ទិវា​ឯករាជ្យ​ជាតិ នី​ហ្សេ​រី​យ៉ា​

262

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ សាធារណរដ្ឋ​សហព័ន្ធ នី​ហ្សេ​រី​យ៉ា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​១ ខែតុលា ដើម្បី​រំលឹក​ដល់​ថ្ងៃ ដែល​ពួកគេ​ទទួលបាន​ឯករាជភាព ពី​ចក្រភព​អង់គ្លេស កាល​ឆ្នាំ​១៩៦០ ក្នុងឋានៈ​ជា រដ្ឋ​សហ​ធន បន្ទាប់ពី​បាន​ធ្លាក់​ក្រោម​អាណានិគម​អង់គ្លេស តាំងពី​ឆ្នាំ​១៩០១ មក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​៖

​សាធារណរដ្ឋ​សហព័ន្ធ​នី​ហ្សេ​រី​យ៉ា គឺជា​រដ្ឋ​រួបរួម​នៃ​រដ្ឋ​ចំនួន ៣៦ មាន​ផ្ទៃដី ៩២៣.៧៦៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ​ខាងលិច នៃ​ទ្វីបអាហ្វ្រិក មាន​ព្រំដែន​ជាប់ សាធារណរដ្ឋ បេ​ណាំង ឆាដ កា​មេ​រូ​ន នី​ហ្សេ និង ឈូងសមុទ្ទ ហ្គី​ណេ ក្នុង មហាសាគរ អា​ត្ល​ង់​ទិ​ក ។ ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជាង ១៩៤ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម និង គ្រិស្ត​។ មាន​ភាសា ប្រមាណ​ជា ៥២ ភាសា ត្រូវបាន​ប្រើប្រាស់ ក្នុងប្រទេស​នេះ ប៉ុន្តែ​ភាសាផ្លូវការ​គឺ​ភាសា អង់គ្លេស ដែលជា​អតីត​អាណានិគម​លើ នី​ហ្សេ​រី​យ៉ា រដ្ឋធានី​គឺ​ទីក្រុង អា​ប៊ូ​ហ្សា ប៉ុន្តែ​ទីក្រុង​ដែល​ធំ​បំផុត គឺ​ទីក្រុង​ឡា​ហ្កូ​ស ។

ប្រវត្តិសាស្ត្រ​៖
​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍ ជំនួញ​នៅ​តំបន់​ដែលជា​ប្រទេស នី​ហ្ស៊េ​រី​យ៉ា បច្ចុប្បន្នេះ គឺ​ធ្វើ​ពាណិជ្ជកម្ម តែ​ជាមួយ​ពាណិជ្ជករ មកពី​អាហ្វ្រិក​ខាងជើង​ប៉ុណ្ណោះ ។ លុះដល់​ចាប់ពី​សតវត្សរ៍​ទី ១៦​មក ក៏​ចាប់ផ្តើម មានការ​មកដល់ នៃ ពួក​រុករក​ជា​ជនជាតិ អេ​ស្ប៉ា​ញ និង ព័រទុយហ្កាល់ ។ ពួកពាណិជ្ជករ​អឺរ៉ុប បានធ្វើ​ជំនួញ ជួញប្រែ ជាមួយ​មនុស្ស​នៅតាម​ឆ្នេរ​សមុទ្ទ ហើយ​ជំនួញ​នោះ​ក៏បាន​ប្រែក្លាយជា​ការចាប់​ផ្តើម ជំនួញ​ទាសករ នៅ​អា​ត្ល​ង់​ទិ​ក​ផងដែរ ។ ទាសករ ភាគច្រើន​យកទៅ​ប្រើប្រាស់​ជា​កម្លាំង​ពលកម្ម ដោយ​ពួក​អ្នក ឈ្លានពាន ឬ ពួក​អាណានិគម ( រហូត​ល់​សតវត្សរ៍​ទី ១៩ ) ។

