ទិវា​ឯករាជ្យ​ជាតិ​ស្រីលង្កា​

235
ចែករម្លែក

​ភ្នំពេញៈ ប្រជាពលរដ្ឋ និង រដ្ឋាភិបាល ស្រីលង្កា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​អង់គ្លេស ប្រគល់​ឯករាជ្យភាព​ដល់​ពួកគេ កាលពី​ឆ្នាំ​១៩៧៨ បន្ទាប់ពី​ការតស៊ូ​ប្តូរផ្តាច់ អស់​រយៈពេល​រាប់រយឆ្នាំ​មក ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​សង្គមនិយម ប្រជាធិបតេយ្យ ស្រីលង្កា គឺជា​រដ្ឋ​កោះ​នៃ​សមុទ្ទ​ឥណ្ឌា មាន​ផ្ទៃដី ៦៥.៦១០ គីឡូម៉ែត្រ​ក្រឡា ស្ថិ​នៅ​អាស៊ី​ខាងត្បូង មាន​ព្រំដែន​ជាប់​ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី និង​ប្រទេស​ម៉ា​ល់​ឌី​វ ហើយ​ស្រីលង្កា ជា​អាណាចក្រ​ឃ្លាំង​ពុទ្ធសាសនា​ដ៏​មាន​វ័យ​ចំណាស់​មួយ ក្នុង​លោក​។ ដើមឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជាង ២២ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធ សា​សាន​ថេរវាទ ភាសាផ្លូវការ គឺ​ភាសា​ស៊ីន​ហា​ឡា រដ្ឋធានី​គឺ​ទីក្រុង កូឡុំបូ​។​

​ប្រវត្តិសាស្ត្រ​
កងទ័ព​ព័រទុយហ្កាល់ បាន​ទៅដល់​ទឹកដី​ស្រីលង្កា នៅ​ឆ្នាំ​១៥០៥​ហើយ​ក៏បាន​ពង្រីក​ឥទ្ធិពល របស់​ពួកគេ តាមរយៈ​ពាណិជ្ជកម្ម ដោយ​ការស្ថាបនា​កំពង់ផែ នៅ​ទីក្រុង​កូឡុំបូ នៅ​ឆ្នាំ​១៥១៧ និង​បាន​ពង្រីក​អំណាច រហូត​គ្រប់​ដណ្តប់​តំបន់ឆ្នេរ​សមុទ្ទ​ឥណ្ឌា​ទាំងស្រុង​ដែល​ក្នុងនោះ​ក៏មាន អាណាចក្រ កាន់​ឌី​យ៉ា គឺ​ប្រទេស​ស្រីលង្កា ផងដែរ ។

​ដោយសារ​មិនអាច​ទប់ទល់​ទាំងពីរ បារាំង​ផង ពី​អង់គ្លេស​ផង នៅ​ឆ្នាំ​១៨០២ ហុ​ល្លង់​បាន ប្រគល់​ការត្រួតត្រា លើ​តំបន់ឆ្នេរ​សមុទ្ទ​ទាំងស្រុង ទៅឱ្យ​ក្រុមហ៊ុន​អង់គ្លេស ឥណ្ឌា ខាងកើត (​ក្រុមហ៊ុន​នេះ ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​អង់គ្លេស ក្នុងការ​ប្រតិបត្តិការ​យោធា នៅ​អាស៊ី ហើយ ជា​បន្តបន្ទាប់ បាន​ឈ្លានពាន​ធ្វើ​អាណានិគម លើ​ប្រទេស​នានា​នៅ​អាស៊ី​ស្ទើរតែ​ទាំងអស់​) ប៉ុន្តែ​អាណាចក្រ​កាន់​ឌី​យ៉ា គឺ​ប្រទេស​ស្រីលង្កា ស្ថិតក្រោម​ការ​ត្រួ​ត្រា​របស់ ហុ​ល្លង់ នៅឡើយ ។​

