ទិវា​ឯករាជ្យ​ជាតិ នៃ​កូរ៉េខាងជើង​

1639

​ភ្នំពេញ​៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ កូរ៉េខាងជើង ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​៩ ខែកញ្ញា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ក្រោម​ការដឹកនាំ​របស់ គឹម អ៊ី​ល​ស៊ុ​ល ប្រកាស​បង្កើត សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េ កាល ពី​ខែកញ្ញា ឆ្នាំ​១៩៤៨ ក្រោយពី​ប្រទេស​កូរ៉េ ត្រូវបាន​មហាអំណាច​ហែកហួរ​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េ ឬ កូរ៉េខាងជើង មាន​ផ្ទៃដី ១២០.៥៤០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាស៊ីអាគ្នេយ៍ នា​ភាគ​ខាងជើង នៃ​តំបន់ ឧបទ្វីប​កូរ៉េ មាន​ព្រំដែន​ជាប់​ប្រទេស​ចិន រុស្ស៊ី កូរ៉េ ខាងត្បូង និង​ជប៉ុន​។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ២៥ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​ប្រពៃណី​របស់​ប្រទេស គឺ​សាសនា ហ្សា​ម៉ាន់ និង​ខុន​ដូ ដោយមាន​អ្នក កាន់ ពុទ្ធ សាសនា និង​គ្រិស្តសាសនា​តិចតួច ។ ភាសាផ្លូវការ​គឺ ភាសា​កូរ៉េ រដ្ឋធានី​គឺ​ទីក្រុង ព្យូ​ង​យ៉ាង​។ កូរ៉េខាងជើង ពេលនេះ កំពុង​ដំឡើង​សាច់ដុំ​ដាក់​ប្រទេស ជិតខាង ដោយ​រួមទាំង​មហាអំណាច​ពិភពលោក​ផងដែរ ហើយ​បើទោះបី​មិនមែនជា​មហា អំណាច​ក្តី ក៏​កូរ៉េខាងជើង មាន​អាវុធ​នុយ​គ្លី​អ៊ែរ និង​មី​ស៊ី​ល ដ៏​គួរឱ្យ​ស្ញើប​ដែរ ។​

ប្រវត្តិសាស្ត្រ​
​នៅ​អំឡុង​សតវត្សរ៍​ទី​១៩ កូរ៉េ គឺជា​អាណាចក្រ ឯកោ ហើយ​បាន​ប្រឹងប្រែង​ព្យាយាម​ការពារ ខ្លួន​ពី​ចក្រពត្តិនិយម​ប​ស្ចឹ​ម​លោក ប៉ុន្តែ​ទីបំផុត​ត្រូវ​បង្ខំចិត្ត​បើក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ ពិភពលោក​ខាងក្រៅ ។

​ព្រះ​ចៅ​អ​ធិ​រាជ្យ ឈី​ង របស់ ចិន និង​ព្រះ​ចៅ​អ​ធិ​រាជ្យ​ជប៉ុន បាន​ដណ្តើម​គ្នា​កាន់កាប់​អាណា​ច ក្រ​កូរ៉េ ហើយ​ទីបំផុត ក៏​ផ្ទុះ​សង្គ្រាម​ឡើង​មាន​ឈ្មោះថា សង្គ្រាម ស៊ី​ណូ ជប៉ុន​លើក​ទី​១ ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​១៨៩៤​។ សង្គ្រាម​នេះ ត្រូវបាន​បញ្ចប់ទៅ​វិញ​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៨៩៥ ដោយ​ជប៉ុន ជា​អ្នកទទួលបាន​ជោគជ័យ​ច្រើនជាង ។​

