ទិវា​ឯករាជ្យ​ជាតិ នៃប្រជាជន ប៉េ​រូ​

1504
ចែករម្លែក

(ភ្នំពេញ)៖ ប្រជាព​រដ្ឋ ប៉េ​រូ បាន​ប្រារព្ធ​ទិវា ឯករាជ្យ​ជាតិ របស់ខ្លួន​នៅ​ថ្ងៃទី ២៨ ខែ ក្កដា ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ដែល លោក​ឩ​ត្ត​ម​សេនីយ៍ ចូ​សេ ដឺ សាន់ ម៉ា​ទីន ប្រកាស ឯការ​ជ​ភាព ប៉េ​រូ ពី​អេ​ស្ប៉ា​ញ នៅក្នុង​រាជវាំង ផ្លា​ហ្សា នៃ ទីក្រុង លី​ម៉ា កាលពី​ខែ កក្កដា ឆ្នាំ ១៨២១ ខណៈ​សង្គ្រាម​នៅ​មិនទាន់​រលត់​ទៅ​នៅឡើយ​។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ប៉េ​រូ មាន​ផ្ទៃដី ១.២៨៥.២១៦ ម៉ែត្រក្រឡា ស្ថិតនៅ​អាមេរិក​ខាងត្បូង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស អេ​ក្វា​ឌ័​រ កូ​ឡុ​ម​ប៊ី ប្រេ​ស៊ី​ល បូ​លី​វ៉ា ឈី​លី និង មហាសាគរ ប៉ាស៊ីហ្វិក ។ ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជាង ៣២ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា កាតូលិក ភាសាផ្លូវការ​របស់​ប្រទេស គឺ​ភាសា អេ​ស្ប៉ា​ញ រដ្ឋធានី​គឺ​ទីក្រុង លី​ម៉ា ។​
​ ​
ប្រវត្តិសាស្ត្រ​
​អំឡុង​សតវត្សរ៍ ទី ១៨ ប៉េ​រូ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន ដែល​ស្ថិតក្រោម​ការ ត្រួតត្រា​របស់ អេ​ស្ប៉ា​ញ នៅ អាមេរិក​ខាងត្បូង ។ ការ​ចាញ់​សង្គ្រាម​នៅ​តំបន់ ឧ​ប​ទី្វ​ប ឬ សង្គ្រាម ណាប់​ប៉ួ​ឡេ​អុង (១៨០៧-១៨១៤ ) ធ្វើឱ្យ អេ​ស្ប៉ា​ញ បាត់បង់​ការកាន់កាប់​ទឹកដី​ជាច្រើន នៃ តំបន់​ស្វយ័ត ជុន​តា ។ ចុ​ល្ល​រាជ (​ស្តេច នៃ នគរ​ចំណុះ​នគរ​ដទៃ​) របស់ ប៉េ​រូ ចូ​សេ ហ្វឺ​ណាន់​ដូ ដឺ អាប់​សា​កាល់ ស៊ូ​សា បានក្លាយ​ជា​ឩ​បក​រណ៍ ក្នុងការ​ចាត់ចែង​កង​ទ័ព (​កងទ័ព​រាជានិយម​) ដើម្បី​សង្កត់សង្កិន​ទៅលើ​ការ​ងើប​បះបោរ នៃ ប៉េ​រូ ខាងលើ និង ដើម្បី​ការពារ​ពី​ការ​លុក​ចូល​តំបន់ នោះ​ពី​សំណាក់​កងទ័ព​ដែល​បញ្ជូន​ដោយ ក្រុមប្រឹក្សា​កងទ័ព ជុន​តា របស់​អាណាខេត្ត​រួបរួម រី​អូ ដឺ ឡា ផ្លា​តា ( បច្ចុប្បន្ន អា​ហ្ស​ង់​ទីន ) ។​

