ទិវា​ឯករាជ្យ​ជាតិ នៃ​សហព័ន្ធ​ម៉ាឡេស៊ី​

354
ចែករម្លែក

ភ្នំពេញៈ ប្រជាពលរដ្ឋ​ម៉ាឡេស៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​៣១ ខែ សីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ទទួលបាន​ឯករាជ្យភាព​ពី​ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ ១៩៥៧ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សហព័ន្ធ​ម៉ាឡេស៊ី គឺជា​ប្រទេស​អភិវឌ្ឍន៍​មួយ មាន​ផ្ទៃដី ៣២៩.៨៤៧ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាស៊ីអាគ្នេយ៍ មាន​ព្រំដែន​ជាប់​ប្រទេស​ព្រុយ​ណេ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៣២ លាន​នាក់​ក្នុងនោះ ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ៦១,៣ ភាគ កាន់​ពុទ្ធសាសនា ១៩,៨ ភាគរយ​កាន់​គ្រិស្ត សាសនា ៩,២ ភាគរយ កាន់សាសនា​ហិណ្ឌូ ៦,៣ ភាគរយ ។ រាជធានី គឺ​ទីក្រុង​គួ​ឡា ឡាំ​ពួរ ភាសាផ្លូវការ​គឺ​ភាសា​ម៉ាឡេស៊ី ។​

​ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ​១៧៧១ មន្ត្រី​ចក្រភព​អង់គ្លេស​តំណាង ក្រុមហ៊ុន អង់គ្លេស East India Company បាន​ចរចា​ជាមួយ​ស៊ុ​លត​ង់ ម៉ាឡេស៊ី ដើម្បី​បង្កើត​ប៉ុស្តិ៍​ពាណិជ្ជកម្ម នៅ​ប៉េ ណាំង​នៃ​ប្រទេស​ម៉ាឡេស៊ី ។ ស៊ុ​លត​ង់ បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​អង់គ្លេស East India Company ការពារ​តំបន់ Kedah ពី​ការគំរាមកំហែង​ពី​ក្រៅ ដូចជា សៀម (​ថៃ​) និង ភូមា ។ ប៉ុន្តែ East India Company បាន​បដិសេធ ។

​ទីបំផុត ចក្រភព​អង់គ្លេស បាន​បង្ខំ​ឱ្យ ស៊ុ​លត​ង់ ម៉ាឡេស៊ី​ចុះ​កិច្ចព្រមព្រៀង​ប្រគល់​តំបន់ ប៉េ​ណាំង ឱ្យ​អង់គ្លេស កាន់កាប់ ដោយ​អង់គ្លេស គ្រាន់តែ​បង់ថ្លៃ​ឈ្នួល ក្នុង​មួយឆ្នាំ ៦.០០០ ប៉េ​សូ អេ​ស្ប៉ា​ញ (​ប្រមាណ​ជា ជិត ៧.០០០ ដុល្លារ​អាមេរិក​) ។ នៅ​ថ្ងៃទី​១ ខែ​ឩ​សភា ឆ្នាំ​១៧៧១ ទង់ជាតិ​អង់គ្លេស ត្រូវបាន​បង្ហូត​ជា​លើកដំបូង​នៅ​ទឹកដី​ប៉េ​ណាំង ។ នៅ​ឆ្នាំ​១៨០០ អង់គ្លេស​បាន​ត្រួតត្រា​តំបន់ Perai ទៀត ហើយ​ប៉េ​ណាំង​ត្រូវបាន ដាក់ឈ្មោះថា Prince of Wales Island ចំណែក Perai ត្រូវបាន​ដាក់ឈ្មោះថា Province Wellesley ។ ឆ្នាំ​១៨២១ សៀម បាន​ចូល​ឈ្លានពាន តំបន់ Kedah រហូតដល់​ឆ្នាំ ១៨៤២ ។

​អំឡុង​មុន​ចុង​សតវត្សរ៍​ទី​១៩ អង់គ្លេស បាន​ប្រកាន់យក​នយោបាយ​មិន​ធ្វើ​អន្តរាគមន៍ ។ ប៉ុន្តែ​កត្តា​មួយចំនួន ដូចជា ស្ថានភាព​អន្តរជាតិ ប្រែប្រួល ការផ្គត់ផ្គង់​វត្ថុធាតុដើម និង សន្តិសុខ​ជាដើម ញ៉ាំងឱ្យ​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស​ដើរតួរ​នាទី​កាន់តែ​សកម្ម​នៅក្នុង រដ្ឋ ម៉ាឡេស៊ី ។​

