ទិវា​ឯករាជ្យ​ជាតិ កូ​សូ​វ៉ូ​

345
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កូ​សូ​វ៉ូ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​ពី យូ​ហ្គោ​ស្លា​វី​នៃ​សហព័ន្ធ ស៊ែ​ប ដោយ​ជោគជ័យ កាលពី​ឆ្នាំ​២០០៨ បន្ទាប់ពី​បាន​តស៊ូ​រើបម្រះ​ដោយ​ហិង្សា​នានា​ក៏ដូចជា សង្គ្រាម​យ៉ាង​បង្ហូរឈាម​ផង និង​ដោយ​សន្តិវិធី​ផង​មក ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
សាធារណរដ្ឋ​កូ​សូ​វ៉ូ មាន​ផ្ទៃដី ១០.៩០៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​ទ្វីបអឺរ៉ុប ភាគ​អាគ្នេយ៍នៃ​តំបន់​ឧបទ្វីប​បាល់​កង់ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស អាល់​បា​នី ម៉ា​សេ​ដូ​នី ម៉ុង​តេ​ណេ​ហ្គ្រោ និងស៊ែ​ប ។ ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជិត ២ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនាអ៊ិ​ស្លាម ។ ភាសាផ្លូវការ​គឺ​ភាសា​អាល់​បា​នី និង​ភាសា​ស៊ែ​ប៊ី រដ្ឋធានី​គឺ​ទីក្រុងព្រី​ស្ទី​ណា ។​

​ប្រវត្តិសាស្ត្រ​
ទឹកដី​ដែលជា​ប្រទេស កូ​សូ​វ៉ូ បច្ចុប្បន្ននេះ ធ្លាប់ជា​ផ្នែក​មួយ នៃ​មហា​ចក្រភព​អូ​តូ​ម៉​ង់ ( តួ​ក​គី ) ហើយក៏​ធ្លាប់ជា​ផ្នែ​មួយ នៃ​ចក្រភព Byzantines ( អាល្លឺម៉ង់ ) អស់​រាប់រយឆ្នាំ ។
​ ​
ចាប់ពី​ថ្ងៃទី ខែតុលា ឆ្នាំ​១៩១២ ដល់​ខែឧសភា ឆ្នាំ​១៩១៣ រដ្ឋ​ទាំង​បួន​នៅ​តំបន់ បាល់​កង់ គឺ ប៊ុលហ្គារី ស៊ែ​ប ក្រិ​ក និង ម៉ុង​តេ​ណេ​ហ្គ្រោ​បាន​ព្រួត​គ្នា​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ការកាន់កាប់របស់​ចក្រភព អូ​តូ​ម៉​ង់ នៅ​តំបន់​នោះ ហើយ​ជា​លទ្ធផល​ពួកគេ​បាន​បណ្តេញចក្រភព អូ​តូ​ម៉​ង់ ចេញពី​តំបន់​បាល់​កង់​ដោយ​ជោគជ័យ ។​
​ ​
តាមរយៈ​សន្ធិសញ្ញា ទីក្រុង​ឡុង​ដ៍ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​១៩១៣ ទឹកដី​ភាគ​ខាង លិច នៃ​តំបន់​កូ​សូ​វ៉ូ ( ម៉េ​តូ​ហ៊ី​ចា ) ត្រូវបាន​ប្រគល់​ទៅឱ្យ ម៉ុង​តេ​ណេ​ហ្គ្រោ ចំណែក​ភាគ​ខាងកើត ប្រគល់​ទៅឱ្យ ស៊ែ​ប៊ី ។

​សង្គ្រាមលោកលើកទី​១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨) កូ​សូ​វ៉ូ ត្រូវបាន​កាន់ កាប់​ដោយ ប៊ុលហ្គារី និង អូទ្រីស​-​ហុង​គ្រី ។ លុះ​ចប់​សង្គ្រាម កូ​សូ​វ៉ូ ត្រូវបានដាក់ បញ្ចូល​ឱ្យទៅជា អាណាចក្រ ស៊ែ​ប ក្រូ​អាត និង ស្លូ​វេ​នី នៅ​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ១៩១៨ ។​

​ការរៀបចំ​ទឹកដីមានការ​ប្រែប្រួល​ជា​ហូរហែ មួយអន្លើ​ដោយ​ជម្លោះ និង​សង្គ្រាម មាន​សង្គ្រាមលោកលើកទី ២ ជាដើម​នោះ នាំឱ្យ​វាសនា នៃ ដែនដី កូ​សូ​វ៉ូ ធ្លាក់​ទៅក្នុង​ការត្រួតត្រា​របស់​ម្ចាស់​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់ ។​

