ទិវា​ឯករាជ្យ​ជាតិ នៃសាធារណរដ្ឋ ប៉ា​គី​ស្ថាន​

209
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ប៉ា​គី​ស្ថាន ប្រារព្ធ ទិវា​សាធារណៈ របស់ខ្លួន​ដើម្បី រំឭក​ដល់ បដិវត្តន៍ ឬ សេចក្តីប្រកាស នៅ​ទីក្រុង Lahore ខេត្ត ពុន​ចាប់ ដែល ត្រូវបានគេ​ស្គាល់​ផងដែរ​ថា បដិវត្តន៍ ប៉ា​គី​ស្ថាន គឺជា​សេចក្តីថ្លែងការណ៍​នយោបាយ​ផ្លូវការដែលអនុម័ត​ដោយគណបក្សសម្ព័ន្ធ​មូស្លីម ឥណ្ឌា ក្នុងឱកាស​ជួបជុំ​មហាជន​រយៈពេល​បីថ្ងៃ ខែមីនា ឆ្នាំ១៩៤០ ដើម្បី ទាមទារ​រក​ការបង្កើត​រដ្ឋ​មូស្លីម​ឯករាជ្យមួយ​ចេញពីប្រទេស​ឥណ្ឌា ។​

​ភូមិសាស្ត្រ​
សាធារណរដ្ឋ អ៊ីស្លាម ប៉ា​គី​ស្ថាន មាន​ផ្ទៃដី ៧៩៦.០៩៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ មាន​ឆ្នេរ​សមុទ្ទ​ប្រវែង ១.០៤៦ គីឡូម៉ែត្រ មាន​ព្រំដែន​ជាប់​នឹង សមុទ្ទ​អារ៉ាប់ និង ឈូង​ស​មុ​ទ្ធ អូ​ម៉​ង់ ឥណ្ឌា អា​ហ្វ​កា​នី​ស្ថាន អ៊ីរ៉ង់ និង ប្រទេស ចិន ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ជាង ២០៥ លាន​នាក់ រដ្ឋធានី​គឺ​ទីក្រុង អ៊ីស្លាម​ម៉ា​បាដ ។ ប៉ា​គី​ស្ថាន​ជា​ទឹកដី​មរតក​វប្បធម៌​បុរាណ​យ៉ាង​សម្បូរបែប ។ យោធា​របស់​ប៉ា​គី​ស្ថាន មាន​ទំនាក់ទំនង​ជាមួយ​អតីត​សហភាពសូវៀត​។ ដូច្នេះ​សព្វាវុធ និង​យោធា​របស់ ប៉ា​គី​ស្ថាន ក៏មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់ដែរ ។

​ប្រវត្តិសាស្ត្រ​
​ចាប់ពី​ឆ្នាំ ១៧៥៧ មក ប្រទេស ឥណ្ឌា ស្ថិតក្រោម​ការត្រួតត្រារ​បស់​អង់គ្លេស ។ ជន ហិណ្ឌូ នៅ​ប្រទេស​ឥណ្ឌា បាន​យកចិត្តយកថ្លើម​អាណានិគម​អង់គ្លេស​ហើយ​ជាការ តបស្នង​មកវិញ ពួក​ហិណ្ឌូ​ទទួលបាន​កិត្តិយស​ឋានៈ​បុណ្យ​សក្តិ​និង​ឥទ្ធិពល​យ៉ាងច្រើន នៅក្នុង​សង្គម​ឥណ្ឌា ហើយ​ជន​ហិណ្ឌូ​ទាំងនោះ លើកតម្កើង​តែ​ជន​ហិណ្ឌូ​ដូចគ្នា ចំណែក​ពួក​អ្នក​កាន់សាសនា​ផ្សេងទៀត​នៅក្នុង​ប្រទេស​នេះ​សឹងតែ​ពុំ​ត្រូវបាន​គេ​អើពើ​ឡើយ ។ នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ឥណ្ឌា​មាន​ពួក​អ្នក​កាន់សាសនា​អ៊ីស្លាម​ឬ ពួក​ជន​មូ​ស្ល៊ី​ម ចំនួន​ច្រើន​សន្ធឹកសន្ធាប់​ប៉ុន្តែ​ពុំ​សូវ​ត្រូវបាន​គេ​ផ្តល់​សិទ្ធិសេរីភាព​ឡើយ ព្រោះ​អ្នកកាន់អំណាច​សំខាន់ៗ​គឺជា​អ្នក​ជន​ហិណ្ឌូ ។​

