ភ្នំពេញៈ ប្រជាពលរដ្ឋប៉េរូ ប្រារព្ធទិវាឯករាជ្យជាតិរបស់ខ្លួន នៅថ្ងៃទី២៨ ខែកក្កដា ដើម្បីរំឭកដល់ព្រឹត្តិការណ៍ ដែលលោកឩត្តមសេនីយ៍ ចូសេ ដឺ សាន់ ម៉ាទីនប្រកាស ឯករាជ្យភាព ប៉េរូ ពីអេស្ប៉ាញ នៅក្នុងរាជវាំងផ្លាហ្សា នៃទីក្រុងលីម៉ា កាលពីឆ្នាំ១៨២១ ខណៈសង្គ្រាមនៅមិនទាន់រលត់នៅឡើយ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋប៉េរូ មានផ្ទៃដី ១.២៨៥.២១៦ គីឡូម៉ែត្រក្រឡា ស្ថិតនៅអាមេរិកខាងត្បូង មានព្រំដែនជាប់នឹងប្រទេសអេក្វាឌ័រ កូឡុំប៊ី ប្រេស៊ីល បូលីវ៉ា ឈីលី និងមហាសាគរ ប៉ាស៊ីហ្វិក ។ ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ ៣៣ លាននាក់ ភាគច្រើន ជាអ្នកកាន់គ្រិស្ត សាសនា កាតូលិក ភាសាផ្លូវការ គឺភាសាអេស្ប៉ាញ រដ្ឋធានី គឺទីក្រុងលីម៉ា ។
ប្រវត្តិសាស្ត្រ
អំឡុងសតវត្សរ៍ទី១៨ ប៉េរូ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួន អាមេរិក ខាងត្បូង ដែលស្ថិតក្រោមការត្រួតត្រារបស់អេស្ប៉ាញ ។ ការចាញ់សង្គ្រាមនៅតំបន់ ឧបទី្វប ឬសង្គ្រាមណាប់ប៉ូឡេអុង (១៨០៧-១៨១៤) ធ្វើឱ្យអេស្ប៉ាញបាត់បង់ការកាន់ កាប់ទឹកដីជាច្រើន នៃតំបន់ស្វយ័តជុនតា ។ ចុល្លរាជ (ស្តេចនៃនគរចំណុះនគរដទៃ) របស់ប៉េរូ ចូសេ ហ្វឺណាន់ដូ ដឺ អាប់សាកាល់ ស៊ូសា បានក្លាយជាឩបករណ៍ក្នុងការ ចាត់ចែងកងទ័ព (កងទ័ពរាជានិយម) ដើម្បីសង្កត់សង្កិនទៅលើការងើបបះបោរនៃប៉េរូ ខាងលើ និងដើម្បីការពារ ពីការលុកលុយចូលតំបន់នោះពីសំណាក់កងទ័ពដែលបញ្ជូន ដោយ ក្រុមប្រឹក្សាកងទ័ព ជុនតា របស់អាណាខេត្តរួបរួម រីអូ ដឺ ឡា ផ្លាតា ( បច្ចុប្បន្ន អាហ្សង់ទីន )។
បន្ទាប់ពីជោគជ័យរបស់កងទ័ពរាជានិយមមក ចុល្លរាជ្យ អាប់សាកាល់ បានដាក់ តំបន់ ប៉េរូខាងលើ បញ្ចូលទៅជាដែនដីអ្នករាជានិយមទាំងអស់ ។ ដោយហេតុនេះ ប៉េរូ នៅតែ ជាអ្នករាជានិយមយ៉ាងរឹងមាំ ហើយបានចូលរួមកំណែទម្រង់នយោបាយចាប់ពីឆ្នាំ ១៨១០-១៨១៤ ។ ប៉េរូ បានបង្ហាញខ្លួននៅសម័យប្រជុំដំបូង នៃក្រុមប្រឹក្សាកងទ័ព Cortes របស់អេស្ប៉ាញ ដែលរៀបចំឡើងដោយអនុប្រទេសទាំង៧ និងក្រុមប្រឹក្សា អាណានិគម អេស្ប៉ាញ Cadildos ។ ដោយហេតុនេះ បេរ៉ូ បានក្លាយជាដែនដីឯនាយ សមុទ្ទទី២ របស់រាជានិយម អេស្ប៉ាញ នៅអាមេរិកខាងត្បូង ។
