ទិវា​ឯករាជភាព នៃ សាធារណ​ដ្ឋ ឥណ្ឌូណេស៊ី​

1223
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន​នៅ​ថ្ងៃទី ១៧ ខែ សីហា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​កាលពី​ឆ្នាំ ១៩៤៥ បន្ទាប់​ស្ថិតក្រោម​ការ ត្រួតត្រា​របស់ ហុ​ល្លង់ រយៈពេល​ជាង​បី​សតវត្សរ៍ និង ត្រួតត្រា​ដោយ​ជប៉ុន​នៅ​អំឡុង​សង្គ្រាម លោក​លើក​ទី ២ មក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ឥណ្ឌូណេស៊ី គឺជា​រដ្ឋ​កម្រង​កោះ​ចំនួន​១៨.៣០៧ មាន​ផ្ទៃដី​សរុប ១.៩១៩ លាន គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាស៊ី អាគ្នេយ៍ មាន​ព្រំដែន​ជាប់​ប្រទេស ប៉ា​ពួ ញូ​វ ហ្គី​ណេ ម៉ាឡេស៊ី សាំង​ហ្គា​ពួរ ហ្វីលីពីន និង អូស្ត្រាលី ជា​សមាជិក​ស្ថាបនិក នៃ សមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ (ASEAN) និង ជា​សមាជិក​ក្រុម​ប្រទេស G-២០ ។ នៅ​ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជិត ២៦៦ លាន​នាក់ ភាគច្រើន ជា​អ្នក កាន់សាសនា អ៊ិ​ស្លាម រដ្ឋធានី​គឺ​ទីក្រុង ចា​កាតា ភាសាផ្លូវការ​គឺ​ភាសា ឥ​ណ្ធូ​ណេ​ស៊ី ។​

​ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ ១៦១៩ ទឹកដី​មួយចំនួន នៃ ប្រទេស ឥណ្ឌូណេស៊ី ត្រូវបាន​ត្រួតត្រា​ដោយ ក្រុមហ៊ុន ហុ​ល្លង់ ឥណ្ឌា ខាងកើត (The Dutch East India Company) ។ ប៉ុន្តែ​នៅ​ចុង​សតវត្សរ៍​ទី ១៨ ក្រុមហ៊ុន​នេះ​បាន ខ្ស័យធន ហើយ​ត្រូវបាន​រំលាយ​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៨០០ ។ ទ្រព្យសម្បត្តិ និង​បំណុល​ទាំងឡាយ របស់​ក្រុមហ៊ុន​នេះ ត្រូវ​បានទទួល​រ៉ាប់រង និង ត្រួ​ត្រា​ជំនួស​ដោយ​រដ្ឋាភិបាល ហុ​ល្លង់​ហើយ​ទឹកដី​មួយ ចំនួន នៃ​ប្រទេស ឥណ្ឌូណេស៊ី​ដែល​ធ្លាប់តែ​ស្ថិតក្រោម​ការ​ត្រួ​ត្រា​របស់​ក្រុមហ៊ុន​នេះ​ក៏​ត្រូវបាន​ត្រួតត្រា ជំនួស​ដោយ​រដ្ឋាភិបាល ហុ​ល្លង់ ដែរ ។​

​នៅ​ឆ្នាំ ១៨១១ ទឹកដី​ទាំងនេះ​បាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត វិញ ។ លុះដល់​ឆ្នាំ ១៨១៥ ហុ​ល្លង់ បាន​ដណ្តើមយក​ទឹកដី​ទាំងនោះ​ពី​ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត មក​ត្រួតត្រា​វិញ ។ នៅ​ឆ្នាំ​១៩០៨ ចលនា​ន​យោ​បា​សង្គម​មួយ​ឈ្មោះថា Budi Utomo ហើយ​ត្រូវបាន ប្រវត្តិសាស្ត្រ​ចារ​ទុក​ថា​ជា​ចលនា​ជាតិនិយម ឥណ្ឌូណេស៊ី ដំបូង ។ នៅ​ថ្ងៃទី ទី​១០ ខែ កញ្ញា ឆ្នាំ ១៩១២ ចលនា​ជាតិនិយម​ដំបូង​នេះ​បាន​ប្រមូលផ្តុំ​ចលនា​ជាតិនិយម​នានា​បង្កើតបានជា​បណ្តុំ​ពាណិជ្ជករ​មួយ​ឈ្មោះថា Sarekat Islam ហើយ​គិត​ត្រឹម​ខែ ធ្នូ ឆ្នាំ ១៩១២ Sarekat Islam មាន​សមាជិក​ឡើងដល់ ៩៣.០០០ នាក់ ។ មេដឹកនាំ និង សមាជិក នៃ ក្រុម​នេះ គឺជា​អ្នក​អាជីព និង និស្សិត​ហើយ​អ្នកខ្លះ ទទួលបាន​ការអប់រំ​នៅ ហុ​ល្លង់ ផងដែរ ។​