ធ្លាក់​ក្រោម​អាណានិគម​អង់គ្លេស​៖
​ជំនួញ​ទាសកម្មករ ពាក់ព័ន្ធ​នឹង​ពួក​អឺរ៉ុប ទាំង​ជា​លក្ខណៈ​ក្រុមហ៊ុន ជា​លក្ខណៈ​ឯកជន និង ជា​លក្ខណៈ​រដ្ឋ នៃ ពួក​អឺរ៉ុប ដូចជា អង់គ្លេស ហុ​ល្លង់ និង ព័រទុយហ្កាល់ ។ ដោយមាន​ការលេចឡើង​នូវ​ចលនា​ប្រឆាំង នឹង​ការជួញដូរ​ទាសករ និង​ការប្រែប្រួល​សេដ្ឋកិច្ច​ក្នុងប្រទេស​ផង​នោះ នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ ១៨០៧ ចក្រភព​អង់គ្លេស បានប្រកាស​ច្បាប់​ថា ការជួញដូរ​ទាសករ ជា​អំពើ​ខុសច្បាប់ ។​

​បដិវត្តន៍​បារាំង បានចាប់ផ្តើម​ពីថ្ងៃ​ទី ៥ ខែ ឧសភា ឆ្នាំ ១៧៨៩ ( ដល់​ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៧៩៩ ) បាន​ញ៉ាំងឱ្យ​ជម្លោះ​ជាច្រើន​រវាង​បារាំង និង មហាអំណាច​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប រហូត​ឈានដល់​មាន សង្គ្រាម​យ៉ាង​សន្ធោសន្ធៅ​ដែល​គេ​ឱ្យ​ឈ្មោះថា “ សង្គ្រាម​ណាប៉ូឡេអុង “ ( ១៨០៣-១៨១៥ ) ។ លទ្ធផល​នៃ​សង្គ្រាម នេះ ធ្វើឱ្យ​អង់គ្លេស ក្លាយជា​មហាអំណាច​លេខ ១ លើ​លោក ។ បន្ទាប់ពី​ចប់​សង្គ្រាម នេះ​ទៅ ហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ច្បាប់ ស្តីពី​ការដាក់ឱ្យ​ខុសច្បាប់ នៃ​ការជួញដូរ​ទាសករ ដែល​បានអនុម័ត កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​១៨០៧ នោះ ចក្រភព​អង់គ្លេស បាន​បង្កើត “​កង​ទាហាន​អាហ្វ្រិក​ខាងលិច​“ សម្រាប់​ទប់ស្កាត់​នូវ​ការជួញដូរ​ទាសករ​ជា​អន្តរជាតិ​។ បេសកកម្ម​របស់​កង​ទាហាន​អាហ្វ្រិក​ខាងលិច បាន​រំដោះ​ទាសករ​ជាច្រើន​នាក់ ហើយ​ក៏បាន​លុកលុយ​ទៅលើ​ទីក្រុង​ឡា​ហ្កូ​ស នៅ​ឆ្នាំ ១៨៥១ ដោយហេតុ​ផល​ថា ស្តេច​នៃ​ទីក្រុង​នេះ មិន​បញ្ឈប់​សកម្មភាព​ជួញដូរ​ទាសករ​ក៏បាន​ជួយ​សម្រួល​ដល់ ក្រុង​ដទៃទៀត រហូត​បាន​ចុះសន្ធិសញ្ញា ជាមួយ​ទីក្រុង ឡា​ហ្កូ​ស នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៨៥២ ។

​ចក្រភព​អង់គ្លេស បានដាក់​បញ្ចូល​ទីក្រុង ឡា​ហ្កូ​ស ថា ជា​ដែនដី​អាណានិគម​របស់ខ្លួន​នៅក្នុង​ខែសីហា ឆ្នាំ​១៨៦១ ។ ដោយសារ​អំណាច​របស់​ចក្រភព​អង់គ្លេស នៅទីនេះ បាន​អនុគ្រោះ​ឱ្យ​ពួក​សាសនទូត​របស់ អង់គ្លេស មាន​សិទ្ធិ ធ្វើដំណើរ និង ពង្រីក​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ​ពាសពេញ​ដែនដី និង លើសពី​ដែនដី​ដែល​បានកំណត់​នេះ​ទៅទៀត ។ លុះដល់​ឆ្នាំ ១៨៨៥ ចក្រភព​អង់គ្លេស បាន​ពង្រីក​អំណាច របស់ខ្លួន​ទៅ អាហ្វ្រិក​ខាងលិច ហើយក៏​ត្រូវ​បានទទួល​ស្គាល់ ដោយ​ប្រជាជាតិ​ដទៃទៀត នៅ​អ៉​រ៉ុ​ប តាមរយៈ​សន្និសីទ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ ។​

