ទិវា​ឯករាជ្យ​ជាតិ នៃ​ប្រជាជន​ម៉ាលី​

303
ចែករម្លែក

ភ្នំពេញៈ ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ម៉ាលី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី ២២ ខែកញ្ញា ដើម្បី រំឭក​ដល់​ព្រឹត្តិការណ៍ ដែល​ពួកគេ​ទទួលបាន​ឯករាជ្យភាព ពី​អាណានិគម​បារាំង កាលពី​ឆ្នាំ​១៩៦០​ប៉ុន្តែ​បន្ទាប់ពី​នោះមក​ពួកគេ​ត្រូវ​ឆ្លងកាត់​នូវ ព្រឹត្តិការណ៍​តស៊ូ ដែល​បាន​លះបង់​ជីវិត​ជាច្រើន​ទៀត ទម្រាំ​បាន​សុខសាន្តត្រាណ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ម៉ាលី មាន​ផ្ទៃដី​ជា ១.២៤០.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក ខាងលិច មាន​ព្រំដែន​ជាប់​ប្រទេស​អាល់​ហ្ស៊េ​រី វាល​ខ្សាច់​សាហា​រ៉ា គូ​ឌឺ​វ័រ សេ​ណេ ហ្កា​ល់ និង​ហ្គី​ណេ ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ជាង ១៩ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ។ ភាសាផ្លូវការ​របស់​ប្រទេស មាន​ចំនួន​១៥ ភាសា ប៉ុន្តែ​ភាសា​ដែល​គេ​និយាយ​ច្រើន​បំផុត គឺ​ភាសា​បារាំង និង​បាំ​បា​រ៉ា រដ្ឋធានី គឺ​ទីក្រុង បា​ម៉ា​កូ ។​

​ប្រវត្តិសាស្ត្រ​
នៅ​សតវត្សរ៍​ទី​១៤ អាណាចក្រ​ម៉ាលី បាន​ឡើងដល់​អំណាច​កំពូល​របស់ខ្លួន ហើយ ទីក្រុង Djenné និង​ទីក្រុង Timbuktu គឺជា​បណ្តុំ​ពាណិជ្ជកម្ម និង​ការសិក្សា​ខាង សាសនា​អ៊ិ​ស្លាម​។ ប៉ុន្តែ​ក្រោយមក អាណាចក្រ​ម៉ាលី បាន​ស្គាល់​ឱនភាព​ដោយសារ មាន​កាច់​កុង​គ្នា​ផ្ទៃក្នុង​ហើយដោយ​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​អាណាចក្រ ជិតខាង គឺ​អាណាចក្រ​សុង​ហៃ (​បច្ចុប្បន្ន នី​ហ្ស៊េ​រី​យ៉ា ភាគ​ពាយ័ព្យ​) ដែល​អាណាចក្រ សុង​ហៃ គឺជា​មហាអំណាច​ដ៏​យូរលង់​បំផុត​នៅ​អាហ្វ្រិក​ខាងលិច ប៉ុន្តែ​ពេលនោះ​ស្ថិត ក្រោម​ការត្រួតត្រា​របស់​អាណាចក្រ​ម៉ាលី ។​

​នៅ​ចុង​សតវត្សរ៍​ទី​១៤ សុង​ហៃ ទទួលបាន​ឯករាជ្យភាព​ពី​ម៉ាលី​ហើយ​បាន​ពង្រីក​ខ្លួន យក​ភាគច្រើនបំផុត នៃ​ដែនដី​ភាគ​ខាងកើត​របស់​ម៉ាលី ។ ប៉ុន្តែ សុង​ហៃ បាន​ដួលរលំ នៅ​ឆ្នាំ​១៥៩១ ដោយសារ​ការឈ្លានពាន​ពី​សំណាក់​ម៉ា​រ៉ុ​ក ដែល​ប្រការនេះ បានបញ្ចប់ តួនាទី​របស់​សុង​ហៃ ជា​ផ្លូវ​ឆ្លងកាត់​ពាណិជ្ជកម្ម ក៏ដោយ​សារ​ពួក​មហាអំណាច​អឺរ៉ុប បង្កើត​ការជួញដូរ​តាមផ្លូវ​សមុទ្ទ​វិញ ។​

