ទិវា​ឯករាជ្យ​ជាតិ កូ​សូ​វ៉ូ​

432
ចែករម្លែក

​ភ្នំពេញៈ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កូ​សូ​វ៉ូ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី ១៧ ខែកុម្ភៈ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជ្យភាព ពី​យូ​ហ្គោ​ស្លា​វី នៃ​សហព័ន្ធ ស៊ែ​ប ដោយ​ជោគជ័យ កាលពី​ឆ្នាំ​២០០៨ បន្ទាប់ពី​បាន​តស៊ូ​រើបម្រះ ដោយ​ហិង្សា​នានា ក៏ដូចជា សង្គ្រាម​យ៉ាង​បង្ហូរឈាម និង​សន្តិវិធី​មក ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
សាធារណរដ្ឋ​កូ​សូ​វ៉ូ មាន​ផ្ទៃដី ១០.៩០៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​ទ្វីបអឺរ៉ុប ភាគ​អាគ្នេយ៍ នៃ​តំបន់​ឧបទ្វីប​បាល់​កង់ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អាល់​បា​នី ម៉ា​សេ​ដូ​នី ម៉ុង​តេ​ណេ​ហ្គ្រោ និង​ស៊ែ​ប ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ជិត ២ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ។ ភាសាផ្លូវការ គឺ​ភាសា​អាល់​បា​នី និង​ភាសា​ស៊ែ​ប៊ី រដ្ឋធានី​គឺ​ទីក្រុង ព្រី​ស្ទី​ណា ។​

ប្រវត្តិសាស្ត្រ​
ទឹកដី​ដែលជា​ប្រទេស​កូ​សូ​វ៉ូ បច្ចុប្បន្ននេះ ធ្លាប់ជា​ផ្នែក​មួយ នៃ​មហា​ចក្រភព​អូ​តូ​ម៉​ង់ (​តួ​ក​គី ) ហើយក៏​ធ្លាប់ជា​ផ្នែ​មួយ នៃ​ចក្រភព Byzantines ( អាល្លឺម៉ង់ ) អស់​រាប់រយឆ្នាំ​។
​ ​
ចាប់ពី​ខែតុលា ឆ្នាំ​១៩១២ ដល់​ខែឧសភា ឆ្នាំ​១៩១៣ រដ្ឋ​ទាំង​បួន​នៅ​តំបន់​បាល់​កង់ គឺ ប៊ុលហ្គារី ស៊ែ​ប ក្រិ​ក និង​ម៉ុង​តេ​ណេ​ហ្គ្រោ​បាន​ព្រួត​គ្នា​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ការកាន់កាប់​របស់​ចក្រ​ភព អូ​តូ​ម៉​ង់ នៅ​តំបន់​នោះ ហើយ​ជា​លទ្ធផល ពួកគេ​បាន​បណ្តេញ ចក្រភព​អូ​តូ​ម៉​ង់ ចេញពី​តំបន់ បាល់​កង់ ដោយ​ជោគជ័យ ។​
​ ​
តាមរយៈ​សន្ធិសញ្ញា​ទីក្រុង​ឡុង​ដ៍ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​១៩១៣ ទឹកដី​ភាគ​ខាងលិច នៃ​តំបន់​កូ​សូ​វ៉ូ ( ម៉េ​តូ​ហ៊ី​ចា ) ត្រូវបាន​ប្រគល់​ទៅឱ្យ​ម៉ុង​តេ​ណេ​ហ្គ្រោ ចំណែក​ភាគ​ខាងកើត ប្រគល់​ទៅឱ្យ ស៊ែ​ប៊ី ។

