ទិវា​ឯករាជ្យ​ជាតិ បូ​លិ​វី​

1272
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ បូ​លិ​វី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី ០៦ ខែ សីហា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​របស់​ខ្លួន ពី អាណានិគម អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ ១៩២៥ បន្ទាប់ពី​បាន​តស៊ូ​យ៉ាង​ប្តូរផ្តាច់​អស់​រយៈពេល ១៦ ឆ្នាំ ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ បូ​លិ​វី មាន​ផ្ទៃដី ១.០៩៩ លាន​គីឡូ​ម៉ែត្រក្រឡា ស្ថិតនៅក្នុង​ទ្វីបអាមេរិក ខាងត្បូង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ឈី​លី ប៉េ​រូ អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល និង ប៉ា​រ៉ា​ហ្កា​យ ។ ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជាង ១១ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា ។ រដ្ឋធានី​គឺ​ទីក្រុង ស៊ូ​ក្រេ (​ឡា ប៉ាស ? ) ភាសាផ្លូវការ​គឺ​ភាសា អេ​ស្ប៉ា​ញ និង ភាសា អាយ​ម៉ា​រ៉ា ។​

​ប្រវត្តិសាស្ត្រ​
​ក្នុង​គោលបំណង​រុករក​រ៉ែ​មាស នៅ​ទ្វីបអាមេរិក នោះ អេ​ស្ប៉ា​ញ បានចាប់ផ្តើម​ចូល​ល​លុកលុយ អាណាចក្រ Inca (​បច្ចុប្បន្ន គឺ ប៉េ​រូ ) នៅ​ឆ្នាំ ១៥២៤ ហើយ​បាន​ត្រួតត្រា​អាណាចក្រ​នេះ ស្ទើរ​ទាំងស្រុង​ត្រឹម​ឆ្នាំ ១៥៣៣ ។ ដែនដី​ដែលជា​ប្រទេស បូ​លី​វី បច្ចុប្បន្ននេះ កាលណោះ​ត្រូវបាន គេ​ឱ្យ​ឈ្មោះថា “ ប៉េ​រូ ខាងលើ “ ហើយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ ចុ​ល្ល​រាជ្យ (​ស្តេច​ចំណុះ​) នៃ រាជធានី លី​ម៉ា ដែលជា​រាជធានី នៃ ប្រទេស ប៉េ​រូ ។

​ទីក្រុង ប៉ូ​តូ​ស៊ី នៃ ប៉េ​រូ ខាងលើ ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ ១៥៤៥ ហើយ​ត្រូវបាន​ប្រសិទ្ធ​នាម ថា​ជាទី​ក្រុង រ៉ែ ដែលជា​ទីក្រុង​សម្បុកសម្បត្តិ​ដ៏​មហាសាល​សម្រាប់​អាណានិគម អេ​ស្ប៉ា​ញ ។ ប៉ុន្តែ អាណានិគម អេ​ស្ប៉ា​ញ មិនបាន​គិតគូរ អំពី​សុខទុក្ខ​របស់​ម្ចាស់​ស្រុក​ឡើយ គឺ​ពួកគេ​គិតតែ​ពី​បូម ទ្រព្យសម្បត្តិ​ពី ប៉េ​រូ ខាងលើ យ៉ាង​ឥត​សំចៃ ។ គិត​ត្រឹម​ចុង​សតវត្សរ៍ ទី ១៦ រ៉ែ​ប្រាក់​របស់ ប៉េ​រូ ខាងលើ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​ទាសករ​ជាច្រើន​បាន​បម្រើ ជា​កម្លាំង​ពលកម្ម​ក្រោម​លក្ខន្តិកៈ​យ៉ាង​ឃោ​ឃៅ​របស់​អាណានិគម អេ​ស្ប៉ា​ញ ។​

​ចលនា​ដើម្បី​ឯករាជ្យ​
​មើលឃើញ​នូវ​ភាពព្រៃផ្សៃ​ទាំងនោះ អ្នកស្នេហាជាតិ​ម្នាក់​ឈ្មោះ ទូ​ប៉ាក កាតា​រិ បាន​ដឹកនាំ​ចលនា ឧទ្ទាម អ្នកស្រុក​មួយ​ប្រឆាំងនឹង​ការ​ត្រួ​ត្រា​របស់ អេ​ស្ប៉ា​ញ និង ដើម្បី បុព្វហេតុ​ឯករាជភាព​របស់ ប៉េ​រូ ខាងលើ ។ នៅ​ខែ មីនា ឆ្នាំ ១៧៨១ ក្រុម​ឧទ្ទាម​របស់លោក​ប៉ាក កាតា​រិ បាន​ទៅ ឡោម​ព័​ទ​រាជធានី ឡា ប៉ាស ដែលជា​ទីតាំង​រដ្ឋាភិបាល​អាណានិគម អេ​ស្ប៉ា​ញ បណ្តាលឱ្យមាន ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​មួយ​បាន​ឆាបឆេះ​ឡើង អូសបន្លាយ​អស់​រយៈពេល ប្រាំ​មួយខែ បានសម្លាប់​ជីវិត​មនុស្ស​មិនតិច​ជា ២០.០០០ នាក់​ឡើយ ។