​ក្រុមហ៊ុន United African Company ត្រូវបាន​បង្កើតឡើង ដោយ​រដ្ឋាភិបាល​អង់គ្លេស នៅ​ឆ្នាំ ១៨៧៩ ហើយ​ត្រូវបាន​ប្តូរ​ឈ្មោះ ទៅជា National African Company នៅ​ឆ្នាំ ១៨៨១ ហើយ​ចុងក្រោយ បាន​ប្តូរ​ទៅជា​ក្រុមហ៊ុន Royal Niger Company នៅ​ឆ្នាំ ១៨៨៦ ។ ក្រុមហ៊ុន​នេះ មាន​ដែនដី​មួយចំនួន ស្ថិតក្រោម​ការគ្រប់គ្រង​របស់ខ្លួន​គឺ​នៅ​ភាគខាងត្បូង នៃ នី​ហ្ស៊េ​រី​យ៉ា ។ ដើម្បី​ទប់ទល់​ទៅនឹង​ការប្រកួត ប្រជែង​របស់​អាល្លឺម៉ង់ ( ដឹកនាំ​ដោយ ប៊ី​ស​ម៉ាក នៅ​អំឡុង​ទសវត្សរ៍ ១៨៩០ ) រដ្ឋាភិបាល​អង់គ្លេស បាន​យក​ក្រុមហ៊ុន Royal Niger Company មក​គ្រប់គ្រង​ផ្ទាល់ ហើយ​ទឹកដី​របស់​ក្រុមហ៊ុន​នេះ ក៏​ក្លាយជា​ទឹកដី​ក្រោម​ការត្រួតត្រា​របស់​អង់គ្លេស​ដែរ​នៅ​ឆ្នាំ ១៩០០ ដែល​ប្រការនេះ​បានសេចក្តីថា ទឹកដី នី​ហ្សេ​រី​យ៉ា បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ចក្រ​ភព​អង់គ្លេស ជា​បន្តបន្ទាប់ ឬ បន្តិច​ម្តងៗ​ដោយ​ប្រការ​ដូច ដែល​បានលើកឡើង​ខាងលើ​នេះឯង ។

