ទិវា​ឯករាជ្យ​ជាតិ កូ​ឡុំ​ប៊ី​

989

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ កូ​ឡុំ​ប៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​២០ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​ដណ្តើមបាន​ឯករាជភាព​ពី​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ ១៨១០ ដោយមាន​ឈ្មោះថា “ សាធារណរដ្ឋ​មហា​កូ​ឡុំ​ប៊ី ” ប៉ុន្តែ​ក្រោយមក សាធារណរដ្ឋ​នេះ បាន​បែកបាក់ បង្កើតបានជា​រដ្ឋ ២ ផ្សេងទៀត​គឺ អេ​ក្វា​ឌ័​រ និង វ៉េ​ណេ​ស៊ុយ​អេ​ឡា ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​កូ​ឡុំ​ប៊ី មាន​ផ្ទៃដី ១,១៤២ លាន គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ទ្វីបអាមេរិក​ខាងត្បូង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស អេ​ក្វា​ឌ័​រ វ៉េ​ណេ​ស៊ុយ​អេ​ឡា ប្រេ​ស៊ី​ល ប៉េ​រូ និង ប៉ា​ណា​ម៉ា ។ ឆ្នាំ ២០១៦ មាន​ប្រជាពលរដ្ឋ ជាង ៤៩ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា គ្រិស្ត រដ្ឋធានី គឺ​ទីក្រុង​បូ​ហ្គោ​តា ភាសាផ្លូវការ​គឺ ភាសា​អេ​ស្ប៉ា​ញ ។​

​ប្រវត្តិសាស្ត្រ
​ដោយសារតែ​ការរុករក​មាស​នៃ​ពួក​អេ​ស្ប៉ា​ញ ក៏ដូចជា មហាអំណាច​អឺរ៉ុប​ផ្សេងទៀត គិត​ត្រឹម​ឆ្នាំ ១៥៤២ ទឹកដី​ដែលជា​ប្រទេស​កូ​ឡុំ​ប៊ី នាពេល​បច្ចុប្បន្ន បាន​ធ្លាក់​ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ ដោយមាន​ឈ្មោះថា ហ្គ្រែ​ណា​ដា ថ្មី ។ ឆ្នាំ​១៧៦០ ចក្រភព​អង់គ្លេស បានចាប់ផ្តើម​ធ្វើ​បដិវត្តន៍ ឧស្សាហកម្ម បានធ្វើឱ្យ​ផលិតផល​កើនឡើង យ៉ាងគំហុក រហូត​លើសពី​លទ្ធភាព​ទីផ្សារ​។ ការស្វែងរក​ទីផ្សារ សម្រាប់​ផលិតផល​របស់ខ្លួន ចក្រភព​អង់គ្លេស មានបំណង​ទៅ​ជួញដូរ នៅ​បណ្តា​ប្រទេស​ក្រោម​ការត្រួតត្រា​របស់​អេ​ស្ប៉ា​ញ នៅ​ទ្វីបអាមេរិក​។ ប៉ុន្តែ អេ​ស្ប៉ា​ញ មិន​អនុញ្ញាតឱ្យ​ប្រទេស​ទាំងនោះ​ជួញដូរ​ជាមួយ​ប្រទេស​ទាំងឡាយណា​ក្រៅពី​អាណាព្យាបាល របស់ខ្លួន​គឺ អេ​ស្ប៉ា​ញ​ឡើយ​។​ដោយហេតុនេះ ចក្រភព​អង់គ្លេស បាន​ឈ្លានពាន​ដែនដី​ក្រោម អាណានិគម អេ​ស្ប៉ា​ញ​បន្តិច​ម្តងៗ ហើយ​ទីបំផុត នៅ​ឆ្នាំ​១៧៣៩ ចក្រភព​អង់គ្លេស​បានប្រកាស សង្គ្រាម​ប្រឆាំង អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​សង្គ្រាម រវាង​មហាអំណាច​ទាំងពីរ​នេះ បានអូសបន្លាយ រហូតដល់​សង្គ្រាម ៧ ឆ្នាំ (១៧៥៦-១៧៦៣) បាន​អូសទាញ​មហាអំណាច​ផ្សេងៗ​ទៀត នៅ​អឺរ៉ុប​ឱ្យ​ចូលមក​ពាក់ព័ន្ធ​ផង លើកលែងតែ​ចក្រភព អូ​តូ​ម៉​ង់ (​បច្ចុប្បន្ន តួ​ក​គី​)​។​

