ទិវា​ឯករាជ្យ​ជាតិ នៃ​សាធារណរដ្ឋ​ដូ​មី​និក​

174
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ដូ​មី​និក ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​ប្រកាស​ឯករាជ្យភាព ផ្តាច់ខ្លួន​ចេញពី ហៃ​ទី កាលពី​ឆ្នាំ ១៨៤៤ បន្ទាប់ពី​រង​ការជិះជាន់​ធ្វើទុក្ខបុកម្នេញ​ពី ហៃ​ទី រហូត​ទ្រាំលែងបាន​។ ប៉ុន្តែ​បន្ទាប់ពី ប្រកាស​ឯករាជ្យ​មក ប្រទេស​នេះ រង​ភាពច្របូកច្របល់​អំពី​ហិង្សា ទាំង​ស៊ិ​វិល និង​សង្គម នយោបាយ ហើយ​ត្រូវបាន​ឈ្លានពាន ដោយ​ហៃ​ទី​ជា​ច្រើនដង ស្ទើរតែ​ក្លាយជា​ប្រទេស ក្រោម​អាណានិគម​មហាអំណាច​ឡើងវិញ រហូតដល់​ទសវត្សរ៍ ១៨៨០ ទើប​ទទួលបាន​ភាព សុខសាន្ត ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ដូ​មី​និក មាន​ផ្ទៃដី ៤៨.៤៤៥ គីឡូម៉ែត្រ​ក្រឡា នៅលើ​កោះ Hispaniola (ជាមួយនឹង​ប្រទេស​ហៃ​ទី​) ក្នុង​តំបន់​សមុទ្ទ​កា​រ៉ា​អ៊ី​ប ។ ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជិត ១១ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត​និកាយ​កាតូលិក ភាសាផ្លូវការ គឺ​ភាសា អេ​ស្ប៉ា​ញ រដ្ឋធានី​គឺ​ទីក្រុង សាន់​ដូ​ម៉ាំង ។​

ប្រវត្តិសាស្ត្រ​-​ធ្លាក់​ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ​
លោក គ្រី​ស្តូ​ហ្វ កូ​ឡូ​ម​ប៍ (​អ្នកស្រាវជ្រាវ​អេ​ស្ប៉ា​ញ​) បាន​ទៅដល់​កោះ Hispaniola ដែលជា ទឹកដី សាធារណរដ្ឋ​ដូ​មី​និក នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​១៤៩២ នា​អំឡុងពេល​ធ្វើដំណើរ​ដោ​យក ប៉ាល់​លើក​ទី​១ (​ក្នុងចំណោម​ការធ្វើដំណើ​រ ៤ លើក​) ទៅ​តំបន់​អាមេរិក ។ គាត់​បានប្រកាស ទឹកដី​នោះ​ថា ជា​កម្មសិទ្ធិ​របស់ អេ​ស្ប៉ា​ញ ហើយ​ដោយសារ​អាកាសធាតុ និង​បរិយាកាស នៅ​តំបន់​នោះ ធ្វើឱ្យ​លោក គ្រិ្ទ​ស្តូ​ហ្វ កូ​ឡូ​ម​ប៍ នឹករឭក​ដល់​ប្រទេស​អេ​ស្ប៉ា​ញ ទើប​គាត់​បាន ដាក់ឈ្មោះ​ទឹកដី​នោះ​ថា La Española ។

