ទិវា​ឯករាជ្យ​ជាតិ នៃ ប្រទេស​ទុយ​នី​ស៊ី​

138
ចែករម្លែក

​ភ្នំពេញៈ ទុយ​នី​ស៊ី ធ្លាប់ជា​ទឹកដី​អាណាខេត្ត​របស់​ចក្រភព​អូ​តូ​ម៉​ង់​បាន​ក្លាយជា​ដែនដី​អាណា និគម​បារាំង នៅ​ឆ្នាំ​១៨៨១ ហើយ​ទទួលបាន​ឯករាជភាព​ពី​បារាំង នៅ​ឆ្នាំ​១៩៥៦ និង​បានប្រកាស ជា សាធារណរដ្ឋ​ទុយ​នី​ស៊ី នៅ​ឆ្នាំ ១៩៦៧ ហើយ​ប្រជាជន​ទុយ​នី​ស៊ី​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ ជាតិ តាំងពី​ពេលនោះ​មក ប៉ុន្តែ​ទើបតែ​មានការ​បោះឆ្នោត ជា​លើកដំបូង​នៅ​ឆ្នាំ ២០១១​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ទុយ​នី​ស៊ី ស្ថិតនៅ​ភាគ​ខាងជើង​បំផុត នៃ​ទ្វីបអាហ្វ្រិក ដោយមាន​ផ្ទៃដី​ប្រមាណ​ជា ១៦៣.៦១០ គីឡូម៉ែត្រ​ក្រឡា គឺជា​ប្រទេស​តូច​ជាងគេ នៅក្នុង​តំបន់​ម៉ា​ហ្គ្រី​ប នៃ​អាហ្វ្រិក​ខាងជើង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អាល់​ហ្សេ​រី លី​ប៊ី ជួរ​ភ្នំ Atlas និង​សមុទ្ទ ម៉េ​ឌី​ទែ​រ​ណេ ។ ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជិត ១២ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ហើយ​ប្រហែលជា ៩៨ ភាគរយ គឺជា​ជន​ចំណាកស្រុក អារ៉ាប់ ភាសាផ្លូវការ​គឺ​ភាសា​ទុយ​នី​ស៊ី រដ្ឋធានី​គឺ​ទីក្រុង​ទុយ​នី​ស​។​
​ ​
ប្រវត្តិសាស្ត្រ​
ចាប់ពី​គ​.​ស ១៥៧៤ មក ទុយ​នី​ស៊ី បាន​ក្លាយជា​អាណាខេត្ត​របស់​ចក្រភព​អូ​តូ​ម៉​ង់ (​តួ​ក​គី​) ។ ឆ្នាំ​១៧៧០ ឩ​ត្ត​មនា​វី​ឯក​បារាំង​ឈ្មោះ De Broves បាន​វាយ​ដណ្តើមយក​ទីក្រុង​មួយចំនួន មាន​ទីក្រុង Bizerte ទីក្រុង Porto Farina និង​ទីក្រុង Monastir ធ្វើឱ្យ​ប្រទេស​ទុយ​នី​ស៊ី​ហាក់​ដាច់ ចេញពី​ចក្រភព​អូ​តូ​ម៉​ង់ ហើយ​ស្ថិតនៅ​ជា​រដ្ឋ​ឯករាជ្យ បើទោះជា​តាមពិត ទុយ​នី​ស៊ី​មិនទាន់មាន ឯកភាព​ជាតិ គ្រប់គ្រាន់​ក៏ដោយ ។

​លុះដល់​សតវត្សរ៍​ទី ១៩ ពួក​ឈ្មួញ​ជនជាតិ ទុយ​នី​ស៊ី​បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយ​ពួក​អឺរ៉ុប​ជាច្រើន​ជាតិ​សាសន៍​។ នា​រយៈ​កាលនោះ បារាំង​បានផ្តល់​ប្រាក់កម្ចី​ដ៏​សំខាន់ ដល់​ទុយ​នី​ស៊ី ។ រដ្ឋាភិបាល​ទុយ​នី​ស៊ី ទន់ខ្សោយ​ប្រព័ន្ធ​ពន្ធដារ​គ្មាន​ប្រសិទ្ធភាព​អាច​យក បានតែ​មួយ​ភាគ​ប្រាំ នៃ​ពន្ធ​ដែល​ប្រមូលបាន​ប៉ុណ្ណោះ ។​