​រុស្ស៊ី ចង់បាន​ដែនដី​កូរ៉េ និង​ដែនដី​ម៉ាន់​ជូរ​បស់​ចិន ដើម្បី ដាក់​ទីតាំង​កងទ័ពជើងទឹក សម្រាប់ ប្រតិបត្តិការ​កងទ័ព នៅ​មហាសាគរ​ប៉ាស៊ីហ្វិក និង​បម្រើ​ប្រយោជន៍​ពាណិជ្ជកម្ម​របស់ខ្លួន ក៏បាន​ពើប​សង្គ្រាម​ជាមួយ​ជប៉ុន ដែលមាន​បំណង​ពង្រីក​អំណាច​របស់ខ្លួន​ដែរ​ក៏បាន​កើត សង្គ្រាម​ឈ្មោះថា សង្គ្រាម​រុស្ស៊ី ជប៉ុន​។ ទីបំផុត ជោគជ័យ​បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​ជប៉ុន ហើយ​ជប៉ុន បាន​កាន់កាប់​កូរ៉េ​ទាំងស្រុង នៅ​ឆ្នាំ​១៩១០ ។

​សម្ព័ន្ធ​គាំទ្រ​ការរំដោះ​កូរ៉េ ប្រឆាំងនឹង​អាណានិគម​ជប៉ុន បានកើត​ពាសពេញ​ប្រទេស ចាប់ពី​ថ្ងៃ ទី​១ ខែមីនា ឆ្នាំ​១៩១៩ ។ ជប៉ុន​បាន​បង្ក្រាប​ចលនា​ទាំងនេះ ដោយបាន​សម្លាប់​មនុស្ស ប្រមាណ​ជា ៧.០០០ នាក់ ។ ប៉ុន្តែ​ចលនា​ទាំងនេះ នៅតែមាន​ជា​បន្ត​ពាសពេញ​ផ្ទៃ​ប្រទេស ដូចជា​ចលនា​បះបោរ​ទូទាំងប្រទេស​រប​ស់​ពួក​និស្សិត​នៅ​ឆ្នាំ ១៩២៩ ជាដើម ធ្វើឱ្យ​ជប៉ុន រឹតបន្តឹង​ការគ្រប់គ្រង ដោយ​កងទ័ព​នៅ​ឆ្នាំ​១៩៣១ ។

​ចាប់ពី​ឆ្នាំ​១៩៣៧ ជប៉ុន​កាន់តែ​រឹតបន្តឹង​ចំពោះ​ជនជាតិ កូរ៉េ ជាង​មុន សឹងតែ​លប់បំបាត់ អត្តសញ្ញាណ​កូរ៉េ​ទាំងស្រុង​។ ប្រពៃណី ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ត្រូវ​ជប៉ុន លុបបំបាត់​ជំនួស ដោយ​អក្សរ​ជប៉ុន​វិញ សូម្បីតែ​ឈ្មោះ ក៏ត្រូវ​ជប៉ុន បង្ខំ​ឱ្យប្រើ​តាមបែប​ជប៉ុន​ទាំងអស់​។ ពេលនោះ ក៏មាន​ចលនា​តស៊ូ​ជា​លក្ខណៈ​ឧទ្ទាម​បាន​កើតឡើង​ប្រឆាំងនឹង​អាណានិគម​ជប៉ុន​។ ផ្នែក​ខ្លះ​នៃ​ចលនា​នោះ បាន​ចងសម្ព័ន្ធ​មិត្ត​ជាមួយ ចិន និង​អាស៊ីអាគ្នេយ៍ ហើយ​មេដឹកនាំ​ម្នាក់ នៃ មេដឹកនាំ​ចលនា​ឧទ្ទាម​ទាំងនោះ គឺជា​ជន​កុ​ម្មុយ​និ​ស្ត​ឈ្មោះ គឹម អ៊ី​ល ស៊ុ ( Kim Il-sung ) ។
​ដោយ​យល់ថា អាមេរិក ចាប់ផ្តើម​លែង​ស្មោះត្រង់​នឹង ជប៉ុន ទៀតហើយ​នៅ​ព្រឹក​ព្រលឹម នៃ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៤១ ជប៉ុន បានចាប់ផ្តើម​ការ​វាយកំទេច​ទីតាំង​កងទ័ពជើងទឹក​អាមេរិក Pearl Harbor រដ្ឋ​ហា​វ៉ៃ បាន​បញ្ឆេះ​ឱ្យ​សង្គ្រាម​ពិភពលោក​លើក​ទី​២(១៩៤១-១៩៤៥) បាន​ផ្ទុះឡើង​យ៉ាង​ពេញទំហឹង​។ អំឡុង​សង្គ្រាម​នេះ​បុរស​ជនជាតិ​កូរ៉េ រាប់ម៉ឺន​នាក់ ត្រូវបាន​បង្ខំ ឱ្យធ្វើ​កងទ័ព​ជួយ​ជប៉ុន​ចូល​ប្រយុទ្ធ ចំណែក​អ្នក​នៅក្នុង​ប្រទេស ត្រូវ​ធ្វើការ​យ៉ាងធ្ងន់ធ្ង​រ ដើម្បី​ឩ​ប​ត្ថ​ម្ភ​ជប៉ុន​។ ស្ត្រី​ប្រមាណ​ជា ២០០.០០០ នាក់ ភាគច្រើន​ជា​ស្ត្រី​ជនជាតិ​កូរ៉េ​ត្រូវបាន បង្ខំ​ឱ្យធ្វើជា​អ្នកបម្រើ​ផ្លូវភេទ​ដល់​កងទ័ព​ជប៉ុន ។​

