ទិវា​ឯករាជ្យ​ជាតិ បូ​លិ​វី​

498
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ បូ​លិ​វី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​៦ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ប្រកាស​ឯករាជ្យភាព ពី​អាណា និគម​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ ១៩២៥ បន្ទាប់ពី​បាន​តស៊ូ​យ៉ាង​ប្តូរផ្តាច់ អស់​រយៈពេល ១៦ ឆ្នាំ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​បូ​លិ​វី មាន​ផ្ទៃដី ១.០៩៩.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​ទ្វីបអាមេរិក ខាងត្បូង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ឈី​លី ប៉េ​រូ អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល និង​ប៉ា​រ៉ា ហ្កា​យ ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ជិត ១២ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​គ្រិស្ត សាសនា រដ្ឋធានី​គឺ​ទីក្រុង​ស៊ូ​ក្រេ (​ឡា​ប៉ាស ? ) ភាសាផ្លូវការ គឺ​ភាសា​អេ​ស្ប៉ា​ញ និង​ភាសា អាយ​ម៉ា​រ៉ា ។​

​ប្រវត្តិសាស្ត្រ​
​ក្នុង​គោលបំណង​រុករក​រ៉ែ​មាស នៅ​ទ្វីបអាមេរិក នាកាល​ណោះ អេ​ស្ប៉ា​ញ បានចាប់ផ្តើម ចូលលុកលុយ​អាណាចក្រ Inca (​បច្ចុប្បន្ន ប៉េ​រូ​) នៅ​ឆ្នាំ​១៥២៤ ហើយ​បាន​ត្រួតត្រា អាណាចក្រ​នោះ បាន​ស្ទើរ​ទាំងស្រុង ត្រឹម​ឆ្នាំ​១៥៣៣ ។ ដែនដី​ដែលជា​ប្រទេស​បូ​លី​វី បច្ចុប្បន្ននេះ កាលណោះ ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា “ ប៉េ​រូ​ខាងលើ “ ហើយ​ស្ថិតក្រោម ការគ្រប់គ្រង​របស់​ចុ​ល្ល​រាជ្យ (​ស្តេច​ចំណុះ​) នៃ​រាជធានី​លី​ម៉ា ដែលជា​រាជធានី នៃ​ប្រទេស​ប៉េ​រូ ។

​ទីក្រុង​ប៉ូ​តូ​ស៊ី នៃ​ប៉េ​រូ​ខាងលើ ត្រូវបាន​ស្ថាបនា​ឡើង នៅ​ឆ្នាំ​១៥៤៥ ហើយ​ត្រូវបាន ប្រសិទ្ធ​នាម​ថា ជាទី​ក្រុង​រ៉ែ ដែលជា​ទីក្រុង​សម្បុកសម្បត្តិ​ដ៏​មហាសាល​សម្រាប់​អាណា និគម អេ​ស្ប៉ា​ញ ។ ប៉ុន្តែ អាណានិគម​អេ​ស្ប៉ា​ញ មិនបាន​គិតគូរ អំពី​សុខទុក្ខ​របស់​ម្ចាស់ ស្រុក​ឡើយ គឺ​ពួកគេ គិតតែ​ពី​បូម​ទ្រព្យសម្បត្តិ​ពី ប៉េ​រូ​ខាងលើ យ៉ាង​ឥត​សំចៃ ។​

​គិត​ត្រឹម​ចុង​សតវត្សរ៍​ទី​១៦ រ៉ែ​ប្រាក់​របស់ ប៉េ​រូ​ខាងលើ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់ របស់​អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​ទាសករ​ជាច្រើន បាន​បម្រើ​ជា​កម្លាំង​ពលកម្ម​ក្រោម​លក្ខន្តិកៈ យ៉ាង​ឃោរឃៅ​របស់​អាណានិគម​អេ​ស្ប៉ា​ញ ។​

​ចលនា​ដើម្បី​ឯករាជ្យ​
​មើលឃើញ​នូវ​ភាពព្រៃផ្សៃ​ទាំងនោះ អ្នកស្នេហាជាតិ​ម្នាក់ ឈ្មោះ ទូ​ប៉ាក កាតា​រិ បាន​ដឹកនាំ​ចលនា​ឧទ្ទាម​អ្នកស្រុក​មួយ ប្រឆាំងនឹង​ការត្រួតត្រា​របស់​អេ​ស្ប៉ា​ញ និង ដើម្បី​បុព្វហេតុ​ឯករាជ្យភាព​របស់ ប៉េ​រូ​ខាងលើ ។ នៅ​ខែមីនា ឆ្នាំ​១៧៨១ ក្រុម​ឧទ្ទាម របស់លោក ទូ​ប៉ាក កាតា​រិ បាន​ទៅ​ឡោម​ព័​ទ​រាជធានី ឡា​ប៉ាស ដែលជា​ទីតាំង​រដ្ឋា ភិ​បាល​អាណានិគម អេ​ស្ប៉ា​ញ បណ្តាលឱ្យមាន​ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​មួយ​បាន​ឆាប ឆេះ​ឡើង អូសបន្លាយ អស់​រយៈពេល ៦ ខែ បានសម្លាប់​ជីវិត​មនុស្ស មិនតិច​ជា ២០.០០០ នាក់ ។