​អំណាចកណ្តាល​ដួលរលំ
​បដិវត្តន៍​បារាំង​របស់ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ ផ្ទុះឡើង​នៅ​ឆ្នាំ​១៧៨៩​បាន​ផ្តួលរំលំ​របបរាជានិយម នៅ​បារាំង​។ មនោគមវិជ្ជា និង​ឥទ្ធិពល​នៃ​បដិវត្តន៍​នេះ បាន​រីក​រាលដាល​ពាសពេញ​ទ្វីបអឺរ៉ុប​រហូត មានអំណាច​បង្គាប់បញ្ជា​លើ​មហាអំណាច អេ​ស្ប៉ា​ញ ទៀតផង ។ ដោយមាន​កងទ័ព​បារាំង របស់​ណាប៉ូឡេអុង នៅ​ពី​ក្រោយខ្នង ស្តេច​ឆា​លស៍ ទី​៤ របស់ អេ​ស្ប៉ា​ញ ត្រូវបាន​បង្ខំ​ឱ្យ​ដាក់រាជ្យ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៨០៨ ។

​ស្តេច​ឆា​លស៍ បាន​សំណូមពរ​ឱ្យ​លើក​ព្រះអង្គម្ចាស់ ហ្វ៊ែ​ណង់​ដូ​ទី​៧ (​ដែលជា​បុត្រ​របស់​ព្រះអង្គ​) ឱ្យ​ស្នងរាជ្យ ។ ប៉ុន្តែ ណាប៉ូឡេអុង បែរជា​លើក​ប្អូនប្រុស​របស់ខ្លួន ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ឱ្យធ្វើជា ស្តេច​គ្រងរាជ្យ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ទៅវិញ បណ្តាលឱ្យមាន​ការប្រឆាំង​តវ៉ា ជា​បន្តបន្ទាប់ ដែល​បានសេចក្តីថា អំណាចកណ្តាល​របស់ អេ​ស្ប៉ា​ញ បាន​រាយប៉ាយ ឬ បែកបាក់​ហើយ ។​

​ឯករាជភាព​
​ងាក​ទៅ​ពិនិត្យមើល ស្ថានភាព​នៅ កូ​ឡុំ​ប៊ី ដែលជា​ដែនដី​ក្រោម​អាណានិគម អេ​ស្ប៉ា​ញ វិញ​។ តាំងពី​ប្រទេស​នេះ ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​អេ​ស្ប៉ា​ញ​មក​មាន​ចលនា​ឧទ្ទាម​ជាច្រើន​ប្រឆាំង នឹង អាណានិគមនិយម​។ ប៉ុន្តែ​ចលនា​ទាំងនោះ ភាគច្រើនបំផុត ត្រូវបាន​កម្ទេច​ដោយ​អាណានិគម ឬ ជា​ចលនា​ដ៏​ទន់ខ្សោយ មិនអាច​ផ្លាស់ប្តូរ​ស្ថានការណ៍​បានឡើយ ។

