ទិវា​ឯករាជ្យ​ជាតិ​ម៉ា​សេ​ដ្វា​ន​

518

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ម៉ា​សេ​ដ្វា​ន (Macedonia – the former Yugoslav Republic) ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​៨ ខែកញ្ញា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​បោះឆ្នោត​ប្រជាមតិ ចាក​ចេញពី​សហព័ន្ធ​ប្រជា មានិត​យូ​ហ្គោ​ស្លា​វី បង្កើតបានជា សាធារណរដ្ឋ ម៉ា​សេ​ដ្វា​ន កាលពី​ឆ្នាំ​១៩៩១ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន មាន​ផ្ទៃដី ២៥.៧១៣ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប​ខាងកើត នា​តំបន់​បាល់​កង់ មាន​ព្រំដែន​ជាប់​ប្រទេស​ក្រិ​ក អាល់​បា​នី ប៊ុលហ្គារី ស៊ែ​ប និង​កូ​សូ​វ៉ូ ។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ២ លាន​នាក់ ភាគច្រើន​ជា​អ្នកកា​សាសនា​គ្រិស្ត រដ្ឋធានី គឺ​ទីក្រុង​ស្កុប​ជេ ភាសាផ្លូវការ គឺ​ភាសា​ម៉ា​សេ​ដ្វា​ន ។​

ប្រវត្តិសាស្ត្រ​
​ទឹកដី​ម៉ា​សេ​ដ្វា​ន បច្ចុប្បន្ននេះ ធ្លាប់​ត្រូវបាន​កាន់កាប់​ដោយ​មហា​អំ​ណាមួយ​ចំនួន ដូចជា ប៊ុលហ្គារី ប៊ី​ហ្សាំ​ង​តាំង (​អតីត​ចក្រភព​រ៉ូ​ម៉ាំង ខាងកើត​) និង​ស៊ែ​ប ជាដើម ។ លុះដល់ សតវត្សរ៍​ទី​១៤ តំបន់​បាល់​កង់​ទាំងមូល ដោយ​រួមទាំង ម៉ា​សេ​ដ្វា​ន​ផង​បាន​ធ្លាក់​ក្រោម​ការ ត្រួតត្រា​របស់​ចក្រភព​អូ​តូ​ម៉​ង់ (​តួ​ក​គី​) ទាំងស្រុង អស់​រយៈពេល​ប្រមាណ​ជា ៥ សតវត្សរ៍ ។

​លុះដល់​ចុង​សតវត្សរ៍​ទី​១៩ មាន​ចលនា​ជាច្រើន បានកើត​ឡើង ក្នុង​គោលបំណង​ស្វែងរក​ការ បង្កើត​រដ្ឋ​ម៉ា​សេ​ដ្វា​ន​ស្វយ័ត​។ ចលនា​ដែល​ត្រូវបាន​ចងចាំ​បំផុត មាន​ឈ្មោះថា អង្គការ​បដិវត្តន៍ ម៉ា​សេ​ដ្វា​ន ដែល​ក្រោយមក បាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា អង្គការ​សម្ងាត់​បដិវត្ត​ន៍​ម៉ា​សេ​ដ្វា​ន (SMARO) ។ លុះដល់​ឆ្នាំ​១៩០៥ SMARO បាន​ប្តូរ​ឈ្មោះ​ទៅជា អង្គការ​បដិវត្តន៍​ផ្ទៃក្នុង ម៉ា​សេ​ដ្វា​ន (IMARO) វិញ ។

​លុះ​ក្រោយ​សង្គ្រាមលោកលើកទី​១ (២៨ កក្កដា ១៩១៤- ១១ វិច្ឆិកា ១៩១៨) បាន​ប្តូរ​ឈ្មោះ ទៅជា​អង្គការ​បដិវត្តន៍​ផ្ទៃក្នុង​ត្រា​ស៊ី (ITRO) ។ អង្គការ និង ចលនា​ទាំងនោះ បាន​ជោគជ័យ ខ្លះ​ដែរ ក្នុងការ​ប្រឆាំងនឹង​ការត្រួតត្រា​របស់​អូ​តូ​ម៉​ង់ ប៉ុន្តែ​ក៏​នៅតែ​មិនទាន់​អាច​រើខ្លួន​រួច​ពី​អូ​តូ​ម៉​ង់ នៅឡើយ ។

