ទិវា​ឯករាជ្យ​ជាតិ គុយបា​

464
រូបសំណាក​លោក កា​ឡូ​ស មា​នូ​អែល ដឺ សេ​ស្ប៉េ​ដេ​ស ត្រូវបាន​ស្ថាបនា ហើយ​ត្រូវបាន​គុយបា ប្រសិទ្ធ​នាម​ថា បិតា​ជាតិ គុយបា

ប្រែ​សម្រួល​: មេសា / ភ្នំពេញ​: រដ្ឋាភិបាល និង ប្រជាពលរដ្ឋ គុយបា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់ខ្លួន នៅ​ថ្ងៃទី​២០ ខែឧសភា ដើម្បី​រំឭក​ដល់​កាលដែល​ពួកគេ​ទទួលបាន​ឯករាជភាព​ពី អេ​ស្ប៉ា​ញ តាមរយៈ សហរដ្ឋអាមេរិក កាលពី​ឆ្នាំ ១៩០២ ។ ទោះយ៉ាងណា បន្ទាប់ពី​នោះមក ប្រទេស គុយបា ក៏​ធ្លាក់​ទៅ​ក្រោម​ការជ្រៀតជ្រែក​ពី​សហរដ្ឋអាមេរិក ដដែល ហើយ​សង្គ្រាម​ក៏​ចេះតែ​អូសបន្លាយ​រហូតដល់​ប្រទេស​ត្រួតត្រា​ដោយ ហ្វ៊ី​ដែល កា​ស្ត្រូ នា​ឆ្នាំ ១៩៥៩ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាស​ធារ​ណ​រដ្ឋ គុយបា មាន​ផ្ទៃដី ១១០.៨៦០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាមេរិក ឡាទីន ជា​រដ្ឋ​ដែន​កោះ ជាទី​ប្រជុំគ្នា នៃ ឈូងសមុទ្ទ ម៉ិចស៊ិក មហាសាគរ អា​ត្ល​ង់​ទិ​ក សមុទ្ទ កា​រ៉ា​អ៊ី​ប និង ជា​ប្រទេសជិតខាង​របស់ សហរដ្ឋ អាមេរិក និង ប្រទេស ហៃ​ទី ។ នៅ​ដើមឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ១១ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា រដ្ឋធានី គឺ​ទីក្រុង ឡា ហាវ៉ាន ភាសាផ្លូវការ​មាន​បី​ភាសា​គឺ ភាសា​អេ​ស្ប៉ា​ញ ភាសា ក្រេ​អូ​ល និង ភាសា​អង់គ្លេស ។​

​ប្រវត្តិសាស្ត្រ​-​មុន​អាណានិគម​អេ​ស្ប៉ា​ញ​
​មុន​ការ​ទៅដល់​របស់​ជនជាតិ អេ​ស្ប៉ា​ញ ដែនដី​កោះ ដែលជា​ប្រទេស គុយបា បច្ចុប្បន្ននេះ មាន​ជនជាតិ​បី​សាសន៍​ដែលមាន​អម្បូរ មកពី​ប្រទេស អាមេរិក រស់នៅ​គឺ ជនជាតិ Taíno ជនជាតិ Guanajatabey និង ជនជាតិ Ciboney ។ ពាក្យ​ថា “ គុយបា “ មក​ភាសា របស់​ជនជាតិ Taíno ដែល​មានន័យថា “ កន្លែង​ដ៏​អស្ចារ្យ “ ឬ ក៏​អាចមកពី​ភាសា​របស់​ជនជាតិ Ciboney ដែល​មានន័យថា “ ដែនដី​ដែល​បរិបូរ​ទៅ​ជីជាតិ “ ។​

