ទិវា​ឯករាជ្យ​ជាតិ​អាល់​ហ្ស៊េ​រី​

416
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាល់​ហ្ស៊េ​រី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​៥ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ទទួលបាន​ឯករាជ្យភាព ពី​បារាំង កាលពី​ឆ្នាំ​១៩៦២​។​

​ភូមិសាស្ត្រ​-​ប្រជា​សា​ស្ត្រ
សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ អាល់​ហ្ស៊េ​រី មាន​ផ្ទៃដី ២.៣៨២.៧៤១ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក​ខាងជើង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ទុយ​នី​ស៊ី លី​ប៊ី ម៉ា​រ៉ុ​ក នី​ហ្ស៊េ​រី​យ៉ា ម៉ាលី និង​ស​មុ​ទ្ធ​ម៉េ​ឌី​ទែ​រ​ណេ ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៤២ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ភាសាផ្លូវការ គឺ​ភាសា​អារ៉ាប់ រដ្ឋធានី​ទីក្រុង​អាល់​ហ្សេ ។​

ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ​១៨៣០ បារាំង បាន​ចូលលុកលុយ និង​កាន់កាប់​អាល់​ហ្ស៊េ​រី ដោយ​កម្លាំង​ទ័ព ក្រោម​ហេតុផល​បន្តិច​ប​ន្តួ នៃ​ការការពារ​ស្ថាន​កុងស៊ុល​របស់ខ្លួន ។ តាមរយៈ​អាណា និគម បារាំង​នេះ អាល់​ហ្ស៊េ​រី បាន​ក្លាយជា​គោលដៅ នៃ​ជនអន្តោប្រវេសន៍​អឺរ៉ុប ។ រហូតដល់​ឆ្នាំ ១៨៤៧ ប្រជាជន​បារាំង ប្រមាណ​ជា ៥ ម៉ឺន​នាក់​បាន​ទាញយក​ផល ប្រយោជន៍​យ៉ាងច្រើន​ពី​កុលសម្ព័ន្ធ​នានា នៃ​ជនជាតិ​អាល់​ហ្ស៊េ​រី ប៉ុន្តែ​មិនបាន​អភិវឌ្ឍន៍ អ្វី​ឡើយ ។​

​ប្រការនេះ​បណ្តាលឱ្យមាន​ភាព​ទោមនស្ស​កើតឡើង ចំពោះ​ជនជាតិ​អាល់​ហ្ស៊េ​រី ដែលជា​ជន​មូ​ស្ល៊ី​ម​ខ្លាំង​ឡើងៗ ។ ភាព​តានតឹង​រវាង​ម្ចាស់​ស្រុក និង អាណា​និគមជន បារាំង​ដែលជា​ជន​គ្រិស្ត​និយម បាន​កើនឡើង​ឥត​ស្រាកស្រាន្ត ។ ទីបំផុត​សង្គ្រាម រវាង​ជនជាតិ​អាល់​ហ្ស៊េ​រី ដឹកនាំ​ដោយ រណ​សិ​រ្យ​រំដោះជាតិ (FLN)​ប្រឆាំងនឹង​អាណា និគម​បារាំង បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ១៩៥៤ ដោយ​ក្រុម​រណ​សិ​រ្យ​រំដោះជាតិ​អាល់​ហ្ស៊េ​រី បាន​បើក​ការវាយលុក​ទូទាំងប្រទេស នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​នោះ​ដោយ​ឱ្យ ឈ្មោះថា “ សង្គ្រាម​ដើម្បី​ឯករាជ្យ​អាល់​ហ្ស៊េ​រី “ ។​

​ជាទូទៅ កងទ័ពរ​ណ​សិ​រ្យ​រំដោះជាតិ​អាល់​ហ្ស៊េ​រី ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាមឈ្លប​។ ចំណែក​កងទ័ព​អាណានិគម​បារាំង ដែលមាន​កម្លាំង​ខ្លាំងក្លា សព្វាវុធ​ទំនើប​ក៏​មិនដែល អត់ឱន​ដល់​ជន​ណា ដែល​ពួកគេ​សង្ស័យថា បាន​ពាក់ព័ន្ធ​ជាមួយ​ចលនា​ទាមទារ ឯករាជ្យ​នោះដែរ​។ ដោយហេតុនេះ សង្គ្រាម​នេះ បានសម្លាប់​មនុស្ស​យ៉ាង​រង្គាល និង​យ៉ាង​ឃោរឃៅ​ទម្រាំ​ដល់​ចប់​សង្គ្រាម​នេះ មាន​មនុស្ស​ប្រមាណ​ជាជាង​មួយ លាន​នាក់ បាន​ស្លាប់ និង​មនុស្ស​ប្រមាណ​ជា​ជិត ១០ លាន​នាក់ ភៀសខ្លួន​។​