​ក្នុង​បំណង​ស្វែងរក​សិទ្ធិសេរីភាព​របស់ខ្លួន នៅ​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ១៩០៦ ពួក​មូស្លីម បាន​បង្កើត​គណបក្សនយោបាយ​មួយ ឈ្មោះថា គណបក្ស សម្ព័ន្ធ មូ​ស្ល៊ី​ម ឥណ្ឌា ទាំងអស់ ( All India Muslim League ) ប៉ុន្តែ​វា​គ្រាន់តែ​ជា​គណបក្សនយោបាយ ដ៏​ទន់ខ្សោយ​មួយ ហើយ​បាន​ចាញ់​ដាច់​ក្នុងការ​បោះឆ្នោត​សកល​នៅ​ឥណ្ឌា នា​ឆ្នាំ ១៩៣៦ ។

​ក្នុង​កិច្ចប្រឹងប្រែង​ស្វែងរក​ការគាំទ្រ​ពី​ជន​មូស្លីម​ឥណ្ឌា នៅ​ខែ តុលា ឆ្នាំ ១៩៣៧ មេបក្ស All India Muslim League លោក Muhammad Ali Jinnah បាន​អញ្ជើញ​មេដឹកនាំ​មូស្លីម ដ៏​មាន​ឥទ្ធិពល​មួយចំនួន​ទៅ​ចូលរួម​ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង Lucknow ដែល​ក្នុង នោះ​មាន​លោក ស៊ី​កាន់​ដា ហា​យ៉ា​ត់ ខាន់ ( Sikandar Hayat Khan) នាយករដ្ឋមន្ត្រី​ខេត្ត ពុន​ចាប ( Punjab ជាទី​ក្រុង​ធំ​លំដាប់​ទី ពីរ របស់​ប្រទេស ប៉ា​គី​ស្ថាន បន្ទាប់ពី​ទីក្រុង អ៊ី​ស្លា​ម៉ា​បាដ​) និង ជា​ប្រធាន​គណបក្ស​អ្នក​សហភាព ពុន​ចាប់ ( Punjab Unionist Party) ផងដែរ​។​

​ពីដំបូង​ពួក​មេដឹកនាំ​មូ​ស្ល៊ី​ម​ដ៏​មាន​ឥទ្ធិពល​ទាំងនោះ​មិន​ព្រម​គាំទ្រ​លោក Jinnah ឡើយ ។ ប៉ុន្តែ​លោក ស៊ី​កាន់​ដា ហា​យ៉ា​ត់ យល់ថា វា​ពិតជា​អាក្រក់​ណាស់​ប្រសិនបើ​ជន​មូ​ស្ល៊ី​ម មិន​ក្រោកឈរ​រួបរួមគ្នា ។ គាត់​ក៏បាន​បញ្ចុះបញ្ចូល​មេដឹកនាំ​មូស្លីម​ធំៗ​ដទៃទៀត​ឱ្យ ចូលរួម​ជាមួយ​គាត់ ដោយ​លើក​ហេតុផល​ថា “ ឥឡូវនេះ​ដល់ពេល​ដែល​ជន​មូស្លីម ត្រូវ​រួបរួមគ្នា​ដើម្បី​ទទួលបាន​សិទ្ធិ​របស់ខ្លួន​ហើយ “ ។

​គណបក្ស Unionist Party របស់លោក ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ បានធ្វើ​យុទ្ធនា​ការរក សំឡេងឆ្នោត​នៅក្នុង​ខេត្ត ពុន​ចាប់ ហើយ​បានផ្តល់​ការគាំទ្រ​ទៅឱ្យ​លោក Muhammad Ali Jinnah (​ជា​ស្ថាបនិក​ប៉ា​គី​ស្ថាន ប៉ុន្តែ​កាលណោះ​គាត់​គឺជា​មេធាវី និង​ក៏​ជា​អ្នក នយោបាយ​ផង​) ។ ជាមួយនឹង​ការគាំទ្រ របស់​ពួក​មេដឹកនាំ​មូ​ស្ល៊ី​ម​ទាំងឡាយ មាន​លោក ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ ជាដើម​នោះ បាន​ជំរុញ​ឱ្យ​លោក មូ​ហា​ម៉ា​ដ ហ្សា​ហ្វា​រូ​ឡា​ហ ខាន់ (Muhammad Zafarullah Khan ) ប្រធាន​ក្រុមប្រឹក្សា​ច្បាប់​ខេត្ត ពុន​ចាប់​ហើយ​ជា លទ្ធផល​នាំឱ្យមាន​ក​ត្តិ​កាស​ញ្ញា​មួយ​ឈ្មោះថា Sikander-Jinnah ដែល​នោះ​គឺជា​ការ គាំទ្រ​ចំពោះ​គណ​សម្ព័ន្ធ​មូ​ស្ល៊ី​ម​ឥណ្ឌា នោះឯង ។

​នៅ​ឆ្នាំ ១៩៣៩ សង្គ្រាមលោកលើកទី ២ ផ្ទុះឡើង នាយករដ្ឋមន្ត្រី​អង់គ្លេស លោក វីន​ស្តុ​ន ឈឺ​ឈី​ល (Winston Churchill ) បាន​ស្នើសុំ​ការជួយ​គាំទ្រ​ពី​ឥណ្ឌា ប៉ុន្តែ​គណ បក្សនយោបាយ​ទាំងអស់​របស់​ឥណ្ឌា​មិន​គាំទ្រ​ឡើយ ។ ផ្ទុយទៅវិញ លោក ស៊ី​កាន់​ដា បាន​ជួយ និង គាំទ្រ សំណើ​របស់លោក វីន​ស្តុ​ន ឈឺ​ឈី​ល ។ ជា​សា​គុណ​នឹង​ការជួយ នោះ​ចក្រភព​អង់គ្លេស​បាន​សន្យាថា​នឹង​ផ្តល់​អំណាច​ត្រួតត្រា​ទៅឱ្យ​ឥណ្ឌា​នៅពេល​ចប់​សង្គ្រាម ។​

​តាមពិតទៅ លោក ស៊ី​កាន់​ដា មិនបាន​គិតថា​ចង់ឱ្យ​មានការ​បំបែក ឬ ការ​ផ្តាច់ខ្លួន នៃ ខេត្ត ពុន​ចាប ជាទី​ស្រលាញ់​របស់គាត់​ចេញពី​ឥណ្ឌា​ឡើយ ដូច្នេះ នៅពេលដែល​គាត់ ដឹងថា មានការ​ប៉ុនប៉ង​បំបែក​ខេត្ត​ពុន​ចាប គាត់​បាន​បដិសេធ​ទាំងស្រុង ។