​បន្ទាប់ពី​ជោគជ័យ​របស់​កងទ័ព​រាជានិយម​មក ចុ​ល្ល​រាជ្យ អាប់​សា​កាល់ បានដាក់ តំបន់ ប៉េ​រូ ខាងលើ បញ្ចូល​ទៅជា​ដែនដី​អ្នករាជានិយម ទាំងអស់ ។ ដោយហេតុនេះ ប៉េ​រូ នៅតែ​ជា​អ្នករាជានិយម យ៉ាងរឹងមាំ ហើយ​បាន​ចូលរួម​កំណែទម្រង់​នយោបាយ ចាប់ពី​ឆ្នាំ ១៨១០-១៨១៤ ។ ប៉េ​រូ បានបង្ហាញ​ខ្លួន​នៅ​សម័យប្រជុំ​ដំបូង នៃ ក្រុមប្រឹក្សា​កងទ័ព Cortes របស់​អេ​ស្ប៉ា​ញ ដែល​រៀបចំឡើង​ដោយ​នុ​ប្រទេស ទាំង​៧ និង ក្រុមប្រឹក្សា​អាណានិគម អេ​ស្ប៉ា​ញ Cadildos ។​ដោយហេតុនេះ បេ​រ៉ូ បាន​ក្លាយជា​ដែនដី​ឯនាយ​ទី​២ របស់ រាជានិយម អេ​ស្ប៉ា​ញ នៅ​អាមេរិក ខាងត្បូង ។

​ចលនា​សភានិយម​
​ទោះជា​ដែនដី ប៉េ​រូ ជាទូទៅ​ត្រូវបាន​គេ​មើលឃើញថា​ជា​អ្នករាជានិយម ក្តី ក៏មាន​ចលនា សភា​នីតិបញ្ញត្តិ​និយម កើតឡើង​ដែរ គឺមាន​ចលនា​បះបោរ​នៅ​ទីក្រុង​ភាគខាងត្បូង​នៅ​ឆ្នាំ ១៨១១ និង ១៨១៣ ។ ចលនា​ដ៏​សំខាន់​មួយ​ដឹកនាំ​ដោយ​ពួក​អ្នក​ជនជាតិដើម នៅ​តំបន់ Huanuco បានចាប់ផ្តើម​នៅ​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ១៨១២​។ ចលនា​នេះ ពាក់ព័ន្ធ​ដោយ​មេដឹកនាំ​នានា ក្នុងនោះ​មាន​ទាំង​មេដឹកនាំ​មូលដ្ឋាន និង ចៅហ្វាយខេត្ត​ផងដែរ ប៉ុន្តែ​ត្រូវបាន បង្ក្រាប ទៅវិញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ប៉ុណ្ណោះ ។ ចលនា​យ​ដែល​ស្ថិតនៅ​បានយូរ​ជាង​នេះ​គឺ​ចលនា​ឩ​ទ្ទាម នៅ​តំបន់ Cusco ដែលមាន​រយៈពេល​ចាប់ពី​ឆ្នាំ ១៨១៤-១៨១៥ ។​

​ចលនា​ឱ​ទ្ទាម​នេះ​ចាប់ផ្តើម​ឡើង​ដោយ​ការប្រឈមមុខ​ដាក់គ្នារ​វាង​ស្ថាប័ន​ធម្មនុញ្ញ Cabildos និង តុលាការ​កំពូល Audiencia នៃ តំបន់ Cuzco ជុំវិញ​រដ្ឋបាល នៃ ទីក្រុង​តំបន់ Cuzco គឺ​តុលាការ​កំពូល Audiencia ទាមទារ​នូវ​កំណែទម្រង់​សេរីភាព​មួយចំនួន ។ ពេលនោះ​មន្ត្រី​របស់ Cabildos និង សម្ព័ន្ធមិត្ត ត្រូវបាន តុលាការ​កំពូល Audiencia ចាប់ខ្លួន ។ ប៉ុន្តែ​បន្ទាប់ពី​បាន ជោគជ័យ​មួយចំនួន​នៅ​ភាគខាងត្បូង នៃ ប៉េ​រូ និង ប៉េ​រូ ខាងជើង មក ចលនា​ឩ​ទ្ទាម​នេះ ត្រូវបាន​កម្ទេច​នៅ​ពាក់កណ្តាល​ឆ្នាំ ១៨១៥ ។