​ធ្លាក់​ក្រោម​អាណានិគម អេ​ស្ប៉ា​ញ​
​បន្ទាប់ពី​បាន​ចតកប៉ាល់​នៅលើ​ដែនដី​កោះ​មួយ​ដែល​ក្រោយមក​ហៅថា Guanahani, Bahamas កាលពី​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៤៩២ មក លោក គ្រី​ស្តូ​ហ្វើ​រ៍ កូ​ឡុ​ម​បើ​ស ( អ្នកស្រាវជ្រាវ អេ​ស្ប៉ា​ញ ) បាន​បញ្ជា​ឱ្យ​ក៏​ប៉ា​ល់បី​គ្រឿង​របស់គាត់​ដែលមាន​ឈ្មោះថា La Pinta, La Niña និង Santa María ឱ្យទៅ​ចត​នៅលើ​ឆ្នេរ​ភាគ​ឥសាន នៃ ដែន​កោះ គុយបា នៅ​ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៤៩២ នោះដែរ ។ លោក កូ​ឡុ​ម​បើ​ស បានកំណត់ យក ដែន ដី​កោះ​មួយ​នោះ​ថា ជា​អាណាចក្រ​ថ្មី​មួយ របស់ អេ​ស្ប៉ា​ញ ដោយ​ដាក់ឈ្មោះ​ដែន​កោះ​នោះ​ថា Isla Juana គឺ​ដាក់​តាម​ព្រះនាម​របស់​ព្រះអង្គម្ចាស់ Juan នៃ ប្រទេស អូទ្រីស ។​

​បន្ទាប់​ម​ជនជាតិ អេ​ស្ប៉ា​ញ បាន​ទៅ​តាំង​លំនៅ​លើ​ដែនដី​កោះ គុយបា ឬ ដែន​កោះ Isla Juana នោះ​ដំបូង នៅ​ឆ្នាំ ១៥១១ ។ បន្ទាប់មក ក៏មាន​ការកសាង​ទីក្រុង​ជា​បន្តបន្ទាប់ ដោយ រួមទាំង​រាជធានី San Cristobal de la Habana ផង ដែល​ត្រូវបាន​ស្ថាបនា​នៅ​ឆ្នាំ ១៥១៥ ។

​ជនជាតិដើម Taíno ត្រូវបាន​ជនជាតិ អេ​ស្ប៉ា​ញ បង្ខំ​ឱ្យធ្វើ​ការ​ក្រោម​ប្រព័ន្ធ encomienda (​បង្កើត​ដោយ អេ​ស្ប៉ា​ញ ) គឺជា​ប្រព័ន្ធ​ការងារ​ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​ទៅ នឹង ប្រព័ន្ធ​សក្តិភូមិ នៅ អឺរ៉ុប នា​សម័យ​កណ្តាល ឬ និយាយ​ម្យ៉ាង​ទៀតថា ជនជាតិ Taino ពេល នោះ​មាន​លក្ខណៈ​ស្ទើរតែ​ជា​ទាសករ របស់​អាណានិគម អេ​ស្ប៉ា​ញ ។​

​ក្នុង​រយៈពេល​ប្រមាណ​ជា មួយ​សតវត្សរ៍ ជនជាតិដើម​ទាំង បី អម្បូរ ស្ទើរតែ​ស្លាប់​ដាច់ ពូជ​អស់​ដោយសារតែ​ជំងឺ​ដូចជា​ជំងឺ​ក​ញ្ជ្រិ​ល ជំងឺ​អុតស្វាយ ជាដើម​ផង ស្លាប់​ដោយសារ ការគាបសង្កត់ និង បង្ខិតបង្ខំ​ឱ្យ​ធ្វើការ​កាន់តែ​ធ្ងន់ធ្ងរ​ពី​សំណាក់​អាណានិគម​អេ​ស្ប៉ា​ញ ផង និង ស្ទើរតែ​គ្មាន​អាហារ​បរិភោគ​ផង ។

