី​ការឆ្លង​យ៉ាង​រាលដាល​ពាសពេញ​ពិភពលោក នៃ មេរោគ​ហ៊ី​វ ហើយ​វា​គឺ ជា​ទិវា​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ទិវា​សំខាន់​ទាំង ៨ របស់​អង្គការ​សុខភាព​ពិភពលោក រដ្ឋាភិបាល មន្ត្រី​សុខាភិបាល អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា ស្ថាប័ន និង​បុគ្គល​ឯកជន​ជុំវិញ ពិភពលោក​ប្រារព្ធ​ទិវា​នេះ ដោយ​ការអប់រំ​ស្តីពី​ការការពារ និង​គ្រប់គ្រង​ជំងឺអេដស៍​ហើយក៏​មាន ខែ​យល់ដឹង​អំពី​អេដស៍​មកជា​មួយ​ផងដែរ ។​

​គិតពី​ឆ្នាំ​១៩៨១-២០១២ ជំងឺអេដស៍ បានសម្លាប់​មនុស្ស​ទូទាំង​ពិភពលោក​អស់​ជាង​៣៦ លាន​នាក់ និង ប្រមាណ​ជា​៣៥,៣ លាន​នាក់​ផ្សេងទៀត​កំពុង​រស់នៅ​ជាមួយ​មេរោគ ហ៊ី​វ គឺជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ស្ថាប័ន​សុខភាព​សាធារណៈ​ប្រកាសថា​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក ។ បើទោះជា​បច្ចុប្បន្ន​មាន​វិធី​ព្យាបាល​ល្អ​គួរសម​ហើយ​ក្តី ក៏​ជំងឺអេដស៍​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា បាន​ឆ្លង​ប្រហែលជា ២ លាន​នាក់ ក្នុង​មួយឆ្នាំ ហើយ​ក្នុងនោះ​មាន​កុមារ​ប្រហែលជា ២៧០.០០០ នាក់​។ ចំណែក​នៅ​កម្ពុជា ចន្លោះ​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៧ ក្នុង​មួយឆ្នាំ មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី ប្រមាណ​ជា ៦០០ នាក់​ហើយ​មាន មនុស្ស​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ប្រមាណ​ជា ៧២.០០០ នាក់ និង មនុស្ស​ប្រមាណ​ជា ១ ម៉ឺន​នាក់​ផ្សេងទៀត កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ប៉ុន្តែ គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ។​

​ដោយ​ឃើញថា អេដស៍ គឺជា​ឃាតករ​ដ៏​កំណាច​ដូច្នេះ ទើប​នៅ​ខែសីហា ឆ្នាំ​១៩៨៧ នៅក្នុង​ទី ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បុរស ២ នាក់ ដែលជា​មន្ត្រី​ព័ត៌មាន​នៃ​កម្មវិធី​អេដស៍ របស់​អង្គការ សុខភាព​ពិភពលោក គឺ​លោក James W. Bunn និង Thomas Netter បាន​ផ្តួច​ផ្តើមគំនិត​មួយ ក្នុងការ​បង្កើតឱ្យមាន ទិវា​អេដស៍​ពិភពលោក​ឡើង ។​

Bunn និង Netter បាន​នាំយក​គំនិត​របស់ខ្លួន​ទៅ​ជួប​នាយក នៃ​កម្មវិធី​អេដស៍ ដែល​ត្រូវបាន​គេ ស្គាល់​ថា UNAIDS គឺ​លោក​វេជ្ជបណ្ឌិត Jonathan Mann ។ វេជ្ជបណ្ឌិត Mann ពេញចិត្ត​នឹង គំនិត​នោះ និង​បានទទួល​យកគំនិត​នោះ ហើយ​ផ្តល់​អនុសាសន៍​ថា ទិវា​អេដស៍​ពិភពលោក មុនដំបូង គប្បី​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​១៩៨៨​។ Bunn និង Netter ក៏​ពេញចិត្ត និង​អនុវត្ត តាម​ឱវាទ​របស់លោក​វេជ្ជបណ្ឌិត Mann​។ ទិវា​អេដស៍​ពិភពលោក​ក៏មាន​កំណើត​ក្នុង​លោក តាំងពី​ពេលនោះ​មក​។​

