ទិវា​ឯករាជ្យ​ជាតិ​អ៊ុយ​ក្រែ​ន​

321
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​២៤ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងែ​ដែល​រដ្ឋសភា របស់​ពួកគេ​អនុម័ត​ច្បាប់ ប្រកាស​ឯករាជ្យភាពរ​បស់​ខ្លួន​ពី​រុស្ស៊ី កាលពី​ឆ្នាំ​១៩៩១ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
ប្រទេស​អ៊ុយ​ក្រែ​ន មាន​ផ្ទៃដី ៦០៣.៦២៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស​រុស្ស៊ី ប៉ូឡូញ បេឡា​រូស រ៉ូ​ម៉ា​នី ម៉ុ​ល​ដូ​វី ហុង​គ្រី និង ស្លូ​វ៉ា​គី ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ជាង ៤៤ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា​អ៊ុយ​ក្រែ​ន រដ្ឋធានី​គឺ​ទីក្រុង​គៀវ ។

​ប្រវត្តិសាស្ត្រ​
នៅ​អំឡុង​ទសវត្សរ៍ ៣៧០ ទឹកដី​អ៊ុយ​ក្រែ​ន ស្ថិតក្រោម​ការត្រួតត្រារ​បស់​កុលសម្ព័ន្ធ ជនជាតិ​ហ៊ុន (Huns= ហុង​គ្រី​)​។ លុះដល់​សតវត្សរ៍​ទី​៧​ទឹកដី​នេះ​ស្ថិតក្រោម​ការត្រួត ត្រា របស់​មហា​អាណាចក្រ​ប៊ុលហ្គារី ។ នៅ​ចុង​សតវត្សរ៍​នោះ ទឹកដី​នេះ​ស្ថិតក្រោម​ការ ត្រួតត្រា​របស់​ពួក​ជនជាតិ​ខា​ហ្សា (​ពាក់កណ្តាល​ជនជាតិ​តួ​ក​គី​បុរាណ​) ។​

​សហព័ន្ធ​គៀវ រុស្ស ( Kievan Rus’) ត្រូវបាន​បង្កើត​ដោយ​ពួក​ជនជាតិ រុស្ស នៅ​អំឡុង​ឆ្នាំ ៨៨០ ។ នៅ​អំឡុង​សតវត្សរ៍​ទី​១០-១១ សហព័ន្ធ គៀវ រុស្ស (​បច្ចុប្បន្ន​គឺ​ជនជាតិ បេឡា រូស អ៊ុយ​ក្រែ​ន និង រុស្ស៊ី​) បាន​ក្លាយជា​រដ្ឋ​ដ៏​ធំ​បំផុត និង​មានអំណាច​បំផុត​នៅ​អឺរ៉ុប ។ ចាប់ពី​ឆ្នាំ ៩៨០-១០១៥ គឺជា​យុគមាស នៃ​សហព័ន្ធ​គៀវ រុស្ស ។ នៅ​ឆ្នាំ​១២៤០​សហព័ន្ធ គៀវ រុស្ស ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​ដោយសារ​ការឈ្លានពានរ​បស់​ជនជាតិ ម៉ុង​ហ្គោល​។ នៅ​ឆ្នាំ ១៥៦៩ ទឹកដី​នេះ បាន​ក្លាយជា​ទឹកដី នៃ​អាណាចក្រ​ប៉ូឡូញ និង​ដោយសារ​អំណាច​របស់ ប៉ូឡូញ ។​

​ចាប់ពី ១៦៥៧-១៦៨៦ ពួក​ជនជាតិ​រុស្ស៊ី ជនជាតិ​ប៉ូឡូញ ជនជាតិ​តួ​ក​គី និង​ពួក កូ​ស្សាកស៍ បាន​ច្បាំង​គ្នា​ដណ្តើម​ត្រួតត្រា​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​ទីបំផុត​សង្គ្រាម​បាន បញ្ចប់​ដោយ​ពួក​ជនជាតិ​រុស្ស៊ី និង​ជនជាតិ​ប៉ូឡូញ ពុះ​ចែកគ្នា​នូវ​ទឹកដី​អ៊ុយ​ក្រែ​ន ។ នៅ​ឆ្នាំ​១៧៧៥ រុស្ស៊ី ដណ្តើម​ត្រួតត្រា​ទាំងស្រុង លើ​ទឹកដី​អ៊ុយ​ក្រែ​ន ។ ពី​ឆ្នាំ​១៧៩៥ ទឹកដី អ៊ុយ​ក្រែ​ន ត្រូវបាន រុស្ស៊ី និង អូទ្រីស ពុះ​ចែកគ្នា ។​