​សង្គ្រាមលោកលើកទី​១ ( ២៨ កក្កដា ១៩១៤ – ១១ វិច្ឆិកា ១៩១៨) កូ​សូ​វ៉ូ ត្រូវបាន​កាន់ កាប់​ដោយ ប៊ុលហ្គារី និង អូទ្រីស​-​ហុង​គ្រី ។ លុះ​ចប់​សង្គ្រាម កូ​សូ​វ៉ូ ត្រូវបាន​ដាក់បញ្ចូល​ឱ្យទៅជា អាណាចក្រ ស៊ែ​ប ក្រូ​អាត និង ស្លូ​វេ​នី នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​១៩១៨ ។​

​ការរៀបចំ​ទឹកដី មានការ​ប្រែប្រួល​ជា​ហូរហែ មួយអន្លើ ដោយ​ជម្លោះ និង​សង្គ្រាម​មាន​សង្គ្រាម លោក​លើក​ទី​២ ជាដើម​នោះ នាំឱ្យ​វាសនា នៃ​ដែនដី​កូ​សូ​វ៉ូ​ធ្លាក់​ទៅក្នុង​ការត្រួតត្រា​របស់​ម្ចាស់ ផ្សេងៗ​គ្នា ជា​បន្តបន្ទាប់ ។​

ជា​ខេត្ត​របស់ យូ​ហ្គោ​ស្លា​វី
​គិត​ត្រឹ​ឆ្នាំ​១៩៤៦ ខេត្ត​កូ​សូ​វ៉ូ និង មេ​តូ​ហ៊ី​ចា បាន​ក្លាយជា​ខេត្ត​ស្វយ័ត​របស់​សាធារណរដ្ឋ យូ​ហ្គោ​ស្លា​វី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ស៊ែ​ប ដែល​បានសេចក្តីថា កូ​សូ​វ៉ូ ក៏​ជា​ផ្នែក​មួយ នៃ សហព័ន្ធ​ស៊ែ​ប​ដែរ ។​

​នៅ​ឆ្នាំ​១៩៧៤ ខេត្ត​ស្វយ័ត​កូ​សូ​វ៉ូ និង មេ​តូ​ហ៊ី​ចា បាន​ក្លាយជា​ខេត្ត​សង្គមនិយម​ស្វយ័ត កូ​សូ​វ៉ូ ផ្តល់​លទ្ធភាព​ឱ្យ​ខេត្ត​មួយ​នេះ អាច​គ្រប់គ្រង និង​បំពេញ​មុខងារ ការងាររដ្ឋបាល​សាធារណៈ របស់ខ្លួន ដោយ​ឯករាជ្យ ក្នុង​ក្របខណ្ឌ​យូ​ហ្គោ​ស្លា​វី ហើយ កូ​សូ​វ៉ូ មាន​ទាំង​សភា របស់ខ្លួន​ទៀតផង ។​

បញ្ហា​ជាតិ​សាសន៍ អាល់​បា​នី​-​ស៊ែ​ប៊ី​
មិន​ស្មើភាព​គ្នា រវាង​ជាតិ​សាសន៍ ស៊ែ​ប៊ី និង អាល់​បា​នី នៅក្នុង​ទឹកដី កូ​សូ​វ៉ា នាំឱ្យមាន​ទំនាស់ ជា​បន្តបន្ទាប់ ។ ជនជាតិ អាល់​បា​នី ជា​ជន​ភាគច្រើន នៅលើ​ខេត្ត​កូ​សូ​វ៉ូ ប៉ុន្តែ​ជនជាតិ ស៊ែ​ប៊ី មាន​សិទ្ធិសេរីភាព​ជាង ព្រោះតែ​ជនជាតិ​ស៊ែ​ប៊ី មាន​តួនាទី​នៅក្នុង​យូ​ហ្គោ​ស្លា​វី ។​