​អំឡុង​ស​សង្គ្រាម​ណាប៉ូឡេអុង បារាំង បាន​ជោគជ័យ​លើ ហុ​ល្លង់ យ៉ាង​ធំធេង​ហើយ​អង់គ្លេស បារម្ភ​ថា ហុ​ល្លង់ នឹង​ប្រគល់​អាណាចក្រ កាន់​ឌី​យ៉ា ឬ ប្រទេស​ស្រីលង្កា ទៅអោយ​បារាំង ទើប​នៅ​ឆ្នាំ​១៨០៣ អង់គ្លេស ចាប់ផ្តើម​ឈ្លានពាន​ជា​លើក​ទី​១​ទៅលើ​ប្រទេស​ស្រីលង្កា ប៉ុន្តែ​បរាជ័យ ។ អង់គ្លេស បាន​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ ពីរលើក​ទៀត ក៏បាន​ត្រួតត្រា ប្រទេស​ស្រីលង្កា ដោយ​ជោគជ័យ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​១៨១៥ ។​

​ចលនា​ប្រឆាំង​
ឆ្នាំ​១៨១៧ ក៏មាន​ចលនា​ឩ​ទ្ទាម Uva ប្រឆាំងនឹង​អាណានិគម​អង់គ្លេស​នៅលើ​អាណាចក្រ​កាន់ ឌី​យ៉ា ។ ប៉ុន្តែ​ត្រូវបាន​កងទ័ព​អាណានិគម​អង់គ្លេស​បង្ក្រាប ។ គ្រាប់ពូជ​ស្នេហា​ជាតិ និង​ភ្លើង ឈឺចាប់ ក្រោម​អាណានិគម​អង់គ្លេស ខណៈ​ជីវភាព​របស់​ពលរដ្ឋ បាន​ធ្លាក់​ក្នុង​សភាព​ក្រីក្រ ទើប​នៅ​ឆ្នាំ​១៨៣០ ក្រុម​ឩ​ទ្ទាម បាន​ផ្ទុះឡើង​ម្តងទៀត​។ ឆ្នាំ​១៨៣៣​ក៏​ចាប់ផ្តើម​មាន​កំណែ ទម្រង់​ខ្លះៗ ។​
​ ​
អំឡុង​ទសវត្សរ៍​ឆ្នាំ​១៨៣០ នេះ មាន​បញ្ហា​ផលិតផល​កាហ្វេ នាំឱ្យមាន​ឱនភាព​សេដ្ឋកិច្ច អាណានិគម ។ អង់គ្លេស ចាប់ផ្តើម​រឹតបន្តឹង​ការប្រមូល​ពន្ធ​សព្វសារពើ សូម្បីតែ​ឆ្កែ ក៏​មិន​រួច ពន្ធ​ផង បង្កក្តី​ក្តៅក្រហាយ​ដល់​មនុស្ស​គ្រប់គ្នា​។​នៅ​ឆ្នាំ​១៨៤៨ ចលនា​ឩ​ទ្ទាម​មួយទៀត ឈ្មោះ Matale Rebelion បាន​ផ្ទុះឡើង ។

​អង់គ្លេស បាន​ប្រឹងប្រែង​ពង្រីក​ឥទ្ធិពល​គ្រិស្តសាសនា តាមរយៈ​ផ្តល់​អាទិភាព​ដល់​អ្នកណា កាន់​គ្រិស្តសាសនា ដូចជា​ផ្តល់​ការសិក្សា​ខ្ពស់ តួនាទី​ក្នុងសង្គម និង​រដ្ឋាភិបាល និង​ក្នុង​វិស័យ ពាណិជ្ជកម្ម​ជាដើម ហើយ​ដាក់​សម្ពាធ​ទៅលើ​ពួក​អ្នក​កាន់​ពុទ្ធសាសនា ក៏ដូចជា​ហិណ្ឌូ និង​មូ​ស្ល៊ី​ម​សាសនិក ។ ឆ្នាំ​១៩៣៥ ពួក​អាណានិគម​អង់គ្លេស បានប្រកាស​អនុម័ត​ឱ្យប្រើ​ប្រាស់ ភាសា​អង់គ្លេស ជា​ភាសាផ្លូវការ​របស់​ស្រីលង្កា ប៉ុន្តែ​មិនមាន​ប្រសិទ្ធភាព​ឡើយ (​រហូតដល់​ឆ្នាំ ១៩៥៦) ។​