​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩០១ ប្រឈម​នឹង​ការ​លុកលុយ​ពី​សំណាក់​មហាអំណាច​ផ្សេងៗ ជាពិសេស​ពី​សំណាក់ អាល្លឺម៉ង់ ហើយ​ខណៈដែល នី​ហ្សេ​រី​យ៉ា បាន​រួញ​កាន់តែ​តូច​ទៅៗ កម្លាំង​កាន់តែ​ខ្សោះ​ខ្សោយ​ទៅៗ​ផង​នោះ នី​ហ្សេ​រី​យ៉ា ក៏បាន​ក្លាយជា​ប្រទេស​ក្រោម​អាណាព្យាបាល (​អាណានិគម​) និង​ក្លាយទៅជា​ផ្នែក​មួយ នៃ​ចក្រភព​អង់គ្លេស ដែលជា​មហាអំណាច​ផុត​លេខ នា​សម័យ​កាលនោះ ។ អង់គ្លេស មិនបាន​បញ្ឈប់ សកម្មភាព​របស់ខ្លួន​ឡើយ ក៏បាន​ព្យាយាម​ពង្រីក​អំណាច​របស់ខ្លួន ទៅ​តំបន់​ជិតខាង​ទៀត​ដែល​នាំ ឱ្យ​ប៉ះទង្គិច​គ្នា ទៅនឹង​អំណាច​របស់ សហព័ន្ធ Aro ( បច្ចុប្បន្ន គឺ​ភាគ​ខាងកើត នៃ នី​ហ្សេ​រី​យ៉ា ) ហើយក៏​បាន​ពើប​សង្គ្រាម​នឹង​ម្ចាស់​ស្រុក ពី​ឆ្នាំ ១៩០១-១៩០២ ដែលមាន​ឈ្មោះថា សង្គ្រាម Anglo-Aro ហើយ​ជ័​ជម្នះ​បាន​ទៅខាង​អង់គ្លេស ហើយ​អង់គ្លេស បាន​បង្ក្រាប​ភាគី​បដិបក្ខ​ទាំងឡាយ និង​ត្រួតត្រា​ដែនដី តំបន់​នោះ​ទាំងស្រុង ។ នៅ​ចុង​សតវត្សរ៍​ទី​១៩ និង​ដើម​សតវត្សរ៍​ទី​២០ ក៏មាន​ការប្រយុទ្ធប្រឆាំង​នឹង​អាណានិគម អង់គ្លេស​ជា​ហូរហែ​ដែរ ប៉ុន្តែ​ត្រូវបាន​បង្ក្រាប​ទៅវិញ ដោយ​កងទ័ព ។​
​ ​
​តាម​ការបែងចែក​ជាល​ក្ខ​ណៈ​រដ្ឋបាល​របស់​ណា​និគម​អង់គ្លេស នី​ហ្សេ​រី​យ៉ា បាន​ត្រូវ​ចែកជា ៣ ផ្នែក គឺ​តំបន់​ឡា​ហ្កូ​ស តំបន់​នី​ហ្សេ​រី​យ៉ា ខាងជើង ( ដ៏​អន់ថយ ) នី​ហ្ស៊ែ​រី​យ៉ា ខាងត្បូង (​ដ៏​មាន​កម្រិតជីវភាព និង​ការអប់រំ​ខ្ពង់ខ្ពស់ តាមបែប​ប​ស្ចឹ​ម​លោក ) ។ អំឡុង​ពេលដែល​អាហ្វ្រិក កំពុង​ច្របូកច្របល់ ដោយសារតែ ការដណ្តើម​គ្នា ពី​សំណាក់​មហា​អំ​ណា​អឺរ៉ុប ទៅលើ​ទឹកដី អាហ្វ្រិក នៅ​អំ​ឡុងចុង​សតវត្សរ៍​ទី ១៩ នៅក្នុង​សន្និសីទ​នាទី​ក្រុង​ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់ ពី​ឆ្នាំ ១៨៨៤-១៨៨៥ ពួកលោក​ខាងលិច បាន​បែងចែក​អាហ្វ្រិក និង ភោគផល​ធនធាន​ទៅជា​តំបន់​អាណានិគម ។​

​ក្រោម​អាណានិគម​៖
​គិត​ត្រឹម​ឆ្នាំ ១៨៧០ ទឹកដី អា​ហ្វ្រឹ​ក ត្រឹមតែ ១០ ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​ត្រួតត្រា​ដោយ​ពួក​អឺរ៉ុប ។ លុះដល់​ត្រឹម​ឆ្នាំ ១៩០៥ ដីស្រែ​ចម្កា​របស់​ជនជាតិ​អាហ្វ្រិក​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​លោកខាងលិច ស្ទើរតែ​ទាំងស្រុង ( លើកលែងតែ លី​ប៊េ​រី ដែល​ត្រូវបាន​តាំង​លំនៅ​ដោយ ទាសករ អតីត អាមេរិក​-​អាហ្វ្រិក ) និង អេ​ត្យូ​ពី ( ដែល​បាន​តស៊ូ​ដោយ អ៊ីតាលី ) ។ អង់គ្លេស និង បារាំង បាន​កាន់កាប់​ទឹកដី​នៅ​អាហ្វ្រិក ច្រើនជាងគេ​បំផុត ។ ចំណែក អាល្លឺម៉ង់ អេ​ស្ប៉ា​ញ អ៊ីតាលី , ប៊ែ​ល​ស៊ិ​ក និង ព័រទុយហ្កាល់ ក៏មាន​ដែនដី​អាណានិគម​របស់​ពួកគេ​នៅ​អាហ្វ្រិក ដែរ ។

​ជា​លទ្ធផល នៃ​អាណានិគមនិយម និង​ចក្រពត្តិនិយម ធ្វើអោយ​ជនជាតិ​អាហ្វ្រិក ដែលជា​ជន​ភាគច្រើន នៅលើ​ទឹកដី​អាហ្វ្រិក បាន​បាត់បង់​ទឹកដី និង​សិទ្ធិ​គ្រប់គ្រង​លើ​ធនធានធម្មជាតិ ដូចជា រ៉ែ​មាស និង កៅស៊ូ ជាដើម ។ គោលនយោបាយ​របស់​អា​ណា​និគម បានធ្វើឱ្យ​សេដ្ឋកិច្ច អ្នក​ម្ចាស់​ស្រុក ពើប​នូវ​ឱនភាព​យ៉ាងខ្លាំង ដោយសារតែ​ត្រូវបាន​កេងប្រវ័ញ្ច​ធនធាន និង តម្លៃ​ពលកម្ម​ថោក ។

