(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាពលរដ្ឋក្រិក ប្រារព្ធទិវាឯករាជ្យជាតិ របស់ពួកគេ នៅថ្ងៃទី ២៥ ខែមីនា ដើម្បីរំឭកដល់ថ្ងៃ ដែលពួកគេងើបបះបោរ ប្រឆាំងនឹងការត្រួតត្រារបស់ចក្រភព អូតូម៉ង់ កាលពីឆ្នាំ១៨២១ ដែលទីបំផុត ពួកគេអាចបង្កើតបានជាសាធារណរដ្ឋក្រិក ឯករាជ្យ នៅឆ្នាំ១៨៣០ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ៖
សាធារណរដ្ឋ ក្រិក មានផ្ទៃដី ១៣១.៩៥៧ ម៉ែត្រក្រឡា ស្ថិតនៅផ្នែកខាងត្បូង នៃ តំបន់ ឧបទ្វីបបាល់កង់ ភាគអាគ្នេយ៍នៃអឺរ៉ុប ឬ ស្ថិតនៅចំកន្លែងទីខ្វែង នៃ អឺរ៉ុប អាស៊ី និង អាហ្វ្រិក មានព្រំដែនគោកជាប់នឹប្រទេស អាល់បានី ម៉ាស៊ីដូនា ប៊ុលហ្គារី និង តួកគី ។ នៅឆ្នាំ ២០១៧ មានប្រជាពលរដ្ឋ ជាង ១១ លាននាក់ ភាគច្រើន ជាអ្នកកាន់សាសនាមូស្លីម និង គ្រិស្ត ភាសាផ្លូវការ គឺភាសាក្រិក រដ្ឋធានីគឺទីក្រុងអាតែន ។ ក្រិកមានឆ្នេរសមុទ្ទ ល្អាងសមុទ្ទ ម៉េឌីទែរ៉ាណេ ប្រវែង១៣.៦៧៦ គីឡូម៉ែត្រ ។
ប្រវត្តិសាស្ត្រ-ធ្លាក់ក្នុងដៃរ៉ូម៖
ពិភពលោក បានស្គាល់ថា ក្រិកធ្លាប់ជាប្រទេស ដ៏មានអរិយធម៌ខ្ពង់ខ្ពស់ ។ ក្រិក សម្បូរ ទៅដោយអ្នកប្រាជ្ញទស្សនវិជ្ជា ។ ប្រតិទិន ហ្ក្រេហ្គោរាន ដែលជាប្រតិទិនសកល នាពេលបច្ចុប្បន្ន ក៏ជាការបង្កើតឡើង ដោយអ្នកប្រាជ្ញ ក្រិក ដែរ ។
រ៉ូម ត្រូវបានបង្កើតជារដ្ឋ មុនដំបូងនៅឆ្នាំ៧៥៣ មុនគ្រិស្តសករាជ ដោយប្រកាន់យករបប រាជានិយម។ លុះដល់ប្រមាណជា ៥០០ មុនគ្រិស្តសករាជ របបរាជានិយមត្រូវបានប្តូរ ទៅជារបបសាធារណរដ្ឋ ។ ទាំងរាជាណាចក្ររ៉ូម ក៏ដូចជា សាធារណរដ្ឋរ៉ូមតែងតែធ្វើ សង្គ្រាមពង្រីកទឹកដី ឥតឈប់ឈរ ។ ទឹកដីក្រិក បានក្លាយជាផ្នែកមួយ នៃសាធារណរដ្ឋរ៉ូម នៅ ១៦៨ ឆ្នាំ មុនគ្រិស្តសករាជ ។
គិតត្រឹមសតវត្សរ៍ទី ២ មុនគ្រិស្តសករាជ តំបន់នៅជុំវិញសមុទ្ទ ម៉េឌីទែរ៉ាណេ ទាំងមូល ធ្លាក់ក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូមទាំងអស់ ។ ពេលនោះ ចក្រភពរ៉ូមគ្មានសត្រូវណា មកខាងក្រៅ ហ៊ានងើបមុខតទល់ ឬប៉ះពាល់ឡើយ ។ ប៉ុន្តែ រ៉ូមមានទំនាស់ផ្ទៃក្នុងជាបន្តបន្ទាប់ ។ សាធារណរដ្ឋ ត្រូវបានផ្លាស់ប្តូរទៅជា ចក្រភពរ៉ូម នៅ ២៧ ឆ្នាំ មុនគ្រិស្តសករាជ ។