​ប្រធានបទ និង​របៀប​ប្រារព្ធ​ទិវា​អេដស៍​ពិភពលោក​
​ប្រធានបទ ២ ឆ្នាំ​ដំបូង នៃ​ទិវា​អេដស៍​ពិភពលោក ផ្តោតទៅលើ​កុមារ និង មនុស្ស​វ័យក្មេង ។ មនុស្ស​បានទទួល​យក​ទិវា​នេះ ដោយ​ឆាប់រហ័ស ប៉ុន្តែ​ប្រធានបទ​នេះ បាន​រង​ការ​រិះគន់ថា មិន​អើពើ​ចំពោះ​មនុស្ស​គ្រប់​វ័យ ដែល​អាច​នឹង​ក្លាយ ជា​អ្នក​ឆ្លង​មេរោគ​ហ៊ី​វ ។ កម្មវិធី​នេះ បាន​ជំរុញ​ឱ្យ​ប្រធានបទ​នោះ ជជែក​ជា​លក្ខណៈ​គ្រួសារ ។​

​នៅ​ឆ្នាំ​១៩៩៦ កម្មវិធី​រួមមួយ គឺ HIV/AIDS (UNAIDS) បានក្លាយ​ជាការ​ងារ​ដ៏​សកម្ម ហើយ​បាន រៀបចំ​ផែនការ និង​ផ្សព្វផ្សាយ​ទៅជា​ទិវា​អេដស៍​ពិភពលោក ។ ចាប់ពីពេលនោះ​មក កម្មវិធី​នេះ មិន​គ្រាន់តែ​ផ្តោតលើ​ការ​ប្រារព្ធ​ទិវា​អេដស៍​ពិភពលោក​ឡើយ ប៉ុន្តែ​ក៏បាន​រៀបចំ​យុទ្ធនាការ ឃោសនា ពេញ​មួយឆ្នាំ ដល់​មួយឆ្នាំ ទៅលើ​ការការពារ និង អប់រំ ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍ ។ នៅ​ឆ្នាំ​២០០៤ កម្មវិធី​យុទ្ធនា​ការអប់រំ​អេដស៍​ពិភពលោក បាន​ក្លាយជា ស្ថាប័ន​ឯករាជ្យ​មួយ ។​

​ជា​ផ្នែក​មួយ នៃ​យុទ្ធនាការ ស្តីពី​ការយល់ដឹង​អំពី​អេដស៍ ដែល​ធ្វើ​នៅក្នុង​ទិវា​អេដស៍​ពិភពលោក កាលពី​ពី​ឆ្នាំ​២០០៥ នៅ​ប្រទេស​អា​ហ្ស​ង់​ទីន បាន​ផលិត​រូបសំណាក​ស្រោមអនាម័យ​ពណ៌ ក្រហម​មួយ ដែលមាន​ប្រវែង ៦៧ ម៉ែត្រ ដាក់​បញ្ឈរ​យ៉ាង​ត្រដែតត្រដឹម​ស្កឹមស្កៃ​នៅ​កណ្តាល ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​រ៍​។​

​នៅ​សហរដ្ឋអាមេរិក បានចាប់ផ្តើម​កំណត់សម្គាល់​ទិវា​អេដស៍​ពិភពលោក​មុនដំបូង​នៅ​ឆ្នាំ​២០០៧ ដោយ​ការ​ដាក់តាំង បូ ពណ៌​ក្រហម​ខ្វែង​ប្រវែង​២៨ ហ្វ៊ូ​ត ឬ ប្រមាណ​ជា ៨,៥៣ ម៉ែត្រ ។ ការដាក់​តាំង​នេះ​បានក្លាយ ជា​ប្រពៃណី​ប្រចាំឆ្នាំ ហើយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង​ឆាប់រហ័ស ហើយ​បូ​នោះ​ក៏​គឺជា បដា ឬ និម្មិត​សញ្ញា​មុនដំបូង​បំផុត​ដែល​ត្រូវ​បានដាក់​ព្យួរ​ចេញពី​សេត​វិមាន​តាំងពី​រដ្ឋបាល របស់លោក​ប្រធានាធិបតី អា​ប្រា​ហាម លីន​ខូ​លន៍ (១៨៦១-១៨៦៥) មក ។​

