ទិវា​ឯករាជ្យ​ជាតិ នៃ សាធារណរដ្ឋ ម៉ា​ដា​ហ្គា​ស្កា​

1032
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ា​ដា​ហ្គា​ស្កា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួក គេ​នៅ​ថ្ងៃទី ២៦ ខែ មិថុនា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ទទួលបាន​ឯករាជភាព​ពី បារាំង កាលពី​ឆ្នាំ ឆ្នាំ ១៩៦០ បន្ទាប់ពី​ពួកគេ​បាន​តស៊ូ​បះបោរ​ប្រឆាំងនឹង​អាណានិគម បារាំង​ហើយ​ត្រូវបាន​បារាំង កម្ទេច​យ៉ាង​ឃោរឃៅ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស ជាតិ ដោយមាន​ប្រជាពលរដ្ឋ ម៉ា​ដា​ហ្គា​ស្កា ស្លាប់​ជិត ១០ ម៉ឺន នាក់ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ម៉ា​ដា​ហ្គា​ស្កា មាន​ផ្ទៃដី ៥៨៧.០៤១ គីឡូម៉ែត្រ​ក្រឡា គឺជា​រដ្ឋ​កោះ ស្ថិតនៅក្នុង​មហាសាគរ ឥណ្ឌា ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ ជាង ២៦ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា គ្រិស្ត និកាយ​កាតូលិក ភាសាផ្លូវការ គឺ​ភាសា​បារាំង រដ្ឋធានី​គឺ​ទីក្រុង អង់​តា​ណា​ណា​រី​វ ។​

​ប្រ​វិ​ត្តិ​សាស្ត្រ​
​ដោយសារតែ ម៉ា​ដា​ហ្គា​ស្កា គឺជា​រដ្ឋ​នៅ​កណ្តាល​សមុទ្ទ ទើប ម៉ា​ដា​ហ្គា​ស្កា បានក្លាយ ជា​មណ្ឌល ត​ភ្ជាប់ នៃ ការដឹកជញ្ជូន​ពាណិជ្ជកម្ម រវាង មហាសាគរ ឥណ្ឌា អារ៉ាប់ និង អឺរ៉ុប ។ ដូច្នេះ​គិត​ត្រឹម​ដើម សតវត្សរ៍​ទី ១៩ មក បារាំង បាន​ព្យាយាម​លុកលុយ​កាន់ កាប់​ព្រះរាជាណាចក្រ​កោះ​មួយ​នេះ ដោយ​ប្រការ​ផ្សេងៗ​រួមទាំង​មធ្យោបាយ​យោធា ផង ប៉ុន្តែ​មិនបាន​សម្រេច ។ ក្រោយមក​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ចម្រូងចម្រាស មួយ​រវាង​ព្រះអង្គម្ចាស់ រ៉ា​ដា​ម៉ា ទី ២ នៃ ព្រះរាជាណាចក្រ ម៉ា​ដា​ហ្គា​ស្កា និង​ពាណិជ្ជករ បារាំង ចូ​សេ​ហ្វ ហ្វ្រ​ង់​ស៊ី​ស ឡាំ​ប៊ែ​ត៍ ដោយ​ឱ្យ​ឈ្មោះថា Lambert Charter ។​

​ឆ្នាំ ១៨៦១ ព្រះអង្គម្ចាស់ រ៉ា​ដា​ម៉ា ទី ២ បាន​ឡើង​ស្នងរាជ្យ ប៉ុន្តែ​ត្រូវបាន​នាយករដ្ឋមន្ត្រី រ៉ានី​វ៉ូ​នី​ណា​ហ៊ី​ទ្រី​នី​អូ​នី និង ពួក​អ្នក​កសិករ ដែលមាន​បំណង​ចង់​លប់បំបាត់​អំណាច ផ្តាច់ការ​របស់​ស្តេច ធ្វើ​រដ្ឋប្រហារ នៅ​ឆ្នាំ ១៨៦៣ ។ អំណាច​របស់​ប្រទេស​ត្រូវបាន កាន់កាប់​រួម​រវាង នាយករដ្ឋមន្ត្រី និង ជា​ឧ​ត្ត​ម​សេនីយ៍ រ៉ានី​វ៉ូ​នី​ណា​ហ៊ី​ទ្រី​នី​អូ​នី និង ម្ចាស់​ក្ស​ត្រី​យ៍ រ៉ា​សូ​ហេ​រី​នា (​របស់​អតីត​ស្តេច រ៉ា​ដា​ម៉ា ទី ២) ។ ព្រះរាជាណាចក្រ​កោះ ម៉ា​ដា​ហ្គា​ស្កា ត្រូវបាន​ចាប់​ផ្តើមធ្វើ​ទំនើបកម្ម​លើ​គ្រប់​វិស័យ គឺ​ទាំង​ប្រព័ន្ធគ្រប់គ្រង ច្បាប់ កងទ័ព សេដ្ឋកិច្ច​ពាណិជ្ជកម្ម សុខាភិបាល និង វិស័យ​អប់រំ ។​