​សេដ្ឋកិច្ច ត្រូវបាន​ធ្វើឱ្យ​គាំង​ដោយសារ​គ្រោះរាំងស្ងួត​ជា​បន្តបន្ទាប់ និង​ការ​ផ្តាច់ជំនួយ របស់​បារាំង ដោយសារតែ​ការហូរចូល​យ៉ាងច្រើន នៃ​ជន​មកពី​បស្ចិមប្រទេស ។ ទុយ​នី​ស៊ី អាច​គ្រប់គ្រង​លើ​ពន្ធ​ជំនួញ​បរទេស តែ​បី​ភាគរយ​ប៉ុណ្ណោះ​តាម​កិច្ចសន្យា​ដែល​បាន​បន្សល់ទុក តាំងពី​សតវត្សរ៍​ទី​១៦ មក ។ ឧស្សាហកម្ម​ដ៏​តូច​និង​ទន់ខ្សោយ​របស់​ទុយ​នី​ស៊ី​ត្រូវបាន​បង្ហិន បង្ហោច​អស់ ដោយសារតែ​ការនាំ​ចូល​ពី​ខាងក្រៅ​ជាពិសេស​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ ។​

​អាណានិគម​
បន្ទាប់ពី​សង្គ្រាម​បារាំង​-​អាល្លឺម៉ង់ ( ១៩ កក្កដា ១៨៧០- ១០ ឩ​សភា ១៨៧១) កិត្យានុភាព របស់​បារាំង នៅលើ​ឆាក​អន្តរជាតិ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ឆ្លៀតឱកាស​នោះ អ៊ីតាលី និង​អង់គ្លេស បាន​ប៉ុនប៉ង​ពង្រឹង​អំណាច​របស់​ពួកគេ​ឡើងវិញ នៅក្នុង​ប្រទេស​ទុយ​នី​ស៊ី​។ ប៉ុន្តែ​អ៊ីតាលី ពុំ​សូវ​បាន​ជោគជ័យ​ឡើយ ចំណែក​តំណាង​អង់គ្លេស គឺ​លោក រី​ឆាដ វូដ ទទួលបាន​ជោគជ័យ​ច្រើនជាង ។​

​ដើម្បី​កំណត់​អំណាច​របស់​បារាំង នៅក្នុង​ដែនដី​ទុយ​នី​ស៊ី នៅ​ឆ្នាំ​១៨៧១ លោក វូដ បាន​ចាត់ ចែង​ប្រទេស ទុយ​នី​ស៊ី ឱ្យទៅជា​ដូចដើម គឺ​ធ្វើឱ្យ​ប្រទេស​នេះ ក្លាយជា​អាណាខេត្ត​មួយ​របស់ ចក្រភព​អូ​តូ​ម៉​ង់​ឡើងវិញ ប៉ុន្តែ​ស្វ័យភាព​ត្រូវបាន​ធានា ។ ទំនាស់​កម្មសិទ្ធិ​ដីធ្លី​រវាង​ជនជាតិ ទុយ​នី​ស៊ី បារាំង អង់គ្លេស និង ជនជាតិ អ៊ីតាលី បានកើត​ឡើង យ៉ាងច្រើន​ករណី ។​