​នៅ​ចុង​សតវត្សរ៍​ទី​១៩ មាន​មនុស្ស​ជាច្រើន​វណ្ណៈ បាន​ងើប​ប្រឆាំងនឹង​ពួក​គ្រិស្ត​និយម ដែល​ចេះតែ​ដាក់​សម្ពាធ លើ​ពួក​អ្នក​កាន់​ពុទ្ធសាសនា និង​ហិណ្ឌូ ក៏​នាំឱ្យ​កើតមាន​ចលនា ទមិឡ​និយម បង្កើតបានជា​សភាជាតិ Ceylon ដាក់​សម្ពាធ​ឱ្យ​អាណានិគម​អង់គ្លេស ត្រូវតែ​ធ្វើកំណែទម្រង់​ច្បាប់​មួយចំនួន ។​

​ចលនា​ដើម្បី​ឯករាជ្យ​
ទីបំផុត គណបក្សនយោបាយ​មួយ ដែល​បាន​ផ្លាស់​រូបរាង​ចេញពី​សហព័ន្ធ​យុវជន​ឈ្មោះ គណបក្ស The Lanka Sama Samaja Party (LSSP) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៣៥ ជា​គណបក្ស​ដំបូង​គេ​បំផុត​របស់​ស្រីលង្កា ដែល​ប្រកាសថា គោលបំណង​របស់​ពួកគេ គឺ​ដើម្បី​ទាមទារ​ឯករាជ្យ​ភាពជា​តិ​ទាំងស្រុង និង​ធ្វើជា​តូបនីយកម្ម ទៅលើ​ផលិតកម្ម​គ្រប់​ទម្រង់ លុបបំបាត់​ការប្រកាន់​ពូជសាសន៍ វណ្ណៈ និង ភេទ ។​

​បក្ស LSSP មាន​ទំនាក់​ទំនាក់​ភាតរភាព ជាមួយ​គណបក្ស Congress Socialist Party (CSP) របស់​ឥណ្ឌា ដែល​បាន​បង្កើត​កាលពី​ឆ្នាំ​១៩៣៤ ហើយ​ពួកគេ បាន​ចាត់ទុកថា ជា​បក្ស​បង និង​ប្អូន ។​

​សម័យ​សង្គ្រាម​
អំឡុង​សង្គ្រាមលោកលើកទី​២ សមាជិក​ពីររូប​របស់​គណបក្ស ដែល​កំពុងកាន់​អំណាច​គឺ​លោក Junius Richard Jayawardene និង​លោក Dudley Senanayake បាន​លួច​ពិភាក្សា​ជាមួយ​កង ទ័ព​ជប៉ុន ក្នុង​គោលបំណង​ផ្តួលរំលំ​អង់គ្លេស នៅ​ស្រីលង្កា ដណ្តើម​ឯករាជ្យភាព​ជូន​ស្រីលង្កា ។​

​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​១៩៣៩ និង​ពាក់កណ្តាល​ឆមាស ទីមួយ ឆ្នាំ​១៩៤០ ក៏មាន​ផ្ទុះ​ចលនា​កូដកម្ម នៅ​តំបន់​កសិដ្ឋាន ដែលមាន​ម្ចាស់​ជា​ជនជាតិ​អង់គ្លេស ។ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ ១៩៤០ កម្មករ​ម្នាក់ ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ ។

​កូដកម្ម​នេះ រីក​ចូលដល់​ទីក្រុង និង​ទៅដល់​ភាគខាងត្បូង​ប្រទេស ទីបំផុត ជំនោរ​កូដកម្ម ត្រូវបាន​វាយបក ដោយ​ហិង្សា​ពី​សំណាក់​ប៉ូលិស​។ អាណានិគម មើលឃើញថា ចលនា​ពួក អ្នក​ទាមទារ​ឯករាជ្យ​ភាព មាន​កម្លាំង​ខ្លាំងក្លា​ណាស់ មិនអាច​បណ្តែតបណ្តោយ​បានឡើយ ។​

