ទិវា​ឯករាជ្យ​ជាតិ នៃ​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​

1088

(​ភ្នំពេញ​)៖ តាមពិត ម៉ិ​ក​ស៊ិ​ក ទទួលបាន​ឯករាជ្យ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៨២១ ឯណោះ​ទេ ប៉ុន្តែ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ដើម្បី​រំឭក ដល់​ថ្ងៃ​ដែល​បព្វជិត​មួយរូប ប្រកាស​ឯករាជ្យភាព​មុនគេ​សម្រាប់ ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​បាន បរាជ័យ ហើយ​ត្រូវបាន អេ​ស្ប៉ា​ញ កាត់ទោស​ប្រហារជីវិត ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សហរដ្ឋ​ម៉ិ​ក​ស៊ិ​ក មាន​ផ្ទៃដី ៧៦០.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាមេរិក​ខាងជើង មាន​ព្រំដែន ជាប់ សហរដ្ឋអាមេរិក មហាសាគរ​ប៉ាស៊ីហ្វិក និង​សមុទ្ទ​កា​រ៉ា​អ៊ី​ប ។ ដើមឆ្នាំ​២០១៨ មាន​ប្រជា ពលរដ្ឋ ជាង ១៣១ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​គ្រិស្តសាសនា រ៉ូ​ម៉ាំង កាតូលិក ។ ភាសា ផ្លូវការ​គឺ ភាសា​អេ​ស្ប៉ា​ញ រដ្ឋធានី គឺ​ទីក្រុង​ម៉ិ​ក​ស៊ិ​កូ ។​

​ប្រវត្តិសាស្ត្រ​
​អេ​ស្ប៉ា​ញ បានឮ​ឈ្មោះ ម៉ិ​ក​ស៊ិ​ក ដែល​កាលណោះ​មាន​ឈ្មោះថា អាណាចក្រ Aztecs មុនដំបូង បំផុត​នៅ​ឆ្នាំ​១៥១៨ ។ លុះដល់​ខែកុម្ភៈ ឆ្នាំ​១៥១៩ អេ​ស្ប៉ា​ញ បាន​ព្យាយាម​ច្បាំង​ដណ្តើមយក ម៉ិ​ក​ស៊ិ​ក ក្នុង​គោលដៅ​រុករក​រ៉ែ​មាស ។

​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៥២០ ជំងឺ​អុតស្វាយ បាន​រាតត្បាត និង​ផ្តាច់ផ្តិល​ជីវិត​មនុស្ស នៅ​ម៉ិ​ក​ស៊ិ​ក ជាង ៣ លាន​នាក់ (​ឯកសារ​ខ្លះ​ថា ស្លាប់​ប្រមាណ​ជា ១៥​លាន​នាក់ ។ ប៉ុន្តែ​យើង​គិតថា មិន​ទំនងជា​ច្រើន ដល់​ថ្នាក់​នោះទេ ព្រោះ​ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក កាលណោះ​មាន​ប្រមាណ​ជា ៣០ លាន​នាក់​) ដែល​បានធ្វើឱ្យ អាណាចក្រ​នេះ ចុះខ្សោយ​យ៉ាងខ្លាំង ទើប​ទីបំផុត​បាន​បរាជ័យ​នៅ​ចំពោះមុខ​កងទ័ព អេ​ស្ប៉ា​ញ យ៉ាង​ងាយ ។

​ដោយហេតុ​នោះ​ម៉ិ​ក​ស៊ិ​ក ក៏​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​អេ​ស្ប៉ា​ញ ហើយ​ត្រូវតែ​ទទួលយក​សាសនា គ្រិស្ត រ៉ូ​ម៉ាំង កាតូលិក ។ ទឹកដី​ម៉ិ​ក​ស៊ិ​ក បាន​ក្លាយជា​ផ្នែក​មួយ នៃ​អាណាចក្រ​អេ​ស្ប៉ា​ញ ដោយមាន ឈ្មោះថា អេ​ស្ប៉ា​ញ​ថ្មី ( គឺជា​ទឹកដី​ដែល​អេ​ស្ប៉ា​ញ ដណ្តើមបាន នៅឯ​នាយ​សមុទ្ទ បច្ចុប្បន្ន​បច្ចុប្បន្ន គឺ​ប្រទេស កូ​ស្តា​រិ​កា , នី​ហ្កា​រ៉ា​ហ្គ័​រ , ហុង​ឌូ​រ៉ា​ស , អេ​ល សាល​វ៉ា​ឌ័​រ , បាលី​ស , ហ្គួ​តេ​ម៉ា​ឡា និង ផ្នែក​ខ្លះ នៃ ប្រទេស ម៉ិ​ក​ស៊ិ​ក ) ហើយ​យ​មានការ​ងើប​បះបោរ​ប្រឆាំង​ជាច្រើន​រូបភាព​មាន​ទាំង រូបភាព​បែប​ឩ​ទ្ទាម​កម្ម​ផង ។

