ទិវា​ឯករាជ្យ​ជាតិ នៃប្រជាជន ម៉ាលី​

915

​ភ្នំពេញ​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ាលី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន​នៅ​ថ្ងៃទី ២២ ខែ កញ្ញា ដើម្បី រំឭក​ដល់​ព្រឹត្តិការណ៍​ដែល​ពួកគេ​ទទួលបាន​ឯករាជភាព ពី​អាណានិគម​បារាំង​កាលពី​ឆ្នាំ​១៩៦០ ប៉ុន្តែ​បន្ទាប់ពី​នោះមក​ពួកគេ​ត្រូវ​ឆ្លងកាត់​នូវ​ព្រឹត្តិការណ៍ តស៊ូ​ដែល​បាន​លះបង់​ជីវិត​ជាច្រើន​ទៀត ទម្រាំ​បាន​សុខសាន្តត្រាណ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​

​សាធារណរដ្ឋ ម៉ាលី មាន​ផ្ទៃដី​ជាង ១.២៤០.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក ខាងលិច មាន​ព្រំដែន​ជាប់​ប្រទេស អាល់​ហ្ស៊េ​រី វាល​ខ្សាច់ សាហា​រ៉ា គូ​ឌឺ​វ័រ សេនី​ហ្កា​ល់ និង ហ្គី​ណេ ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ១៩ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ។ ភាសាផ្លូវការ មាន​ចំនួន​១៥ ភាសា ប៉ុន្តែ​ភាសា​ដែល​គេ​និយាយ​ច្រើន​បំផុត​គឺ​ភាសា​បារាំង និង បាំ​បា​រ៉ា រដ្ឋធានី​គឺ​ទីក្រុង បា​ម៉ា​កូ ។​

​ប្រវត្តិសាស្ត្រ​
​នៅ​សតវត្សរ៍​ទី ១៤ អាណាចក្រ ម៉ាលី បាន​ឡើងដល់​អំណាច​កំពូល​របស់ខ្លួន ហើយ​ទីក្រុង Djenné និង ទីក្រុង Timbuktu គឺជា​បណ្តុំ​ពាណិជ្ជកម្ម និង ការសិក្សា​ខាង​សាសនា​អ៊ិ​ស្លាម ។ ប៉ុន្តែ​ក្រោយមក អាណាចក្រ ម៉ាលី បាន​ស្គាល់​ឱនភាព ដោយសារ​ការ​កាច់​កុង​គ្នា​ផ្ទៃក្នុង ហើយដោយ​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​អាណាចក្រ​ជិតខាង​គឺ​អាណាចក្រ សុង​ហៃ (​បច្ចុប្បន្ន នី​ហ្ស៊េ​រី​យ៉ា ភាគ​ពាយ័ព្យ ) ដែល​អាណាចក្រ សុង​ហៃ គឺជា​មហាអំណាច​ដ៏​យូរលង់​បំផុត​នៅ​អាហ្វ្រិក​ខាងលិច​ប៉ុន្តែ ពេលនោះ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​អាណាចក្រ ម៉ាលី ។​

​នៅ​ចុង​សតវត្សរ៍​ទី ១៤ សុង​ហៃ ទទួលបាន​ឯករាជភាព ពី ម៉ាលី ហើយ​បាន​ពង្រីក​ខ្លួន​យក​ភាគច្រើនបំផុត នៃ ដែនដី​ភាគ​ខាងកើត​របស់ ម៉ាលី ។ ប៉ុន្តែ សុង​ហៃ បាន​ដួលរលំ​នៅ​ឆ្នាំ ១៥៩១ ដោយសារ​ការឈ្លានពាន​ពី​សំណាក់ ម៉ា​រ៉ុ​ក ដែល​ប្រការនេះ​បានបញ្ចប់​តួនាទី​របស់​សុង​ហៃ ជា​ផ្លូវ​ឆ្លងកាត់​ពាណិជ្ជកម្ម ក៏ដោយ​សារ​ពួក​មា​ហា​អំណាច​អឺរ៉ុប បង្កើត​ការជួញដូរ​តាមផ្លូវ​សមុទ្រ​វិញ ។​