ជា​ខេត្ត​របស់ យូ​ហ្គោ​ស្លា​វី
គិត​ត្រឹ​ឆ្នាំ​១៩៤៦ ខេត្ត​កូ​សូ​វ៉ូ និងម៉េ​តូ​ហ៊ី​ចា បាន​ក្លាយជា​ខេត្ត​ស្វយ័ត របស់​សាធារណរដ្ឋ​ យូ ហ្គោ​ស្លា​វី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ស៊ែ​ប ដែល​បានសេចក្តីថា កូ​សូ​វ៉ូ ក៏​ជា​ផ្នែក​មួយ នៃសហព័ន្ធ​ស៊ែ​ប ដែរ ។​

​នៅ​ឆ្នាំ​១៩៧៤ ខេត្ត​ស្វយ័ត​កូ​សូ​វ៉ូ និង ម៉េ​តូ​ហ៊ី​ចា បាន​ក្លាយជា ខេត្ត​សង្គមនិយម ស្វយ័ត កូ​សូ​វ៉ូ ផ្តល់​លទ្ធភាព​ឱ្យ​ខេត្ត​មួយ​នេះ អាច​គ្រប់គ្រង និង​បំពេញ​មុខងារ​ការងារ​រដ្ឋបាល​សាធារណៈ របស់ខ្លួន​ដោយ​ឯករាជ្យ​ក្នុង​ក្របខណ្ឌ យូ​ហ្គោ​ស្លា​វី ហើយ កូ​សូ​វ៉ូ មាន​ទាំង សភា របស់ខ្លួន​ទៀតផង ។​

បញ្ហា​ជាតិ​សាសន៍ អាល់​បា​នី​-​ស៊ែ​ប៊ី​
​មិន​ស្មើភាព​គ្នា រវាង​ជាតិ​សាសន៍ ស៊ែ​ប៊ី និង អាល់​បា​នី នៅក្នុង​ទឹកដី កូ​សូ​វ៉ា នាំឱ្យមាន​ទំនាស់ ជា​បន្តបន្ទាប់ ។ ជនជាតិ អាល់​បា​នី ជា​ជន​ភាគច្រើន​នៅលើ​ខេត្ត កូ​សូ​វ៉ូ ប៉ុន្តែ​ជនជាតិ ស៊ែ​ប៊ី មាន​សិទ្ធិសេរីភាព​ជាង ព្រោះតែ ជនជាតិ ស៊ែ​ប៊ី មាន​តួនាទី​នៅក្នុង យូ​ហ្គោ​ស្លា​វី ។​

​ជនជាតិ​អាល់​បា​នី ចាប់ផ្តើម​មើលឃើញថា ពួកគេ​ជា​ជនជាតិភាគតិច នៅក្នុង​រដ្ឋ យូ​ហ្គោ​ស្លា​វី ដែល​បានធ្វើឱ្យ​ពួកគេ​ក្លាយជា​ជាតិ​សាសន៍​កម្រិត​ទី​ពីរ​បើ​ធៀប​ទៅនឹង​ជាតិ​សាសន៍​នានា​នៅក្នុង សាធារណរដ្ឋ យូ​ហ្គោ​ស្លា​វី ។ ដោយហេតុនេះ ពួកគេ​បានទាម ទារ​ឱ្យ​ដែនដី កូ​សូ​វ៉ូ ក្លាយជា​សាធារណរដ្ឋ សភានិយម ស្រប​ជាមួយនឹង យូ​ហ្គោ​ស្លា​វី គឺ​មិនមែនជា​អាណាខេត្ត របស់ យូ​ហ្គោ​ស្លា​វី ទេ ។ ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​ជាតិ​សាសន៍​នេះ ក៏បានផ្តល់​ភាព​ងាយ ស្រួល​ដល់​ប្រធានាធិបតី ស៊ែ​ប៊ី លោក ស្លូ​បូ​ដាន់ មី​ឡូ​សូ​វិច លុបបំបាត់ នូវ​សិទ្ធិ​ស្វ័យភាព ពី កូ​សូ​វ៉ូ នៅ​ឆ្នាំ ១៩៧៤ ដដែល​នោះ ។ ការលុបបំបាត់​នេះ ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​ថ្នាក់ដឹកនាំ​ផ្សេងទៀត នៃ សាធារណរដ្ឋ យូ​ហ្គោ​ស្លា​វី ។​