​ជនជាតិ​អាល់​បា​នី ចាប់ផ្តើម​មើលឃើញថា ពួកគេ​ជា​ជនជាតិភាគតិច នៅក្នុង​រដ្ឋ យូ​ហ្គោ​ស្លា​វី ដែល​បានធ្វើឱ្យ​ពួកគេ ក្លាយជា​ជាតិ​សាសន៍​កម្រិត​ទី​ពីរ បើ​ធៀប​ទៅនឹង​ជាតិ​សាសន៍​នានា នៅក្នុង​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី ។ ដោយហេតុនេះ ពួកគេ​បានទាមទារ​ឱ្យ​ដែនដី​កូ​សូ​វ៉ូ ក្លាយជា​សាធារណរដ្ឋ​សភានិយម ស្រប​ជាមួយនឹង​យូ​ហ្គោ​ស្លា​វី គឺ​មិនមែនជា​អាណាខេត្ត​របស់ យូ​ហ្គោ​ស្លា​វី​ទេ ។ ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​ជាតិ​សាសន៍​នេះ​ក៏បានផ្តល់​ភាពងាយស្រួល ដល់​ប្រធានាធិបតី ស៊ែ​ប៊ី លោក ស្លូ​បូ​ដាន់ មី​ឡូ​សូ​វិច លប់បំបាត់​នូវ​សិទ្ធិ​ស្វ័យភាព​ពី​កូ​សូ​វ៉ូ នៅ​ឆ្នាំ​១៩៧៤ ដដែល​នោះ ។ ការលប់បំបាត់​នេះ​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ ផ្សេងទៀត នៃ សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី ។​

ចាប់ផ្តើម​ពី​ខែមីនា ឆ្នាំ​១៩៨១ និស្សិត​អាល់​បា​នី នៅក្នុង​ដែនដី​កូ​សូ​វ៉ូ​បានធ្វើ​បាតុកម្ម​ទាមទារ ឱ្យ​កូ​សូ​វ៉ូ ជា​សាធារណរដ្ឋ នៅក្នុង​ក្របខណ្ឌ​យូ​ហ្គោ​ស្លា​វី ។ ប៉ុន្តែ​បាតុកម្ម​ទាំងនោះ​ត្រូវបាន​បង្ក្រាប យ៉ាង​ឃោ​ឃៅ​ដោយ​ប៉ូលិស ។

​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ភាព​តានតឹង​ខាង​ជាតិ​សាសន៍ នៅតែ​បន្ត ដោយមាន អំពើ​ហិ​ហ្សា ផ្ទុះឡើង ជា​ញឹកញាប់ ប្រឆាំងនឹង​អាជ្ញាធរ​រដ្ឋ​យូ​ហ្គោ​ស្លា​វី ដែលជា​លទ្ធផល​នាំឱ្យ​មានការ ភៀសខ្លួន ដោយ​ជនជាតិ​ស៊ែ​ប និង​ក្រុម​ជាតិ​សាសន៍​ផ្សេងៗ នៅក្នុង​ដែនដី​កូ​សូ​វ៉ូ កើនឡើង ។

​ថ្នាក់ដឹកនាំ​យូ​ហ្គោ​ស្លា​វី បាន​ព្យាយាម​បង្ក្រាប​ពួក​ប្រឆាំងនឹង​ជនជាតិ​ស៊ែ​ប នៅ​ដែនដី កូ​សូ​វ៉ូ ដោយ​ស្វែងរក​ការការពារ ដោយ​ហិង្សា​ប្រឆាំង​ជាតិ​សាសន៍ ។ យូ​ហ្គោ​ស្លា​វី​បានដាក់​កម្លាំង រក្សា​សន្តិសុខ នៅក្នុង​ដែនដី​កូ​សូ​វ៉ូ ។ ជនជាតិ​អាល់​បា​នី ចាត់ទុកថា ការដាក់​កម្លាំង​នោះ គឺ​ដើម្បី​ការពារ​ជនជាតិ​ស៊ែ​ប៊ី និង បង្ក្រាប​ជនជាតិ​អាល់​បា​នី នៅ​ទីនោះ​តែប៉ុណ្ណោះ ។​