​កងទ័ព​អាណានិគម​អង់គ្លេស ក៏​ចេញ​ប្រតិបត្តិការ ហើយ​បាន​ចាប់ខ្លួន​មេដឹកនាំ​សំខាន់ៗ មាន​លោក N. M. Perera លោក Philip Gunawardena និង​លោក Colvin R. de Silva ថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ ។ ទីស្នាក់ការ​បក្ស LSSP ត្រូវបាន​ឆ្មក់​ចូល និង​បិទ​ដំណើរការ ។​

​នៅពេល​ជប៉ុន ចូលខ្លួន​ទៅក្នុង​សង្គ្រាម ជាពិសេស​បន្ទាប់ពី​អង់គ្លេស បាត់បង់​សាំង​ហ្គា​ពួរ ប្រទេស​ស្រីលង្កា បាន​ក្លាយជា​សមរភូមិ​មុខ​របស់​អង់គ្លេស ប្រឆាំង​ជប៉ុន ។ នៅ​ថ្ងៃទី​៥ ខែ មេសា ឆ្នាំ​១៩៤២ ជប៉ុន​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​កូឡុំបូ ។ មេដឹកនាំ​ជាច្រើន របស់​បក្ស LSSP មានលទ្ធភាព​រត់គេច​ខ្លួន ដោយ​ភាគច្រើន ភៀសខ្លួន​ទៅ​ប្រទេស​ឥណ្ឌា ហើយ​បាន​ចូលរួម ក្នុង​ចលនា​ទាមទារ​ឯករាជ្យភាព នៅ​ទីនោះ ដែល​ដឹកនាំ​ដោយ​លោក គ​ន្ធី ។ នៅ​ឆ្នាំ ១៩៤២ និង​ឆ្នាំ​១៩៤៤ បក្ស LSSP ដណ្តើមបាន​តួនាទី​មេដឹកនាំ​សហជីព​កម្មករ​របស់​រដ្ឋាភិបាល ទីក្រុង​កូឡុំបូ ។​

​ជនជាតិ​ស្រីលង្កា ដែល​កំពុង​រស់នៅក្នុង​ប្រទេស​សាំង​ហ្គា​ពួរ និង​ប្រទេស​ម៉ាឡេស៊ី បង្កើត កងទ័ព បាន​មួយ​កងពល នៅក្នុង​កងទ័ព​ជាតិ​ឥណ្ឌា ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក Netaji Subhas Chandra Bose ។ គម្រោង​នេះ ក្នុង​គោលបំណង​បញ្ជូន​ពួកគេ ទៅ​ប្រទេស​ស្រីលង្កា ដើម្បី​បះបោរ​ទាមទារ​ឯករាជ្យភាព ប៉ុន្តែ​បាន​បរាជ័យ ដោយសារ​អ្នក​បញ្ជូន​ព័ត៌មាន​កងទ័ព ត្រូវបាន​អង់គ្លេស​ចាប់បាន ដោយសារតែ​ពួកគេ ចុះ​ខុស​គោលដៅ ។​

ស្រីលង្កា សេរី​
សាធារណជន​នៅ​ស្រីលង្កា ចាប់ផ្តើម​ផ្ទុះ​កំហឹង ចំពោះ​អង់គ្លេស ។ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ១៩៤៤ លោក Susantha de Fonseka សមាជិក​ក្រុមប្រឹក្សារដ្ឋ បាន​អំពាវនាវ​ឱ្យមាន​រដ្ឋធម្មនុញ្ញ​មួយ ដែល​អោយ​ស្រីលង្កា​សេរី ។ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​១៩៤៥ “ ខិតប័ណ្ណ​ស្រីលង្កា សេរី “ ត្រូវបាន​បង្ហាញ​នៅក្នុង​ក្រុមប្រឹក្សារដ្ឋ ។ សភា បាន​ព្រាង​រដ្ឋធម្មនុញ្ញ​ស្រីលង្កា​សេរី ប៉ុន្តែ​ទីបំផុត នៅតែ​ចេញ​មិន​រួច ដោយសារ​អាណានិគម មិន​ព្រម ។​