​សតវត្សរ៍​ទី​១៩ ទឹកដី​អ៊ុយ​ក្រែ​ន បាន​ក្លាយជា​តំបន់​ជនបទ​ដ៏​ខ្សត់​ក្រ ដែល​ត្រូវបាន រុស្ស៊ី និង​អូទ្រីស ទុកចោល​យ៉ាង​ឥត​អើពើ ។ ពេលនោះ​ពួក​វណ្ណៈ​ស​ង្គ​ជាតិនិយម អ៊ុយ​ក្រែ​ន បាន​ប្តេជ្ញា​បង្កើត​ប្រទេស​របស់​ពួកគេ​ឡើងវិញ ។ នៅក្នុង​សង្គ្រាមលោកលើកទី​១ ជនជាតិ អ៊ុយ​ក្រែ​ន ៣,៥ លាន​នាក់ បាន​ចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នោះ​ឈរ​ខាង​ប្រទេស រុស្ស៊ី ហើយ​២៥០.០០០ នាក់ ចូល​ប្រយុទ្ធ​នៅ​ខាង​អូទ្រីស គឺ​ចាប់ពីពេលនោះ​មក អ៊ុយ​ក្រែ​ន បាន​ក្លាយជា​តំបន់​គ្រឹ​ស្ថាន​វិទ្យាសាស្ត្រ និង​ផលិត​សព្វាវុធ​ដ៏​សំខាន់​របស់ រុស្ស៊ី ។​

​នៅ​ឆ្នាំ​១៨៦៧ (​ដល់​ឆ្នាំ ១៩១៨) អាជ្ញាធរ​កងទ័ព​ចម្រុះ អូទ្រីស​-​ហុង​គ្រី​ត្រូវបាន​បង្កើត ឡើង សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​អាណាចក្រ​រុស្ស៊ី ។ ប៉ុន្តែ​ដោយសារ​អំណាចកណ្តាល របស់​អូទ្រីស និង ហុង​គ្រី បាន​ដួលរលំ​ទៅ​នៅ​ឆ្នាំ​១៩១៩ (​ដល់​ឆ្នាំ ១៩២៣) អាជ្ញាធរ​កង ទ័ព​ចម្រុះ អូទ្រីស​-​ហុង​គ្រី នេះ ក៏បាន​ក្លាយជា​កងទ័ព​អ៊ុយ​ក្រែ​ន ហ្កា​លី​ស៊ី ឬ​កងទ័ព សាធារណរដ្ឋ​ជាតិ​អ៊ុយ​ក្រែ​ន ខាងលិច ។ កងទ័ព​ទាំងនេះ​បានធ្វើ​សង្គ្រាម​ប្រឆាំង​ពួក ប៊ុល​សេ​វិក សូ​វៀត និង ប៉ូឡូញ ដើម្បី​ដណ្តើម​កាន់កាប់​តំបន់ Eastern Galicia ដែលជា​អតីត​ទឹកដី អ៊ុយ​ក្រែ​ន ប៉ុន្តែ​ពួក​គ​បាន​បរាជ័យ ។​

ការលេចឡើង នៃ​រដ្ឋ​អ៊ុយ​ក្រែ​ន​នានា
សង្គ្រាមលោកលើកទី​១ (១៩១៤-១៩១៨) បានធ្វើឱ្យ​ភាគី​ទាំងសងខាង​ខ្ទេចខ្ទាំ​យ៉ាង ខ្លាំង ។ បដិវត្តន៍​រុស្ស៊ី បាន​ផ្ទុះឡើង​ចាប់ពី​ថ្ងៃទី​៨ ខែមីនា ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩១៧ បាន​ផ្តួលរំលំ​របបរាជានិយម​នៅ​រុស្ស៊ី ហើយ​បង្កើតបានជា​សហភាពសូវៀត របស់​ពួក បុល​សេ​វិក ហើយ​បន្ត​ដោយ​សង្គ្រាមស៊ីវិល​រុស្ស៊ី ពី​ខែ វិច្ឆិកា ឆ្នាំ ១៩១៧ ដល់ ខែ តុលា ឆ្នាំ ១៩២២ ដែល​ប្រការនេះ​ធ្វើឱ្យ​រុស្ស៊ី ខ្សោះ​ខ្សោយ និង រវល់​វក់វីរ​យ៉ាងខ្លាំង ។ ពេល នោះ​ចលនា ជាតិនិយម របស់ អ៊ុយ​ក្រែ​ន ដើម្បី សម្រេច​វាសនា​ខ្លួន ក៏បាន​លេចមុខ ឡើងវិញ​ទៀត ជាមួយនឹង​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ពី​ពួក​កុ​ម្មុយ​និ​ស្ត និង ពួក​សង្គមនិយម ។ ពេលនោះ​ក៏មាន​លេចឡើង​នូវ​រដ្ឋ អ៊ុយ​ក្រែ​ន ជាច្រើន ប៉ុន្តែ​ត្រូវបាន​ទទួលស្គាល់​ពី អន្តរជាតិ​តែ​អ៊ុយ​ក្រែ​ន មួយគត់​នោះ​គឺ សាធារណរដ្ឋ​ប្រជាមានិត អ៊ុយ​ក្រែ​ន (​ដែលជា បុ​ព្វា​ធិ​ការី នៃ អ៊ុយ​ក្រែ​ន ទំនើប​ប​ច្ចុ​ប​ប្បន្ន​នេះ ) ត្រូវបាន​ប្រកាស​បង្កើត​ឡើង​នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​១៩១៧ ដែល​កាលណោះ ប្រកាសថា​ជា​ផ្នែក​មួយ​នៃ​សាធារណរដ្ឋ រុស្ស៊ី ។

​ប៉ុន្តែ​បន្ទាប់ពី​បដិវត្តន៍​របស់​ពួក​ប៊ុល​សេ​វិក នៅ​ឆ្នាំ​១៩១៧ មក សាធារណរដ្ឋ​ប្រជាមានិត អ៊ុយ​ក្រែ​ន បានប្រកាស​ឯករាជ្យភាព​របស់ខ្លួន នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​១៩១៨ ( សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត អ៊ុយ​ក្រែ​ន ដែល​គាំទ្រ​ពួក​បុល​សេ​វិក ឬ អ៊ុយ​ក្រែ​ន សូ​វៀត​) ត្រូវបាន​បង្កើតឡើង ដោយ​ជោគជ័យ​នៅលើ​ទឹកដី​អតីត​អាណាចក្រ​រុស្ស៊ី ខណៈ​សាធារណរដ្ឋ​ប្រជាមានិត​អ៊ុយ​ក្រែ​ន ខាងលិច កើតឡើង​បាន​មួយ​ខណៈពេល​ខ្លី នៅលើ​ទឹកដី​អតីត​អូទ្រីស​-​ហុង​គ្រី ។

​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​១៩១៩ កិច្ចព្រមព្រៀង​មួយ ត្រូវបាន​ចុះហត្ថលេខា នៅ​ទីក្រុង គៀវ រួបរួម​អ៊ុយ​ក្រែ​ន​ទាំងពីរ បង្កើតបានជា​អ៊ុយ​ក្រែ​ន​តែមួយ ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩២២ អ៊ុយ​ក្រែ​ន បាន​ក្លាយជា​ផ្នែក​មួយ នៃ​សហភាព នៃ​សាធារណរដ្ឋ​សង្គមនិយម សូ​វៀត ខណៈ​ទឹកដី​មួយផ្នែក​ធ្លាក់​ទៅក្នុង​ទឹកដី ប៉ូឡូញ ។​

