ទិវា​ឯករាជ្យ​ជាតិ ណា​មី​ប៊ី​

166
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ណា​មី​ប៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​២១ ខែមីនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព ពី​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង កាលពី​ឆ្នាំ​១៩៩០ បន្ទាប់ពី​ពួកគេ​ស្ថិតក្រោម​អាណា​និគ​របស់​អាល្លឺម៉ង់ រាប់រយឆ្នាំ​ហើយ​ក្រោយ មក ធ្លាក់​ក្នុង​ដៃ​អាហ្វ្រិក​ខាងត្បូង​ទៀត ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ​ណា​មី​ប៊ី មាន​ផ្ទៃដី ៨២៥.៦១៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​ទ្វីបអាហ្វ្រិក មាន​ព្រំដែន​ជាប់​ប្រទេស​ហ្សាំ​ប៊ី អង់​ហ្គោ​ឡា បូស​វ៉ាន់​ណា និង​អាហ្វ្រិក​ខាងត្បូង ។ ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជាង ២,៥ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា​អង់គ្លេស រដ្ឋធានី​គឺ​ទីក្រុង​វីន​ដុក ។​

​ប្រវត្តិសាស្ត្រ​
​មុន​ការ​ទៅដល់​របស់​ពួក​អឺរ៉ុប ទឹកដី​ណា​មី​ប៊ី បច្ចុប្បន្ននេះ ត្រូវបាន​រស់នៅ​ដោយ​ជនជាតិ​សាន ដា​ម៉ា​រ៉ា និង​ជនជាតិ​ណា​ម៉ា ។ លុះដល់​អំឡុង​សតវត្សរ៍​ទី​១៤ ក៏មាន​ការ​ទៅដល់​នៃ​ជនជាតិ បាន់​ទូ ពី​អាហ្វ្រិក ។ អំឡុង​សតវត្សរ៍​ទី​១៨ ជនជាតិ​អូ​អ័​រឡាម ក៏បាន​ទៅដល់​ដែរ ។ នៅតាម ផ្លូវ​ឆ្ពោះទៅ​ទិស​ខាងលិច​របស់​ពួកគេ ពួក​ជនជាតិ​អូ​អ័​រឡាម បាន​ពើប​ចម្បាំង​ជាមួយ​ជនជាតិ ហេ​រ៉េ​រ៉ូ ជនជាតិ​ហ្កូ​បា​ប៊ី​ស និង​ជនជាតិ​អូ​កា​ហាន់​ជិ ។​

​សង្គ្រាម​រវាង​ជនជាតិ ណា​ម៉ា​-​ហេ​រ៉េ​រ៉ូ បាន​ផ្ទុះ​នៅ​ឆ្នាំ ១៨៨០ ក៏​នាំឱ្យ​ចក្រភព អាល្លឺម៉ង់ ដាក់ពង្រាយ​កងទ័ព​នៅ​តំបន់​ប្រទាញប្រទង់ ។​

​ជន អឺរ៉ុប ដែល​បាន​ទៅ​ស្រាវជ្រាវ​តំបន់​នោះ​មុនដំបូង គឺ​នាវិក​ជនជាតិ ព័រទុយហ្កាល់ លោក ឌី​អូ​ហ្គោ កាវ នៅ​ឆ្នាំ​១៤៨៥ និង​ឆ្នាំ​១៤៨៦​។ ប៉ុន្តែ ព័រ​ទុយ​ក​ហ្កា​ល់​មិនបាន​ព្យាយាម​ប្រកាស​ទឹកដី នោះ​ថា ជា​កម្មសិទ្ធិ​របស់ខ្លួន​ឡើយ​។ ពុំមាន​ពួក​អឺរ៉ុប ណា​ស្រាវជ្រាវ​ទេ រហូតដល់​សតវត្សរ៍​ទី​១៩ ។ អំឡុង​ពេលនោះ ពួក​អ្នកជំនួញ ចេញ​មកពី​អាល្លឺម៉ង់ និង​ស៊ុយអែត​ឆ្លងកាត់​ទៅ​សាធារណរដ្ឋ អាហ្វ្រិក​ខាងត្បូង និង អង់​ហ្គោ​ឡា ។ អ្នកខ្លះ​ក៏បាន​តាំង​លំនៅឋាន នៅ ណា​មី​ប៊ី​ដោយ​មិន​បន្ត ដំណើរ​ទៅមុខ​ទៀតឡើយ ។​