​សង្គ្រាម​បាល់​កង់​
​នៅ​ឆ្នាំ​១៩១២ និង ១៩១៣ រដ្ឋ​ចំនួន ៤ នៅ​តំបន់​បាល់​កង់ ដែល​កំពុង​ឋិត​ក្រោម​ការគ្រប់គ្រង​របស់ អូ​តូ​ម៉​ង់ គឺ ប៊ុលហ្គារី ម៉ុង​តេ​ណេ​ក្រូ ក្រិ​ក និង ស៊ែ​ប បាន​ងើប​បះបោរ​ប្រឆាំងនឹង​អូ​តូ​ម៉​ង់ បង្កើតបានជា​សង្គ្រាម​យ៉ាង​សន្ធោរ​សន្ធៅ ហៅថា សង្គ្រាម​បាល់​កង់ ហើយ​បានឈ្នះ​លើ​កងទ័ព អូ​តូ​ម៉​ង់​។ ទឹកដី​ដែលជា​ប្រទេស​ម៉ា​សេ​ដ្វា​ន សព្វថ្ងៃនេះ ត្រូវបាន​ដាក់បញ្ចូល​ជា​ទឹកដី​របស់​ស៊ែ​ប ភាគខាងត្បូង ។​

​សង្គ្រាមលោកលើកទី​១ បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៨ កក្កដា ១៩១៤ (​ដល់​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​១៩១៨) ។ នៅ​ឆ្នាំ​១៩១៥ ប៊ុលហ្គារី បាន​ឈរ​នៅ​ខាង សម្ព័ន្ធ មហាអំណាច​កណ្តាល (​អាល្លឺម៉ង់ អូទ្រីស​-​ហុង​គ្រី អូ​តូ​ម៉​ង់ និង​ប៊ុលហ្គារី​) ហើយ ប៊ុលហ្គារី ចំណេញ​បាន​ដី​យ៉ាងច្រើន មក​ត្រួតត្រា គឺ​ដី​ដែលជា​ប្រទេស​ម៉ា​សេ​ដ្វា​ន បច្ចុប្បន្ននេះ ។ ប៉ុន្តែ​លុះដល់​ឆ្នាំ​១៩១៩ ខណៈដែល រដ្ឋ​ស៊ែ​ប ក្រូ​អាត និង​ស្លូ​វ៉ា​នី បង្កើតឡើង​នោះ មាន​ចលនា​ប្រឆាំង​នឹ​ជនជាតិ​ប៊ុលហ្គារី នៅ​ទីនោះ ដែលជា​លទ្ធផល គឺ​គ្រូបង្រៀន បព្វជិត ភាសា សញ្ញា សៀវភៅ និង​អង្គការ​ចាត់តាំង​នានា របស់​ប៊ុលហ្គារី ត្រូវបាន​បណ្តេញចេញ និង​រំលាយចោល ហើយ​ទឹកដី​នោះបាន​ឋិត​ក្រោម​ការ ត្រួតត្រា​របស់​ស៊ែ​ប​វិញ​។ លុះដល់​ឆ្នាំ​១៩២៩ ទឹកដី​នៃ រដ្ឋ​ម៉ា​សេ​ដ្វា​ន ស៊ែ​ប ក្រូ​អាត និង​ស្លូ​វ៉ា​នី បង្កើតបានជា​ព្រះរាជាណាចក្រ យូ​ហ្គោ​ស្លា​វី ។​

​មិនយូរប៉ុន្មាន ក៏មាន​ចលនា​បង្កើត​រដ្ឋ​ម៉ា​សេ​ដ្វា​ន ឯករាជ្យ ដោយ​បង្កើត​ទស្សនៈ រដ្ឋ​ម៉ា​សេ​ដ្វា​ន រួបរួម ហើយ​គំនិត​នេះ បង្កើតឡើង​ដោយ​មេដឹកនាំ​ចលនា អង្គការ​បដិវត្តន៍​ផ្ទៃក្នុង​ម៉ា​សេ​ដ្វា​ន ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស IMRO​។ គំនិត​រដ្ឋ​ឯករាជ្យ​ម៉ា​សេ​ដ្វា​ន​រួបរួម​មិនអាច​ចេញរួច ឡើយ ដោយសារ ស៊ែ​ប និង ក្រិ​ក ជំទាស់​។ នៅ​ឆ្នាំ​១៩២៤ គណ​បក្សកុម្មុយនិស្ត​អន្តរជាតិ បានស្នើ​យោបល់​ថា រាល់​បក្សកុម្មុយនិស្ត​នៅ​តំបន់​បាល់​កង់​ទាំងអស់ គួរតែ​ទទួលយក​នូវ សេណារីយោ ម៉ា​សេ​ដ្វា​ន​រួបរួម​។ ប៉ុន្តែ​គំនិត​នេះ ត្រូវបាន​បក្សកុម្មុយនិស្ត​ប៊ុលហ្គារី និង កុ​ម្មុយ​និ​ស្ត ក្រិ​ក បដិសេធ ។