​ក្រោម​អាណានិគម​បារាំង​
នៅ​សតវត្សរ៍​ទី​១៩ វត្តមាន​របស់​មហាអំណាច​អឺរ៉ុប ចូលទៅក្នុង​ទឹកដី​អាហ្វ្រិក បានធ្វើ ឱ្យ​អាណាចក្រ​នានា នៅ​ទីនោះ បាត់បង់​ម្ចាស់ការ​លើ​ខ្លួនឯង​ជា​បន្តបន្ទាប់ ។ គិត​ត្រឹម ឆ្នាំ​១៩០៥ តំបន់​ភាគច្រើនបំផុត នៃ​អាណាចក្រ​ម៉ាលី បាន​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា របស់​បារាំង ហើយ​បានក្លាយ​ជាមាន​ឈ្មោះថា ស៊ូដង់ បារាំង ។

​ការឈឺ​ចាប់ពី​ការត្រួតត្រា​របស់​បារាំង នៅ​ឆ្នាំ​១៩៥៩ តំបន់​ស៊ូដង់ បារាំង និង​សេ​ណេ ហ្កា​ល់ បាន​រួបរួមគ្នា​បង្កើតបានជា សហព័ន្ធ​ម៉ាលី ឡើងវិញ​។ សហព័ន្ធ​ម៉ាលី​តស៊ូ រហូត​ដណ្តើមបាន​ឯករាជ្យ​របស់ខ្លួន ពី​បារាំង នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៦០ ។

​សេ​ណេ​ហ្កា​ល់ បាន​ដកខ្លួន​ចេញពី​សហព័ន្ធ​ម៉ាលី នៅ​ខែសីហា ឆ្នាំ​១៩៦០ ដែល បន្សល់ទុក​នូវ​ម៉ាលី​ម្នាក់ឯង​។ ដោយហេតុ​នោះ ម៉ាលី បានប្រកាស​ខ្លួន​ទៅជា សាធារណរដ្ឋ​ម៉ាលី នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩៦០ ។ លោក Modibo Keïta បាន​ជាប់ ឆ្នោត​ជា​ប្រធានាធិបតី​ដំបូង របស់​ម៉ាលី ហើយ​បាន​បង្កើតជា​រដ្ឋ​មួយ​ដែល​គ្រប់គ្រង ដោយ​ឯក​បក្ស​។ នៅ​ឆ្នាំ​១៩៤០ ម៉ាលី មាន​ប្រជាពលរដ្ឋ ប្រមាណ​ជា ៤,១ លាន​នាក់ ។ ទិវា​ឯករាជ្យ​ជាតិ​ម៉ាលី ត្រូវបាន​ធ្វើឡើង​ដើម្បី​រំឭក​ដល់​ថ្ងៃ​នៃ​ថ្ងៃ​នេះឯង ។​

​រួច​ពី​អន្ទាក់ ធ្លាក់ចូល​រណ្តៅ​ភ្លើង​
​របប​គ្រប់គ្រង​ឯក​បក្ស​នេះ បាន​ជោគជ័យ​ការងារ​មួយចំនួន​ប៉ុន្តែ​បែរជា​មាន​ឱនភាព​ផ្នែក សេដ្ឋកិច្ច ។ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​១៩៦៨ របប​របស់លោក Keïta ត្រូវបាន​ផ្តួល រំលំ​ដោយ​រដ្ឋប្រហារ​យោធា ដោយ​គ្មាន​ការបង្ហូរ​ឈាម ដែល​ដឹកនាំ​ដោយ​លោក ឩ​ត្ត​ម​សេនីយ៍ Moussa Traoré (​បច្ចុប្បន្ន ថ្ងៃនោះ ត្រូវបាន​ប្រារព្ធ​ជា​ទិវា​រំដោះ​) ។ បន្ទាប់មក រដ្ឋាភិបាលយោធា​របស់​លោក​ប្រធានាធិបតី (​ឩ​ត្ត​ម​សេនីយ៍​) Traoré បាន​ខិតខំ​ស្តារ​សេដ្ឋកិច្ច ។ ប៉ុន្តែ​កិច្ចខិតខំ​នោះ ពុំបាន​សម្រេច​ឡើយ​ដោយសារ​ភាព ច្របូកច្របល់ ផ្នែក​នយោបាយ និង គ្រោះរាំងស្ងួត​ពី​ឆ្នាំ​១៩៦៨-១៩៧០ ហើយ​ចន្លោះ ពេលនោះ គ្រោះ​ទុ​រ្ភឹ​ក្ស បានសម្លាប់​មនុស្ស​អស់​រាប់ពាន់នាក់ ។

នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ រដ្ឋាភិបាល​របស់លោក Traoré បាន​ប្រឈម​នឹង​ការ​ងើប ប្រឆាំង​របស់​ពួក​និស្សិត និង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បី​លើក​។ ប៉ុន្តែ​រដ្ឋាភិបាលយោធា បាន​បង្ក្រាប​នូវ​រាល់​អ្នក​មានគំនិត​ប្រឆាំង​ទាំងអស់ រហូតដល់​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ។​