ចលនាសភានិយម
ទោះជាដែនដីប៉េរូ ជាទូទៅ ត្រូវបានគេមើលឃើញថា ជាអ្នករាជានិយមក្តីក៏មានចលនា សភានីតិបញ្ញត្តិនិយម កើតឡើងដែរ គឺមានចលនាបះបោរនៅទីក្រុងភាគខាងត្បូង នៅឆ្នាំ១៨១១ និង ១៨១៣ ។ ចលនាដ៏សំខាន់មួយដឹកនាំ ដោយពួកអ្នកជនជាតិដើម នៅតំបន់ Huanuco បានចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៨១២។ ចលនានេះពាក់ព័ន្ធ ដោយមេដឹកនាំនានា ក្នុងនោះមានទាំងមេដឹកនាំមូលដ្ឋាន និង ចៅហ្វាយខេត្តផងដែរ ប៉ុន្តែត្រូវបាន បង្ក្រាប ទៅវិញក្នុងរយៈពេលពីរបីសប្តាហ៍ប៉ុណ្ណោះ ។ ចលនាដែលស្ថិត នៅបានយូរជាងនេះ គឺចលនាឧទ្ទាម នៅតំបន់ Cusco ដែលមានរយៈពេល ចាប់ពីឆ្នាំ ១៨១៤-១៨១៥ ។
ចលនាឧទ្ទាមនេះ ចាប់ផ្តើមឡើង ដោយការប្រឈមមុខដាក់គ្នា រវាងស្ថាប័នធម្មនុញ្ញ Cabildos និងតុលាការកំពូល Audiencia នៃតំបន់ Cuzco ជុំវិញរដ្ឋបាលនៃទីក្រុងតំបន់ Cuzco គឺតុលាការកំពូល Audiencia ទាមទារនូវកំណែទម្រង់សេរីភាពមួយចំនួន ។ ពេលនោះ មន្ត្រីរបស់ Cabildos និងសម្ព័ន្ធមិត្ត ត្រូវបានតុលាការកំពូល Audiencia ចាប់ខ្លួន ។ ប៉ុន្តែបន្ទាប់ពីបានជោគជ័យមួយចំនួន នៅភាគខាងត្បូង នៃប៉េរូ និងប៉េរូ ខាងជើង មក ចលនាឧទ្ទាមនេះ ត្រូវបានកម្ទេច នៅពាក់កណ្តាលឆ្នាំ១៨១៥ ។
ចូសេ ដឺ សាន់ ម៉ាទីន-កងទ័ពរំដោះ ប៉េរូ
បន្ទាប់ពីបានកម្ទេចចលនាឧទ្ទាម ដូចបានរៀបរាប់ខាងលើមក ចុល្លរាជ្យ ប៉េរូរៀបចំបេស កកម្មចំនួន ២ ដែលត្រូវអនុវត្ត ដោយកងទ័ពរាជានិយម នៃតំបន់ Lima និង Arequipa និងបេសកកម្មមូលដ្ឋានពីអឺរ៉ុប ដើម្បីប្រឆាំងនឹងពួកអ្នកស្នេហាជាតិ ឈីលី ។
បេសកកម្មនេះ បានជោគជ័យ ដោយបានលុកលុយប្រទេសឈីលី នៅឆ្នាំ១៨១៤ ។ ប៉ុន្តែនៅឆ្នាំ១៨១៧ បេសកកម្មនេះ បានបរាជ័យ ហើយបេសកកម្មទី២ ប្រឆាំងអ្នក ស្នេហាជាតិឈីលី មានបំណងចង់ស្តាររាជានិយមឡើងវិញ នៅឆ្នាំ១៨១៨។ ប៉ុន្តែទី បំផុត បេសកកម្មនេះ បានត្រូវកម្ទេច ក្រោមកងទ័ពរបស់លោកឩត្តមសេនីយ៍ ចូសេ ដឺ សាន់ ម៉ាទីន នៃ ប្រទេសអាហ្សង់ទីន (ដែលក៏កំពុងស្ថិតក្រោមការត្រួតត្រារបស់ អេស្ប៉ាញដែរ ) ។
ដើម្បីចាប់ផ្តើមរំដោះប្រទេសប៉េរូនោះ អាហ្សង់ទីន និង ឈីលី បានចុះហត្ថលេខាលើ សន្ធិសញ្ញា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៨១៩ ដើម្បីចូលលុកលុយ ប៉េរូ ពីអេស្ប៉ាញ ។ ឧត្តមសេនីយ៍ ចូសេ ដឺ សាន់ ម៉ាទីន ជឿជាក់ថា ការរំដោះអាហ្សង់ទីន នឹងមិនមាន និរន្តរភាពឡើយ លុះណាតែផ្តួលរំលំទីបញ្ជាការកណ្តាលកងទ័ពរាជានិយម ប៉េរូ ។
បន្ទាប់ពីបានជោគជ័យ បន្តបន្ទាប់ ក្នុងការរំដោះឈីលី (ពីអេស្ប៉ាញ) មកពួកអ្នកស្នេហា ជាតិ បាននាំគ្នារៀបចំកងទ័ព ដើម្បីវាយលុករំដោះ ប៉េរូ ទៀត ហើយកងទ័ពជើងគោក ត្រូវស្ថិតក្រោមការបញ្ជារបស់ឩត្តសេនីយ៍ចូសេ ដឺ សាន់ ម៉ាទីន ចំណែកកងទ័ពជើងទឹក បញ្ជាដោយឧត្តមនាវី ថូម៉ាស អាឡិចសាន់ឌើរ៍ កូក្រាណេ អង់គ្លេស ដែលកងទ័ពនេះ ឱ្យឈ្មោះថា Peruvian Liberation ឬ កងទ័ពរំដោះប៉េរូ។
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៨២០ កងទ័ព Peruvian Liberation ក្រោមទង់ជាតិឈីលី បានទៅដល់ទីក្រុង Valparaiso ។ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៨២០ កងទ័ពរំដោះបានចាប់ យកខេត្ត Pisco ។ ថ្ងៃទី១៥ ខែកញ្ញា ចុល្លរាជ្យប៉េរូ បានផ្ញើលិខិតមួយច្បាប់ ទៅឧត្តម សេនីយ៍សាន់ ម៉ាទីន ដើម្បីសុំចរចា ។ ប៉ុន្តេការចរចា បានបរាជ័យ នៅថ្ងៃទី១៤ តុលា ឆ្នាំនោះ ។
ប្រកាសឯករាជ្យភាព
ថ្ងៃទី២១ ខែតុលា ឆ្នាំ១៨២០ ឧត្តមសេនីយ៍ ចូសេ ដឺ សាន់ ម៉ាទីន បានបង្កើតទង់ជាតិ សាធារណរដ្ឋប៉េរូ ។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៨២០ អ្នកស្នេហាជាតិប៉េរូ ខាងលើ ដឹកនាំដោយឧត្តមសេនីយ៍ Juan Antonio Álvarez de Arenales បានប្រកាសឯការាជ្យ ភាពរបស់ទីក្រុងនៃ ដែនដី Huamanga ហើយបានរួបរួមជាមួយ ឩត្តមសេនីយ៍ ចូសេ ដឺ សាន់ ម៉ាទីន នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៨២១ ហើយបានច្បាំងឈ្នះកងទ័ពរាជានិយម ជាបន្តបន្ទាប់ ។