​ឆ្នាំ​១៤៩៦ លោក Bartholomew Columbus ជា​ប្អូនប្រុស​របស់លោក គ្រី​ស្តូ​ហ្វ កូ​ឡូ​ម​ប៍ បាន​កសាង​ទីក្រុង Santo Domingo គឺជា​លំនៅ​អចិន្ត្រៃយ៍​ដំបូង របស់​ជន​អឺរ៉ុប នៅ​លើក​ទឹកដី ពិភពលោក​ថ្មី (​ពិភពលោក​ថ្មី គឺជា​ឈ្មោះ​ដែល​អេ​ស្ប៉ា​ញ ប្រើ​សំដៅ​ដល់​រាល់​ទឹកដី​នៅឯ​នាយ សមុទ្ទ​ដែល អេ​ស្ប៉ា​ញ ប្រកាសថា​ជា​ទឹកដី​របស់ខ្លួន ដូច​ទឹកដី​នៅ​អាមេរិក​ជាដើម​) ហើយ ទីនោះ ក៏​ក្លាយជា​ទីតាំង​កណ្តាល នៃ​អាណានិគម​កិច្ច​របស់ អេ​ស្ប៉ា​ញ នៅឯ​នាយ​សមុទ្ទ​អស់ រយៈពេល រាប់​សតវត្សរ៍ ។​

​ចាប់ពី​នោះ​មិនយូរប៉ុន្មាន រ៉ែ​មាស​ដ៏​មហិមា ត្រូវបាន​រកឃើញ​នៅ​តំបន់ cordillera ដែល​នាំ ឱ្យ​ផ្ទុះ​នូវ​រ៉ែ​មាស​។ គិត​ត្រឹម​ឆ្នាំ​១៥០១ ប្អូនជីដូនមួយ​របស់​លោក​គ្រី​ស្តូ​ហ្វ កូ​ឡូ​ម​ប៍ គឺ​លោក Giovanni Columbus ក៏បាន​រកឃើញ​រ៉ែ​មាស​នៅក្បែរ​តំបន់​នោះ​ទៀត​។ អណ្តូងរ៉ែ​មាស​ដ៏ មហាសាល​ទាំងនេះ អេ​ស្ប៉ា​ញ ដឹកជញ្ជូន​មាស​ទាំង​កប៉ាល់ៗ ទៅ​គរ ក្នុង​ឃ្លាំង​អេ​ស្ប៉ា​ញ ក្លាយជា​ភ្នំ​មាស ហើយក៏​គឺជា​មូលដ្ឋានគ្រឹះ នៃ​អំណាច​របស់​អេ​ស្ប៉ា​ញ អស់​រយៈពេល​រាប់ សតវត្សរ៍ ។

​ឆ្នាំ​១៥២២ អេ​ស្ប៉ា​ញ ចាប់ផ្តើម​ឈ្លានពាន​អាណាចក្រ Aztecs (​ម៉ិ​ក​ស៊ិ​ក​) ហើយ​នៅ​ឆ្នាំ ១៥៧២ អេ​ស្ប៉ា​ញ ឈ្លានពាន​អាណាចក្រ Incas ទៀត​។ បន្ទាប់ពី​បាន​ឈ្លានពាន​បាន​ជោគជ័យ​ជា បន្ត​បន្ទាប់មក ជម្រុល​ចិត្ត​អេ​ស្ប៉ា​ញ ឱ្យ​ធ្វេសប្រហែស ចំពោះ​ការក្តោបក្តាប់​តំបន់​ពិភពលោក ថ្មី​របស់ខ្លួន ។​

ពួកកងទ័ព​ចោរ​សមុទ្ទ​អង់គ្លេស និង​បារាំង បាននាំគ្នា​លួច​ចូលទៅ​បោះទីតាំង នៅ​ភាគ​ពាយ័ព្យ នៃ​ឆ្នេរ​កោះ Hispaniola ហើយ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ទីបំផុត អេ​ស្ប៉ា​ញ បាន​របូត​តំបន់ឆ្នេរ​ភាគ​ខាងលិច ទៅក្នុង​ដៃ​បារាំង នៅ​ឆ្នាំ​១៦៩៧ ។ បារាំង​បាន​កសាង​តំបន់ អាណានិគម Saint-Domingue (​បច្ចុប្បន្ន គឺ​ប្រទេស​ហៃ​ទី​) ដ៏​មាន​សេដ្ឋកិច្ច​សម្បូរ​រុងរឿង ខណៈ​តំបន់​ក្រោម​ការគ្រប់គ្រង​របស់ អេ​ស្ប៉ា​ញ គឺ​ភាគ​កណ្តាល​នៃ​កោះ​បាន​ពើប​ឱនភាព សេដ្ឋកិច្ច​យ៉ាង​ដុនដាប ។​

