ទិវា​ឯករាជ្យ​ជាតិ បេឡា​រូស​

669

(​ភ្នំពេញ)៖ ដើមឡើយ បេឡា​រូស បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី ០៣ ខែ កក្កដា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ទីក្រុង មីន​ស្ក៍ ត្រូវបាន​កងទ័ព សូ​វៀត ដណ្តើម​កាន់កាប់​បាន​ពី ណា​ស៊ី អាល្លឺម៉ង់ មកវិញ កាលពី​ឆ្នាំ ១៩៤៤ ។ ប៉ុន្តែ​ក្រោយ​ម​ពួកគេ​បាន​ប្រារព្ធ​ទិវា​នេះ​នៅ​ថ្ងៃទី ២៧ ខែ កក្កដា វិញ​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​របស់ បេឡា​រូស ពី​សហភាព សូ​វៀត កាលពី​ឆ្នាំ ១៩៩០​។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ បេឡា​រូស មាន​ផ្ទៃដី ២០៧.៦០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស រុស្ស៊ី អ៊ុយ​ក្រែ​ន ប៉ូឡូញ លី​ទូ​នី និង លា​ទ្វី ។ ដើមឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជាង ៩ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា រដ្ឋធានី​គឺ​ទីក្រុង មីន​ស្ក៍ ភាសាផ្លូវការ​គឺ​ភាសា បេឡា​រូស និង ភាសា​រុស្ស៊ី ។​

​ប្រវត្តិសាស្ត្រ​
​នៅ​សតវត្សរ៍​ទី ៩ ទឹកដី បេឡា​រូស គឺជា​ផ្នែក​មួយ នៃ អាណាចក្រ គៀវ រូស ដែល​បច្ចុប្បន្ន​គឺ រុស្ស៊ី ខ្លះ អ៊ុយ​ក្រែ​ន ខ្លះ ។ ស្តេច​របស់ គៀវ រូស យ៉ា​រ៉ូ​ស្លា​វ បាន​ចូល​ទីវ​ង្គ​ត​នៅ​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ១០៥៤ ធ្វើឱ្យ​អាណាចក្រ គៀវ រូស បាន​ចុះខ្សោយ ហើយ​រដ្ឋ​ចំណុះ​នានា បានប្រកាស​ឯករាជ្យ​រៀងៗ​ខ្លួន ជា​បន្តបន្ទាប់ ហើយក៏​ត្រូវបាន​លុកលុយ​ដោយ​ពួក ម៉ុង​ហ្គោល ។ ចំណែក បេឡា​រូស​ត្រូវ​បានដាក់ បញ្ចូល​ជា​ទឹកដី​របស់ អាណា​ក្រ លី​ទូ​នី នៅ​ឆ្នាំ ១២៥០ ។​

​នៅ​ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ១៣៨៦ អាណាចក្រ លី​ទូ​នី និង អាណាចក្រ ប៉ូឡូញ បាន​រួបរួម​បញ្ចូល​គ្នា ប៉ុន្តែ​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ ១៧៩៥ ហើយ​ទឹកដី បេឡា​រូស ត្រូវបាន រុស្ស៊ី ទិញយក​ទៅកាន់​កាប់ ដែល​ពេលខ្លះ​ជា ផ្នែក នៃ សហភាពសូវៀត ។​

​សង្គ្រាមលោកលើកទី ១ បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៩១៤ (​ដល់ ១១ វិច្ឆិកា ១៩១៨)​។ ប​ដិ​វដ្ដន៍ រុស្ស៊ី (១៩១៧) បាន​ផ្តួលរំលំ​រដ្ឋាភិបាល​រុស្ស៊ី ជំនួស​ដោយ សហភាព សូ​វៀត របស់​បក្ស បុល​សេ​វិក ។ រដ្ឋាភិបាល សូ​វៀត ត្រូវបាន​អាល្លឺម៉ង់ និង អូទ្រីស បង្ខំ ឱ្យ​ចុះហត្ថលេខា​ជាមួយ​បណ្តា ប្រទេស​អំណាចកណ្តាល (​អាល្លឺម៉ង់ , អូទ្រីស ហុង​គ្រី ប៊ុលហ្គារី និង អូ​តូ​ម៉​ង់ ) នៅ​ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩១៨ ។ តាមរយៈ​សន្ធិសញ្ញា នេះ កងទ័ព អាល្លឺម៉ង់ បាន​ចូល​កាន់កាប់​ទឹកដី បេឡា​រូស នៅ ឆ្នាំ ១៩១៨ នោះឯង ។

