ទិវា​ឯករាជ្យ​ជាតិ​នៃ​ប្រទេស​ក្រិ​ក​

359
ចែករម្លែក

ភ្នំពេញ​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​ក្រិ​ក ប្រារឰ​ទិវា​ឯករាជ្យ ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​២៥ ខែមីនា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ងើប បះបោរ​ប្រឆាំងនឹង​ការត្រួតត្រា​របស់ ចក្រភព​អូ​តូ​ម៉​ង់ កាលពី​ឆ្នាំ​១៨២១ ដែល​ទីបំផុត​ពួកគេ​អាចបង្កើត​បានជា សាធារណរដ្ឋ​ក្រិ​ក ឯករាជ្យ នៅ​ឆ្នាំ ១៨៣០ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
សាធារណរដ្ឋ​ក្រិ​ក មាន​ផ្ទៃដី ១៣១.៩៥៧​ម៉ែត្រក្រឡា ស្ថិតនៅ​ផ្នែក ខាងត្បូង​នៃ​តំបន់​ឧបទ្វីប បាល់​កង់ ភាគ អាគ្នេយ៍ នៃ​អឺរ៉ុប ឬ​ស្ថិតនៅ​ចំ​កន្លែង ទី​ខ្វែង នៃ​អឺរ៉ុប អាស៊ី និង​អាហ្វ្រិក មាន ព្រំដែន​គោក​ជាប់​នឹ​ប្រទេស​អាល់​បា​នី ម៉ា​ស៊ី​ដូ​នា ប៊ុលហ្គារី និង​តួ​ក​គី ។ នៅ​ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាង​១១ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា មូស្លីម និង​គ្រិស្ត ។ ភាសាផ្លូវការ​គឺ ភាសា​ក្រិ​ក រដ្ឋធានី គឺ​ទីក្រុង​អា​តែ​ន ។ ក្រិ​កមាន​ឆ្នេរ​សមុទ្ទ ល្អាង​សមុទ្ទ​ម៉េ​ឌី​- ទែ​រ៉ា​ណេ ប្រវែង​១៣.៦៧៦​គីឡូម៉ែត្រ​។​
​ ​
ប្រវត្តិសាស្ត្រ​-​ធ្លាក់​ក្នុង​ដៃ​រ៉ូម​
ពិភពលោក​បាន​ស្គាល់​ថា ក្រិ​ក ធ្លាប់ជា​ប្រទេស​ដ៏​មាន​អរិយធម៌​ខ្ពង់ខ្ពស់ ព្រោះ​ក្រិ​ក​សម្បូរ​ទៅដោយ អ្នកប្រាជ្ញ ទស្សនវិទូ ។ ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល​នាពេលនេះ បច្ចុប្បន្នេះ ក៏​ជាការ​បង្កើតឡើង​ដោយ អ្នកប្រាជ្ញ ក្រិ​ក ដែរ ។​
​ ​
​រ៉ូម ត្រូវបាន​បង្កើតជា​រដ្ឋ​មុន ដំបូង​នៅ​ឆ្នាំ​៧៥៣ មុន​គ្រិស្តសករាជ ដោយ​ប្រកាន់យក​របប រាជានិយម ។ លុះដល់​ប្រមាណ​ជា​៥០០​មុន​គ្រិស្ត សករាជ របបរាជានិយម ត្រូវបាន​ប្តូរ ទៅជា​របប​សាធារណរដ្ឋ ។ ទាំង​រាជា ណា​ចក្រ​រ៉ូម ក៏ដូចជា សាធារណរដ្ឋ​រ៉ូម​តែងតែ​ធ្វើសង្គ្រាម ពង្រីក​ទឹកដី ឥត ឈប់ឈរ ។ ទឹកដី​ក្រិ​ក បាន​ក្លាយជា ផ្នែក​មួយ នៃ​សាធារណរដ្ឋ​រ៉ូម នៅ ១៦៨​ឆ្នាំ មុន​គ្រិស្តសករាជ ។​
​ ​
​គិត​ត្រឹម​សតវត្សរ៍​ទី​២ មុន គ្រិស្តសករាជ តំបន់​នៅ​ជុំវិញ​សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ ទាំងមូល ធ្លាក់​ក្រោម​ការ គ្រប់គ្រង​របស់​ចក្រភព​រ៉ូម​ទាំងអស់ ។ ពេលនោះ ចក្រភព​រ៉ូម គ្មាន​សត្រូវ​ណា មកពី​ខាងក្រៅ​ហ៊ាន​ងើបមុខ​តទល់ ឬ ប៉ះពាល់​ឡើយ ។ ប៉ុន្តែ​រ៉ូម មានទំនាស់ ផ្ទៃក្នុង​ជា​បន្តបន្ទាប់ ។ សាធារណរដ្ឋ ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា ចក្រភព​រ៉ូម នៅ ២៧​ឆ្នាំ មុន​គ្រិស្តសករាជ ។
​ ​
​លុះដល់​ឆ្នាំ​៤៦៧ នៃ គ្រិស្ត សករាជ​ចក្រភព​រ៉ូម បាន​ដួលរលំ ប៉ុន្តែ មុននឹង​ឈានដល់​ការដួលរលំ​នេះ ចក្រភព​រ៉ូម ត្រូវបាន​បែងចែក​ជា​ពីរ ផ្នែក គឺ​ចក្រភព​រ៉ូម​ខាងលិច និង​ចក្រភព រ៉ូម​ខាងកើត ឬ ចក្រភព​ប៊ី​ហ្ស​ង់​តាំង ។​