ធ្លាក់​ក្រោម​អាណានិគម​បារាំង
​តាមពិតទៅ មហាអំណាច​អឺរ៉ុប ដែល​ចង់​ក្តោប​ក្តាប់ ព្រះរាជាណាចក្រ ម៉ា​ដា​ហ្គា​ស្កា មិនមែន​មានតែ បារាំង ទេ គឺមាន​ទាំង អង់គ្លេស ( ប្រហែលជា ព័រទុយហ្កាល់ ) ផងដែរ ។ នេះ​ក៏​ព្រោះតែ រដ្ឋ​កោះ​មួយ​នេះ ជា​ចំណុចកណ្តាល នៃ ជំនួញ​រវាង អឺរ៉ុប មហាសាគរ ឥណ្ឌា និង ពិភព​អារ៉ាប់ ។​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដ៏​លម្អៀង​ដែលមាន​ឈ្មោះថា Lambert Charter​រវាង​អតីត ព្រះអង្គម្ចាស់ រ៉ា​ដ៉ា​ម៉ា​ទី ២ និង ពាណិជ្ជករ​បារាំង ចូ​សេ​ហ្វ ហ្វ្រ​ង់​ស៊ី​ស ឡាំ​ប៊ែ​ត៍ មិនត្រូវ​បាន​គោរព​ឡើយ ។

​ដោយបាន​ចិញ្ចឹមចិត្ត​លេប​ត្របាក់​តាំងពី​យូរ​មកហើយ និង មិនអាច​អូសបន្លាយ​ខ្លាច ក្រែង​អង់គ្លេស ចូលកាន់​កាប់​បាន​មុន​ផង បារាំង បាន​យក​លេស​ថា ម៉ា​ដា​ហ្គា​ស្កា មិន​គោរព​កិច្ច​ព្រម​ព្រម Lambert Charter ហើយ​នៅ​ឆ្នាំ ១៨៨៣​ក៏បាន​បើក​ការ​វាយ លុក​ទៅលើ ព្រះរាជាណាចក្រ ម៉ា​ដា​ហ្គា​ស្កា បង្កើតបានជា​សង្គ្រាម ហ្វ្រ​ង់​កូ​-​ហូ​វ៉ា ។
​ ​
​ខែ កញ្ញា ឆ្នាំ ១៨៩៥ កងទ័ព បារាំង បាន​ចូលលុកលុយ​កាន់កាប់​រាជវាំង Rova នៃ រាជធានី អង់​តា​ណា​ណា​រី​វ ។ លុះដល់​ឆ្នាំ ១៨៩៦ ទើប​សង្គ្រាម​ត្រូវបាន​បញ្ចប់ ដោយ ព្រះរាជាណាចក្រ ម៉ា​ដា​ហ្គា​ស្កា បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​អាណានិគម​បារាំង ជា​ស្ថាពរ ។ បារាំង បាន​និរទេស​រាជវង្សានុវង្ស នៃ រាជវង្ស ម៉េ​រី​ណា ទៅ​កោះ Reunion និង អាល់​ហ្ស៊េ​រី ។​

​ពេលនោះ ក៏មាន​ចលនា​តស៊ូ​ប្រឆាំងនឹង ការកាន់កាប់​របស់​បារាំង​ផងដែរ​ដោយមាន ឈ្មោះថា ម៉េ​ណា​ឡាំ​បា ។ ចលនា​បះបោរ​នេះ ត្រូវបាន​គេ​ដឹងថា មាន​ម្ចាស់​ក្ស​ត្រី​យ៍ រ៉ា​ណា​វ៉ា​ឡូ​ណា ទី ៣ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ។ ប៉ុន្តែ​ត្រូវបាន​បារាំង​កម្ទេច​យ៉ាង ឃោ​ឃៅ​នៅ​ចុងឆ្នាំ ១៨៩៧ ហើយ​ម្ចាស់​ក្ស​ត្រី​យ៍ រ៉ា​ណា​វ៉ា​ឡូ​ណា ទី ៣ ត្រូវបាន​បារាំង និរទេស ។​