​ធ្លាក់​ក្រោម​អាណានិគម​អាល្លឺម៉ង់​
អាល្លឺម៉ង់ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី អូ​តូ វ៉ុ​ន ប៊ី​ស​ម៉ាក​ដែល​ចាប់ផ្តើម​លេចមុខឡើងជា​មហា​អំ​ណា​សា​ជាថ្មីទៀត ក៏បាន​មើលឃើញថា អង់គ្លេស​អាច​នឹង​ទៅ​រុករាន​ត្រួតត្រា ទឹកដី ណា​មី​ប៊ី ជាមិនខាន ទើប អាល្លឺម៉ង់ ក៏​ស្រូត​ទៅ​ដាក់​អាណានិគម លើទឹក​ដី ណា​មី​ប៊ី នៅ​ឆ្នាំ ១៨៨៤ ឱ្យបាន​មុន អង់គ្លេស ហើយ​តំបន់​នោះ ត្រូវបាន​គេ​ស្គាល់​ថា អាហ្វ្រិក នារ​តី អាល្លឺម៉ង់ ។ ចំណែក​តំបន់ ឈូង Walvis ត្រូវបាន​អង់គ្លេស យកទៅដាក់​បញ្ចូល​ជា ខេត្ត​ជ្រោយ​សមុទ្ទ នៃ អាហ្វ្រិក នារ​តី របស់​អង់គ្លេស ។​

​ការត្រួតត្រា​របស់ អាល្លឺម៉ង់ ទៅលើ​ប្រជាពលរដ្ឋ ណា​មី​ប៊ី គឺជា​ការគ្រប់គ្រង​ដោយ​ហិង្សា ។ ហេតុនេះ ចាប់ពី​ឆ្នាំ ១៩០៤ ដល់​ឆ្នាំ ១៩០៧ ជនជាតិ ហេ​រ៉េ​រ៉ូ និង ជនជាតិ ណា​ម៉ា​បាននាំគ្នា ក្រោក​ឡើង​ដោយ​ប្រដាប់អាវុធ ប្រឆាំង​ការគ្រប់គ្រង​ដ៏​ឃោរឃៅ​របស់​អាល្លឺម៉ង់ ។ អាល្លឺម៉ង់ បាន​ឆ្លើយតប​ដោយ​ការកាប់សម្លាប់​លក្ខណៈ​ជា​ប្រព័ន្ធ​ហើយ​ត្រូវបាន​កត់ត្រា​ថា​ជា​អំពី​ប្រល័យ ពូជសាសន៍​ដំបូង​បំផុត ប្រចាំ​សតវត្សរ៍​ទី ២០ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ការបញ្ជា​របស់ រដ្ឋាភិបាល ហើយ​ប្រការនេះ​ធ្វើឱ្យ​ស្ទើរ​ផុត​ពូជ​ជនជាតិដើម ។

​ជនជាតិ ហេ​រ៉េ​រ៉ូ ត្រូវបាន​អាល្លឺម៉ង់ សម្លាប់​ជា​ប្រព័ន្ធ​អស់​ប្រមាណ​ជា ១០.០០០ នាក់ ឬ ប្រមាណ​ជា ពាក់កណ្តាល នៃ ប្រជាពលរដ្ឋ ចំណែក ជនជាតិ​ណា​ម៉ា ត្រូវបាន​សម្លាប់​អស់ ប្រមាណ ជា ៦៥.០០០ នាក់ ឬ​ប្រមាណ​ជា ៨០ ភាគរយ នៃ​ជនជាតិ​នេះ​។ អ្នក​ដែល​នៅ​សេស សល់​ជីវិត ដែល​ទីបំផុត ត្រូវបាន​ដោះលែង​ពី​ការ​ឃុំឃាំង​នោះ គឺជា​អ្នក​ដែល​ត្រូវ​ដកហូត​ទ្រព្យ សម្បត្តិ និរទេស បង្ខំ​ឱ្យធ្វើ​ពលកម្ម ជា​អ្នក​រង​ការជិះជាន់​រង​ការរើសអើង​ពូជសាសន៍ ។ ទង្វើ​ដែល​អាល្លឺម៉ង់ ធ្វើ​នៅ​ទឹកដី​ណា​មី​ប៊ី បាន​ក្លាយជា​គំរូ ដែល​ណា​ស៊ី​អាល្លឺម៉ង់​របស់ អា​ដុល​ហ្វ ហ៊ី​ទ្លែ​រ៍ កាប់សម្លាប់​ប្រល័យពូជសាសន៍​នា​អំឡុង​សង្គ្រាមលោកលើកទី​២​។ អនុស្សាវរីយ៍​ដ៏​ឈឺ ចាប់​នេះ​បាន​ដិតដាម​ក្នុងការ​ចងចាំ​របស់​ជ​ន​ជាតិ​នានា​ដែល​រស់​នៅលើ​ទឹកដី ណា​មី​ប៊ី ។ រដ្ឋាភិបាល អាល្លឺម៉ង់ បាន​សុំទោស​ជា​ផ្លូវការ​ទៅ​ជនជាតិ ណា​មី​ប៊ី នៅ​ឆ្នាំ ២០០៤ ។​