​បំបែក​កូរ៉េ ជា​ពីរ​
​ទីបំផុត ជប៉ុន បាន​ព្រម​ចុះចាញ់​សង្គ្រាមលោកលើកទី​២ នៅ​ឆ្នាំ​១៩៤៥ បានបញ្ចប់​សង្គ្រាម លោក​នេះ​ទៅ ។ ប៉ុន្តែ​វា​ជាការ​ចាប់ផ្តើម នៃ​សង្គ្រាមត្រជាក់ នោះ គឺ​សង្គ្រាម​មនោគមន៍ រវាង​លោក​កុ​ម្មុយ​និ​ស្ត និង​លោក​សេរី​។ ទឹកដី​កូរ៉េ ត្រូវបាន​បែងចែក​ជា ២ ផ្នែក គឺ​ដោយសារ អាមេរិក ដែលជា​អ្នកឈ្នះ​សង្គ្រាមលោកលើកទី​២ បាន​កាត់​យក​ទឹកដី​កូរ៉េ​មួយផ្នែក ចំណែក មួយផ្នែក​ទៀត​ត្រូវបាន​សូ​វៀត ដែលជា​បងធំ​កុ​ម្មុយ​និ​ស្ត កាត់​យក ។​

​គំនិត​ផ្តួចផ្តើម​ដើម្បី​ការរួបរួម និង​ឯករាជ្យភាព​កូរ៉េ ត្រូវបាន​រលាយ​ខ្សុល ហើយ​បាន​បង្កើត​កូរ៉េ ជា​រដ្ឋ​ចំនួន ២ ទៅវិញ គឺ​កូរ៉េខាងជើង ក្រោម​ការត្រួតត្រា​របស់​សូ​វៀត (​កុ​ម្មុយ​និ​ស្ត​) និង​កូរ៉េខាងត្បូង ក្រោម​ការ​ត្រួ​ត្រា​ពី​អាមេរិក និង សម្ព័ន្ធមិត្ត (​សេរី​) ធ្វើឱ្យ​ជាតិ​សាសន៍​កូរ៉េ ទៅជា​សត្រូវ​នឹង​គ្នា​ដោយសារ​កូរ៉េ​ទាំង ២ ត្រូវតែដើរ​លើ​វិថី​ដែលជា​ប្រព័ន្ធ​នយោបាយ សេដ្ឋកិច្ច និង​សង្គម ផ្ទុយ​ពីគ្នា​ទាំងស្រុង ដែល​ប្រការនេះ មាន​លក្ខណៈ​ប្រហាក់ប្រហែល​ទៅនឹង​អាល្លឺម៉ង់ ដែរ​។