​ក្រោម​របប​អាណានិគម​បារាំង ចម្ការ​ជាច្រើន​ជា​លក្ខណៈ​ឧស្សាហកម្ម​ត្រូវបាន​បង្កើតឡើង​សម្រាប់​នាំ​គ្រាប់​ធញ្ញជាតិ ចេញ​ក្រៅប្រទេស ។​ទាសភាព​ត្រូវបាន​លប់បំបាត់​នៅ​ឆ្នាំ ១៨៩៦ ហើយ​ទាសករ ប្រមាណ​ជា ៥០០.០០០ ត្រូវបាន​ផ្តល់ឱ្យមាន​សេរីភាព ។ ទោះយ៉ាងណា​អតីត​ទាសករ ជាច្រើន បន្ត​រស់នៅ​ក្នុងផ្ទះ​អតីត​ម្ចាស់​របស់​ពួកគេ​ដដែល ក្នុង​ភាពជា​អ្នកបម្រើ ។ រាជវាំង Rova ត្រូវបាន​កែប្រែ​ឱ្យទៅជា សារមន្ទីរ ។​សាលារៀន​ត្រូវបាន​កសាង​បន្ថែម មួយចំនួនទៀត ជាពិសេស​នៅ​តំបន់​ដាច់ស្រយាល និង តំបន់ឆ្នេរ​សមុទ្រ ។ ផ្លូវ​រថភ្លើង ក៏​ត្រូវបាន​ស្ថាបនា ត​ភ្ជាប់​ពី​ទីក្រុង ឆ្នេរ សមុទ្រ ទៅ​រាជធានី អង់​តា​ណា​ណា​រី​វ ។

​នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី ១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) កងទ័ព​ម៉ា​ឡា​ហ្គា​ស៊ី នៃ ប្រទេស ម៉ា​ដា​ហ្គា​ស្កា បាន​ចូល​ប្រយុទ្ធ ក្នុងនាម​ជា បារាំង ។ នៅ​អំឡុង​ទសវត្សរ៍ ១៩៣០ ពួក​អ្នកមាន​គំនិត​នយោបាយ ណា​ស៊ី បាន​បង្កើត​ផែនការ ដោយបាន​កំណត់​រដ្ឋ​កោះ ម៉ា​ដា​ហ្គា​ស្កា ថា​ជា​ជំរុំ ដ៏​មាន​សក្តានុពល សម្រាប់​និរទេស ជនជាតិ​ជ្វី​ស របស់​អឺរ៉ុប ។ សង្គ្រាមលោកលើកទី ២ ( ១៩៣៩-១៩៤៥ ) ម៉ា​ដា​ហ្គា​ស្កា គឺជា​សមរភូមិ​ដ៏​ក្តៅគគុក​របស់​ចក្រភព​អង់គ្លេស និង បារាំង ។​

ចលនា​បះបោរ​ប្រឆាំង​បារាំង​
​ចលនា​ប្រឆាំងនឹង​បារាំង ក៏​ចេះតែមាន​ជា​ហូរហែ គ្រាន់តែ​ថា មិនសូវ​ចេញមុខ ។ ចលនា​សម្ងាត់​របស់​ពួក​អ្នក​ជាតិនិយម បានចាប់ផ្តើម​នៅ​អំឡុង​ទសវត្សរ៍ ឆ្នាំ ១៩១០ ។

​នៅក្នុង​សង្គ្រាមលោកលើកទី ២ កងទ័ព​អាល្លឺម៉ង់ បាន​យកឈ្នះ​លើ​កងទ័ព​បារាំង ( ប៊ែ​ល​ស៊ិ​ក , លុច​ហ្សាំ​បួរ និង ហុ​ល្លង់ ) នៅ​ខែ ឧសភា ឆ្នាំ ១៩៤០ (​រហូតដល់​មុន​ចប់ សង្គ្រាម​បន្តិច ) បានធ្វើឱ្យ បារាំង មិនអាច​គ្រប់គ្រង ម៉ា​ដា​ហ្គា​ស្កា បានឡើយ​ហើយ នៅ​ឆ្នាំ ១៩៤២ ម៉ា​ដា​ហ្គា​ស្កា ត្រូវបាន​កាន់កាប់​ដោយ ចក្រភព​អង់គ្លេស ។​