​នៅ​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ១៥៣៩ អ្នក​ឈ្លានពាន​ផ្សងព្រេង អេ​ស្ប៉ា​ញ លោក ហ្វឺ​ណាន់​ដូ ដឺ សូ​តូ បាន​ចាក​ចេញពី​ទីក្រុង ឡា ហាវ៉ាន នៃ ដែន​កោះ គុយបា ដោយមាន​បរិវា ៦០០ នាក់ ឆ្ពោះទៅ ភាគ​អាគ្នេយ៍ នៃ សហរដ្ឋ អាមេរិក ក្នុង​គោលបំណង​រុករក មាស រតនវត្ថុ កេរ្តិ៍ឈ្មោះ និង អំណាច ។

​នៅ​ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៥៤៨ លោក​បណ្ឌិត ហ្កូ​ហ្សា​ឡូ ប៉េ​រ៉េ​ស ដឺ អង់​ហ្គូ​ឡូ ត្រូវបានតែងតាំង​ជា​អភិបាល នៃ ដែនដី​កោះ គុយបា ។ គាត់ បាន​ទៅដល់​ដែនដី​កោះ​គុយបា នៅ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ១៥៤៩ ហើយក៏​បានប្រកាស​ផ្តល់​សេរីភាព​ទៅ​ជនជាតិដើម គ្រប់ អម្បូរ​ទាំងអស់ គឺ​មិនមែន​ទុក​អ្នក​ទាំងនោះ​ដូចជា​ទាសករ​ទៀតឡើយ ។ គាត់​បាន​ក្លាយជា អភិបាល អចិន្ត្រៃយ៍​ដំបូង នៃ ដែនដី​កោះ គុយបា ហើយក៏​ជា​អ្នកដឹកនាំ​ក៏​សាង​ព្រះវិហារ ដំបូង​គេ​នៅ​ទីនោះ​ដែរ​ដែល​ធ្វើ​ពី​ឥដ្ឋ និង ស៊ីម៉ង់ កំបោរ ។ ទោះយ៉ាងណា នៅ​ពាក់កណ្តាល សតវត្សរ៍​ទី ១៨ ជនជាតិដើម​នៅលើ​ដែនដី​កោះ គុយបា មាន​ទាសករ​របស់​អាណានិគម ៥០.០០០ នាក់ ។

​សង្គ្រាម ៧ ឆ្នាំ (​ដែលមាន​បារាំង​ជា​ប្រមុខ​របស់ អូទ្រីស រុស្ស៊ី អេ​ស្ប៉ា​ញ ស៊ុយអែត ហើយ​មួយផ្នែក​ទៀត​គឺ ឥណ្ឌា ប្រយុទ្ធ​ជាមួយ​សម្ព័ន្ធ​ផ្សេងទៀត​ដែលមាន ចក្រភព​អង់គ្លេស​ជា​ប្រមុខ ដែល​ក្នុងនោះ​មាន ព្រូ​ស្ស៊ី ព័រទុយហ្កាល់ និង រដ្ឋ​តូចៗ​របស់​អាល្លឺម៉ង់ ) បាន ផ្ទុះឡើង​នៅ​ឆ្នាំ ១៧៥៤ ហើយ​អង់គ្លេស បាន​ចូលលុកលុយ កាន់កាប់ ភាគ​ខាងលិច នៃ កោះ គុយបា នៅត្រឹម​ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ១៧៦២ ។ ពេលនោះ​ដែនដី​ទាំងនោះ ក៏មាន​ចលនា​ជំនួញ​រីក ចម្រើន គួរឱ្យកត់សម្គាល់ ។​

​ជិត​មួយឆ្នាំ​ក្រោយមក បន្ទាប់ពី​ជោគជ័យ​បាន​ធ្លាក់​ទៅលើ​ដៃ​ខាង​ភាគី​ចក្រភព​អង់គ្លេស​មក ក៏មាន​ការចរចា​រវាង​ភាគី​ពាក់ព័ន្ធ នៃ សង្គ្រាម ហើយ​ទីបំផុត ក៏បាន​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ១៩៦២ រវាង​ចក្រភព​អង់គ្លេស បារាំង អេ​ស្ប៉ា​ញ និង ព័រទុយហ្កាល់ ហើយ​បានបញ្ចប់​សង្គ្រាម ៧ ឆ្នាំ នោះ​ទៅ ។​