​ដើម្បី​ស្តារ​មុខមាត់ និង​អំណាច​របស់ខ្លួន​ពីដំបូង​បារាំង​មានបំណង​ចង់​គ្រប់គ្រង​ប្រទេស​អាល់​ហ្ស៊េ​រី​ដែលជា​ប្រទេស ជិតខាង​ទុយ​នី​ស៊ី ដើម្បី​ដាក់​សម្ពាធ​លើ​ឥទ្ធិពល​របស់​អ៊ីតាលី និង អង់គ្លេស​នៅ​ទីនោះ​នាំឱ្យ​ភាព រកាំរកូស​គ្នា​ជាច្រើន កើតឡើង ក្នុង​ពួក​មហាអំណាច​ទាំងនោះ ។​

​សមាជ​នៅ​ទីក្រុង​ប៊ែ​កឡាំង ប្រទេស អាល្លឺម៉ង់ នា​ឆ្នាំ ១៨៧៨​មានការ​សម្រុះ​សម្រួលកា​រទូ​ត ដែល​ផ្តល់ឱ្យ​បារាំង​ត្រួតត្រា លើ​ទុយ​នី​ស៊ី ខណៈ​អង់គ្លេស​ត្រួតត្រា​លើ​ប្រទេស​ស៊ី​ពបាន សម្រាល​នូវ​ភាព​តានតឹង​បាន​ច្រើន ។​

​ប៉ុន្តែ​ពេលនោះ ដែនដី ទុយ​នី​ស៊ី នៅមាន​ក្រុម ចលនា​តស៊ូ​ជាច្រើន មាន​ក្រុម​កុលសម្ព័ន្ធ Khroumir ជាដើម ដែល​បាន​កាន់កាប់​ទឹកដី​ខ្លះ នៃ​ទុយ​នី​ស៊ី ។ បារាំង​បាន​យក​ចំណុច​នេះ ជា​លេស​ធ្វើ​អន្តរាគមន៍​យោធា ទៅលើ​ទុយ​នី​ស៊ី ។​

​ការ​លុកលុយ​ពី​កងទ័ព​បារាំង​
ក្រោម​ហេតុផល​ដើម្បី​បង្ក្រាប​ក្រុម​ចលនា​ឩ​ទ្ទាម ទុយ​នី​ស៊ី នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ ១៨៨១ កងទ័ព ២៨.០០០ នាក់ ក្រោម​ការបញ្ជា ដោយ​ឩ​ត្ត​ម​សេនីយ៍ Forgemol de Bostquénard បារាំង បាន​ចូលលុកលុយ​ទឹកដី ទុយ​នី​ស៊ី ។ នៅ​ថ្ងៃទី​១ ខែ​ឩ​សភា ឆ្នាំ​១៨៨១ ទីក្រុង Bizerte ត្រូវបាន​ឡោម​ព័​ទ​ដោយ​កងទ័ព​ចំនួន ៨.០០០ នាក់ របស់​ឩ​ត្ត​ម​សេនី Jules Aimé Bréart បារាំង ។

​នៅ​ចន្លោះ​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​ដដែល​នោះ ឩ​ត្ត​ម​សេនីយ៍ Bréart បាន​ចូលទៅ ដល់ទី​ក្រុង​ទុយ​នី​ស ដែលជា​រដ្ឋធានី​របស់ ទុយ​នី​ស៊ី ។ ថ្ងៃទី​១១ ខែ​ឆ្នាំ​ដដែល ឩ​ត្ត​ម​សេនីយ៍ Bréar t​អគ្គ​កុងស៊ុល​បារាំង Théodore Roustan និង​ឧ​ត្ត​ម​សេនីយ៍ Pierre Léon Mauraud ហែហម​អមដំណើរ​ដោយ កងទ័ព​យ៉ាង​គគ្រឹកគគ្រេង ធ្វើដំណើរ​ឆ្ពោះទៅកាន់​និវេសនដ្ឋាន របស់​ចៅហ្វាយក្រុង​ទុយ​នី​ស គឺ​លោក Muhammed as-Sadiq បង្ខំ​ឱ្យ​ចុះហត្ថលេខា​លើ សន្ធិសញ្ញា Bardo នៅ​ថ្ងៃទី​១២ ខែ​ឩ​សភា ឆ្នាំ​១៨៨១ ។ ដែនដី ទុយ​នី​ស៊ី​ធ្លាក់​ទៅ​ក្រោម​ការ ត្រួតត្រា​របស់​បារាំង តាំងពី​ថ្ងៃទី​១២ ខែ​ឩ​សភា ឆ្នាំ​១៨៨១ នោះមក ។

