ទិវា​ឯករាជ្យ​ជាតិ នៃ ប្រជាជន មី​យ៉ាន់​ម៉ា​

497
ចែករម្លែក

ភ្នំពេញ​៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា ដែល​បាន​ប្តូរ​ឈ្មោះ​មកពី​ភូមា ប្រារព្ធ ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​៤ ខែមករា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស ឯករាជ្យភាព​ពី​អង់គ្លេស កាលពី​ឆ្នាំ​១៩៤៨ ។ ប៉ុន្តែ​តាំងពី​បាន​ឯករាជ្យ​មកហើយ ភូមា ឬ មី​យ៉ាន់​ម៉ា មាន​ភាព​វឹក​ជាច្រើន នៅក្នុង​ប្រទេស ហើយ​ត្រូវបាន​កាន់កាប់ ដោយ​រដ្ឋាភិបាលយោធារ​ហូត​ដល់​ចុងឆ្នាំ ២០១៥ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា (​អតីត​ភូមា​) មាន​ផ្ទៃដី ៦៧៦.៥០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាស៊ីអាគ្នេយ៍ ជា​សមាជិក​មួយ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ អាស៊ាន មាន​ព្រំប្រទល់​ជាប់​ប្រទេស​បង់​ក្លា​ដេ​ស ចិន ឥណ្ឌា ឡាវ និង ថៃ ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៥៤ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ ភាសាផ្លូវការ គឺ​ភាសា ភូមា រដ្ឋធានី គឺ​ទីក្រុង​ណៃ​ពី​ដោ ប៉ុន្តែ​ទីក្រុង​ដែលមាន​ទំហំ ធំជាងគេ​បំផុត នៃ​ប្រទេស​នេះ​គឺ​ទីក្រុង​យ៉ាំង​ហ្គូ​ន ។ មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា ជាទី​អាណាចក្រ នៃ វត្ត​ព្រះពុទ្ធសាសនា ដោយសារ​ប្រទេស​នេះ មាន​វត្ត​ពុទ្ធសាសនា យ៉ាងច្រើន​មីរដេរដាស ។​
​ ​
ប្រវត្តិសាស្ត្រ​
​នៅ​ដើម​ទសវត្សរ៍ ឆ្នាំ​១៨២០ ក្រុមហ៊ុន British East India របស់​អង់គ្លេស (​ដែល​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល​អង់គ្លេស ឱ្យធ្វើ​សកម្មភាព​នៅ​អាស៊ី ហើយ​ក្រុមហ៊ុន នេះ មិនមែន​គ្រាន់តែ​ធ្វើ​ជំនួញ​មុខទំនិញ​ទេ ប៉ុន្តែ​ក៏មាន​កងទ័ព​ដ៏​ខ្លាំងក្លា ក្នុងការ​ធ្វើសង្គ្រាម លុកលុយ​កាន់កាប់​ប្រទេស​នានា​នៅ​អាស៊ី​ផងដែរ ) ចាប់ផ្តើម​មានទំនាស់​ជាមួយ​ភូមា លើ​បញ្ហា​ជនភៀសខ្លួន និង ប្រតិបត្តិការ​កងទ័ព នៅតាម​ព្រំដែន ។

​ទីបំផុត នៅ​ឆ្នាំ​១៨២៤ សង្គ្រាម​លើក​ទី​១ រវាង​ក្រុមហ៊ុន British East India និង កងទ័ព ភូមា បាន​ផ្ទុះឡើង ហើយ​នៅ​ឆ្នាំ​១៨២៦ សង្គ្រាម​បានបញ្ចប់​ទៅវិញ ដោយ​ជ័យជម្នះ​បាន​ទៅលើ​ក្រុមហ៊ុន British East India ហើយ​តាមរយៈ​សន្ធិ សញ្ញា​មួយ ឈ្មោះ Yandabo ភូមា បាន​បាត់បង់​ទឹកដី តំបន់​អាសា​ម តំបន់​ម៉ា​នី​ពួ និង​តំបន់ អា​រ៉ា​កាន់ ទៅ​ក្រោម​ការត្រួតត្រា​របស់ ក្រុមហ៊ុន British East India ។ ក្រុមហ៊ុន British East India ក៏បាន​ទាំង​ត្រួតត្រា​លើ​តំបន់ [Tenasserim សម្រាប់​ដាក់​ជា​បម្រាម​ក្នុង​ការចរចា​ជាមួយ ភូមា និង សៀម នាពេល​អនាគត ។​ ​ក្រុមហ៊ុន British East India ក៏​បន្ត​ពង្រីក​មហិច្ឆតា​របស់ខ្លួន ចង់បាន​ធនធាន និង តំបន់​សំខាន់ៗ​ដទៃទៀត​របស់ ភូមា ។ ឆ្នាំ​១៨៥២ រដ្ឋាភិបាល​អង់គ្លេស បាន​បញ្ជូន​លោក Commodore Lambert ទៅ ភូមា ដើម្បី​ដោះស្រាយ​រឿង​សន្ធិសញ្ញា កន្លងមក ។