​បន្ទាប់ពី​សង្គ្រាមលោកលើកទី ១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) ពួក​កុ​ម្មុយ​និ​ស្ត ឥណ្ឌូណេស៊ី បាន​ដណ្តើម​កាន់កាប់​ចលនា​ជាតិនិយម​នេះ ។ នៅ​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩២៩ អាណានិគម ហុ​ល្លង់ បាន​បង្ក្រាប​ចលនា​នេះ ហើយ​បាន​ចាប់ខ្លួន​មេដឹកនាំ និង​សមាជិក​ជាច្រើន​នាក់ ដែល​ក្នុងនោះ​មាន​ទាំង​លោក ស៊ូ​កា​ណូ និង លោក ម៉ូ​ហា​ម៉ាត់ ហ​ត្តា ផងដែរ​ហើយ​បានដាក់​ពន្ធនាគារ ពីបទ​ធ្វើ​សកម្មភាព​នយោបាយ ។

​នៅ​ឆ្នាំ ១៩១៤ ជនជាតិ ហុ​ល្លង់ ដែល​និរទេស​ខ្លួន​ម្នាក់ ឈ្មោះ Henk Sneevliet បាន​បង្កើត​សមាគម មួយ​ឈ្មោះថា សមាគម សង្គម​ប្រជាធិបតេយ្យ ឥណ្ឌា ។ ដើមឡើយ​សមា​គនេះ​គ្រាន់តែ​ជាការ​ជួបជុំគ្នា ដ៏​តូច​មួយ នៃ ជនជាតិ​ហុ​ល្លង់ ប៉ុណ្ណោះ ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩២៤ សមាគម​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង គណ​បក្សកុម្មុយនិស្ត ឥណ្ឌូណេស៊ី (PKI) ។

​នៅ​សម័យ​ក្រោយ​សង្គ្រាមលោកលើកទី ១ អាណានិគម ហុ​ល្លង់​បាន​ចាត់វិធានការ​ក្តៅ​បង្ក្រាប​ជន​ប្រឆាំង នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី បានធ្វើឱ្យ​មានការ​កើនឡើង​នូវ​ពួក​កុ​ម្មុយ​និ​ស្ត PKI ដោយ​គិត​ត្រឹ​ខែ ធ្នូ ឆ្នាំ ១១៩២៤ PKI មាន​សមាជិក​កើនឡើង​ដល់​ទៅ​១.១៤០ នាក់ ហើយ​នៅ​ឆ្នាំ ១៩២៥ បក្សកុម្មុយនិស្ត ឥណ្ឌូណេស៊ី PKI កើន​សមាជិក​ដល់​ទៅ ៣.០០០ នាក់ ។ ឆ្នាំ ១៩២៦-១៩២៧ ក៏មាន​បដិវត្តន៍​ប្រឆាំង នឹង​អាណានិគមនិយម ហុ​ល្លង់ ដឹកនាំ​ដោយ​ពួក PKI ហើយក៏​មានការ​បង្ក្រាប​ដោយ​ហិង្សា និង បាន​ចាប់ខ្លួន​មេដឹកនាំ​អ្ន​ជាតិនិយម ហុ​ល្លង់ និង មេដឹកនាំ​កុ​ម្មុយ​និ​ស្ត ឥណ្ឌូណេស៊ី ១៣.០០០ នាក់ ដោយ ៤.៥០០ នាក់​ត្រូវបាន​កាត់ទោស​ដាក់ពន្ធនាគា​រ ។ នៅ​ខែធ្នូ​ឆ្នាំ ១៩៣១ លោក ស៊ូ​កា​ណូ ត្រូវបាន​ដោះ​លែ​ពី​ពន្ធនាគារ ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​ម្តងទៀត​នៅ​ថ្ងៃទី ១ ខែ សីហា ឆ្នា ១៩៣១ ពីបទ​សកម្ម​នយោបាយ​កុ​ម្មុយ​និ​ស្ត ។​

