ទិវា​ឯករាជ្យ​ជាតិ បេឡា​រួស​

256
ចែករម្លែក

​ភ្នំពេញៈ ដើមឡើយ បេឡា​រូស បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​៣ ខែ កក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ទីក្រុង​មីន​ស្ក៍ ត្រូវបាន​កងទ័ព​សូ​វៀត ដណ្តើម​កាន់កាប់ បាន​ពី ណា​ស៊ី អាល្លឺម៉ង់ មកវិញ កាលពី​ឆ្នាំ ១៩៤៤ ។ ប៉ុន្តែ​ក្រោយ​ម​ពួកគេ បាន​ប្រារព្ធ ទិវា​នេះ នៅ ថ្ងៃទី​២៧ ខែកក្កដា វិញ ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​ប្រកាស​ឯករាជ្យ ភាព របស់ បេឡា​រូស ពី​សហភាពសូវៀត កាលពី​ឆ្នាំ​១៩៩០​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​បេឡា​រូស មាន​ផ្ទៃដី ២០៧.៦០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស រុស្ស៊ី អ៊ុយ​ក្រែ​ន ប៉ូឡូញ លី​ទូ​នី និង ឡេ​ទុយ​អា​នី​។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ជាង ៩ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​គ្រិស្តសាសនា​រដ្ឋធានី គឺ​ទីក្រុង មីន​ស្ក៍ ភាសាផ្លូវការ​គឺ​ភាសា​បេឡា​រូស និង​ភាសា​រុស្ស៊ី ។​

​ប្រវត្តិសាស្ត្រ​
​នៅ​សតវត្សរ៍​ទី​៩ ទឹកដី​បេឡា​រូស គឺជា​ផ្នែក​មួយ នៃ​អាណាចក្រ​គៀវ​រូស ដែល​បច្ចុប្បន្ន​គឺ រុស្ស៊ី​ខ្លះ អ៊ុយ​ក្រែ​ន​ខ្លះ ។ ស្តេច​របស់ គៀវ រូស យ៉ា​រ៉ូ​ស្លា​វ បាន​ចូល​ទិវង្គត​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​១០៥៤ ធ្វើឱ្យ​អាណាចក្រ​គៀវ រូស បាន​ចុះខ្សោយ ហើយ​រដ្ឋ​ចំណុះ​នានា បានប្រកាស​ឯករាជ្យ​រៀងៗ​ខ្លួន ជា​បន្តបន្ទាប់ ហើយក៏​ត្រូវបាន​លុកលុយ​ដោយ​ពួក ម៉ុង​ហ្គោល ។ ចំណែក បេឡា​រូស ត្រូវបាន​ដាក់បញ្ចូល​ជា​ទឹកដី​របស់ អាណាចក្រ លី​ទូ​នី នៅ​ឆ្នាំ​១២៥០ ។​

​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​១៣៨៦ អាណាចក្រ​លី​ទូ​នី និង​អាណាចក្រ​ប៉ូឡូញ បាន​រួបរួម បញ្ចូល​គ្នា ប៉ុន្តែ​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ​១៧៩៥ ហើយ​ទឹកដី​បេឡា​រូស ត្រូវបាន​រុស្ស៊ី ទិញយក​ទៅកាន់​កាប់ ដែល​ពេលខ្លះ​ជា​ផ្នែក នៃ​សហភាពសូវៀត ។​

​សង្គ្រាមលោកលើកទី​១ បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​១៩១៤ (​ដល់ ១១ វិច្ឆិកា ១៩១៨)​។ បដិវត្តន៍​រុស្ស៊ី (១៩១៧) បាន​ផ្តួលរំលំ​រដ្ឋាភិបាល​រុស្ស៊ី ជំនួស​ដោយ​សហភាព សូ​វៀត​របស់​បក្ស​បុល​សេ​វិក ។ រដ្ឋាភិបាល​សូ​វៀត ត្រូវបាន​អាល្លឺម៉ង់ និង អូទ្រីស​បង្ខំ​ឱ្យ ចុះហត្ថលេខា ជាមួយ​បណ្តា​ប្រទេស​អំណាចកណ្តាល (​អាល្លឺម៉ង់ , អូទ្រីស ហុង​គ្រី ប៊ុលហ្គារី និង អូ​តូ​ម៉​ង់​) នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​១៩១៨ ។ តាមរយៈ​សន្ធិសញ្ញា​នេះ កងទ័ព​អាល្លឺម៉ង់ បាន​ចូល​កាន់កាប់​ទឹកដី បេឡា​រូស នៅ​ឆ្នាំ​១៩១៨ នោះឯង ។​