ឆ្នាំ​១៩២៩ អង្គការ​នយោបាយ (​ដែលមាន​កងទ័ព​) ឈ្មោះ អង្គការ​អ្នក​ជាតិនិយម អ៊ុយ​ក្រែ​ន ត្រូវបាន​បង្កើតឡើង ដើម្បី​គាំទ្រ​ដល់​ឯករាជ្យភាព​រដ្ឋ​អ៊ុយ​ក្រែ​ន ។​

​ស្តា​លីន​ដ៏​មហិមា នៃ​សហភាពសូវៀត បាន​ស្លាប់ នៅ​ឆ្នាំ​១៩៥៣ ហើយ​នី​គិ​តា គ្រូ​ឆេវ បាន​ក្លាយជា​អ្នកដឹកនាំ​ថ្មី​រប​ស់ហភាពសូវៀត បាន​បង្កើត​មិត្តភាព​ជាមួយ​អ៊ុយ​ក្រែ​ន ។ នៅ​ឆ្នាំ ១៩៥៤ តំបន់​គ្រី​មា ត្រូវបាន​ផ្ទេរ​ពី​រុស្ស៊ី​សូ​វៀត ទៅឱ្យ​អ៊ុយ​ក្រែ​ន សូ​វៀត វិញ ។

​ចាប់ពី​ឆ្នាំ​១៩៥០ មក អ៊ុយ​ក្រែ​ន​សូ​វៀត បាន​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ក្នុង​វិស័យ ផលិតផល​ឩ​ស្សា​ហក​ម្ម និង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់ នៃ​ឩ​ស្សា​ហ​កម្ម​សព្វាវុធ​និង​ការ ស្រាវជ្រាវ​បច្ចេកវិជ្ជា​ជាន់ខ្ពស់ នៅ​អឺរ៉ុប ។​

ប្រកាស​ឯករាជ្យភាព អ៊ុយ​ក្រែ​ន
​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​១៩៩១ ( ជា​ឆ្នាំ​នៃ​ការដួលរលំ​របស់​សហ​ភាព​សូ​វៀត​ដោយសារតែ ខ្សោះ​ខ្សោយ បន្ទាប់ពី​ចាញ់​សង្គ្រាមត្រជាក់ តទល់​នឹង​សហរដ្ឋអាមេរិក តាំងពី​ឆ្នាំ​១៩៤៥ មក ) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ឡេ​អូ​និ​ដ ក្រាវ​ឈុ​ក ( Leonid Kravchuk ) និង ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី បូរី​ស យ៉ែ​ល​ស៊ីន ( Boris Yeltsin )​បាន​ចុះហត្ថលេខា បំបែក​រដ្ឋ​អ៊ុយ​ក្រែ​ន ចេញពី​សហព័ន្ធរុស្ស៊ី ។​

​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​១៩៩០ សភា​បានទទួល​ស្គាល់​នូវ​ការប្រកាស​អធិបតេយ្យភាព ដែនដី​របស់​រដ្ឋ​អ៊ុយ​ក្រែ​ន ដែល​ប្រការនេះ បាន​បង្កើត​នូវ​សិទ្ធិ​ស្វ័យភាព ប្រជាធិបតេយ្យ និង​សិទ្ធិ​អាទិភាព​របស់​ច្បាប់​អ៊ុយ​ក្រែ​ន លើ​ច្បាប់​របស់​សូ​វៀត ។ មួយខែ​មុននេះ សេចក្តី ប្រកាស​ស្រដៀង​គ្នា​នេះ ត្រូវបាន​ទទួលស្គាល់ ដោយ​សភា​សហព័ន្ធរុស្ស៊ី ដែល​ប្រការ នេះ បានចាប់ផ្តើម​នូវ​ការប្រឈមមុខ​ដាក់គ្នា នៅក្នុង​អាជ្ញាធរកណ្តាល​របស់​សូ​វៀត ។ នៅ​ខែសីហា ឆ្នាំ ១៩៩១ នៅក្នុង​បក្សកុម្មុយនិស្ត​សូ​វៀត មានបំណង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ លោក មី​ខា​អ៊ី​ល ហ្គោ​បារ​ឆូវ ចេញពី​តំណែង ប៉ុន្តែ​បាន​បរាជ័យ ។ ដោយហេតុ​នោះ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ ១៩៩១ ដដែល​នោះ សភា​អ៊ុយ​ក្រែ​ន​បានអនុម័ត​សេចក្តី ប្រកាស​ឯករាជ្យភាពរ​បស់​ខ្លួន​។ គឺ​ថ្ងៃ​នោះឯង​ហើយ​ដែល​បាន​ក្លាយជា​ទិវា​ឯករាជ្យ ជាតិ​របស់​អ៊ុយ​ក្រែ​ន រហូតមកដល់​សព្វថ្ងៃ ។​