​នៅក្នុង​កិច្ចព្រមព្រៀង​នោះ បានប្រគល់​ទឹកដី ផ្លរីដា ទៅឱ្យ​ចក្រភព​អង់គ្លេស ជាការ​ដោះដូរ​ទៅនឹង​ដែនដី​កោះ គុយបា ។ ដូច្នេះ គុយបា ក៏​បន្ត​ស្ថិតនៅក្នុង​កណ្តាប់ដៃ​អេ​ស្ប៉ា​ញ តទៅទៀត ។​

​បដិវត្តន៍ ហៃ​ទី ( ១៧៩១-១៨០៤ ) គឺជា​បដិវត្តន៍​ដ៏​ជោគជ័យ​មុនគេ​បំផុត​ប្រឆាំងនឹង​របប​ទាសភាព ដែល​បាន​រីក​រាលដាល​ពី​ពេញ​ទ្វីបអាមេរិក ហើយក៏​បាន​ជះ​ចំហាយ​ដល់ គុយបា ផងដែរ ប៉ុន្តែ​ត្រូវបាន​បង្ក្រាប ។​

​នៅក្នុង​អំឡុង​ទសវត្សរ៍ ឆ្នាំ ១៨២០ ខណៈដែល​ដែនដី​នានា​ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ អេ​ស្ប៉ា​ញ នៅ​អាមេរិក ឡាទីន បានចាប់ផ្តើម​ក្រោក​ប្រឆាំង បង្កើតជា​ឧទ្ទាម​កម្ម និង បង្កើតបានជា​រដ្ឋ​ឯករាជ្យ​ជា​ហូរហែ​នោះ គុយបា នៅតែ​រក្សា​ភក្តីភាព​របស់ខ្លួន ចំពោះ អាណានិគម អេ​ស្ប៉ា​ញ នៅឡើយ ។ ប្រការនេះ ព្រោះតែ​ចំនួន​ពួក​ជន​ដែល​ត្រូវបាន​គេ​ធ្វើជា​ទាសករ ពោលគឺ​ជន​ស្បែក​ខ្មៅ នៅ គុយបា មាន​ចំនួន​មិន​ច្រើន​លើសពី​ជន​ស្បែ​កស ឬ ជន​ស្បែក ចម្រុះ ។​

​ចលនា​ឯករាជភាព គុយបា និង សង្គ្រាម ១០ ឆ្នាំ​
​ជនជាតិ គុយបា ម្នាក់​ឈ្មោះ កា​ឡូ​ស មា​នូ​អែល ដឺ សេ​ស្ប៉េ​ដេ​ស គឺជា​ម្ចាស់​ចម្ការ និង ជា​មេធាវី ម្នាក់​នៅ​ភាគ​ខាងកើត នៃ ដែនដី គុយបា បាន​ទិញ​ចម្ការ​អំពៅ​ដំ​ធំ​មួយ​នៅ​ឆ្នាំ ១៨៤៤ បន្ទាប់ពី​គាត់​បាន​ត្រឡប់​មកពី​ប្រទេស​អេ​ស្ប៉ា​ញ វិញ ។​