​ចាប់ផ្តើម​ពី​ខែមីនា ឆ្នាំ​១៩៨១ និស្សិត​អាល់​បា​នី នៅក្នុង​ដែនដី កូ​សូ​វ៉ូ បានធ្វើ​បាតុកម្ម​ទាមទា​រ ឱ្យ កូ​សូ​វ៉ូ ជា​សាធារណរដ្ឋ​នៅក្នុង​ក្របខណ្ឌ យូ​ហ្គោ​ស្លា​វី ។ ប៉ុន្តែ​បាតុកម្ម​ទាំងនោះ​ត្រូវបាន បង្ក្រាប​យ៉ាង​ឃោរឃៅ​ដោយ​ប៉ូលិស ។

​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ភាព​តានតឹង​ខាង​ជាតិ​សាសន៍​នៅតែ​បន្ត ដោយមាន​អំពើ​ហិ​ហ្សា ផ្ទុះឡើង ជា​ញឹកញាប់​ប្រឆាំងនឹង​អាជ្ញាធរ​រដ្ឋ យូ​ហ្គោ​ស្លា​វី ដែលជា​លទ្ធផល​នាំឱ្យ​មានការ ភៀសខ្លួន​ដោយ​ជនជាតិ ស៊ែ​ប និង ក្រុម​ជាត​សាសន៍​ផ្សេងៗ​នៅក្នុង​ដែនដី កូ​សូ​វ៉ូ កើនឡើង ។

ថ្នាក់ដឹកនាំ យូ​ហ្គោ​ស្លា​វី បាន​ព្យាយាម​បង្ក្រាប​ពួក​ប្រឆាំងនឹង​ជនជាតិ​ស៊ែ​ប នៅ​ដែនដី កូ​សូ​វ៉ូ ដោយ​ស្វែងរក​ការការពារ ដោយ​ហិង្សា​ប្រឆាំង​ជាតិ​សាសន៍ ។ យូ​ហ្គោ​ស្លា​វី​បាន ដាក់​កម្លាំង រក្សា​សន្តិសុខ នៅក្នុង​ដែនដី​កូ​សូ​វ៉ូ ។ ជនជាតិ​អាល់​បា​នី ចាត់ទុកថា ការ ដាក់​កម្លាំង​នោះ គឺ​ដើម្បី​ការពារ​ជនជាតិ ស៊ែ​ប៊ី និង បង្ក្រាប​ជនជាតិ អាល់​បា​នី នៅ​ទីនោះ​តែប៉ុណ្ណោះ ។​

សង្គ្រាម កូ​សូ​វ៉ូ​
ភាព​តានតឹង​អន្តរជាតិ​សាសន៍ នៅក្នុង​ដែនដី​កូ​សូ​វ៉ូ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ។ នៅ​ឆ្នាំ ១៩៨៩ ប្រធានាធិបតី​ស៊ែ​ប៊ី លោក ស្លូ​បូ​ដាន់ មី​ឡូ​សូ​វិច បាន​ប្រើ​ឧបាយកល​ចម្រុះ ដូចជា​បំភិតបំភ័យ និង​ការប្រើ​ឧបាយកល​នយោបាយ និង​បាន​កាត់បន្ថយ​លក្ខណៈ​ស្វ័យភាព​ពិសេស នៅក្នុង សហព័ន្ធ ស៊ែ​ប៊ី និង បានចាប់ផ្តើម​សង្កត់សង្កិន​វប្បធម៌ នៃ ជនជាតិ អាល់​បា​នី នៅលើ​ដែនដី កូ​សូ​វ៉ូ ។​

​ជនជាតិ អាល់​បា​នី នៅ​ដែនដី កូ​សូ​វ៉ូ បាន​ឆ្លើយតប ដោយ​ចលនា អ្នក​ផ្តាច់ខ្លួន​អហិង្សា ដោយ​ការពង្រីក​នូវ “ ការបដិសេធ​គោរព​ច្បាប់​រដ្ឋ “ ហើយ​បង្កើត​នូវ​រចនាសម្ព័ន្ធ​ស្មើភាព​គ្នា ក្នុង​វិស័យ​អប់រំ សុខាភិបាល និង ពន្ធដារ ដើម្បី “ ឯករាជភាព កូ​សូ​វ៉ូ “ ។