​ការបង្ខិតបង្ខំ​ឱ្យ​ប្រជាពលរដ្ឋ ម៉ា​ឡា​ហ្កា​ស៊ី ចូល​បម្រើកងទ័ព​បារាំង​ក្នុង​សង្គ្រាមលោក លើក​ទី ២ និង ការតម្រូវ​ឱ្យ​បង់ពន្ធដារ​ខ្ពស់ ដោយ​រួមទាំង​ស្រូវ​អង្ករ​ផង​ធ្វើឱ្យ​ចិត្ត​របស់ ប្រជាពលរដ្ឋ ម៉ា​ឡា​ហ្កា​ស៊ី កាន់តែ​ពោ​ពេញ​ទៅដោយ​កំហឹង​ច្រើន​ទៅៗ ។​

​នៅ​ឆ្នាំ ១៩៤១ ក៏មាន​ចលនា​ពួក​ជាតិនិយម​សង្គម​សម្ងាត់​មួយទៀត​ត្រូវបាន​បង្កើត ឡើង ឈ្មោះថា Panam ។ លុះដល់​ឆ្នាំ ១៩៤៣ ក៏មាន​ចលនា​ដូចគ្នានេះ​កើតឡើង មួយទៀត​ឈ្មោះថា Jiny ។ ចលនា​ទាំងពីរ​នេះ បង្កើតឡើង​ដើម្បី​ទាមទារ​ឯករាជភាព ម៉ា​ដា​ហ្គា​ស្កា ដោយ​កម្លាំង ប្រសិនបើ​ចាំបាច់ ។ សមាជិក​របស់​អង្គការ​សម្ងាត់​ទាំង ពីរ​នេះ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ។​

​នៅ​ខែ មករា ឆ្នាំ ១៩៤៤ ប្រធានាធិបតី បារាំង ហ្សា​ល ដឺ ហ្គោល បាន​សន្យាថា ប្រជាជាតិ​នៅ​ឯនាយសមុទ្រ​ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ បារាំង​នឹងត្រូវ​បាន ផ្តល់​អាសនៈ​ឱ្យមាន​តំណាង​នៅក្នុង​សភា ជាតិ​បារាំង ហើយ​សន្យាថា​នឹង​ផ្តល់​សិទ្ធិ ស៊ីវិល​ដល់​ប្រជាជាតិ​ទាំងនោះ​ទៀតផង ។ ប៉ុន្តែ​ការរំលោភបំពាន​នានា​ពី​សំណាក់ បារាំង នៅលើ​ទឹកដី ម៉ា​ដា​ហ្គា​ស្កា នៅតែ​បន្ត​ដដែល ។​

​ក្រោយពី​ចប់​សង្គ្រាមលោកលើកទី ២ ទៅ មេដឹកនាំ​ជាតិនិយម​សំខាន់ៗ​របស់​ម៉ា​ដា ហ្គា​ស្កា បាន​ព្យាយាម​ស្វែងរក​ឯករាជភាព​ជាតិ តាមរយៈ​ផ្លូវច្បាប់ ។ ជាដំបូង​សភា ធម្មនុញ្ញ ត្រូវបាន​កោះប្រជុំ នៅ​ទីក្រុង ប៉ារីស កាលពី​ខែ វិច្ឆិកា ឆ្នាំ ១៩៤៥ ដើម្បី ព្រាង​រដ្ឋធម្មនុញ្ញ នៃ សាធារណរដ្ឋ​បារាំង​ទី ៤ ដែល​កាលណោះ ម៉ា​ដា​ហ្គា​ស្កា ត្រូវបាន​តំណាង​ដោយ​បណ្ឌិត​ពីររូប គឺ​លោក​បណ្ឌិត ចូ​សេ​ហ្វ រ៉ា​សេ​តា និង បណ្ឌិត ចូ​សេ​ហ្វ រ៉ា​វ៉ូ​អា​ហាន​ហ្គី ។