​ចាប់ពី​សតវត្សរ៍​ទី​១៧ រហូតដល់​ដើម​សតវត្សរ៍​ទី​១៩ តំបន់​ម៉ា​ឡា​កា គឺជា​កម្មសិទ្ធិ​របស់ អាណាចក្រ​ហុ​ល្លង់ ។ ប៉ុន្តែ​អំឡុង​សង្គ្រាម ណាប់​ប៉ូ​ឡេ​អុង គឺ​ពី​ចន្លោះ​ឆ្នាំ​១៨១១-១៨១៥ ម៉ា​ឡា​កា ក៏ដូចជា​តំបន់​កាន់កាប់​នានា​របស់​ហុ​ល្លង់ នៅ​អាស៊ី​ខាងត្បូង​បាន​ស្ថិតក្រោម ការត្រួតត្រា​របស់​ចក្រ​ភព​អង់គ្លេស​វិញ គឺ​ដើម្បី​ការពារ​តំបន់​ទាំងនោះ កុំឱ្យ​បារាំង ដណ្តើមយក​។ នៅពេល​ចប់​សង្គ្រាម​នោះ តំបន់​ម៉ា​ឡា​កា បាន​វិល​ទៅ​ក្រោម​ការត្រួត ត្រា​របស់​ហុ​ល្លង់ វិញ​។ ឆ្នាំ​១៨២៤ អង់គ្លេស និង ហុ​ល្លង់ បាន​ចុះហត្ថលេខា​លើ សន្ធិសញ្ញា ប្រគល់​ម៉ា​ឡា​កា ទៅឱ្យ​អង់គ្លេស ។ សន្ធិសញ្ញា​នេះ ក៏បាន​បំបែក ម៉ាឡេស៊ី ឱ្យទៅជា​អង្គភាព​២ ដាច់ដោយឡែក​ពីគ្នា ដោយ​ចែក​ត្រឹម​តំប់​ព្រំដែន​ឥណ្ឌូណេស៊ី -​ម៉ាឡេស៊ី សព្វថ្ងៃនេះ ។

​ឆ្នាំ​១៨២៦ អង់គ្លេស មានបំណង​ចង់​ធ្វើ​មជ្ឈការ (​ប្រមូលផ្តុំ​) រដ្ឋបាល​របស់ខ្លួន នៃ​តំបន់ ប៉េ​ណាំង ម៉ា​ឡា​កា និង​សាំង​ហ្គា​ពួរ ដែល​គម្រោង​នេះ ត្រូវ​បានឱ្យ​ឈ្មោះថា Straits Settlements ដោយ​យក ប៉េ​ណាំង ធ្វើជា​ទីតាំង​កណ្តាល ។

​នៅ​ឆ្នាំ​១៨៥៨ ក្រុមហ៊ុន East India Company បាន​ក្ស័យធន ហើយ​ត្រូវបាន​រំសាយ ។ ចំណែក​ទ្រព្យសម្បត្តិ បំណុល និង​ទឹកដី​ដែល​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម ហ៊ុន​នេះ ត្រូវបាន​កាន់កាប់ រ៉ាប់រង​ជំនួស​ដោយ​រដ្ឋាភិបាល​អ​ង់​គ្លេ​ស ចាប់ពី​ឆ្នាំ​១៨៦៧ ។​

​តាំងពី​មុននេះ សាំង​ហ្គា​ពួរ គឺជា​រដ្ឋ​ស្ថិតនៅក្នុង​សហភាព​ជាមួយ​ម៉ាឡេស៊ី ។ ប៉ុន្តែ ទំនាស់​ផលប្រយោជន៍ និង​ប្រពៃណី​សាសនា ធ្វើឱ្យ​ម៉ាឡេស៊ី បោះឆ្នោត​បណ្តេញ សាំង​ហ្គា​ពួរ ចេញពី​សហភាព (​សាំង​ហ្គា​ពួរ ក៏​សម្រេចចិត្ត​ប្រកាស​ខ្លួន ជា​រដ្ឋ​ឯករាជ្យ​) ម៉ាឡេស៊ី ហើយ​ម៉ាឡេស៊ី ពេលនោះ​រួមបញ្ចូល​ទាំង ម៉ា​ឡា​កា និង ប៉េ​ណាំង​ផងដែរ ។