សង្គ្រាម កូ​សូ​វ៉ូ​
ភាព​តានតឹង​អន្តរជាតិ​សាសន៍​នៅក្នុង​ដែនដី​កូ​សូ​វ៉ូ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ នៅ​ឆ្នាំ​១៩៨៩ ប្រធានាធិបតី​ស៊ែ​ប៊ី លោក ស្លូ​បូ​ដាន់ មី​ឡូ​សូ​វិច បាន​ប្រើ​ឧបាយកល​ចម្រុះ ដូចជា​បំភិតបំភ័យ និង​ការប្រើ​ឧបាយកល​នយោបាយ និង​បាន​កាត់បន្ថយ​លក្ខណៈ​ស្វ័យភាព​ពិសេស នៅក្នុង​សហព័ន្ធ​ស៊ែ​ប៊ី និង​បានចាប់ផ្តើម​សង្កត់សង្កិន​វប្បធម៌ នៃ​ជនជាតិ​អាល់​បា​នី នៅលើ​ដែនដី កូ​សូ​វ៉ូ ។​

​ជនជាតិ​អាល់​បា​នី នៅ​ដែនដី​កូ​សូ​វ៉ូ បាន​ឆ្លើយតប ដោយ​ចលនា​អ្នក​ផ្តាច់ខ្លួន​អហិង្សា​ដោយ​ការ ពង្រីក​នូវ “ ការបដិសេធ​គោរព​ច្បាប់​រដ្ឋ “ ហើយ​បង្កើត​នូវ​រចនាសម្ព័ន្ធ​ស្មើភាព​គ្នា​ក្នុង​វិស័យ​អប់រំ សុខាភិបាល និង​ពន្ធដារ ដើម្បី “ ឯករាជ្យភាព កូ​សូ​វ៉ូ “ ។

​លុះដល់​ខែកក្កដា ឆ្នាំ​១៩៩០ ជនជាតិ​អាល់​បា​នី នៅក្នុង​ដែនដី​កូ​សូ​វ៉ូ បានប្រកាស​វត្តមាន នៃ​សាធារណរដ្ឋ​កូ​សូ​វ៉ូ ហើយ​ប្រកាសថា កូ​សូ​វ៉ូ គឺជា​រដ្ឋ​អធិបតេយ្យ ។ កងទ័ព​រដោះ កូ​សូ​វ៉ូ ( KLA ) ត្រូវបាន​បង្កើត​នៅ​ឆ្នាំ ១៩៩១​ដែល​តាមពិតទៅ​ពេលនេះ​ពួកគេ​ឋិត​ក្នុង​សភាព​ជា​កងទ័ព​ឧទ្ទាម នៅឡើយ គឺ​ត្រៀម​នឹងធ្វើ​ស​ង្ក្រា​ម ដើម្បី ឯករាជ្យ​របស់​ដែនដី កូ​សូ​វ៉ូ ។

​ខែកញ្ញា ឆ្នាំ​១៩៩២ ពួកគេ​បានប្រកាសថា កូ​សូ​វ៉ូ គឺជា​រដ្ឋ​ឯករាជ្យ ។ ខែឧសភា ឆ្នាំ ១៩៩២ លោក អ៊ីប្រាហ៊ីម រូ​ហ្កូ​វ៉ា ត្រូវបាន​បោះឆ្នោត​ជា​ប្រធានាធិបតី នៅក្នុង​ការបោះឆ្នោត​ដែល​មានតែ ជនជាតិ​អាល់​បា​នី ប៉ុណ្ណោះ បាន​ចេញទៅ​បោះឆ្នោត ។

