ទិវា​ឯករាជ្យ​ជាតិ នៃ សាធារណៈរដ្ឋ ហ្កា​ណា​

251
ចែករម្លែក

​ភ្នំពេញ​៖ ប្រទេស​ហ្កា​ណា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​៦ ខែមីនា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​ប្រកាស​បង្កើត​រដ្ឋ​ហ្កា​ណា កាលពី​ឆ្នាំ​១៩៥៧ ហើយ​ហ្កា​ណា បាន​ក្លាយជា​រដ្ឋ​អាហ្វ្រិក​ទី​១ ដែល​បានប្រកាស​ឯករាជ្យភាព ពី​អាណានិគម​អឺរ៉ុប ក៏​ជា​និមិត្តរូប​ដល់​ឯករាជ្យភាព នៃ​ជន​ស្បែក​ខ្មៅ​នៅ​អាហ្វ្រិក និង​នៅ​សហរដ្ឋអាមេរិក ហើយ​ហ្កា​ណា សម្បូរ​ទៅដោយ​ភោគ​សម្បត្តិ​ធម្មជាតិ ក្នុងនោះ​មាន រ៉ែ​មាស ត្បូង​ពេជ្រ រ៉ែ​ប្រេងកាត ដី​សម្បូរ​ជីជាតិ សត្វព្រៃ​សម្បូរបែប ស្ទឹង ទន្លេ ខ្វាត់ខ្វែង ។

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ហ្កា​ណា មាន​ផ្ទៃដី ២៣៨.៥៣៥ ម៉ែត្រក្រឡា ស្ថិតនៅតាម​បណ្តោយ​ឈូង សមុទ្ទ​ហ្គី​ណេ និង​មហាសាគរ​អា​ត្ល​ង់​ទិ​ក នៅក្នុង​អនុតំបន់​អាហ្វ្រិក​ខាងលិច មាន​ព្រំដែន​ជាប់​ជា មួយ​ប្រទេស​គូ​ដឺ​វ័រ​, ប៊ុ​យ​គី​ណា ហ្វា​សូ​, តូ​ហ្គោ និង​ឈូងសមុទ្ទ​ហ្គី​ណេ​។ ដើមឆ្នាំ​២០១៩​មាន ប្រជាពលរដ្ឋ​ជាង ២៩ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត និង​សាសនា​អ៊ិ​ស្លាម ជា​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍ និង​ចម្រុះ​ពណ៌​សម្បុរ គឺមាន​ស្បែក​ខ្មៅ ស្បែ​កស និង​ស្បែក​លឿង ប៉ុន្តែ​ភាគច្រើនបំផុត ជា​ជន​ស្បែក​ខ្មៅ ភាសាផ្លូវការ គឺ​ភាសា​អង់គ្លេស ដែល​បន្សល់​ពី​អាណានិគម រដ្ឋធានី​គឺ​ទីក្រុង​អាក្រា ហើយ​នៅ​ហ្កា​ណា មាន​រដូវ​សំខាន់ៗ​ពីរ គឺ​រដូវវស្សា និង​រដូវប្រាំង ដូចជា​នៅ​ប្រទេស​កម្ពុជា​ដែរ​។​
​ ​
សាវតារ​
​ពាក្យ​ថា ហ្កា​ណា មាន​ដើមកំណើត​មកពី​ភាសា​ម៉ាន់​ដេ ដែល​មានន័យថា “​ស្តេច​ចម្បាំង “ ។ ដោយសារ​ប្រទេស​នេះ មាន​ព្រំដែន​ជាប់​នឹង​ឈូងសមុទ្ទ​ហ្គី​ណេ ទើប​ពួក​អ្នកសិក្សា​ខ្លះ​សន្និដ្ឋានថា ពាក្យ​ថា ហ្កា​ណា ក៏​ប្រហែលជា​សំដៅ​ដល់​ពាក្យ​ថា ហ្គី​ណេ ដែលជា​ឈ្មោះ​សមុទ្ទ​ដែរ​។​
​ហ្កា​ណា គឺជា​រដ្ឋ​ដែលមាន​ការអភិវឌ្ឍ​បំផុត​មួយ នៅ​អាហ្វ្រិក ដែលមាន​អភិបាលកិច្ច ស្ថេរភាព សន្តិភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស​តាម​ស្តង់ដា​តំបន់ ។ សេដ្ឋកិច្ច​របស់ ហ្កា​ណា ធំ​លំដាប់ លេខ​៦ នៅក្នុង​ទ្វីបអាហ្វ្រិក ហើយ​ត្រូវបាន​ចាត់ជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​លឿន​បំផុត មួយ​ក្នុង​លោក ។