​ដោយ​ខ្លាច​អំណាច​អង់គ្លេស ភូមា បាន​សម្រប​តាម​ដោយ​ការដកហូត​តំណែង​មន្ត្រី រដ្ឋាភិបាល ដ៏​សំខាន់​ម្នាក់ ដែល​អង់គ្លេស​មិន​ពេញចិត្ត ។ ប៉ុន្តែ​នៅតែ​មិនបាន​សុខ ដោយ​លោក Lambert បាន​បង្កជម្លោះ​រហូត​មាន​សង្គ្រាម​ផ្ទុះឡើង ជា​លើក​ទី​២ រវាង British East India និង ភូមា នៅ​ឆ្នាំ​១៨៥២ នោះ​ហើយ ជា​លទ្ធផល​ខេត្ត​ប៉េ​គូ បាន​ចូលក្នុង​កណ្តាប់ដៃ British East India ទៀត ហើយ British East India បាន​ប្រែ​ឈ្មោះ​ទៅជា ភូមា ក្រោម ។

​ការ​ចាញ់​សង្គ្រាម​លើក​នេះ នាំឱ្យមាន​បដិវត្តន៍ នៅក្នុង​រាជវាំង​ភូមា ដោយ​ស្តេច ផា​ហ្កា​ន់ មីន ត្រូវបាន​ជំនួស​ដោយ​អនុជ​របស់​ព្រះអង្គ​ព្រះនាម មីន​ដុន មីន វិញ ។ ក្សត្រ មីន​ដុន មីន បាន​ព្យាយាម​ធ្វើ​ទំនើបកម្ម​រដ្ឋ ភូមា និង​សេដ្ឋកិច្ច​ដើម្បី​តទល់​នឹង​ការ​គម្រាមកំហែង ពី​សំណាក់​អង់គ្លេស ។

ធ្លាក់​ក្នុង​កណ្តាប់ដៃ​អង់គ្លេស​ទាំងស្រុង​
ដណ្តើមបាន​ទឹកដី ភូមា ប៉ុណ្ណេះ​ហើយ​នៅឡើយ មិនទាន់​ធ្វើឱ្យ​អង់គ្លេស​ស្កប់ ។ ពួកគេ​បាន​ចោទថា បុត្រា​របស់​ព្រះបាទ មីន​ដុន មីន គឺ​ព្រះអង្គម្ចាស់ ធី​បាវ មីន ជា​មនុស្ស​ផ្តាច់ការ និង មាន​ទំនោរ​ទៅរក​បារាំង ហើយ​ថា​ព្រះអង្គ​កំពុង​បំពាន​សន្ធិសញ្ញា ឆ្នាំ ១៨២៦ ។​

​មាន​មូល​ហេតុនេះ ជា​លេស នៅ​ឆ្នាំ​១៨៥៥ អង់គ្លេស បានប្រកាស​សង្គ្រាម​ម្តងទៀត ហើយ​សង្គ្រាម​រវាង​អង់គ្លេស និង ភូមា បាន​ឆាប​ឆះ​ឡើងជា​លើក​ទី​៣ ។ លទ្ធផល គឺ​ប្រទេស ភូមា​ទាំងមូល បាន​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​អង់គ្លេស​ជា​ស្ថាពរ ឬថា អង់គ្លេស​ចាប់ផ្តើម​ដាក់​អាណានិគម​លើ ភូមា ដោយ​ប្រការ​ដូចដែល​បាន​ពណ៌នា មកនេះ​ឯង ។​