​នៅ​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៨៦៨ គាត់​បានប្រកាសថា គុយបា គឺជា​រដ្ឋ​ឯករាជ្យ ។ នៅ​ព្រឹក​នោះ សំឡេង រគាំង ដែលជា​សញ្ញា​ប្រាប់​ឱ្យ​ពួក​ទាសករ​ទាំងឡាយ​ចាប់ផ្តើម​ធ្វើការ​នោះ ពួក​ទាសករ​ទាំងអស់​បាននាំគ្នា​ទៅ​ឈរ​នៅ​ពោះ​មុខ លោក សេ​ស្ប៉េ​ដេ​ស ។ លោក សេ​ស្ប៉េ​ដេ​ស បានប្រកាសថា ពួកគេ​ទាំងអស់គ្នា មិនមែនជា​ទាសករ​ទៀត​ទេ គឺ​ពួកគេ​ត្រូវបាន (​គាត់​) ដោះលែង​ឱ្យមាន​សេរីភាព ។ គាត់​ក៏បាន​អញ្ជើញ​ឱ្យ​ពួកគេ​ទាំងអស់គ្នា​ចូលរួម​ជាមួយ​មនុស្ស​ដែលជា​ស្ម័គ្រ​បក្ស​របស់គាត់​ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ ។ ជនជាតិ គុយបា ដើមកំណើត​ចិន ២.០០០ នាក់ ដែល​ត្រូវបាន​គេ​ជួញដូរ​ទៅធ្វើជា​ទាសករ​នៅ គុយបា ក៏បាន​ចូលរួម​ធ្វើសង្គ្រាម​ជាមួយ លោក សេ​ស្ប៉េ​ដេ​ស ។ ប្រការនេះ ក៏បាន​បញ្ឆេះ​សង្គ្រាម​ឡើង ដែល​គេ​ហៅថា សង្គ្រាម ១០ ឆ្នាំ ។

​នៅ​ខែ មេសា ឆ្នាំ ១៨៦៩ លោក សេ​ស្ប៉េ​ដេ​ស ត្រូវបាន​គេ​ជ្រើសរើស​ឱ្យធ្វើជា​ប្រធានាធិបតី នៃ សាធារណរដ្ឋ គុយបា ខណៈដែល​សង្គ្រាម​កំពុង​បន្ត ។ សហរដ្ឋអាមេរិក បានប្រកាស​មិន​ទទួលស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋ គុយបា ថ្មីថ្មោង​នោះឡើយ ។ បើទោះបីជា​ប្រជាជាតិ​នានា​នៅ​អឺរ៉ុប និង នៅ​អាមេរិក ឡាទីន បានប្រកាស​ដូច គុយបា ក៏ដោយ ។​

​ទីបំផុត មាន​កិច្ច​ព្រមព្រៀងគ្នា​មួយ ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំ ១៨៧៨ បានបញ្ចប់​សង្គ្រាម​ប្រឆាំង អេ​ស្ប៉ា​ញ បន្ទាប់ពី​បាន​ឆាបឆេះ​អស់​រយៈពេល ១០ ឆ្នាំ​មក ដោយ អេ​ស្ប៉ា​ញ សន្យាថា​នឹង​ផ្តល់ឱ្យ​នូវ​សិទ្ធិ​ស្វ័យភាព​យ៉ាង​ធំធេង​ទៅឱ្យ គុយបា ។

​អ្នកស្នេហាជាតិ គុយបា ម្នាក់​ដែល​រស់នៅ​និរទេស គឺ​លោក កាលី​ក​តូ កា​ស្សា មិន​ស្កប់​ចិត្តនឹង​ការផ្តល់ឱ្យ​នេះ ក៏បាន​រៀបចំ​ផែនការ​សង្គ្រាម​មួយ​ផ្សេងទៀត​ប្រឆាំងនឹង អេ​ស្ប៉ា​ញ ប៉ុន្តែ​មិន​ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់ ក៏​សាបរលាប​ទៅវិញ ។ ជា​ផ្លូវការ ទាសភាព នៅ គុយបា ត្រូវបាន​លប់បំបាត់​នៅ​ថ្នាំ ១៨៧៥ ប៉ុន្តែ​ដំណើរការ​ជាក់ស្តែង​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ ១៨៦៨៦ ឯណោះ ។