​គម្រោង​នានា ដែលមាន​សហការ​ជាមួយ​ជប៉ុន ក្នុងការ​ផ្តួលរំលំ​អង់​គ្លេ​ស ដើម្បី ឯករាជ្យភាព ស្រីលង្កា បាន​បរាជ័យ បន្ទាប់ពី​ជប៉ុន ចាញ់​សង្គ្រាម នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៤៥​ហើយ អង់គ្លេស ក៏បាន​បន្ត​ត្រួតត្រា​ស្រីលង្កា ខណៈដែល​ស្រីលង្កា កំពុងស្ថិត​ក្នុង​សភាព​ខ្ទេចខ្ទាំ ដោយសារ​សង្គ្រាម ។​

​នៅ​ថ្ងៃទី​៣០ ខែ​ឩ​សភា ឆ្នាំ​១៩៤៥ លោក A.P. Jayasuriya បាន​លើកសំណើ​មួយ​នៅក្នុង ក្រុមប្រឹក្សារដ្ឋ​ថា ពួក​អ្នក​ទាមទារ​ឯករាជ្យ ត្រូវ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ ។ សំណើ​នេះ ត្រូវបាន​អនុម័ត ដោយ​មានតែ​សមាជិក ជា​មន្ត្រី​តំណាង​អង់គ្លេស ពីររូប​ប៉ុណ្ណោះ​ជំទាស់ ។ ប៉ុន្តែ​ពួក​សកម្មជន ទាមទារ​ឯករាជ្យ នៅតែ​មិន​ត្រូវបាន​ដោះលែង ។ នៅ​ថ្ងៃទី​២២ ខែ មិថុនា ឆ្នាំ​នោះ ក៏មាន​កូដកម្ម​ដ៏​ក្រេវក្រោធ​មួយ​ផ្ទុះឡើង ទើប​អង់គ្លេស ព្រម​ដោះលែង​ពួក​សកម្មជន ទាំងនោះ នៅ​ថ្ងៃទី ២៤ ខែ និង ឆ្នាំ ដដែល​នោះ​។​

​ចាប់ពី​ខែកញ្ញា ឆ្នាំ​ដដែល​នោះ​ទៅ ក៏មាន​ជំនោរ​កូដកម្ម​ក​ក្រើ​កឡើ​ង​ម្តងទៀត នៅក្នុង​ទីក្រុង កូឡុំបូ ។ នៅ​ខែវិច្ឆិកា សហជីព All Ceylon United Motor Workers’ Union ដឹកនាំ​ដោយ​បក្ស LSSP បាន​បើក​យុទ្ធនាការ​កូដកម្ម​ទូទាំងប្រទេស ដោយ​ជោគជ័យ បើទោះជា​មានការ​ចាប់ ខ្លួន​លោក N. M. Perera លោក Philip Gunawardena និង មេដឹកនាំ​ដទៃទៀត​ក៏ដោយ ។​

​កសិករ​ខ្លះ បាន​បដិសេធ​មិន​ប្រគល់​ស្រូវ ជូន​រដ្ឋាភិបាល​ឡើយ ហើយក៏​ត្រូវបាន​ចាប់​ដាក់គុក រាប់រយ​នាក់ ។ នៅ​ឆ្នាំ​១៩៥៦ សភា បានរៀបចំ​ក្បួន​ដង្ហែ​មួយ ទៅកាន់​ក្រុមប្រឹក្សារដ្ឋ អំពាវនាវ​ឱ្យ​ទម្លាក់ចោល នូវ​ច្បាប់​ប្រមូល​ពន្ធ (​ពន្ធ​អា​រក​) ។