​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​១៩៣៧ ភូមា បាន​ក្លាយជា​រដ្ឋ​ក្រោម​អាណានិគម​អង់គ្លេស ដែលមាន​ប្រព័ន្ធ​ដាច់ដោយឡែក​មួយ ដោយ​ភូមា មាន​លោក បា ម៉ា​វ ជា​នាយករដ្ឋមន្ត្រី លើក​ទី​១ និង​មិន​ចូល​ជា​សមាជិក​រដ្ឋ​សហ​ធន​ឡើយ ។ លោក បា ម៉ា​វ ជា​មនុស្ស​តស៊ូ មតិ​ឥត​សំចៃ ដើម្បី​ទាមទារ​រក​សិទ្ធិ​ស្វ័យភាព​របស់ ភូមា ហើយ​គាត់​បាន​ជំទាស់​នឹង ការដែល​អង់គ្លេស អូសទាញ​ភូមា ឱ្យ​ចូលទៅ​ពាក់ព័ន្ធ​នឹង​សង្គ្រាមលោកលើកទី​២ ។ នៅពេល​គាត់ មិនអាច​ការពារ​ផលប្រយោជន៍​ភូមា​បាន លោក បា ម៉ា​វ បាន​លាលែង ពី​តំណែង ហើយ​ត្រូវបាន​អង់គ្លេស ចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​បះបោរ ។​

ចលនា​ឯករាជ្យភាព ភូមា
​នៅ​ឆ្នាំ​១៩៤០ មុនពេល ជប៉ុន ចូលខ្លួន​ជា​ផ្លូវការ ទៅក្នុង​សង្គ្រាមលោកលើកទី​២ លោក អោ​ង សាន (​ឳ​ពុក​របស់​លោកស្រី អោ​ង សាន ស៊ូ គ្យី​) បាន​បង្កើត​កងទ័ព​ឯករាជ្យ ភូមា នៅក្នុង​ប្រទេស ជប៉ុន ។​

​ដោយសារ​ជា​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏​សំខាន់​មួយ ភូមា​ត្រូវបាន​ធ្វើឱ្យ​ខ្ទេចខ្ទាំ​យ៉ាងខ្លាំង​នៅ អំឡុង​សម័យ​សង្គ្រាមលោកលើកទី​២ នោះ ។ គិត​ត្រឹម​ខែមេសា ឆ្នាំ​១៩៤២ កងទ័ព​ជប៉ុន បាន​រុលទៅមុខ ដល់ទី​ក្រុង​យុំ​ា​ង​ហ្គូ​ន ( Rangoon) អ្នកខ្លះ​អាន​ឈ្មោះ ទីក្រុង​នេះ​ថា រ៉ាំ​ង​ហ្គូ​ន ។ ប៉ុន្តែ​មិត្ត​ខ្ញុំ​ម្នាក់ ជា​អ្នកកាសែត​ជាតិ​ភូមា បាន​ប្រាប់​ខ្ញុំ​ថា បញ្ចេញ​សូរសៀង​ថា យ៉ាំង​ហ្គូ​ន ដែលមាន​សេចក្តី ជា​ភាសា​អង់គ្លេស​ថា Enemy has gone ឬ​បច្ចាមិត្ត បាន​ប្រាស​ទៅហើយ​) ហើយ​រដ្ឋបាល​អាណានិគម​អង់គ្លេស ក៏បាន​ដួលរលំ ។

​ឆ្នាំ​១៩៤២ នោះ កងទ័ព​ជប៉ុន បាន​បង្កើត​រដ្ឋបាល​ប្រតិបត្តិ​របស់​ភូមា ដឹកនាំ​ដោយ​លោក បា ម៉ា​វ ។ នៅ​ចុងឆ្នាំ ១៩៤៤ កងទ័ព​សម្ព័ន្ធមិត្ត បាន​បើក​ការ​លុក​យ៉ាងខ្លាំង ហើយ​បាន​បណ្តេញ​ជប៉ុន ចេញពី​ភូមា នៅ​ឆ្នាំ​១៩៤៥ ជា​ឆ្នាំ​ដែល​ជប៉ុន សុខចិត្ត​ចាញ់ សង្គ្រាមលោកលើកទី​២ ។​