​ក្រោយមក​បណ្ឌិត​ទាំងពីរ​រូបនេះ រួម នឹង​អនាគត​អ្នកនិពន្ធ​ម្នាក់ទៀត គឺ លោក ចែក រ៉ា​បេ​ម៉ា​ណាន​ចា​រ៉ា បាន​បង្កើត​គណបក្សនយោបាយ​មួយ​ឈ្មោះថា Mouvement démocratique de la rénovation malgache ហៅ​កាត់​ថា MDRM ។ គណបក្ស នយោបាយ​មួយ​នេះ បាន​ព្យាយាម​ស្វែងរក​ឯករាជភាព ម៉ា​ដា​ហ្គា​ស្កា​ដោយបាន​ដាក់ សំណើ​ទៅ​បារាំង ប៉ុន្តែ​ត្រូវបាន​បារាំង​ទាត់ចោល ។ ដោយ​បារាំង​នៅ​សង្ស័យថា ប្រសិនបើ​បារាំង​ផ្តល់​ឯករាជភាព​ទៅ ម៉ា​ដា​ហ្គា​ស្កា នោះ ចក្រភព​អង់គ្លេស ឬ​អាហ្វ្រិក ខាងត្បូង អាច​នឹង​ចាប់យក ម៉ា​ដា​ហ្គា​ស្កា ទៅ​ត្រួតត្រា​វិញ​ម្តង ។ ប៉ុន្តែ​ឥរិយាបថ របស់​បារាំង​បែបនេះ ត្រូវបាន​រង​ការរិះគន់​ធ្ងន់ៗ​ពី​សំណាក់​រដ្ឋាភិបាល​សហរ​ដ្ឋ​អាម៉េរិក បានធ្វើឱ្យ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ម៉ា​ឡា​ហ្កា​ស៊ី​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ទៅៗ​ចំពោះ អាណានិគម​បារាំង​។

​នៅ​ចំពោះមុខ​ស្ថានភាព​ដ៏​ក្តៅគគុក​បែប​នោះ នៅ​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ១៩៤៧ មេដឹកនាំ របស់​គណបក្ស MDRM បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ជំរុញ​ឱ្យ សាធារណជន រក្សា​ឱ្យបាន​ជាដាច់ខាត​នូវ​ការអត់ធ្មត់ និង​រក្សា​ចិត្ត​ឱ្យ​ស្ងប់​ក្នុងការ ប្រឈម​នឹង​ឧបាយកល និង ការ​ញុះញង់​គ្រប់​ទម្រង់​ដែលមាន​គោលដៅ​កកូរកកាយ បង្កបញ្ហា​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ ម៉ា​ឡា​ហ្កា​ស៊ី​ដោយ​ចេតនា​បំផ្លាញ​គោ​លន​យោ បាយ​ប្រកបដោយ​សន្តិភាព​របស់​គណបក្ស MDRM ។​

​ផ្ទុះ​ការបះបោរ​ប្រឆាំង​បារាំង
​ទីបំផុត​កំហឹង​របស់​ប្រជាពលរដ្ឋ ម៉ា​ឡា​ហ្គា​ស៊ី (​ប្រជាពលរដ្ឋ​របស់ ម៉ា​ដា​ហ្គា​ស្កា ) ចំពោះ អាណានិគម បារាំង បាន​ពុះពោរ ក្រោក​បះបោរ​ប្រឆាំងនឹង​អាណានិគម​បារាំង ដោយបាន​ចាប់ផ្តើម​ផ្ទុះឡើង​នៅ​ល្ងាច​ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៩៤៧ ។ ពេលនោះ​ពួក មេដឹកនាំ​ចលនា​ជាតិនិយម​សម្ងាត់ បាន​សម្របសម្រួល​ឱ្យមាន​ការវាយប្រហារ​ទៅលើ ទីតាំង ប៉ូលិស នៅ​កោះ Tristani នៃ ទីក្រុង ម៉ូ​រ៉ា​ម៉ាន់​ហ្កា ជាទី​ក្រុង​ភាគ​ខាងកើត​ប្រទេស និង នៅ​ទីតាំង​សំខាន់ៗ​ជាច្រើន​ទៀត ដែលមាន​ចម្ការ​សំខាន់ៗ​របស់​បារាំង ។ ប៉ុន្តែ រំពេច​នោះ អាជ្ញាធរ​បារាំង បាន​លើក​ទំនួល​ខុសត្រូវ​ដាក់​ទៅលើ​គណបក្ស MDRM ទៅវិញ ។

​សកម្មភាព​វាយប្រហារ​នេះ ក៏បាន​កើតឡើង​នៅតាម​បណ្តា​កោះ​នៅ​ភាគខាងត្បូង​ប្រទេស រួចហើយ​ក៏បាន​រីក​រាល ដាល​ទៅ​ទូទាំងប្រទេស ។ អំពើហិង្សា​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​នៅក្នុង​រាជធានី អង់​តា​ណា​ណា​រី​វ នៅ​ដើមខែ មេសា ឆ្នាំ ដដែល​នោះ​ដោយមាន​អ្នក​ប្រយុទ្ធ​ជាតិនិយម ប្រមាណ​ជា ២.០០០ នាក់ ។ ចលនា​ប្រឆាំងនឹង​អាណានិគម​បារាំង​មាន​ភាព​មាំមួន បំផុត​នៅ​ភាគខាងត្បូង​ប្រទេស ដោយមាន​កសិករ​ប្រមាណ​ជាមួយ​លា​នា​នាក់​ចូល រួម​ប្រយុទ្ធ​ដើម្បី​ប្រទេសជាតិ ។ ចំណែក​នៅ​ភាគ​ខាងកើត​ឯណោះ​វិញ​មាន​តំបន់ ចលនា​ឧទ្ទាម​ចំនួន​ពីរ ត្រូវបាន​បង្កើតឡើង ហើយ​ពង្រីក​ការវាយប្រហារ​របស់​ពួកគេ ទៅ​លើក​មូលដ្ឋាន​កងទ័ព​បារាំង​គឺ​ចេញពី​ទីតាំង​ទាំងពីរ​នេះឯង ។ ដល់​ចំណុច​ខ្ពស់ បំផុត​នោះ ពួកគេ​បាន​គ្រប់គ្រង​តំបន់ មួយ ភាគ បី នៃ រដ្ឋ​កោះ​នេះ ។

​ការឆ្លើយតប​របស់បារាំង​
​ពីដំបូង កងកម្លាំង​សន្តិសុខ​បារាំង គ្មាន​ពេល​រៀបចំ និង​ឆ្លើយតប​ដោយ​ប្រសិទ្ធភាព ចំពោះ​ការ​ងើប​បះបោរ​នោះឡើយ ។ លុះដល់​ខែ ឧសភា ឆ្នាំ ១៩៤៧ កងទ័ព​បារាំង ប្រាំ កងពលធំ បានមក​ដល់ ម៉ា​ដា​ហ្គា​ស្កា ពី អាហ្វ្រិក​ខាងត្បូង (​ហើយ​កងទ័ព​បារាំង បាន​កើន​ដល់ ៣០.០០០ នាក់​នៅ​ឆ្នាំ ១៩៤៨​ដោយ​រួមទាំង​ទាហាន​ដែល​នាំ​មកពី​តំបន់ ផ្សេងទៀត​ក្រោម​អាណានិគម​បារាំង ដូចជា សេ​ណេ​ហ្គា​ល់ ជាដើម ) ។

​កងទ័ព​បារាំង មិនមែន​គ្រាន់តែ​ប្រយុទ្ធ​តទល់​ជាមួយ​ពួក​ឧទ្ទាម​ទេ ប៉ុន្តែ​ក៏​ប្រព្រឹត្ត​អំពើ ភេ​វរ​កម្ម ដូចជា​ដុត​ភូមិ​ស្រុក ធ្វើ​ទារុណកម្ម ចាប់ចង​ជា​ក្រុម ជាដើម ។ នៅ​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៩៤៧ កងទ័ព​បារាំង​បំពាក់​ទៅដោយ​កាំភ្លើងយន្ត​បាន​បាញ់សម្លាប់ សកម្មជន​ប្រឆាំង​ពី​ចន្លោះ ១២៤-១៦០ នាក់ ជា​អ្នក​គ្មានកាំភ្លើង​ក្នុង​ដៃ ។ ជនជាតិ ម៉ា​ឡា​ហ្កា​ស៊ី ជាច្រើន ត្រូវបាន​ចាប់ចង និង សម្លាប់​ដោយ​ចាប់​បោះ​ពីលើ​យន្តហោះ ទាំង​រស់ ។ អំពើ​ឃោ​ឃៅ​ទាំងនេះ​បាន​ក្លាយជា​ប្រវត្តិសាស្ត្រ​បារាំង ។​