​ទិវា​អេដស៍​ពិភពលោក​គឺជា​ទិវា​យ​មួយ​ក្នុងចំណោម​ទិវា​ទាំង ៨ ផ្សេងទៀត​ដែល​អង្គការ សុខភាព​ពិភពលោក​បានធ្វើ​គឺ​ទិវា​សុខភាព​ពិភពលោក (World Health Day) ទិវា​បរិច្ចាគ​ឈាម ពិភពលោក (World Blood Donor Day) សប្តាហ៍​ពិភពលោក​នៃ​ការធ្វើឱ្យ​ស៊ាំ​នឹង​រោគ (World Immunization Week) ទិវា​របេង​ពិភពលោក (World Tuberculosis Day) ទិវា​ពិភពលោក​គ្មាន ថ្នាំជក់ (World No Tobacco Day) ទិវា​គ្រុនចាញ់​ពិភពលោក (World Malaria Day) និង​ទិវា រោគ​ថ្លើម​ពិភពលោក​( World Hepatitis Day )​។​

​ជា​រៀងរាល់ឆ្នាំ យុទ្ធនាការ​របស់​ទិវា​អេដស៍​ពិភពលោក រមែង​ផ្តោត​ការយកចិត្តទុកដាក់​ទៅ លើ​ប្រធានបទ​ជាក់លាក់ ហើយ​ប្រធានបទ​ទាំងនោះ​ត្រូវបាន​ជ្រើសរើស​បន្ទាប់ពី​បានការ ប្រឹក្សា​ពី UNAIDS, WHO និង​ជាតិ​សាសន៍ ក៏ដូចជា​ភ្នាក់ងារ​ជាតិ អន្តរជាតិ​ដែល​ពាក់ព័ន្ធ នឹង​ការការពារ និង​ព្យាបាល​មេរោគ និង​ជំងឺ HIV/AIDS ហើយ​ចាប់ពី​ឆ្នាំ​២០០៥-២០១០ ប្រធានបទ​ដែល​ត្រូវបាន​ជ្រើសរើស​គឺ “ បញ្ឈប់​អេដស៍ “ (Stop AIDS )​និង រក្សា​ពាក្យសន្យា ( Keep the Promise) ត្រូវបាន​រចនា​ឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​ពួក​អ្នកដឹកនាំ​នយោបាយ ទាំងឡាយ​ឱ្យ​រក្សា​នូវ​ការប្តេជ្ញា​របស់​ពួកគេ​ដើម្បីឱ្យ​បានសម្រេច​នូវ​ការការពារ ការព្យាបាល ការថែទាំ​និង ការគាំទ្រ ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍ និង អ្នកជំងឺ​អេដស៍ ។

​ចំណែក​ប្រធានបទ​របស់ យុទ្ធនា​ការឃោសនា របស់​ទិវា​អេដស៍​ពិភពលោក នៅ​ឆ្នាំ​២០១២ គឺ “ ធ្វើ​វា​ឱ្យទៅជា​សូន្យ គឺ​សូន្យ​ការឆ្លង​ថ្មី នៃ មេរោគ ហ៊ី​វ សូន្យ​ការស្លាប់​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍ សូន្យ​ការរើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោក​ហ៊ី​វ និង អ្នក​កើត​ជំងឺអេដស៍ ។​

​ប្រធានបទ​ដែល​ត្រូវបាន​ជ្រើសរើស​យមក​ប្រើប្រាស់​នេះ មិនមែន​សម្រាប់​គ្រាន់តែ​ប្រើ​នៅក្នុង ទិវា​អេដស៍​ពិភពលោក​នេះឡើយ ប៉ុន្តែ​វា​គឺជា​ស្មារតី​គោល​សម្រាប់​ប្រើប្រាស់​ជា​លក្ខណៈ អន្តរជាតិ​រយៈពេល​មួយឆ្នាំ ដើម្បីឱ្យ​មានការ​យល់ដឹង អំពី HIV/AIDS​ក្នុង​បរិបទ​នៃ​ព្រឹត្តិការណ៍ សំខាន់ៗ​ដទៃទៀត​របស់​ពិភពលោក ដូចជា​ជំនួប​កំពូល​របស់​បណ្តា​ប្រទេស G ២០ (G8 Summit )​និង យុទ្ធនាការ​នានា​ដូចជា សិស្ស និស្សិត​បញ្ឈប់​អេដស៍ (Student Stop AIDS Campaign) ដែល​គេ​ធ្វើ​នៅ​ចក្រភព​អង់គ្លេស​ជាដើម ។​