​នៅពេល​ចប់​សង្គ្រាមលោកលើកទី​២ លោក អោ​ង សាន​បាន​ចរចា​ជាមួយ​មេដឹកនាំ​អម្បូរ នានា នៅក្នុង​កិច្ច​ព្រម​ព្រៀម​ឈ្មោះ ផាង​ឡុង ឱ្យជួយ​ធានា​ឯករាជ្យភាព​របស់​ភូមា ។ នៅ​ឆ្នាំ​១៩៤៧ លោក អោ​ង សាន បាន​ក្លាយជា​អនុប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ​ភូមា ។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៤៧ នោះ លោក អោ​ង សាន និង​សមាជិក​ខុ​ទ្ទ កាល័យ​ជាច្រើនរូប​ទៀត ត្រូវបាន​ធ្វើឃាត ដោយ​ជនជាតិ​ភូមា គាំទ្រ​ដោយ​អង់គ្លេស ដែលជា​គូប្រជែង​នយោបាយ​នឹង​លោក អោ​ង សាន ។​

​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​១៩៤៨ ភូមា បានប្រកាស​ឯករាជ្យភាព​របស់ខ្លួន ពី​អង់គ្លេស បង្កើតជា សហភាព​ភូមា ដោយមាន​លោក Sao Shwe Thaik ជា​ប្រធានាធិបតី លើក​ទី​១ និង លោក យូ នូ ជា​នាយករដ្ឋមន្ត្រី ។ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី រំឭក​ដល់​ថ្ងៃ​នេះឯង ។​

របប​យោធា​
​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​១៩៦២ ឧ​ត្ត​ម​សេនីយ៍ ណេ វីន បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ដណ្តើម យក​អំណាច​មក​ក្តោប​ក្តាប់​ដោយ​ខ្លួនឯង​។ ចាប់ពីពេលនោះ​មក ភូមា ស្ថិតក្រោម ការត្រួតត្រា​របស់​កង​ទ័ព​ដោយផ្ទាល់​ខ្លះ ដោយ​ប្រយោល​ខ្លះ និង​ជា​ប្រទេស​ឯក​បក្ស ហើយ​ភូមា ធ្លាប់ជា​ដែនដី​សម្បូរ​រុងរឿង​ទាំង​ធនធាន និង​វប្បធម៌​ពុទ្ធសាសនា​ដ៏​ផូរផង់ ក៏បាន​ក្លាយជា​ប្រទេស​ដ៏​ក្រីក្រ​រហាម​បំផុត​មួយ​ក្នុង​លោក​។ ធ្លាប់មាន​បាតុកម្ម​ជាច្រើន បាន​ផ្ទុះឡើង​ដែរ ប៉ុន្តែ​ត្រូវបាន​យោធា​បង្ក្រាប ដោយ​ហិង្សា បណ្តាលឱ្យ​បាត់បង់​ជីវិត និង​របួស​ជាច្រើន ។

​ឆ្នាំ​១៩៨៨ ភាពច្របូកច្របល់​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ ដោយសារ​កំហុសឆ្គង នៃ​ការចាត់ចែង​របស់​រដ្ឋា​ភិ​បាល​បាន​បណ្តាលឱ្យមាន​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​រីក​រាលដាល​ពាសពេញ​ប្រទេស ដែល​គេ​ឱ្យ​ឈ្មោះថា ការ​ក្រោក​ឡើង​ប្រឆាំង ៨៨៨៨ ។ បាតុករ​រាប់ពាន់នាក់ ត្រូវបាន​កងសន្តិសុខ​សម្លាប់ ហើយ​ឆ្នាំ​១៩៨៩ រដ្ឋាភិបាល​បានប្រកាស​ច្បាប់​សឹក សម្រាប់​គ្រប់គ្រង​ប្រទេស ។​