​ដោយហេតុ​នោះ អង្គការ​បដិវត្តន៍​ផ្ទៃក្នុង​ម៉ា​សេ​ដ្វា​ន ឬ IMRO មួយអន្លើ​ដោយ​អង្គការ​បដិវត្តន៍ សម្ងាត់ នៃ​យុវជន​ម៉ា​សេ​ដ្វា​ន បាន​បើក​សង្គ្រាម​ឧទ្ទាម​ប្រឆាំងនឹង​រដ្ឋបាល និង​មន្ត្រី​កងទ័ព​ស៊ែ​ប នៅ​ទីនោះ​។ លុះដល់​ឆ្នាំ​១៩៣៤ ទើប​ជាតិ​សាសន៍ និង​ភាសា​ម៉ា​សេ​ដ្វា​ន ត្រូវបាន​ទទួលស្គាល់ ជា​លើកដំបូង​។ ទោះយ៉ាងណា ម៉ា​សេ​ដ្វា​ន នៅតែ​ស្ថិតនៅក្រោម​ដំបូល នៃ​ព្រះរាជាណាចក្រ យូ​ហ្គោ​ស្លា​វី ជាមួយ ស៊ែ​ប ក្រូ​អាត និង ស្លូ​វ៉ា​នី ដដែល ។​

​អំឡុង​សង្គ្រាមលោកលើកទី​២ (១៩៣៩-១៩៤៥) ព្រះរាជាណាចក្រ យូ​ហ្គោ​ស្លា​វី (​ដែល​ត្រូវបាន បង្កើត​កាលពី​ឆ្នាំ​១៩២៩ ដោយមាន​ម៉ា​សេ​ដ្វា​ន ក្រូ​អាត ស៊ែ​ប និង​ស្លូ​វ៉ា​នី​) បាន​ឋិត​ក្រោម​ការ ត្រួតត្រា​របស់​សម្ព័ន្ធ​មហាអំណាច AXIS (​អ៊ីតាលី អាល្លឺម៉ង់ និង ជប៉ុន ) ។​

​ម៉ា​សេ​ដ្វា​ន​ឯករាជ្យ​
​នៅ​ឆ្នាំ ១៩៤៤ សភា​ប្រឆាំង​ពួក​ហ្វា​ស៊ី​ស ដើម្បី​សេរីភាព​ជាតិ នៃ​ម៉ា​សេ​ដ្វា​ន ឬ ASNOM បានប្រកាស​ម៉ា​សេ​ដ្វា​ន ថា​ជា​សាធារណរដ្ឋ​ប្រជា​ជា​មានិត​ម៉ា​សេ​ដ្វា​ន ដែលជា​ផ្នែក​មួយ នៃ​សហព័ន្ធ​ប្រជាមានិត​យូ​ហ្គោ​ស្លា​វី ។ ASNOM នៅ​រក្សា​ភាពជា​រដ្ឋាភិបាល​ស្តីទី​របស់ ម៉ា​សេ​ដ្វា​ន រហូតដល់​ចប់​សង្គ្រាមលោកលើកទី​២ ហើយ​ម៉ា​សេ​ដ្វា​ន នៅតែ​ជា​សាធារណរដ្ឋ មួយ​នៃ​យូ​ហ្គោ​ស្លា​វី​។ ដោយសារ ចលនា​ទាំងឡាយ នៅតែ​ចិញ្ចឹមចិត្ត​បង្កើត​នូវ​រដ្ឋ​ម៉ា​សេ​ដ្វា​ន ស្វយ័ត​មួយ​នោះ ទើប​នៅ ក្រោយ​ឆ្នាំ​១៩៦៣ ម៉ា​សេ​ដ្វា​ន ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​សាធារណរដ្ឋ សង្គមនិយម ម៉ា​សេ​ដ្វា​ន ។​

​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​១៩៩១ ការបោះឆ្នោត​ប្រជាមតិ ត្រូវបាន​ធ្វើឡើង​។ ពេលនោះ​មាន​អ្នក បោះឆ្នោត ៩៥,៥ ភាគរយ បាន​បោះឆ្នោត​ចាក​ចេញពី សហព័ន្ធ​ប្រជាមានិត​យូ​ហ្គោ​ស្លា​វី ហើយ​បង្កើតបានជា សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន រហូតមកដល់​សព្វថ្ងៃ ។ រដ្ឋាភិបាល និង​ប្រជា ពរល​ដ្ឋ​ម៉ា​សេ​ដ្វា​ន ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ​នៅ​ថ្ងៃទី​៨ ខែកញ្ញា ដើម្បី​រំលឹក​ព្រឹត្តិការណ៍ ដែល​ម៉ា​សេ​ដ្វា​ន ផ្តាច់ខ្លួន​ចេញពី យូ​ហ្គោ​ស្លា​វី ដូចដែល​បានលើកឡើង​នេះឯង ៕ ​ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ទីក្រុង ស្កុប​ជេ នៃ សាធារណរដ្ឋ ម៉ា​សេ​ដូ​នី (​ម៉ា​សេ​ដូ​នី ២)
និស្សិត​ម៉ា​សេ​ដូ​នី ប្រារព្ធ​ពិធី​រាំរែក​នៅ​ទីលាន​សាធារណៈ​នៅ​ថ្ងៃទី បុណ្យ​ឯករាជ្យ​ជាតិ (​ម៉ា​សេ​ដូ​នី ១)