ចុល្លរាជ្យ នៃឧបទ្វីប ប៉េរូត្រូវបានបណ្តេញចេញ ហើយជំនួសដោយឩត្តមសេនីយ៍ José de la Serna នៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៨២១ ។ នៅខែ មីនា ឆ្នាំ១៨២១ កងទ័ពដឹកនាំ ដោយ ឩត្តមសេនីយ៍ មីល្លឺរ៍ និង ឩត្តមសេនីយ៍ កូក្រាណេ បានវាយប្រហារទៅលើ កំពង់ផែរបស់អ្នករាជានិយមនៅ Arica និង Tacna ។ ចុល្លរាជ្យ ថ្មីនៅទីនោះបាន ប្រកាសដកខ្លួនចេញពីតំបន់លីម៉ា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨២១ប៉ុន្តែបានបញ្ជាឱ្យ កងទ័ពរបស់ខ្លួន តស៊ូជាមួយកងទ័ពរំដោះ។
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨២១ កងទ័ពរាជានិយម ដឹកនាំដោយឩត្តមសេនីយ៍ ចូសេ ដឺ សាន់តេរ៉ាក់ បានចាកចេញពីទីក្រុងលីម៉ា ឆ្ពោះទៅដែនដីខាងលើ ។ ឩត្តមសេនីយ៍ Arenales ត្រូវបានឩត្តមសេនីយ៍ សាន់ ម៉ាទីន បញ្ជូនឱ្យទៅស៊ើបការណ៍អំពីកងទ័ព រាជានិយម ។ ពីរថ្ងៃក្រោយមក កងទ័ពរំដោះ បានចូលដល់ទីក្រុងលីម៉ាហើយក៏មាន អ្នកស្រុក នៅតំបន់ជាច្រើន នាំគ្នារត់ទៅជ្រកកោន ក្រោមលោកអំណាចឩត្តមសេនីយ៍ សាន់ ម៉ាទីន ។
ជាថ្មីម្តងទៀត នៅក្នុងទីក្រុងលីម៉ា លោកឩត្តមសេនីយ៍ សាន់ ម៉ាទីនបានអញ្ជើញមនុស្ស ពីគ្រប់ផ្នែក ដែលមានមនុស្សច្រើន នៅទីក្រុងលីម៉ា ឱ្យស្បថ ដើម្បីបុព្វហេតុឯករាជ្យភាព របស់ប៉េរូ ។ ពិធីចុះហត្ថលេខាលើកម្មវិធីដើម្បីឯករាជ្យភាពរបស់ប៉េរូ ត្រូវបានធ្វើនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៨២១ ។ ឩត្តមនាវី កូក្រាណេ ត្រូវបានស្វាគមន៍ នៅទីក្រុងលីម៉ា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ១៨២១ នោះ ។
ព្រឹត្តិការណ៍ដ៏រន្ទឺ ឮខ្ទរខ្ទា បានកើតឡើងនោះ គឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៨២១ លោក ឧត្តមសេនីយ៍ ចូសេ ដឺ សាន់ ម៉ាទីន បានប្រកាសឯករាជ្យភាព ( ពីអេស្ប៉ាញ ) របស់ប៉េរូ នៅក្នុងរាជវាំងផ្លាហ្សា នៃទីក្រុងលីម៉ា ខណៈសង្គ្រាមនៅមិនទាន់រលត់ទៅនៅឡើយ ។ គឺថ្ងៃនោះឯងហើយ ដែលក្រោយមក បានក្លាយជាទិវាឯករាជ្យជាតិប៉េរូ សព្វថ្ងៃនេះ ។
បន្ទាប់ពីបានដឹងថា អនុរាជ្យថ្មី បានបញ្ជាកងទ័ពរបស់ខ្លួន ឱ្យប្រយុទ្ធនឹងកងទ័ពរំដោះ លោក សាន់ ម៉ាទីន បានចាកចេញពីទីក្រុងលីម៉ា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៨២១ នោះ ហើយបានរួបរួមជាមួយកងទ័ពរបស់ឧត្តមសេនីយ៍ ចូសេ ដឺ ឡា ម៉ា នៅ Real Felipe ។ នៅទីនោះ ពួកសាធារណរដ្ឋប៉េរូ បានបណ្តេញពួកកងទ័ពរាជានិយមរហូតដល់ Jauja នៅឆ្នាំ ១៨២១ នោះ ។