ធ្លាក់​ក្នុង​ដៃ បារាំង​
សង្គ្រាម​បដិវត្តន៍​បារាំង បាន​ផ្ទុះឡើង​ពី​ឆ្នាំ​១៧៩២ (​ដល់​ឆ្នាំ​១៨០២) ហើយ​តាមរយៈ​យុទ្ធនាការ សង្គ្រាម​នេះ បារាំង បាន​ចូលដល់​ទីក្រុង Hispaniola នៅ​ឆ្នាំ​១៧៩៥ ។ ឆ្នាំ​១៨០១ មេដឹកនាំ បដិវត្តន៍​ហៃ​ទី លោក Toussaint Louverture បាន​កាន់កាប់​តំបន់ Santo Domingo ភាគ​ខាង លិច និង​បាន​កាន់កាប់​កោះ​នោះ​ទាំងស្រុង​។ ប៉ុន្តែ​ឆ្នាំ​១៨០២ កងទ័ព​បារាំង បាន​ចាប់ខ្លួន​គាត់ បញ្ជូនទៅ​បារាំង ។

​ទោះយ៉ាងណា កងទ័ព​របស់លោក Toussaint Louverture បាន​បណ្តេញ​បារាំង ចេញពី Saint-Domingue ហើយ​នៅ​ឆ្នាំ​១៨០៤ កងទ័ព​ឧទ្ទាម​ប្រកាស​ឯករាជ្យភាព​ទីនោះ​ថា សាធារណរដ្ឋ​ហៃ​ទី​។ ចំណែក​ភាគ​ខាងកើត​ឯណោះ​វិញ បារាំង នៅ​បន្ត​គ្រប់គ្រង​ទីក្រុង Santo Domingo របស់ អេ​ស្ប៉ា​ញ ។

​ឆ្នាំ​១៨០៥ កងទ័ព​ហៃ​ទី បាន​ចូលលុកលុយ​តំបន់ Santo Domingo និង​បាន​លួច​ប្លន់​នៅ ទីក្រុង​Santiago de los Caballeros និង ទីក្រុង Moca ដោយបាន​សម្លាប់​អ្នកស្រុក​ភាគច្រើន បំផុត ដែល​តាមរយៈ​ទង្វើ​ព្រៃផ្សៃ​នោះឯង​ហើយ ដែល​បង្កើតបានជា​កំហឹង និង​សម្អប់​រវាង ជាតិ​សាសន៍​ទាំង ២ ( ដូ​មី​និក និង ហៃ​ទី ) អស់​រយៈពេល ២ សតវត្សរ៍ ។​

​ឆ្នាំ​១៨០៧ នៅក្នុង​សង្គ្រាម​ឧបទ្វីប​អ៊ី​ប្រ៊ា​ន បារាំង និង អេ​ស្ប៉ា​ញ គឺជា​សម្ព័ន្ធមិត្ត ប្រឆាំង ព័រទុយហ្កាល់ និង​អង់គ្លេស ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៨០៨ បារាំង បាន​បង្វែ​គោលដៅ​ទៅ​ច្បាមចាប់ កាន់កាប់​អេ​ស្ប៉ា​ញ ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​វិញ​។ ហេតុ​នោះ អេ​ស្ប៉ា​ញ ងាក​ទៅ​ចងមេត្រី ភាព​ជាមួយ​អង់គ្លេស ដែល​មុននេះ​បន្តិច គឺជា​សត្រូវ​របស់ខ្លួន​វិញ​។ ឆ្នាំ​១៨០៨ នោះ​ពួក​អ្នក នៅ​តំបន់ Santo Domingo ដោយមាន​ការជួយ​ទំនុក បម្រុង​ពី អង់គ្លេស បាន​បះបោរ​ប្រឆាំង បារាំង ហើយ​យក​តំបន់ Santo Domingo ប្រគល់​ទៅឱ្យ អេ​ស្ប៉ា​ញ វិញ ។ លេចឡើង​នៃ សាធារណរដ្ឋ ហៃ​ទី​