​ប៉ុន្តែ​ពេលនោះ​ទំនាស់​នានា ជាពិសេស​បញ្ហា​សាសនា​រវាង​ពួក​អ្នក ហិណ្ឌូ ដ៏​មាន​សិទ្ធិ អំណាច និង ជន​មូ​ស្ល៊ី​ម ដែល​គេ​មិនសូវ​ផ្តល់​សេរីភាព​ឱ្យ បាន​ឡើង​កំដៅ​ខ្លាំង​ទៅៗ រហូតដល់​មាន​អំពើហិង្សា​ជាច្រើន បង្កើតបានជា​ភាពចលាចល​ពាសពេញ​តំបន់ មាន​ជាអាទិ៍​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​កាន់សាសនា​ទាំងពីរ​នោះ​នៅ​តំបន់​ខា​សា ជាដើម ។​

​ស្ថិតក្នុង​សភាព​ច្របូកច្របល់​កោលាហល​បែប​នោះ ពួកគេ​ក៏បាន​សម្រេចចិត្តថា លោក A. K. Fazlul Huq (​នាយករដ្ឋមន្ត្រី​តំបន់ បេង​ហ្កា​ល់ ) ត្រូវជា​អ្នក​បង្ហាញ​នូវ​ដំណោះ ស្រាយ ។

​ខ្លឹមសារ នៃ អត្ថបទ​នៅក្នុង​ដំណោះស្រាយ​របស់ លោក A. K. Fazlul Huq នោះ បាន​បដិសេធ​យ៉ាង​ឯកច្ឆន្ទ និង យ៉ាង​ដាច់អហង្កា នូវ​គំនិត ឥណ្ឌា​រួបរួម ( united India ) នៅលើ​ទឹកដី​ដែល​កំពុងមាន​ទំនាស់​អំ​ពើ​ហិង្សា​ថ្នាក់​តំបន់​នោះ ពោលគឺ​ពួក​មូស្លីម​មិន ព្រម​នៅ​រួបរួម​ជា​រដ្ឋ​ឥណ្ឌា​តែមួយ​ជាមួយនឹង​ពួក​ហិណ្ឌូ​ឡើយ ហើយ​បានស្នើ​រក​ការ បង្កើត​រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ ។ សំណើ​នេះ​ទទួលបាន​ការគាំទ្រ​ពី​មេដឹកនាំ​សំខាន់​នៅ ខេត្ត ពុន​ចាប់ និង ខេត្ត​ភាគ​ពាយ័ព្យ​នោះ ។

​ស្វែងរក​ការបង្កើត​រដ្ឋ​មូស្លីម​
​នៅក្នុង​សុន្ទរកថា​មួយ កាលពី​ខែ ធ្នូ ឆ្នាំ ១៩៣០ ប្រធាន​គណបក្ស មូ​ស្ល៊ី​ម ឥណ្ឌា លោក Allama Iqbal បាន​លើកឡើងថា “ ជន​មូ​ស្ល៊ី​ម ពិតជា​មិ​អាច​នៅ​រួមរស់​ជាមួយ​ជន​ហិណ្ឌូ បានទេ ដោយសារ​ភាពខុសគ្នា នៃ មនោគមវិជ្ជា​សាសនា “ ដែល​នេះ​បានសេចក្តីថា គាត់​ចង់​បង្កើត​រដ្ឋ មូ​ស្ល៊ី​ម ឯករាជ្យ មួយ​ពី​ឥណ្ឌា ។ ៣ ឆ្នាំ ក្រោយមក​មេដឹកនាំ​ជាតិ និយម​ដ៏​លេចធ្លោ​ម្នាក់​គឺ​លោក Choudhary Rahmat Ali បាន​ថ្លែងថា “ រដ្ឋ​មូ​ស្ល៊ី​ម ឯករាជ្យ​មួយ​ត្រូវតែមាន ហើយ​ឱ្យ​ឈ្មោះថា ប៉ា​គី​ស្ថាន “ ។​
​ ​
នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៤០ ខណៈដែល​ចលនា​ដើម្បី​ទាមទារ​ឯករាជ្យ​ឥណ្ឌា ពី អង់គ្លេស បាន​ឡើង​កាន់តែខ្លាំង​ទៅៗ ពួក​មូ​ស្ល៊ី​ម ក៏​កាន់តែ​បង្កើន​ការទាមទារ​ឯករាជ ភាព​របស់ខ្លួន​ពី​ឥណ្ឌា ដែរ ហើយ​មេដឹកនាំ​ដែល​លេចធ្លោ​ជាងគេ​របស់​ពួក​មូ​ស្ល៊ី​មនា ពេលនោះ គឺ​លោក Muhammad Ali Jinnah នៃ គណបក្ស All-India Muslim League ។​