​នៅក្នុង​យុទ្ធនា​ការការពារ និង​អប់រំ​អំពី​អេដស៍​នេះ ក៏មាន​កម្មវិធី​មួយ​គឺ ខែ​នៃ​យល់ដឹង​អំពី​អេដស៍ (AIDS Awareness Month )​។ ជាតិ​សាសន៍ និង​អង្គការ​នានា​បានជ្រើសរើស និង​ប្រកាស​យក ខែ នៃ​ការយល់ដឹង​អំពី​អេដស៍ នៅក្នុង​ខែ​ផ្សេងៗ​គ្នា ប៉ុន្តែ​ខែ​ដែល​គេ​ជ្រើសរើស​ច្រើន​បំផុត សម្រាប់​ធ្វើជា​ខែ នៃ​ការយល់ដឹង​អំពី​អេដស៍ គឺ​ខែធ្នូ ដ្បិត​ខែធ្នូ គឺជា​ខែ​ដែល​ស្រប​នឹង​ទិវា អេដស៍​ពិភពលោក ។​

​ពិភពលោក បានដាក់​ផែនការ សូន្យ ៣ គឺ​សូន្យ ការស្លាប់​ដោយ​ជំងឺអេដស៍​សូន្យ​ការរើសអើង ចំពោះ​អ្នក​ផ្ទុក និង​កើត​ជំងឺអេដស៍ និង សូន្យ​ការឆ្លង​មេរោគ​អេដស៍​ថ្មី នៅ​ឆ្នាំ ២០៣០ ។ ចំណែក ប្រទេស​កម្ពុជា បានដាក់​ចេញ​នូវ​ផែនការ​ធ្វើឱ្យ​ការឆ្លង​មេរោគ​អេដស៍ ដល់​ចំណុច សូន្យ​នៅ ត្រឹម​ឆ្នាំ ២០២៥ ។ កម្ពុជា សាំង​ហ្គា​ពួរ អៀក​ឡង់ អង់គ្លេស ដា​ណឺ​ម៉ាក និង បូ​ស្វា​នី គឺជា​ប្រទេស ដែល​ត្រូវបាន​ទទួលស្គាល់ថា បានសម្រេច​លទ្ធផល​លឿន​ជាងគេ​ក្នុង​លោក ។​

​ប្រធានបទ​ទិវា​អេដស៍​ពិភពលោក​ឆ្នាំ ២០១៩
​ទិវា​អេដស៍​ពិ​លោក​ឆ្នាំ ២០១៩​នេះ​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “ សហគមន៍​នានា​ធ្វើ​សកម្មភាព ផ្សេងៗ​គ្នា “ ដែល​ប្រការនេះ​បានសេចក្តីថា សហគមន៍​ទាំងឡាយ ចូលរួម​ឆ្លើយតប​បញ្ហា អេដស៍ តាម​មធ្យោបាយ​ផ្សេងៗ​គ្នា​រៀងៗ​ខ្លួន​ទៅតាម​វិស័យ​របស់ខ្លួន ។ ភាពជា​អ្នកដឹកនាំ និង​ការតស៊ូ មតិ ( ស្វែងរក​ការគាំទ្រ ) របស់​ពួកគេ ត្រូវឱ្យ​ប្រាកដថា ការឆ្លើយតប នៅតែ​ជាប់​ពាក់ព័ន្ធ , មាន​មូលដ្ឋាន និង យក​មនុស្ស​ជា​ចំណុចកណ្តាល ហើយ​មិន​ទុកចោល​នរណាម្នាក់ ។​

​ពាក្យ​ថា “ សហគមន៍​នានា “ ដោយ​រួមទាំង​អ្នក​អប់រំ​, បណ្តាញ​មនុស្ស​ដែល​រស់នៅ​ជាមួយ ឬ​ប៉ះពាល់​ដោយ​មេរោគ HIV​ដូចជា​បុរស​ខ្ទើយ ឬ ក្រុម​បុរស្ស​រួមភេទ​ជាមួយ​បុរស​, ពួក​អ្នក​ចាក់ ថ្នាំញៀន និង អ្នក​បម្រើសេវា​ផ្លូវភេទ , ក្រុម​ស្ត្រី និង ពួក​មនុស្ស​វ័យក្មេង , ពួក​អ្នកផ្តល់​ប្រឹក្សា , ពួក​អ្នកផ្តល់​សេវា​តាម​ផ្ទះ , អង្គការ សង្គម​ស៊ីវិល និង សង​កម្ម​ជន ថ្នាក់មូលដ្ឋាន ជាដើម​ផងដែរ ៕ ដោយៈ មេសា​

រូបសំណាក​ស្រោមអនាម័យ​ប្រវែង ៦៧ ម៉ែត្រ តាំងនៅ​ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​រ៍ ប្រទេស​អា​ហ្ស​ង់​ទីន
បូ ខ្វែង​ប្រវែង ៨,៥៣ ម៉ែត្រ តាំងនៅ​សេត​វិមាន