​ ​
​ចក្រភព​រ៉ូម​ខាងលិច មាន រាជធានី​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី បច្ចុប្បន្ននេះ​បាន​រលាយបាត់​រូប ទៅជា នគរ​តូចៗ ចំណែក​រ៉ូម​ខាងកើត ឬ ចក្រភព​ប៊ី​ហ្ស​ង់​តាំង មាន​រាជធានី ឈ្មោះ​កង់​ស្តង់ ទី​ណូ​ប នៅតែ​រក្សា បាន​នូវ​អត្ថិភាព ។ ទឹកដី​ក្រិ​ក ស្ថិតក្នុង ផ្នែក​មួយ នៃ​ចក្រភព​ប៊ី​ហ្ស​ង់​តាំង ឬ ចក្រភព​រ៉ូម​ខាងកើត នោះឯង ។​
​ ​
ធ្លាក់​ក្នុង​ដៃ​ចក្រភព​អូ​តូ​ម៉​ង់ និង​ចលនា​ប្រឆាំង​
​ការលេចឡើង​នូវ​ចក្រភព អូ​តូ​ម៉​ង់ ( តួ​ក​គី ) ដែលជា​មហាអំណាច​មូស្លីម បាន​ពើប​សង្គ្រាម ជាមួយ​ចក្រភព ប៊ី​ហ្ស​ង់​តាំង ជា​បន្តបន្ទាប់ ។ ទីបំផុត​ឆ្នាំ ១៤៥៣ រាជធានី​កុង​ស្តង់​ទី​ណូ​ប របស់ ចក្រភព​ប៊ី​ហ្ស​ង់​តាំង បាន​ដួលរលំ​ក្រោម ការវាយលុក​របស់​ច​ក្រ​ភព​អូ​ត៉ូ​ម៉​ង់ ។ ពេលនោះ​ក្រិ​ក បាន​ក្លាយជា​ផ្នែក​មួយ នៃ​ចក្រភព​អូ​តូ​ម៉​ង់ វិញ​ម្តង ។​
​ ​
​បញ្ញាជន​ក្រិ​ក​មួយចំនួន​ដែល បាន​ភៀសខ្លួន​ទៅ​ប្រទេស​លោក​ខាង លិច​នៅមុន ឬ​នៅក្នុង​អំឡុង នៃ​ការ​លុក លុយ​របស់​ចក្រភព​អូ​តូ​ម៉​ង់ ទៅលើ​ទឹកដី ក្រិ​ក ក្នុងនោះ​មានដូចជា ដេ​ម៉េ​ទ្រើស ឆាល​កូ​កូន​ឌី​ឡេស និង​លោក ឡេ​អូ​នា​ដូ​ស ហ្វ៊ី​ឡា​រ៉ា​ស ជាដើម បាន ចាប់ផ្តើម​អំពាវនាវរ​ក​សេរីភាព​សម្រាប់ មាតុប្រទេស​របស់​ពួកគេ ។​
​ ​
​លោក Demetrius Chalcon-dyles បាន​អំពាវនាវ​សុំ​ជំនួយ​ពី សាធារណរដ្ឋ វេ​នី​ស និង ជន​ឡាតាំង ទាំងអស់​ថា “ សូមជួយ​ដល់​ប្រជាជន​ក្រិ​ក ដើម្បី​ប្រឆាំងនឹង​ជនជាតិ​តួ​ក​គី (​អូ​តូ​ម៉​ង់​) ដ៏​ឃោ​ឃៅ​ព្រៃផ្សៃ​គួរឱ្យ​ស្អប់ខ្ពើម និង គួរឱ្យខ្លាច​យ៉ាង​ក្រៃលែង “ ។
​ ​
​ពេញ​ទាំង​សតវត្សរ៍​ទី​១៧ មានការ​ប្រឆាំងនឹង​ការត្រួតត្រា​របស់ ចក្រភព អូ​តូ​ម៉​ង់​យ៉ាងខ្លាំង​ក្លា ជាពិសេស នៅ​តំបន់​ភាគ​ខាងកើត នៃ​ប្រទេស​ក្រិ​ក ហើយ​ក្នុងនោះ​មាន​ចលនា​បះបោរ​មួយ ដឹកនាំ​ដោយ​ទស្សនវិទូ​ម្នាក់ គឺ​លោក ឌី​អូ​នី​ស៊ើ​ស ។​
​ ​
​ទីបំផុត​នៅ​ឆ្នាំ​១៦៨៤ មាន សង្គ្រាម​រវាង​សាធារណរដ្ឋ​វេ​នី​ស និង ចក្រភព​អូ​តូ​ម៉​ង់ តួ​ក​គី បាន​ផ្ទុះឡើង​នៅ តំបន់​ម៉ូរា ។ ពេលនោះ ចក្រភព​អូ​តូ​ម៉​ង់ កំពុង​ជាប់ដៃ​នឹង​សង្គ្រាម​ជាមួយ​ពួក អូទ្រីស ទីបំផុត​នៅ​ឆ្នាំ​១៦៩៩ ជ័យជម្នះ ក៏​ធ្លាក់​ទៅលើ​សាធារណរដ្ឋ​វេ​នី​ស ។​
​ ​
​ប៉ុន្តែ​ពេល​ចប់​សង្គ្រាម ជនជាតិ​ក្រិ​ក​ដែល​បាន​ដុតដៃដុតជើង ជួយ​ពួក​វេ​នី​ស ដណ្តើមយក​ជ័យជម្នះ ពី​អូ​តូ​ម៉​ង់ ដោយ​ស្មានថា ពេល​ឈ្នះ សង្គ្រាម នឹង​បាន​ទឹកដី​របស់ខ្លួន​មកវិញ នោះបាន​ជួប​ការ ខកចិត្ត​យ៉ាង​ឥតឧបមា ដ្បិត តំបន់ Peloponnese ភាគ​អាគ្នេយ៍ នៃ​ប្រទេស​ដែល​ទើប​ដណ្តើម បាន​ពី អូ​តូ​ម៉​ង់ នោះ ពួក​វេ​នី​ស មិនបាន​ប្រគល់ ឱ្យ​ជនជាតិ​ក្រិ​ក​វិញ​ឡើយ គឺ​ពួក​វេ​នី​ស បាន​យកទៅ​ត្រួតត្រា​ដោយ​ខ្លួនឯង បន្ត​ពី​អូ​តូ​ម៉​ង់ ។ ក្រៅពីនោះ ទឹកដី​ភាគ ច្រើន​ស្ថិតក្រោម គ្រប់គ្រង​របស់​អូ​តូ​ម៉​ង់ ដដែល ។​
​ ​
ក្នុង​បំណង​បន្ថយអំណាច របស់​ចក្រភព​អូ​តូ​ម៉​ង់ និង​ដើម្បី​បង្កើត រដ្ឋ​ក្រិ​ក​ឯករាជ្យ​មួយ​ដែល​គាំ ទ្រ​រុស្ស៊ី មន្ត្រី​ទូត​រុស្ស៊ី​ជាច្រើនរូប ត្រូវបាន​បញ្ជូន ទៅកាន់​តំបន់ Mani Peninsula នៅ ពាក់កណ្តាល​ទស​វ​ស្សរ៍​១៧៦០ ដើម្បី បង្កើត​កតិកាសញ្ញា​ជាមួយ​ពួក​មេដឹកនាំ ដែលមាន​កម្លាំង យោធា​ខ្លាំងៗ​នៅក្នុង ប្រទេស​ក្រិ​កនា​យុគ​នោះ ។​
​ ​
​ដោយហេតុ​នោះ​នៅ​ឆ្នាំ ១៧៦៩ សង្គ្រាម​ដ៏​ធំ​មួយ​រវាង​ចក្រភព អូ​តូ​ម៉​ង់ និង​ពួក​ជនជាតិ​រុស្ស៊ី ក៏បាន ឆាបឆេះ​ឡើង​នៅលើ​ទឹកដី​ក្រិ​ក ប៉ុន្តែ ជ័យជម្នះ​ធ្លាក់​ទៅលើ​ពួក​អូ​តូ​ម៉​ង់ ហើយ ពួកគេ​បន្ត​ត្រួតត្រា​ក្រិ​ក តទៅទៀត ។​
​ ​
​សង្គ្រាម​រវាង​ជនជាតិ​ក្រិ​ក ប្រឆាំងនឹង​អូ​តូ​ម៉​ង់ នៅតែ​បន្ត​ចាញ់ ឈ្នះ​គ្នា​ទៅវិញទៅមក​ជា​ហូរហែ ។ ហើយ​ក៏មាន​ជនជាតិ​ក្រិ​ក​ខ្លះ​សោយ សុខ​នឹង​តំណែង​សំខាន់ៗ​នៅលើ​ទឹកដី របស់ខ្លួន​ក្រោម​ការត្រួតត្រា​របស់ ចក្រភព​អូ​តូ​ម៉​ង់​តួ​ក​គី ដែរ ។​
​ ​
​ចាប់ពី​សតវត្សរ៍​ទី​១៨ ទៅ ទើប​សា​មា​ជិ​ក​គ្រួសារ​អភិជន​ក្រិ​ក សំខាន់ៗ​នៅ​តំបន់​កុង​ស្តង់​ទី​ណូ​ប ដណ្តើមបាន​សិទ្ធិ​កាន់កាប់​គួរឱ្យ​កត់ សម្គាល់​ទៅលើ​នយោបាយ​ការបរទេស ពី​អូ​តូ​ម៉​ង់ ហើយ​ទីបំផុត​ក៏​ដណ្តើម អំណាច​នៅ​តំបន់​នោះ​ទាំងស្រុង ។​
​ ​
​នៅ​សតវត្សរ៍​ទី​១៨ នោះ ជនជាតិ​ក្រិ​ក​ច្រើនឡើងៗ បានធ្វើ​ជំនួញ នៅក្រៅ​ប្រទេស ហើយ​បាន​នាំនូវ​ទ្រព្យ សម្បត្តិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅ ប្រទេស​របស់ខ្លួន ។ តាមរយៈ​ជីវភាព ធូរធារ​ជាង​មុន​នោះ ពួកគេ​បាន​កសាង សាលារៀន បណ្ណាល័យ​និង​ចំណាយ​ឱ្យ យុវជន​សិក្សា​នៅតាម​សកល​វិទ្យាល័យ នានា នៅ​ប្រទេស​អឺរ៉ុប​ខាងលិច ។ ពេល​នោះឯង​ហើយ​ដែល​ពួក​អ្នកសិក្សា ទាំងនោះ​បានទទួល​មនោ​គម​វិជ្ជា រ៉ាឌីកាល់ អឺរ៉ុប ដូចជា​បដិវត្តន៍​បារាំង និង​ចលនា​ជាតិនិយម ។​
​ ​
​ពួក​អ្នកមាន​ការអប់រំ​ខ្ពង់ខ្ពស់ និង​មាន​ឥទ្ធិពល​ទាំងនោះ បាន​នាំយក​ទស្សនៈ​ទាំងនោះ​ត្រឡប់ ទៅ​មាតុ ប្រទេស​របស់​ពួកគេ ក្នុង​បំណង​លើក កម្ពស់​ការសិក្សា​របស់​ពួកគេ និង​ពង្រឹង អត្តសញ្ញាណ​ជាតិ​របស់​ពួកគេ​ផង ហើយ​ទស្សនៈ​ជាតិនិយម​នោះ ក៏បាន រីកសាយ​តាមរយៈ ការនិពន្ធ​និង​បោះពុម្ព​ជា សៀវភៅ​ជាដើម ដែល​ក្នុងនោះ ពណ៌នា ក្នុង​ក្របខ័ណ្ឌ​ថា ពន្លឺ នៃ ក្រិ​ក ទំនើប ។​
​ ​
​នៅ​យុគ​នោះ មាន​បញ្ញវន្ត និង អ្នកនិពន្ធ​ក្រិ​ក​ដ៏​ចំណានៗ​ជាច្រើន​ហើយ​អ្នកនិពន្ធ​ដែលមាន ឥទ្ធិពល​បំផុត គឺ​លោក រី​ហ្កា​ស ហ្វេ​រ៉ា​យ​អូស គឺជា មនុស្ស​ផ្តួចផ្តើម និង​ចាត់ចែង​ចលនា ជាតិនិយម​មុនគេ ដើម្បី​ទាមទារ​រក សេរីភាព​សម្រាប់​ជាតិ​សាសន៍​នៅ​តំបន់ បាល់​កង់​ទាំងអស់ ដោយ​រួមទាំង​តំបន់ ក្រោម​ការត្រួតត្រា​របស់​តួ​ក​គី​ផង ហើយ ចង់​បង្កើត​សាធារណរដ្ឋ បាល់​កង់ ។​