​នៅ​ខែតុលា ឆ្នាំ​១៩៤៥ សូ​វៀតបាន​បង្កើត​អាជ្ញាធរ​សូ​វៀត នៅ​កូរ៉េខាងជើង ហើយ​បាន បង្កើត​គណៈកម្មាធិការ​ប្រជាជន​បណ្តោះអាសន្ន សម្រាប់​កូរ៉េខាងជើង នៅ​ខែកុម្ភៈ ឆ្នាំ​១៩៤៦ ដោយមាន​អតីត​មេ​ចលនា​ឧទ្ទាម​ប្រឆាំង​ជប៉ុន គឹម អ៊ី​ល ស៊ុ​ង ជា​ប្រធាន​។ រដ្ឋាភិបាល​បណ្តោះ អាសន្ន កូរ៉េខាងជើង បានចាប់ផ្តើម​ធ្វើកំណែទម្រង់​ដីធ្លី ហើយ​ក៏មាន​ចាប់ខ្លួន​មនុស្ស​មួយចំនួន ខណៈ​អ្នកខ្លះរ​ត់ទៅ កូរ៉េ ខាងត្បូង ។​

​នៅ​កូរ៉េ​ខាង​ត្បូ​ឯណោះ ក៏​កើត​កោលាហល​ណាស់ដែរ ហើយ​ទីបំផុត ប្រជាពលរដ្ឋ​នាំគ្នា​ងើប បះបោរ​ប្រឆាំង​រដ្ឋាភិបាលយោធា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​។ នៅ​ខែមេសា ឆ្នាំ​១៩៤៨ ក៏មាន​ការបះបោរ​ដ៏​ធំ​ទៀត ឈានទៅដល់​ការបង្ក្រាប​យ៉ាង​ហិង្សា​។ នៅ​ខែឧសភា ឆ្នាំ​១៩៤៨ កូរ៉េខាងត្បូង ប្រកាស​ខ្លួន​ថា ជា​រដ្ឋ ដែល​បានសេចក្តីថា កូរ៉េខាងត្បូង បានប្រកាស​បំបែក ជាតិ​សាសន៍​ខ្លួនឯង​ជា​ផ្លូវការ ដោយសារតែ​អាមេរិក នៅ​ពី​ក្រោយខ្នង​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង នាពេលនេះ ត្រូវបាន​គេ​ដឹង​គ្រប់គ្នា​ថា ជា​រដ្ឋាភិបាល​អាយ៉ង​ផង ពុករលួយ​ផង បក្ខពួកនិយម​ផង គ្មាន​សមត្ថភាព​ផង ។

​ដោយហេតុ​នោះ កូរ៉េខាងជើង ដែលមាន​សូ​វៀត នៅ​ពី​ក្រោយខ្នង ក៏​មានតែ​ប្រកាស​បង្កើត សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េ នៅ​ថ្ងៃទី​៩​ខែកញ្ញា ឆ្នាំ​១៩៤៨ នោះដែរ ក្រោម​ការដឹកនាំ​របស់​លោក គឹម អ៊ី​ល ស៊ុ​ង ។ ដោយហេតុ​នោះ ទើប​ជនជាតិ​កូរ៉េខាងជើង បានចាត់ទុក គឹម អ៊ី​ល ស៊ុ​ង ថា​ជា​បិតា​ស្ថាបនិក​កូរ៉េខាងជើង​។ ក៏​គឺ​ថ្ងៃ​នោះឯង​ដែរ​ដែល​ក្រោយ មក​បាន​ក្លាយជា ទិវា​ឯករាជ្យ​ជាតិ កូរ៉េ រហូតមកដល់​សព្វថ្ងៃ ។ ស្ថានភាព​ពិភពលោក និង​នៅក្នុង​ប្រទេស មានការ​ប្រែប្រួល នៅ​ឆ្នាំ​១៩៤៨ នោះ សូ​វៀតបាន​ដក​កងទ័ព​របស់ខ្លួន​ចេញ ពី​កូរ៉េខាងជើង​។ ចំណែក​អាមេរិក ត្រូវ​បង្ខំចិត្ត​ដក​កងទ័ព​របស់ខ្លួន​ចេញពី​កូរ៉េខាងត្បូង នៅ​ឆ្នាំ​១៩៤៩ ដែរ​។ ទោះយ៉ាងណា ក៏​នៅតែមាន​អ្នកជំនាញការ​របស់​ម​ហា​អំណាច​ទាំង ២ បង្កប់​នៅលើ​ទឹកដី​កូរ៉េ ទាំង​ទ្វេ​ផ្នែក ដើម្បី​បង្គាប់បញ្ជា និង​ជ្រោមជ្រែង​កូរ៉េ​ទាំង ២ ដែរ ។​