ចក្រភព រ៉ូម៉ាំង ត្រូវបានបែងចែកជា ២ ផ្នែក នាឆ្នាំ ៣៩៥ គឺ ចក្រភព រ៉ូមខាងលិច និង ចក្រភពរ៉ូម ខាងកើត ឬ ចក្រភព ប៊ីហ្សង់តាំង ។ ចក្រភព រ៉ូមខាងលិច មានរាជធានីទីក្រុង រ៉ូម ប្រទេស អ៊ីតាលី បច្ចុប្បន្ននេះ បានរលាយបាត់រូបទៅជានគរតូចៗ ចំណែក រ៉ូម ខាងកើត ឬ ចក្រភព ប៊ីហ្សង់តាំង មានរាជធានី ឈ្មោះ កង់ស្តង់ទីណូប នៅតែរក្សាបាននូវអត្ថិភាព ។ ឆ្នាំ ៤៦៧ នៃគ្រិស្តសករាជ ចក្រភពរ៉ូម បានដួលរលំ ។ ទឹកដីក្រិក ស្ថិតក្នុងផ្នែកមួយ នៃចក្រភព ប៊ីហ្សង់តាំង ឬ ចក្រភពរ៉ូម ខាងកើតនោះឯង ។
ធ្លាក់ក្នុងដៃចក្រភពអូតូម៉ង់ និងចលនាប្រឆាំង៖
ការលេចឡើងនូវចក្រភព អូតូម៉ង់ ( តួកគី ) ដែលជាមហាអំណាចឮមូស្លីមបានពើបសង្គ្រាម ជាមួយចក្រភព ប៊ីហ្សង់តាំង ជាបន្តបន្ទាប់ ។ ទីបំផុត ឆ្នាំ១៤៥៣ រាជធានី កុងស្តង់ទីណូប របស់ចក្រភព ប៊ីហ្សង់តាំង បានដួលរលំក្រោមការវាយលុករបស់ចក្រភពអូត៉ូម៉ង់ ។ ពេលនោះ ក្រិក បានក្លាយជាផ្នែកមួយ នៃចក្រភព អូតូម៉ង់ វិញម្តង ។
បញ្ញាជនក្រិកមួយចំនួន ដែលបានភៀសខ្លួន ទៅប្រទេសលោកខាងលិច នៅមុន ឬនៅក្នុង អំឡុង នៃការលុកលុយរបស់ចក្រភពអូតូម៉ង់ ទៅលើទឹកដីក្រិក ក្នុងនោះមានដូចជា ដេម៉េទ្រើស ឆាលកូកូនឌីឡេស និងលោក ឡេអូនាដូស ហ្វ៊ីឡារ៉ាស ជាដើមបានចាប់ផ្តើមអំពាវ នាវរកសេរីភាព សម្រាប់មាតុប្រទេសរបស់ពួកគេ ។
លោក Demetrius Chalcondyles បានអំពាវនាវសុំជំនួយពីសាធារណរដ្ឋ វេនីស និង ជនឡាតាំង ទាំងអស់ថា “សូមជួយដល់ប្រជាជនក្រិក ដើម្បីប្រឆាំងនឹងជនជាតិទួកគី (អូតូម៉ង់) ដ៏ឃោឃៅព្រៃផ្សៃ គួរឱ្យស្អប់ខ្ពើម និងគួរឱ្យខ្លាចយ៉ាងក្រៃលែង “ ។
ពេញទាំងសតវត្សរ៍ទី១៧ មានការប្រឆាំងនឹងការត្រួតត្រារបស់ចក្រភពអូតូម៉ង់យ៉ាងខ្លាំងក្លា ជាពិសេសនៅតំបន់ភាគខាងកើត នៃប្រទេសក្រិក ហើយក្នុងនោះមានចលនាបះបោរមួយ ដឹកនាំដោយទស្សនវិទូម្នាក់ គឺលោក ឌីអូនីស៊ើស ។
ទីបំផុតនៅឆ្នាំ ១៦៨៤ មានសង្គ្រាម រវាងសាធារណរដ្ឋ វេនីស និង ចក្រភពអូតូម៉ង់ តួកគី បានផ្ទុះឡើងនៅតំបន់ម៉ូរា ។ ពេលនោះ ចក្រភពអូតូម៉ង់កំពុងជាប់ដៃនឹងសង្គ្រាមជាមួយ ពួកអូទ្រីស ទីបំផុតនៅឆ្នាំ ១៦៩៩ ជ័យជម្នះ ក៏ធ្លាក់ទៅលើសាធារណរដ្ឋ វេនីស ។
ប៉ុន្តែពេលចប់សង្គ្រាម ជនជាតិក្រិក ដែលបានដុតដៃដុតជើងជួយពួកវេនីសដណ្តើមយក ជ័យជម្នះពីអូតូម៉ង់ ដោយស្មានថា ពេលឈ្នះសង្គ្រាម នឹងបានទឹកដីរបស់ខ្លួនមកវិញនោះ បានជួបការខកចិត្តយ៉ាងឥតឩបមា ដ្បិតតំបន់ Peloponnese ភាគអាគ្នេយ៍នៃប្រទេស ដែលទើបដណ្តើមបានពីអូតូម៉ង់នោះ ពួកវេនីស មិនបានប្រគល់ឱ្យជនជាតិក្រិកវិញឡើយ គឺពួកវេនីស បានយកទៅត្រួតត្រា ដោយខ្លួនឯងបន្តពីអូតូម៉ង់ ។ ក្រៅពីនោះ ទឹកដីភាគច្រើន ស្ថិតក្រោមគ្រប់គ្រងរបស់ អូតូម៉ង់ ដដែល ។