​ក្នុង​បុព្វហេតុ​បង្កើត​រដ្ឋ​មូ​ស្ល៊ី​ម មួយ​ពី​ឥណ្ឌា ពួក​ជន​មូស្លីម ឥណ្ឌា បាន​ជួបជុំគ្នា​ពីថ្ងៃ​ទី ២២-២៤ ខែ មីនា ឆ្នាំ ១៩៤០ នៅឯ​ឩ​ទ្យា​ន Iqbal នាទី​ក្រុ Lahore ខេត្ត ពុន​ចាប​ហើយ​ចេញ សេចក្តីប្រកាស​មិន​ទទួលយក​ធម្មនុញ្ញ​រប​ស់​ឥណ្ឌា​ដែលមាន​ទំនោរ​ទៅរក​ហិណ្ឌូ​ដែល បានសេចក្តីថា ពួកគេ​បានសម្រេច​ចិត្ត​បំបែក​ខ្លួន​ចេញពី​ឥ​ណ្ដា​ជា​ផ្លូវការ ដើម្បី​រក្សា​នូវ អត្តសញ្ញាណ​របស់​ពួកគេ (​ជា​ជន​មូស្លីម​) និង ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ​ដែល និយាយ​ម្យ៉ាង​ទៀតថា សេចក្តី​ថ្លែង​ការ​នោះ គឺជា​ការប្រកាស់​ស្វែងរក​ការបង្កើត​រដ្ឋ មូ​ស្ល៊ី​ម ឥណ្ឌា ឬ ប្រកាស​បំបែក​រដ្ឋ​របស់​ពួក មូ​ស្ល៊ី​ម ចេញពី​ឥណ្ឌា​ហើយ​ការជួប​ជុំនោះ ត្រូ​បាន​គេ​ហៅថា បដិវត្តន៍ ទីក្រុង ឡា​ហ័​រ ។​

​បន្ថែម​ពីលើ​នោះ នាយករដ្ឋមន្ត្រី ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ នៃ ខេត្ត ពុន​ចាប់ បាន​រៀប រាប់​នូវ​ស្ថានភាព​ពាក់ព័ន្ធ​ទាំងឡាយ​ថា “ បញ្ហា​របស់ D.G. Khan ( Dera Ghazi Khan គឺជា​ទីក្រុង​ភូមិសាស្ត្រ​កណ្តាល​របស់​ប៉ា​គី​ស្ថាន នៅ​ចំ​ទី​ប្រសព្វ និង គឺជា​ការិយាល័យ កណ្តាល នៃ ខេត្ត​ទាំង​បួន​របស់​ប៉ា​គី​ស្ថាន​ដែល​កំពុងមាន​ភាពច្របូកច្របល់​រវាង ពួក​ហិណ្ឌូ និង មូ​ស្ល៊ី​ម ឥណ្ឌា ។ ទីក្រុង​នោះ​ល្បីល្បាញ​ថា​មាន​រ៉ែ អ៊ុ​រ​រ៉ានី​ញ៉ូ​ម​ដែល​គេ អាច​ប្រើ​សម្រាប់​ផលិត​អាវុធ​នុយ​គ្លី​អ៊ែរ ) មិនមែនជា​បញ្ហា​របស់​តំបន់​ទេ ប៉ុន្តែ​ជាក់ ស្តែង​វា​គឺជា​បញ្ហា​ជា​អន្តរជាតិ “ ។​