​នៅ​ឆ្នាំ​១៨០៤ ដែនដី St. Domingue ដែល​បច្ចុប្បន្ន​គឺ ប្រទេស​ហៃ​ទី ដណ្តើមបាន​ឯករាជភាព របស់ខ្លួន ពី​អាណានិគម​អេ​ស្ប៉ា​ញ ។ នៅ​ឆ្នាំ​១៨១០ មេដឹកនាំ​ដែនដី St. Domingue បានផ្តល់ ការគាំទ្រ​ខ្លះ ដល់​ចលនា​ឧទ្ទាម​របស់លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា និង លោក ហ្វ្រា​ន់​ស៊ី​ស្កូ ដឺ ផល្លា សាន់​តាន់​ដឺ​រ៍ ដែល​ប្រយុទ្ធ ដើម្បី​ឯករាជ្យ កូ​ឡុំ​ប៊ី ពី​អាណានិគម អេ​ស្ប៉ា​ញ ។ ខណៈពេលដែល អំណាចកណ្តាល គឺ​អេ​ស្ប៉ា​ញ បាន​រាយប៉ាយ បែបនេះ​ពោលគឺ អេ​ស្ប៉ា​ញ គ្មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ត្រួតត្រា​ស្ថានភាព នៅ​កូ​ឡុំ​ប៊ី ទៀតឡើយ និង​ដោយមាន​ការផ្តល់​អំណោយ​ពី បារាំង ផង​នោះ ដែនដី Cartagena ដោយមាន​ចលនា​ឧទ្ទាម​ទាំង ២ ខាងលើ​ផង ក៏បាន​ប្រកាស​ឯករាជ្យ​ភាព របស់ខ្លួន នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​១៨១០ ដោយមាន​ឈ្មោះថា “ មហា​សាធារណរដ្ឋ កូ​ឡុំ​ប៊ី “ ។
​ដែនដី មហា​សាធារណរដ្ឋ កូ​ឡុំ​ប៊ី នាកាល​ណោះ បច្ចុប្បន្ន​គឺជា​ដែនដី កូ​ឡី​ប៊ី វ៉េ​ណេ​ស៊ុយ​អេ​ឡា អេ​ក្វា​ឌ័​រ ប៉ា​ណា​ម៉ា ភាគ​ខាងជើង នៃ​ប្រទេស​ប៉េ​រូ និង​ភាគ​ពាយ័ព្យ នៃ ប្រទេស ប្រេ​ស៊ី​ល នាពេល​បច្ចុប្បន្ននេះ ។ កូ​ឡុំ​ប៊ី បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់ខ្លួន នៅ​ថ្ងៃទី​២០ កក្កដា ដើម្បី រំឭក​ដល់​ព្រឹត្តិការណ៍ ដែល​ពួកគេ​បានប្រកាស​ឯករាជ្យភាព​របស់ខ្លួន​ពី អេ​ស្ប៉ា​ញ នា​ឆ្នាំ​១៨១០ នោះឯង ។​

​ជា​អកុសល មហា​សាធារណរដ្ឋ កូ​ឡុំ​ប៊ី គ្មាន​ស្ថេរភាព​ឡើយ ដោយសារតែ​គោលជំហរ​ខុសគ្នា នៃ​ក្រុម​អតីត​ចលនា​ឧទ្ទាម​ទាំង ២ ខាងលើ នូវ​មនោគមវិជ្ជា​នយោបាយ​បែប​សហព័ន្ធ និង​នយោបាយ​បែប​មជ្ឈន្តិក​ម្ម​អំណាច ដែល​ទីបំផុត​ធ្វើឱ្យ មហា​សាធារណរដ្ឋ កូ​ឡុំ​ប៊ី​ធ្លាក់ចូល ក្រោម​ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ ម្តងទៀត ។ ប៉ុន្តែ​អាណានិគម​អេ​ស្ប៉ា​ញ គ្មាន​សមត្ថភាព​គ្រប់ គ្រាន់ ក្នុងការ​រក្សា នូវ​អាណានិគម​របស់ខ្លួន​ឡើយ ទើប​ទីបំផុត ចលនា​ឧទ្ទាម​ប្រឆាំង​អាណានិគម ដណ្តើមបាន​ឯ​រាជ្យ​របស់ខ្លួន​ម្តងទៀត នៅ​ឆ្នាំ​១៨១៩ ។ ចំណែក មហា​សាធារណរដ្ឋ កូ​ឡុំ​ប៊ី បាន​ដួលរលំ នៅ​ឆ្នាំ​១៨៣០ ហើយ​បង្កើតជា​រដ្ឋ ចំនួន ៣ គឺ សាធារណរដ្ឋ​កូ​ឡុំ​ប៊ី អេ​ក្វា​ឌ័​រ និង វ៉េ​ណេ​ស៊ុយ​អេ​ឡា ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា

​ទីក្រុង បូ​ហ្គោ​តា សាធារណរដ្ឋ កូ​ឡុំ​ប៊ី (​កូ​ឡុំ​ប៊ី ២)
​ក្បួនព្យុហយាត្រា​កងទ័ព​កូ​ឡុំ​ប៊ី​នៅ​ទិវា​ឯករាជ្យ​ជាតិ (​កូ​ឡុំ​ប៊ី ១)​