ធ្លាក់ចូល​ក្នុង​ដៃ​អង់គ្លេស និងអាហ្វ្រិក​ខាងត្បូង​
អាល្លឺម៉ង់ និង​បក្ខពួក បាន​ចាញ់​សង្គ្រាមលោកលើកទី​១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) ទឹកដី​អាណានិគម នៅ​ណា​មី​ប៊ី ត្រូវបាន​កាន់កាប់​ដោយ អាហ្វ្រិក​ខាងត្បូង នៅ​ឆ្នាំ ១៩១៥ ។ ចាប់ពីពេលនោះ​ទៅ ទឹកដី​អាណា​មី​ប៊ី បាន​ឋិត​ក្រោម​ការកាន់កាប់​របស់​អង់គ្លេស ក្នុងឋានៈ ជា​អាណត្តិ របស់ សម្ព័ន្ធ នៃ ប្រជាជាតិ ( ជា​ស្ថាប័ន​ប្រហាក់ប្រហែល​អង្គការសហប្រជាជាតិ បច្ចុប្បន្ន ប៉ុន្តែ​បាន​រលាយ ជំនួស​ដោយ​អង្គការសហប្រជាជាតិ ) ។
​ ​
​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង តែងតែមាន​បំណង​ចង់​រំលាយ​ដែនដី​អាហ្វ្រិក និរតី មួយ​នេះ ( ណា​មី​ប៊ី ) ឱ្យទៅជា​ទឹកដី​របស់ខ្លួន ( អាហ្វ្រិក​ខាងត្បូង ) ប៉ុន្តែ​មិនដែល​បានធ្វើ​តាម​បំណង​ឡើយ ។ ទោះយ៉ាងណា រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង បាន​គ្រប់គ្រង​ដែនដី អាហ្វ្រិក និរតី នេះ ក្នុងឋានៈ de facto ខេត្ត​ទី​៥ របស់ខ្លួន ។

​ជនជាតិ​ស្បែក ស ភាគតិច នៅលើ​ទឹកដី​នេះ បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់គេ​នៅក្នុង​សភា អាហ្វ្រិក ខាងត្បូង ។​ពួកគេ​ក៏បាន​បោះ ឆ្នោត​ជ្រើសតាំង​រដ្ឋបាល​មូលដ្ឋាន​ដែរ ដែល​ហៅថា សភា នីតិបញ្ញត្តិ SWA ។ រដ្ឋាភិបាល អាហ្វ្រិក ខាងត្បូង បានតែងតាំង រដ្ឋបាល SWA ថា​ជា​អំណាចនីតិប្រតិបត្តិ ។​

​សម្ព័ន្ធ​ប្រជាជាតិ បាន​រលត់​ផុត​ទៅ ហើយ​ជំនួស​ដោយ​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ ១៩៤៦ ដែល​បានសេចក្តីថា រដ្ឋាភិបាល អាហ្វ្រិក ខាងត្បូង ក៏​អស់សិទ្ធិ​ដាក់​រដ្ឋបាល​លើទឹក​ដី ណា​មី​ប៊ី ទៀត​ដែរ ។ ប៉ុន្តែ​រដ្ឋាភិបាល អាហ្វ្រិក ខាងត្បូង មិន​ព្រម​លះបង់​សិទ្ធិ​នេះឡើយ ។​

​អង្គការសហប្រជាជាតិ មានបំណង​ចង់​ដាក់ជំនួស​ដោយ កិច្ចព្រមព្រៀង​គ្រប់គ្រង​របស់​អង្គការសហប្រជាជាតិ ដោយ​ទាមទារ​ឱ្យមាន​ការត្រួតត្រា យ៉ាង​ជិត​ដិតដោយ​អន្តរជាតិ​ទៅលើ​ទឹកដី នេះ ហើយ​ត្រូវ​កំណត់​ក្នុង​ពេលវេលា​ជាក់លាក់ ក្នុងការ​ផ្តល់​ឯករាជភាព​ទៅឱ្យ ណា​មី​ប៊ី ។

​ឆ្នាំ​១៨៤៨ គណបក្ស​ជាតិ ( National Party ) បាន​ឡើងកាន់​អំណាច​នៅ អាហ្វ្រិក ខាងត្បូង បក្ស​នេះ​បា​បង្កើត​ប្រព័ន្ធ ” បែងចែក ” រវាង​ជន​ស្បែក ស ( ដែលជា​ជនភាគតិច​ថា​ជា​អ្នក​ខ្ពង់ខ្ពស់ ) និង​គាបសង្កត់​ជន​ស្បែក​ខ្មៅ ( ដែលជា​ជន​ភាគច្រើន ថា​ជា​ជន​ថោកទាប​) ទាំង​នៅ​តំបន់ អាហ្វ្រិក​ខាងត្បូង និង​នៅ​តំបន់​ណា​មី​ប៊ី ។​