សង្គ្រាម​កូរ៉េ
​ទោះបី​កងទ័ព​មហាអំណាច បាន​ដក​ចេញពី​កូរ៉េ​ទាំង ២ ហើយ​ក្តី ក៏​ពួក​មហាអំណាច នៅតែ​ចិញ្ចឹមចិត្ត​យក កូរ៉េ ធ្វើជា​បរិវារ​អំណាច​របស់​ពួកគេ​រៀងៗ​ខ្លួន​តាមរយៈ​ការជួយ ផ្ចុងផ្តើម​ដល់​មេដឹកនាំ​កូរ៉េ​ទាំង​២ ឱ្យ​ដណ្តើម​អំណាច​ពី​កូរ៉េ​ម្ខាង​ទៀត ។ កូរ៉េខាងត្បូង មាន​គម្រោង​ចង់​កម្ទេច​រដ្ឋាភិបាល​កូរ៉េខាងជើង ដោយ​មិនឱ្យ​កូរ៉េខាងជើង ដឹងខ្លួន​ឡើយ​។ ប៉ុន្តែ​ជា​អកុសល កូរ៉េខាងជើង ដឹង​ជើង​ប្រួល​បែប​នោះ ក៏​បើ​ការវាយលុក​ទៅលើ​កូរ៉េខាងត្បូង មុន​វិញ គឺ​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ ១៩៥០ បាន​បញ្ឆេះ​ភ្លើងសង្គ្រាម កូរ៉េ​ទាំង ២ ឱ្យ​ឆាបឆេះ សន្ធោរ​សន្ធៅ​ឡើង​។ កងទ័ព​របស់​កូរ៉េខាងជើង បាន​វាយលុក​ចូល​ជ្រៅ​ទៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ស្ទើរតែ​កាន់កាប់ កូរ៉េខាងត្បូង បាន​ទាំងស្រុង ។

​អ្នកណា ក៏​អាច​មើល​យល់​ដែរ​ថា អាមេរិក ដែល​ខ្លាច​កូរ៉េ របូត​ពី​ដៃ​ខ្លួន ក៏​ចង់​ធ្វើ​អន្តរាគមន៍ សង្គ្រាម​នៅ​កូរ៉េ​នេះ​ណាស់ ប៉ុន្តែ​ខុសច្បាប់​អន្តរជាតិ ក៏​ទៅ​អន្ទោកអន្ទោល រហូត​យកបាន​ឈ្មោះ អង្គការសហប្រជាជាតិ បូក​ទាំង អាមេរិក​ខ្លួនឯង​ផង បាន​ជាង ១០ ប្រទេស​ទៅធ្វើ​អន្តរាគមន៍ ការពារ​កូរ៉េខាងត្បូង ហើយ​បាន​រុល​ជ្រុល​ចូល កូរ៉េខាងជើង​យ៉ាង​គឃ្លើន ធ្វើឱ្យ​កូរ៉េខាងជើង ហៀបនឹង​ដល់ទី​អវសាន ។ ចិន ដែលមាន​ព្រំដែន​ជាប់​នឹង​កូរ៉េខាងជើង ស្គាល់​ច្បាស់​នូវ​ពុតត្បុត អាមេរិក និង​សម្ព័ន្ធមិត្ត ក៏បាន​ជួយ​កូរ៉េខាងជើង នាំឱ្យមាន​តុល្យភាព​កម្លាំង​ទ័ព​ម្តងទៀត នៅក្នុង​សង្គ្រាម​កូរ៉េ​នេះ​។ កូនប្រុស​ម្នាក់​របស់ ម៉ៅ សេទុង ក៏បាន​ស្លាប់​នៅក្នុង​សង្គ្រាម​នេះដែរ ។​