​ក្រោម​អាណានិគម​បារាំង
​នៅ​សតវត្សរ៍​ទី ១៩ វត្តមាន​របស់​មហាអំណាច​អឺរ៉ុប ចូលទៅក្នុង​ទឹកដី​អាហ្វ្រិក បានធ្វើឱ្យ​អាណាចក្រ​នានា​នៅ​ទីនោះ​បាត់បង់​ម្ចាស់ការ​លើ​ខ្លួនឯង​ជា​បន្តបន្ទាប់ ។ គិត​ត្រឹម ឆ្នាំ ១៩០៥ តំបន់​ភាគច្រើនបំផុត នៃ អាណាចក្រ ម៉ាលី បាន​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់​បារាំង ហើយ​បានក្លាយ​ជាមាន​ឈ្មោះថា ស៊ូដង់ បារាំង ។

​ការឈឺ​ចាប់ពី​ការត្រួតត្រា​របស់​បារាំង នៅ​ឆ្នាំ ១៩៥៩ តំបន់ ស៊ូដង់ បារាំង និង សេនី​ហ្កា​ល់ បាន​រួបរួមគ្នា​បង្កើតបានជា សហព័ន្ធ ម៉ាលី ឡើងវិញ ។ សហព័ន្ធ ម៉ាលី តស៊ូ​រហូត​ដណ្តើមបាន​ឯករាជ្យ​របស់ខ្លួន​ពី​បារាំង នៅ​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៦០ ។

​សេនី​ហ្កា​ល់ បាន​ដកខ្លួន​ចេញពី​សហព័ន្ធ ម៉ាលី នៅ​ខែ សីហា ឆ្នាំ ១៩៦០ បន្សល់ទុក​នូវ​ម៉ាលី តែម្នាក់ឯង ។ ដោយហេតុ​នោះ ម៉ាលី បានប្រកាស​ខ្លួន​ទៅជា សាធារណរដ្ឋ ម៉ាលី នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៦០ ។ លោក Modibo Keïta បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ដំបូង​បំផុត​របស់ ម៉ាលី ហើយ​បាន​បង្កើតជា​រដ្ឋ​មួយ​ដែល​គ្រប់គ្រង​ដោយ​ឯក​បក្ស ។ នៅ​ឆ្នាំ ១៩៤០ ម៉ាលី មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៤,១ លាន​នាក់ ។ ទិវា​ឯករាជ្យ​ជាតិ ម៉ាលី ត្រូវបាន​ធ្វើឡើង​ដើម្បី រំឭក​ដល់​ថ្ងៃ នៃ ថ្ងៃ​នេះឯង ។​

​រួច​ពី​អន្ទាក់​ធ្លាក់ចូល​រណ្តៅ​ភ្លើង​
​របប​គ្រប់គ្រង​ឯក​បក្ស​នេះ បាន​ជោគជ័យ​ការងារ​មួយចំនួន ប៉ុន្តែ​បែរជា​មាន​ឱនភាព​ផ្នែក​សេដ្ឋកិច្ច ។ នៅ​ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩៦៨ របប​របស់លោក Keïta ត្រូវបាន​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា​ដោយ​គ្មាន​ការ​បង្ហូរឈាម​ដឹកនាំ​ដោយ​លោក​ឩ​ត្ត​ម​សេនីយ៍ Moussa Traoré (​បច្ចុប្បន្ន ថ្ងៃនោះ ត្រូវបាន​ប្រារព្ធ​ជា​ទិវា​រំដោះ ) ។

​បន្ទាប់មក រដ្ឋាភិបាលយោធា​របស់​លោក​ប្រធានាធិបតី (​ឧ​ត្ត​ម​សេនីយ៍​) Traoré បាន​ខិតខំ​ស្តារ​សេដ្ឋកិច្ច ។ ប៉ុន្តែ​កិច្ចខិតខំ​នោះ​ពុំបាន​សម្រេច​ឡើយ ដោយសារ​ភាពច្របូកច្របល់​ផ្នែក​នយោបាយ និង គ្រោះរាំងស្ងួត​ពី​ឆ្នាំ ១៩៦៨-១៩៧០ ហើយ​ចន្លោះ​ពេលនោះ គ្រោះ​ទុ​រ្ភឹ​ក្ស បានសម្លាប់​មនុស្ស​អស់​រាប់ពាន់នាក់ ។ នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ រដ្ឋាភិបាល​របស់លោក Traoré បាន​ប្រឈម​នឹង​ការ​ងើប​ប្រឆាំង​របស់​ពួក​និស្សិត និង ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ៣ លើក ។ ប៉ុន្តែ​រដ្ឋាភិបាលយោធា​បាន​បង្ក្រាប​នូវ​រាល់​អ្នក​មានគំនិត​ប្រឆាំង​ទាំងអស់​រហូតដល់​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ។​