​លុះដល់​ខែ កក្កដា ឆ្នាំ ១៩៩០ ជនជាតិ អាល់​បា​នី នៅក្នុង​ដែនដី កូ​សូ​វ៉ូ បានប្រកាស​វត្តមាន នៃ សាធារណរដ្ឋ កូ​សូ​វ៉ូ ហើយ​ប្រកាសថា កូ​សូ​វ៉ូ គឺជា​រដ្ឋ​អធិបតេយ្យ ។ កងទ័ព​រដោះ កូ​សូ​វ៉ូ ( KLA ) ត្រូវបាន​បង្កើត​នៅ​ឆ្នាំ ១៩៩១ ដែល​តាមពិតទៅ​ពេលនេះ​ពួកគេ​ឋិត​ក្នុង​សភាព​ជា​កងទ័ព ឧទ្ទាម​នៅឡើយ គឺ​ត្រៀម​នឹងធ្វើ​ស​ង្ក្រា​ម ដើម្បី ឯករាជ្យ​របស់​ដែនដី កូ​សូ​វ៉ូ ។

​ខែ កញ្ញា ឆ្នាំ ១៩៩២ ពួកគេ​បានប្រកាសថា កូ​សូ​វ៉ូ គឺជា​រដ្ឋ​ឯករាជ្យ ។ ខែ ឧសភា ឆ្នាំ ១៩៩២ លោក អ៊ីប្រាហ៊ីម រូ​ហ្កូ​វ៉ា ត្រូវបាន​បោះឆ្នោត​ជា​ប្រធានាធិបតី​នៅក្នុង​ការបោះ ឆ្នោត​ដែលមាន តែ​ជនជាតិ អាល់​បា​នី ប៉ុណ្ណោះ បាន​ចេញទៅ​បោះឆ្នោត ។

​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ សាធារណរដ្ឋ​កូ​សូ​វ៉ូ​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ត្រឹមតែ​ពី​សំណាក់​ជនជាតិ អាល់​បា​នី ប៉ុណ្ណោះ ។

​គិត​ត្រឹម​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០ ប្រជាពលរដ្ឋ អាល់​បាល់​នី នៅក្នុង​ដែនដី កូ​សូ​វ៉ូ បាន​កើនឡើង​ឥតឈប់ឈរ ខណៈ​ស្ថានភាព​របស់​កូ​សូ​វ៉ូ​នៅតែ​មិនទាន់​ត្រូវបាន​ដោះស្រាយ បញ្ចប់ ។

​ឆ្នាំ ១៩៩៦ កងទ័ព​រំដោះ កូ​សូ​វ៉ូ (KLA) ជា​កងទ័ព​ឧទ្ទាម​របស់​ជនជាតិ អាល់​បា​នី​ដែល​ស្វែងរក ការផ្តាច់​ខ្លួន​របស់ កូ​សូ​វ៉ូ ដើម្បី បង្កើត​នូវ មហា​អាល់​បា​នី បានឈ្នះ​លើ​ក្រុម​ចលនា អហិង្សា របស់លោក រូ​ហ្កូ​វ៉ា ហើយក៏​បានចាប់ផ្តើម​បើក​ការវាយលុក​ទៅលើ កងកម្លាំង​សន្តិសុខ យូ​ហ្គោ​ស្លា​វី នៅក្នុង​ដែនដី កូ​សូ​វ៉ូ ។​

​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៩៨ កងទ័ព KLA បាន​បើក​ការវាយលុក​លើ​កងទ័ព និង​នគរបាល យូ​ហ្គោ​ស្លា​វី ដែលមាន​វត្តមាន​នៅលើ​ដែនដី កូ​សូ​វ៉ូ ក្នុង​គោលបំណង​បណ្តេញ​កងកម្លាំង របស់​យូ​ហ្គោ​ស្លា​វី ចេញពី​ដែនដី​កូ​សូ​វ៉ូ ។ កងទ័ព​ឆ័​ត្រ​យោង និង​កងកម្លាំង​សន្តិសុខ​របស់​ស៊ែ​ប៊ី បែរជា​ត្រូវបាន​បន្ថែមចំនួន នៅលើ​ទឹកដី​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ​ទៅវិញ​។ ការកាប់សម្លាប់ និង​ការ ធ្វើទុក្ខបុកម្នេញ​យ៉ាង​ឃោរឃៅ ដោយ​រូបភាព​ជាច្រើន​ត្រូវបាន​ស្នងការ​សិទ្ធិមនុស្ស​អង្គការ សហប្រជាជាតិ រកឃើញថា ត្រូវបានធ្វើ​ដោយ​កងកម្លាំង ស៊ែ​ប៊ី ( ឬ យូ​ហ្គោ​ស្លា​វី ) ប្រឆាំង នឹង​ជនជាតិ អាល់​បា​នី នៅលើ​ដែនដី កូ​សូ​វ៉ូ ។​