​ជនជាតិ គុយបា ដែល​រស់នៅ​និរទេស​ម្នាក់ទៀត គឺ​លោក ចូ​សេ ម៉ា​ទី បាន​បង្កើត​គណបក្ស បដិវត្តន៍ គុយបា នៅ​ទីក្រុង ញូវយ៉ក នា​ឆ្នាំ ១៨៩២ ។ គាត់​មាន​គម្រោង​ធ្វើសង្គ្រាម​ប្រឆាំង​កងទ័ព អេ​ស្ប៉ា​ញ ចាប់ផ្តើម​ពីថ្ងៃ​ទី ២៤ ខែ កុម្ភៈ​ឆ្នាំ ១៨៩៥ ប៉ុន្តែ​រហូតដល់​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ១៨៩៥ ទើប លោក ម៉ា​ទី បាន​ទៅដល់​ប្រទេស គុយបា ។ លោក ចូ​សេ ម៉ា​ទី បាន​បាត់​បង់ជីវិត នៅក្នុង​ការប្រយុទ្ធ​ជាមួយ​កងទ័ព​អេ​ស្ប៉ា​ញ នៅ​តំបន់ Dos Rios នៅ​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩៥ នោះ ។ គាត់​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា វិ​រៈ​បុរស​ជាតិ គុយបា ។ សង្គ្រាម ដើម្បី​ឯករាជភាព គុយបា ក៏​នៅតែ​បន្តទៅទៀត ។​

​សង្គ្រាម​អាមេរិក​-​អេ​ស្ប៉ា​ញ​
​កប៉ាល់ ចម្បាំង​របស់ សហរដ្ឋ អាមេរិក ឈ្មោះ Maine ត្រូវបាន​បញ្ជូនទៅ​ដែនដី​កោះ គុយបា ដើម្បី​ការពារ​ផលប្រយោជន៍​របស់ សហរដ្ឋអាមេរិក នៅ​ទីនោះ ។ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​ជាពិសេស អេ​ស្ប៉ា​ញ បាន​មើ​លញ​ថា អាមេរិក គ្រាន់តែ​ឆ្លៀតឱកាស​ទៅ​ជ្រៀតជ្រែក​សង្គ្រាម ជនជាតិ គុយបា ប្រឆាំងនឹង អេ​ស្ប៉ា​ញ តែប៉ុណ្ណោះ ។​

​ដោយហេតុ​នោះ កប៉ាល់ នោះ ទៅដល់​ទឹកដី គុយបា មិនទាន់បាន​ប៉ុន្មាន​ផង ក៏​ត្រូវបាន​បំផ្ទុះ និង ពន្លិច នៅ​កំពង់ផែ នាទី​ក្រុង ឡា ហាវ៉ាន ដោយបាន​សម្លាប់​មនុស្ស​ជិត បី ភាគ​បួន នៃ មនុស្ស​លើក​ប៉ាល់​ទាំងអស់ ។ ពុំមាន​ភស្តុតាង​ច្បាស់លាស់​អំពី​មូលហេតុ នៃ ការផ្ទុះ​នោះទេ ប៉ុន្តែ​ត្រូវបាន​សារព័ត៌​មាននៅ​សហរដ្ឋអាមេរិក បញ្ឆេះ​ដោយ​លើក​កំហុស​ដាក់ថា ជា​ទង្វើ​របស់ អេ​ស្ប៉ា​ញ ។ ប្រការនេះ នាំឱ្យ អាមេរិក និង អេ​ស្ប៉ា​ញ ប្រកាសសង្គ្រាម​ប្រឆាំង​គ្នា​នៅ​ចុងខែ មេសា ឆ្នាំ ១៨៩៨ ។ សង្គ្រាម​នេះ​ក៏​រីក​រាលដាល​ទៅ​តំបន់​ដែនដី​អាណានិគម​ផ្សេងទៀត​របស់ អេ​ស្ប៉ា​ញ នៅ​តំបន់ បា​ស៊ី​ហ្វិ​ក ដូចជា​នៅ​ហ្វីលីពីន​ជាដើម​ផងដែរ ។​
​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ប្រធានាធិបតី​អាមេរិក ចំនួន ប្រាំ​នាក់ សុទ្ធតែ​បាន​ព្យាយាម​ទិញ​កោះ គុយបា ពី​អេ​ស្ប៉ា​ញ ។​