​ហ្កា​ណា គឺជា​ប្រទេស​ផលិត​ប្រេង​ឆៅ និង​ឩ​ស្ម័ន​ធម្មជាតិ ដ៏​សំខាន់​មួយ ដោយ​ឋានៈ​ជា​ប្រទេស ធំជាងគេ​លំដាប់​ទី​៥ ក្នុងការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ផ្គត់ផ្គង់​ឩ​ស្ម័ន​ធម្មជាតិ​ធំជាងគេ​លំដាប់​ទី​៦ នៃ​ទ្វីបអាហ្វ្រិក ។ ហ្កា​ណា គឺជា​ប្រទេស​ផលិត​មាស និង ពេជ្រ ធំជាងគេ​បំផុត​មួយ​របស់ ពិភពលោក ។​

​ការលូតលាស់​រុងរឿង​ផ្នែក​សេដ្ឋកិច្ច និង​ប្រព័ន្ធ​នយោបាយ បែប​ប្រជា​ធិ​ប​តេត​យ្យ បានធ្វើឱ្យ ហ្កា​ណា ក្លាយជា​ប្រទេស​មានអំណាច​មួយ នៅក្នុង​តំបន់​អាហ្វ្រិក​ខាងលិច និង​ក្នុង​ទ្វីបអាហ្វ្រិក​ផង ។ ហ្កា​ណា គឺជា​សមាជិក នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ជា​សមាជិក នៃ សហគមន៍​សេដ្ឋកិច្ច រដ្ឋ​អាហ្វ្រិក​ខាងលិច (ECOWAS) និង​ជា​សមាជិក នៃ ក្រុម​ប្រទេស G ២៤ ផងដែរ ។​

ប្រវត្តិសាស្ត្រ​
​ហ្កា​ណា បាន​ត្រូវបាន​រកឃើញ នៅក្នុង​មជ្ឈិមសម័យ និង​សម័យ នៃ​ការរុករក ដោយ​អាណាចក្រ អាកា​ន់ ស្ថិតនៅ​ភាគខាងត្បូង និង ភាគ​កណ្តាល ដែល​ក្នុងនោះ​រួមទាំង ចក្រភព អា​ហ្សា​ន​ទិ អា​ក្វា​មូ បូ​ណូ​ម៉ាន ដែន​គី​អ៊ី​រ៉ា និង អាណាចក្រ ម៉ាន​កេ​ស្ស៊ី​ម ផង​។​

​ទឹកដី​នៅ​តំបន់​ប្រទេស ហ្កា​ណា នាពេល​បច្ចុប្បន្ននេះ រហូតដល់​សតវត្សរ៍​ទី​១១ ពុំមាន​មនុស្ស​រស់ នៅឡើយ ដោយ​គ្រាន់តែ​ធ្លាប់មាន​ចលនា​របស់​ប្រជាពលរដ្ឋ ដែល​ក្នុងនោះ​ប្រជាជាតិ អា​កាន ធ្លាប់បាន​រស់នៅ​ទីនោះ​ក្នុង​សត្ត​វត្សរ៍​ទី​៥ មុន​គ្រិស្តសករាជ ។ នៅ​សតវត្សរ៍​ទី​១១ ប្រជាជន អា​កាន ត្រូវបាន​លប់បំបាត់​ចេញពី​រដ្ឋ អា​កាន ដោយសារ​ការផ្លាស់​អ្នកដឹកនាំ ។

​ចាប់ពី​សតវត្សរ៍​ទី​១៣ មក ប្រជាជន អា​កាន បាន​លេចឡើង​សាជាថ្មី និង បាន​បង្កើត​រដ្ឋ​អាកា​ន ជាច្រើន ដោយ​ផ្អែកលើ​ជំនួញ​មាស​ជា​ចម្បង ។​ប្រជាជន អា​កាន អា​ហ្សា​ន​ទិ បាន​បង្កើត​ជំនួញ សេដ្ឋកិច្ច​ជឿនលឿន ដោយបាន​ផ្អែកលើ​ជំនួញ​មាស​បន្ទាប់មក​បានធ្វើ​ជំនួញ​ជាមួយ​អាហ្វ្រិក​ផ្សេងៗ ។