​អ្នកបះបោរ​ជាទូទៅ គឺ​ប្រើ​ដំបង ដាវ កាំបិត​ដោយមាន​កាំភ្លើង​តិចតួច​ដែល​ដណ្តើមបាន ពី​កងទ័ព​បារាំង​ប៉ុណ្ណោះ ។ ពួកគេ ហ៊ាន​ងើប​បះបោរ​ប្រឆាំងនឹង​កងទ័ព​បារាំង ដ៏​ខ្លាំងក្លា ដោយសារតែ​ពួកគេ​រំពឹងថា សហរដ្ឋ អាមេរិក នឹង ធ្វើ​អន្តរាគមន៍​ជួយ​បំពេញ​បំណង របស់​ពួកគេ ។ ប៉ុន្តែ ក្តី​រំពឹង​របស់​ពួកគេ មិនបាន​ក្លាយជា​ការពិត​សោះឡើយ ។ ពី​ចន្លោះ​ខែ កក្កដា និង ខែ កញ្ញា ឆ្នាំ ១៩៤៨ មេ​ដក​នាំ​ចលនា​បះបោរ​ជាច្រើន ត្រូវបាន​ចាប់ខ្លួន ឬ សម្លាប់ ។

​ទីតាំង​ចុងក្រោយ​របស់​ចលនា​បះបោរ​ឈ្មោះ Tsiazombazaha ត្រូវបាន​កម្ទេច នៅ​ខែ វិច្ឆិកា ឆ្នាំ ១៩៤៨ ។ អ្នក​ជាតិនិយម ឬ អ្នក​ប្រយុទ្ធ​ដែល​សេសសល់ ឬ​រួច​ពី​ការកាប់ សម្លាប់​ចាប់ចង​ធ្វើ​ទារុណកម្ម​របស់​បារាំង ក៏បានរ​ត់ទៅ​លាក់ខ្លួន ខណៈ​អ្នកខ្លះ​បាន​រត់ ទៅ​លាក់ខ្លួន​ក្នុងព្រៃ ។ ចលនា បះបោរ ដើម្បី ឯករាជ្យ ម៉ា​ដា​ហ្គា​ស្កា​បាន​ចូល​ដល់ទី អវសាន​នា​គ្រានោះ​ហោង ។ ជនជាតិ ម៉ា​ឡា​ហ្កា​ស៊ី ដែល​ត្រូវបាន​សម្លាប់ នា​អំឡុង ពេលនេះ ប្រមាណ​ជា ៨៩.០០០ នាក់ ទៅ ១០ ម៉ឺន នាក់ ។​

​ទទួលបាន​ឯករាជភាព​
​ចលនា តស៊ូ ដើម្បី ឯករាជភាព ម៉ា​ដា​ហ្គា​ស្កា ពី​អាណានិគម​បារាំង ត្រូវបាន​បារាំង កម្ទេច​យ៉ាង​ហិនហោចខ្លោចផ្សា​ជាទីបំផុត​ក៏ពិតមែន ប៉ុន្តែ​ដោយសារតែ​មហា​វិនាស កម្ម​យ៉ាង​ឃោ​ឃៅ​ព្រៃផ្សៃ មិនអាច​បំភ្លេចបាន​នេះ ក៏បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បារាំង ភ្ញាក់ខ្លួន ហើយ​បានធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែលមាន​ឈ្មោះថា “​ច្បាប់​កំណែទម្រង់ នាយ​សមុទ្ទ “ នៅ​ឆ្នាំ ១៩៥៦ ។​

​តាមរយៈ​ច្បាប់​កំណែទម្រង់​នាយ​សមុទ្ទ នេះ សាធារណរដ្ឋ ម៉ា​ឡា​ហ្កា​ស៊ី ត្រូវបាន ប្រកាស​បង្កើតជា​ផ្លូវការ​នៅ​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ១៩៥៨ ដែលជា​រដ្ឋ ស្វយ័ត​ស្ថិតក្នុង ក្របខណ្ឌ សហគមន៍ បារាំង ។ នៅ​ឆ្នាំ ១៩៥៩ សាធារណរដ្ឋ ម៉ា​ឡា​ហ្កា​ស៊ី​បានអនុម័ត រដ្ឋធម្មនុញ្ញ​របស់ខ្លួន ហើយក៏​ត្រូវ​បានប្រគល់​ឯករាជភាព​ពេញលេញ នៅ​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៦០ ។

​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ា​ដា​ហ្គា​ស្កា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី រំលឹក​ដល់​ថ្ងៃ​នេះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​