​ខែធ្នូ ឆ្នាំ​១៩៤១ ជប៉ុន​បាន​ចូលកាន់​កាប់​ប្រទេស​ម៉ាឡេស៊ី ។ ជប៉ុន បានប្រគល់​ទឹកដី​ម៉ា ឡេ​ស៊ី​មួយចំនួន ទៅឱ្យ​សៀម ជា​ថ្នូរ​ទៅនឹង​ការសហការ​របស់​សៀម ជាមួយ​ជប៉ុន ។ ប៉ុន្តែ បន្ទាប់ពី​ជប៉ុន ចុះចាញ់​សង្គ្រាម នៅ​ឆ្នាំ​១៩៤៥ មក ម៉ាឡេស៊ី និង​ទឹកដី​ទាំងឡាយ ដែល ជប៉ុន បាន​កាត់​ទៅឱ្យ សៀម នោះបាន​ត្រឡប់​ទៅ​ក្រោម​រដ្ឋបាល​កងទ័ព អង់គ្លេស​វិញ ។​

​ឯករាជ្យ​ម៉ាឡាយូ
​ទោះជា​អង់គ្លេស ឈ្នះ​សង្គ្រាមលោកលើកទី​២ ក្តី ក៏​សង្គ្រាម​នោះ ធ្វើឱ្យ​អង់គ្លេស​ទ្រម ខ្លួន​យ៉ាងដំណំ​ណាស់ដែរ ហើយ​ខ្សោយ​ខ្សោះ អស់​ធនធាន បាត់បង់​ការគាំទ្រ​ផ្ទៃក្នុង កម្លាំង​កងទ័ព​ចុះខ្សោយ ដែនដី​អាណានិគម ងើប​បះបោរ​តវ៉ា​គ្រប់ទិសទី ជា​សញ្ញា​ថា អង់គ្លេស ជិត​អស់បុណ្យ ក្នុងការ​ត្រួតត្រា​ដែនដី​អាណានិគម​របស់ខ្លួន​ហើយ ។

​ចំពោះ​ម៉ាឡេស៊ី ក៏ដូចជា​ដែនដី​អាណានិគម​នានា នៅ​អាស៊ី​ដែរ អង់គ្លេស​បាន​ត្រៀម ខ្លួន​ប្រគល់​ឯករាជ្យ​ទៅឱ្យ​ម៉ា​ឡេ​ស៊ិ​វិញ ។ ក្នុង​រយៈពេល​មួយឆ្នាំ​ក្រោយ​ចប់​សង្គ្រាម ម៉ាឡាយូ អង់គ្លេស ត្រូវបាន​បង្រួបបង្រួម​ចូលគ្នា​បង្កើតបានជា សហភាព ម៉ាឡាយូ នៅ​ថ្ងៃទី ១ ខែ មេសា ឆ្នាំ​១៩៤៦ ប៉ុន្តែ​ពុំមាន​បញ្ចូល​សាំង​ហ្គា​ពួរ​ឡើយ​ដោយ​សាំង ហ្គា​ពួរ នឹង​បង្កើត​រដ្ឋ​ដាច់ដោយឡែក ។

​សហភាព​នេះ ត្រូវបាន​ស្វាគមន៍​ដោយ​ការជំទាស់​យ៉ាង​ស្រួ​ស្រាល់​ពី​សំណាក់ ម៉ាឡេស៊ី ក្នុង​មូលដ្ឋាន ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្បងៗ​ចំនួន ២ គឺ​១. ការទាមទារ​ដ៏​ធូររលុង នៃ​ភាពជា​ពលរដ្ឋ និង ២​គឺ ការថយចុះ​នៃ​អ្នកគ្រប់គ្រង​អំណាច​ម៉ាឡេស៊ី ។ ការជំទាស់ នេះ បង្កើតបានជា​សម្ពាធ​ដ៏​តានតឹង ទើប​ទី​បំប​ផុត សហភាព​ម៉ាឡាយូ​ត្រូវបាន​ជំនួស ដោយ សហព័ន្ធ​ម៉ាឡាយូ វិញ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​១៩៤៨ ។ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៥៧ សហព័ន្ធ​ម៉ាឡាយូ​ទទួលបាន​ឯករាជ្យភាព​ពី​អាណានិគម អង់គ្លេស ។ គឺ​ថ្ងៃ​នោះឯង​ហើយ​ដែល​បាន​ក្លាយជា​ទិវា​ឯករាជ្យ​ជាតិ​ម៉ាឡេស៊ី រហូតមក ។​

​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​១៩៦៣ រដ្ឋ​ម៉ាឡាយូ​ទាំងអស់ បាន​រួបរួមគ្នា​បង្កើតបានជា សហព័ន្ធ​ដ៏​ធំ​ជាង​មុន​មួយ ឈ្មោះថា សហព័ន្ធ​ម៉ាឡេស៊ី ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

#