​ការបោះឆ្នោត​ប្រជាមតិ និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ត្រូវបាន​រៀបចំឡើង នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​១៩៩១​។ សំឡេងឆ្នោត​ជាង ៩០ ភាគរយ​បាន​គាំទ្រ​នូវ​ច្បាប់ ប្រកាស​ឯករាជ្យភាព ដែល​សភា​អ៊ុយ​ក្រែ​ន ទើបតែ​បានសម្រេច​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៩៩១ មុននេះ ហើយ​ប្រធានសភា​អ៊ុយ​ក្រែ​ន លោក ឡេ​អូ​នី​ដ ក្រា​ឈូ​វ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ។

​ជំនួប​ប្រជុំ​នៅ​ទីក្រុង​ប្រេ​ស​ត៍ ប្រទេស​បេឡា​រូស នៅ​ថ្ងៃទី​៨ ខែធ្នូ បន្ទាប់មក​មាន​ជំនួប ប្រជុំ​មួយទៀត នៅ​ទីក្រុង​អាល់​ម៉ា អា​តា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​១៩៩១ ដដែល​នោះ មេដឹកនាំ​បេឡា​រូស រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​ព្រមព្រៀងគ្នា បំបែក​សហភាពសូវៀត ហើយ​បង្កើត​ទៅជា​រដ្ឋ​សហ​ធន​ឯករាជ្យ ដែល​ហៅ​កាត់​ថា (CIS) ។​

​នៅ​ឆ្នាំ​២០០៤ លោក វិក​ទ័​រ យ៉ា​នូ​កូ​វិច បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី ប៉ុន្តែ​ពួក អ្នក​បដិបក្ខ បាន​ផ្ទុះ​ការតវ៉ា រហូត​ឈានដល់​បដិវត្តន៍​ពណ៌​ទឹកក្រូច ដោយ​សន្តិភាព ហើយ​បាន​នាំ​លោក វិក​ទ័​រ យូ​ស​ឆេន​កូ ដែលជា​គូបដិបក្ខ​របស់គាត់ មកកាន់​តំណែង ដោយ​លោក វិក​ទ័​រ យ៉ា​នូ​កូ​វិច ជា​អ្នកប្រឆាំង​វិញ ។

​ទោះយ៉ាងណា រយៈពេល​ប៉ុន្មាន​ទសវត្សរ៍ ចុងក្រោយ​នេះ អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​មាន​ភាព រកាំរកូស​ជាមួយ​រុស្ស៊ី មិនសូវ​ដាច់ ហើយ​បច្ចុប្បន្ន ទំនាស់​នៃ​ប្រទេស​ទាំងពីរ​ហាក់​បាន កើនឡើង​កម្តៅ​ខ្លាំង​គួរឱ្យ​បារម្ភ ។ បច្ចុប្បន្ន អ៊ុយ​ក្រែ​ន មាន​អង្គការ​អូតង់ ឬ ណា​តូ ដែលមាន សហរដ្ឋអាមេរិក ជា​មេក្លោង ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ហើយ​ពួក​អ្នក​ទាំងនេះ ពិតជា​ចង់បាន អ៊ុយ​ក្រែ​ន សម្រាប់​ធ្វើជា​យុទ្ធសាស្ត្រ ចូលទៅ​ឱ្យ​កៀក ឬ​ដើម្បី​ឡោម ព័ទ្ធ​សហព័ន្ធរុស្ស៊ី​៕ ស្រាវជ្រាវ ប្រែ​សម្រួលៈ មេសា​

#