ទំនាក់ទំនង​ជាមួយ​ពួក​អឺរ៉ុប
​ជនជាតិ​ព័រទុយហ្កាល់ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​រដ្ឋ​អាកា​ន នា​សតវត្សរ៍​ទី​១៥ ដើម្បី​ធ្វើ​ជំនួញ ហើយ​បាន​បង្កើត​ឆ្នេរ​មាស ព័រទុយហ្កាល់ សំដៅ​ដល់​តម្លៃ​ដ៏​ធំធេង​នៃ​មាស ។ ជនជាតិ​ព័រទុយហ្កាល់ ជាដំបូង បាន​ទៅ​ចត​នៅ​ទីក្រុង​ខាងត្បូង ហើយ​បានឱ្យ​ឈ្មោះ​ទីនោះ​ថា Elmina ថា​ជាទី​ក្រុង​ឆ្នេរ​មាស របស់​ជនជាតិ​ព័រទុយហ្កាល់ ។ ជំនួញ​របស់​ប្រជាជន អា​កាន ជាមួយ​រដ្ឋ​អឺរ៉ុប បានចាប់ផ្តើម ។ ជនជាតិ​ព័រទុយហ្កាល់ បាន​ចាប់ចិត្ត​យ៉ាងខ្លាំង នឹង​ធនធាន​រ៉ែ​មាស នៅក្នុង​តំបន់​មួយ ហើយ​បានដាក់​ឈ្មោះ​ទីនោះ​ថា ឆ្នេរ​មាស ។​

​នៅ​ឆ្នាំ​១៤៨១ ស្តេច ច​ន ទី​២ របស់​ព័រទុយហ្កាល់ បាន​បញ្ជូន​បេសកជន​ឱ្យទៅ​សាងសង់ បន្ទាយ​ឈ្មោះ Elmina Castle ដែល​បាន​សាងសង់​រួច ក្នុង​រយៈពេល បី ឆ្នាំ ។​

​លុះដល់​ឆ្នាំ​១៥៩៨ ជនជាតិ​ហុ​ល្លង់ បាន​ទៅ​ចួ​ល​រួមជាមួយ​ជនជាតិ​ព័រទុយហ្កាល់ ក្នុង​ពាណិជ្ជកម្ម មាស​នោះ ហើយ​ក៏បាន​បង្កើត​ឆ្នេរ​មាស​ហុ​ល្លង់ ។ នៅ​ឆ្នាំ​១៦១៧ ពួក​ហុ​ល្លង់ បាន​ដណ្តើមយក​ឆ្នេរ អូ​ល​នី​និ ពី​ពួក​ព័រទុយហ្កាល់ ហើយ​ដណ្តើមយក​ទីក្រុង​ឆ្នេរ Axim ពី​ពួក​ព័រទុយហ្កាល់ ទៀត​នៅ​ឆ្នាំ ១៦៤២ ។

​ឈ្មួញ​អឺរ៉ុប​ផ្សេងៗ​ទៀត ក៏បាន​ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​មាស​នេះដែរ នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៧ ហើយ​ក្នុងនោះ​មាន​ជនជាតិ ស៊ុយអែត បង្កើត​ឆ្នេរ​មាស ស៊ុយអែត និង ជនជាតិ ដា​ណឺ​ម៉ាក បង្កើត​ឆ្នេរ​មាស ដា​ណឺ​ម៉ាក ជាដើម​។​

​បន្ទាយ​និង​ប៉ម ជាង ៣០ ត្រូវបាន​សាងសង់ឡើង ដោយ​ឈ្មួញ​ជាន​ជាតិ ព័រទុយហ្កាល់ ស៊ុយអែត ដា​ណឺ​ម៉ាក ហុ​ល្លង់ និង អាល្លឺម៉ង់ ។ លុះ​ក្រោយមក​ជនជាតិ​អាល្លឺម៉ង់ ក៏បាន​បង្កើត ឆ្នេរ​មាស អាល្លឺម៉ង់ ដែរ​។​