​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​១៩៤១ ប្រធានាធិបតី​អាមេរិក ហ្វ្រាំង​គ្លី​ន រូ​សឺ​វ៉ែល​ត៍ និង នាយករដ្ឋមន្ត្រី​អង់គ្លេស លោក​វីន​ស្តុ​ន ឈឺ​ឈី​ល បាន​ជួបពិភាក្សា​អំពី​អនាគត​ពិភពលោក​ក្រោយ​សង្គ្រាម ។ ជា​លទ្ធផល​សម្រេច បាន​ក្រម ប្រតិបត្តិ​មួយ​ដែល​គេ​អោយ​ឈ្មោះថា ក្រម​ប្រតិបត្តិ ( ឬ​ធម្មនុញ្ញ ) អា​ត្ល​ង់​ទិ​ក “ ដែល​ក្នុងនោះ មាន​មាត្រាមួយ ចែង​អំពី​សិទ្ធិ​ស្វ័យភាព ឬ ការ​រួច​ផុតពី​ការត្រួតត្រា ឬ អាណានិគម គឺ​អាស្រ័យ​ឆន្ទៈ របស់​ប្រជាពលរដ្ឋ​ភាគច្រើន ។ ក្រម​ប្រ​ត្តិ​ប​ត្តិ ឬ គោល​ច្បាប់​នេះឯង​ហើយ​ដែល​អាច​ទាក់ទាញ​បាន ប្រជាជាតិ​ជាច្រើន បាន​ចូលរួម​ធ្វើជា​សម្ព័ន្ធ​ជាមួយ​ក្រុម​ដែល​ដឹកនាំ​ដោយ អង់គ្លេស និង អាមេរិក ។ ក្រោយមក ក្រម​ប្រតិបត្តិ​នេះ ក៏​ត្រូវបាន​ចុះហត្ថលេខា ដោយ​សម្ព័ន្ធមិត្ត​ផ្សេងៗ​ដែរ ។​

​ឯករាជភាព​៖
​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ មាន​ជន​ក្រោម​អាណានិគម​មួយចំនួន ដែល​បាន​ទៅ​សិក្សា​សកលវិទ្យា​ល័យ នៅ​ប​ស្ចឹ​ម​លោក នៃ​ពួក​មហាអំណាច​អាណានិគម និង​ទី​ប្រហាក់ប្រហែលគ្នា​នោះ បានទទួល​ការអប់រំ នូវ​ទស្សនៈ “ ស្វ័យ​សម្រេច “ ។ ទាំងនេះ​ពេលខ្លះ​បានធ្វើ​ជ្រុល ហើយ​ពេលខ្លះ ដោយសារតែ​ការធ្វេសប្រហែស របស់​ពួក​មហាអំណាច ក៏​ថា​បាន ដែល​ប្រការនេះ បាន​ត្រួស​ត្រាយផ្លូវ ឆ្ពោះទៅរក​ការប្រយុទ្ធ​ដើម្បី​ឯករាជ្យភាព របស់​ប្រជាជាតិ​ក្រោម​អាណានិគម ។​

​នៅក្នុង​ចំណោម​អ្នកដឹកនាំ​ទាំងឡាយ នៅ​អាហ្វ្រិក ដែល​តស៊ូ ដើម្បី​ឯករាជ្យភាព​របស់​ពួកគេ មាន​លោក Kwame Nkrumah បាន​ពុះពារ​ស្ទុះស្ទា​ត្រួសត្រាយ​ផ្លូវ​ទៅរក​ឯកភាព និង បាន​ដឹកនាំ​ចលនា អាហ្វ្រិក​និយម ។ នៅ​ឆ្នាំ ១៩៤៧ លោក Kwame Nkrumah បាន​បង្កើត គណបក្ស ឆ្នេរ​មាស ( ពាក្យ​ថា ឆ្នេរ​មាស ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ដោយ​ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ​១៨៦៧ ទៅឱ្យ​ដែនដី​ក្រោម​អាណានិគម​របស់ខ្លួន នៅ​តំបន់ឆ្នេរ​សមុទ្ទ​ហ្គី​ណេ​នៅ​អាហ្វ្រិក​ខាងលិច ដែល​ក្រោយមក​គឺ​នៅ​ឆ្នាំ ១៩៥៧ ទទួលបាន​ឯករាជភាព របស់ខ្លួន ដោយបាន​ដាក់ឈ្មោះថា ហ្កា​ណា សព្វថ្ងៃនេះ )​។​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UGCC តាមរយៈ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ។​