សេចក្តីប្រកាស​របស់​ប៉ា​គី​ស្ថាន​នៅក្នុង​សភា Sindh
សភា Sindh គឺជា​សភា​ឥណ្ឌា​អង់គ្លេស​ស្របច្បាប់​តែមួយគត់​ដើម្បី​អនុម័ត​សេចក្តី ប្រកាស គាំទ្រ ប៉ា​គី​ស្ថាន ។ ពេលនោះ​លោក G. M. Syed ជា​សកម្មជន​ជាតិនិយម ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៃ ចលនា Jeay Sindhi ក៏បាន​ចូលរួម​នៅក្នុង​សភា​នោះដែរ ។ កត្តា​ជំរុញ​សំខាន់បំផុត​នោះ គឺជា​ការសន្យា នៃ “ សិទ្ធិ​ស្វ័យភាព និង អធិបតេយ្យភាព សម្រាប់ ស្ថាប័ន​នីតិបញ្ញត្តិ “ ។

​បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី ២ មក នៅ​ឆ្នាំ ១៩៤៦ ប្រទេស​អង់គ្លេស​បាន​ជួប ប្រទះ​បញ្ហា​ច្រើនឡើងៗ គឺ​ខ្សោះ​ធនធាន កម្លាំង​កងទ័ព​ខ្វះមុខខ្វះក្រោយ​បាត់​បង់ការ គាំទ្រ​ផ្ទៃក្នុង និង ការ​ងើប​បះបោរ​គ្រប់ទិសទី នៃ ដែនដី​អាណានិគម​របស់ខ្លួន​ដែល​បាន ន័យ​ថា អង់គ្លេស​លែងមាន​សម​ត្ថ​ភាព​គ្រប់គ្រង​អាស៊ី​ខាងត្បូង​ទៀតហើយ ។ ដូច្នេះ រដ្ឋាភិបាល​អង់គ្លេស សម្រេចចិត្ត បញ្ចប់​ការត្រួតត្រា ឥណ្ឌា ។ ឆ្នាំ ១៩៤៦ សភា ឥណ្ឌា បាន​ទទូច​ទាមទារ​ថា “ ឥណ្ឌា មានតែ​មួយ គឺ​គ្មាន​ការ​បំបែក​រដ្ឋ​ឡើយ “ ។​

​ប៉ុន្តែ​ពួក​មូ​ស្ល៊ី​ម បាន​បដិសេធ​ដាច់ខាត​មិន​ព្រម​នៅ​រួមរស់​ជាមួយ​ឥណ្ឌា​ដែល​លើក តម្កើង​តែ​ពួក​ហិណ្ឌូ​ឡើយ ។ ពេលនោះ​មានការ​ចរចា​មួយ​រវាង​រដ្ឋាភិបាល​ឥណ្ឌា និង ពួក​មេដឹកនាំ នយោបាយ មូ​ស្ល៊ី​ម ឥណ្ឌា ដឹកនាំ​ដោយ អាណានិគម អង់គ្លេស​ដោយបាន លើកសំណើ​ថា​នឹងធ្វើ​វិមជ្ឈការ គឺ​ផ្តល់​អំណាច​យ៉ាងច្រើន​ទៅ​រដ្ឋាភិបាល​មូលដ្ឋាន ពោលគឺ​ឱ្យ​ពួក មូ​ស្ល៊ី​ម ឥណ្ឌា ។ ប៉ុន្តែ ការចរចា​នេះ បាន​បរាជ័យ​ដោយសារ​សំណើ នោះ​ត្រូវបាន​បដិសេធ​ទាំង​ខាង​រដ្ឋាភិបាល​ឥណ្ឌា​ពោលគឺ​រដ្ឋាភិបាល​មិន​ព្រម​ផ្តល់ អំណាច​ឱ្យ​ពួក​មូ​ស្ល៊ី​ម ចំណែក​ពួក​មេដឹកនាំ​នយោបាយ មូ​ស្ល៊ី​ម ក៏​មិន​ព្រម​ទទួលយក សំណើ​នោះ​ដូចគ្នា គឺ​ពួកគេ​ត្រូវការ​តែ​ការ​បំបែក​រដ្ឋ​ចេញពី​ឥណ្ឌា​ជាដាច់ខាត​ជាហេតុ នាំឱ្យមាន​កូដកម្ម​នានា​ជាច្រើន ដែល​ពួក​ហិណ្ឌូ ធ្វើ​កូដកម្ម​ប្រឆាំងនឹង​ការ​បំបែក​រដ្ឋ​។ ចំណែក​ពួក មូ​ស្ល៊ី​ម ធ្វើ​កូដកម្ម​ទាមទារ​បំបែក​រដ្ឋ ។

