ទិវា​ឯករាជ្យ​ជាតិ បូ​លិ​វី​

2211
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ បូ​លិ​វី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួក គេ​នៅ​ថ្ងៃទី​៦ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ប្រកាស​ឯករាជ្យភាព​ពី​អាណានិគម អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ ១៩២៥ បន្ទាប់ពី​បាន​តស៊ូ​យ៉ាង​ប្តូរផ្តាច់ អស់​រយៈពេល ១៦ ឆ្នាំ ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​បូ​លិ​វី មាន​ផ្ទៃដី ១.០៩៩ លាន​គីឡូ​ម៉ែត្រក្រឡា ស្ថិតនៅក្នុង​ទ្វីបអាមេរិក ខាងត្បូង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ឈី​លី ប៉េ​រូ អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល និង ប៉ា​រ៉ា​ហ្កា​យ​។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ១១ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​គ្រិស្តសាសនា រដ្ឋធានី គឺ​ទីក្រុង​ស៊ូ​ក្រេ (​ឡា​ប៉ាស ? ) ភាសាផ្លូវការ​គឺ​ភាសា​អេ​ស្ប៉ា​ញ និង​ភាសា​អាយ​ម៉ា​រ៉ា ។​

​ប្រវត្តិសាស្ត្រ​
​ក្នុង​គោលបំណង​រុករក​រ៉ែ​មាស នៅ​ទ្វីបអាមេរិក​នោះ អេ​ស្ប៉ា​ញ បានចាប់ផ្តើម​ចូលលុកលុយ អាណាចក្រ Inca (​បច្ចុប្បន្ន គឺ ប៉េ​រូ ) នៅ​ឆ្នាំ​១៥២៤ ហើយ​បាន​ត្រួតត្រា​អាណាចក្រ​នេះ បាន​ស្ទើរ​ទាំងស្រុង ត្រឹម​ឆ្នាំ​១៥៣៣​។ ដែនដី​ដែលជា​ប្រទេស បូ​លី​វី បច្ចុប្បន្ននេះ កាលណោះ ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា “ ប៉េ​រូ ខាងលើ “ ហើយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ ចុ​ល្ល​រាជ្យ (​ស្តេច​ចំណុះ​) នៃ​រាជធានី​លី​ម៉ា ដែលជា​រាជា​ធានី នៃ​ប្រទេស​ប៉េ​រូ ។

​ទីក្រុង​ប៉ូ​តូ​ស៊ី នៃ​ប៉េ​រូ ខាងលើ ត្រូវបាន​ស្ថាបនា​ឡើង នៅ​ឆ្នាំ​១៥៤៥ ហើយ​ត្រូវបាន​ប្រសិទ្ធ​នាម ថា​ជាទី​ក្រុង រ៉ែ ដែលជា​ទីក្រុង​សម្បុកសម្បត្តិ​ដ៏​មហាសាល​សម្រាប់​អាណានិគម អេ​ស្ប៉ា​ញ ។ ប៉ុន្តែ អាណានិគម អេ​ស្ប៉ា​ញ មិនបាន​គិតគូរ អំពី​សុខទុក្ខ​របស់​ម្ចាស់​ស្រុក​ឡើយ គឺ​ពួកគេ​គិតតែ ពី​បូម​ទ្រព្យសម្បត្តិ​ពី ប៉េ​រូ ខាងលើ យ៉ាង​ឥត​សំចៃ ។​

​គិត​ត្រឹម​ចុង​សតវត្សរ៍ ទី​១៦ រ៉ែ​ប្រាក់​របស់ ប៉េ​រូ ខាងលើ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​ទាសករ​ជាច្រើន បាន​បម្រើ​ជា​កម្លាំង​ពលកម្ម ក្រោម​លក្ខន្តិកៈ យ៉ាង​ឃោរឃៅ របស់​អាណានិគម អេ​ស្ប៉ា​ញ ។​

​ចលនា​ដើម្បី​ឯករាជ្យ​
​មើលឃើញ​នូវ​ភាពព្រៃផ្សៃ​ទាំងនោះ អ្នកស្នេហាជាតិ​ម្នាក់ ឈ្មោះ ទូ​ប៉ាក កាតា​រិ បាន​ដឹកនាំ ចលនា​ឧទ្ទាម​អ្នកស្រុក​មួយ ប្រឆាំងនឹង​ការ​ត្រួ​ត្រា​របស់ អេ​ស្ប៉ា​ញ និង​ដើម្បី​បុព្វហេតុ ឯករាជ្យភាព​របស់ ប៉េ​រូ ខាងលើ ។ នៅ​ខែមីនា ឆ្នាំ​១៧៨១ ក្រុម​ឧទ្ទាម​របស់លោក ប៉ាក កាតា​រិ បាន​ទៅ​ឡោមព័ទ្ធ​រាជធានី ឡា ប៉ាស ដែលជា​ទីតាំង​រដ្ឋាភិបាល​អាណានិគម អេ​ស្ប៉ា​ញ បណ្តាល ឱ្យមាន​ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​មួយ បាន​ឆាបឆេះ​ឡើង អូសបន្លាយ​អស់​រយៈពេល ៦ ខែ បានសម្លាប់​ជីវិត​មនុស្ស​មិនតិចជាង ២០.០០០ នាក់​ឡើយ ។