​តាមរយៈ​គណបក្ស UGCC នេះ លោក Nkrumah បានបង្ហាញ​នូវ​គោលជំហរ​របស់គាត់​ប្រឆាំងនឹង​អង់គ្លេស ដោយ​ការបង្កើត​កាសែត សាលារៀន និង អង្គការ​យុវជន​ជាច្រើន​ទៀត ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​សហគមន៍ ។ ប៉ុន្តែ​លទ្ធផល​ដែល​គាត់​ទទួលបាន គឺ​ផ្ទុយទៅវិញ ព្រោះ​មនុស្ស​នៅក្នុង​គណបក្ស​នេះ បាន​រិះគន់​គាត់ ទាំង​ពាក្យសម្តី និង​ផ្នែក​នយោបាយ ដែល​ទីបំផុត គាត់​បាន​ចាក​ចេញពី​គណបក្ស​នេះ ។ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​១០៤៩ លោក Nkrumah បាន​បង្កើត​គណបក្សនយោបាយ​របស់គាត់​ផ្ទាល់ខ្លួន​មួយ ឈ្មោះថា គណបក្ស​សមាជ​ប្រជាជន (CPP) ។ លោក Nkrumah ក៏បាន​បង្កើត​ចលនា​អាហ្វ្រិក​និយម​ផងដែរ ដែល​ចលនា​នេះ​បាន​ក្លាយជា​ប្រភព និង មូលដ្ឋាន ដ៏​សំខាន់​មួយ នៃ​ចលនា​ទាមទារ​ឯករាជ្យភាព និង​ស្វ័យភាព នៅ​អាហ្វ្រិក ។ នៅក្នុង​ជំនួប​ប្រជុំ​មួយ រវាង​មនុស្ស​តំណាង​គណបក្ស UGCC មានការ​សម្របសម្រួល ដោយ​នឹង​ប្រគល់​ឋានៈ​ជា​អគ្គលេខាធិការ​បក្ស UGCC ទៅឱ្យ​លោក Nkrumah ដោយ​ឱ្យ​លោក​រំលាយ គណបក្ស CPP របស់គាត់​ចោល ។ ប៉ុន្តែ​អ្នកគាំទ្រ​របស់​យ​លោក Nkrumah បាន​ពន្យល់​ហេតុផល គ្រប់គ្រាន់​ឱ្យ​គាត់​បដិសេធ​នូវ​ការផ្តល់​តំណែង​នោះ ។​

​ដើម្បី​រំងាប់​ចិត្ត​ប្រជាជាតិ នៅ​ឆ្នេរ​មាស កុំឱ្យ​ច្របូកច្របល់​ពេក អាណានិគម​អង់គ្លេស បានធ្វើ​អន្តរាគមន៍​បង្កើត គណៈកម្មការ​មួយ ដែលមាន​សមាស​ភាពជា​ជន​អាហ្វ្រិក វណ្ណៈ កណ្តាល​សំខាន់ៗ ដោយ​រួមទាំង​ក្រុម​ធំៗ​ទាំង ៦ ផង សម្រាប់​ព្រាង​រដ្ឋធម្មនុញ្ញ មួយ​ឡើង​ដើម្បី​ផ្តល់​សិទ្ធិ​ស្វ័យភាព​បន្ថែម​ខ្លះទៀត ទៅឱ្យ​ប្រជាជាតិ​ហ្កា​ណា ។ ប៉ុន្តែ​គ្មាន​លោក Nkrumah នៅក្នុង​គណៈកម្មការ​នេះ​ទេ ។