ក្នុងបំណងបន្ថយអំណាចរបស់ចក្រភពអូតូម៉ង់ និងដើម្បីបង្កើតរដ្ឋក្រិក ឯករាជ្យមួយដែល គាំទ្រ រុស្ស៊ី នោះ មន្ត្រីទូតរុស្ស៊ីជាច្រើនរូប ត្រូវបានបញ្ជូនទៅកាន់តំបន់ឧបទ្វីប Mani នៅពាក់កណ្តាលទសវស្សរ៍ ១៧៦០ ដើម្បីបង្កើតកតិកាសញ្ញា ជាមួយពួកមេដឹកនាំ ដែលមានកម្លាំងយោធាខ្លាំងៗ នៅក្នុងប្រទេសក្រិក នាយុគនោះ ។
ដោយហេតុនោះ នៅឆ្នាំ ១៧៦៩ សង្គ្រាមដ៏ធំមួយ រវាងចក្រភពអូតូម៉ង់ និង ពួកជនជាតិរុស្ស៊ី ក៏បានឆាបឆេះឡើង នៅលើទឹកដីប្រទេសក្រិក ប៉ុន្តែជ័យជម្នះ ធ្លាក់ទៅលើពួកអូតូម៉ង់ ហើយពួកគេ បន្តត្រួតត្រា ក្រិក តទៅទៀត ។
សង្គ្រាមរវាងជនជាតិក្រិកប្រឆាំងនឹងអូតាម៉ង់ នៅតែបន្តចាញ់ឈ្នះគ្នាទៅវិញទៅមក ជាហូរហែ ហើយក៏មានជនជាតិក្រិកខ្លះ សោយសុខនឹងតំណែងសំខាន់ៗនៅលើទឹកដីរបស់ខ្លួន ក្រោមការត្រួត្រារបស់ចក្រភពអូតូម៉ង់ តួកគី ដែរ ។
ចាប់ពីសតវត្សរ៍ទី១៨ ទៅ ទើបសមាជិកគ្រួសារអភិជនក្រិកសំខាន់ៗ នៅតំបន់ កុងស្តង់ទី ណូប ដណ្តើមបានសិទ្ធិកាន់កាប់ គួរឱ្យកត់សម្គាល់ ទៅលើនយោបាយការបរទេសពី អូតូម៉ង់ ហើយទីបំផុត ក៏ដណ្តើមអំណាច នៅតំបន់នោះទាំងស្រុង ។
នៅសតវត្សរ៍ទី១៨ នោះ ជនជាតិក្រិក ច្រើនឡើងៗ បានធ្វើជំនួញ នៅក្រៅប្រទេស ហើយបាន នាំនូវទ្រព្យសម្បត្តិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅប្រទេសរបស់ខ្លួន។ តាមរយៈជីវភាពធូរធា ជាងមុននោះ ពួកគេបានកសាងសាលារៀន បណ្ណាល័យ និងចំណាយឱ្យយុវជនសិក្សា នៅតាមសកលវិទ្យាល័យនានា នៅប្រទេសអឺរ៉ុបខាងលិច។ ពេលនោះឯងហើយ ដែលពួកអ្នកសិក្សាទាំងនោះ បានទទួលមនោគមវិជ្ជា រ៉ាឌីកាល់ អឺរ៉ុប ដូចជាបដិវត្តន៍បារាំង និងចលនាជាតិនិយម ។
ពួកអ្នកមានការអប់រំខ្ពង់ខ្ពស់ និងមានឥទ្ធិពលទាំងនោះ បាននាំយកទស្សនៈទាំងនោះ ត្រឡប់ទៅមាតុប្រទេសរបស់ពួកគេ ក្នុងបំណងលើកកម្ពស់ការសិក្សារបស់ពួកគេ និងពង្រឹង អត្តសញ្ញាណជាតិរបស់ពួកគេផង ហើយទស្សនៈជាតិនិយមនោះ ក៏បានរីកសាយតាមរយៈ ការនិពន្ធ និងបោះពុម្ពជាសៀវភៅជាដើម ដែលក្នុងនោះពណ៌នា ក្នុងក្របខណ្ឌថា ពន្លឺនៃ ក្រិកទំនើប ។
នៅយុគនោះ មានបញ្ញាវ័ន្ត និងអ្នកនិពន្ធក្រិកដ៏ចំណានៗជាច្រើន ហើយអ្នកនិពន្ធដែលមាន ឥទ្ធិពលបំផុត គឺលោក រីហ្កាស ហ្វេរ៉ាយអូស គឺជាមនុស្សផ្តួចផ្តើម និងចាត់ចែងចលនាជាតិ និយមមុនគេ ដើម្បីទាមទាររកសេរីភាព សម្រាប់ជាតិសាសន៍នៅតំបន់បាល់កង់ទាំងអស់ ដោយរួមទាំងតំបន់ក្រោមការត្រួតត្រារបស់តួកគីផង ហើយចង់បង្កើតសាធារណរដ្ឋ បាល់កង់ ។