​ទីក្រុង ឡា ហាវ៉ាន នៃ ប្រទេស គុយបា

​ទទួលបាន​ឯករាជភាព​
​មិនយូរប៉ុន្មាន អេ​ស្ប៉ា​ញ ហាក់​ទន់​ដៃ​ជាង អាមេរិក ពីព្រោះ អេ​ស្ប៉ា​ញ ត្រូវ​ប្រឈមមុខ មិនមែន​តែ​ជាមួយ អាមេរិក ឡើយ ប៉ុន្តែ​ក៏ត្រូវ​ទប់ទល់​នឹង​ចលនា​បះបោរ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ក្រោម​អាណានិគម​របស់ខ្លួន ដូចជា គុយបា ជាដើម​ផងដែរ ។ ទីបំផុត​ក៏មាន​កិច្ចព្រមព្រៀង​មួយ​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៨៩៨ ដោយ អេ​ស្ប៉ា​ញ បាន​លក់ ទឹកដី គុយបា ទឹកដី Puerto Rico ប្រទេស ហ្វីលីពីន និង កោះ​ហ្គាំ ទៅឱ្យ​សហរដ្ឋ អាមេរិក ក្នុងតម្លៃ ២០ លាន​ដុល្លារ​អាមេរិក ( កោះ ហ្គាំ​ក៏​ក្លាយជា​មូលដ្ឋានទ័ព​អាមេរិក​ដ៏​សំខាន់ នៅ​ប៉ាស៊ីហ្វិក រហូតមក ) ។ តាមរយៈ​កិច្ចព្រមព្រៀង​ប្រគល់​ទឹកដី​ដ៏​ច្រើន​នោះ ក៏បាន​បញ្ចប់​រជ្ជកាល នៃ ភាពជា​មហាអំណាច​រប​ស់ អេ​ស្ប៉ា​ញ ហើយក៏​ជា​ពេល​មួយ​ដែល​អាមេរិក ចាប់ផ្តើម​ក្លាយជា​មហាអំណាច​ពិភពលោក​វិញ​ម្តង ។
​បន្ទាប់ពី​ទទួលបាន​ប្រទេស​ជាច្រើន​ពី​អេ​ស្ប៉ា​ញ មក អាមេរិក មិន​ដើរ​តាមដាន​ចាស់ នៃ មហាអំណាច​ផ្សេងៗ ដែល​ត្រួតត្រា​ប្រទេស គុយបា ( និង​ប្រទេស​នានា ) ដោយផ្ទាល់​ទេ គឺ​អាមេរិក បានប្រគល់​ឯករាជភាព ទៅឱ្យ គុយបា នៅ​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ១៩០២ ដោយមាន​ឈ្មោះថា សាធារណរដ្ឋ គុយបា ។​
​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ គុយបា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ ដើម្បី រំឭក​ដល់​ថ្ងៃ​នោះឯង ។​

​ឯករាជ្យ​ដូចជា​អត់​
​ទោះយ៉ាងណា តាម​រដ្ឋធម្មនុញ្ញ របស់​សាធារណរដ្ឋ គុយបា ដែល​ស្ថិតក្រោម​ការបង្គាប់បញ្ជា​របស់ អាមេរិក នោះ គឺ​អាមេរិក មាន​សិទ្ធិ​អន្តរាគមន៍​កិច្ចការ​ផ្ទៃក្នុង​របស់ គុយបា ត្រួតត្រា​ហិរញ្ញវត្ថុ​របស់ គុយបា និង ទំនាក់ទំនង​អន្តរជាតិ​របស់ គុយបា ដែល​បានសេចក្តីថា គុយបា ក៏​នៅតែ​ជា​អាណានិគម អាមេរិក បន្ត​ពី អេ​ស្ប៉ា​ញ គ្រាន់តែ​ខុស​រូបភាព​តិចតួច​ប៉ុណ្ណោះ ។​