​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​
អង្គការ​ណា​តូ បានចាត់ទុក​ទង្វើ​រប​ស់ ស៊ែ​ប៊ី ថា​ជាការ​បំពាន​ទៅលើ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរនៅ​ដែនដី កូ​សូ​វ៉ូ ។ ឆ្នាំ ១៩៩៨ នោះ សហគមន៍​អន្តរជាតិ បាន​បង្គាប់ ឱ្យ យូ​ហ្គោ​ស្លា​វី ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា និង ដក​កងកម្លាំង​សន្តិសុខ​របស់ខ្លួន​ចេញពី ដែនដី កូ​សូ​វ៉ូ ។ ប៉ុន្តែ​បទ​ឈប់​បាញ់​នេះ​មិនត្រូវ​បានធ្វើ​ឡើយ ហើយ​រហូតដល់​ខែ ធ្នូ ឆ្នាំ​ដដែល​នោះ ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត ក៏បាន​ទាក់ទាញ​សហគមន៍​អន្តរជាតិ​ឱ្យចូល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ នេះ​កាន់តែខ្លាំង ។​

​ខែមករា ឆ្នាំ​១៩៩៩ អង្គការ ណា​តូ បាន​ព្រមាន​ថា នឹងធ្វើ​អន្តរាគមន៍​យោធា ប្រឆាំងនឹង យូ​ហ្គោ​ស្លា​វី ប្រសិនបើ យូ​ហ្គោ​ស្លា​វី មិន​យល់ព្រម​ទៅនឹង​ការណែនាំ​របស់ កងកម្លាំង​ថែរក្សា សន្តិភាព​អន្តរជាតិ និង​ការបង្កើត​រដ្ឋាភិបាល​មូលដ្ឋាន នៅ​កូ​សូ​វ៉ូ ។

​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​សន្និសីទ​ពហុ​ជាតិ​សាសន៍ មួយ​ត្រូវបាន​ប្រារព្ធ​ឡើង ។ ខែ មីនា ឆ្នាំ ១៩៩៩ ពួកគេ​បាន ព្រាង​កិច្ចព្រមព្រៀង​មួយ​ឈ្មោះថា Rambouillet Accords ដោយបាន​អំពាវ នាវ​ឱ្យ​ស្តារឡើងវិញ​នូវ ស្វ័យភាព របស់ កូ​សូ​វ៉ូ និង ដាក់ពង្រាយ​កង​រក្សា​សន្តិសុខ​របស់​អង្គការ ណា​តូ នៅលើ​ដែនដី កូ​សូ​វ៉ូ ។

​ប៉ុន្តែ​គណៈប្រតិភូ​ភាគី យូ​ហ្គោ​ស្លា​វី មើលឃើញថា លក្ខន្តិកៈ​នៅក្នុង​សេចក្តីព្រាង​នោះ​ជា​រឿង មិនអាច​ទទួលយកបាន ទើប​ពួកគេ​មិនបាន​ចុះហត្ថលេខា​លើ​សេចក្តីព្រាង​នោះឡើយ ។ សង្គ្រាម និងអំពើ​ព្រៃផ្សៃ​នៅតែ​បន្ត​កើតមាន​ពី​សំណាក់​កងកម្លាំង យូ​ហ្គោ​ស្លា​វី ចំពោះ​ជនជាតិ អាល់​បា​នី នៅលើ​ដែនដី កូ​សូ​វ៉ូ ។

​បន្ទាប់ពី​ការពិភាក្សា ដើម្បី​សន្តិភាព បាន​បរាជ័យ​មក ចាប់ពី​ថ្ងៃទី​២៤ ខែមីនា ដល់​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​១៩៩៩ អង្គការ​ណា​តូ បាន​បើក​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ប្រឆាំង​កងកម្លាំង យូ​ហ្គោ​ស្លា​វី ដោយ​រួមទាំង​គោលដៅ​នានា​នៅក្នុង កូ​សូ​វ៉ូ ផង ។ ចំណែក​កងទ័ព KLA បានធ្វើ​សង្គ្រាម​ប្រឆាំងនឹង យូ​ហ្គោ​ស្លា​វី នៅលើ​ដី​នោះ ។​