ដើម្បីសម្រេចបំណងរបស់គាត់ លោក រីហ្កាស ក៏មានទំនាក់ទំនង ជាមួយព្រះចៅ ណាប៉ូឡេអុង បារាំង និងឩត្តមសេនីយ៍យោធា អ៊ីតាលី ទៀតផង ធ្វើឱ្យពួកអូតូម៉ង់ មិនសប្បាយចិត្តយ៉ាងខ្លាំង ហើយនៅពេលគាត់ និងសហការី កំពុងធ្វើដំណើរទំនាក់ទំនងនោះ មិត្តរបស់គាត់ម្នាក់ ដែលជាអ្នកជំនួញជនជាតិក្រិក បានក្បត់គាត់ដោយលួចឯកសាររបស់ គាត់ ធ្វើឱ្យបេសកកម្មសម្ងាត់របស់គាត់ ត្រូវបែកធ្លាយ ។ ដោយហេតុនោះ លោក រីហ្កាស និង សហការី ត្រូវបានអាជ្ញាធរអូទ្រីស ចាប់ខ្លួន ហើយប្រគល់ទៅឱ្យមន្ត្រីត្រួតត្រាអូតូម៉ង់ នៅឆ្នាំ ១៧៩៧ ហើយបញ្ជូនទៅទីក្រុង បែលក្រាដ ដាក់ពន្ធនាគារ និងធ្វើទារុណកម្ម យ៉ាងធ្ងន់ធ្ងរ ។
នៅខែមិថុនា ឆ្នាំ១៧៩៨ ពួកវិរបុរសស្នេហាជាតិក្រិកទាំងនេះ ត្រូវបានមន្ត្រី អូតូម៉ង់ បញ្ជូនទៅកាត់ទោសនៅឯទីក្រុងកុងស្តង់ទីណូប ប៉ុន្តែខណៈបញ្ជូនទៅទីនោះ ពួកអូតូម៉ង់ បារម្ភខ្លាចក្រែង ពួកអ្នកទោសទាំងនេះ ត្រូវបានគេដណ្តើមយកនោះទើបពួកគេសម្រេចចិត្ត កាត់ទោសព្យួរ ក ប្រហារជីវិតអ្នកទាំងអស់នោះ ហើយបោះចោលសាកសពរបស់ពួក គេក្នុងទន្លេ ដានូប ។
ហេតុការណ៍នេះ ធ្វើឱ្យកក្រើកបេះដូង ជនជាតិក្រិកទូទាំងប្រទេស ក្នុងនោះមានអ្នកជំនួញ វ័យក្មេងបីនាក់ គឺ Nikolaos Skoufas លោក Emmanuil Xanthos និង Athanasios Tsakalov ហើយនៅឆ្នាំ១៨១៤ ពួកគេបានបង្កើតសមាគមពាណិជ្ជកម្មសម្ងាត់មួយ ឈ្មោះ Filiki Eteria នៅទីក្រុង អូសេស្សា (បច្ចុប្បន្ន ទីក្រុងធំទីបី របស់អ៊ុយក្រែន) ដែលជា មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ របស់ឈ្មួញជនជាតិក្រិក។
ដោយមាការគាំទ្រពីជនជាតិក្រិក ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើន នៅសហគមន៍និរទេស នានា នៅប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក និង ដោយមានជំនួយពីពួកអ្នកមានចិត្ត ផ្សេងៗទៀតនោះ ពួកឈ្មួញវ័យក្មេងទាំងបីរូបនោះ បានរៀបចំផែនការឩទ្ទាមកម្មប្រឆាំង នឹងអូតូម៉ង់ នៅលើទឹកដីក្រិក ។
នៅឆ្នាំ១៨២១ ចក្រភពអូតូម៉ង់ បានប្រឈមសំខាន់ នឹងសង្គ្រាមជាមួយជនជាតិ ពែក ( បច្ចុប្បន្ន អ៊ីរ៉ង់ ) និងការបះបោរមួយចំនួន កើតច្របូកច្របល់ នៅតំបន់ម៉ូរា ។ ក្នុងបរិបទនោះ ជនជាតិក្រិក បានចាប់ផ្តើមនាំគ្នា មើលឃើញថា វាគឺជាពេលវេលាទុំជោរសម្រាប់បដិវត្តន៍ របស់ពួកគេហើយ ហើយគម្រោងបដិវត្តន៍នោះ បានចាប់ផ្តើមដំបូង នៅទីក្រុង Peloponnese នៅ Danubian Principalities និង កុងស្តង់ទីណូប ។
ពួកអ្នកមានទ្រព្យជនជាតិក្រិក ដែលភៀសខ្លួនទៅនៅបរទេស បានផ្តល់ប្រាក់ជាច្រើនដល់ ចលនាបដិវត្តន៍ក្នុងប្រទេសក្រិក ។ នៅឯអឺរ៉ុប ឯណោះ ការបះបោរបស់ក្រិកបានកើតឡើង រីករាលដាល នៅក្នុងចំណោមពួកមហាជន ហើយនៅឆ្នាំ១៨២២ ពួកអូតូម៉ង់បានបើកការ សម្លាប់រង្គាល ទៅលើជនស៊ីវិលក្រិក នៅកោះ Chios ។
ជាមនុស្សនៅក្នុងគ្រួសារអភិជនក្រិក និងជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់ រុស្ស៊ី នៅខែ មេសា ឆ្នាំ១៨២០ លោក អាឡិចសាន់ឌឺរ៍ អ៊ីបស៊ីឡានទីស ត្រូវបានជ្រើសរើសជាមេដឹកនាំរបស់ សមាគមពាណិជ្ជកម្មសម្ងាត់ Filiki Eteria ។
លោក អាឡិចសាន់ឌឺរ៍ បានដើរប្រមែប្រមូលពួកអ្នកជឿគ្រិស្តសាសនា នៅក្នុងប្រទេសក្រិក និងប្រទេសរ៉ូម៉ានី (ដែលពួកអូតូម៉ង់ មិនសូវផ្តល់សេរីភាពឱ្យ) ឱ្យចូលរួមជាមួយគាត់ ហើយគាត់បានប្រកាសថា គាត់មានការគាំទ្រពីប្រទេសមហាអំណាច ដែលទំនងជាគាត់ ចង់និយាយថា ប្រទេសរុស្ស៊ី ។ នៅទីក្រុង ចាស្ស៊ី នៃប្រទេស ម៉ុលដូវី លោក អាឡិចសាន់ឌឺរ៍ បានចេញសេចក្តីអំពាវនាវ ជាសារធារណៈឱ្យជនជាតិក្រិកទាំងអស់ និងអ្នកកាន់សាសនា គ្រិស្ត ក្រោកឈរប្រឆាំងនឹងអូតូម៉ង់ (មូស្លីម) ដែលកំពុងត្រួតត្រាក្រិក។ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី បានផ្ញើលិខិតមួយច្បាប់ ទៅលោក អ៊ីបស៊ីឡាន់ទីសហើយថាគាត់ប្រើប្រាស់ អំណាចខុស ហើយឈ្មោះគាត់ ត្រូវបានផ្អាក នៅក្នុងជួរកងទ័ពរុស្ស៊ី ហើយតម្រូវឱ្យគាត់ ទម្លាក់អាវុធ ។
លោក អ៊ីបស៊ីឡាន់ទីស មិនអើពើនឹងលិខិតបង្គាប់នោះឡើយ ទើបមានទំនាស់កើតឡើង នៅក្នុងបន្ទាយ Eteria របស់គាត់ ហើយគាត់ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងបន្ទាយ នោះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៨២០ នោះប៉ុន្តែគាត់បានត្រូវបានអមដំណើរដោយប្អូនប្រុស របស់គាត់ និងបរិវារគេចខ្លួនទៅតំបន់ Râmnicu Vâlcea ហើយត្រូវបាន អូតូម៉ង់ ចាប់ឃុំឃាំង អស់រយៈពេល ៧ ឆ្នាំ ដោយបន្សល់ទុកនូវភាពអនាធិបតេយ្យ កាប់សម្លាប់ លួចប្លន់ ពាសពេញអាណាចក្រអូតូម៉ង់ ។
ចលនាបះបោរ និង បដិវត្តន៍ ២៥ មីនា៖