​ចលនា​ដើម្បី​ឯករាជភាព​
ទុយ​នី​ស៊ី គឺជា​រដ្ឋ​ដំបូង​គេ​នៅក្នុង​ពិភព​អារ៉ាប់​ដែល​ទទួល​ឥទ្ធិពល​ពី​ជាតិនិយម​ទំនើប​ប្រឆាំង នឹង​ការត្រួតត្រា​របស់​បារាំង ហើយ​ចលនា​ដើម្បី​ទាមទារ​ឯករាជភាពរ​បស់​ទុយ​នី​ស៊ី​ត្រូវបាន បង្កើតឡើង​ដំបូង​តាមរយៈ គណបក្ស យុវជន​ទុយ​នី​ស៊ី នៅ​ឆ្នាំ ១៩០៧​បង្កើត​ដោយ​ពួក​វេជ្ជ បណ្ឌិត មេធាវី និង យុវជន​ទុយ​នី​ស៊ី ដែល​ភាគច្រើន​ជា​និស្សិត​ហើយ​អ្នកខ្លះ​ទទួលបាន ការអប់រំ​ជ្រៅជ្រះ​ពី​ប្រទេស​បារាំង ។

​គណបក្ស​យុវជន​ទុយ​នី​ស៊ី នេះ​បានធ្វើ​យុទ្ធនាការ​ដើម្បី​ការពារ​បេតិកភណ្ឌ​អារ៉ាប់​-​មូ​ស្ល៊ី​ម ជាដើម​ដែល​ពេលនោះ​កំពុង​រង​ការ​រុករាន​ពី​សំណាក់​អាណានិគម​បារាំង និង ជន​អឺរ៉ុប ដទៃទៀត​ដូចជា​អ៊ីតាលី​ជាដើម ។

​លុះដល់​ឆ្នាំ​១៩២០ គណបក្ស​សេរី អាស្រ័យ​ធម្មនុញ្ញ បាន​បង្កើត​មូលដ្ឋាន​អំណាច​ដ៏​រឹងមាំ​មួយ គាំទ្រ​ដោយ​ចក្រភព​អូ​តូ​ម៉​ង់ ហើយ​គ្រប់គ្រង​ប្រទេស​ទុយ​នី​ស៊ី​ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយ ជា​ប្រទេស​ឯក​បក្ស ។​

​នៅ​ឆ្នាំ​១៩៣៩ គណបក្ស​សេរី អាស្រ័យ​ធម្មនុញ្ញ​ថ្មី ត្រូវបាន​បង្កើតឡើង​ដោយ​យុវជន ជាតិនិយម​ជំនាន់​ថ្មី ដែល​បាន​ខិតខំ​តស៊ូ​ពុះពារ​ជម្នះ​ដើម្បី​ឯករាជភាព ។​ជាមួយនឹង​ចលនា​ដើម្បី ឯករាជភាព​ដែល​ត្រូវបាន​បញ្ចូល​កម្លាំង​ថ្មី​នេះ បានជ្រើសរើស​អ្នកដឹកនាំ​ថ្មី​ម្នាក់​គឺ​លោក ហា​ប៊ី​ប បួ​ហ្គូ​អ៊ី​បា (Habib Bourguiba​ឈ្មោះ​ពេញ​Habib Ben Ali Bourguiba ) ។​

​ជាមួយនឹង​ការ​គំរាម​របស់​ចលនា ដើម្បី​ឯករាជ្យ​នេះ អាណានិគម​បារាំង បាន​ហាមឃាត់​ចលនា Neo Destour លែងឱ្យ​ដំណើរការ ហើយ​បាន​ចាប់​លោក Bourguiba ទៅ​ដាក់ពន្ធនាគារ​បារាំង ពី​ទីមួយ​ទៅ​ទីមួយ​អស់​រយៈពេល ២០ ឆ្នាំ ។