​ដើម្បី​សម្រេច​បំណង​របស់គាត់ លោក រី​ហ្កា​ស ក៏មាន​ទំនាក់​ទំនងជា មួយ​ព្រះ​ចៅ ណាប៉ូឡេអុង បារាំង និង ឧ​ត្ត​ម​សេនីយ៍ យោធា អ៊ីតាលី ផង​ធ្វើឱ្យ ពួក​អូ​តូ​ម៉​ង់​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង ហើយ​នៅពេល​គាត់ និង​សហការី​កំពុង ធ្វើដំណើរ​ទំនាក់ទំនង​នោះ មិត្ត​របស់ គាត់​ម្នាក់​ដែលជា អ្នកជំនួញ​ជនជាតិ​ក្រិ​ក បាន​ក្បត់​គាត់ ដោយ​លួច​ឯកសារ​របស់ គាត់​ធ្វើឱ្យ​បេសកកម្ម​សម្ងាត់ របស់គាត់ ត្រូវ​បែកធ្លាយ ។ ដោយហេតុ​នោះ លោក រី​ហ្កា​ស និង សហការី ត្រូវបាន អាជ្ញាធរ អូទ្រីស ចាប់ខ្លួន​ហើយ​ប្រគល់ ទៅឱ្យ​មន្ត្រី​ត្រួតត្រា​អូ​តូ​ម៉​ង់​នៅ​ឆ្នាំ ១៧៩៧ ហើយ​បញ្ជូនទៅ​ទីក្រុង បែ​ល​ក្រា​ដ ដាក់ពន្ធនាគារ និង​ធ្វើ ទារុណកម្ម​យ៉ាងធ្ងន់ធ្ង​រ ។
​ ​
​នៅ​ខែមិថុនា ឆ្នាំ​១៧៩៨ ពួក វិ​រ​បុរស​ស្នេហា​ជាតិ​ក្រិ​ក​ទាំងនេះ​ត្រូវ បាន​មន្ត្រី អូ​តូ​ម៉​ង់ បញ្ជូនទៅ​កាត់ទោស នៅឯ​ទីក្រុង​កុង​ស្តង់​ទី​ណូ​ប ប៉ុន្តែ​ខណៈ បញ្ជូនទៅ​ទីនោះ ពួក​អូ​តូ​ម៉​ង់ បារម្ភ ខ្លាចក្រែង​ពួក​អ្នកទោស​ទាំងនេះ​ត្រូវ បាន​គេ​ដណ្តើមយក ទើប​ពួកគេ​សម្រេច ចិត្ត​កាត់ទោស​ព្យួរ​ក ប្រហារជីវិត​អ្នក ទាំងអស់នោះ ហើយ​បោះចោល សាកសព​របស់​ពួកគេ​ក្នុង​ទន្លេ ដា​នូ​ប ។