​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ ប្រធាន​ក្រុមប្រឹក្សាភិបាល របស់​ពួក​ជនជាតិ ហេ​រ៉េ​រ៉ូ បានដាក់ ញា​ត្តិ​មួយចំនួន​ទៅ​អង្គការសហប្រជាជាតិ ដើម្បី ទាមទារ​រក​ឯករាជ​ភាព​ដល់ ណា​មី​ប៊ី ។ ប៉ុន្តែ​មិនបាន​ជោគជ័យ​ឡើយ ។

​លុះដល់​អំឡុង​ទសវត្សរ៍ ១៩៦០ ខណៈដែល​មហាអំណាច នៅ​អឺរ៉ុប ដូចជា បារាំង និង អង់គ្លេស បានផ្តល់​ឯករាជភាព ដល់​ប្រទេស​ក្រោម​អាណានិគម​របស់​ខ្លួ​នៅ​ទ្វីប អាហ្វ្រិក នោះ​សម្ពាធ ជាច្រើន ក៏បាន​ធ្លាក់​ទៅលើ រដ្ឋាភិបាល អាហ្វ្រិក ខាងត្បូង ឱ្យ​ផ្តល់​ឯករាជភាព ទៅឱ្យ ណា​មី​ប៊ី ដែរ ។​
​ ​
ឆ្នាំ​១៩៦៦ មាន​បណ្តឹង​ពី អេ​ត្យូ​ពី និង​លី​ប៊េ​រី ប្រឆាំងនឹង​វត្តមាន​របស់​អាហ្វ្រិក​ខាងត្បូង​នៅលើទឹកដី​ណា​មី​ប៊ី ។ ប៉ុន្តែ​ត្រូវបាន​តុលាការ​យុត្តិធម៌​អន្តរជាតិ ( ICJ) ទាត់ចោល ។ បន្ទាប់មក​សភា អង្គការសហប្រជាជាតិ បាន​ដកហូត អាណត្តិ​របស់​អាហ្វ្រិក​ខាងត្បូង ចេញពី​ទឹកដី ណា​មី​ប៊ី ។​

​ឆ្នាំ​១៩៦៦ អង្គការ​ប្រជាជន​អាហ្វ្រិក​និរតី ( SWAPO ) និង​កងទ័ព​សេរីភាព​ប្រជាជន ណា​មី​ប៊ី ដែលជា​ក្រុម​ឧទ្ទាម បានចាប់ផ្តើម​ចលនា​តស៊ូ​ប្រដាប់អាវុធ ដើម្បី​ទាមទារ​ឯករាជភាពរ​បស់ ណា​មី​ប៊ី ។ ប៉ុន្តែ អាហ្វ្រិក​ខាងត្បូង នៅតែ​បន្តកាន់កាប់​សិទ្ធិ de facto នៅលើ​ទឹកដី ណា​មី​ប៊ី ខណៈ​អង្គការ​ប្រជាជន​អាហ្វ្រិក​និរតី ពង្រីក​ឧទ្ទាម​កម្ម​របស់ខ្លួន​ក្នុង​គោលបំណង​បញ្ចប់​ការ​កាន់ កាប់​របស់ អាហ្វ្រិក​ខាងត្បូង ។​
​ ​
ឆ្នាំ​១៩៧១ តុលាការ​យុត្តិធម៌​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ទស្សនៈ​មួយ​ថា​រដ្ឋបាល​របស់ អាហ្វ្រិក​ខាងត្បូង ដែល​បាន​បន្ត​លើទឹក​ដី ណា​មី​ប៊ី គឺជា​រឿង​ខុសច្បាប់ ។​
​ ​
ឆ្នាំ​១៩៨៨ អង្គការសហប្រជាជាតិ បានដាក់​ចេញ​នូវ​ផែនការ ដើម្បី​ស្ថាបនា​សន្តិភាព​សម្រាប់តំបន់​ទាំងមូល ទើប​អាហ្វ្រិក​ខាងត្បូង ព្រម​ផ្តល់​ឯករាជភាព​ទៅឱ្យ​ណា​មី​ប៊ី​។ ណា​មី​ប៊ី បានប្រកាស​ឯករាជភាព​របស់ខ្លួន ជា​ផ្លូវការ​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​១៩៩០ ។ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ណា​មី​ប៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី រំលឹក​ដល់​ថ្ងៃ​នោះឯង ៕ ស្រាវ​ប្រែ​សម្រួលៈ មេសា​

ក្បួន​ដង្ហែ​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ណា​មី​ប៊ី
ទីក្រុង វីន​ដុក នៃ សាធារណរដ្ឋ ណា​មី​ប៊ី