​បើ​សម្លឹងមើល​ក្នុង​វិស័យសេដ្ឋកិច្ច​វិញ ទឹកដី​អតីត​ម៉ិ​ក​ស៊ិ​ក ដែល​បាន​ក្លាយជា អេ​ស្ប៉ា​ញ​ថ្មី នោះ ត្រូវបាន រដ្ឋាភិបាល ជុន​តា របស់ អេ​ស្ប៉ា​ញ ត្រួតត្រា​ក្នុង​គោលបំណង​យក​ផលចំណេញ លើ​វិស័យ​កងទ័ព និង ជា​របង​ការពារ​ខ្លួន​របស់ អេ​ស្ប៉ា​ញ តែប៉ុណ្ណោះ ហើយ​ពេលនោះ ទឹកដី​អតីត ម៉ិ​ក​ស៊ិ​ក បាន​បង់ពន្ធ​ជាង​ពាក់កណ្តាល នៃ​ពន្ធ​របស់​អាណាចក្រ​អេ​ស្ប៉ា​ញ និង​ផ្គត់ផ្គង់ ដល់​ផ្នែក រដ្ឋបាល នៃ​អាមេរិក​ខាងជើង និង អាមេរិក​កណ្តាល ទាំងស្រុង ។

​ប្រពៃណី វប្បធម៌ សិល្បៈ របស់​អេ​ស្ប៉ា​ញ ជាច្រើន ត្រូវបាន​បណ្តុះ និង​ពង្រីក​នៅ​ពាសពេញ​ទឹកដី​អតីត​ម៉ិ​ក​ស៊ិ​ក ដែល​មរតក​វប្បធម៌​ទាំងនោះ នៅតែ​ជា​វប្បធម៌​របស់​ម៉ិ​ក​ស៊ិ​ក ជាច្រើន​ផ្នែក រហូត​សព្វថ្ងៃ ។ ទោះយ៉ាងណា ទង្វើ​ដែល​រដ្ឋាភិបាល ជុន​តា អេ​ស្ប៉ា​ញ ដែល​គិតតែ​ពី​ជញ្ជក់​យកចំណេញ ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ កាន់តែ​ក្តៅ ក្រហាយ​ទៅៗ ហើយក៏​មានការ​ផ្ទុះ​នូវ​ការបះបោរ​ប្រឆាំង​ជា​បន្តបន្ទាប់ ។​

​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ​
​ឆ្នាំ​១៨០៨ បារាំង បានចាប់ផ្តើម​លុកលុយ អេ​ស្ប៉ា​ញ ធ្វើឱ្យ​អេ​ស្ប៉ា​ញ វឹកវរ និង​ចុះខ្សោយ​អំណាច ។ ប្រជាពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក ដែល​ស្រេកឃ្លាន​ឯករាជ្យភាព​របស់ខ្លួន និង​ឆ្អែតឆ្អល់​នឹង​ការត្រួតត្រា របស់​អេ​ស្ប៉ា​ញ ជាង ២០០ ឆ្នាំ​មកហើយ ក៏​មើលឃើញថា នោះ​គឺជា​ឱកាសល្អ ដែល​ពួកគេ​ត្រូវ ក្រោកឈរ ដើម្បី​ឯករាជ្យ​របស់ខ្លួន ។​