​ហេតុការណ៍​នេះ​ធ្វើឱ្យ​កក្រើក បេះដូង​ជនជាតិ​ក្រិ​ក​ទូទាំងប្រទេស​ក្នុងនោះ​មាន​អ្នកជំនួញ​វ័យ ក្មេង​បីនាក់ គឺ NikolaosSkoufas លោក Emmanuil-Xanthos និង Athanasios Tsakalov ហើយ​នៅ​ឆ្នាំ​១៨១៤ ពួកគេ​បាន​បង្កើត សមាគម​ពាណិជ្ជកម្ម​សម្ងាត់​មួយ​ឈ្មោះ FilikiEteria នៅ​ទីក្រុង អូ​សេស្សា (​បច្ចុប្បន្ន​ទីក្រុង​ធំ​ទី​៣​របស់​អ៊ុយ​ក្រែ​ន​) ដែលជា​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​ដ៏ សំខាន់​របស់​ឈ្មួញ​ជនជាតិ​ក្រិ​ក​។

​ដោយមាន​ការគាំទ្រ​ពី​ជនជាតិ ក្រិ​ក​ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​នៅ​សហគមន៍​និរទេស នានា​នៅ ប្រទេស​អង់គ្លេស និង​សហរដ្ឋ​អាម៉េរិក និង​ដោយមាន​ជំនួយ​ពី​ពួក​អ្នក​មានចិត្ត ផ្សេងៗ​ទៀត ពួក​ឈ្មួញ​វ័យក្មេង​ទាំងបី រូបនោះ បានរៀបចំ​ផែនការ​ឧទ្ទាម​កម្ម ប្រឆាំងនឹង​អូ​តូ​ម៉​ង់ នៅលើ​ទឹកដី​ក្រិ​ក ។​

​នៅ​ឆ្នាំ​១៨២១ ចក្រភព​អូ​តូ​ម៉​ង់ បាន​ប្រឈម​សំខាន់ នឹង​សង្គ្រាម​ជា មួយ​ជនជាតិ​ពែ​ក (​បច្ចុប្បន្ន​អ៊ីរ៉ង់​) និង ការបះបោរ​មួយចំនួន កើត​ច្របូកច្របល់​នៅ​តំបន់ ម៉ូរា ។ ក្នុង​បរិបថ​នោះ ជនជាតិ​ក្រិ​ក​បានចាប់ផ្តើម​នាំគ្នា​មើល ឃើញថា វា​គឺជា​ពេលវេលា​ទុំ​ជោរ​សម្រាប់​បដិវត្តន៍រ​បស់ ពួកគេ​ហើយ ហើយ​គម្រោង​បដិវត្តន៍​នោះបាន​ចាប់ ផ្តើមដំបូង​នៅ​ទីក្រុង Peloponnese នៅ Danubian Principalities និង កុង​ស្តង់​-​ទី​ណូ​ប ។​
​ ​
​ពួក​អ្នកមាន​ទ្រព្យ​ជនជាតិ​ក្រិ​ក ដែល​ភៀសខ្លួន​ទៅ​នៅ​បរទេស​បាន​ផ្តល់ប្រាក់​ជាច្រើន​ដល់​ចលនា បដិវត្តន៍ ក្នុងប្រទេស​ក្រិ​ក ។​

​នៅឯ​អឺរ៉ុប​ឯណោះ ការបះបោរ របស់​ក្រិ​កបាន​កើតឡើង​រីក​រាលដាល នៅក្នុង​ចំណោម​ពួក មហាជន ហើយ នៅ​ឆ្នាំ​១៨២២ ពួក​អូ​តូ​ម៉​ង់​បាន​បើក ការសម្លាប់​រង្គាល​ទៅលើ​ជន​ស៊ីវិល​ក្រិ​ក នៅ​កោះ Chios ។​

​ជា​មនុស្ស​នៅក្នុង​គ្រួសារ​អភិជន ក្រិ​ក និង​ជា​មន្ត្រីជាន់ខ្ពស់​ម្នា​ក់រប​ស់​រុស្ស៊ី នៅ​ខែមេសា ឆ្នាំ​១៨២០ លោក អា​ឡិច​-​សាន់​ឌឺ​រ៍ អ៊ី​ប​ស៊ី​ឡាន​ទី​ស ត្រូវបាន ជ្រើសរើស​ជា​មេដឹកនាំ​របស់​សមាគម ពាណិជ្ជកម្ម​សម្ងាត់ Filiki Eteria​។​

​លោក អា​ឡិច​សាន់​ឌឺ​រ៍ បាន​ដើរ ប្រមែប្រមូល​ពួក​អ្នក​ជឿ​គ្រិស្តសាសនា នៅក្នុង​ប្រទេស​ក្រិ​ក និង​ប្រទេស​រ៉ូ​ម៉ា​នី (​ដែល​ពួក​អូ​តូ​ម៉​ង់​មិនសូវ​ផ្តល់​សេរីភាព ឱ្យ​) ឱ្យចូល​រួមជាមួយ​គាត់ ហើយ​គាត់ បានប្រកាសថា គាត់​មានការ​គាំទ្រ​ពី ប្រទេស​មហាអំណាច​ដែល​ទំនងជា គាត់​ចង់​និយាយថា ប្រទេស​រុស្ស៊ី ។ នៅ​ទីក្រុង ចា​ស្ស៊ី នៃ​ប្រទេស ម៉ុ​ល​ដូ​វី លោក អា​ឡិច​សាន់​ឌឺ​រ៍ បានចេញ​សេចក្តី អំពាវនាវ​ជា​សាធារណៈ​ឱ្យ​ជនជាតិ ក្រិ​ក​ទាំងអស់ និង​អ្នក​កាន់សាសនា​គ្រិស្ត​ក្រោកឈរ​ប្រឆាំង នឹង​អូ​តូ​ម៉​ង់ (​មូស្លីម​) ដែល​កំពុង​ត្រួតត្រា​ក្រិ​ក​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន ផ្ញើលិខិត​មួយច្បាប់​ទៅ​លោក អ៊ី​ប​ស៊ី​-​ឡាន់​ទី​ស ហើយ​ថា គាត់​ប្រើប្រាស់​អំណាច​ខុស​ហើយ ឈ្មោះ​គាត់​ត្រូវបាន ផ្អាក​នៅក្នុង​ជួរ​កងទ័ព​រុស្ស៊ី​ហើយ តម្រូវឱ្យ​គាត់​ទម្លាក់អាវុធ​។​