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៨២២ ឩត្តមសេនីយ៍ ចូសេ ដឺ សាន់ ម៉ាទីនបានជួបជាមួយឧត្តម សេនីយ៍ ស៊ីម៉ុន បូលីវ៉ា មេដឹកនាំចលនាភាគខាងជើង ពិភាក្សាគ្នាអំពីអនាគតប៉េរូ (និង អាមេរិកខាងត្បូង)។ ឩត្តមសេនីយ៍ សាន់ ម៉ាទីន ចង់បានប្រទេសប៉េរូជាប្រទេសរាជា ធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។ ចំណែកឧត្តមសេនីយ៍ ស៊ីម៉ុន បូលីវ៉ា ចង់បាន ប៉េរូ ជាប្រទេសសាធារណរដ្ឋ ។ ទោះយ៉ាងណា មេដឹកនាំទាំងពីរ សុទ្ធតែជាអ្នករើបម្រាស ដើម្បីឱ្យប៉េរូ ឯករាជ្យពីអេស្ប៉ាញ ដូចគ្នា ។ បន្ទាប់ពីបានពិនិត្យពិច័យរួចមកឩត្តម សេនីយ៍ សាន់ ម៉ាទីន បានចាកចេញពី ប៉េរូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៨២២ហើយ ប្រគល់ការដឹកនាំចលនាឯករាជ្យភាព ទៅឱ្យលោក ស៊ីម៉ុន បូលីវ៉ាជាអ្នកទទួលខុស ត្រូវទាំងស្រុង ។
ទិដ្ឋភាពបែបនេះ ត្រូវបានគេមើលឃើញថា ជាការខ្វែងគំនិតគ្នានៃ ពួកអ្នកតស៊ូដើម្បី ឯករាជ្យ ជាហេតុនាំឱ្យពួកគេ ចាប់ផ្តើមជួបប្រទះនូវការចាញ់កងទ័ពរាជានិយម ជាហូរហែ ធ្វើឱ្យរដ្ឋប៉េរូ ជាប់ផុងកណ្តាលទី ដែលពោរពេញទៅដោយសង្គ្រាមពេញ ផ្ទៃប្រទេស ហើយជាទូទៅ ប្រទេសទាំងមូល ស្ថិតក្រោមការត្រួតត្រារបស់ពួកអ្នករាជា និយម ។
ចុល្លរាជ្យ (ស្តេចចំណុះ) ឡា សឺណា បានបង្កើតរាជធានីនៅ Cuzco ។ នៅឆ្នាំ ១៨២៤ កងទ័ពរាជានិយម នៅតំបន់ Alto Peru (បច្ចុប្បន្នប្រទេស បូលីវ៉ា )បានរុលទៅមុខឆ្ពោះ ទៅសរមភូមិនៅតំបន់ Junin និងតំបន់ Ayacucho ។ ប៉ុន្តែនៅទីនោះ កងទ័ពរំដោះ ប៉េរូ ក្រោមបញ្ជាការរបស់ឩត្តមសេនីយ៍ ស៊ីម៉ុន បូលីវ៉ា បានយកឈ្នះលើកងទ័ពរាជានិយម ហើយទីបំផុត សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង នៅពេលដែលបន្ទាយចុងក្រោយ នៃកងទ័ពរាជានិយម បានចុះចាញ់នៅឯ Real Felipe Fortress នាឆ្នាំ១៨២៦ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា
គំនូរពណ៌នាអំពីកាលដែលឩត្តមសេនី ចូសេ ដឺ សាន់ ម៉ាទីន ប្រកាសឯករាជភាព ប៉េរូ
ទិដ្ឋភាពតំបន់ឆ្នេរសមុទ្ទ នៃ ទីក្រុង លីម៉ា ប្រទេស ប៉េរូ