​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ សាធារណរដ្ឋ​កូ​សូ​វ៉ូ ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ត្រឹមតែ​ពី​សំណាក់​ជនជាតិ​អាល់​បា​នី ប៉ុណ្ណោះ ។ គិត​ត្រឹម​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០ ប្រជាពលរដ្ឋ​អាល់​បាល់​នី នៅក្នុង​ដែនដី កូ​សូ​វ៉ូ បាន​កើនឡើង​ឥតឈប់ឈរ ខណៈដែល​ស្ថានភាព របស់ កូ​សូ​វ៉ូ នៅតែ​មិនទាន់​ត្រូវបាន​ដោះស្រាយ​បញ្ចប់ ។

​ឆ្នាំ​១៩៩៦ កងទ័ព​រំដោះ កូ​សូ​វ៉ូ (KLA) ជា​កងទ័ព​ឧទ្ទាម​របស់​ជនជាតិ​អាល់​បា​នី ដែល​ស្វែងរក ការផ្តាច់​ខ្លួន​របស់ កូ​សូ​វ៉ូ ដើម្បី​បង្កើត​នូវ​មហា​អាល់​បា​នី បានឈ្នះ​លើ​ក្រុម​ចលនា អហិង្សា​របស់លោក រូ​ហ្កូ​វ៉ា ហើយក៏​បានចាប់ផ្តើម​បើក​ការវាយលុក​ទៅលើ​កងកម្លាំង​សន្តិសុខ យូ​ហ្គោ​ស្លា​វី នៅក្នុង​ដែនដី កូ​សូ​វ៉ូ ។​

​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៩៨ កងទ័ព KLA បាន​បើក​ការវាយលុក​លើ​កងទ័ព និង នគរបាល​យូ​ហ្គោ​ស្លា​វី ដែលមាន​វត្តមាន នៅលើ​ដែនដី​កូ​សូ​វ៉ូ​ក្នុង​គោលបំណង​បណ្តេញ​កង កម្លាំង​របស់​យូ​ហ្គោ​ស្លា​វី ចេញពី​ដែនដី​កូ​សូ​វ៉ូ ។ កងទ័ព​ឆ័​ត្រ​យោង​និង​កងកម្លាំង​សន្តិសុខ​របស់ ស៊ែ​ប៊ី បែរជា​ត្រូវបាន​បន្ថែមចំនួន​នៅលើ​ទឹកដី​ជម្លោះ​ដ៏​រ៉ាំរ៉ៃ នេះ​ទៅវិញ​។ ការកាប់សម្លាប់ និង​ការ​ធ្វើទុក្ខបុកម្នេញ យ៉ាង​ឃោរឃៅ ដោយ​រូបភាព​ជាច្រើន ត្រូវបាន​ស្នងការ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ រកឃើញថា ត្រូវបានធ្វើ​ដោយ​កងកម្លាំង​ស៊ែ​ប៊ី ( ឬ យូ​ហ្គោ​ស្លា​វី ) ប្រឆាំងនឹង​ជនជាតិ​អាល់​បា​នី នៅលើ​ដែនដី​កូ​សូ​វ៉ូ ។​

អន្តរាគមន៍​ពី សហគមន៍​អន្តរជាតិ​
អង្គការ​ណា​តូ បានចាត់ទុក​ទង្វើ​រប​ស់ ស៊ែ​ប៊ី ថា​ជាការ​បំពាន​ទៅលើ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ នៅ​ដែនដី​កូ​សូ​វ៉ូ ។ ឆ្នាំ​១៩៩៨ នោះ សហគមន៍​អន្តរជាតិ បាន​បង្គាប់​ឱ្យ យូ​ហ្គោ​ស្លា​វី ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា និង​ដក​កងកម្លាំង​សន្តិសុខ​របស់ខ្លួន ចេញពី​ដែនដី​កូ​សូ​វ៉ូ ។ ប៉ុន្តែ​បទ​ឈប់​បាញ់​នេះ មិនត្រូវ​បានធ្វើ​ឡើយ ហើយ​រហូតដល់​ខែធ្នូ ឆ្នាំ​ដដែល​នោះ​ការប្រយុទ្ធ គ្នា​នៅតែ​បន្ត ក៏បាន​ទាក់ទាញ​សហគមន៍​អន្តរជាតិ​ឱ្យចូល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ នេះ​កាន់តែខ្លាំង ។​