​ចូ​សេ ដឺ សាន់ ម៉ា​ទីន​-​កងទ័ព​រំដោះ ប៉េ​រូ
​បន្ទាប់ពី​បាន​កម្ទេច​ចលនា​ឩ​ទ្ទាម​ដូច​បាន​រៀបរាប់​ខាងលើ​មក ចុ​ល្ល​រាជ្យ ប៉េ​រូ រៀបចំ​បេសកកម្ម​ពីរ ដែល​ត្រូវអនុវត្ត​ដោយ​កងទ័ព​រាជានិយម នៃ តំបន់ Lima និង Arequipa និង បេសកកម្ម​មូលដ្ឋាន​ពី អឺរ៉ុប ដើម្បី​ប្រឆាំងនឹង​ពួក​អ្នកស្នេហាជាតិ ឈី​លី ។ បេសកកម្ម​នេះ​បាន​ជោគជ័យ​ដោយបាន​លុកលុយ ប្រទេស ឈី​លី នៅ​ឆ្នាំ ១៨១៤ ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៨១៧ បេសកកម្ម​នេះ​បាន​បរាជ័យ ហើយ បេសកកម្ម​ទី​២ ប្រឆាំង​អ្នកស្នេហាជាតិ ឈី​លី មានបំណង​ចង់​ស្តារ​រាជានិយម​ឡើងវិញ នៅ​ឆ្នាំ ១៨១៨ ។ ប៉ុន្តែ​ទីបំផុត​បេសកកម្ម​នេះ បាន​ត្រូវកម្ទេច​ក្រោម​កងទ័ព​របស់លោក​ឩ​ត្ត​ម​សេនីយ៍ ចូ​សេ ដឺ សាន់ ម៉ា​ទីន នៃ ប្រទេស អា​ហ្ស​ង់​ទីន (​ដែល​ក៏​កំពុង​ស្ថិតក្រោម​ការត្រួត​ត្រា​របស់ អេ​ស្ប៉ា​ញ ដែរ ) ។
​ដើម្បី​ចាប់ផ្តើម​រំដោះប្រទេស ប៉េ​រូ នោះ អា​ហ្ស​ង់​ទីន និង ឈី​លី បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា នៅ​ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ១៨១៩ ដើម្បី​ចូលលុកលុយ ប៉េ​រូ ពី អេ​ស្ប៉ា​ញ ។ ឩ​ត្ត​ម​សេនីយ៍ ចូ​សេ ដឺ សាន់ ម៉ា​ទីន ជឿជាក់ថា ការរំដោះ អា​ហ្ស​ង់​ទីន នឹង​មិនមាន​និរន្តរភាព​ឡើយ​លុះណាតែ​ផ្តួលរំលំ​ទីបញ្ជាការ កណ្តាល​កងទ័ព​រាជានិយម ប៉េ​រូ ។

​បន្ទាប់ពី​បាន​ជោគជ័យ​បន្តបន្ទាប់​ក្នុងការ​រំដោះ ឈី​លី (​ពី​អេ​ស្ប៉ា​ញ​) មក ពួក​អ្នកស្នេហាជាតិ បាននាំគ្នា​រៀបចំ​កងទ័ព​ដើម្បី​វាយលុក​រំដោះ ប៉េ​រូ ទៀត ហើយ​កងទ័ពជើងគោក​ត្រូវ​ស្ថិតក្រោម ការបញ្ជា​របស់​ឩ​ត្ត​សេនីយ៍ ចូ​សេ ដឺ សាន់ ម៉ា​ទីន ចំណែក​កងទ័ពជើងទឹក​បញ្ជា​ដោយ​ឩ​ត្ត​មនា​វី ថូ​ម៉ាស អា​ឡិច​សាន់​ឌើ​រ៍ កូ​ក្រា​ណេ អង់គ្លេស ដែល​កងទ័ព​នេះ​ឱ្យ​ឈ្មោះថា Peruvian Liberation ឬ កងទ័ព រំដោះ ប៉េ​រូ ។​