​រដ្ឋាភិបាល​របស់លោក Traoré នៅតែមាន​បំណង​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច ប៉ុន្តែ​ប្រជា​ល​រដ្ឋ​កាន់តែ​មិន​ពេញចិត្ត​ខ្លាំង​ឡើងៗ​ចំពោះ​រដ្ឋាភិបាល​នេះ ។ ឆ្លើយតប​ទៅនឹង​ការទទូច​ទាមទារ​រក​របប​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស រដ្ឋាភិបាល​លោក Traoré បានធ្វើ​សេរី​កម្ម​នយោបាយ​យ៉ាង​មានកំណត់​មួយ ។ នៅ​ឆ្នាំ ១៩៩០ មានការ​ងើប​បះបោរ​ប្រឆាំង​យ៉ាង​ច្របូកច្របល់ ។​

​ការប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​របស់​ពួក​និស្សិត​នៅ​ខែ មករា ឆ្នាំ ១៩៩១ ត្រូវបាន​បង្ក្រាប​ដោយ​ឃោរឃៅ ដោយមាន​ការចាប់ខ្លួន និង ធ្វើ​ទារុណកម្ម​ទៅលើ​មេដឹកនាំ និង អ្នកចូលរួម​ចលនា​នេះ​ជាច្រើន​ករណី ។ ប៉ុន្តែ​សកម្មភាព​ប្រឆាំង​តវា​នៅតាម​អាគារ​ធំៗ​នៅតែមាន​ជា​បន្ត ហើយ​អំពើហិង្សា​ក៏​កើត​ឡើងជា​ហូរហែ ។​

​ចាប់ពី​ថ្ងៃទី ២២ ខែ មីនា ដល់ ថ្ងៃទី ២៦ ឆ្នាំ ១៩៩១ សម្ព័ន្ធ​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង កូដកម្ម​ទូទាំងប្រទេស ទាំង​ទីក្រុង និង ជនបទ បាន​ផ្ទុះឡើង ដែល​ត្រូវបាន​គេ​ហៅថា បដិវត្តន៍ ខែ មីនា ។​

​នៅ​ទីក្រុង បា​ម៉ា​កូ ឆ្លើយតប​ទៅនឹង​បាតុកម្ម​រៀបចំ​ដោយ​និស្សិត​តាម​សកលវិទ្យា​ល័យ ពួក​សហជីព​ជំនួញ និង មនុស្ស​មកពី​ប្រភព​នានា​នោះ ទាហាន​បាន​បើក​ការបាញ់រះ យ៉ាង​ពេញទំហឹង​ទៅលើ​ពួក​បាតុករ​អហិង្សា ។ កុប្បកម្ម​ក៏បាន​ផ្ទុះឡើង​ភ្លាម បន្ទាប់ពី​ការបាញ់ រះ​នោះ ។ របាំង និង បា​រ៉ា​ស់​ផ្លូវ​ត្រូវបាន​ដាក់ពង្រាយ ហើយ​ប្រធានាធិបតី Traoré បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន និង ដាក់​យប់នោះ​ចូល​ជា​បម្រាម​គោចរ ។

​ត្រឹម​រយៈពេល ៤ ថ្ងៃ ជីវិត​មនុស្ស​ជាង ៣០០ ត្រូវបាន​ផ្តាច់ផ្តិល ប៉ុន្តែ​ពួក​បាតុករ​អហិង្សា​នៅតែ​បន្ត​នាំគ្នា​ហែ​ចូលទៅ​ទីក្រុង បា​ម៉ា​កូ ហើយ​ទាមទារ​ឱ្យ​ប្រ​ធា​ធិបតី​ផ្តាច់ការ Traoré ចុះ​ចេញពី​តំណែង និង ប្រតិបត្តិ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ។