​មើលឃើញ​ពី​កលឧបាយ​នេះ លោក Nkrumah បាន​អំពាវនាវ​ឱ្យ​បង្កើត​សភាធម្មនុញ្ញ​មួយ​ឡើង ។ ប៉ុន្តែ​សំណើ​របស់គាត់ ត្រូវបាន​អាណានិគម​អង់គ្លេស​មិន​អើពើ ។ លោក Nkrumah បាន​ដឹកនាំ​ការធ្វើ បាតុកម្ម​តវ៉ា ចាប់ពី​ថ្ងៃទី ៨ ខែ មករា ឆ្នាំ ១៩៥០ ។ បាតុកម្ម​នោះ ក៏បាន​ក្លាយជា​អំពើហិង្សា ។ លោក Nkrumah និង មេដឹកនាំ​ផ្សេងទៀត​របស់​គណបក្ស CPP របស់គាត់ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​២២ ខែ និង​ឆ្នាំ​ដដែល​នោះ ។ ចំណែក​កាសែត Evening News របស់គាត់ ត្រូវបាន​ហាមឃាត់​ការចេញផ្សាយ ។ លោក Nkrumah ត្រូវបាន​កាត់​ឱ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ និង​ទោស​មួយចំនួនទៀត ។ គណបក្ស CPP ត្រូវបាន​ដឹកនាំ​ជំនួស​ដោយ​ជំនួស​ការ​របស់ Nkrumah គឺ​លោក Komla Agbeli Gbedemah ។ ​ដើម្បី​រំងាប់​ចិត្ត​ប្រជាជាតិ នៅ​ឆ្នេរ​មាស ចក្រភព​អង់គ្លេស បានគ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នេរ​មាស ក្រោម​ច្បាប់​របស់​ពួកគេ ។ លោក Nkrumah បាន​ទទូចថា គណបក្ស CPP នឹង​ប្រកួត​ដណ្តើម​ក្នុងការ បោះឆ្នោត​នោះ​។ អាណានិគម​អង់គ្លេស និង​គណបក្ស CPP បានធ្វើការ​ជាមួយគ្នា​ដើម្បី​រៀបចំ​ការបោះឆ្នោត នេះ ។ លោក Nkrumah បាន​ឈ្មោះ​ជា​បេក្ខជន​ពី​ក្នុង​គុក​មក ។​

​ការបោះឆ្នោត​សភាធម្មនុញ្ញ ត្រូវបាន​ប្រារព្ធ​ឡើង​នៅលើ​ទឹកដី ឆ្នេរ​មាស ជា​លើកដំបូង​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​១៩៥១ ។ លទ្ធផល​ធ្វើឱ្យ​អង់គ្លេស និង​បក្ស​រណប ខកចិត្ត​យ៉ាងខ្លាំង ដោយសារ​គណបក្ស CPP របស់លោក Nkrumah បានឈ្នះ​អាសនៈ ៣៤ ក្នុងចំណោម​អាសនៈ​ចំនួន ៣៨ ។ អង់គ្លេស ក៏​បង្ខំចិត្ត​ដោះលែង​លោក Nkrumah ពី​គុក​វិញ​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​១៩៥១ ហើយ​គាត់​ក៏បាន​បង្កើត​រដ្ឋាភិបាល ហ្កា​ណា ។​
​ចលនា​ជាតិនិយម ដើម្បី​ឯករាជ្យភាព របស់លោក Nkrumah ស្របគ្នា និង ជា​កម្លាំង ទាមទារ​ស្វ័យភាព របស់​អ្នកដឹកនាំ​នៅ ដែនដី​អាណានិគម​អង់គ្លេស​នៅ​អាហ្វ្រិក​ច្រើន​ទៅៗ​ដូចជា នៅ កេ​ន​យ៉ា ហ្កា​ណា តង់​ហ្សា​នី និង សេនី​ហ្កា​ល​ជាដើម ។