​ខែមករា ឆ្នាំ​១៩៩៩ អង្គការ​ណា​តូ បាន​ព្រមាន​ថា នឹងធ្វើ​អន្តរាគមន៍​យោធា ប្រឆាំងនឹង យូ​ហ្គោ​ស្លា​វី ប្រសិនបើ យូ​ហ្គោ​ស្លា​វី មិន​យល់ព្រម​ទៅនឹង​ការណែនាំ​របស់ កងកម្លាំង​ថែរក្សា​សន្តិភាព​អន្តរជាតិ និង​ការបង្កើត​រដ្ឋាភិបាល​មូលដ្ឋាន នៅ​កូ​សូ​វ៉ូ ។

​ប៉ុន្មាន​សប្តាហ៍​ក្រោយមក សន្និសីទ​ពហុ​ជាតិ​សាសន៍ មួយ​ត្រូវបាន​ប្រារព្ធ​ឡើង ។ ខែ មីនា ឆ្នាំ​១៩៩៩ ពួកគេ​បាន ព្រាង​កិច្ចព្រមព្រៀង​មួយ ឈ្មោះថា Rambouillet Accords ដោយបាន​អំពាវនាវ​ឱ្យ​ស្តារឡើងវិញ​នូវ​ស្វ័យភាព របស់​កូ​សូ​វ៉ូ និង​ដាក់ពង្រាយ​កង​រក្សា​សន្តិសុខ របស់​អង្គការ​ណា​តូ នៅលើ​ដែនដី​កូ​សូ​វ៉ូ ។

​ប៉ុន្តែ​គណៈប្រតិភូ​ភាគី យូ​ហ្គោ​ស្លា​វី មើលឃើញថា លក្ខន្តិកៈ នៅក្នុង​សេចក្តីព្រាង​នោះ ជា​រឿង​មិនអាច​ទទួលយកបាន ទើប​ពួកគេ​មិនបាន​ចុះហត្ថលេខា​លើ​សេចក្តីព្រាង​នោះឡើយ ។ សង្គ្រាម និង​អំពើ​ព្រៃផ្សៃ នៅតែ​បន្ត​កើតមាន​ពី​សំណាក់​កងកម្លាំង យូ​ហ្គោ​ស្លា​វី ចំពោះ​ជនជាតិ​អាល់​បា​នី នៅលើ​ដែនដី​កូ​សូ​វ៉ូ ។

​បន្ទាប់​ការពិភាក្សា ដើម្បី​សន្តិភាព បាន​បរាជ័យ​មក ចាប់ពី​ថ្ងៃទី​២៤ ខែមីនា ដល់​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​១៩៩៩ អង្គការ​ណា​តូ​បាន​បើក​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ប្រឆាំង​កងកម្លាំង យូ​ហ្គោ​ស្លា​វី ដោយ​រួមទាំង​គោលដៅ​នានា នៅក្នុង​កូ​សូ​វ៉ូ​ផង ។ ចំណែក​កងទ័ព KLA បានធ្វើ​សង្គ្រាម​ប្រឆាំងនឹង យូ​ហ្គោ​ស្លា​វី នៅលើ​ដី​នោះ ។​