​វត្តមាន​អង់គ្លេស​-​បង្កើត​រដ្ឋ ហ្កា​ណា​
​នៅ​ឆ្នាំ​១៨៧៤ មហា​ចក្រភព​អង់គ្លេស ក៏បាន​ទៅដល់​តំបន់ឆ្នេរ​មាស ហើយ​ដោយសារតែ​ផល ប្រយោជន៍​ពាណិជ្ជកម្ម អង់គ្លេស បាន​បង្កើត​ការត្រួតត្រា នៅ​ផ្នែក​នានា នៃ ទឹកដី​ភាគខាងត្បូង គឺ​រដ្ឋ​អាកា​ន ( ដោយ​រួមទាំង​អាណាចក្រ អា​ហ្សា​ន​ទិ ផង ) ដោយ​ចាត់ទុក​តំបន់​ទាំងនេះ​ថា ជា​ភាព​ឩ​ត្ត​ម នៃ​ឆ្នេរ​មាស​អង់គ្លេស​។ រដ្ឋ​អាកា​ន ដែលជា​រដ្ឋ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ បានក្លាយ ជា​រដ្ឋ​មុនដំបូង​គេ​បំផុត​នៅ​អាហ្វ្រិក ដែល​ស្ថិតក្រោម​អាណានិគម​អង់គ្លេស​។ សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ រដ្ឋ ឬ ប្រទេសមួយ ដែលមាន​ឈ្មោះ ហ្កា​ណា គឺ​ប្រទេស ហ្កា​ណា បច្ចុប្បន្ននេះ មិនទាន់​ត្រូវបាន​បង្កើត​នៅឡើយ ។

​ចលនា​កម្លាំងយោធា​ជាច្រើន បានកើត​ឡើង រវាង​អាណានិគម​អង់គ្លេស និង​រដ្ឋ​អាកា​ន នានា និង​អា​ហ្សា​ន​ទិ​ដែល​បាន​យកជ័យ​ជម្នះ​លើ​អង់គ្លេស​ជា​ច្រើនដង​នៅក្នុង​សង្គ្រាម​ប្រឆាំង ចក្រភព​អង់គ្លេស​ដែលមាន​រយៈពេល​១០០ ឆ្នាំ ។ ប៉ុន្តែ​ទីបំផុត​ពួកគេ​បាន​ចាញ់​សង្គ្រាម ដែលមាន​ឈ្មោះថា “ សង្គ្រាម​កៅអី​មាស “ នៅក្នុង​ទសវត្សរ៍​១៩០០​។​

​នៅ​ឆ្នាំ​១៩៤៧ សន្និបាត ឆ្នេរ​មាស រួបរួម (United Gold Coast Convention = UGCC) ដែល​ទើប​ត្រូវបាន​បង្កើត​ថ្មីៗ បាន​អំពាវនាវ​ឱ្យមាន​រដ្ឋាភិបាល​ស្វយ័ត​មួយ បន្ទាប់ពី​ការបោះឆ្នោត នីតិបញ្ញត្តិ​ឆ្នេរ​មាស នៅ​ឆ្នាំ​១៩៤៦ មក ។ ពេលនោះ លោក​បណ្ឌិត Kwame Nkrumah គឺជា​នាយករដ្ឋមន្ត្រី​លើកដំបូង និង​ជា​ប្រធានាធិបតី នៃ​រដ្ឋាភិបាល​ស្វយ័ត​នោះ ហើយ​បាន​បង្កើត គណបក្ស​សន្និបាត​ប្រជាជន (Convention People’s Party =CPP) ។

​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី រដ្ឋាភិបាល​ស្វយ័ត លោក Osagyefo Kwame Nkrumah បានឈ្នះ​ឆ្នោត​ភាគច្រើន នៅក្នុង​ការបោះឆ្នោត​នីតិបញ្ញត្តិ ឆ្នេរ​មាស ឆ្នាំ​១៩៥១ សម្រាប់​សភា​នីតិ បញ្ញត្តិ ឆ្នេរ​មាស ឆ្នាំ ១៩៥២ លោក Nkrumah ត្រូវបានតែងតាំង​ជា​មេដឹកនាំ​រដ្ឋាភិបាល ពាណិជ្ជកម្ម​ឆ្នេរ​មាស​។

​ប្រមាណ​ជា ៣ ខែ បន្ទាប់ពី​បានឈ្នះ​ឆ្នោត​មក ពោលគឺ​នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​១៩៥៧ វេលា​ម៉ោង ១២ ថ្ងៃត្រង់ លោក Kwame Nkrumah បានប្រកាស​រដ្ឋ​ស្វយ័ត ហ្កា​ណា ជា​រដ្ឋ​ឯករាជ្យ​ពី ចក្រភព​អង់គ្លេស ហើយ​រដ្ឋ​ហ្កា​ណា ក៏បាន​ចាប់ផ្តើម​មា​នវ​ត្ត​មាន​ប្រាកដ ក្នុង​លោក​ចាប់ពីពេលនោះ រហូតមកដល់​សព្វថ្ងៃ ។​