​លោក អ៊ី​ប​ស៊ី​ឡាន់​ទី​ស មិន​អើពើ នឹង​លិខិត​បង្គាប់​នោះឡើយ ទើប​មានទំនាស់​កើតឡើង នៅក្នុង​បន្ទាយ Eteria របស់គាត់ ហើយ​គាត់​ត្រូវបាន​កាត់​-​ទោស​ប្រហារជីវិត​នៅក្នុង​បន្ទាយ​នោះ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​១៨២០​នោះ ប៉ុន្តែ​គាត់​បាន​ត្រូវបាន​អមដំណើរ​ដោយ ប្អូនប្រុស​របស់គាត់ និង​បរិវារ​គេច ខ្លួន​ទៅ​តំបន់ RmnicuVlcea ហើយ​ត្រូវ បាន​អូ​តូ​ម៉​ង់ ចាប់​ឃុំឃាំង​អស់​រយៈ ពេល​៧​ឆ្នាំ ដោយ​បន្សល់ទុក​នូវ​ភាព អនាធិបតេយ្យ​កាប់សម្លាប់ លួច​ប្លន់ ពាសពេញ​អាណាចក្រ​អូ​តូ​ម៉ាង់ ។​
​ ​
​ចលនា​បះបោរ និង​បដិវត្តន៍ ថ្ងៃទី​២៥ ខែមីនា
​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៨២១ សង្គ្រាម​រវាង​ពួក​អ្នក​តំបន់​ឧបទ្វីប Mani ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Peloponnese ប្រឆាំង​ជនជាតិ​តួ​ក​គី​បាន​ផ្ទុះឡើង ។ កងទ័ព​២.០០០​នាក់​របស់​តំបន់ Mani បានធ្វើ​ដំណើរ​ទៅ​ចូលរួម​កងទ័ព​ក្រិ​ក ដទៃទៀត ហើយ​បាន​ជួបជុំគ្នា​នៅ​ថ្ងៃ ទី​២៣ ខែមីនា ឆ្នាំ​ដដែល ។​

​គិត​ត្រឹម​ដាច់​ខែមីនា​នោះ កងទ័ព ជនជាតិ​ក្រិ​កបាន​គ្រប់គ្រង​តំបន់​ជនបទ នៃ​ទីក្រុង Peloponnese បាន​ទាំងស្រុង ចំណែក​កងទ័ព​តួ​ក​គី​រក្សា​បានតែ​ប៉ម និង​បន្ទាយ​ប៉ុណ្ណោះ ។ ទីបំផុត​ទីក្រុង ទ្រី​បូ​លី​ត​សា ជាទី​ប្រជុំជន​កណ្តាល នៃ ទីក្រុង Peloponnese ត្រូវបាន​កងទ័ព បះបោរ​ក្រិ​ក ត្រួតត្រា​បាន​នៅ​ថ្ងៃទី​២៣ ខែ កញ្ញា ឆ្នាំ​ដដែល​នោះ ។ បន្ទាប់ពី​ការ ចរចា​ដ៏​វែងឆ្ងាយ​មក កងទ័ព​តួ​ក​គី​បាន ព្រម​ចុះចាញ់​នៅឯ​តំបន់ Actrocorinth នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៨២២ ។​

​ពេលនោះ​តំបន់​ដទៃទៀត ក៏​ចាប់ ផ្តើម​បះបោរ​ដែរ គឺ​ក្រិ​ក​ភាគ​កណ្តាល បះបោរ​នៅ​ថ្ងៃទី​២៤ ខែមីនា ។ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​១៨២១​នោះ ជនជាតិ​ក្រិ​ក Peloponnese បាន​លើក​ទង់ បដិវត្តន៍ ហើយ​ស្រែក​ស្លោ​កថា “​សេរីភាព ឬ ស្លាប់​“​។ ស្លោក​នេះ​បានក្លាយ​ជា​ទង់ បដិវត្តន៍​ជនជាតិ​ក្រិ​ក យ៉ាង​រាលដាល ទៅ​តំបន់​ផ្សេងៗ​ទៀត​ក្នុងនោះ នៅ​តំបន់ សា​ឡូ​ណា នៅ​ថ្ងៃទី​២៧ ខែមីនា ។ នៅ តំបន់ Boeotia និង តំបន់ Livadeia កងទ័ព​ក្រិ​ក​កាន់កាប់ នៅ​ថ្ងៃទី​៣១ ខែ មីនា ហើយពីរ​ថ្ងៃ​ក្រោយមក កងទ័ព ក្រិ​ក​ដណ្តើមបាន​តំបន់ Thebes ទៀត ។​
​ ​
​នៅ​ពាក់កណ្តាល​ខែមេសា ឆ្នាំ ១៨២២​នោះ កងទ័ព​បដិវត្តន៍​ក្រិ​ក បាន​ចូលដល់​ទីក្រុង អា​តែ​ន រុញច្រាន ឱ្យ​កងទ័ព​របស់​តួ​ក​គី​ចាក​ចេញទៅ​តំបន់ Acropolis វិញ ។ ការបះបោរ​នៅ​តំបន់ Missolonghi កាលពី​ថ្ងៃទី​២៥ ខែមីនា ក៏បាន​រីក​រាលដាល​ទៅ​ទីក្រុង​ផ្សេងៗ ទៀត​នៃ​ភាគ ខាងលិច​ប្រទេស​ក្រិ​ក​យ៉ាង ឆាប់រ​ហ័យ​ដែរ​។​

​ប៉ុន្តែ​ជោគជ័យ​នោះ​ពុំ​បានយូរ អង្វែង​ឡើយ ដោយ​ពួកគេ​បាន​ចាញ់ សង្គ្រាម ជា​បន្តបន្ទាប់ នៅ​តំប​Alamana និង​តំបន់​Eleftherohori​ពេល ប្រយុទ្ធ ជាមួយ​កងទ័ព​អូ​តូ​ម៉​ង់ ដឹកនាំ​ដោយ មេទ័ព Omer Vrioni ។
​ ​
​បន្ទាប់មក​មេទ័ព Omer Vrioni របស់​អូ​តូ​ម៉​ង់ បាន​ផ្អាក​ការដណ្តើមយក តំបន់ Peloponnese វិញ​ដោយ​រង់ចាំ កងទ័ព​តួ​ក​គី​ផ្សេងទៀត​មក​បង្រួម​ចូលគ្នា​សិន ។ ពេលនោះ​គាត់​បែរជាលុកលុយ និង​កាន់កាប់​ទីក្រុង​Livadeia បាន​ជោគជ័យ​នៅ​ពាក់កណ្តាល ខែ មិថុនា និង​ទីក្រុង​អា​តែ​ន ហើយ​បន្ត ឡោមព័ទ្ធ​ទីក្រុង Acropolis ។​