​ទ្រាំ​នឹង​ការ​ព្រួត​គ្នា​នេះ​មិនបាន សង្គ្រាម​ក៏ត្រូវ​បានបញ្ចប់​ទៅ នៅ​ថ្ងៃទី​១០ ( ១១ ?) ខែ មិថុនា ឆ្នាំ ១៩៩៩ ដោយ​លោក ស្លូ​បូ​ដាន់ មី​ឡូ​សូ​វិច យល់ព្រម​អនុញ្ញាតឱ្យ​កងកម្លាំង​ថែរក្សា​សន្តិភាព ចូលទៅក្នុង​ដែនដី​កូ​សូ​វ៉ូ ហើយ​ដក​កងកម្លាំង​សន្តិសុខ​ទាំងអស់​របស់ យូ​ហ្គោ​ស្លា​វី ចេញពី​កូ​សូ​វ៉ូ ដោយ​ប្រគល់​កិច្ចការ​គ្រប់គ្រង​កូ​សូ​វ៉ូ បណ្តោះអាសន្ន​ទៅឱ្យ​អង្គការសហប្រជាជាតិ ។ ស្ថិតនៅក្រោម​កិច្ច​គ្រប់​គ្រង់​របស់ អង្គការសហប្រជាជាតិ​នេះ កងទ័ព​របស់ KLA​ត្រូវបាន​ដាក់ឱ្យ នៅក្រោម​ការគ្រប់គ្រងរ​បស់​អង្គការ​ណា​តូ ។

ប្រកាស​ឯករាជ្យភាព​
នៅ​ខែវិច្ឆិកា ឆ្នាំ​២០០១ កូ​សូ​វ៉ូ បាន​បោះឆ្នោត​ជ្រើសតាំង​សភា​របស់ខ្លួន​ក្រោម​ការឃ្លាំមើល​របស់ អង្គការ​ណា​តូ ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ នៅក្នុង​អឺរ៉ុប ។ គណបក្សនយោបាយ ទាំងឡាយ ដែលមាន​សំឡេង បាន​រួបរួមគ្នា ហើយ​បោះឆ្នោត​ជ្រើសរើស​លោក អ៊ី​ប្រា​ហ៊ី រូ​ហ្កូ​វ៉ា ជា​ប្រធានាធិបតី (​ជា​លើក​ទី​២) ។​

​ការបោះឆ្នោត នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០០៧ ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​ប្រជាធិបតេយ្យ កូ​សូ​វ៉ូ ដឹកនាំ​ដោយ​លោក Hashim Thaci ដែល​បានប្រកាសថា គោលដៅ​របស់គាត់ គឺ​នឹង​ប្រកាស​ឯករាជ្យភាព កូ​សូ​វ៉ូ ។​

​ដោយហេតុនេះ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០០៨ កូ​សូ​វ៉ូ បានប្រកាស​ឯករាជ្យភាព របស់ខ្លួន ។ ពេលនោះ អង្គការសហប្រជាជាតិ បានទទួល​ស្គាល់ កូ​សូ​វ៉ូ ថា​ជា​រដ្ឋ​ឯករាជ្យ ។ ចំណែក ស៊ែ​ប៊ី ក៏​ទទួលស្គាល់​ដែរ ។ ដោយហេតុនេះ កូ​សូ​វ៉ូ ក្លាយជា​រដ្ឋ​ឯករាជ្យ​ដោយ​សុខសាន្ត ចាប់ពីពេលនោះ​មក ។

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កូ​សូ​វ៉ូ ប្រារព្ធ​ទិវា​ឯករាជ្យ​របស់ខ្លួន ដើម្បី​រំឭក​ដល់​ថ្ងៃ​នេះឯង ៕ ស្រាវជ្រាវ ប្រែ​សម្រួល​: មេសា​

លោក Hashim Thaci ដែលជា​អ្នកដឹកនាំ​ប្រកាស ឯករាជភាព កូ​សូ​វ៉ូ ( កូ​សូ​វ៉ូ ១)
​ក្បួនព្យុហយាត្រា​កងទ័ព​កូ​សូ​វ៉ូ នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ (​កូ​សូ​វ៉ូ ២)
ទីក្រុង ព្រី​ស្ទី​ណា នៃ សាធារណរដ្ឋ កូ​សូ​វ៉ូ (​កូ​សូ​វ៉ូ ៣ )