​ខណៈដែល​មាន​ចលនា​ទាមទារ​ឯករាជភាព​ខ្លាំង​ទៅៗ​បែបនេះ អាមេរិក ( ដែល​ខ្លួនឯង​មិនទាន់មាន​ដែនដី អាណានិគម​ច្បាស់លាស់ និង ចង់ឱ្យ​អង់គ្លេស បាត់បង់​ដែនដី​អាណានិគម ព្រោះ​មិន​ចង់ឱ្យ​អង់គ្លេស​ខ្លាំង​ជាង​ខ្លួន និង ចង់ឱ្យ​ពិភពលោក​មើលឃើញថា​ខ្លួន​ជា​អ្នក​ទាមទារ​សិទ្ធិ​ជូន​ប្រទេស​តូចតាច​ផង​គឺ​ចង់បង្ហាញ​នូវ​ភាព ជា​អ្នកដឹកនាំ​គេ ) និង សម្ព័ន្ធ​មិ​ត ក៏បាន​នាំគ្នា​ដាក់​សម្ពាធ​ទៅលើ ចក្រភព​អង់គ្លេស ឱ្យ​គោរព​តាម មាត្រា នៃ ក្រម​ប្រតិបត្តិ អា​ត្ល​ង់​ទិ​ក (​ផ្តល់​សិទ្ធិ​ស្វ័យភាព ឬ ឯករាជ្យ ឬ បន្ត​នៅក្រោម​អាណានិគម​តាម​ប្រាថ្នា​របស់​ជាតិ សាសន៍​នីមួយៗ ) ។ ដោយ​មិនអាច​គេចវេស​បាន ប៉ុន្តែ​បន្ទាប់ពី​ចប់​សង្គ្រាម​មន្ត្រី​សំខាន់ៗ​ខ្លះ​របស់​ចក្រភព អង់គ្លេស បាន​មើលឃើញថា ប្រជាជាតិ អាហ្វ្រិក គឺ​ដូចជា​កូនក្មេង និង ទន់ខ្សោយ ទើប​អង់គ្លេស បាន​ណែនាំ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​នៅ​កម្រិត​ក្នុង​តំបន់​ទៅ​ដែនដី​អាណានិគម ។
​ ​
​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​១៩៦០ ចក្រភព​អង់គ្លេស បានប្រគល់​ឯករាជភាព ទៅឱ្យ នី​ហ្សេ​រី​យ៉ា ក្នុងឋានៈ​ជា អាណាចក្រ​រដ្ឋ​សហ​ធន ។ រដ្ឋាភិបាល ដំបូង​របស់​ប្រទេស នី​ហ្សេ​រី​យ៉ា គឺជា​រដ្ឋាភិបាលចម្រុះ នៃ​គណបក្ស អភិរក្សនិយម​ចំនួន​២​គឺ​៖ គណបក្ស Nigerian People’s Congress (NPC) គឺជា​គណបក្ស​ដែលមាន​ជន ភាគច្រើន ជា​មនុស្ស​ភាគ​ខាងជើង និង​ជា​អ្នក​គោរព​សាសនា អ៊ិ​ស្លាម​។ ចំណែក​គណបក្ស មួយទៀត​គឺ គណបក្ស National Council of Nigeria and the Cameroons (NCNC) គ្រប់គ្រង​ភាគច្រើន ដោយ​អ្នក​កាន់​គ្រិស្តសាសនា ។
​ ​
​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ នី​ហ្ស៊េ​រី​យ៉ា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី រំលឹក​ដល់​ថ្ងៃ​នេះឯង ។ ទោះយ៉ាងណា ចាប់ពីពេលនោះ​មក​ប្រទេស នៃ​ជន​ស្បែក​ខ្មៅ​មួយ​នេះ មិនសូវ​បាន​សុខ​ទេ គឺមាន​សង្គ្រាមស៊ីវិល ហែកហួរ​គ្នា​ជា​បន្តបន្ទាប់ ហើយ​មូលហេតុ​នៅ​ពី​ក្រោយខ្នង​សង្គ្រាម​ទាំ​នោះ បញ្ហា​ទំនាស់​សាសនា ( រវាង​គ្រិស្ត និង​អ៊ិ​ស្លាម ) គឺជា​មូលហេតុ​ដ៏​ចម្បង​មួយ​ដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ក្បួនព្យុហយាត្រា​កងទ័ព នី​ហ្សេ​រី​យ៉ា នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ( នី​ហ្សេ​រី​យ៉ា​)
រដ្ឋធានី អា​ប៊ូ​ហ្សា នៃ ស​ធារ​ណ​រដ្ឋ សហព័ន្ធ នី​ហ្សេ​រី​យ៉ា ( អា​ប៊ូ​ហ្សា )