​នៅ​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៨២១ កងទ័ព​ក្រិ​ក​២.០០០ នាក់ បើក​ការ​វាយ​ដណ្តើម​កាន់កាប់ សមរភូមិ Vassilika ជា​ផ្លូវ​យុទ្ធសាស្ត្រ​កងទ័ព តួ​ក​គី ។ គិត​ត្រឹម​ដាច់​ឆ្នាំ ១៨២១ នោះ កងទ័ព​បដិវត្តន៍​ក្រិ​កបាន​ឈរជើង នៅ ក្រិ​ក​កណ្តាល ហើយ​បាន​បង្កើតជា រដ្ឋាភិបាល​បដិវត្តន៍​ក្រិ​ក ហើយ​សង្គ្រាម រវាង​កងទ័ព​បដិវត្តន៍​ក្រិ​ក​ដែល​មានតែ ឆន្ទៈ​ពុះកញ្ជ្រោល ប៉ុន្តែ​ពុំ​សូវ​ខ្លាំង​ខាង ការដឹកនាំ និង​ការចាត់ចែង និង​កងទ័ព ចក្រភព​អូ​តូ​ម៉​ង់ នៅតែ​បន្ត​គ្រប់ទិសទី ទូទាំងប្រទេស ។​

​បដិវត្តន៍​ស្ទើរ​រលាយ​រលត់​
​ពេលនោះ ស៊ុ​លត​ង់ ម៉ា​ហមូដ ទី ២ (SultanMahmudII)​របស់​ចក្រភព​អូ​តូ​ម៉​ង់ បាន​ស្វែងរក ជំនួយ​ពី ស្តេច មូ​ហា​ម៉ា​ដ់ អា​លី នៃ ប្រទេស អេ​ហ្ស៊ី​ប ហើយ​នៅ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ១៨២២ កប៉ាល់ ចម្បាំង​៣០​គ្រឿង​របស់​អេ​ហ្ស៊ី​ប​បាន​ចូល ដល់​ទឹកដី ក្រិ​ក ក្នុង​បំណង​កម្ចាត់​ក្រុម ឩ​ទ្ទាម ដែលជា​ចលនា​តស៊ូ​របស់​ក្រិ​ក ហើយ​កងទ័ព​អេ​ហ្ស៊ី​ប​ទាំងនោះ​បាន​ដុត បំផ្លាញ​ភូមិ​ស្រុក​ពាស ពេញ​តំបន់ ។​

​ខែកុម្ភៈ ឆ្នាំ ១៨២៣ រាជសុនិសា (​កូនប្រសា​) របស់​ស្តេច​អេ​ហ្ស៊ី​ប បាន​ដឹកនាំ​ទ័ព​ចូលរួម ជួយ​តួ​ក​គី​ដោយមាន កងទ័ព ១២.០០០ នាក់ គាំទ្រ​ដោយ កាំភ្លើង​ធំ ។ លុះដល់​ត្រឹម​រដូវ​ផ្កា​រីក ឆ្នាំ ១៨២៤ រាជសុនិសា អេ​ហ្ស៊ី​ប និង តួ​ក​គី បានធ្វើឱ្យ​កងទ័ព​តស៊ូ​របស់​ក្រិ​ក​នៅមាន​ទីតាំង​តែ ប៉ុន្មាន​ប៉ុណ្ណោះ ដែល​បាន សេចក្តី​ថា កងទ័ព​បដិវត្តន៍​ក្រិ​ក ស្ទើរតែ ដល់ទី​អវសាន​ទៅហើយ ។​

​ពី​ជិត​ក្ស័យ​ទៅជា​រដ្ឋ​ស្វយ័ត​និង​រដ្ឋ ឯករាជ្យ​ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ ១៨២៥ មាន ពួក​មហាអំណាច​អឺរ៉ុប ចំនួន​បី​ក្នុងនោះ គឺ​អង់គ្លេស រុស្ស៊ី និង បារាំង បាន​ចូល ខ្លួន​ទៅ​អន្តរាគមន៍​នៅក្នុង​សង្គ្រាម បដិវត្តន៍​ជនជាតិ​ក្រិ​ក និង​ចក្រភព អូ​តូ​ម៉​ង់​ដែល​កំពុង​ត្រួតត្រា​ក្រិ​ក ។​