​បេឡា​រូស បានប្រកាស​ខ្លួន ជា​រដ្ឋ​ឯករាជ្យ ដែលមាន​ឈ្មោះថា សាធារណរដ្ឋ​ប្រជា មានិត​បេឡា​រូស ។ ប៉ុន្តែ​នៅ​ខែធ្នូ ឆ្នាំ​១៩១៨ បេឡា​រូស ត្រូវបាន​ដណ្តើមយក​វិញ ដោយ​ទាហាន ក្រហម (​សូ​វៀត​) ។​

​សង្គ្រាម​រវាង ប៉ូឡូញ និង បុល​សេ​វិក ( សូ​វៀត ) បាន​ផ្ទុះឡើង​ពីថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ ១៩១៩-​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៩២១ បេឡា​រូស បាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ ប៉ូឡូញ​។ សន្ធិសញ្ញា​ទីក្រុង​រី​ហ្កា (​នៃ​ប្រទេស​ឡេ​ទុយ​អា​នី​) នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩២១ រវាង​ប៉ូឡូញ និង សាធារណរ​ណ​រដ្ឋ សង្គមនិយម សហព័ន្ធ សូ​វៀត រុស្ស៊ី ( សូ​វៀត​-​រុស្ស៊ី ដែល​ក្នុងនាម​ជា បេឡា​រូស ផង និង សូ​វៀត​-​អ៊ុយ​ក្រែ​ន ) បេឡា​រូស ត្រូវបាន​ប្រគល់​ទៅឱ្យ​សាធារណរ​ណ​រដ្ឋ សង្គមនិយម សហព័ន្ធ​សូ​វៀត រុស្ស៊ី វិញ ។​

​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​១៩៤១ ណា​ស៊ី​អាល្លឺម៉ង់ របស់​អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ បាន​ឈ្លានពាន សហភាពសូវៀត របស់​ចូ​សេ​ហ្វ ស្តា​លី ហើយ ៤ ថ្ងៃ​ក្រោយមក បេឡា​រូស បាន​ធ្លាក់ ក្រោម​ការត្រួតត្រា​របស់​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ទាំងស្រុង ធ្វើឱ្យ​អ្នក​ជាតិនិយម​ខកចិត្ត យ៉ាងខ្លាំង ។

​អ្នកស្រុក​មួយចំនួន ដែល​ប្រឆាំងនឹង​សូ​វៀត ដោយ​រំពឹង​ចង់បាន​ឯករាជ្យភាព​របស់ បេឡា​រូស បាន​គាំទ្រ ការចូល​លុកលុយ​រប​ស់ណា​ស៊ី​អាល្លឺម៉ង់ ។ ប៉ុន្តែ​លុះដល់​ឆ្នាំ ១៩៤២ បេឡា​រូស បានក្លាយ​ជាទី​ចាត់ការ​ដ៏​សំខាន់ នៃ​ពួក​ចលនា​តស៊ូ​សូ​វៀត ប្រឆាំង នឹង​ការឈ្លានពាន​ពី​អាល្លឺម៉ង់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា សង្គ្រាម អាល្លឺម៉ង់ -​សូ​វៀត (២២ មិថុនា ១៩៤១-៩ ឧសភា ១៩៤៥ ) ។​

​ដោយ​ចលនា​ដូចដែល​បានលើកឡើង​ខាងលើនេះ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​១៩៤៤ ទីក្រុង​មីន​ស្ក៍ ត្រូវបាន​កងទ័ព​សូ​វៀត ដណ្តើម​កាន់កាប់​បាន​ពី​ណា​ស៊ី​អាល្លឺម៉ង់ មកវិញ ។​

​បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី​២ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បេឡា​រូស​បាន​ប្រារព្ធ ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​៣ ខែកក្កដា ដើម្បី​រំឭក ឬ​ចងចាំ​នូវ​ព្រឹត្តិការណ៍​នៃ ការប្រយុទ្ធ ដូចដែល​បានលើកឡើង មកនេះ​ឯង​ផង ដល់​វិ​រ​ភាព និង ពលិកម្ម​ទាំងឡាយ ដើម្បី​រំដោះ​បេឡា​រូស ពី​ណា​ស៊ី​អាល្លឺម៉ង់ ផង ។​