​រដ្ឋាភិបាល​របស់លោក Traoré នៅតែមាន​បំណង​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច ប៉ុន្តែ​ប្រជា ពលរដ្ឋ កាន់តែ​មិន​ពេញចិត្ត​ខ្លាំង​ឡើងៗ ចំពោះ​រដ្ឋាភិបាល​នេះ​។ ឆ្លើយតប​ទៅនឹង ការទទូច​ទាមទារ រក​របប​លទ្ធិប្រជាធិបតេយ្យ ពហុបក្ស រដ្ឋាភិបាល​លោក Traoré បានធ្វើ​សេរី​កម្ម​នយោបាយ យ៉ាង​មានកំណត់​មួយ​។ នៅ​ឆ្នាំ ១៩៩០ មានការ​ងើប បះបោរ​ប្រឆាំង យ៉ាង​ច្របូកច្របល់ ។​

​ការប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​របស់​ពួក​និស្សិត នៅ​ខែមករា ឆ្នាំ​១៩៩១ ត្រូវបាន​បង្ក្រាប ដោយ​ឃោរឃៅ ដោយមាន​ការចាប់ខ្លួន និង ធ្វើ​ទារុណកម្ម ទៅលើ​មេដឹកនាំ និង​អ្នក ចូលរួម​ចលនា​នេះ​ជាច្រើន​ករណី​។ ប៉ុន្តែ​សកម្មភាព​ប្រឆាំង​តវ៉ា​នៅតាម​អគារ​ធំៗ នៅតែមាន​ជា​បន្ត ហើយ​អំពើហិង្សា ក៏​កើត​ឡើងជា​ហូរហែ ។​

​ចាប់ពី​ថ្ងៃទី​២២ ខែមីនា ដល់​ថ្ងៃទី​២៦ ឆ្នាំ​១៩៩១ សម្ព័ន្ធ​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​កូដកម្ម​ទូទាំងប្រទេស ទាំង​ទីក្រុង និង​ជនបទ បាន​ផ្ទុះឡើង ដែល​ត្រូវបាន​គេ​ហៅថា បដិវត្តន៍​ខែមីនា ។ នៅ​ទីក្រុង បា​ម៉ា​កូ ឆ្លើយតប​ទៅនឹង​បាតុកម្ម​រៀបចំ​ដោយ និស្សិត តាម​សកល​វិទ្យាល័យ ពួក​សហជីព​ជំនួញ និង មនុស្ស​មកពី​ប្រភព​នានា​នោះ​ទាហាន បាន​បើក​ការបាញ់រះ យ៉ាង​ពេញទំហឹង​ទៅលើ​ពួក​បាតុករ​អហិង្សា​។ កុប្បកម្ម ក៏បាន​ផ្ទុះ ឡើង​ភ្លាម បន្ទាប់ពី​ការបាញ់រះ​នោះ ។ របាំង និង​បា​រ៉ា​ស់​ផ្លូវ ត្រូវបាន​ដាក់ពង្រាយ ហើយ​ប្រធានាធិបតី Traoré បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន និង​ដាក់​យប់ នោះ ចូល​ជា​បម្រាម​គោចរ ។

​ត្រឹម​រយៈពេល ៤​ថ្ងៃ ជីវិត​មនុស្ស​ជាង ៣០០ នាក់ ត្រូវបាន​ផ្តាច់ផ្តិល ប៉ុន្តែ​ពួក​បាតុករ អហិង្សា នៅតែ​បន្ត​នាំគ្នា​ហែ​ចូលទៅ​ទីក្រុង​បា​ម៉ា​កូ ហើយ​ទាមទារ​ឱ្យ​ប្រ​ធា​ធិបតី ផ្តាច់ការ Traoré ចុះ​ចេញពី​តំណែង និង ប្រតិបត្តិ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ។