​សង្គ្រាមលោកលើកទី​២ បាន​បញ្ឈប់​ចលនា​ដើម្បី​ឯករាជ​របស់​ទុយ​នី​ស៊ី ប៉ុន្តែ​បាន​ជួយ​ឱ្យគេ បញ្ជូន​លោក Bourguiba ចេញពី​ពន្ធនាគារ​បារាំង ទៅ​ចូលរួម​ក្នុង​ចលនា Axi (​ចលនា​ជាតិ សាសន៍​មួយចំនួន ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព​ស​ម្ព័​ន្ធ​មិត្ត នៅ​ក្នុងសម័យ​សង្គ្រាមលោក លើក​ទី ២ ដែល​អាល្លឺម៉ង់ ជប៉ុន និង អ៊ីតាលី ជា​ប្រមុខ ) នាទី​ក្រុង រ៉ូម ។

​ដើម្បី​ជួយ​ចលនា Axis ពួក​ណា​ស៊ី​ស (The Nazis) បានដាក់​សម្ពាធ​លើ​លោក Bourguiba ឱ្យប្រើ​ប្រាស់​ឥទ្ធិពល និង​ប្រជាប្រិយភាព​របស់គាត់​ជុំវិញ​អ្នក​ប្រយុទ្ធ ដើម្បី​ឯករាជ្យ​ទុយ​នី​ស៊ី ដើម្បី​រុញច្រាន​ការ​លុកលុយ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ចេញពី​អាហ្វ្រិក​ខាងជើង ប៉ុន្តែ​លោក Bourguiba បាន​បដិសេធ ។

​យុទ្ធនាការ​របស់​ពួក​ណា​ស៊ី​ស បាន​បរាជ័យ​នៅ​ប្រទេស​អេ​ហ្ស៊ី​ព ហើយ​លោក Bourguiba ត្រូវបាន​ដោះលែង​ចេញពី​គុក​នៅ​ឆ្នាំ ១៩៤៣ ហើយ​គាត់​បាន​ត្រឡប់​ទៅ​មាតុប្រទេស​របស់ គាត់​វិញ​។ ពេលនោះ លោក Bourguiba បានដាក់​ចេញ​នូវ​គំនិត​ថ្មី គឺ​ការដណ្តើមយក​ឯករាជ្យ តាម​លំដាប់លំដោយ ហើយ​ត្រូវបាន​គាំទ្រ​ដោយ​ជនជាតិ​ទុយ​នី​ស៊ី​ភាគច្រើនបំផុត ។​

​ដើម្បី​បង្ខំ​អាណានិគម​បារាំង​ឱ្យ​ចាក​ចេញពី​ទឹកដី ទុយ​នី​ស៊ី ចលនា Neo Destour បាន​ត្រឡប់ ទៅ​រៀបចំ​បង្កៃ បំផ្ទុះ​គ្រាប់បែក​ជាច្រើន ហើយ​រៀបចំ​ការវាយប្រហារ​បែប​ភេរវ​និយម​ជាច្រើន ទៅ​លើក​ផលប្រយោជន៍​អាណានិគម ។​

​ពួក​អាណានិគម​បារាំង​បាន​ឃុំឃាំង​លោក Bourguiba ពី​ចន្លោះ​ឆ្នាំ ១៩៥២-១៩៥៤​ពីបទ​នៅ​ពី ក្រោយ​ការវាយប្រហារ​នានា ។​ប្រការនេះ​ដូចជា​ការបន្ថែម​សាំង​ទៅលើ​ភ្លើង​រវាង​ចលនា​ឯករាជ្យ ទុយ​នី​ស៊ី និង អំណាច​អាណានិគម​បារាំង ។​