​បន្ទាប់ពី​បរាជ័យ​ជាច្រើន លើក​ច្រើនគ្រា​មក ទីបំផុត តំបន់ Santo Domingo​បានប្រកាស ឯករាជ្យ​ពី អេ​ស្ប៉ា​ញ ដោយ​ជោគជ័យ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​១៨២១ ដោយ​ដាក់ឈ្មោះថា សាធារណរដ្ឋ​ហៃ​ទី ។ គប្បី​កត់សម្គាល់ថា រហូតដល់​ពេលនេះ នៅ​មិនទាន់មាន សាធារណរដ្ឋ ដូ​មី​និក នៅឡើយ​ទេ ។

​ដើម្បី​ប្រកាស​ឯករាជ្យភាព​ពី អេ​ស្ប៉ា​ញ សាធារណរដ្ឋ​ហៃ​ទី បាន​ព្រមព្រៀង​សង​អតីត អាណានិគម​បារាំង នូវ​ទឹកប្រាក់ ៦០ លាន​ហ្វ្រ​ង់ ។

​ដើម្បី​ប្រ​មូ​លុយ​សង បារាំង រដ្ឋាភិបាល​ហៃ​ទី បានដាក់​ចេញ​នូវ​វិធានការ​ពន្ធដារ យ៉ាងធ្ងន់ធ្ងរ ទៅលើ​ជនជាតិ​ដូ​មី​និក ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល ហៃ​ទី ពុំមាន​សមត្ថភាព​ចិញ្ចឹម​កងទ័ព ឡើយ ទើប​ជា​ញឹកញាប់ កងទ័ព ប្រើ​អំណាច និង​ប្រដាប់ អាវុធ រឹបអូស​យក​ស្បៀង​ពី​ប្រជា ពលរដ្ឋ ។ ទំនាស់​ដីធ្លី បាន​កើតឡើង​ពាសពេញ​ប្រទេស ។ រដ្ឋបាល​របស់​ហៃ​ទី​ក្តោប​យ៉ាង ណែន​នៅ​តំបន់​ទីក្រុង ប៉ុន្តែ​តំបន់ភ្នំ ពួកគេ​គ្រប់គ្រង​មិនបាន​ល្អ​ទេ ដូច្នេះ​គឺ​តំបន់​ទាំងនោះ​ហើយ ដែល​កើតមាន​ចលនា ឯករាជ្យ ភាព ដូ​មី​និក ពី​ហៃ​ទី ។ គ្រួសារ ម្ចាស់​ដីធ្លី​ដែលជា​ជនជាតិ ដូ​មី​និក ត្រូវបាន​ដកហូត​កម្មសិទ្ធិ​ដីធ្លី ទាំង​បង្ខិតបង្ខំ ។ មនុស្ស​ជាច្រើន រត់​ទៅ គុយបា ទៅ​ព័រ​តូ​រិ​កូ ឬ​ទៅ​មហា​កូ​ឡុំ​ប៊ី ហើយ​អ្នក​ទាំងនោះ ភាគច្រើនបំផុត ត្រូវបាន​បង្ខំចិត្ត​ដោយ សារ​មន្ត្រី​ហៃ​ទី បណ្តេញ​ដើម្បី​យក​ដីធ្លី ។