​ដោយហេតុនេះ ទើប​កូរ៉េ ខាងជើង មិន​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ អាមេរិក និង សម្ព័ន្ធមិត្ត ហើយក៏​ដោយសារតែ​តុល្យភាព នៃ​កម្លាំង​ទ័ព​នេះ ទើប​ទីបំផុត​មាន​សន្ធិសញ្ញា​មួយ​ចុះ ហត្ថលេខា​ដោយ​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ ១៩៥៣ បានបញ្ចប់​សង្គ្រាម​នោះ​ទៅ ដោយបាន​កំណត់ព្រំដែន នៃ​កូរ៉េ​ទាំងពីរ នោះ​ទៅ​។ ប៉ុន្តែ​តាមពិត សន្ធិសញ្ញា​នោះ មិនមែនជា ការបញ្ចប់​សង្គ្រាម​ទាំងស្រុង​ទេ គឺ​គ្រាន់តែ​ជាការ​ផ្អាក​សង្គ្រាម​ប៉ុណ្ណោះ ដែល​បានសេចក្តីថា សង្គ្រាម​នៃ​ឧបទ្វីប កូរ៉េ អាច​ផ្ទុះឡើង​ម្តងទៀត គ្រប់ពេលវេលា ជាពិសេស​ក្នុង​បរិបទ ដែល​អាមេរិក កំពុង​ព្យាយាម​ទប់ទល់ និង​ឡោមព័ទ្ធ​ចិន ដូច​សព្វថ្ងៃនេះ​។

​សង្គ្រាម​នេះ​បាន​ផ្តាច់ផ្តិល​អាយុជីវិត​ជន​ស៊ីវិល និង​កងទ័ព​ជាង​មួយ​លាន​នាក់​។ អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​កូរ៉េខាងជើង ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង ។ តាមពិតទៅ សង្គ្រាម​កូរ៉េ​នេះ គឺជា​សង្គ្រាម​របស់​ពួក​មហាអំណាច​ទាំង ២ សុទ្ធសាធ ឬថា ជា​សង្គ្រាម ដែល​ពួក​មហាអំណាច ខ្ចី​ប្រទេស​ដទៃ ធ្វើជា​សមរភូមិ​ប្រយុទ្ធ​របស់ខ្លួន​តែប៉ុណ្ណោះ ក៏​ព្រោះតែ ពួក​មហាអំណាច ចៀសវាង​មិន​ចេញមុខ​ធ្វើសង្គ្រាម ដោយផ្ទាល់​តែប៉ុណ្ណោះ​ហើយ​សង្គ្រាម ត្រជាក់​នោះ ភាគច្រើន មាន​ប្រភព​ចេញពី​អឺរ៉ុប ។

​ដើម្បី​ចិញ្ចឹម​មហិច្ឆតា​របស់ខ្លួន កងទ័ព​អាមេរិក ត្រូវ​បានដាក់​ឱ្យនៅ​កូរ៉េខាងត្បូង តាំងពី​សម័យ សង្គ្រាម​នោះមក រហូត​បច្ចុប្បន្ន ហើយ​ទង្វើ​នេះ ត្រូវបាន​កូរ៉េ ខាងជើង ហៅថា​ជាការ​ត្រួតត្រា របស់​ពួក​ចក្រពត្តិនិយម​។ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ ២០០៦ កូរ៉េខាងជើង បានប្រកាស​អំពី​ការ ពិសោធន៍​អាវុធ​នុយក្លេអ៊ែរ ជា​លើកដំបូង​របស់ខ្លួន ញ៉ាំងឱ្យ​ពួក​មហាអំណាច​ខាង​អាមេរិក បារម្ភ​។ នៅ​ឆ្នាំ​២០១៣ វិបត្តិ​អន្តរជាតិ បាន​ផ្ទុះឡើង ដោយ​ចាត់ទុកថា កូរ៉េខាងជើង មានបំណង​ផលិត មី​ស៊ី​ល​អន្តរទ្វីប ។​