​នៅ​ឆ្នាំ ១៨០៣ (​ដល់​ឆ្នាំ ១៨១៥)​សង្គ្រាម ណាប៉ូឡេអុង បាន​ផ្ទុះឡើង​រីក​រាលដាល​ទៅដល់ អឺរ៉ុប និង បាន​ផ្តួលរំលំ​មហាអំណាច​ជាច្រើន​នៅ​អឺរ៉ុប រួមទាំង អេ​ស្ប៉ា​ញ ផង ។ ការ​ងើប​បោះ​បោរ​នៅ​ឆ្នាំ ១៨០៨ ដោយមាន ណាប៉ូឡេអុង នៅ​ពី​ក្រោយខ្នង បាន​បង្ខំ​ឱ្យ​ស្តេច ឆា​លស៍ ទី ៤ របស់ អេ​ស្ប៉ា​ញ ចុះ​ចេញពី​រាជបល្ល័ង្ក ។ មុននឹង​ចុះចេញ​ពី​បល្ល័ង្ក ស្តេច ឆា​លស៍ បានស្នើ​ឱ្យ ណាប៉ូឡេអុង លើក​បុត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ហ្វើ​រ៍ណា​ន់​ដូ ទី ៧ ឱ្យ​ជា​អ្នក​ស្នងរាជ្យ​ព្រះអង្គ ។ ប៉ុន្តែ ណាប៉ូឡេអុង បែរជា​បានជា​លើក​ប្អូនប្រុស​របស់ខ្លួន​គឺ ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ឱ្យធ្វើជា​ស្តេច​គ្រងរាជ្យ នៅ​អេ​ស្ប៉ា​ញ ទៅវិញ ។

​ប្រការនេះ​បណ្តាលឱ្យមាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​រហូត​មាន​ចលនា​តស៊ូ​ប្រឆាំង យ៉ាង​វក់វី ដែល​បានសេចក្តីថា អំណាចកណ្តាល​របស់​អា​ណា​និគម​អេ​ស្ប៉ា​ញ បាន​ខ្ចាត់ខ្ចាយ​រាយប៉ាយ ដោយ​ដុំ​ដោយ​ពួក ។​

​ស្របគ្នា​នេះ អំណាច ចុ​ល្ល​រាជ្យ នៃ ប៉េ​រូ ដែល​ក្រោម​អំណាច​របស់ អេ​ស្ប៉ា​ញ ក៏បាន​ថយចុះ​ផងដែរ ។ នៅ​ខណៈនោះ​ដែនដី​ផ្សេងៗ​នៅ​អាមេរិក ឡាទីន ដូចជា អ៊ុយ​រុយ​ហ្កា​យ ប៉េ​រូ និង អា​ហ្ស​ង់​ទីន​ជាដើម សុទ្ធ​តែមាន​ចលនា​យ៉ាងខ្លាំង​ក្លា ទាមទារ​ឯករាជភាព ពី​អាណានិគម អេ​ស្ប៉ា​ញ ។

​សង្គ្រាម​ដើម្បី​ឯករាជ្យ​
​នៅ​ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៨០៩ ចលនា​តស៊ូ​ដើម្បី​ឯករាជភាព បូ​លី​វី បាន​ផ្ទុះ ឡើង​នៅ​ទីក្រុង ស៊ូ​ក្រេ ហើយ​បង្កើតបានជា​រដ្ឋាភិបាល ជុន​តា នៅ​ទីក្រុង​នោះ​និង ទីក្រុង ឡា ប៉ាស ហើយ​ប្រកាស ឯករាជភាព​របស់ បូ​លី​វី ពី អេ​ស្ប៉ា​ញ ទៀតផង ។ ប៉ុន្តែ​មិនបាន ប៉ុន្មាន​ផង​រដ្ឋាភិបាល​នេះ បាន​ត្រូវ​កងទ័ព​អាណា​និគ អេ​ស្ប៉ា​ញ កម្ទេច ហើយ​ដែនដី ប៉េ​រូ ខាងលើ ស្ថិតក្រោម​ការត្រួតត្រារ​បស់ អេ​ស្ប៉ា​ញ តទៅទៀត ។​