​នៅ​ខែ កុម្ភៈ ឆ្នាំ ១៩៤៧ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Clement Attlee​បានប្រកាស ជា​ផ្លូវការ​ថា រដ្ឋាភិបាល​អង់គ្លេស នឹង​ផ្តល់​សិទ្ធិ​គ្រប់គ្រង​យ៉ាង​ពេញលេញ​ទៅឱ្យ ឥណ្ឌា វិញ មិន​ហួស​ពី​ខែ មិថុនា ឆ្នាំ ១៩៤៨ ។ នៅ​ថ្ងៃ​តី ៣ ខែ មិថុនា ឆ្នាំ ១៩៤៧ រដ្ឋាភិបាល អង់គ្លេស បានប្រកាសថា គោលការណ៍ នែ ការបង្កើត​រដ្ឋ ឯករាជ្យ​ចំនួន ២ នៃ ឥណ្ឌា អង់គ្លេស ត្រូវបាន​ទទួលយក ពោលគឺ​អង់គ្លេស​គាំទ្រ​ការ​បំបែក​រដ្ឋ ។ មន្ត្រី​តំណាង អង់គ្លេស បានជ្រើសរើស​យក​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៧​ធ្វើជា​ថ្ងៃ​ប្រគល់​អំណាច ទៅឱ្យ​ប្រទេស ប៉ា​គី​ស្ថាន ឬ និយាយ​ម្យ៉ាង​ទៀតថា ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៧ គឺជា​ទិវា​បង្កើត​រដ្ឋ ប៉ា​គី​ស្ថាន គឺជា​រដ្ឋ​ឯករាជ្យ​មួយ​របស់​ពួក​មូ​ស្ល៊ី​ម ឥណ្ឌា ។

​ទីបំផុត​រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ​ត្រូវ​បានប្រកាស​បង្កើតឡើង​ដោយ​កំណត់​យក​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩៥៦ ឈ្មោះថា សាធារណរដ្ឋ ប៉ា​គី​ស្ថាន​ហើយ​បានក្លាយ​សាធារណរដ្ឋ ទីមួយ​របស់​ពិភព​អ៊ីស្លាម ។ មេដឹកនាំ និង ប្រជាពលរដ្ឋ ប៉ា​គី​ស្ថាន បានជ្រើសរើស​យក ថ្ងៃទី ២៣ ខែ មីនា ជា​ទិវា​សាធារណរដ្ឋ​របស់ខ្លួន សម្រាប់​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ បាន​ជួបជុំគ្នា នៅ​ទីក្រុង ឡា​ហ័​រ ខេត្ត ពុន​ចាប់ កាលពី ឆ្នាំ ១៩៤០ ចំណែក​ថ្ងៃទី ១៤ ខែ សីហា គឺជា​ទិវា​ឯករាជ្យ ជាតិ ដ្បិត​ជា​ថ្ងៃ​ដែល​អង់គ្លេស​ប្រគល់​សិទ្ធិ ឯករាជ្យ ឱ្យ ប៉ា​គី​ស្ថាន ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​