​បេឡា​រូស បានប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ដែលមាន​ឈ្មោះថា សាធារណរដ្ឋ ប្រជាមានិត បេឡា​រូស ។ ប៉ុន្តែ​នៅ​ខែ ធ្នូ ឆ្នាំ ១៩១៨ បេឡា​រូស ត្រូវបាន​ដណ្តើមយក​វិញ​ដោយ​ទាហាន ក្រហម (​សូ​វៀត​) ។​ សង្គ្រាម​រវាង ប៉ូឡូញ និង បុល​សេ​វិក ( សូ​វៀត ) បាន​ផ្ទុះឡើង​ពីថ្ងៃ​ទី ៨ ខែ សីហា ឆ្នាំ ១៩១៩-​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ១៩២១ បេឡា​រូស បាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ ប៉ូឡូញ ។ សន្ធិសញ្ញា​ទីក្រុង រី​ហ្កា (​នៃ ប្រទេស ឡា​ទ្វី ) នៅ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩២១ រវាង​ប៉ូឡូញ និង សាធារណរ​ណ​រដ្ឋ សង្គមនិយម សហព័ន្ធ សូ​វៀត រុស្ស៊ី ( សូ​វៀត​-​រុស្ស៊ី ដែល​ក្នុងនាម​ជា បេឡា​រូស ផង និង សូ​វៀត​-​អ៊ុយ​ក្រែ​ន ) បេឡា​រូស ត្រូវបាន​ប្រគល់​ទៅឱ្យ សាធារណរ​ណ​រដ្ឋ សង្គមនិយម សហព័ន្ធ សូ​វៀត រុស្ស៊ី វិញ ។​

​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៤១ ណា​ស៊ី អាល្លឺម៉ង់ របស់ អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ បាន​ឈ្លានពាន សហភាព សូ​វៀត របស់ ចូ​សេ​ហ្វ ស្តា​លី ហើយ​បួន​ថ្ងៃ​ក្រោយមក បេឡា​រូស បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ ពួក ណា​ស៊ី អាល្លឺម៉ង់ ទាំងស្រុង ធ្វើឱ្យ​អ្នក​ជាតិនិយម ខកចិត្ត​យ៉ាងខ្លាំង ។ អ្នកស្រុក មួយចំនួន​ដែល ប្រឆាំងនឹង សូ​វៀត ដោយ​រំពឹង​ចង់បាន​ឯករាជភាព​របស់ បេឡា​រូស នោះ បាន​គាំទ្រ ការចូល​លុក លុយ​របស់ ណា​ស៊ី អាល្លឺម៉ង់ ។ ប៉ុន្តែ​លុះដល់​ឆ្នាំ ១៩៤២ បេឡា​រូស បានក្លាយ​ជាទី​ចាត់ការ​ដ៏​សំខាន់ នៃ ពួក​ចលនា​តស៊ូ សូ​វៀត ប្រឆាំងនឹង​ការឈ្លានពាន​ពី​អាល្លឺម៉ង់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា សង្គ្រាម អាល្លឺម៉ង់​-​សូ​វៀត (២២ មិថុនា ១៩៤១-៩ ឧសភា ១៩៤៥ ) ។​

​ដោយ​ចលនា​ដូចដែល​បានលើកឡើង​ខាងលើនេះ នៅ​ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ១៩៤៤ ទីក្រុង មីន​ស្ក៍ ត្រូវបាន​កងទ័ព សូ​វៀត ដណ្តើម​កាន់កាប់​បាន​ពី ណា​ស៊ី អាល្លឺម៉ង់ មកវិញ ។ បន្ទាប់ពី​ចប់​សង្គ្រាម លោក​លើក​ទី ២ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ បេឡា​រូស បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី ០៣ ខែ កក្កដា ដើម្បី រំលឹក ឬ ចងចាំ នូវ​ព្រឹត្តិការណ៍​នៃ​ការប្រយុទ្ធ​ដូចដែល​បានលើកឡើង មកនេះ​ឯង​ផង ដល់​វិ​រ​ភាព និង ពលិកម្ម​ទាំងឡាយ​ដើម្បី​រំដោះ បេឡា​រូស ពី ណា​ស៊ី អាល្លឺម៉ង់ ផង ។​
​ក្រោយ​សង្គ្រាម​

​នៅពេល​ចប់​សង្គ្រាមលោកលើកទី ២ ព្រំដែន របស់ បេឡា​រូស ត្រូវបាន​កំណត់ឡើង​វិញ​ដោយ ចូ​សេ​ហ្វ ស្តា​លីន នៃ សូ​វៀត ដោយ​ទឹកដី​មួយចំនួន​របស់ បេឡា​រូស ត្រូវបាន​រំលាយ​ចូល​ប្រគល់​ទៅឱ្យ លី​ទូ​នី ។​