​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​១៨១០ នាទី​ក្រុង Dolores ជាទី​ក្រុង​ដ៏​តូច​មួយ បព្វជិត​១​រូប ឈ្មោះ Miguel Hidalgo y Costilla បានប្រកាស​បដិវត្តន៍​ប្រឆាំងនឹង​ការត្រួតត្រា របស់​រដ្ឋាភិបាល យោធា ជុន​តា អេ​ស្ប៉ា​ញ ។ សង្គ្រាម ដើម្បី​ឯករាជ្យភាព​របស់​ជន​ជាតិ​ម៉ិ​ក​ស៊ិ​ក ប្រឆាំងនឹង​កងទ័ព ជុន​តា អេ​ស្ប៉ា​ញ ក៏បាន​ផ្ទុះឡើង​នៅ​គ្រា​នោះឯង ។ ប៉ុន្តែ​បព្វជិត Hidalgo និង​ក្រុម​ស្ម័គ្រ​បក្ស របស់លោក ត្រូវបាន​រដ្ឋាភិបាល ជុន​តា ចាប់ខ្លួន និង​កាត់ទោស​ប្រហារជីវិត នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​១៨១១ ។

​ស្មារតី​ស្នេហា​ជាតិ មិនបាន​ស្លាប់​ជាមួយ​បព្វជិត​រូបនេះ​ឡើយ ហើយ​ត្រូវបាន​បន្ត​ដោយ​បព្វជិត ១ រូប​ទៀត ឈ្មោះ José María Morelos ដែលជា​អ្នកកាន់កាប់​ទីក្រុង​សំខាន់ៗ​នៃ​ទឹកដី អេ​ស្ប៉ា​ញ​ថ្មី ឬ អតីត​ម៉ិ​ក​ស៊ិ​ក ហើយ​ក្រុម​នេះ ក៏មាន​កងទ័ព​ដែរ ។​

​ខែកញ្ញា ឆ្នាំ​១៨១៣ សមាជ​នៅ​តំបន់ Chilpancingo ត្រូវបាន​ប្រារព្ធ​ឡើង ក្រោម​ការដឹកនាំ របស់​បព្វជិត Morelos ដើម្បី​ពិភាក្សា​អំពី​ឯករាជ្យភាព របស់​អេ​ស្ប៉ា​ញ​ថ្មី ឬ​អតីត​ម៉ិ​ក​ស៊ិ​ក ។ នៅ​ទីបំផុត ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ​១៨១៣ នោះ សមាជ បាន​ព្រមព្រៀងគ្នា ចេញ​សេចក្តីប្រកាស ឯករាជ្យភាព​របស់ អតីត ម៉ិ​ក​ស៊ិ​ក ឬ​អេ​ស្ប៉​ញា​ថ្មី ពី​អេ​ស្ប៉ា​ញ ។ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៨១៥ បព្វជិត Morelos ត្រូវបាន​អាជ្ញាធរ ជុន​តា អេ​ស្ប៉ា​ញ ចាប់ខ្លួន ។​

​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ក្រុម​ចលនា​បះបោរ ស្ទើរតែ​ចូលដល់​ទី​អវសាន​ទៅហើយ ។ ឃើញ​ដូច្នោះ នៅ​ឆ្នាំ​១៨២០ រា​ជានុ​សិទ្ធិ Juan Ruiz de Apodaca ដោយមាន​បំណង​ចង់​កម្ទេច​ចលនា អ្នកបះបោរ​នោះ ចោល​ទាំងស្រុង ក៏បាន​បញ្ជូន​កងទ័ព ក្រោម​បញ្ជាការ​របស់ ឩ​ត្ត​ម​សេនីយ៍ criollo ទៅ​ប​ង្ក្រា​ម​ពួក​អ្នកបះបោរ ដែល​ពេលនោះ​មាន​លោក Agustín de Iturbide ជា​មេដឹកនាំ​។

​មិន​ទៅ​បង្ក្រាប​ពួក​អ្នក​បោះ​បោរ​ឯណា ឩ​ត្ត​ម​សេនីយ៍ criollo បាន​ដឹកនាំ​ទ័ព​របស់គាត់​ទៅ រួបរួម​ជាមួយ​ពួក​អ្នកបះបោរ​ទៅវិញ ហើយ​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៨២១ ដោយ​ប្រើ សមាស​ភាពជា​អ្នកតំណាង អេ​ស្ប៉ា​ញ ឩ​ត្ត​ម​សេនីយ៍​រូបនេះ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ ឈ្មោះថា សន្ធិសញ្ញា Córdoba និង ប្រកាស​ឯ​រាជ្យ​ភាព​របស់​ម៉ិ​ក​ស៊ិ​ក បានបញ្ចប់​សង្គ្រាម ម៉ិ​ក​ស៊ិ​ក និង អេ​ស្ប៉ា​ញ ។ ម៉ិ​ក​ស៊ិ​ក ក៏បាន​ឯករាជ្យភាព​របស់ខ្លួន នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៨២១ នោះឯង ខណៈដែល​អេ​ស្ប៉ា​ញ កំពុង​រង​ការ​រុករាន​ពី​សំណាក់​បារាំង ។​