​ក្រោយ​សង្គ្រាម​
​នៅពេល​ចប់​សង្គ្រាមលោកលើកទី​២ ព្រំដែន​របស់​បេឡា​រូស ត្រូវបាន​កំណត់​ឡើងវិញ ដោយ​ចូ​សេ​ហ្វ ស្តា​លីន នៃ​សូ​វៀត ដោយ​ទឹកដី​មួយចំនួន​របស់​បេឡា​រូស ត្រូវបាន រំលាយ​ចូល​ប្រគល់​ទៅឱ្យ ឡេ​ទុយ​អា​នី ។​

​នៅ​ខែមិថុនា ឆ្នាំ​១៩៨៨ អ្នក​បុរាណ​វិទូ និង​មេដឹកនាំ​បក្ស​អភិរក្សនិយម របស់​បេឡា​រូស បាន​រកឃើញ​រណ្ដៅ​កប់​សាកសព​ជាច្រើន ដែលជា​ជនជាតិ​បេឡា​រូស​ត្រូវគេ​ប្រហារ ជីវិត​ពី​ចន្លោះ​ឆ្នាំ ១៩៣៧-១៩៤១ នៅឯ​នៅ​តំបន់ Kurapaty ជិត​ទីក្រុង​មីន​ស្ក៍​។​

​ពួក​អ្នក​ជាតិនិយម​មួយចំនួន យល់ថា របកគំហើញ​នេះ គឺជា​តឹកតាង​ដ៏​ជាក់ស្តែង មួយ​ដែលថា រដ្ឋាភិបាល​សហភាពសូវៀត បាននិងកំពុង​ព្យាយាម​លប់បំបាត់​ពូជ សាសន៍ បេឡា​រូស ចេញពី​តំបន់​នោះ ។ ប្រការនេះ ធ្វើឱ្យ​ពួក​អ្នក​ជាតិនិយម​បេឡា​រូស កាន់​តែមាន​សន្ទុះ និង ប្តេជ្ញា​ខ្លាំងក្លា​ជាង​មុន ក្នុងការ​ស្វះ​ស្វែងរក​ឯករាជ្យភាព​របស់ បេឡា​រូស ពី​សហភាពសូវៀត ។​

​បេឡា​រូស​ឯករាជ្យ​
​នៅក្នុង​ខែមីនា ឆ្នាំ​១៩៩០ មានការ​បោះឆ្នោត​ជាច្រើន ត្រូវបាន​ធ្វើឡើង​សម្រាប់​អាសនៈ សភា​ជាន់ខ្ពស់ នៃ​សូ​វៀត ហើយ​គណបក្ស​គាំទ្រ បេឡា​រូស ឯករាជ្យ​ទទួលបាន​សំលេង ឆ្នោត​តែ ១០ ភាគរយ​ប៉ុណ្ណោះ ។​

​ដោយមាន​កំណែទម្រង់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​១៩៩០ នោះ​សហភាព សូ​វៀត ត្រូវបាន​ផ្លាស់ប្តូរ​បង្កើតជា សាធារណរដ្ឋ​សង្គមនិយម​សហព័ន្ធ​សូ​វៀត​រុស្ស៊ី ហើយ​ក្រោយមក បាន​ប្តូរ​ជា​សហព័ន្ធរុស្ស៊ី ដែល​បានសេចក្តីថា សហភាពសូវៀត បាន​ចុះខ្សោយ ជិត​ចូល​ដល់ទី​អវសាន​ហើយ ។​

​ឆ្លៀតឱកាស​នោះ បេឡា​រូស បានប្រកាស​ខ្លួនឯង​ថា ជា​រដ្ឋ​ឯករាជ្យ នៅ​ថ្ងៃទី​២៧ ខែ កក្កដា ឆ្នាំ​១៩៩០ តាមរយៈ​សេចក្តីប្រកាស​មួយ ដែលមាន​ឈ្មោះថា “​សេចក្តីប្រកាស ជា​រដ្ឋ​ឯករាជ្យ របស់​សាធារណរដ្ឋ​សង្គមនិយម សូ​វៀត បេឡា​រូស “ ។​

​ដោយមាន​ការជួយជ្រោមជ្រែង ពី​បក្សកុម្មុយនិស្ត​ផង​នោះ ឈ្មោះ​របស់​ប្រទេស បេឡា​រូស ត្រូវបាន​ប្តូរ​ទៅជា សាធារណរដ្ឋ​បេឡា​រូស នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​១៩៩១ ។​

​ចាប់ពីពេលនោះ​មក រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បេឡា​រូស បាន​ប្រារព្ធ​ទិវា​ឯករាជ្យ ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​២៧ ខែកក្កដា វិញ​ម្តង ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស ជា​រដ្ឋ​ឯ​រាជ្យ ពី​សហភាពសូវៀត នា​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៩០ នោះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​