​នៅ​ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ១៩២០ កងទ័ព Peruvian Liberation ក្រោម​ទង់ជាតិ ឈី​លី បាន​ទៅដល់​ទីក្រុង Valparaiso ។ នៅ​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩២០ កងទ័ព រំដោះ បាន​ចាប់យក​ខេត្ត Pisco ។ ថ្ងៃទី ១៥ ខែ កញ្ញា ចុ​ល្ល​រាជ្យ ប៉េ​រូ បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​ឩ​ត្ត​ម​សេនីយ៍​សាន់ ម៉ា​ទីន ដើម្បី​សុំ​ចរចា ។ ប៉ុ​ន្តេ​ការចរចា បាន​បរាជ័យ​នៅ​ថ្ងៃទី ១៤ តុលា ឆ្នាំ​នោះ ។​

ប្រកាស​ឯករាជភាព​
​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ១៨២០​ឩ​ត្ត​ម​សេនីយ៍ ចូ​សេ ដឺ សាន់ ម៉ា​ទីន បាន​បង្កើត​ទង់ជាតិ សាធារណរដ្ឋ ប៉េ​រូ ។ នៅ​ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ១៨២០ អ្នកស្នេហាជាតិ ប៉េ​រូ ខាងលើ ដឹកនាំ​ដោយ​ឩ​ត្ត​ម​សេនីយ៍ Juan Antonio Álvarez de Arenales បានប្រកាស​ឯកា​រាជ​ភាព​របស់​ទីក្រុង នៃ ដែនដី Huamanga ហើយ​បាន​រួបរួម​ជាមួយ ឩ​ត្ត​ម​សេនីយ៍ ចូ​សេ ដឺ សាន់ ម៉ា​ទីន នៅ​ថ្ងៃទី ៨ ខែ មករា ឆ្នាំ ១៨២១ ហើយ​បាន​ច្បាំង​ឈ្នះ​កងទ័ព​រាជានិយម​ជា​បន្តបន្ទាប់ ។​

​ចុ​ល្ល​រាជ្យ នៃ ឧបទ្វីប ប៉េ​រូ ត្រូវបាន​បណ្តេញចេញ ហើយ​ជំនួស​ដោយ​ឩ​ត្ត​ម​សេនីយ៍ José de la Serna នៅ​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ១៨២១ ។ នៅ​ខែ មីនា ឆ្នាំ ១៨២១ កងទ័ព​ដឹកនាំ​ដោយ ឩ​ត្ត​ម​សេនីយ៍ មី​ល្លឺ​រ៍ និង ឩ​ត្ត​ម​សេនីយ៍ កូ​ក្រា​ណេ បាន​វាយប្រហារ​ទៅ​លើក​កំពង់ផែ របស់​អ្នករាជានិយម​នៅ Arica និង Tacna ។ ចុ​ល្ល​រាជ្យ ថ្មី​នៅ​ទីនោះ បានប្រកាស​ដកខ្លួន​ចេញពី​តំបន់ លី​ម៉ា នៅ​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៨២១ ប៉ុន្តែ​បាន​បញ្ជា​ឱ្យ​ក​កងទ័ព​របស់ខ្លួន​តស៊ូ​ជាមួយ កងទ័ព​រំដោះ​។

​ថ្ងៃទី​២៥ ខែ មិថុនា ឆ្នាំ ១៨២១ កងទ័ព​រាជានិយម ដឹកនាំ​ដោយ​ឩ​ត្ត​ម​សេនីយ៍ ចូ​សេ ដឺ សាន់​តេ​រ៉ា​ក់ បាន​ចាក​ចេញពី​ទីក្រុង លី​ម៉ា ឆ្ពោះទៅ​ដែនដី​ខាងលើ ។ ឩ​ត្ត​ម​សេនីយ៍ Arenales ត្រូវបាន​ឩ​ត្ត​ម​សេនីយ៍ សាន់ ម៉ា​ទីន បញ្ជូន​ឱ្យទៅ​ស៊ើបការណ៍​អំពី​កងទ័ព​រាជានិយម ។ ពីរ​ថ្ងៃ​ក្រោយមក កងទ័ព​រំដោះ បាន​ចូលដល់​ទីក្រុង លី​ម៉ា ហើយ​ក៏មាន​អ្នកស្រុក​នៅ​តំបន់ ជាច្រើន​នាំគ្នារ​ត់ទៅ​ជ្រកកោន​ក្រោម​លោក​អំណាច​ឩ​ត្ត​ម​សេនីយ៍ សាន់ ម៉ា​ទីន ។​