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៨២១ សង្គ្រាមរវាងពួកអ្នកតំបន់ឧបទ្វីប Mani ភាគអាគ្នេយ៍ នៃទីក្រុង Peloponnese ប្រឆាំងជនជាតិតួកគី បានផ្ទុះឡើង ។ កងទ័ព ២.០០០នាក់របស់ តំបន់ Mani បានធ្វើដំណើរ ទៅចូលរួមជាមួយកងទ័ពក្រិកដទៃទៀតហើយបានជួបជុំគ្នា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំដដែល ។
គិតត្រឹមដំណាច់ខែមីនានោះ កងទ័ពជនជាតិក្រិក បានគ្រប់គ្រងតំបន់ជនបទ នៃ ទីក្រុង Peloponnese បានទាំងស្រុង។ ចំណែកកងទ័ពតួកគី រក្សាបានតែប៉ម និង បន្ទាយប៉ុណ្ណោះ ។ ទីបំផុតទីក្រុង ទ្រីបូលីតសា ជាទីប្រជុំជនកណ្តាល នៃទីក្រុង Peloponnese ត្រូវបាន កងទ័ពបះបោរក្រិក ត្រួតត្រាបាន នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំដដែលនោះ ។ បន្ទាប់ពីការ ចរចាដ៏វែងឆ្ងាយមក កងទ័ពតួកគី បានព្រមចុះចាញ់ នៅឯតំបន់ Actrocorinth នាថ្ងៃទី១៤ ខែ មករា ឆ្នាំ១៨២២ ។
ពេលនោះ តំបន់ដទៃទៀត ក៏ចាប់ផ្តើមបះបោរដែរ គឺក្រិកភាគកណ្តាល បះបោរនៅថ្ងៃទី២៤ ខែមីនា ។ ថ្ងៃទី២៥ ខែមីនា ឆ្នាំ១៨២១ នោះ ជនជាតិក្រិក Peloponnese បានលើក ទង់បដិវត្តន៍ ហើយស្រែកពាក្យស្លោកថា “ សេរីភាព ឬ ស្លាប់ “ ។ ពាក្យស្លោកនេះ បានក្លាយជាទង់បដិវត្តន៍ជនជាតិក្រិក យ៉ាងរាលដាលទៅតំបន់ផ្សេងៗទៀត ក្នុងនោះនៅតំបន់ សាឡូណា នៅថ្ងៃទី២៧ ខែមីនា ។ នៅតំបន់ Boeotia និងតំបន់ Livadeia កងទ័ពក្រិក កាន់កាប់នៅថ្ងៃទី ៣១ ខែមីនា ហើយពីរថ្ងៃក្រោយមក កងទ័ពក្រិកដណ្តើមបានតំបន់ Thebes ទៀត ។
នៅពាក់កណ្តាលខែមេសា ឆ្នាំ១៨២២ នោះ កងទ័ពបដិវត្តន៍ក្រិក បានចូលដល់ទីក្រុង អាតែន រុញច្រានឱ្យកងទ័ពរបស់តួកគី ចាកចេញទៅតំបន់ Acropolis វិញ ។ ការបះបោរនៅតំបន់ Missolonghi កាលពីថ្ងៃទី២៥ ខែមីនា ក៏បានរីករាលដាលទៅទីក្រុងផ្សេងៗទៀត នៃ ភាគខាងលិច ប្រទេសក្រិក យ៉ាងឆាប់រហ័យដែរ។
ប៉ុន្តែជោគជ័យនោះ ពុំបានយូរអង្វែងឡើយ ដោយពួកគេបានចាញ់សង្គ្រាមជាបន្តបន្ទាប់ នៅតំបន់ Alamana និង តំបន់ Eleftherohori ពេលប្រយុទ្ធជាមួយកងទ័ពអូតូម៉ង់ ដឹកនាំដោយមេទ័ព Omer Vrioni ។