​នៅ​ខែ មិថុនា ឆ្នាំ ១៩៨៨ អ្នក​បុរាណ​វិទូ និង មេដឹកនាំ បក្ស​អភិរក្សនិយម របស់ បេឡា​រូស បាន​រកឃើញ​រណ្ដៅ​កប់​សាកសព ជាច្រើន​ដែលជា​ជនជាតិ បេឡា​រូស ត្រូវគេ​ប្រហារជីវិត​ពី​ចន្លោះ​ឆ្នាំ ១៩៣៧-១៩៤១ នៅឯ​នៅ​តំបន់ Kurapaty ជិត​ទីក្រុង មីន​ស្ក៍​។​

​ពួក​អ្នក​ជាតិនិយម​មួយចំនួន​យល់ថា របកគំហើញ​នេះ​គឺជា​តឹកតាង​ដ៏​ជាក់ស្តែង​មួយ​ដែលថា រដ្ឋាភិបាល សហភាព សូ​វៀត បាន និង កំពុង​ព្យាយាម​លប់បំបាត់​ពូជសាសន៍ បេឡា​រូស ចេញពី​តំបន់​នោះ ។ ប្រការនេះ​ធ្វើឱ្យ​ពួក​អ្នក​ជាតិនិយម បេឡា​រូស កាន់​តែមាន​សន្ទុះ និង ប្តេជ្ញា​ខ្លាំងក្លា​ជាង​មុន​ក្នុងការ ស្វះ​ស្វែងរក​ឯករាជភាព របស់ បេឡា​រូស ពី​សហភាព សូ​វៀត ។

​បេឡា​រូស​ឯករាជ្យ​
​នៅក្នុង​ខែ មីនា ឆ្នាំ ១៩៩០ មានការ​បោះឆ្នោត​ជាច្រើន​ត្រូវបាន​ធ្វើឡើង​សម្រាប់​អាសនៈ​សភា​ជាន់ខ្ពស់ នៃ សូ​វៀត ហើយ គណបក្ស​គាំទ្រ បេឡា​រូស ឯករាជ្យ ទទួលបាន​សំលេងឆ្នោត​តែ ១០ ភាគរយ​ប៉ុណ្ណោះ ។

​ដោយមាន​កំណែទម្រង់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៩៩០ នោះ សហភាពសូវៀត ត្រូវបាន​ផ្លាស់ប្តូរ​បង្កើតជា សាធារណរដ្ឋ សង្គមនិយម សហព័ន្ធ សូ​វៀត រុស្ស៊ី ហើយ​ក្រោយមក បាន​ប្តូរ​ជា សហព័ន្ធ រុស្ស៊ី ដែល​បានសេចក្តីថា សហភាព សូ​វៀត បាន​ចុះខ្សោយ ជិត​ចូល​ដល់ទី អវសាន​ហើយ ។ ឆ្លៀតឱកាស​នោះ បេឡា​រូស បានប្រកាស​ខ្លួនឯង​ថា ជា​រដ្ឋ ឯករាជ្យ នៅ​ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៩០ តាមរយៈ​សេចក្តីប្រកាស​មួយ​ដែលមាន​ឈ្មោះថា “ សេចក្តីប្រកាស​ជា​រដ្ឋ​ឯករាជ្យ របស់ សាធារណរដ្ឋ សង្គមនិយម សូ​វៀត បេឡា​រូស “ ។

​ដោយមាន​ការជួយជ្រោមជ្រែង​ពី​បក្សកុម្មុយនិស្ត​ផង​នោះ ឈ្មោះ​របស់​ប្រទេស បេឡា​រូស ត្រូវបាន​ប្តូរ​ទៅជា សាធារណរដ្ឋ បេឡា​រូស នៅ​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៩៩១ ។ ចាប់ពី​ពេល នោះមក រដ្ឋាភិបាល និង ប្រជាពលរដ្ឋ បេឡា​រូស បាន​ប្រារព្ធ​ទិវា​ឯករាជ្យ ជាតិ​របស់​ពួកគេ​នៅ​ថ្ងៃទី ២៧ ខែ កក្កដា វិញ​ម្តង ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ជា​រដ្ឋ​ឯ​រាជ្យ ពី​សហភាព សូ​វៀត នា​ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៩០ នោះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ក្បួនព្យុហយាត្រា​កងទ័ព បេឡា​រូស នៅ​ថ្ងៃ ឯករាជ្យ​ជាតិ (​បេឡា​រូស ១)
​ទីក្រុង មីន​ស្ក៍ នៃ សាធារណរដ្ឋ បេឡា​រូស (​បេឡា​រូស ២)