​ក្រោម​ការ​ត្រួ​ត្រា​របស់​ជប៉ុន
​មុន​សង្គ្រាមលោកលើកទី​២ គឺ​នៅ​ឆ្នាំ ១៩៤០ ហុ​ល្លង់ ត្រូវបាន​កាន់កាប់​ដោយ​ពួក ណា​ស៊ី អាល្លឺម៉ង់ ។ នៅ​ឆ្នាំ ១៩៤២ ជប៉ុន​បាន​ចូល​ដណ្តើម​កាន់កាប់​ទឹកដី​ឥណ្ឌូណេស៊ី ពី​ហុ​ល្លង់ ដែល​ប្រការនេះ​ធ្វើឱ្យ​កក្រើក ឡើងវិញ​ទៀត​នូវ​ចលនា​ដើម្បី​ឯករាជភាព​របស់​ឥណ្ឌូណេស៊ី ដែល​ត្រូវបាន​អាណានិគម​ហុ​ល្លង់ បង្ក្រាប​នាពេល​កន្លងមក ។ ការចរចា​ជាមួយ​ជប៉ុន​ក្នុង​បំណង​ប៉ះប៉ូវ​នូវ​ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​បាន បរាជ័យ​នៅ​ខែ មិថុនា ឆ្នាំ ១៩៤១ ហើយ​ជប៉ុន បានចាប់ផ្តើម​លុកលុយ​អាស៊ីអាគ្នេយ៍​នៅ​ខែ ធ្នូ ឆ្នាំ ១៩៤១ នោះ ។ នៅក្នុង​ខែ ធ្នូ នោះដែរ ខាង​កោះ ស៊ុ​ម៉ា​ត្រា​ក៏បាន​សុំ​ជំនួយ​ពី​ជប៉ុន​សម្រាប់ធ្វើ​បដិវត្តន៍ ប្រឆាំង​អាណានិគម ហុ​ល្លង់ នៅ​ទីនោះ ។ ជប៉ុន​បាន​យកឈ្នះ​លើ​កងទ័ព ហុ​ល្លង់ នៅ ស៊ុ​ម៉ា​ត្រា នៅ​ឆ្នាំ ១៩៤២ ។

​នៅ​ខែ កក្កដា ឆ្នាំ ១៩៤២ នោះ ជប៉ុន​បាន​ដោះលែង លោក ស៊ូ​កា​ណូ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី សាធារណជន ឥណ្ឌូណេស៊ី ចំពោះ​សង្គ្រាម​ជប៉ុន ។ នៅ​ឆ្នាំ ១៩៤៣ លោក ស៊ូ​កា​ណូ និង លោក មូ​ហា​ម៉ា​ដ់ ហ​ត្តា ត្រូវបាន​ព្រះ​ចៅ​អ​ធិ​រាជ្យ ជប៉ុន បំពាក់​គ្រឿង​ឥស្សរិយយស ។ ទោះយ៉ាងណា​ក្នុងពេល ស្ថិតក្រោម​ការត្រួតត្រារ​បស់​ជប៉ុន នោះ ជប៉ុន​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ជាច្រើន​ចំពោះ​ជនជាតិ​ឥណ្ឌូណេស៊ី ជាពិសេស​ជនជាតិ​ហុ​ល្លង់​រស់នៅ​លើទឹក​ដី​នោះ ដូចជា​ការធ្វើ​ទណ្ឌកម្ម ទាស​កម្ម​ផ្លូវភេទ​ជាដើម ដែល​ក្រោយមក របាយការណ៍​របស់​អង្គការសហប្រជាជាតិ បាន​អះអាងថា មាន​មនុស្ស​បួន​លាន​នាក់ បាន​ស្លាប់​ក្នុងពេល​ជប៉ុន​ត្រួតត្រា​ឥណ្ឌូណេស៊ី ។​