បន្ទាប់មក មេទ័ព Omer Vrioni របស់អូតូម៉ង់ បានផ្អាកការដណ្តើម យកតំបន់ Peloponnese វិញ ដោយរង់ចាំកងទ័ពតួកគីផ្សេងទៀត មកបង្រួមចូលគ្នាសិន ។ ពេលនោះគាត់បែរជាលុកលុយ និងកាន់កាប់ទីក្រុង Livadeia បានជោគជ័យ នៅពាក់ កណ្តាល ខែ មិថុនា និងទីក្រុងអាតែន ហើយបន្តឡោមព័ទទីក្រុង Acropolis ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៨២១ កងទ័ពក្រិក ២.០០០ នាក់ បើកការវាយដណ្តើម កាន់កាប់សមរភូមិ Vassilika ជាផ្លូវយុទ្ធសាស្ត្រកងទ័ពតួកគី ។ គិតត្រឹមដំណាច់ឆ្នាំ១៨២១ នោះ កងទ័ពបដិវត្តន៍ក្រិក បានឈរជើងនៅក្រិកកណ្តាល ហើយបានបង្កើតជារដ្ឋាភិបាល បដិវត្តន៍ក្រិក ហើយសង្គ្រាមរវាងកងទ័ពបដិវត្តន៍ក្រិក ដែលមានតែឆន្ទៈពុះកញ្ជ្រោល ប៉ុន្តែពុំសូវខ្លាំងខាងការដឹកនាំ និងការចាត់ចែង និងកងទ័ពចក្រភព អូតាម៉ង់នៅតបន្តគ្រប់ ទិសទីទូទាំងប្រទេស ។
បដិវត្តន៍ស្ទើររលាយរលត់៖
ពេលនោះ ស៊ុលតង់ ម៉ាហមូដ ទី២ (Sultan Mahmud II ) របស់ចក្រភពអូតូម៉ង់ បានស្វែងរកជំនួយពីស្តេច មូហាម៉ាដ់ អាលី នៃប្រទេសអេហ្ស៊ីប ហើយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ១៨២២ កប៉ាល់ចំបាំង ៣០ គ្រឿងរបស់អេហ្ស៊ីប បានចូលដល់ទឹកដីក្រិកក្នុងបំណង កំចាត់ក្រុមឩទ្ទាមដែលជាចលនាតស៊ូរបស់ក្រិក ហើយកងទ័ពអេហ្ស៊ីបទាំងនោះបានដុត បំផ្លាញភូមិស្រុកពាសពេញតំបន់ ។
ខែកុម្ភៈ ឆ្នាំ១៨២៣ រាជសុណិសា (កូនប្រសា) របស់ស្តេចអេហ្ស៊ីបបានដឹកនាំទ័ពចូលរួម ជួយតួកគី ដោយមានកងទ័ព ១២.០០០ នាក់ គាំទ្រដោយកាំភ្លើងធំ ។ លុះដល់ត្រឹមរដូវផ្ការីក ឆ្នាំ១៨២៤ រាជសុណិសា អេហ្ស៊ីប និងតួកគីបានធ្វើឱ្យកងទ័ពតស៊ូរបស់ក្រិកនៅមាន ទីតាំងតែប៉ុន្មានប៉ុណ្ណោះ ដែលបានសេចក្តីថា កងទ័ពបដិវត្តន៍ក្រិកស្ទើរតែដល់ទីអវសាន ទៅហើយ ។
ពីជិតក្ស័យ ទៅជារដ្ឋស្វយ័ត និងរដ្ឋឯករាជ្យ៖
ប៉ុន្តែនៅអំឡុងឆ្នាំ ១៨២៥ មានពួកមហាអំណាចអឺរ៉ុប ចំនួនបី ក្នុងនោះគឺ អង់គ្លេស រុស្ស៊ី និង បារាំង បានចូលខ្លួនទៅអន្តរាគមន៍ នៅក្នុងសង្គ្រាមបដិវត្តន៍ ជនជាតិក្រិក និង ចក្រភពអូតូម៉ង់ ដែលកំពុងត្រួតត្រាក្រិក ។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៨២៨ អគ្គរាជទូតអង់គ្លេស រុស្ស៊ី និង បារាំងបានជួបពិភាក្សាគ្នា នៅក្នុងកោះប៉ូរ៉ូស ដើម្បីរៀបចំពិធីសារបង្កើតរដ្ឋស្វយ័តមួយ ដែលជាដែនដីកំពុងគ្រប់គ្រង របស់អូតូម៉ង់ ហើយលទ្ធភាពដែលអាចធ្វើបែបនោះ បានមានត្រឹមតែកោះ Cyclades កោះ Sporades កោះ Samos និង Crete ប៉ុណ្ណោះ ។ យោងតាមលទ្ធផលពិធីសារនោះ សន្និសីទនៅទីក្រុងឡុងដ៍ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៨២៩ បានទទួលយកសំណើគម្រោង បង្កើតរដ្ឋក្រិកស្វយ័តនោះ ។