​នៅ​ឆ្នាំ​១៨០៣ (​ដល់​ឆ្នាំ​១៨១៥) សង្គ្រាម​ណាប៉ូឡេអុង បាន​ផ្ទុះឡើង​រីក​រាលដាល ទៅដល់​អឺរ៉ុប និង​បាន​ផ្តួលរំលំ​មហាអំណាច​ជាច្រើន នៅ​អឺរ៉ុប រួមទាំង អេ​ស្ប៉ា​ញ ផង ។ ការ​ងើប​បះបោរ​នៅ​ឆ្នាំ​១៨០៨ ដោយមាន​ណាប៉ូឡេអុង នៅ​ពី​ក្រោយខ្នង​បាន​បង្ខំ ឱ្យ​ស្តេច ឆា​លស៍ ទី ៤ របស់​អេ​ស្ប៉ា​ញ ចុះ​ចេញពី​រាជបល្ល័ង្ក ។ មុននឹង​ចុះចេញ​ពី​បល្ល័ង្ក ស្តេច ឆា​លស៍ បានស្នើ​ឱ្យ ណាប៉ូឡេអុង លើក​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ហ្វើ​រ៍ណា​ន់​ដូ ទី​៧ ឱ្យ​ជា​អ្នក​ស្នងរាជ្យ​ព្រះអង្គ ។ ប៉ុន្តែ ណាប៉ូឡេអុង​បែរជា​បាន​លើក​ប្អូន ប្រុស​របស់ខ្លួន​គឺ ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ឱ្យធ្វើជា​ស្តេច​គ្រងរាជ្យ នៅ​អេ​ស្ប៉ា​ញ ទៅវិញ ។

​ប្រការនេះ បណ្តាលឱ្យមាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា យ៉ាងខ្លាំង រហូត​មាន​ចលនា តស៊ូ​ប្រឆាំង​យ៉ាង​វក់វី ។ ដោយហេតុ​នោះ អំណាចកណ្តាល​របស់​អា​ណា​និគម​អេ​ស្ប៉ា​ញ បាន​ខ្ចាត់ខ្ចាយ​រាយប៉ាយ ដោយ​ដុំ​ដោយ​ពួក ។​

​ស្របគ្នា​នេះ អំណាច​ចុ​ល្ល​រាជ្យ នៃ​ប៉េ​រូ ដែល​ក្រោម​អំណាច​របស់​អេ​ស្ប៉ា​ញ​ក៏បាន​ថយ ចុះ​ផងដែរ ។ នៅ​ខណៈនោះ ដែនដី​ផ្សេងៗ នៅ​អាមេរិក​ឡាទីន ដូចជា​អ៊ុយ​រុយ​ហ្កា​យ ប៉េ​រូ និង អា​ហ្ស​ង់​ទីន ជាដើម សុទ្ធ​តែមាន​ចលនា​យ៉ាងខ្លាំង​ក្លា ទាមទារ​ឯករាជ្យភាព ពី​អាណានិគម​អេ​ស្ប៉ា​ញ​។​

​សង្គ្រាម​ដើម្បី​ឯករាជ្យ​
​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៨០៩ ចលនា​តស៊ូ​ដើម្បី​ឯករាជ្យភាព បូ​លី​វី បាន​ផ្ទុះឡើង នៅ​ទីក្រុង​ស៊ូ​ក្រេ ហើយ​បង្កើតបានជា​រដ្ឋាភិបាល ជុន​តា នៅ​ទីក្រុង​នោះ និង​ទីក្រុង ឡា​ប៉ាស ហើយ​ប្រកាស​ឯករាជ្យភាព​របស់​បូ​លី​វី ពី​អេ​ស្ប៉ា​ញ​ទៀតផង​។ ប៉ុន្តែ​មិនបាន ប៉ុន្មាន​ផង រដ្ឋាភិបាល​នេះ បាន​ត្រូវ​កងទ័ព​អាណា​និគ​អេ​ស្ប៉ា​ញ កម្ទេច ហើយ​ដែនដី ប៉េ​រូ​ខាងលើ ស្ថិតក្រោម​ការត្រួតត្រារ​បស់​អេ​ស្ប៉ា​ញ តទៅទៀត​។​