​ទ្រាំ​នឹង​ការ​ព្រួត​គ្នា​នេះ​មិនបាន សង្គ្រាម​ក៏ត្រូវ​បានបញ្ចប់​ទៅ​នៅ​ថ្ងៃ​ទ​១០ ( ១១ ?) ខែ មិថុនា ឆ្នាំ ១៩៩៩ ដោយ​លោក ស្លូ​បូ​ដាន់ មី​ឡូ​សូ​វិច យល់ព្រម​អនុញ្ញាតឱ្យ​កងកម្លាំង​ថែរក្សា​សន្តិភាព ចូលទៅក្នុង​ដែនដី កូ​សូ​វ៉ូ ហើយ​ដក​កងកម្លាំង​សន្តិសុខ​ទាំងអស់​របស់ យូ​ហ្គោ​ស្លា​វី ចេញពី កូ​សូ​វ៉ូ ដោយ​ប្រគល់​កិច្ចការ​គ្រប់គ្រង កូ​សូ​វ៉ូ បណ្តោះអាសន្ន​ទៅឱ្យ អង្គការសហប្រជាជាតិ ។ ស្ថិតនៅក្រោម​កិច្ច​គ្រប់​គ្រង់​របស់​អង្គការសហប្រជាជាតិ​នេះ កងទ័ព​របស់ KLA ត្រូវ​បានដាក់ ឱ្យនៅ​ក្រោម​ការគ្រប់គ្រង​របស់​អង្គការ ណា​តូ ។

​ប្រកាស​ឯករាជ្យភាព​
នៅ​ខែវិច្ឆិកា ឆ្នាំ​២០០១ កូ​សូ​វ៉ូ បាន​បោះឆ្នោត​ជ្រើសតាំង​សភា​របស់ខ្លួន​ក្រោម​ការឃ្លាំ មើលរបស់​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ នៅក្នុង​អឺរ៉ុប ។ គណបក្ស នយោបាយ ទាំងឡាយ​ដែល​មា​សំឡេង​បាន​រួបរួមគ្នា ហើយ​បោះឆ្នោត​ជ្រើសរើស​លោក អ៊ី​ប្រា​ហ៊ី រូ​ហ្កូ​វ៉ា ជា​ប្រធានាធិបតី (​ជា​លើក​ទី ២) ។​

​ការបោះឆ្នោត​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០០៧ ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​ប្រជា​ធិ​ប តេ​យ្យ កូ​សូ​វ៉ូ ដឹកនាំ​ដោយ​លោក Hashim Thaci ដែល​បានប្រកាសថា គោលដៅ​របស់គាត់ គឺ​នឹង​ប្រកាស​ឯករាជភាព កូ​សូ​វ៉ូ ។​

​ដោយហេតុនេះ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០០៨ កូ​សូ​វ៉ូ បានប្រកាស​ឯករាជភាព របស់ខ្លួន ។ ពេលនោះ អង្គការសហប្រជាជាតិ បានទទួល​ស្គាល់ កូ​សូ​វ៉ូ ថា​ជា​រដ្ឋ​ឯករាជ្យ ។ ចំណែក ស៊ែ​ប៊ី ក៏​ទទួលស្គាល់​ដែរ ។ ដោយហេតុនេះ កូ​សូ​វ៉ូ ក្លាយជា​រដ្ឋ​ឯករាជ្យ​ដោយ​សុខសាន្ត​ចាប់ពី​ពេល នោះមក ។

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កូ​សូ​វ៉ូ ប្រារព្ធ​ទិវា​ឯករាជ្យ​របស់ខ្លួន ដើម្បី​រំឭក​ដល់​ថ្ងៃ​នេះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

លោក Hashim Thaci អ្នកដឹកនាំ​ប្រកាស​ឯករាជភាព កូ​សូ​វ៉ូ នៅ​ឆ្នាំ ២០០៨
ក្បួនព្យុហយាត្រា​កងទ័ព​កូ​សូ​វ៉ូ នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ
ទីក្រុង ព្រី​ស្ទី​ណា នៃ សាធារណរដ្ឋ កូ​សូ​វ៉ូ