តួកគី ពិតជាមិនចង់ឃើញប្រទេសក្រិក ទៅជាបែបនោះឡើយ ប៉ុន្តែដោយសារសម្ពាធពីរុស្ស៊ី នៅទីបំផុត ចក្រភពអូតូម៉ង់ ព្រមទទួលយកលទ្ធផល នៃសន្និសីទទីក្រុងឡុងដ៍នោះ ។ ភ្លាមៗ បន្ទាប់ពីនោះទៅ អង់គ្លេស និង បារាំង ឃើញថា អំណាចរបស់រុស្ស៊ី នៅក្នុងរដ្ឋក្រិកថ្មីនោះ ឡើងខ្លាំងណាស់ ក៏បានផ្តួចផ្តើមគំនិតមួយឡើងនោះ គឺការបង្កើត “រដ្ឋក្រិកឯករាជ្យ “ ។
រុស្ស៊ី មិនពេញចិត្តនឹងការផ្តួចផ្តើមនោះសោះឡើយ ប៉ុន្តែមិនអាចបដិសេធបានក៏ព្រមទទួល យកគំនិតនោះ ហើយទីបំផុតមហាអំណាចទាំងបីបានព្រមព្រៀងគ្នាបង្កើតរដ្ឋក្រិកឯករាជ្យ មួយ ដែលស្ថិតនៅក្រោមការការពារបស់ពួកគេទាំងបី ហើយបានបញ្ចប់ពិធីសារនោះ នៅថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ១៨៣០ ។
នៅក្រោមពិធីសារ ថ្ងៃទី៧ ខែឩសភា ឆ្នាំ១៨៣២ ដោយមានការការពារពីមហាអំណាច អឺរ៉ុបទាំងបីនោះ ក្រិក ត្រូវបានកំណត់ថា ជារដ្ឋរាជានិយម និងឯករាជ្យ ប៉ុន្តែត្រូវចេញថ្លៃ សំណងមួយចំនួន ទៅឱ្យ អូតូម៉ង់។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៨៣២ អគ្គរាជទូតអង់គ្លេស តំណាងឱ្យមហាអំណាចទាំងបី បានជួបជាមួយតំណាងអូតូម៉ង់ ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែន របស់រាជាណាចក្រក្រិក ហើយព្រំដែននោះ ត្រូវបានបញ្ជាក់ឡើងវិញនៅក្នុងពិធីសារនៅទី ក្រុងឡុងដ៍ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ១៨៣២ នោះ ។
ដោយហេតុនេះ ប្រទេសក្រិក បានក្លាយជារដ្ឋឯករាជ្យ ពីចក្រភពអូតូម៉ង់ ដោយសារការតស៊ូ របស់ពួកគេ យ៉ាងច្រើនរបត់ ប៉ុន្តែដោយសារអេហ្ស៊ីប រួមដៃជាជំនួយដល់អូតូម៉ង់នោះ ធ្វើឱ្យកងទ័ពបដិវត្តន៍ក្រិក ឈានដល់ដំណាក់កាល ហៀបនឹងរលាយរលត់ទៅហើយ ជាកុសល ដោយមានមហាអំណាចអឺរ៉ុប ចំនួនបីគឺ រុស្ស៊ី អង់គ្លេស និង បារាំងចូលខ្លួន អន្តរាគមន៍ ទើប អូតូម៉ង់ បង្ខំចិត្តប្រគល់សិទ្ធិស្វយ័តទៅឱ្យក្រិក ហើយបារាំង និង អង់គ្លេស មិនចង់ឱ្យរុស្ស៊ីឡើងអំណាចខ្លាំងពេក នៅទីនោះ ទើបរកវិធីធ្វើរដ្ឋស្វយ័តក្រិកឱ្យទៅជារដ្ឋ ឯករាជ្យ វិញ ប៉ុន្តែប្រជាជនក្រិក ប្រារព្ធទិវាឯករាជ្យជាតិរបស់ខ្លួន ដើម្បីរំលឹកដល់ ការលើកទង់បដិវត្តន៍ ពួកគេ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ១៨២១ ឯណោះទេ ៕ ស្រាវជ្រាវប្រែសម្រួល: មេសា
ទីក្រុង អាតែន នៃ ប្រទេសក្រិក (ក្រិក ១)
ក្បួនព្យុហយាត្រា នៃ កងទ័ពក្រិក ( ក្រិក ២ , ក្រិក ៣)