​មរតក​នៃ​បាតុកម្ម​ទាំងឡាយ ខាងលើនេះ ធ្វើឱ្យ​ទីបំផុត​រដ្ឋាភិបាលយោធា​បានប្រកាស រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ប្រជាជន គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​១៩៨៩ នោះ ។ ខែឧសភា ឆ្នាំ​១៩៩០ រដ្ឋាភិបាល​បានរៀបចំ​ការបោះឆ្នោត ដោយ​សេរី​ជា​លើកដំបូង ក្នុង​រយៈពេល​ជិត ៣០ ឆ្នាំ​មកនេះ ហើយ​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អោ​ង សាន ស៊ូ គ្យី បានឈ្នះ ៣៩២ អាសនៈ ក្នុងចំណោម ៤៩២ អាសនៈ ស្មើនឹង ៨០ ភាគរយ ។ ប៉ុន្តែ​រដ្ឋាភិបាលយោធា មិនបាន​ប្រគល់​អំណាច ទៅឱ្យ​បក្ស​របស់​លោកស្រី ស៊ូ គ្យី ឡើយ​ថែមទាំង​បាន​ឃុំ លោកស្រី ឱ្យនៅតែ​ក្នុងផ្ទះ ដោយមាន​ការឃ្លាំមើល​ទៀតផង ។​

កំណែទម្រង់
ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០០៦ រដ្ឋាភិបាលយោធា បាន​ប្តូរ​រដ្ឋធានី​ពី​ក្រុង​យ៉ាំង​ហ្គូ​ន ទៅ​ទីក្រុង​ណៃ​ពី​ដោ ហើយ​ឈ្មោះ​ជា​ផ្លូវការ​របស់​ប្រទេស​ភូមា ត្រូវបាន​ប្តូរ​ទៅ​ហៅថា មី​យ៉ាន់​ម៉ា ។ បន្ទាប់ពី​ការបោះឆ្នោត នៅ​ឆ្នាំ​២០១០ មក រដ្ឋាភិបាល បានធ្វើ​កំណែ ទម្រង់​ជាច្រើន ដោយ​រួមទាំង​ដោះលែង​លោកស្រី អោ​ង សាន ស៊ូ គ្យី ពី​ការឃុំ​ក្នុងផ្ទះ​ផង ។

​ការបោះឆ្នោត​សកល ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ ហើយ​គណបក្ស សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក​ស្រី អោ​ង សាន ស៊ូ គ្យី បានឈ្នះ​សំឡេង ភាគច្រើន​ដាច់ខាត គ្រប់គ្រាន់​ឱ្យ​បេក្ខជន​របស់​បក្ស​នេះ ក្លាយជា​ប្រធានាធិបតី ខណៈ​លោកស្រី អោ​ង សាន ស៊ូ គ្យី ត្រូវបាន​ហាមឃាត់ ពី​តំណែង​នេះ ដោយ​ច្បាប់ រដ្ឋធម្មនុញ្ញ​។ ពិធី​ផ្ទេរអំណាច ត្រូវបាន​ធ្វើឡើង ដោយ​រលូន​ធ្វើឱ្យមាន​ចំណាប់ អារម្មណ៍​យ៉ាងខ្លាំង​ពី​ពិភពលោក ។

​ចាប់តាំងពី​ខែមេសា ឆ្នាំ​១៩៦២ មក នេះ​គឺជា​លើកដំបូង​ហើយ ដែល​យោធា​ព្រម ប្រគល់​អំណាច​ទៅឱ្យ​បក្ស​ផ្សេង ។ លោកស្រី អោ​ង សាន ស៊ូ គ្យី ត្រូវបាន​គេ​ទទួល ស្គាល់​ថា ជា​និម្មិត្តរូប​ដ៏​សំខាន់ ក្នុងការ​នាំទៅរក​ការផ្លាស់ប្តូរ មកជា​របប​ប្រជាធិបតេយ្យ នៅ​មី​យ៉ាន់​ម៉ា ។ ទោះយ៉ាងណា ក្រោយមក របប​នយោបាយ​របស់​លោកស្រី អោ​ង សាន ស៊ូ គ្យី រង​ការរិះគន់​ច្រើន​ណាស់ដែរ អំពី​ទំនាស់​នានា ពាក់ព័ន្ធ​នឹង​ជនជាតិ រ៉ូ​ហ៊ីង​យ៉ា​៕ ដោយ​: មេសា​

​លោកស្រី អោ​ង សាន ស៊ូ​គ្យី ជា​និម្មិត្តរូប​ដ៏​សំខាន់​សម្រាប់​ប្រជាធិបតេយ្យ​នៅ មី​យ៉ាន់​ម៉ា ( Myanma 1)
ទិដ្ឋភាព​ទីក្រុង ណៃ​ពិដោ នៃ ប្រទេស​មី​យ៉ាន់​ម៉ា (Myanma 2)