​នៅ​ឆ្នាំ ១៩៥៤ លោក Pierre Mendès France បាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បារាំង បាន​បង្កើត​នយោបាយ​ដកថយ​ចេញពី​ទុយ​នី​ស៊ី ហើយ​បានធ្វើ​កិច្ចព្រមព្រៀង​ប្រគល់​សិទ្ធិ ស្វ័យភាព​ផ្ទៃក្នុង​ទៅឱ្យ​ជនជាតិ​ទុយ​នី​ស៊ី​បានធ្វើឱ្យ​ស្រាកស្រាន្ត​នូវ​អំពើហិង្សា​នៅក្នុង​ប្រទេស នេះ ។ ប៉ុន្តែ​អាណានិគម​បារាំង​នៅតែ​កាន់កាប់​កិច្ចការ​នយោបាយ​បរទេស​របស់​ប្រទេស នី​ស៊ី​ដដែល ។​

​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​១៩៥៥ លោក Bourguiba ត្រូវបាន​ដោះលែង និង​ត្រឡប់​ទៅ​ទឹកដី​ទុយ នី​ស៊ី វិញ ។ នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៥៥ បារាំង​បានប្រគល់​ឯករាជភាព​ដល់​ប្រទេស ម៉ា​រ៉ុ​ក បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ឯករាជភាព​នៅ​ទុយ​នី​ស៊ី ។

​បន្ទាប់ពី​មាន​កិច្ចចរចា យ៉ាង​តានតឹង​ជាច្រើន​មក នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៥៦​អាណាព្យាបាល បារាំង បានប្រគល់ ឯករាជភាព​យ៉ាង​ពេញលេញ​ទៅឱ្យ​ជនជាតិ ទុយ​នី​ស៊ី ដឹកនាំ​ដោយ​លោក Habib Bourguiba ។​

​មួយឆ្នាំ​ក្រោយមក គឺ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​១៩៥៧ ដែនដី​ទុយ​នី​ស៊ី ត្រូវបាន​ប្រកាសថា ជា​សាធារណរដ្ឋ​ទុយ​នី​ស៊ី ។ លោក Habib Bourguiba ក៏បាន​ក្លាយជា​បុរស​រដ្ឋ​និង​ជា​ប្រ​ធានា ធិបតី ដំបូង​គេ​បំផុត នៃ សាធារណរដ្ឋ ទុយ​នី​ស៊ី ចាប់តាំងពី​ឆ្នាំ ១៩៥៧ រហូតដល់​ឆ្នាំ ១៩៨៧ ។​

​នៅ​ឆ្នាំ​២០១១ មាន​បដិវត្តន៍​ប្រព័ន​យោ​បាយ និង ប្រព័ន្ធ​ដឹកនាំ​ប្រទេស ហើយ​ក៏បាន​ទម្លាក់ ប្រធានាធិបតី អត្តា​ធិបតេយ្យ (​យក​ខ្លួនឯង​ជាធំ​) លោក Zine El Abidine Ben Ali ចេញពី​តំណែង ហើយ​បាន​ប្រារព្ធ​ការបោះឆ្នោត​សេរី​លើកដំបូង​របស់​ប្រទេស ។ តាំងពី​ពេលនោះ​មក ទុយ​នី​ស៊ី បាន​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​បង្រួបបង្រួម ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

លោក Habib Bourguiba ជា​បុរស​រដ្ឋ​និង ជា​ប្រធានាធិបតី ដំបូង នៃ សាធារណរដ្ឋ ទុយ​នី​ស៊ី
​ក្បួនព្យុហយាត្រា​កងទ័ព​ទុយ​នី​ស៊ី​នៅ​ថ្ងៃបុណ្យ​ឯករាជ​ជាតិ
​ក្បួនព្យុហយាត្រា​កងទ័ព​ទុយ​នី​ស៊ី​នៅ​ថ្ងៃបុណ្យ​ឯករាជ​ជាតិ
ទីក្រុង ទុ​នី​ស នៃ សាធារណរដ្ឋ ទុយ​នី​ស៊ី