​ប្រកាស​ឯករាជភាព
​នៅ​ឆ្នាំ ១៩៤៥ ជប៉ុន បានរៀបចំ​គណៈកម្មកា​រ ឥណ្ឌូណេស៊ី (BPUPKI) មួយ​ស្តីពី​ឯកា​រាជ​ភាព ឥណ្ឌូណេស៊ី ។ ក្នុងពេល​ជួបប្រជុំ​លើកដំបូង នៅ​ខែ ឩ​សភា ឆ្នាំ​នោះ លោក Soepomo បាន​និយាយ​អំពី​ការបង្រួបបង្រួម​ជាតិ ហើយ​ប្រឆាំងនឹង​គំនិត​អាត្មានិយម និង ផ្តាច់ចេញ​ពីគ្នា ។ ចំណែក​លោក មូ​ហា​ម៉ា​ដ់ យ៉ា​មីន បាន​ស្នើថា រដ្ឋ​ថ្មី​នោះ​គួរតែ​រួមបញ្ចូល​ទាំង​ទឹកដី​ក្រោម​ការត្រួតត្រា របស់​អង់គ្លេស របស់ ព័រទុយហ្កាល់ និង ទឹកដី​ទាំងអស់​ដែល​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ ហុ​ល្លង់ នៅមុន​សម័យ​សង្គ្រាម​ផងដែរ ។ គណៈកម្មការ​នោះ​ក៏បាន​ព្រាង​រដ្ឋធម្មនុញ្ញ​ឥណ្ឌូណេស៊ី ។ នៅ​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ១៩៤៥ លោក ស៊ូ​កា​ណូ លោក ហ​ត្តា និង លោក រ៉ា​ដ​ជី​ម៉ា ត្រូវបាន​បញ្ជូន ទៅ​ជួប​សេនាប្រមុខ Hisaichi Terauchi ជប៉ុន នៅ​ប្រទេស​វៀតណាម ។ ជប៉ុន​បាន​ប្រាប់​មេដឹកនាំ ឥណ្ឌូណេស៊ី​ទាំងបី​នោះ​ថា ជប៉ុន មានបំណង​ចង់​ប្រកាស​ឯករាជភាព ឱ្យ ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ១៩៤៥ នោះ​។

​ប៉ុន្តែ​មិនទាន់បាន​ប្រកាស​ឯករាជ​ភាព​ឱ្យ​ឥណ្ឌូណេស៊ី​ផង នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៥ ជប៉ុន បានប្រកាស​ចុះចាញ់​សង្គ្រាមលោកលើកទី ២ បន្ទាប់ពី អាមេរិក បាន​ទម្លាក់​គ្រាប់បែកបរមាណូ ២ គ្រាប់​ទៅលើ​ទីក្រុង ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា នៅ​ថ្ងៃទី ៦ និង ទីក្រុង ណា​ហ្កា​ហ្សា​គី នៅ​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ១៩៤៥ នោះ ។ ដូច្នេះ​ដោយមាន​សម្ពាធ​ពី​ពួក​រ៉ាឌីកាល់ និង ក្រុមយុវជន​ផង នៅ​ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៩៤៥ នោះ លោក ស៊ូ​កា​ណូ បានប្រកាស​ឯករាជភាព​របស់​ឥណ្ឌូណេស៊ី ជា​ឯកតោភាគី ថា​ជា​សាធារណរដ្ឋ ឥណ្ឌូណេស៊ី ។

​ពីរ​ថ្ងៃ​ក្រោយមក គណៈកម្មការ​កណ្តាល​ជាតិ ឥណ្ឌូណេស៊ី (KNIP) បានប្រកាស​តែងតាំង​លោក ស៊ូ​កា​ណូ ជា​ប្រធានាធិបតី និង លោក ម៉ូ​ហា​ម៉ា​ដ់ ហ​ត្តា ជា​អនុ​ប្រធានាធិបតី ។ ពាក្យ​ថា ការប្រកាស​ឯករាជភាព ឥណ្ឌូណេស៊ី បាន​រីក​សាយភាយ​ទៅ​តំបន់​ផ្សេងៗ​នៃ​ប្រទេស កងទ័ព យុវជន និង ចលនា​ផ្សេងៗ​ដែល​គាំទ្រ​សាធារណរដ្ឋ​ថ្មី​នេះ បាន​ចូល​កាន់កាប់​ការិយាល័យ​រដ្ឋាភិបាល​ពី​ជប៉ុន ។
​ដោយមាន​ការគាំទ្រ​ពី​ចក្រភព​អង់គ្លេស​ផង ហុ​ល្លង់ មានបំណង​ចង់​បង្កើត​អាណានិគម របស់ខ្លួន​ទៅលើ​ឥណ្ឌូណេស៊ី​ឡើងវិញ ក៏​នាំឱ្យមាន​ការតស៊ូ​ការទូត និង ការតស៊ូ​ប្រដាប់អាវុធ​យ៉ាង​ជូរចត់ ហើយ​ដោយសារ​គំនាប​ពី​អន្តរជាតិ ហុ​ល្លង់​បានសម្រេច​ចិត្ត​បោះបង់​ម​ហិ​ច្ឆ​ត្តា​របស់ខ្លួន​ហើយ ទទួលស្គាល់ ឯករាជភាព​របស់​ឥណ្ឌូណេស៊ី នៅ​ខែ ធ្នូ ឆ្នាំ ១៩៤៩ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ទីក្រុង​ចា​កាតា ប្រទេស​ឥណ្ឌូ​ន​ណេ​ស៊ី (indo2)
លោក ស៊ូ​កា​ណូ ប្រកាស​ឯក​រា​ភាព ឥណ្ឌូណេស៊ី (indo1)
#