​នៅ​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ១៨១០ មាន​ផ្ទុះ​ចលនា​បដិវត្តន៍​នៅ​ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​រ៍ ដែលជា​ទីតាំង អំណាចកណ្តាល នៃ មហាអំណាច អេ​ស្ប៉ា​ញ ប្រឆាំងនឹង​រាជការ​របស់​ស្តេច ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ (​ដែល​ត្រូវបាន​លើក​បន្តុប​ដោយ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ ) ហើយ​បង្កើតបានជា​រដ្ឋាភិបាល ជុន​តា កំពូល នៅ​ថ្ងៃទី ២៥ ខែ និង ឆ្នាំ ដដែល​នោះ ។ បន្ទាប់មក រដ្ឋាភិបាល ជុន​តា កំពូល បាន​បញ្ជូន​កងទ័ព ៣ កងពល​ទៅ​បង្ក្រាប​ការ​ងើប​បះបោរ​នៅ​តំបន់ ប៉េ​រូ ខាងលើ ។

​នៅ វ៉េ​ណ​ស៊ុយ​អេ​ឡា ឯណោះ មាន​អ្នកដឹកនាំ​ប្រឆាំង​អាណានិគម​អេ​ស្ប៉ា​ញ ដ៏​មាន​ឥទ្ធិពល និង ជោគជ័យ​បំផុត​ម្នាក់ ឈ្មោះ អាន់​តូ​នី​ញ៉ូ ចូ​សេ ដឺ ស៊ូ​ក្រេ បាន​កំពុង​រុលទៅមុខ​ជា​បន្ត​បន្ទាប់ ។ ស្របគ្នា​នោះ​ក៏មាន​វិ​រ​ជន​ម្នាក់ទៀត​ឈ្មោះ ស៊ី​ម៉ុ​ន បូ​លី​វ៉ា ។ ពួកគេ​ទាំងពីរ​នាក់​បាន​ដឹកនាំ​កងទ័ព ប្រឆាំងនឹង​របបរាជានិយម​នៅ ប៉េ​រូ ខាងលើ ដែល​ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ​បានធ្វើឱ្យ​កងទ័ព ទាំងបី​កងពល​ដែល​បញ្ជូន​ដោយ​ទីក្រុង ប៊ុ​យ​ណូ ស៊ែ​រ៍ បរាជ័យ ។ ទោះយ៉ាងណា របបរាជានិយម​នៅ ប៉េ​រូ នៅ​មិនទាន់​ត្រូវបាន​ផ្តួលរំលំ​នៅឡើយ ប៉ុន្តែ​នៅត្រឹមតែ​ជា​រដ្ឋាភិបាល​ដែល​ការពារ​ខ្លួន​ប៉ុណ្ណោះ ពោលគឺ​គ្មាន​សមត្ថភាព​បង្ក្រាប​ការបោះ​បោរ​បានឡើយ ហើយ​តំបន់ ប៉េ​រូ ខាងលើ បាន​ធ្លាក់​ទៅក្នុង​សង្គ្រាម​ឧទ្ទាម ។​

​កងទ័ព​ឧទ្ទាម​របស់លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា និង លោក ស៊ូ​ក្រេ បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ហើយ​បាន ផ្តួលរំលំ​របបរាជានិយម​ដោយ​ជោគជ័យ ។ អ្នក​នៅ​តំបន់ ប៉េ​រូ ខាងលើ បានប្រកាស​ឯករាជ ភាព​របស់ខ្លួន​នៅ​ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ១៨២៥ ។ ឯករាជភាព​ដែលជា​ការប្រកាស​ឯករាជ​ភាព លើក​ទី​ពីរ នេះ គឺជា​ឯករាជ្យ​ពិតប្រាកដ​បន្ទាប់ពី​បាន​តស៊ូ​ធ្វើ​ពលិកម្ម​ទាំង​កម្លាំងកាយ​ក​ម្មាំ​ង​ចិត្ត ទ្រព្យសម្បត្តិ អាយុជីវិត និ អ្វីៗ​គ្រប់យ៉ាង​អស់​រយៈពេល ១៦ ឆ្នាំ​មក (១៨០៩-១៨២៥) ដោយ បានប្រកាស​ខ្លួន​ថា សាធារណរដ្ឋ បូ​លី​វី ។​
​ ​
​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ បូ​លិ​វី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ ដើម្បី​រំលឹក​ដល់​ការលះបង់ ទាំងឡាយ​ផង និង ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​របស់​ពួកគេ​នេះ​ផង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ក្បួនព្យុហយាត្រា​កងទ័ព បូ​លិ​វី នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ (​បូ​លិ​វី ១)
​ទីក្រុង ស៊ូ​ក្រេ នៃ ប្រទេស បូ​លិ​វី (​បូ​លិ​វី ២)