​ប្រការ​ទាំងនេះ ពេលខ្លះ​មហាអំណាច​ខាង​សេរី ដែលមាន​អាម​រិ​ក ជា​បងធំ សឹងតែ​ភ្លេចខ្លួន ហើយក៏​ចេញមក​ប្រឈមមុខ​ដោយផ្ទាល់​ចំពោះ​កូរ៉េខាងជើង​។ ប៉ុន្តែ​ដោយ​នៅតែ​ក្រែង​ចំពោះ មហាអំណាច​ដទៃ​ខ្លះ និង​មតិ​អន្តជាតិ​ខ្លះ ទើប​មិនយូរប៉ុន្មាន ក៏​បែរជាយក​ប្រទេស​ដទៃ ហើយ ជា​ញឹកញាប់ គឺ​កូរ៉េខាងត្បូង ឱ្យ​ជា​អ្នក​ចេញមុខ​ឈ្លោះ​ជាមួយ​កូរ៉េខាងជើង ជា​ជំនួស​វិញ​។ ចំណែក​ជប៉ុន បន្ទាប់ពី​បាន​ចាញ់​សង្គ្រាម​មក​ត្រូវបាន​គេ​មើលឃើញថា មាន​តួនាទី​ជា​ឈ្លប​ផង ជា​អ្នក​បន្ទរ​ប្រឆាំង កូរ៉េខាងជើង​ផង ។​

​បន្ទាប់ពី កូរ៉េខាងត្បូង និង​អាមេរិក ធ្វើ​សមយុទ្ធ​យោធា ដែល​កូរ៉េខាងជើង ចាត់ទុកថា ជាការ ត្រៀម​ឈ្លានពាន​ផ្តួលរំលំ​ខ្លួន (​កូរ៉េខាងជើង​) ហើយ​ហាមឃាត់​សម្ព័ន្ធមិត្ត​ទាំង ២ (​កូរ៉េខាងត្បូង និង​អាមេរិក​) មិន​ស្តាប់​មក កូរ៉េខាងជើង ក៏​ចាប់ផ្តើម​ពង្រីក​វិស័យ​យោធា​របស់ខ្លួន ដោយ​ចាប់ ផ្តើម​ផលិត មី​ស៊ី​ល​ផ្លោង​ប្រកបដោយ​គ្រោះថ្នាក់ ដូចជា មី​ស៊ី​ល​អន្តរទ្វីប និង​គ្រាប់បែកបរមាណូ ជាដើម បាន​ដោយ​ជោគជ័យ ហួស​ពី​ការរំពឹងទុក​របស់​ពិភពលោក ហើយ​ប្រការនេះ ក៏​ជាហេតុ​នាំឱ្យ​កម្តៅ ឬ​ចំហាយ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ចាប់ផ្តើម​បញ្ចេញ​ចំហាយ​ដែល​អាច នឹង​ផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ និង​មហា​ប្រល័យ​គ្រប់ពេលវេលា ។​

​និយាយ​ជារួម ទំនាស់​រវាង​ឧបទ្វីប​កូរ៉េ ជា​បង​ប្អូ​នេះ នឹង​មិនអាច​បញ្ចប់​បានឡើយ ដរាបណា មហាអំណាច ជាពិសេស​អាមេរិក មិន​ព្រម ហើយ​អាមេរិក មិនអាច​ព្រម​ដោយ​ងាយ​ឡើយ ព្រោះ​មហិច្ឆតា​របស់​អាមេរិក គឺ​បញ្ឆេះ​កូរ៉េខាងជើង ឱ្យធ្វើ​ខុស ដើម្បី​ជា​លេស​បំពាក់​ប្រព័ន្ធ ស្ទាក់ចាប់​មី​ស៊ី​ល ជាដើម ដែលជា​រួម​គឺ ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន និង​ពង្រីក​អំណាច​របស់ខ្លួន គឺ​អាមេរិក ក៏ដូចជា​ដើម្បី​លក់​សព្វាវុធ​ផងដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​រូបសំណាក​លោក គឹម អ៊ី​ល​ស៊ុ​ង ដែល​ជនជាតិ​កូរ៉េខាងជើង​ចាត់ទុកថា​ជា​បិតា​ស្ថាបនិក កូរ៉េខាងជើង
​រដ្ឋធានី ព្យុងយ៉ាង នៃ កូរ៉េខាងជើង
មី​ស៊ី​ល​ផ្លោង​ដែល កូរ៉េ ខាងជើង ទើបតែ​បាន​បាញ់​សាក​ល្ប​ដោយ​ជោគជ័យ​នាពេល​ថ្មីៗ