​វិស័យ​អប់រំ​គ្រប់​កម្រិត បាន​ដួលរលំ សកលវិទ្យា​ល័យ ត្រូវបាន​បិទទ្វារ ដោយសារ​គ្មាន​ទាំង​គ្រូ និង​ធនធាន ហើយ​គ្មាន​ទាំង​និស្សិត​ចូលរៀន ខណៈ​មនុស្ស​ប្រុស​ជនជាតិ​ដូ​មី​នី​ក អាយុ​ចាប់ពី ១៦-២៥ ត្រូវបាន​ច្បាប់​តម្រូវ​ឱ្យចូល​បម្រើកងទ័ព​ហៃ​ទី ។ ទាហាន​ដែលជា​ជនជាតិ​ដូ​មី​និក (​ដែល​ស្ថិតក្រោម​ការក្តោបក្តាប់រ​បស់ រដ្ឋាភិបាល ហៃ​ទី​) មិន​ត្រូវបាន​រដ្ឋាភិបាល​ផ្តល់​របប ប្រាក់ខែ និង​ស្បៀង​ឡើយ ទើប​កងទ័ព​ទាំងនោះ ត្រូវ​ស្វះ​ស្វែងរក​របស់​តម្រូវ​ការចាំបាច់ ទាំងនោះ​ដោយ​ខ្លួនគេ ហើយ​វិធី​រក​របស់​កងទ័ព​ទាំងនោះ ភាគច្រើន គឺ​ដណ្តើម​ពី​ជន​ស៊ីវិល ដូ​មី​និក ។ ទីបំផុត សេដ្ឋកិច្ច និង​ពន្ធដារ បាន​បរាជ័យ យ៉ាង​ឥត​សណ្តាប់ធ្នាប់ ។

​ដោយ​ទ្រាំ​មិនបាន​នឹង​ការជិះជាន់ គាបសង្កត់​សង្កិន​ពី​សំណាក់​រដ្ឋាភិបាល​ហៃ​ទី ទើប​មាន ចលនា​ឧទ្ទាម​ជាច្រើន បានកើត​ឡើង ដោយ​ជនជាតិ​ដូ​មី​និក ខណៈ​ជនជាតិ​ដូ​មី​និក និង ជនជាតិ​ហៃ​ទី ជាច្រើន បាន​រួបរួមគ្នា ដើម្បី​ប្រឆាំងនឹង​អំណាច​របស់​ប្រធានាធិបតី បូ​យើ​រ៍ នៃ ហៃ​ទី ។​

​ឆ្នាំ​១៨៤៣ ចលនា​ប្រឆាំង​ជនជាតិ​ហៃ​ទី ជាច្រើន ទម្រង់​បានកើត​ឡើង​គឺមាន​ទាំង​ក្រុមគាំទ្រ ឯករាជ្យភាព​ដូ​មី​និក​, ក្រុមគាំទ្រ​អេ​ស្ប៉ា​ញ , ក្រុមគាំទ្រ​អង់គ្លេស , ក្រុមគាំទ្រ​បារាំង និង ក្រុមគាំទ្រ​អាមេរិក បាន​រួបរួមគ្នា​ជា​បន្តបន្ទាប់ ដើម្បី​ប​ណ្តេ​ប្រធានាធិបតី បូ​យើ​រ៍ ចេញពី​អំណាច ហៃ​ទី ។​

សាធារណរដ្ឋ ដូ​មី​និក លេចឡើង​
កាលពី​ឆ្នាំ​១៨៣៨ លោក ហ្សួ​ន ផា​ប្លូ ដួ​តេ និង​បក្ខពួក បាន​បង្កើត​ក្រុម​សង្គម​សម្ងាត់​មួយ ឱ្យ​ឈ្មោះថា La Trinitaria ដើម្បី​ស្វែងរក​ឯករាជ្យភាព​រប​ស់ Santo Domingo ប៉ុន្តែ​ដោយ​មិនពឹង​ផ្អែកលើ​ការជួយ​អន្តរាគមន៍​បរទេស ។ មនុស្ស​ដ៏​សកម្ម និង​សំខាន់​ផ្សេងទៀត​ក្នុង​ចលនា ឯករាជ្យ​នេះ គឺ​លោក Matías Ramón Mella និង លោក Francisco del Rosario Sánchez ទោះជា​អ្នក​ទាំង ២ មិនមែនជា​សមាជិក​ស្ថាបនិក​ក្រុង​ម La Trinitaria ក៏ដោយ ។