​នៅ​ឆ្នាំ​១៨០៣ (​ដល់​ឆ្នាំ​១៨១៥) សង្គ្រាម ណាប៉ូឡេអុង បាន​ផ្ទុះឡើង​រីក​រាលដាល​ទៅដល់ អឺរ៉ុប និង បាន​ផ្តួលរំលំ​មហាអំណាច​ជាច្រើន នៅ​អឺរ៉ុប រួមទាំង អេ​ស្ប៉ា​ញ ផង​។ ការ​ងើប​បោះ​បោរ នៅ​ឆ្នាំ ១៨០៨ ដោយមាន ណាប៉ូឡេអុង នៅ​ពី​ក្រោយខ្នង បាន​បង្ខំ​ឱ្យ​ស្តេច ឆា​លស៍ ទី​៤ របស់​អេ​ស្ប៉ា​ញ ចុះ​ចេញពី​រាជបល្ល័ង្ក ។ មុននឹង​ចុះចេញ​ពី​បល្ល័ង្ក ស្តេច ឆា​លស៍ បានស្នើ​ឱ្យ ណាប៉ូឡេអុង លើក​បុត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ហ្វើ​រ៍ណា​ន់​ដូ ទី​៧ ឱ្យ​ជា​អ្នក​ស្នង រាជ្យ​ព្រះអង្គ ។ ប៉ុន្តែ​ណាប៉ូឡេអុង បែរជា​បានជា​លើក​ប្អូនប្រុស​របស់ខ្លួន​គឺ ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ឱ្យធ្វើជា​ស្តេច​គ្រងរាជ្យ នៅ​អេ​ស្ប៉ា​ញ ទៅវិញ ។

​ប្រការនេះ បណ្តាលឱ្យមាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា យ៉ាងខ្លាំង​រហូត​មាន​ចលនា​តស៊ូ​ប្រឆាំង យ៉ាង​វក់វី ដែល​បានសេចក្តីថា អំណាចកណ្តាល​របស់​អា​ណា​និគម​អេ​ស្ប៉ា​ញ បាន​ខ្ចាត់ខ្ចាយ​រាយ ប៉ាយ​ដោយ​ដុំ​ដោយ​ពួក ។​

​ស្របគ្នា​នេះ អំណាច ចុ​ល្ល​រាជ្យ នៃ ប៉េ​រូ ដែល​ក្រោម​អំណាច​របស់ អេ​ស្ប៉ា​ញ ក៏បាន​ថយចុះ ផងដែរ ។ នៅ​ខណៈនោះ​ដែនដី​ផ្សេងៗ​នៅ​អាមេរិក ឡាទីន ដូចជា​អ៊ុយ​រុយ​ហ្កា​យ ប៉េ​រូ និង​អា​ហ្ស​ង់​ទីន​ជាដើម សុទ្ធ​តែមាន​ចលនា​យ៉ាងខ្លាំង​ក្លា ទាមទារ​ឯករាជ្យភាព ពី​អាណានិគម អេ​ស្ប៉ា​ញ ។

​សង្គ្រាម​ដើម្បី​ឯករាជ្យ​
​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៨០៩ ចលនា​តស៊ូ​ដើម្បី​ឯករាជភាព បូ​លី​វី បាន​ផ្ទុះឡើង​នៅ​ទីក្រុង ស៊ូ​ក្រេ ហើយ​បង្កើតបានជា​រដ្ឋាភិបាល ជុន​តា នៅ​ទីក្រុង​នោះ និង​ទីក្រុង​ឡា ប៉ាស ហើយ​ប្រកាស ឯករាជ្យភាព​របស់ បូ​លី​វី ពី អេ​ស្ប៉ា​ញ ទៀតផង ។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង​រដ្ឋាភិបាល​នេះ បាន​ត្រូវ​កងទ័ព​អាណា​និគ អេ​ស្ប៉ា​ញ កម្ទេច ហើយ​ដែនដី​ប៉េ​រូ​ខាងលើ ស្ថិតក្រោម​ការត្រួតត្រា របស់​អេ​ស្ប៉ា​ញ តទៅទៀត ។​

​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​១៨១០ មាន​ផ្ទុះ​ចលនា​បដិវត្តន៍​នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ​រ៍ ដែលជា​ទីតាំង អំណាចកណ្តាល នៃ​មហាអំណាច អេ​ស្ប៉ា​ញ ប្រឆាំងនឹង​រាជការ​របស់​ស្តេច ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ (​ដែល​ត្រូវបាន​លើក​បន្តុប​ដោយ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ ) ហើយ​បង្កើតបានជា​រដ្ឋាភិបាល ជុន​តា កំពូល នៅ​ថ្ងៃទី​២៥ ខែ និង ឆ្នាំ ដដែល​នោះ ។​

​បន្ទាប់មក រដ្ឋាភិបាល ជុន​តា កំពូល បាន​បញ្ជូន​កងទ័ព ៣ កងពល​ទៅ​បង្ក្រាប​ការ​ងើប​បះបោរ នៅ​តំបន់ ប៉េ​រូ ខាងលើ ។

​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ឯណោះ មាន​អ្នកដឹកនាំ​ប្រឆាំង​អាណានិគម​អេ​ស្ប៉ា​ញ ដ៏​មាន​ឥទ្ធិពល និង​ជោគជ័យ​បំផុត​ម្នាក់ ឈ្មោះ អាន់​តូ​នី​ញ៉ូ ចូ​សេ ដឺ ស៊ូ​ក្រេ បាន​កំពុង​រុលទៅមុខ​ជា​បន្ត​បន្ទាប់ ។ ស្របគ្នា​នោះ ក៏មាន​វិ​រ​ជន​ម្នាក់ទៀត​ឈ្មោះ ស៊ី​ម៉ុ​ន បូ​លី​វ៉ា ហើយ ពួកគេ​ទាំងពីរ​នាក់ បាន​ដឹកនាំ កងទ័ព​ប្រឆាំងនឹង​របបរាជានិយម​នៅ ប៉េ​រូ ខាងលើ ដែល​ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ បានធ្វើឱ្យ​កងទ័ព​ទាំង ៣ កងពល​ដែល​បញ្ជូន​ដោយ​ទីក្រុង ប៊ុ​យ​ណូ ស៊ែ​រ៍ បរាជ័យ ។​

​ទោះយ៉ាងណា របបរាជានិយម​នៅ ប៉េ​រូ នៅ​មិនទាន់​ត្រូវបាន​ផ្តួលរំលំ​នៅឡើយ ប៉ុន្តែ​នៅត្រឹម តែ​ជា​រដ្ឋាភិបាល ដែល​ការពារ​ខ្លួន​ប៉ុណ្ណោះ ពោលគឺ​គ្មាន​សមត្ថភាព​បង្ក្រាប​ការបោះ​បោរ​បានឡើយ ហើយ​តំបន់ ប៉េ​រូ ខាងលើ បាន​ធ្លាក់​ទៅក្នុង​សង្គ្រាម​ឧទ្ទាម ។​

​កងទ័ព​ឧទ្ទាម​របស់លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា និង លោក ស៊ូ​ក្រេ បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ហើយ បាន​ផ្តួលរំលំ​របបរាជានិយម​ដោយ​ជោគជ័យ​។ អ្នក​នៅ​តំបន់​ប៉េ​រូ ខាងលើ​បានប្រកាស​ឯករាជភាព របស់ខ្លួន នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៨២៥ ។ ឯករាជ្យភាព ដែលជា​ការប្រកាស​ឯក​រាជ្យ​ភាព​លើក ទី​ពីរ នេះ គឺជា​ឯករាជ្យ​ពិតប្រាកដ បន្ទាប់ពី​បាន​តស៊ូ​ធ្វើ​ពលិកម្ម​ទាំង​កម្លាំងកាយ​ក​ម្មាំ​ង​ចិត្ត ទ្រព្យសម្បត្តិ អាយុជីវិត និង​អ្វីៗ​គ្រប់យ៉ាង​អស់​រយៈពេល ១៦ ឆ្នាំ​មក (១៨០៩-១៨២៥) ដោយ បានប្រកាស​ខ្លួន​ថា សាធារណរដ្ឋ បូ​លី​វី ។​
​ ​
​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ បូ​លិ​វី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី​រំឭក​ដល់​ការលះបង់ ទាំងឡាយ​ផង និង​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជ្យភាព​របស់​ពួកគេ​នេះ​ផង​៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ទីក្រុង ស៊ូ​ក្រេ នៃ ប្រទេស បូ​លិ​វី (​បូ​លិ​វី ២)
ក្បួនព្យុហយាត្រា​កងទ័ព បូ​លិ​វី នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ (​បូ​លិ​វី ១)