​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​១៨១០ មាន​ផ្ទុះ​ចលនា​បដិវត្តន៍ នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ​រ៍ ដែលជា​ទីតាំង​អំណាចកណ្តាល នៃ​មហាអំណាច​អេ​ស្ប៉ា​ញ ប្រឆាំងនឹង​រាជការ​របស់ ស្តេច​ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ (​ដែល​ត្រូវបាន​លើក​បន្តុប ដោយ​ណាប៉ូឡេអុង បូ​ណា​ប៉ាត៍​) ហើយ​បង្កើតបានជា​រដ្ឋាភិបាល​ជុន​តា​កំពូល នៅ​ថ្ងៃទី​២៥ ខែ និង​ឆ្នាំ ដដែល​នោះ​។​

​បន្ទាប់មក រដ្ឋាភិបាល​ជុន​តា​កំពូល បាន​បញ្ជូន​កងទ័ព ៣ កងពល​ទៅ​បង្ក្រាប​ការ​ងើប បះបោរ នៅ​តំបន់​ប៉េ​រូ​ខាងលើ​។​

​នៅ​វ៉េ​ណ​ស៊ុយ​អេ​ឡា ឯណោះ មាន​អ្នកដឹកនាំ​ប្រឆាំង​អាណានិគម​អេ​ស្ប៉ា​ញ ដ៏​មាន ឥទ្ធិពល និង​ជោគជ័យ​បំផុត​ម្នាក់ ឈ្មោះ​អាន់​តូ​នី​ញ៉ូ ចូ​សេ​ដឺ​ស៊ូ​ក្រេ បាន​កំពុង​រុល​ទៅ មុខជា​បន្តបន្ទាប់​។ ស្របគ្នា​នោះ ក៏មាន​វិ​រ​ជន​ម្នាក់ទៀត ឈ្មោះ​ស៊ី​ម៉ុ​ន បូ​លី​វ៉ា ហើយ​ពួក គេ​ទាំងពីរ​នាក់ បាន​ដឹកនាំ​កងទ័ព​ប្រឆាំងនឹង​របបរាជានិយម​នៅ​ប៉េ​រូ​ខាងលើ​ដែល ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ បានធ្វើឱ្យ​កងទ័ព​ទាំង ៣ កងពល ដែល​បញ្ជូន​ដោយ​ទី ក្រុង​ប៊ុ​យ​ណូ​ស៊ែ​រ៍​បរាជ័យ​។​

​ទោះយ៉ាងណា របបរាជានិយម នៅ​ប៉េ​រូ នៅ​មិនទាន់​ត្រូវបាន​ផ្តួលរំលំ នៅឡើយ ប៉ុន្តែ នៅត្រឹមតែ​ជា​រដ្ឋាភិបាល ដែល​ការពារ​ខ្លួន​ប៉ុណ្ណោះ ពោលគឺ​គ្មាន​សមត្ថភាព​បង្ក្រាប ការបោះ​បោរ​បានឡើយ ហើយ​តំបន់​ប៉េ​រូ​ខាងលើ បាន​ធ្លាក់​ទៅក្នុង​សង្គ្រាម​ឧទ្ទាម​។​
​កងទ័ព​ឧទ្ទាម​របស់លោក​ស៊ី​ម៉ុ​ន បូ​លី​វ៉ា និង​លោក​ស៊ូ​ក្រេ បាន​ជោគជ័យ ជា​បន្តបន្ទាប់ ហើយ​បាន​ផ្តួលរំលំ​របបរាជានិយម ដោយ​ជោគជ័យ​។ អ្នក​នៅ​តំបន់​ប៉េ​រូ​ខាងលើ បានប្រកាស​ឯករាជ្យភាព​របស់ខ្លួន នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៨២៥​។ ឯករាជ្យភាព ដែលជា​ការប្រកាស​ឯក​រាជ្យ​ភាព​លើក​ទី​ពីរ​នេះ គឺជា​ឯករាជ្យ​ពិតប្រាកដ បន្ទាប់ពី​បាន តស៊ូ​ធ្វើ​ពលិកម្ម ទាំង​កម្លាំងកាយ កម្លាំងចិត្ត ទ្រព្យសម្បត្តិ អាយុជីវិត និង​អ្វីៗ​គ្រប់យ៉ាង អស់​រយៈពេល ១៦ ឆ្នាំ​មក (១៨០៩-១៨២៥) ដោយបាន​ប្រកាស​ខ្លួន​ថា សាធារណរដ្ឋ បូ​លី​វី​។​
​ ​
​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បូ​លិ​វី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី​រំឭក​ដល់ ការលះបង់​ទាំងឡាយ​ផង និង​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជ្យភាព​របស់​ពួកគេ នេះ​ផង​៕