​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៩១ គឺជា​ថ្ងៃ​ដែលមាន​ការប៉ះទង្គិច​គ្នា​ដ៏​ធំ​បំផុត​រវាង​ទាហាន និង ពួក​និស្សិត​បាតុករ​អហិង្សា ដែលជា​ការសម្លាប់​រង្គាល​កម្រិត​ខ្ពស់បំផុត ដោយបាន​សម្លាប់​មនុស្ស​រាប់រយ​នាក់​ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក​ប្រធានាធិបតី Moussa Traoré និង អ្នក​ស្និទ្ធ​នឹង​គាត់ ៣ នាក់​ផ្សេងទៀត ។ ពួក​និស្សិត​បាតុករ​ទាំងនោះ ទោះជា​ស្លាប់​ច្រើន​យ៉ាងណា ក៏​ពួកគេ​នៅតែ​មិន​រាថយ មិន​ចុះ​ញ៉ម​នឹង​សេចក្តីស្លាប់​ជាដាច់ខាត ។ ចំណែក​ក៏​ង​ទ័ព ក៏​ចេះតែ​បាញ់រះ​ឥត​ប្រណី ។ ភាព​សន្ធោរ​សន្ធៅ​របស់​កងទ័ព ទៅលើ​បាតុករ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​រីក​យ៉ាង​រាលដាល ។​

​ប៉ុន្តែ​គេ​ថា​នៅក្នុង​លូទឹកស្អុយ ក៏​គង់​មាន​ស្រមោល​ព្រះ​ចន្ទ ។ យ៉ាងណាមិញ ក្នុងចំណោម​ពួកកងទ័ព​ក្រោម​ការក្តោបក្តាប់​យ៉ាង​តឹងរ៉ឹង និង យ៉ាង​ណែន​របស់​ប្រធានាធិបតី Moussa Traoré នោះ ក៏មាន​មន្ត្រី​យោធា និង យោធា​ជាច្រើន មិន​ពេញចិត្ត​នឹង​របប​របស់​ប្រធានាធិបតី​ដែល​បញ្ជា​ឱ្យ​កងទ័ព​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះដែរ ។ ប៉ុន្តែ​ពួកគេ​ចេះតែ​ធ្វើជា​ពេញចិត្ត​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​តែប៉ុណ្ណោះ ។ លុះ​បាន​ស្ថានភាព​សមរម្យ ពួកគេ ក៏​បង្ហាញ​សារជាតិ​ពិតប្រាកដ​របស់​ពួកគេ​ភ្លាម ។​

​នៅក្នុង​ថ្ងៃទី ២៦ ខែ និង ឆ្នាំ ដដែល​នោះ ដោយ​មើលឃើញ​ពី​ភាពព្រៃផ្សៃ​ដូច្នោះ កងទ័ព​រាប់ពាន់នាក់ បាន​ទម្លាក់អាវុធ​របស់ខ្លួន ហើយ​ទៅ​ចូលរួម​ជាមួយ​ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ វិញ ។ នៅ​រសៀល​ថ្ងៃទី ២៦ នោះ អនុសេនីយ៍ឯក​ឈ្មោះ Amadou Toumani Touré បានប្រកាស​តាម​វិទ្យុ​ថា គាត់​បាន​ចាប់ខ្លួន​ប្រធានាធិបតី​ផ្តាច់ការ Moussa Traoré ហើយ ។ ដំណឹង​នោះបាន​ញ៉ាំងឱ្យ​សំលេង​យំសោក​ដោយ​ក្តី​ត្រេកអរ និង ការ​សាទរ បាន​លាន់ឮ​ឡើង​ទូទាំងប្រទេស ម៉ាលី ។​

​ព្រឹត្តិការណ៍​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​រដ្ឋប្រហារ ខែ មីនា ឆ្នាំ ១៩៩១ របស់ ម៉ាលី ។ ប្រធានាធិបតី Moussa Traoré និង អ្នក​ស្និទ្ធ​នឹង​គាត់​ទាំង ៣ នាក់​ដែលមាន​ទំនួល​ខុសត្រូវ​បញ្ជា​កងទ័ព​ឱ្យ​បាញ់សម្លាប់​បាតុករ ត្រូវបាន​កាត់ទោស​ប្រហារជីវិត ។

​បន្ទាប់មក​ពួក​គណបក្ស​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក ប្រធានាធិបតី Moussa Traoré ត្រូវបាន​ផ្តល់​ឱ្យនូវ​ភាពស្របច្បាប់​ថា​ជា​គណបក្សនយោបាយ ហើយ​សមាជជាតិ នៃ ក្រុម​ពួក​អ្នកនយោបាយ និង សង្គម​ស៊ីវិល បាន​ជួបជុំគ្នា​ដើម្បី​ព្រាង​រដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ​ថ្មី​មួយ សម្រាប់​បោះឆ្នោត​ធ្វើ​ប្រជាមតិ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ក្បួនព្យុហយាត្រា​កងទ័ព ម៉ាលី
ទីក្រុង បា​ម៉ា​កូ នៃ ប្រទេស ម៉ាលី