​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​១៩៩១ គឺជា​ថ្ងៃ​ដែលមាន​ការប៉ះទង្គិច​គ្នា​ដ៏​ធំ​បំផុត​រវាង​ទាហាន និង​ពួក​និស្សិត​បាតុករ​អហិង្សា ដែលជា​ការសម្លាប់​រង្គាល​កម្រិត​ខ្ពស់បំផុត ដោយបាន សម្លាប់​មនុស្ស​រាប់រយ​នាក់ ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក​ប្រធានាធិបតី Moussa Traoré និង​អ្នក​ស្និទ្ធ​នឹង​គាត់ បីនាក់​ផ្សេងទៀត​។ ពួក​និស្សិត​បាតុករ​ទាំងនោះ ទោះជា ស្លាប់​ច្រើន​យ៉ាងណា ក៏​ពួកគេ​នៅតែ​មិន​រាថយ មិន​ចុះ​ញ៉ម​នឹង​សេចក្តីស្លាប់​ជា ដាច់ខាត​។ ចំណែក​ក៏​ង​ទ័ព ក៏​ចេះតែ​បាញ់រះ​ឥត​ប្រណី​។ ភាព​សន្ធោរ​សន្ធៅ​របស់ កងទ័ព ទៅលើ​បាតុករ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​រីក​យ៉ាង​រាលដាល ។​

​ប៉ុន្តែ​គេ​ថា នៅក្នុង​លូទឹកស្អុយ ក៏​គង់​មាន​ស្រមោល​ព្រះ​ចន្ទ ។ យ៉ាងណាមិញ ក្នុង ចំណោម​ពួកកងទ័ព ក្រោម​ការក្តោបក្តាប់​យ៉ាង​តឹងរ៉ឹង​របស់​ប្រធានាធិបតី Moussa Traoré នោះ ក៏មាន​មន្ត្រី​យោធា និង​យោធា​ជាច្រើន មិន​ពេញចិត្ត​នឹង​របប​របស់ ប្រធានាធិបតី ដែល​បញ្ជា​ឱ្យ​កងទ័ព​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះដែរ​។ ប៉ុន្តែ​ពួកគេ ចេះតែ​ធ្វើជា​ពេញចិត្ត ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​តែប៉ុណ្ណោះ​។ លុះ​បាន​ស្ថាន ភាពសមរម្យ ពួកគេ ក៏​បង្ហាញ​សារជាតិ​ពិតប្រាកដ​របស់​ពួកគេ​ភ្លាម ។​

​នៅក្នុង​ថ្ងៃទី​២៦ ខែ​និង​ឆ្នាំ​ដដែល​នោះ ដោយ​មើលឃើញ​ពី​ភាពព្រៃផ្សៃ​ដូច្នោះ​កងទ័ព រាប់ពាន់នាក់ បាន​ទម្លាក់អាវុធ​របស់ខ្លួន ហើយ​ទៅ​ចូលរួម​ជាមួយ​ពួក​បាតុករ​គាំទ្រ លទ្ធិប្រជាធិបតេយ្យ​វិញ​។ នៅ​រសៀល​ថ្ងៃទី​២៦ នោះ អនុសេនីយ៍ឯក ឈ្មោះ Amadou Toumani Touré បានប្រកាស​តាម​វិទ្យុ​ថា គាត់​បាន​ចាប់ខ្លួន​ប្រធានាធិបតី​ផ្តាច់ការ Moussa Traoré ហើយ​។ ដំណឹង​នោះ បាន​ញ៉ាំងឱ្យ​សំឡេង​យំសោក ដោយ​ក្តី​ត្រេកអរ និង​ការ​សាទរ បាន​លាន់ឮ​ឡើង​ទូទាំងប្រទេស​ម៉ាលី ។​

​ព្រឹត្តិការណ៍​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​រដ្ឋប្រហារ​ខែមីនា ឆ្នាំ​១៩៩១ របស់​ម៉ាលី ។ ប្រធានាធិបតី Moussa Traoré និង អ្នក​ស្និទ្ធ​នឹង​គាត់​ទាំង បីនាក់​ដែលមាន​ទំនួល ខុសត្រូវ បញ្ជា​កងទ័ព​ឱ្យ​បាញ់សម្លាប់​បាតុករ ត្រូវបាន​កាត់ទោស​ប្រហារជីវិត ។

​បន្ទាប់មក ពួក​គណបក្ស​ប្រឆាំងនឹង​រដ្ឋាភិបាល លោក​ប្រធានាធិបតី Moussa Traoré ត្រូវបាន​ផ្តល់​ឱ្យនូវ​ភាពស្របច្បាប់​ថា ជា​គណបក្សនយោបាយ​ហើយ​សមាជជាតិ​នៃ ក្រុម​ពួក​អ្នកនយោបាយ និង​សង្គម​ស៊ីវិល បាន​ជួបជុំគ្នា ដើម្បី​ព្រាង​រដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ​ថ្មី​មួយ សម្រាប់​បោះឆ្នោត​ធ្វើ​ប្រជាមតិ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា