ទិវា​ឯករាជ្យ​ជាតិ កៀ​ហ្ស៊ី​ស៊ី​ស្ថាន​

2367
ចែករម្លែក

​ភ្នំពេញ​៖​សាធារណរដ្ឋ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​៣១ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ប្រកាស​ឯករាជ្យភាពរ​បស់​ខ្លួន​ពី សហភាពសូវៀត កាលពី​ឆ្នាំ​១៩៩១ ។

​ភូមិសាស្ត្រ​-​ប្រជា​សា​ស្ត​
​សាធារណរដ្ឋ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន មាន​ផ្ទៃដី ១៩៩.៩៥១ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​អាស៊ី​កណ្តាល មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កា​ហ្សា​ក់​ស្ថាន អ៊ូ​បេ​គី​ស្ថាន តាជី​គី​ស្ថាន និង ប្រទេស​ចិន ។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ ជាង ៦ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម និង​គ្រិស្តសាសនា រដ្ឋធានី​គឺ​ទីក្រុង​ប៊ី​ស្កេ​ក ភាសាផ្លូវការ គឺ​ភាសា​គី​ហ្គី​ស និង​ភាសា រុស្ស៊ី ។​

​ប្រវត្តិសាស្ត្រ​
​ភាគច្រើនបំផុត នៃ​ទឹកដី​ដែលជា​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន សព្វថ្ងៃនេះ នៅ​ចុង​សតវត្សរ៍​ទី​៩ បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​របស់ រុស្ស៊ី តាមរយៈ​សន្ធិសញ្ញា រវាង​រាជវង្ស ឆេង របស់​ចិន និង រុស្ស៊ី ហើយ​ទឹកដី​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ Kirgizia នោះ​ត្រូវបាន​ដាក់បញ្ចូល​ជា​ទឹកដី​របស់ មហាអំណាច រុស្ស៊ី នៅ​ឆ្នាំ​១៨៧៦ ។

​ម្ចាស់​ស្រុក គឺ​ជនជាតិ គៀ​ហ្ស៊ី​ស បាន​ងើប​បះបោរ​ប្រឆាំងនឹង​រុស្ស៊ី​ច្រើនលើក​រហូត​ត្រូវ​រត់គេច ទៅ​តំបន់ភ្នំ Pamir និង​តំបន់​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ការបង្ក្រាប​ទៅលើ​ចលនា​ឧទ្ទាម​បណ្តាលឱ្យ ជនជាតិ គៀ​ហ្គី​ស ជាច្រើន រត់​ទៅ​ជ្រកកោន​ក្នុង​ទឹកដី​ចិន ។ រុស្ស៊ី បាន​ដួលរលំ​ហើយ​សហភាព សូ​វៀត ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ​១៩១៩ ។ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​១៩៣៦​សាធារណរដ្ឋ​សង្គម និយម​កៀ​ហ្ស៊ី​ស សូ​វៀត ត្រូវបាន​បង្កើតជា សហភាពសូវៀត យ៉ាង​ពេញលេញ ។

​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩២០ ជនជាតិ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន មានការ​វិវដ្ដ​ច្រើន ផ្នែក​សង្គម ទាំង​វិស័យ​អប់រំ វប្បធម៌ អក្សរសាស្ត្រ និង​សេដ្ឋកិច្ច ។ មានការ​គៀបសង្កត់​ច្រើនណាស់​ទៅ លើ​ការ​វិវដ្ដ​ទាំងនេះ ពី​សំណាក់​សហភាពសូវៀត ក្រោម​ការដឹកនាំ​របស់ ចូ​សេ​ហ្វ ស្តា​លីន ចាប់ពី​ទសវត្សរ៍ ឆ្នាំ​១៩២០ រហូតដល់ ឆ្នាំ​១៩៥៣ ។ រហូតដល់​ឆ្នាំ​១៩៨៩ តំបន់​ដែលជា​ប្រទេស កៀ​ហ្ស៊ី​ស៊ី​ស្ថាន​នេះ មាន​ជនជាតិ​កៀ​ហ្ស៊ី​ស តែ ២២ ភាគរយ​ប៉ុណ្ណោះ ទីទៃ​ពី​នោះ គឺ​ជនជាតិ​រុស្ស៊ី អ៊ុយ​ក្រែ​ន និង​ជនជាតិ​ជ្វី​ស ។​

​រង្គោះរង្គើ​អំណាចកណ្តាល​ឯករាជ្យ
​លោក មី​ខា​អ៊ី​ល ហ្គោ​បារ​ឆូវ បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី សហភាពសូវៀត នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​១៩៩០ (​ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​១៩៩១)​បាន​បង្កើត​នយោបាយ​កំណែទម្រង់ ឬ​វិម​ជ្ឈ​មការ​អំណាច​មួយចំនួន​ទៅ​សង្គម និង​ទៅ​មូលដ្ឋាន ដែល​គេ​ស្គាល់​ថា Glasnost ។ នៅ​ថ្ងៃទី​២៥-២៦ ខែឧសភា ឆ្នាំ​១៩៩០ ចលនា ដើម្បី​លទ្ធិប្រជាធិបតេយ្យ កៀ​ហ្ស៊ី​ស៊ី​ស្ថាន ត្រូវបាន​បង្កើតឡើង (​បង្កើត​ទៅជា គណបក្ស​ចលនា​លទ្ធិប្រជាធិបតេយ្យ គៀ​ហ្គី​ស្ថាន =KDM នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៩៣) ទទួលបាន​ការគាំទ្រ​ពីស​ភា ។ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ ១៩៩០ មានការ​បោះឆ្នោត​ជ្រើសរើស ប្រធាន​ធិបតី​មូលដ្ឋាន នៅ​សាធារណរដ្ឋ​សង្គមនិយម កៀ​ហ្ស៊ី​ស សូ​វៀត ។ លោក អា​ស្កា អាកា​យ៉ូ​វ បាន​ជាប់​ជា​ប្រធានាធិបតី ។​

​ខែធ្នូ ឆ្នាំ​១៩៩០ សហភាពសូវៀត បាន​ប្តូរ​ឈ្មោះ សាធារណរដ្ឋ​សង្គមនិយម កៀ​ហ្ស៊ី​ស សូ​វៀត ទៅជា​សាធារណរដ្ឋ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ។ នៅ​ខែមករា ឆ្នាំ​១៩៩១ លោក អា​ស្កា អាកា​យ៉ូ​វ បានបង្ហាញ​នូវ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​មួយ ដែល​រួមបញ្ចូល​ភាគច្រើន ជា​អ្នកនយោបាយ​វ័យក្មេង និង​ជា​អ្នក​កំណែទម្រង់​និយម ។ ​ខែកុម្ភៈ ឆ្នាំ​១៩៩១ ទីក្រុង Frunze របស់ កៀ​ហ្ស៊ី​ស៊ី​ស្ថាន ត្រូវបាន​ប្តូរ​ទៅ​ដាក់ ជាទី​ក្រុង ប៊ី​ស្កេ​ក ដែលជា​ទីក្រុង​បុរាណ​របស់​ពួកគេ តាំងពី​មិនទាន់​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ រុស្ស៊ី នៅឡើយ ។

​ទោះយ៉ាងណា នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ កាលពី​ខែមីនា ឆ្នាំ​១៩៩១ មាន​សំលេងឆ្នោត ៨៨,៧ ភាគរយ ចង់​នៅ​ជា​ផ្នែក​មួយ នៃ​សហភាពសូវៀត តទៅទៀត​។ ប៉ុន្តែ​ពួក​អ្នក​បំបែក​រដ្ឋ និយម បាន​ជំរុញ​ចលនា​និង​សកម្មភាព​យ៉ាងសកម្ម​ដើម្បី​ស្វែងរក​ឯករាជភាព របស់ កៀ​ហ្ស៊ី​ស៊ី​ស្ថាន ។ នៅឯ​ទីក្រុង​ម៉ូស្គូ ឯណោះ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​១៩៩១ ក្រុមមន្ត្រី​សំខាន់ ៨ រូប បានរៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ ទម្លាក់​លោក​ប្រធានាធិបតី មី​ខា​អ៊ី​ល ហ្គោ​បារ​ឆូវ ដោយសារ​ប្រធានាធិបតី​រូបនេះ បានធ្វើ​វិមជ្ឈការ​អំណាច​ជាច្រើន ។ ពេលនោះ ក៏មាន​ការប៉ុនប៉ង​ទម្លាក់​លោក​ប្រធានាធិបតី​មូលដ្ឋាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន គឺ​លោក អា​ស្កា អាកា​យ៉ូ​វ ដែរ ។

​ទោះយ៉ាងណា គម្រោង​ធ្វើ​រដ្ឋប្រហារ នៅ​មូ​ស្គូ​នោះ បាន​បរាជ័យ ហើយ​ប្រធានាធិបតី​កំណែ ទម្រង់​និយម មី​ខា​អ៊ី​ល ក៏​នៅ​កាន់តំណែង និង​ការងារ​របស់គាត់​បន្ត​ទៀត ។ ប៉ុន្តែ​លោក អា​ស្កា អាកា​យ៉ូ​វ និង​អនុ​ប្រធានាធិបតី បានប្រកាស​លាលែង​ពី​សមាជិកភាព​របស់​ពួកគេ​នៅក្នុង​បក្ស កុ​ម្មុយ​និ​ស្ត នៃ​សហភាពសូវៀត ។ មន្ត្រី​នៅក្នុង​ការិយាល័យ​រដ្ឋាភិបាល​មូលដ្ឋាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​លេខាធិការ​ទាំងអស់ ក៏​ប្រកាស​លាលែង​ដែរ ។

​បន្ទាប់មក នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៩១ នោះ ពួកគេ​បានប្រកាស​ឯករាជ្យភាព​របស់ កៀ​ហ្ស៊ី​ស៊ី​ស្ថាន ពី សហភាពសូវៀត ដោយ​ឱ្យ​ឈ្មោះថា សាធារណរដ្ឋ​គៀ​ហ្គី​ស្ថាន ។ ហើយ​ត្រូវបាន​ទទួលស្គាល់ នូវ​ឯករាជ្យភាព​រប​ស់​ពួកគេ​ពេញលេញ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ១៩៩១ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​ទីក្រុង ប៊ី​ស្កេ​ក នៃ ប្រទេស កៀ​ហ្ស៊ី​ស៊ី​ស្ថាន នាពេល​រាត្រី (​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​២)
ក្បួន​ដង្ហែ​នៅ​ថ្ងៃ​ឯករាជ្យ​ជាតិ កៀ​ហ្ស៊ី​ស៊ី​ស្ថាន (​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​១)
#