​ប្រមាណ​ជា ២ ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​១៩៦០ បន្ទាប់ពី​ការបោះឆ្នោត ប្រជាមតិ និង​ការបោះឆ្នោត​ប្រធានាធិបតី​មក លោក Nkrumah បានប្រកាសថា ហ្កា​ណា គឺជា​សាធារណរដ្ឋ ហើយ​គាត់ ក៏​ជា​ប្រធានាធិបតី​ដំបូង របស់​ហ្កា​ណា ហើយ​រូបសំណាក របស់លោក Nkrumah ត្រូវបាន​ស្ថាបនា​ឡើង ជា​តំណាង​ឯករាជ្យភាព​ជាតិ​។​

​ប្រការនេះ បាន​ញ៉ាំងឱ្យ​ប្រទេស​ហ្កា​ណា បាន​ក្លាយជា​និមិត្តរូប នៃ​ភាពជោគជ័យ​របស់​ជន ស្បែក​ខ្មៅ និង​ជាការ​ជំរុញ​ទឹកចិត្ត ឱ្យមាន​ចលនា​ឯករាជ្យភាព នៃ​រដ្ឋ​នានា នៅ​អាហ្វ្រិក ។ មិនតែប៉ុណ្ណោះ ជោគជ័យ​នៃ​ការទទួលបាន​ឯករាជ្យភាព​របស់​ហ្កា​ណា​ក៏​ថែមទាំង​បាន​ជះឥទ្ធិពល យ៉ាងសំខាន់ ដល់​ចលនា​ជន​ស្បែក​ខ្មៅ នៅ​សហរដ្ឋអាមេរិក ទៀតផង​។​

​ទោះយ៉ាងណា រដ្ឋាភិបាល​អាហ្វ្រិក​មួយ​នេះ បាន​ជួបប្រទះ​នូវ​ភាព​ប្រទាំង​ប្រទើស​រហូតដល់​មាន ការធ្វើ​រដ្ឋប្រហារ ផ្លាស់ប្តូរ​របប​មួយចំនួន ទម្រាំ​បាន​សាន្តត្រាណ ដូច​សព្វថ្ងៃ បន្ទាប់ពី​លោក John Dramani Mahama ជា​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​ត្រូវបាន​លើក​ជា​ប្រធានាធិបតី នៃ​សាធារណរដ្ឋ ទី​៤ និង​ជា​ប្រធានាធិបតី ទី​១២ នៃ​ប្រទេស​ហ្កា​ណា ហើយ​បាន​ជ្រោង​មុខមាត់​ហ្កា​ណា ថា​ជា​រដ្ឋ ប្រជាធិបតេយ្យ ។
​ ​
​តាំងពី​បាន​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស​មក ប្រទេស​ហ្កា​ណា បាន​ប្តេជ្ញា​ធ្វើជា​ប្រទេស​មិន​ចូល បក្សសម្ព័ន្ធ ថែមទាំង​បាន​បង្កើត​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ទៀតផង ។​

​ហ្កា​ណា សកម្ម​ក្នុងការ​សហការ​នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​កម្រិត​តំបន់ និង អន្តរជាតិ ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ ។ ហ្កា​ណា ក៏​ជា​សមាជិក​សកម្ម នៃ​សហភាព​អាហ្វ្រិក (AU) និង​ជា​សមាជិក​សកម្ម នៃ​អង្គការសហប្រជាជាតិ (UN) ហើយ​ពិភពលោក ពិតជា​មិន ភ្លេច​ទេ នូវ​ជនជាតិ​ហ្កា​ណា​ម្នាក់ គឺ​លោក កូ​ហ្វ៊ី អាណាន់ (Kofi Annan) ដែល​បាន​កាន់តំណែង ដ៏​កំពូល គឺ​អគ្គលេខាធិការ​អង្គការសហ ប្រជាជាតិ ចាប់ពី​ខែមករា ឆ្នាំ​១៩៩៧ ដល់​ខែធ្នូ ឆ្នាំ​២០០៦ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​លោក Kwame Nkrumah​នា​ថ្ងៃ​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស នៃ រដ្ឋ ហ្កា​ណា នៅ​ឆ្នាំ ១៩៥៧
ក្បួនព្យុហយាត្រា​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ហ្កា​ណា
ទីក្រុង អាក្រា នៃ សាធារណរដ្ឋ ហ្កា​ណា