​ខណៈ​សាធារណរដ្ឋ​ទី​៤ នៅឯ​ប្រទេស​បារាំង កំពុង​តានតឹង​ដែរ ធ្វើឱ្យ​ការត្រួតត្រា នៅ​តំបន់​អា​ណិ​គម មាន​ភាព​ខ្សោយ ។ កងទ័ព​ជុន​តា បាន​ដណ្តើម​គ្រប់គ្រង​អំណាច​នៅ អាល់​ហ្ស៊េ​រី នៅ​យប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៥៨ ។ នៅ​ថ្ងៃទី​២៤ ខែឧសភា​ឆ្នាំ​ដដែល នោះ កងទ័ព​បារាំង ចេញពី​ប្រទេស​អាល់​ហ្ស៊េ​រី​ទៅ​ដណ្តើម​កាន់កាប់​កោះ​មួយចំនួន របស់​សាធារណរដ្ឋ​ទី​៤ របស់​បារាំង ។

​ថ្ងៃទី​២៩ ខែ និង​ឆ្នាំ​ដដែល លោក សាល ដឺ ហ្គោល ត្រូវបាន​ទទួលស្គាល់​ដោយ​សភា បារាំង ថា​ជា​ប្រធានាធិបតី​បារាំង ដែល​បានសេចក្តីថា សាធារណរដ្ឋ​ទី​៤ បារាំង លែងមាន​អំណាច ឬ​អស់​ការគាំទ្រ ពី​សំណាក់​កងទ័ព​នៅ​អាល់​ហ្ស៊េ​រី ទៀតហើយ ។​

ប្រកាស​ឯករាជ្យភាព​
​ដោយសារ​បារាំង​ខ្លួនឯង កំពុង​មមាញឹក​នឹង​បញ្ហា​ផ្ទៃក្នុង​ផង ពិបាក​នឹង​ទប់ទល់​នឹង សង្គ្រាមឈ្លប​របស់ ចលនារ​ណ​សិ​រ្យ រំដោះជាតិ អាល់​ហ្ស៊េ​រី ហើយ​ចលនា​នេះ ចេះតែ​រីក​រាលដាល គឺ​កាន់តែ​បង្ក្រាប​កាន់តែ​ស្ទុះ​ផង ធ្វើឱ្យ​បារាំង​ទប់ទល់​មិនបាន ទើប​បារាំង​ព្រម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៦២ ដោយ​ក្នុងនោះ​គឺ​កិច្ច​ឈប់​បាញ់​គ្នា បារាំង​ព្រម​ដោះលែង​អ្នកទោស​មួយចំនួន ទទួលស្គាល់​អធិបតេយ្យ​ភាព​ពេញលេញ​របស់​អាល់​ហ្ស៊េ​រី និង​សិទ្ធិ​ស្វ័យ​សម្រេច ធានា​ការការពារ អាល់​ហ្ស៊េ​រី ដោយ​គ្មាន​ការរើសអើង ។​
​ ​
តាមរយៈ​កិច្ចព្រមព្រៀង​ខាងលើ​នោះ ប្រធានាធិបតី​ថ្មី​របស់​បារាំង លោក សាល ដឺ ហ្គោល បានរៀបចំ​ការបោះឆ្នោត​ប្រជាមតិ ស្តីពី “ សិទ្ធិ​ស្វ័យ​សម្រេច សម្រាប់ អាល់​ហ្ស៊េ​រី “ នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​១៩៦២ ហើយ​អ្នកបោះឆ្នោត ៧៥ ភាគរយ បាន​បោះឆ្នោត​ប្រគល់​សិទ្ធិ​ស្វ័យ​សម្រេច ទៅឱ្យ​អាល់​ហ្ស៊េ​រី ។ ដោយហេតុ​នោះ រដ្ឋាភិបាល លោក សាល ដឺ​ហ្គោល ក៏បាន​ចាប់ផ្តើម​ចរចា​ស្វែងរក​សន្តិភាព​ដោយ សម្ងាត់​ជាមួយ រណ​សិ​រ្យ រំដោះ ជាតិ អាល់​ហ្ស៊េ​រី ។​
​ ​
ទីបំផុត អាល់​ហ្ស៊េ​រី បានប្រកាស​ឯករាជ្យភាព​របស់ខ្លួន នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ ១៩៦២ ។ ប៉ុន្តែ ៣ ថ្ងៃក្រោយ ពោលគឺ​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​១៩៦២ ដដែល​នោះ ទើប បារាំង ទ​ទូល​ស្គាល់​ឯករាជ្យភាព​របស់ អាល់​ហ្ស៊េ​រី ។​
​ ​
​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាល់​ហ្ស៊េ​រី បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ​នៅ​ថ្ងៃ ទី​៥ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​ទទួលស្គាល់​ឯករាជ្យភាព​របស់​ពួកគេ យ៉ាង​ដូច្នេះ​ឯង​ហោង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ​មេសា​

#