​ទោះយ៉ាងណា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក សម្រេច​ជ្រើស​រើសយក​ថ្ងៃទី​១៦ ខែកញ្ញា ដើម្បី ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​ពួកគេ ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​បព្វជិត ឈ្មោះ Miguel Hidalgo y Costilla ប្រកាស​បដិវត្តន៍​ប្រឆាំងនឹង​ការត្រួតត្រា របស់​រដ្ឋាភិបាលយោធា ជុន​តា អេ​ស្ប៉ា​ញ នាទី​ក្រុង Dolores កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​១៨១០ ឯណោះ​។​

​លោក Agustín de Iturbide ក៏បាន​ប្រកាស​ខ្លួន​ថា​ជា ព្រះ​ចៅ​អ​ធិ​រាជ្យ នៃ​អាណាចក្រ​ម៉ិ​ក​ស៊ិ​ក ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៨២៣ ក៏មាន​បដិវត្តន៍​មួយ បាន​ផ្ទុះឡើង បាន​ផ្តួលរំលំ Agustín de Iturbide ហើយ​បង្កើតបានជា​សហរដ្ឋ​ម៉ិ​ក​ស៊ិ​ក ដោយមាន​លោក Guadalupe Victoria ជា​ប្រធានាធិបតី ដំបូង​បំផុត​របស់ ម៉ិ​ក​ស៊ិ​ក ។ នៅ​ឆ្នាំ ១៨២៩ ម៉ិ​ក​ស៊ិ​ក បាន​លប់បំបាត់​ទាសភាព ។

​ចាប់ពី​ឆ្នាំ​១៨២៤ សង្គ្រាមស៊ីវិល បាន​រីក​រាលដាល​ពាសពេញ​ប្រទេស ហើយ​ក៏មាន​រដ្ឋាភិបាល ចំនួន​៣ នៃ​សហរដ្ឋ​ម៉ិ​ក​ស៊ិ​ក បានប្រកាស​ខ្លួន បំបែក​រដ្ឋ​ចេញពី​ម៉ិ​ក​ស៊ិ​ក ហើយ​ប្រកាស​ឯករាជភាព រៀងខ្លួន​ក្នុងនោះ​មាន​សាធារណរដ្ឋ រី​អូ ហ្ក្រា​ន់​ដេ ១ សាធារណរដ្ឋ​តិច​សាស់ ១ និង​សាធារណរដ្ឋ យូ​កា​តាន់ ១ ។​

​សាធារណរដ្ឋ​តិច​សាស់ បន្ទាប់ពី​បានប្រកាស​ផ្តាច់ខ្លួន​ហើយ ក៏បានរ​ត់ទៅ​រួបរួម​ជាមួយ សហរដ្ឋអាមេរិក បណ្តាលឱ្យមាន​សង្គ្រាម​ដណ្តើម​ព្រំដែន រវាង​អាមេរិក និង ម៉ិ​ក​ស៊ិ​ក បាន​ផ្ទុះឡើង​នៅ​ឆ្នាំ​១៨៤៦ ។ ទីបំផុត​នៅ​ឆ្នាំ​១៨៤៨ ក៏មាន​សន្ធិសញ្ញា​មួយ រវាង​ប្រទេស​ទាំង​២ ដោយ ម៉ិ​ក​ស៊ិ​ក បាន​បាត់បង់​ទឹកដី​របស់ខ្លួន​ប្រមាណ​ជា​ពាក់កណ្តាល ទៅក្នុង​ដៃ សហ​អាមេរិក រហូតមកដល់​សព្វថ្ងៃ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

គំនូរ​រូបលោក Agustín de Iturbide ជា​មេដឹកនាំ​ដណ្តើម បាន​ឯ​រាជ្យ ម៉ិ​ក​ស៊ិ​ក ពី​អេ​ស្ប៉ា​ញ
ក្បួនព្យុហយាត្រា​កងទ័ព​ម៉ិ​ក​ស៊ិ​ក នៅ​ទិវា​ឯករាជ្យ​ជាតិ
​រដ្ឋធានី ម៉ិ​ក​ស៊ិ​កូ នៃ ប្រទេស ម៉ិ​ក​ស៊ិ​ក