​ជាថ្មី​ម្តងទៀត នៅក្នុង​ទីក្រុង លី​ម៉ា លោក​ឩ​ត្ត​ម​សេនីយ៍ សាន់ ម៉ា​ទីន បាន​អញ្ជើញ​មនុស្ស ពី​គ្រប់ផ្នែក​ដែលមាន មនុស្ស​ច្រើន​នៅ​ទីក្រុង លី​ម៉ា ឱ្យ​ស្បថ​ដើម្បី​បុព្វហេតុ​ឯករាជភាព របស់ ប៉េ​រូ ។ ពិធី​ចុះហត្ថលេខា​លើ​កម្មវិធី​ដើម្បី​ឯករាជភាព របស់ ប៉េ​រូ ត្រូវបានធ្វើ​នៅ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៨២១ ។ ឩ​ត្ត​មនា​វី កូ​ក្រា​ណេ ត្រូវបាន​ស្វាគមន៍ នៅ​ទីក្រុង លី​ម៉ា នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៨២១ នោះ ។

​ព្រឹត្តិការណ៍​ដ៏​រន្ទឺ​ឮ​ខ្ទរខ្ទា​បានកើត​ឡើង នោះ​គឺ​នៅ​ថ្ងៃទី ២៨ ខែ ក្កដា ឆ្នាំ ១៨២១ លោក​ឩ​ត្ត​ម​សេនីយ៍ ចូ​សេ ដឺ សាន់ ម៉ា​ទីន បានប្រកាស ឯការ​ជ​ភាព ( ពី​អេ​ស្ប៉ា​ញ ) របស់ ប៉េ​រូ នៅក្នុង​រាជវាំង ផ្លា​ហ្សា នៃ ទីក្រុង លី​ម៉ា ខណៈដែល​សង្គ្រាម​នៅ​មិនទាន់​រលត់​ទៅ​នៅឡើយ ។ បន្ទាប់ពី​បានដឹងថា អនុ​រាជ្យ ថ្មី បាន​បញ្ជា​កងទ័ព​រប​ស់​ខ្លួន​ឱ្យ​ប្រយុទ្ធ​នឹង​កងទ័ព​រំដោះ​នោះ លោក សាន់ ម៉ា​ទីន បាន​ចាក​ចេញពី​ទីក្រុង លី​ម៉ា នៅ​ថ្ងៃទី ១៦ តុលា ឆ្នាំ ១៨២១ នោះ ហើយ​បាន​រួបរួម​ជាមួយ​កងទ័ពរ​បស់​ឩ​ត្ត​ម​សេនីយ៍ ចូ​សេ ដឺ ឡា ម៉ា នៅ Real Felipe ។ នៅ​ទីនោះ ពួក​សាធារណរដ្ឋ ប៉េ​រូ បាន​បណ្តេញ​ពួកកងទ័ព​រាជានិយម រហូតដល់ Jauja នៅ​ឆ្នាំ ១៨២១ នោះ ។​

​ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៨២២ ឩ​ត្ត​ម​សេនីយ៍ ចូ​សេ ដឺ សាន់ ម៉ា​ទីន បាន​ជួប​ជាមួយ​ឩ​ត្ត​ម​សេនីយ៍ ស៊ី​ម៉ុ​ន បូ​លី​វ៉ា មេដឹកនាំ​ចលនា​ភាគ​ខាងជើង ពិភាក្សាគ្នា​អំពី​អនាគត ប៉េ​រូ (​និង អាមេរិក​ខាងត្បូង​) ។ ឩ​ត្ត​ម​សេនីយ៍ សាន់ ម៉ា​ទីន ចង់បាន​ប្រទេស ប៉េ​រូ ជា​ប្រទេស​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ ចំណែក​ឩ​ត្ត​ម​សេនីយ៍ ស៊ី​ម៉ុ​ន បូ​លី​វ៉ា ចង់បាន ប៉េ​រូ ជា​ប្រទេស​សាធារណរដ្ឋ ។ ទោះយ៉ាងណា មេដឹកនាំ​ទាំងពីរ​សុទ្ធតែ ជា​អ្នក​រើ​បម្រាស​ដើម្បីឱ្យ​ប៉េ​រូ ឯករាជ្យ ពី​អេ​ស្ប៉ា​ញ ដូចគ្នា ។ បន្ទាប់ពី​បាន​ពិនិត្យពិច័យ​រួចមក ឩ​ត្ត​ម​សេនីយ៍ សាន់ ម៉ា​ទីន បាន​ចាក​ចេញពី ប៉េ​រូ នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៨២២ ហើយ​ប្រគល់​ការដឹកនាំ​ចលនា​ឯករាជភាព ទៅ ឱ្យ​លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង ។​

​ទិដ្ឋភាព​បែបនេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​ខ្វែងគំនិត​គ្នា នៃ ពួក​អ្នកតស៊ូ​ដើម្បី​ឯករាជ្យ ជាហេតុ​នាំឱ្យ​ពួកគេ​ចាប់ផ្តើម​ជួបប្រទះ​នូវ​ការ​ចាញ់​កងទ័ព​រាជានិយម​ជា​ហូរហែ ធ្វើឱ្យ​រដ្ឋ ប៉េ​រូ ជាប់ផុង​កណ្តាល​ទី​ដែល​ពោរពេញ​ទៅដោយ​សង្គ្រាម​ពេញ​ផ្ទៃ​ប្រទេស ហើយ​ជាទូទៅ ប្រទេស​ទាំងមូល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ពួក​អ្នករាជានិយម ។ ចុ​ល្ល​រាជ្យ (​ស្តេច​ចំណុះ​) ឡា សឺ​ណា បាន​បង្កើត​រាជធានី នៅ Cuzco ។ នៅ​ឆ្នាំ ១៨២៤ កងទ័ព​រាជានិយម​នៅ​តំបន់ Alto Peru (​បច្ចុប្បន្ន​ប្រទេស បូ​លី​វ៉ា ) បាន​រុលទៅមុខ​ឆ្ពោះទៅ​សរម​ភូមិ​នៅ​តំបន់ Junin និង តំបន់ Ayacucho ។ ប៉ុន្តែ​នៅ​ទីនោះ កងទ័ព​រំដោះ ប៉េ​រូ ក្រោម​បញ្ជាការ​របស់​ឩ​ត្ត​ម​សេនីយ៍ ស៊ី​ម៉ុ​ន បូ​លី​វ៉ា បាន​យកឈ្នះ​លើ​កងទ័ព​រាជានិយម​ហើយ​ទីបំផុត​សង្គ្រាម​ត្រូវ​បានបញ្ចប់​ទាំងស្រុង​នៅពេលដែល​បន្ទាយ​ចុងក្រោយ នៃ កងទ័ព​រាជានិយម បាន​ចុះចាញ់​នៅឯ Real Felipe Fortress នា​ឆ្នាំ ១៨២៦ ៕ ​ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​គំនូរ​ពណ៌នា​អំពី​កាលដែល​ឩ​ត្ត​ម​សេនី ចូ​សេ ដឺ សាន់ ម៉ា​ទីន ប្រកាស​ឯករាជភាព ប៉េ​រូ (peru 1)
​ទិដ្ឋភាព​តំបន់ឆ្នេរ​សមុទ្ទ នៃ ទីក្រុង លី​ម៉ា ប្រទេស ប៉េ​រូ (peru 2)