​ការបោះឆ្នោត​លើកដំបូង​ដ៏​ចម្រូងចម្រាស ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំ ១៩០៦ ។ អតីត​កងទ័ព​ដែល​ធ្លាប់ធ្វើ​សង្គ្រាម​ដើម្បី​ទាមទារ​ឯករាជ្យ គុយបា ពី​អេ​ស្ប៉ា​ញ មិន​ពេញ​ចិត្តនឹង​រដ្ឋាភិបាល​នេះឡើយ ព្រោះ​ពួកគេ​មើលឃើញថា រដ្ឋាភិបាល​នេះ ក្រោម​ការត្រួតត្រា​របស់​អាមេរិក គឺ​មិន​ខុសគ្នា​ពី​ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ ឡើយ ។ ដូច្នេះ​ពួកគេ ក៏បាន​រៀបចំ​ធ្វើ​បដិវត្តន៍​ប្រឆាំង​រដ្ឋាភិបាល​ដែល​ទើបតែ​ជាប់ឆ្នោត​ថ្មីៗ​នេះ ។​

​ប្រការនេះ ធ្វើឱ្យ អាមេរិក ក៏​បង្ហាញ​ក្រចក​ពិត​របស់ខ្លួន គឺ​បានធ្វើ​អន្តរាគមន៍​កងទ័ព ចូលកាន់​កាប់​ប្រទេស គុយបា ដោយផ្ទាល់ អស់​រយៈពេល​បី​ឆ្នាំ ។ ពុករលួយ និង ការជិះជាន់​កេងប្រវ័ញ្ច​ផ្សេងៗ​ក៏បាន​កើតឡើង​ពាសពេញ​សង្គម គុយបា ។

​ឆ្នាំ ១៩០៨ រដ្ឋាភិបាល គុយបា ត្រូវបាន​បង្កើត​ឡើងវិញ ប៉ុន្តែ អាមេរិក នៅតែ​បន្ត​ត្រួតត្រា គុយបា ដដែល ។ នៅ​ឆ្នាំ ១៩១២ មានការ​ប៉ុនប៉ង​មួយ​ក្នុងការ​បង្កើតជា​សាធារណរដ្ឋ​ស្បែក​ខ្មៅ​ដាច់ដោយឡែក នៅលើ​កោះ គុយបា ប៉ុន្តែ​ត្រូវបាន​បង្ក្រាប​ដោយ​ការ​បង្ហូរឈាម ។ រដ្ឋាភិបាល របស់ គុយបា ក៏​សុទ្ធតែជា​អ្នក​រណប សហរដ្ឋអាមេរិក ។​

​ពី​ឆ្នាំ ១៩៤០-១៩៤៤ អតីត​មេទ័ព ហ្វ៊ុ​ល​ហ្កេ​ន​ស៊ីអូ បា​ធី​ស្តា បានក្លាយ ជា​ប្រធានាធិបតី ។ ឆ្នាំ ១៩៥២ គាត់​បាន​ចាញ់ឆ្នោត ប៉ុន្តែ​គាត់​បានធ្វើ​រដ្ឋប្រហារ​ច្បាម​យក​អំណាច មកកាន់​ទៀត ។

​ភាពច្របូកច្របល់ ការជិះជាន់ កាប់សម្លាប់ និង សង្គ្រាម ក៏​ចេះតែ​អូសបន្លាយ​ឥត​ដាច់​រហូត ដល់​ប្រទេស​ទាំងមូល​ត្រូវបាន​ធ្លាក់ចូល​ក្រោម​ការគ្រប់គ្រង​របស់រ​បប កុ​ម្មុយ​និ​ស្ត ដោយមាន ហ្វ៊ី​ដែល កា​ស្ត្រូ ជា​មហា​បុរស នៅ​ឆ្នាំ ១៩៥៩៕