​ទីបំផុត នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​១៨៤៤ ក្រុម La Trinitaria បានប្រកាស​ឯករាជ្យ បង្កើត សាធារណរដ្ឋ​ដូ​មី​និក ដោយ​ជោគជ័យ ហើយ​រដ្ឋធម្មនុញ្ញ នៃ​សាធារណរដ្ឋ​ថ្មី​នេះ ត្រូវបាន អនុម័ត នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​១៨៤៤ ដដែល​នោះ ។​

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ដូ​មី​និក ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ​ដើម្បី​រំឭក​ដល់ ព្រឹត្តិការណ៍ នេះឯង ។​

​ប៉ុន្តែ​រដ្ឋាភិបាល​ហៃ​ទី មិន​ទទួលស្គាល់​ឯករាជភាប​របស់​សាធារណរដ្ឋ​ដូ​មី​និក​ទេ ហើយ​ចាត់ ទុក​ថា អ្នក​ប្រកាស​បង្កើត​សាធារណរដ្ឋ​ដូ​មី​និក​នោះ គឺជា​ជន​ក្បត់ជាតិ ដែលជា​គោលដៅ កម្ទេច ។ សាធារណរដ្ឋ​ដូ​មី​និក​ដ៏​ថ្មីថ្មោង ពោ​ពេញ​ទៅដោយ​ក្តី​លំបាក​វេទនា ផ្នែក​សេដ្ឋកិច្ច អំពើហិង្សា​ចំពោះ​ជន​ស៊ីវិល និង​ក្នុង​ផ្នែក​នយោបាយ បក្ខពួកនិយម រដ្ឋាភិបាល​ត្រូវបាន ផ្លាស់ប្តូរ​ជា​ញឹកញាប់ អ្នកនយោបាយ​ប្រឆាំង ត្រូវបាន​ចាប់​ដាក់ ពន្ធនាគារ ឬ​និរទេស និង រង​អំពើហិង្សា​ដោយ​ប្រការ​ផ្សេងៗ ។​

​កងទ័ព​ហៃ​ទី បាន​ចូល​ឈ្លានពាន សាធារណរដ្ឋ​ថ្មី​នេះ ជាច្រើនលើក​ច្រើនគ្រា គឺ​នៅ​ឆ្នាំ ១៨៤៤, ១៨៤៥-១៨៤៩ , ១៨៤៩-១៨៥៥ និង ដល់​ឆ្នាំ ១៨៥៦ ។ រហូតដល់​ឆ្នាំ ១៨៧៤ ទើប ហៃ​ទី ទទួលស្គាល់​ឯករាជ្យភាព របស់​សាធារណរដ្ឋ​ដូ​មី​និក ។​

​ពេលខ្លះ ក៏មាន​អ្នកកាន់អំណាច និង​ក្រុម​អ្នកនយោបាយ​ខ្លះ ចង់​រំលាយ​ដូ​មី​និក​ចូល​ជាមួយ ហៃ​ទី​វិញ ខណៈ​អ្នកខ្លះ​ចង់​ដាក់​ដូ​មី​និក ទៅ​ក្រោម​អាណានិគម​បរទេស ដូចជា​អាណានិគម អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក ជាដើម រហូដ​ល់​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៨៨០ ទើប​សន្តិភាព​កើត មាន​លើ​ទឹកដី សាធារណរដ្ឋ ដូ​មី​និក ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

រូបសំណាក លោក ហ្សួ​ន ផា​ប្លូ ដួ​តេ បិតា​ស្ថាបនិក សាធារណរដ្ឋ ដូ​មី​នី​ក
ទីក្រុង សាន់​ដូ​ម៉ាំង នៃ សាធារណរដ្ឋ ដូ​មី​នី​ក