​នៅ​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​១៨២៨ អគ្គរាជទូត​អង់គ្លេស រុស្ស៊ី និង បារាំង បាន​ជួប​ពិភាក្សាគ្នា នៅក្នុង​កោះ ប៉ូ​រ៉ូ​ស ដើម្បី​រៀបចំ​ពិធីសារ​បង្កើត​រដ្ឋ​ស្វយ័ត មួយ​ដែលជា​ដែនដី​កំពុង​គ្រប់គ្រង របស់ អូ​តូ​ម៉​ង់​ហើយ​លទ្ធភាព​ដែល​អាចធ្វើ បែប​នោះបាន​មាន​ត្រឹមតែ​កោះ Cyclades កោះ Sporades កោះ Samos និង Crete ប៉ុណ្ណោះ ។ យោងតាម​លទ្ធផល​ពិធីសារ នោះ សន្និសីទ​នៅ​ទីក្រុង​ឡុង​ដ៍ នៅ​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​១៨២៩ បាន​ទទួលយក​សំណើ​គម្រោង បង្កើត​រដ្ឋ​ក្រិ​ក ស្វយ័ត​នោះ ។​
​ ​
​តួ​ក​គី ពិតជា​មិន​ចង់ឃើញ ប្រទេស​ក្រិ​ក​ទៅជា​បែប​នោះឡើយ ប៉ុន្តែ ដោយសារ​សម្ពាធ​ពី​រុស្ស៊ី នៅ​ទីបំផុត ចក្រភព​អូ​តូ​ម៉​ង់​ព្រម​ទទួលយក​លទ្ធផល នៃ​សន្និសីទ​ទីក្រុង​ឡុង​ដ៍​នោះ ។ ភ្លាមៗ បន្ទាប់ពីនោះ​ទៅ​អង់គ្លេស និង​បារាំង ឃើញថា អំណាច​របស់​រុស្ស៊ី​នៅក្នុង រដ្ឋ​ក្រិ​ក​ថ្មី​នោះ ឡើង​ខ្លាំងណាស់ ក៏បាន ផ្តួចផ្តើម​គំនិត​មួយ​ឡើង គឺ​ការបង្កើត “​រដ្ឋ​ក្រិ​ក​ឯករាជ្យ “ ។​
​ ​
​រុស្ស៊ី មិន​ពេញ​ចិត្តនឹង​ការ​ផ្តួច ផ្តើម​នោះ​សោះឡើយ ប៉ុន្តែ​មិនអាច​បដិសេធ​បាន​ក៏​ព្រម​ទទួល យកគំនិត នោះ ហើយ​ទីបំផុត​មហាអំណាច​ទាំង បី​បាន​ព្រមព្រៀងគ្នា​បង្កើត​រដ្ឋ​ក្រិ​ក​ឯករាជ្យ មួយ​ដែល​ស្ថិតនៅក្រោម​ការ ការពា​របស់​ពួកគេ​ទាំងបី ហើយ​បាន បញ្ចប់​ពិធីសារ​នោះ​នៅ​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៨៣០ ។

​នៅក្រោម​ពិធីសារ ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ​១៨៣២ ដោយមាន​ការការពារ​ពី​មហាអំណាច អឺរ៉ុប​ទាំងបី​នោះ ក្រិ​ក ត្រូវបាន​កំណត់ថា ជា​រដ្ឋ​រាជានិយម និង​ឯករាជ្យ ប៉ុន្តែ​ត្រូវ​ចេញថ្លៃ សំណង​មួយចំនួន​ទៅឱ្យ អូ​តូ​ម៉​ង់​។​

​នៅ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៨៣២ អគ្គរាជទូត​អង់គ្លេស​តំណាង ឱ្យ​មហាអំណាច​ទាំងបី បាន​ជួប​ជាមួយ តំណាង​អូ​តូ​ម៉​ង់ ដើម្បី​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​របស់ រាជាណាចក្រ​ក្រិ​ក​ហើយ​ព្រំដែន​នោះ ត្រូវបាន​បញ្ជាក់​ឡើងវិញ​នៅក្នុង​ពិធី សារ នៅ​ទីក្រុង​ឡុង​ដ៍ នា​ថ្ងៃទី​៣០ ខែ សីហា ឆ្នាំ​១៨៣២​នោះ ។​
​ ​
​ដោយហេតុនេះ ប្រទេស​ក្រិ​ក បាន​ក្លាយជា​រដ្ឋ​ឯករាជ្យ​ពី​ចក្រភព អូ​តូ​ម៉​ង់​ដោយសារ​ការតស៊ូ របស់​ពួកគេ យ៉ាងច្រើន​របត់ ប៉ុន្តែ​ដោយសារ​អេ​ហ្ស៊ី​ប រួម​ដៃ​ជា​ជំនួយ​ដល់​អូ​តូ​ម៉​ង់​ធ្វើឱ្យ​កង ទ័ព​បដិវត្តន៍​ក្រិ​ក​ឈានដល់​ដំណាក់ កាល ទៀប​នឹង​រលាយ​រលត់​ទៅហើយ ជា​កុសល​ដោយ មាន​មហាអំណាច អឺរ៉ុប​ចំនួន​បី គឺ រុស្ស៊ី អង់គ្លេស និង​បារាំង ចូលខ្លួន​អន្តរាគមន៍ ទើប អូ​តូ​ម៉​ង់ បង្ខំចិត្ត ប្រគល់​សិទ្ធិ​ស្វយ័ត​ទៅឱ្យ​ក្រិ​ក ហើយ បារាំង និង អង់គ្លេស មិន​ចង់ឱ្យ​រុស្ស៊ី​ឡើងអំណាច ខ្លាំងពេក​នៅ​ទីនោះ ទើប រក​វិធី​ធ្វើ​រដ្ឋ​ស្វយ័ត​ក្រិ​ក ឱ្យទៅជា​រដ្ឋ ឯករាជ្យ​វិញ ប៉ុន្តែ​ប្រជាជន​ក្រិ​ក ប្រារឰ ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន ដើម្បី​រំលឹក ដល់​ការលើក​ទង់​បដិវត្តន៍ ពួកគេ កាលពី​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​១៨២១ ឯណោះ​ទេ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

ទីក្រុង អា​តែ​ន នៃ ប្រទេស​ក្រិ​ក​
ក្បួនព្យុហយាត្រា នៃ កងទ័ព​ក្រិ​ក​