​ខែតុលា ឆ្នាំ​១៩៤៦ កម្មករ រដ្ឋាភិបាល បាន​ផ្ទុះ​កូដកម្ម រួមទាំង​កម្មករ​រថ​ភ្លើង កំពង់ផែ ក្រុមហ៊ុន ថាមពល និង​បាន​ក្លាយជា​កូដកម្ម​ទូទៅ​មួយ​។ បន្ទាប់ពី​ចាប់ខ្លួន​មេដឹកនាំ​ខ្លះ មក​ក៏​មានការ ចរចា​ផ្តល់​តាម​ការទាមទារ​រ​ប​ស់កម្មករ ។ ប៉ុន្តែ​អាណានិគម មិនបាន​គោរព តាម​ការសន្យា ច្រើន​ឡើយ ទើប​នៅ​ខែមិថុនា ឆ្នាំ​១៩៤៧ មាន​ផ្ទុះ​កូដកម្ម​សារជាថ្មី​ម្តងទៀត ។ ប៉ុន្តែ​ត្រូវបាន ទប់ស្កាត់​ដោយ​កម្លាំង​កងទ័ព ។​

​ទទួលបាន​ឯករាជ្យ​
​នៅ​ឆ្នាំ​១៩៤៦ លោក D.S. Senanayake បាន​បង្កើត​គណបក្ស​មួយ ឈ្មោះ គណបក្ស​រួបរួម​ជាតិ (United National Party=UNP) បានឈ្នះ​កៅអី​ភាគតិច​នៅក្នុង​សភា ប៉ុន្តែ​បាន​ចងសម្ព័ន្ធភាព ជាមួយ​បក្ស​ពីរ​ផ្សេងទៀត Sinhala Maha Sabha និង​បក្ស Tamil Congress ដើម្បី​បង្កើត​រដ្ឋា ភិ​បាលច​ម្រុះ ។

​ការរួម​គ្នា​នេះ គឺជា​សារ​បង្ហាញ​អោយ​អាណានិគម​អង់គ្លេស ឃើញច្បាស់​ពី​កម្លាំង​សាមគ្គី នៅក្នុង​ស្រីលង្កា មាន​គ្រប់​ស្រទាប់ តាំងពី​កម្មករ កសិករ មន្ត្រី​រដ្ឋ និង​អ្នកនយោបាយ ។ ប្រការ​នេះឯង​ហើយ ដែល​អាណានិគម​អង់គ្លេស ត្រូវតែ​បង្ខំចិត្ត​រៀបចំ​ប្រគល់​សិទ្ធិអំណាច ទៅអោយ​ស្រីលង្កា ។ ទីបំផុត ពិធី​ប្រគល់​សិទ្ធិអំណាច ឬ​ឯករាជ្យភាព ទៅអោយ​ស្រីលង្កា ត្រូវបានធ្វើ​ឡើងជា​ស្ថាពរ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​១៩៤៨ ។​

​ជា​សរុប ទៅ​តាំងពី​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​អង់គ្លេស​មក ប្រជាជន​ស្រីលង្កា​មិនដែល​ព្រម រស់ ក្រោម​ការត្រួតត្រា​របស់​អង់គ្លេស​ឡើយ ទើប​មាន​ចលនា​តស៊ូ​រើបម្រះ​តាម​រូបភាព​ផ្សេងៗ ជា​បន្តបន្ទាប់​រហូត​បា​ន​ជោគជ័យ​ជា​ស្ថាពរ ដោយសារ​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ ៕ ដោយៈ មេសា​

អង់គ្លេស ចុះហត្ថលេខា​ប្រគល់​ឯករាជ្យ​ឱ្យ​ស្រីលង្កា ហើយ​ស្រីលង្កា ប្រារព្ធ​ទិវា​ឯករាជ្យ​របស់ខ្លួន​លើកដំបូង​ឆ្នាំ ១៩៤៨
អង់គ្លេស ចុះហត្ថលេខា​ប្រគល់​ឯករាជ្យ​ឱ្យ​ស្រីលង្កា ហើយ​ស្រីលង្កា ប្រារព្ធ​ទិវា​ឯករាជ្យ​របស់ខ្លួន​លើកដំបូង​ឆ្នាំ ១៩៤៨
​ទីក្រុង កូឡុំបូ នៃ ប្រទេស ស្រីលង្កា